Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, បើកសន្និសីទចក្ខុវិស័យ​ប្រទេសកម្ពុជា​លើកទី១៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 352


CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា
គណៈអធិបតី 
ភ្ញៀវកិត្តិយស តំណាងដៃគូជាតិអន្តរជាតិ និងអង្គសន្និសីទទាំងមូលជាទីមេត្រី!

ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ជាលើកទី ២ ក្នុងពិធីបើកនៃ​​សន្និសីទចក្ខុវិស័យ​ប្រទេសកម្ពុជា​លើកទី១៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាន​បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដោយមានការសហការជាពិសេសពីកម្មវិធីភាពជាដៃគូប្រទេសកម្ពុជា-អូស្រ្តាលី សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។

ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូត ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ និងគ្រឹះស្ថានសិក្សានានា ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសន្និសីទនាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំ​ក៏សូម​លើក​ទឹក​ចិត្ត​ឱ្យ​​មានការ​ចូល​រួមពីសំណាក់យុវជន និងនិស្សិត ដែលជា​មូលធនមនុស្ស និង​ជាអនាគតអ្នក​ដឹក​នាំបន្តវេន​​របស់​យើង ដើម្បីជាឱកាសក្រេបយកចំណេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍ​ទៅ​អនាគតរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃ​​​កម្ពុជា ដែលត្រូវបានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI បានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា​ ក្រោមការចង្អុលបង្ហាញរបស់ លោកជំទាវបណ្ឌិត វិទ្យាស្ថាន CDRI នឹងទទួលបានការរីកចម្រើនបន្ថែមទៀតទាំងផ្នែកសមត្ថភាពស្ថាប័ន និងទាំងផ្នែកគុណភាព និងគុណតម្លៃខ្ពស់នៃកិច្ចការស្រាវជ្រាវ សម្រាប់ជាធាតុចូលដល់ការរៀបចំ និងតាក់តែងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាឧត្តមប្រយោ​ជន៍ដល់សាធារណជនទូទៅ ជាពិសេស អ្នកស្រាវជ្រាវ និងសិស្ស-និស្សិតរបស់យើង ផងដែរ។

ខ្ញុំអាចនិយាយបានថា សន្និសីទឆ្នាំ២០២៥ នេះ គឺមានសារៈសំខាន់ និងរឹតតែវិសេស ជាងសន្និសីទរាល់ដង ក្នុងន័យថា សន្និសីទឆ្នាំនេះ បានប្រមូលផ្តុំធាតុចូលទាំងឡាយពីសន្និសីទមុនៗកន្លងទៅ និងបូកផ្សំនឹងការសិក្សាស្រាវជ្រាវបន្ថែមពីអ្នកស្រាវជ្រាវជំនាញរបស់វិទ្យាស្ថាន CDRI ពីនិន្នាការបច្ចុប្បន្ន ដើម្បីធ្វើការវែកញែកពិភាក្សា ក្នុងគោលបំណងកំណត់នូវទស្សនៈរួម អំពីទិសដៅអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរ​ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការពិភាក្សាដេញដោលយ៉ាងផុល​ផុស ពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមានចូលរួមសនិ្នសីទនាថ្ងៃនេះ។ មតិយោបល់ដែលបានមកពីការពិភាក្សាដេញដោលក្នុងថ្ងៃនេះ នឹង​ក្លាយជាធាតុចូលប្រកបដោយសារវន្ត និងគុណតម្លៃ ដែលសបញ្ជាក់ឱ្យឃើញពីការចូលរួមឈឺឆ្អាល គិតគូរតម្រែតម្រង់ទិស ក្នុងការកំណត់ជោគវាសនារួមរបស់ប្រទេសជាតិ ក្នុងស្មារតីភាពជាម្ចាស់ការ និងសាមគ្គីភាពជាតិ។​

ជាការពិត ដើម្បីគិតគូររៀបចំយុទ្ធសាស្រ្តកំណើនសម្រាប់អនាគត ជាពិសេសកំណើនក្នុងរយៈពេលវែងខាងមុខ យើងចាំបាច់ពិនិត្យ និងត្រូវឈរលើមូលដ្ឋាននៃកំណើនក្នុងអតីតកាល និន្នាការកំណើនក្នុងពេលបច្ចុប្បន្ន និងសក្តានុពលកំណើននាពេលអនាគត។

