Grand News Asia Close

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យមានការលើកលែងទោសដល់រូបលោក

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 147
លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យមានការលើកលែងទោសដល់រូបលោក លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យមានការលើកលែងទោសដល់រូបលោក

លោក អ៊ូ ច័ន្ទឫទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា «តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជ្រាបថា ខ្ញុំបាទត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ និងផ្តន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន។ នៅក្នុងន័យ នេះដែរ ខ្ញុំបាទសូមជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន»។

«អាស្រ័យដូចបានជម្រាបជូនខាងលើសូមសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ទៅព្រះមហាក្សត្រ ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដើម្បីឲ្យខ្ញុំបាទមានសេរីភាព ក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយក្ដីអនុគ្រោះ»។ នេះបើតាមលោក អ៊ូ ច័ន្ទឫទ្ធិ សរសេរក្នុងលិខិត។

សូមរំលឹកថា សាលាឧទ្ធរណ៍កម្ពុជា បានសម្រេចតម្កល់សាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ ជុំវិញការកាត់ទោស លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក គង់ សុភា និងលោក សេង ម៉េងប៉ុនរ៉ុង ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ ៤លានរៀល ក្នុងសំណុំរឿងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។

ទន្ទឹមនឹងនេះ ក្នុងសំណុំរឿងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្ដិសុខសង្គមដដែលនេះ សាលាឧទ្ធរណ៍ ក៏បានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសសកម្មជន ១០រូបផ្សេងទៀត ឲ្យជាប់ពន្ធនាគារពី២០ខែ ទៅ២ឆ្នាំ និងពិន័យប្រាក់៥០០ដុល្លារ ប៉ុន្តែពួកគេត្រូវបានព្យួរទោសមួយចំនួន។ ដោយឡែកសម្រាប់ លោក ហុង លីម ហៅ ហុង មុយលីម វិញត្រូវបានតុលាការសម្រេចឲ្យរួចផុតពីបទចោទប្រកាន់៕

អត្ថបទទាក់ទង