Grand News Asia Close

ជនណាឃុបឃិតជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិ ត្រូវប្រឈមមុខនឹងច្បាប់ដកសញ្ជាតិខ្មែរ

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 537
ជនណាឃុបឃិតជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិ ត្រូវប្រឈមមុខនឹងច្បាប់ដកសញ្ជាតិខ្មែរ ជនណាឃុបឃិតជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិ ត្រូវប្រឈមមុខនឹងច្បាប់ដកសញ្ជាតិខ្មែរ

គណៈកម្មាធិការរដ្ឋសភា បានបើកកិច្ចប្រជុំស្តីពីពិនិត្យសំណើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់តំណាងរាស្ត្រហត្ថលេខីទាំង១២៥រូប ក្រោមអធិបតី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ។

តាមរយៈសេចក្តីប្រកាសរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានឱ្យដឹងថា សំណើរបស់តំណាងរាស្រ្តហត្ថលេខីទាំង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្ត្រសរុប មកពីចម្រុះគណបក្សទាំងអស់ មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិតជាមួយបរទេស។

តាមសេចក្តីប្រកាសព័ត៌មានដដែលនោះផងដែរ បានបញ្ជាក់ឱ្យដឹងថា ការធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់និងប្រឆាំងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេស ហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង។ យោងតាមមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ ជាមួយនេះ មាត្រានេះក៏បញ្ជាក់យ៉ាងច្បាស់ដែរថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ។ ផ្អែកតាមស្មារតីនេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេស ការឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើសកម្មភាពទាំងនេះ គឺជាការប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។

សូមជម្រាបជូនថា ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ ពីព្រោះសម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ទន្ទឹមនឹងនេះ នៅបណ្តាប្រទេសចំនួនប្រមាណ១៥០នៅលើពិភពលោកទាំងនៅអាស៊ី និងអឺរ៉ុប (មាន២៨ប្រទេស មាន១៨ប្រទេស មានច្បាប់ដកសញ្ជាតិ ព្រោះប្រទេសទាំងនេះជាបិតាប្រជាធិបតេយ្យ)។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អីតាលីប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ៕

អត្ថបទទាក់ទង