ខ្ញុំសូមសង្ខេបឡើងវិញនូវនិន្នាការសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលជាចំណុចរបត់ថ្មីនៃវដ្ដ​​កំណើនរបស់កម្ពុជាតែម្តង។ ក្រោយពីបានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ ដែលកាលនោះ កម្ពុជាមិនត្រឹមតែប្រយុទ្ធក្នុងសមរភូមិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រយុទ្ធ​ក្នុងសមរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ច ដែលកម្ពុជាបានបើកប្រទេសទាំងស្រុងវិញ នៅចុងឆ្នាំ២០២១ និងបានអនុញ្ញាតឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច វិលទៅរកប្រក្រតីភាពឡើងវិញបន្តិចម្តងៗ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ច បានវិលត្រលប់ទៅរកគន្លងសក្តានុពលវិញជាសន្សឹមៗ ក្នុងអត្រា ៣,១% ៥,១% ៥% ៦% ក្នុងឆ្នាំ២០២១ ២០២២ ២០២៣ និង ២០២៤ រៀងគ្នា។ ក្នុងឆ្នាំ២០២៥ នេះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តរក្សាបានចលនការរឹងមាំ ជាមួយនឹងអត្រាកំណើន ក្នុងរង្វង់ ៦,៣% ដែលបន្តទ្រទ្រង់ដោយវិស័យ​បម្រើការនាំចេញ តួយ៉ាងដូចជាវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ការបន្តនិន្នាការកើនឡើងនៃវិស័យទេសចរណ៍ និងសេវាកម្មគាំទ្រ គួបផ្សំនឹងការបន្តរក្សាបានស្ថិរភាពកំណើននៃវិស័យកសិកម្ម។

ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ ថាកំណើនសេដ្ឋកិច្ចនៅមាន​លទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ ។ យ៉ាងណាមិញ កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការដ្ឋានកែទម្រង់គន្លឹះៗ។ ការវាយតម្លៃនេះ ក៏មានសង្គតិភាពទៅនឹងរបាយការណ៍សិក្សារបស់វិទ្យាស្ថាន CDRI ដែលនឹងត្រូវផ្សព្វផ្សាយក្នុងសន្និសីទនាថ្ងៃនេះ ដោយបានលើកឡើងថា កម្ពុជាអាចសម្រេចបានក្នុងអត្រាកំណើន​ជាមធ្យមប្រចាំឆ្នាំ ប្រមាណ ៦,៤% ក្នុងទសវត្សរ៍ខាងមុខ ក្នុងករណីមានការរៀបចំគោលនយោបាយជាក់លាក់ ចំៗ និង ជាក់ស្តែងនិយម អមជាមួយការអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព ហើយទាំងនោះក៏ជាអ្វីដែលខ្ញុំសង្ឃឹមថា​នឹងទទួលបាន​ចេញ​ពីលទ្ធផលនៃ​​សន្និសីទថ្ងៃនេះផងដែរ។

ត្រង់ចំណុចនេះ ខ្ញុំសូមទាញចំណាប់អារម្មណ៍នូវទិដ្ឋភាពសំខាន់ៗ ចំនួន ២ ដែលបង្កើតជាចំណុចរបត់ថ្មីនៃការគិតគូររៀបចំគោលនយោបាយ ដែលនោះគឺ៖ (១). បើទោះសេដ្ឋកិច្ចកម្ពុជាបានវិលត្រលប់ទៅរកកំណើនសក្តានុពលវិញក៏ពិតមែន ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានបន្សល់ស្លាកស្នាម និងបន្ទច់បង្អាក់ដល់ល្បឿនអភិវឌ្ឍន៍របស់កម្ពុជា ជារួម និង (២). កម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល និងតំបន់ គឺនៅបន្តស្ថិតក្នុងអន្តរកាលនៃពហុវិបត្តិ ក្នុងន័យថា វិបត្តិមួយមិនទាន់ចប់រលត់ផង វិបត្តិមួយទៀតក៏បានកើតឡើង សង្រ្គាមមួយមិនទាន់បិទបញ្ចប់ផង សង្រា្គមមួយទៀតក៏បានកើតឡើង។ ក្នុងនោះ ហានិភ័យ និងភាពមិនប្រាកដប្រជា កើតមានកាន់តែច្រើនឡើងៗ រួមមាន៖ (១). ការកើនឡើងនូវគោលនយោបាយគាំពារនិយម (Protectionism) និងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតមានក្នុងពេលថ្មីៗនេះនិងកំពុងចេញជារូបរាងបន្ដបន្ទាប់ ២). ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ចដែលអាចបន្ទច់បង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅ​ដល់ការកើនថ្លៃទំនិញជាអន្តរជាតិ (៣). ការបែកខ្ញែកភូមិសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្ម និង (៤). ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។ អន្តរកាលនៃពហុវិបត្តិនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសកល​ និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន ហើយនឹងបង្កជាកម្មវិបាក ទាំងវិជ្ជមាន និងអវិជ្ជមាន ទាំងផ្ទាល់ និងប្រយោល ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ។

