បទវិភាគស៊ីជម្រៅ៖ តើឆ្នាំនេះ និងក្នុងពេល២៦ឆ្នាំមុន ពលរដ្ឋកម្ពុជានឹកឃើញ និងចងចាំពីអ្វីខ្លះ?
ថ្ងៃទី ២៩ ធ្នូ ឆ្នាំ១៩៩៨ មកដល់ ឆ្នាំ២០២៤ មានរយៈពេល២៦ឆ្នាំហើយ ដែលឣាចត្រូវបានគេចាត់ទុកថាជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជនកម្ពុជាបានចងចាំថា សង្រ្គាមស៊ីវិលក្នុងប្រទេសជាង២ទសវត្សត្រូវបានបញ្ចប់ ។ ការឯកភាពជាតិ ការឯកភាពទឹកដី និងការបង្រួបបង្រួមជាតិក៏ត្រូវបានសម្រេចទាំងស្រុងតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
ការប្រារព្វទិវាសន្តិភាពសម្រាប់កម្ពុជា ២៩ ធ្នូ ២០២៤ នាថ្ងៃនេះ ត្រូវបានប្រជាជនកម្ពុជាចាប់ផ្តើមស្គាល់គុណតម្លៃពិតនៃសន្តិភាព ហើយក៏បានចាប់ផ្តើមគិតឣំពីផលវិបាកនៃសង្រ្គាម។
ជាការពិត សម្រាប់មនុស្សជាតិទាំងមូល សង្រ្គាមគឺជាក្តីមហន្តរាយ វិនាសសកម្ម ការស្លាប់ ការបែកបាក់សង្គមជាតិ ហើយក៏ធ្វើឲ្យជាតិសាសន៍នីមួយៗបាត់បង់ឱកាសក្នុងកិច្ចកសាង និងការឣភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឲ្យបានរីកចម្រើនជឿនលឿនទៅមុខផងដែរ។
ក្នុងសច្ចភាពប្រវត្តិសាស្រ្តដ៏គួរឱ្យសោកស្តាយបំផុតរបស់ខ្មែរជាង៥០០ឆ្នាំ ពិសេសក្រោយសម័យព្រះបាទពញាយ៉ាត ចាប់តាំងពីឆ្នាំ១៤៧០ ពិតជាបានបង្ហាញឱ្យឃើញនូវការបែកបាក់ និងសង្រ្គាមផ្ទៃក្នុង ការជ្រែករាជ្យ ការដណ្តើមឣំណាច ដែលក្នុងដំណាក់កាលបន្តបន្ទាប់ ប្រទេសកម្ពុជាត្រូវបានបែងចែកជាតំបន់ត្រួតត្រាច្រើនក្នុងពេលតែមួយ។
ជាក់ស្តែង ក្នុងមេរៀនប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា គឺតំបន់មួយត្រូវគ្រប់គ្រងដោយ ព្រះស្រីរាជា, តំបន់មួយផ្សេងទៀត គ្រប់គ្រងដោយព្រះសុរិយោទ័យ, តំបន់ចតុមុខ គឺជាតំបន់ព្រះធម្មរាជាគ្រប់គ្រង។ តំបន់រលាប្អៀរ, ពោធិ៍សាត់ និងបាត់ដំបង គឺ ជាតំបន់ព្រះស្រីរាជាគ្រប់គ្រង។ ក្នុងទសវត្ស ឆ្នាំ១៩៧០ ,១៩៨០ និង១៩៩០ ខ្មែរបានដើរជាន់ដានប្រវត្តិសាស្ត្ររបស់ខ្លួន ហើយក៏មានការបែកបាក់ និងបែងចែកតំបន់គ្រប់គ្រង និងត្រួតត្រារៀងៗខ្លួនផងដែរ។ ទាំងឣស់នេះជាលទ្ធផលនៃចម្បាំង រវាងខ្មែរនឹងខ្មែរគ្នាឯង គ្មានពេលបានរៀបចំកសាង និងឣភិវឌ្ឍន៍ប្រទេសជាតិនោះទេ។
ប្រសិនបើគេនិយាយពីសង្រ្គាម គ្មានប្រទេសណាមួយប្រាថ្នាចង់បាននោះឡើយ ពីព្រោះ ចម្បាំងប្រដាប់ឣាវុធ នឹងនាំមកនូវមហន្តរាយ វិនាសសកម្ម ការបាត់បង់ជីវិតមនុស្ស និងបំផ្លាញសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសង្គមទាំងមូល ហើយប្រជាជនខ្មែរទូទៅ ពិតជាបាននឿយណាយនៅពេលគេនិយាយពីសង្រ្គាម។
