តើការកាត់ទោសធ្ងន់ធ្ងរចំពោះករណីអតីតឧកញ៉ា ស្រី ស៊ីណា ឆ្លុះបញ្ចាំងពីអ្វី?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្រសួងយុត្តិធម៌បានធ្វើសន្និសីទកាសែតកាលពីពេកន្លងទៅ ដែលបានផ្តោតលើប្រធាន ការកាត់ទោសអតីតឧកញ៉ា ស្រី ស៊ីណា ហើយដែលកន្លងទៅនីតិវិធីតុលាការមិនអាចចេញមកផ្សព្វផ្សាយតាមហ្វេសប៊ុកបាននោះទេ ដែលធ្វើឱ្យបងប្អូនមួយចំនួនយល់ច្រឡំថា ប្រហែលដោះលែងអ្នកទោសបាត់ហើយ ដោយសារគេជាឧកញ៉ា ករណីនេះមិនអាចទទួលយុត្តិធម៌នោះទេ។ សម្តេច បានបន្តថា ការមិនបានផ្សព្វផ្សាយករណីនេះ មិនមែនបានន័យថា ស្ថាប័នតុលាការមិនធ្វើការនោះទេ ពីព្រោះតាមនីតិវិធីតុលាការ មិនអាចធ្វើការផ្សព្វផ្សាយជាសាធារណៈបាននោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តុលាការ បានចេញសេចក្តីសម្រេចលើកនេះឱ្យអតីតឧកញ៉ារូបនោះ ជាប់ទោស៣១ឆ្នាំ និងត្រូវសំណង២លានកន្លះ ដែលនេះជាលើកទី១ហើយ ដែលត្រូវសងសំណងច្រើនបែបនេះសម្រាប់ជនរងគ្រោះ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺកាត់ក្តីនេះ ចង់បង្ហាញអំពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់។
ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញសេចក្តីសង្ឃឹមថា ការកាត់ទោសមួយនេះ គឺជាសារសំខាន់សម្រាប់មនុស្សទាំងអស់ កុំឱ្យប្រព្រឹត្តអំពើឃោរឃៅទាំងអស់នេះ បន្តទៅទៀត ហើយសង្ឃឹមថា កុំឱ្យមានអ្នកបាត់បង់អាយុជីវិតបន្តទៅទៀត ហើយអ្វីសំខាន់ គឺត្រូវធ្វើឱ្យប្រព័ន្ធយុត្តិធម៌ ត្រូវផ្តល់យុត្តិធម៌សម្រាប់ជូនជនរគ្រោះឱ្យទាល់តែបាន។
សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅរាជធានីភ្នំពេញ៕