ជារួម និន្នាការទាំងនេះ ជាកាលានុវត្តភាពផង និងជាហានិភ័យផង តម្រូវឱ្យយើងគិតគូរឡើងវិញនូវយុទ្ធសាស្រ្តកំណើនក្នុងរយៈពេលវែង ដោយធានាសម្រេចឱ្យបាននូវគោលដៅកំណើនដែលគ្រោងទុកផង និងបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកប​ដោយចីរភាព បរិយាប័ន្ន និងភាពធន់ផងដែរ។ រាជរដ្ឋាភិបាល​ នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវ ឤទិភាពគន្លឹះ ចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានការគិតគូរជាលក្ខណៈយុទ្ធសាស្រ្ត ដោយឈរលើគោលការណ៍ ២ សំខាន់​ៗ​ គឺ៖ (ទី១). បន្តថែរក្សាឱ្យបាននូវសន្តិភាព ដែលជាកត្តាសត្យានុម័ត ក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និង (ទី២). បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ផ្អែកលើយុទ្ធសាស្រ្តនេះ ក្នុងរយៈពេលជាង ១៩ ខែកន្លងទៅនេះ រាជរដ្ឋាភិបាល បានបន្តដាក់ចេញ និងអនុវត្តកម្មវិធី យន្តការកែទម្រង់ ​និងវិធានការឆ្លើយតបជាបន្តបន្ទាប់។ ជាក់ស្តែង ពាក់ព័ន្ធនឹង​ «កម្មវិធីគោលនយោបាយអាទិភាព ៦» និង«វិធានការគន្លឹះទាំង ៥» រាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្ត និងបន្តតាមដាន និងវាយតម្លៃ ដែលកន្លងទៅនេះ យើងអាចនិយាយបានថា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនេះ ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់ រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៥ – ២០២៨» ដោយផ្តោតលើសសរស្តម្ភ៣ សំខាន់ៗ៖

(ទី១). កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ (ទី២). កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ  ស្មុគស្មាញ និងអន្តរវិស័យ និង (ទី៣). កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន។

ងាកមកសន្និសីទយើងក្នុងថ្ងៃនេះវិញ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលទ្ធផល​នៃ​ការ​សិក្សា​របស់​វិទ្យាស្ថាន​ CDRI និងប្រធានបទទាំង ៣ ដែលនឹងលើកយកមកពិភាក្សា ។ ការសិក្សា​បាន​លើកឡើងពី «យុទ្ធសាស្រ្ដនៃកំណើនថ្មី» ដែលការគួប​ផ្សំគ្នា​រវាង​គោលនយោបាយកំណើនសេដ្ឋកិច្ចតាមវិស័យអាទិភាព ជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ​គ្រប់ជ្រុង​ជ្រោយ។ ជារួម យុទ្ធសាស្ត្រនេះ​ផ្ដល់​សារៈសំខាន់​លើតុល្យ​ភាព​រវាង​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​ ទៅ​នឹង​គុណ​ភាព​នៃកំណើន ជា​ជាងការផ្ដោតតែលើកំណើន​ខ្ពស់។ មាន​ន័យ​ថា ទោះ​បី​ការ​កែទម្រង់​រចនាសម្ព័ន្ធ​គ្រប់ជ្រុង​ជ្រោយ អាច​បណ្ដាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​មាន​កម្រិតទាបជាង​កំណើន​សក្តានុពល​ក្ដី ក៏ចាំបាច់ត្រូវទទួល​យក ដើម្បី​ជំរុញលើកកម្ពស់​គុណ​ភាព​ ​ចីរភាព និងបរិយាប័ន្ននៃ​កំណើនដែរ។​​ យុទ្ធសាស្ត្រ​នេះ ក៏មានភាពស៊ីចង្វាក់ទៅនឹង «យុទ្ធសាស្រ្តបញ្ចកោណ» ជាច្រើន ហើយ​ដើម្បី​សម្រេច​បាន​កំណើន​ខ្ពស់ និងមានចីរភាព ការកែទម្រង់​រចនាសម្ព័ន្ធ​ត្រូវ​តែធ្វើជា​ចាំបាច់ និង​កាន់តែ​ឆាប់ កាន់តែ​ប្រសើរ។ ទោះ​បីជា​យ៉ាង​នេះ​ក្ដី ការកែទម្រង់មិន​គួរ​ត្រូវធ្វើដោយតក់​ក្រហល់ពេល រហូត​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ជារួមនោះ​ទេ។

ខ្ញុំក៏​មាន​ការចាប់​អារម្មណ៍ចំពោះប្រធានបទនីមួយៗ ក្នុងកិច្ចពិភាក្សាទាំង ៣ វគ្គថ្ងៃនេះ ដែលមានជា​អាទិ៍៖​ សមិទ្ធកម្ម និងទស្សនៈវិស័យ​កំណើន ការ​កែទម្រង់​រចនាសម្ព័ន្ធ សម្រាប់កំណើន​រយៈពេល​វែង និងកា​រផ្សារភ្ជាប់គ្នាចក្ខុវិស័យ​កំណើន​ទៅ​នឹង​អាទិភាពគោលនយោបាយ។ ខ្ញុំ​សង្ឃឹម​ថា​ វគ្គពិភាក្សា​ដ៏មាន​សារៈសំខាន់ និង​ប្រទាក់ក្រឡា​គ្នា​នេះ នឹង​អាច​កំណត់​ឱ្យកាន់តែ​ច្បាស់នូវលំដាប់លំដោយ​អាទិភាព តុល្យភាព និងភាពអនុវត្ត​បាននូវ​បណ្ដាគោល​នយោបាយទាំងឡាយ។