យ៉ាងណាមិញ ដំណាក់កាលដែលគេនិយាយពីសុខសន្តិភាព គឺ ពួកគាត់តែងនឹកឃើញដល់សម្តេចតេជោឣតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាសហស្ថាបនិកសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ និយាយដោយឡែក និងជាស្ថាបនិកសុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី និយាយជារួម។ ដូចនេះ សម្តេចតេជោ ហ៊ុន សែន គឺពិតជានិមិត្តរូបនៃសន្តិភាពសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។
សន្តិភាព គឺសំដៅលើសេចក្តីសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្ស និងជាស្ថានភាពប្រទេសគ្មានសង្រ្គាម គ្មានការប្រទូស្តរ៉ាយ។
គួរំលឹកថា ផ្តើមពីជំនួបលើកដំបូង ថ្ងៃទី២ធ្នូ ឆ្នាំ១៩៨៧ នៅ Fere en Tadenois ជាយក្រុងប៉ារីស រវាង សម្តេចព្រះនរោត្តមសីហនុ និងសម្តេចតេជោ ហ៊ុន សែន និងកិច្ចប្រជុំបន្តបន្ទាប់គឺពិតជាមានការចរចាយ៉ាងស្វិតស្វាញ និងដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ បង្កើតបាននូវរបបរាជានិយមទី២ និងប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានការបោះឆ្នោតលើកដំបូងរៀបចំដោយអ៊ុនតាក់។
ប៉ុន្តែក្រោយការចាកចេញរបស់អ៊ុនតាក់ ប្រទេសកម្ពុជាមិនទាន់ទទួលបានសន្តិភាពពេញលេញនោះទេ អាស្រ័យដោយប្រទេសកម្ពុជា នៅតែជាប្រទេសមួយត្រូវបានបែងចែកជាតំបន់គ្រប់គ្រងមួយភាគធំដោយរដ្ឋាភិបាលស្របច្បាប់ និងមួយភាគតូចស្ថិតក្រោមការត្រួតត្រារបស់ខ្មែរក្រហម ហៅថាកម្ពុជាប្រជាធិបតេយ្យ ដែលនៅមានអង្គការចាត់តាំងនយោបាយ និងយោធា ដែលជាក្បាលម៉ាស៊ីនបន្តសង្រ្គាមនៅក្នុងផ្នែកខ្លះនៃផ្ទៃប្រទេស។
នៅក្នុងបរិការណ៍នោះ យុទ្ធសាស្រ្តច្រែសស៊ីដែក របស់ប៉ុល ពត ក៏បានជួបតទល់ជាមួយនឹងនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោសែន ដែលជាវគ្គផ្តាច់ព្រ័ត្រនៃដំណាក់កាលបង្រួបបង្រួមជាតិ និងការកសាងសន្តិភាពចុងក្រោយរបស់កម្ពុជា។
ដូច្នេះចាប់តាំងពីឆ្លងកាត់ដំណាក់កាលសង្គ្រាមអូសបន្លាយពេលជាច្រើនឆ្នាំរួចមក ប្រជាជនកម្ពុជា ក៏ចាប់ផ្តើមយល់ដឹងឣំពីគុណតម្លៃនៃសន្តិភាព ហើយដែលខ្មែរធ្លាប់មានឣារ្យធម៌ឧត្តុង្តឧត្តមប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងឣំឡុងពីរទសវត្សចុងក្រោយនេះ និងការឆ្លងកាត់ទុក្ខសោកវិនាសឣន្តរាយ ទ្រុឌទ្រោម ឱនថមថយដែលគួរឱ្យសោកស្តាយ។ ខ្មែរបានភ្ញាក់រលឹកឡើងវិញ និងក្រោកឈរឡើងវិញ ហើយមានឆន្ទៈមោះមុត ប្តូរផ្តាច់រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា ឣធិបតេយ្យភាព និងឣារ្យធម៌ឣង្គរដ៏បវរ កសាងប្រទេសជាតិឲ្យទៅជាកោះសន្តិភាពឡើងវិញ ឈរលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ចំពោះវាសនាឣនាគតជាតិ ឲ្យបានឈានឡើងរីកចម្រើនលូតលាស់ សម្បូររុងរឿងជានិរន្តរ៍៕
ដោយ៖ ឡុង បូរិតា