ដើម្បីបំផុសគំនិតសម្រាប់ការពិភាក្សាបន្ថែម ខ្ញុំសូមលើកនូវការអង្កេតមួយចំនួនពាក់ព័ន្ធនឹងបរិការណ៍ថ្មី ដោយតម្រង់ការពិភាក្សាលើទស្សនៈ និងកម្មវិបាកមកលើសេដ្ឋកិច្ច​កម្ពុជាក្នុង​​រយៈពេល​ខ្លី​ និង​មធ្យម​។ បរិការណ៍សកលសំខាន់ៗ ដែលគួរផ្តោត​​ការយកចិត្តទុក រួមមាន៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យាកិច្ចការងារនេះមិនមែនជាទ្រឹស្ដីទេគឺជាអ្វី​ដែលយើងបានឃើញ និងវិវត្ដជាប្រចាំនៅក្នុងរយៈពេលជាងមួយខែនេះ (២). ការ​ចាប់​ផ្ដើ​មពឹង​ផ្អែក​កាន់តែខ្លាំង​ឡើងលើ​សេដ្ឋកិច្ច​ក្នុង​តំបន់ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ច នៅ​ពេល​ដែលប្រទេស​ក្នុង​តំបន់​កាន់តែ​រីក​ចម្រើនឡើង​ និង​សមាហរណកម្ម​កាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ច​ធំៗសម្រេចបានកំណើន​ទាប (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត រ៉ូបូត និងស្វ័យប្រវត្តិកម្ម ដែល​បើក​លទ្ធភាពក្នុង​ការ​ជំរុញ​ផលិត​ភាព​ឱ្យមាន​សម្ទុះ​ខ្ពស់​ឡើង និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី ជាដើម។

ក្នុងបរិការណ៍កម្ពុជា ខ្ញុំចង់ឱ្យ​មាន​ការពិភាក្សាផុលផុសលើចំណុច ៤៖ (១). ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើនថ្មី​ ជាពិសេសឧស្សាហកម្មយុទ្ធសាស្រ្តលេចឡើងថ្មីៗ និងការទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់បន្ថែម (២). ការត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) (៣). យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី តាមរយៈការបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ី និងការបង្កើនសមត្ថភាព និងផលិតភាព និង (៤). ការអភិវឌ្ឍជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត។

ដូចនេះ សន្និសីទរបស់យើងនាថ្ងៃនេះ គឺត្រូវតែជាវេទិកានៃការផ្តោះប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្ត និងទទួលខុសត្រូវ​រួមគ្នាលើជោគវាសនារបស់កម្ពុជា។ ហើយធាតុចូលដែលបានមកពីការពិភាក្សា​ទាំង ៣ វគ្គនេះ នឹងផ្តល់ជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការបំពេញបន្ថែមនូវចំណុចខ្វះចន្លោះ ផ្នែកគោលនយោបាយ និងវិធានការ ក្នុងន័យកែលម្អ ​សម្រួច និង តម្រង់ទិសគោលនយោបាយឱ្យកាន់តែមានភាពប្រាកដនិយមខ្ពស់ និងចំគោលដៅ ក៏ដូចជាការពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។

ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមកត់សម្គាល់ឡើងវិញអំពីតួនាទីដ៏សំខាន់នៃ «ស្ថាប័ន​ស្រាវជ្រាវ» រួមទាំង វិទ្យាស្ថាន CDRI ក្នុងដំណើរការរៀបចំគោលនយោបាយ ក៏ដូចជា​ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាទាំងមូល។ ដូចនេះខ្ញុំសូមផ្តល់ជាអនុសាសន៍ជូន វិទ្យាស្ថានCDRI ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ ដូចខាងក្រោម៖

ទី១).   ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ​ក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគ និងសិក្សាស្រាវជ្រាវ

ទី២).   ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា ផ្តោះប្តូរយោបល់ និងហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អនិង

ទី៣).ការបន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការសិក្សាស្រាវជ្រាវ​ដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និងស្ទង់មតិ។ ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ថា សុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬអាចហៅថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់សម្រាប់ជា ធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬតម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ស្របតាមស្មារតីរបស់រាជរដ្ឋាភិបាល ដែលតែងតែចុះទៅស្តាប់ផ្ទាល់ និងប្រឡូកផ្ទាល់ជាមួយនឹងបញ្ហារបស់ប្រជាពលរដ្ឋ ហើយចូលរួមដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋឱ្យចំគោលដៅ និងឱ្យចំឬសគល់នៃបញ្ហា

[ផ្ដើមសេចក្ដីអធិប្បាយ]

(១) ប្រមូលព័ត៌មានដើម្បីរៀបចំគោលនយោបាយនិងបំរើការសម្រេចចិត្ត

ការដាក់ចេញនូវគោលនយោយបាយនានា ការដាក់ចេញនូវវិធានអភិវឌ្ឍ ត្រូវផ្អែកទៅលើវិទ្យាសាស្ដ្រ មិនមែនទៅលើអារម្មណ៍ទេ។ ការស្រាវជ្រាវ ការប្រមូល​ និងវិភាគ(ទិន្នន័យ)ឲ្យបានច្បាស់លាស់ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នដែលទទួលខុសត្រូវជាកិច្ចការសំខាន់។ ប្រសិនបើយើង​ប្រមូលព័ត៌មានខុស ការសម្រេចចិត្តក៏ខុស ការរៀបចំគោលនយោបាយក៏ខុស។ នេះនឹងធ្វើឲ្យយើងខាតបង់។ ខាតទី១ គឺខាតពេលវេលា ខាតធនធាន  ប៉ុន្ដែអ្វីដែលសំខាន់នោះគឺចំណុចដែលយើងចង់អន្ដរាគមន៍ជួយពិតប្រាកដគឺត្រូវបានទុកចោល។ ពេលខ្លះ ការធ្វើអន្ដរាគមន៍ខុសគោលដៅ ធ្វើឲ្យមានបញ្ហាលើស​ដើម … រាជរដ្ឋាភិបាលកំ​ពុងចាត់វិធានការកែទម្រង់ស្ថាប័នទទួលខុសត្រូវ ដើម្បីពង្រឹង ប្រមូល និងវិភាគព័ត៌មាន ដើម្បីឲ្យបានសង្គតិភាព និងគុណភាព នៅក្នុងការរៀបចំគោលនយោបាយរបស់យើងបន្ថែមទៀត។

(២) របៀបធ្វើការរបស់រាជរដ្ឋាភិបាលផ្អែកលើក្រុម​មនុស្សមានធនធាន បញ្ញាញាណ ជំនាញ

ក្នុងនោះ ដៃគូរបស់យើង​ដូចជា CDRI ជាតួអង្គសំខាន់។ នេះជារបៀបដែលរាជរដ្ឋាភិបាលធ្វើការ។ មិនមែនផ្អែកលើមនុស្សម្នាក់ចេះគ្រប់នោះទេ គឺផ្អែកទៅលើក្រុម​មនុស្សដែលមានធនធាន បញ្ញាញាណ ជំនាញ ប្រមូលផ្ដុំគ្នា ពិគ្រោះគ្នា រៀបចំនិងដាក់ចេញនូវគោលនយោបាយ។ ក្រោយការដាក់ឱ្យអនុវត្ដ យើងតែងតែវាយតម្លៃជាប្រចាំដើម្បីពិនិត្យមើល។ គោលនយោបាយអីក៏ដោយ ​សំខាន់បំផុតទី១ ផ្ដើមចេញពីការវិភាគសភាពការណ៍បានច្បាស់​លាស់ ដែលនោះគឺផ្អែកលើទិន្នន័យ។ វិភាគបានច្បាស់លាស់ហើយ ត្រូវដាក់ចេញនូវគោលនយោបាយឱ្យស្របតាមស្ថានភាពភូមិសាស្ដ្រនិងប្រជាសាស្ដ្រ។ មិនអាចកូពីគោលនយោបាយដែលធនាគារពិភពលោកសរសេរ​ដាក់ឲ្យប្រទេស​ផ្សេងមកដាក់នៅកម្ពុជានោះទេ។ យើងប្រាកដជាយកបទពិសោធខ្លះពីនោះជាមូលដ្ឋាន ប៉ុន្ដែសម្របទៅតាមស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ស្ថានភាពដែលយើងចុះផ្ទាល់ ប្រមូលផ្ទាល់ពីប្រជាពលរដ្ឋ​តែម្ដង។

(៣) ការរីកចម្រើនឬកំណើនសេដ្ឋកិច្ចកម្រិតម៉ាក្រូ មិនឆ្លើយតបនឹងទិដ្ឋភាពមីក្រូក្នុងវិស័យនីមួយៗ

អម្បាញ់មិញ ដើរចូលមក ក៏បានជួបជជែកជាមួយលោកជំទាវ ជា សិរី ក៏ដូចជាលោកស្រី នេត្រា ពិនិត្យមើលការអង្កេតពីសា្ថនភាពសេដ្ឋកិច្ចរបស់យើង។ បើមើលទិដ្ឋភាពម៉ាក្រូ(សេដ្ឋកិច្ច) ត្រូវហើយ យើងឃើញការរីកចម្រើនឬកំណើនសេដ្ឋកិច្ច។ ប៉ុន្ដែ ម៉ាក្រូវាមិនឆ្លើយតបនឹងទិដ្ឋភាពមីក្រូក្នុងវិស័យនីមួយៗទេ។ ធម្មតា មិនអាចថាសេដ្ឋកិច្ចគ្រប់វិស័យ(មានកំណើន)៦% ទាំងអស់នោះទេ។ ខ្លះអាចមានលើស៦% ខ្លះក៏ក្រោម៦%។ ដោយហេតុនេះ បានជាត្រូវតែធ្វើអង្កេត ពិសេសវិស័យលក់រាយ វិស័យតូចតាច(ជា)សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Informal sector) ព្រោះពាក់ព័ន្ធនឹងជីវភាពរស់នៅ ការលក់ដូរប្រជាពលរដ្ឋ។ ខ្ញុំបានតាមដានជាប្រចាំ។ កាលពី ៦ឬ ៧ខែមុន យើងបានសួរព័ត៌មានប៉ុន្មានកន្លែងនោះ ដែលចេះតែឃើញមានហាងបិទជាបន្ដបន្ទាប់។ បច្ចុប្បន្ន ឃើញហាងបើកជាបន្ដបន្ទាប់វិញ​។

(៤) ត្រូវទិន្នន័យអភិវឌ្ឍគោលដៅណា ត្រូវចុះស្រាវជ្រាវ ប្រមូល និងវិភាគទិន្នន័យពីគោលដៅនោះ

នេះជាសញ្ញាមួយសំខាន់ ដែលពេលខ្លះមិនឆ្លើយតបតាមទិន្នន័យ ឬមួយក៏អត្រានៃកំណើនប្រ​ចាំ​ឆ្នាំទេ ព្រោះអត្រានៃកំណើន យើងបូកបញ្ចូលគ្នាទាំងវិស័យ​ទេសចរណ៍ កម្មន្ដសាល ឧស្សាហកម្ម និងវិស័យកសិកម្ម … បើចង់បាន(ទិន្នន័យ)អភិវឌ្ឍលើគោលដៅណាពិត​ប្រាកដ ត្រូវចុះស្រាវជ្រាវ និងច្បាមយក។ ការប្រមូលទិន្នន័យ ការវិភាគ ពិគ្រោះយោបល់ ជាការងារសំខាន់។ ទៅពិគ្រោះជាមួយតួអង្គនោះតែម្ដង។ កុំយកទិន្នន័យក្នុងវិស័យឧស្សាហកម្ម​ កម្មន្ដសាល ទៅវាយតម្លៃពីសតិអារម្មណ៍ និងការចង់បានរបស់វិស័យសេវាកម្ម​។ ត្រូវតែចុះ survey … យើងធ្វើការតាមដាន ត្រួតពិនិត្យការអភិវឌ្ឍផែនការគោលនយោបាយ ដែលហេតុនេះហើយបានជា(មាន)ការធ្វើវេទិកាដូចថ្ងៃនេះ។ រាជរដ្ឋាភិបាលបានធ្វើការជាប់ជាប្រចាំ ​ជាពិសេសការជួបប្រាស្រ័យទាក់ទងតាមយន្ដការរបស់យើងជាមួយវិស័យ​ឯកជន។ ឆ្នាំ២០២៣ ខ្ញុំធ្វើម្ដងថ្នាក់ជាតិ ហើយអាចឆ្នាំនេះ ឬឆ្នាំក្រោយ យើងធ្វើការជួបវិស័យឯកជនម្ដងទៀត។

(៥) ប្រមូលទិន្នន័យដោយការធ្វើ survey ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងប្រភពទិន្នន័យផ្លូវការ

ក្រៅពីនោះ មានយន្ដការវេទិកាជាងដប់ក្រុមរបស់វិស័យឯកជន ដែល(ខ្ញុំ)បានជួបជាប្រចំាជាមួយតំណាងវិស័យនីមួយៗ ដើម្បីគិតគូរថាត្រូវដោះ(ស្រាយ)អីទៀត សម្រួលអី ស្រាយអី។  ម្សិលម្ង៉ៃ (ឬ)អាទិត្យមុន បានជជែកជាមួយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ (ពី)ប្រតិបត្តិការក្រុមហ៊ុនយន្តហោះ (នៅកម្ពជា ថាតើ)យើងត្រូវបន្ថែមអីទៀតជួយគាត់។ ទម្លាក់ពន្ធកាត់ទុកឬទេ? ក្នុងរយៈពេលប៉ុន្មាន ដើម្បីឲ្យគាត់អាច​ហោះហើយបាន និងប្រមូលទេស​ចរមក។ ដូចជាធ្វើ charter flight អី។ ការធ្វើ survey ការជួបជាប្រចាំនេះ គឺជាការប្រមូលទិន្នន័យ។ ទិន្ន​ន័យបឋម (primary data) នេះ សំខាន់ ប៉ុន្ដែត្រូវមានការសិក្សាច្បាស់លាស់ ហើយទាញមកផ្អែកលើមូលដ្ឋានវិទ្យា​សាស្ដ្រ។ ការវិភាគមានច្រើន ដែលខ្ញុំតែងលើកឡើងថាមានពីរ គឺវិភាគបែបវិទ្យាសាស្ដ្រ និងវិភាគស៊ីអារម្មណ៍។ កុំយកការវិភាគស៊ីអារម្មណ៍មកដាក់ជាមូល​ដ្ឋាននៃការធ្វើគោលនយោបាយ។ ការប្រមូលទិន្នន័យ ក៏មិនមែនយកទិន្នន័យពី Google យកមកធ្វើការវិភាគទេ។ ប្រាកដណាស់ ត្រូវទាញ​យកទិន្នន័យផ្លូវការណាមួយ ដែលអាចធ្វើបាន ឬចុះ Survey …

(៦) ទទួលយកនិងធ្វើសំយោគមតិទូទៅ ដោយផ្ទៀងផ្ទាត់ជាមួយដំណើរការគោលនយោបាយ

រាជរដ្ឋាភិបាលរង់ចាំទទួលលទ្ធផលពីវេទិកានេះ ដើម្បីធ្វើការសំយោគមតិទូទៅរបស់អ្នកជំនាញ អ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយផ្ទៀងផ្ទាត់ជាមួយដំណើរការគោលនយោបាយរបស់យើងផងដែរ ដើម្បីកំណត់បានថា “ដើរដល់ណា​ មានបញ្ហាអី នៅវិស័យណា ធ្វើការកែសម្រួល និងពង្រឹងយ៉ាងណា”។ នេះជារបៀបរបបដែលរដ្ឋាភិបាលធ្វើការ។ មិនមែនធ្វើដោយមនុស្សម្នាក់ក្នុងបន្ទប់ ៤ម៉ែត្រក្រឡា ហើយវិភាគ​គ្រប់រឿងនោះទេ … ពិតណាស់ ខ្ញុំមានសញ្ញាបត្របណ្ឌិតខាងសេដ្ឋកិច្ច ប៉ុន្ដែសួរថា ខ្ញុំដឹងពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះនៅក្នុងវិស័យនេះ ជាងអ្នកដែលធ្វើផ្ទាល់ ប្រមូល(ទិន្នន័យ)ផ្ទាល់ និងជាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​មួយជំនាញដែលធ្វើផ្ទាល់ឬទេ? ខ្ញុំមិនដឹងជាងទេ។ អញ្ចឹងបានជាយើងមានឋានានុក្រមនៃការចូលរួមពីវិស័យឯកជនពីគ្រប់ប្រភព ដើម្បី​យករឿងដែលពួកគាត់ដឹងរៀងៗខ្លួន ម្នាក់មួយជ្រុងៗ មកផ្គុំគ្នា សំយោគជាជម្រើសគោលនយោបាយ។ គ្មានអ្វីល្អឥតខ្ចោះទេ ប៉ុន្ដែក្នុងចំណោមបញ្ហាដែលយើងដោះស្រាយបាន និងសុំការសម្រេច។

(៧) ទោះបានប្រុងប្រៀបល្អិតល្អន់រៀបចំគោលនយោយបាយយ៉ាងណា ក៏ស្ថានភាពសេដ្ឋកិច្ចនៅតែប្រែប្រួល

នេះជាផលសំខាន់។ យើងទទួលស្គាល់ថាគោលនយោយបាយ ទោះបីខិតខំធ្វើយ៉ាងណាក៏ដោយ សំយោគយ៉ាងណាក៏ដោយ ស្ថានភាពសេដ្ឋកិច្ចក៏នឹងនៅតែប្រែប្រួលរហូត ។ ពេលដែលយើងធ្វើគោលនយោបាយ អត់មានសង្គ្រាមពាណិជ្ជកម្មទេ​។ ឥឡូវ ក្នុងរយៈពេលមួយខែនេះ យើងហាក់ដូចជាមានសង្គ្រាមពាណិជ្ជកម្ម។ តើ បើមានសង្គ្រាមពាណិជ្ជ ស្ថានភាពវានឹងឈានទៅដល់ការប៉ះពាល់យ៉ាងណាលើសេដ្ឋកិច្ចប្រទេសមហាអំណាច? តើប៉ះឬ​ទេ? ការដាក់ tariff ទៅវិញទៅមកនេះ វានឹងបង្កអោយមានផលប៉ះពាល់យ៉ាងណា? នេះជាសំណួរមួយចំនួន។ កាលពីយើងដាក់ចេញគោលនយោបាយ យើងបានព្យាករពី ២ ឬ៣ឆ្នាំមុន ពីការបង្កើតនិងប្រើប្រាស់ AI។ ប៉ុន្ដែ AI បានចូលមកលឿនជាងការដែលយើងបានព្យាករនេះ។ នេះជាការតាមដាន ធ្វើការវាយតម្លៃជាប្រចាំ ដើម្បីយើងពិនិត្យមើលថា តើស្អីខ្លះដែលយើងអាចធ្វើ? ស្អីខ្លះដែលយើងអាចជំរុញឲ្យមានចីរភាព?

(៨) កំណើនខ្ពស់ មិនមានមូលដ្ឋាន ល្អតែមួយរយៈ តែមិនមានភាពធន់ មិនមែនជាកំណើនពិត

សូមឯកភាពចំពោះការដែលដាក់ចេញ(ការនិទ្ទស្សន៍)ថា “កំណើនយឺតបន្ដិចចុះ ប៉ុន្ដែឲ្យមានចីរភាព និងភាពធន់” តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ​។ ឯកឧត្តម សាយ សំអាល់ បានផ្ញើសារមកខ្ញុំថា ឥឡូវនេះ ការលក់ផ្ទះ អចលនទ្រព្យ បានកើនឡើងវិញហើយ ប៉ុន្ដែមិនកើនដូចមុនកូវីដ-១៩ទេ។ ខ្ញុំថា ត្រូវហើយ។ ពីមុនកើនក្នុងរបៀបដែលភាគច្រើនជា speculation។ ម្នាក់ៗ ទិញ ១០០ផ្ទះអីនោះ។ កំណើនឥឡូវនេះ គឺកំណើនពិតប្រាកដ។ កំណើនចំនួនអ្នកទិញគឺបែបនេះឯង។ កំណើនខ្ពស់មិនមានមូលដ្ឋាន អាចល្អក្នុងមួយរយៈ តែមិនមានភាពធន់ទេ។ កំណើនដែលមានមិនច្រើនក៏ដោយ តែមានមូលដ្ឋានច្បាស់លាស់ ជាកំណើនពិត​។ តែយ៉ាងណាក្តី ពិភពលោកយើងមិនអាចហាមបានទេ។ វដ្ដនៃសេដ្ឋកិច្ចគឺអញ្ចឹង។ ទាល់តែអញ្ចឹងបានមានកំណើន។ ទោះជាយ៉ាងណាក៏ដោយ ការថែរក្សា និងការគិតគូរពីរចនាសម្ព័ន្ធមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ចាំបាច់ត្រូវតែរៀបចំ ត្រូវតែពិនិត្យមើល កែសម្រួលរចនាសម័ន្ធរបស់យើង។

(៩) ធាតុចូលពីប្រជាពលរដ្ឋ អ្នកជំ​នាញ មន្រ្តីរាជការ អ្នកស្រាវជ្រាវ វិស័យឯកជន ជាមជ្ឈមណ្ឌលសមាហរណកម្មគោលគំនិត

ដើម្បីធានាចីរភាពកំណើនរយៈពេលវែង ខ្ញុំសូមលើកទឹកចិត្តទៅដល់អ្នកដែលចូលរួម ធ្វើការពិភាក្សាគ្នាឲ្យបានផុសផុល។ យើងស្វាគមន៍ទស្សនៈរបស់បងប្អូន(អ្នកសិក្សាស្រាវជ្រាវ)។ កុំគិតថា ខ្លួនគ្រាន់តែជាអ្នក research តូចមួយ រាជរដ្ឋាភិបាលមិនអាចយក(លទ្ធផលនៃការរកឃើញទៅប្រើប្រាស់)។មិនដូចនោះទេ។ យើងត្រូវជជែកគ្នាពីធាតុផ្សំនីមួយៗ ព្រោះនេះជាប្រទេសរបស់យើងទាំងអស់គ្នា។ រដ្ឋាភិបាលស្ដាប់ប្រជាពលរដ្ឋ ស្ដាប់អ្នកជំ​នាញដើម្បីរកវិធីដោះស្រាយការប្រឈម។ យើងស្ដាប់ប្រជាពលរដ្ឋនូវអ្វីដែលគាត់ត្រូវការ។ យើងស្ដាប់អ្នកជំនាញថាតើជួយគ្នាដោះយ៉ាងម៉េច។ យើងឲ្យមានការចូលរួមពីគ្រប់វិស័យ ពីអ្នកជំនាញ ពីមន្រ្តីរាជការ ពីអ្នកស្រាវជ្រាវ ពីវិស័យឯកជន រួមទាំងពីប្រជាពលរដ្ឋផង ដើម្បីជាមជ្ឈមណ្ឌលសមាហរណកម្មគោលគំនិត …។

[ចប់សេចក្ដីអធិប្បាយ]

ខ្ញុំសង្ឃឹមជឿជាក់ថា សន្និសីទនាថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា ។ ជាថ្មីម្តងទៀត ខ្ញុំ​សូម​លើកទឹកចិត្ត ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់​ ​​ចូល​រួម​ឱ្យបាន​សកម្ម និងផុសផុល […] នូវធាតុផ្សំទាំងអស់​។

ជាចុងបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ឱ្យទទួលបានជោគជ័យ ក្នុងគ្រប់ភារកិច្ច និងជួបប្រទះនឹងពរ និងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសបើក សន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ ចាប់ពីពេលនេះតទៅ៕ សូមអរគុណ!

អត្ថបទទាក់ទង