Grand News Asia Close

វិភាគអន្តរជាតិ៖ អ៊ុយក្រែន ឥលូវក្លាយជា «សង្រ្គាមខ្ចីដៃ» សម្រាប់ពួកមហាអំណាចអាស៊ី

ដោយ៖ សុវណ្ណា ពិទូ ​​ | ម្សិលមិញ ម៉ោង 13:08 pm ព័ត៌មានអន្តរជាតិ 340
វិភាគអន្តរជាតិ៖ អ៊ុយក្រែន ឥលូវក្លាយជា «សង្រ្គាមខ្ចីដៃ» សម្រាប់ពួកមហាអំណាចអាស៊ី វិភាគអន្តរជាតិ៖ អ៊ុយក្រែន ឥលូវក្លាយជា «សង្រ្គាមខ្ចីដៃ» សម្រាប់ពួកមហាអំណាចអាស៊ី
(វ៉ាស៊ីនតោន)៖ ​ការសង្ស័យពីការគាំទ្រយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន និងការព្រួយបារម្ភពីសមត្ថភាពផ្ទាល់របស់អ៊ុយក្រែន ក្នុងការប្រយុទ្ធតស៊ូប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី បានកើតឡើងតាំងពីមុនពេលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ មកម្ល៉េះ។ តែឥលូវ បន្ថែមពីលើការព្រួយបារម្ភទាំងនេះ មានកត្តាមួយផ្សេងទៀតបានធ្វើឱ្យ ស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែនកាន់តែស្មុគស្មាញ នោះគឺការកើនឡើងនៃការចូលរួមរបស់ពួកមហាអំណាចក្នុងតំបន់អាស៊ីបូព៌ា នៅក្នុងសង្រ្គាមមួយនៅអឺរ៉ុប។ ជាក់ស្ដែង ក្រៅតែពីការដាក់ពង្រាយ កងទ័ពកូរ៉េខាងជើងជាង ១០ ០០០នាក់ ទៅជួយគាំទ្រកងទ័ពរុស្ស៉ី ការកើនឡើងនៃការចូលរួមពីចិន ជប៉ុន និងកូរ៉េខាងត្បូងក៏បាន និងកំពុងបង្កឱ្យមានការចោទសួរថាតើសង្រ្គាមខ្ចីដៃ ឬសង្រ្គាម ដោយប្រយោល (proxy war) ទ្រង់ទ្រាយធំមួយកំពុងកើតឡើងនៅអ៊ុយក្រែនដែរ ឬក៏យ៉ាងណា?
 
បើតាមក្រុមអ្នកវិភាគលោកខាងលិច បើគេពិនិត្យមើលលើស្ថានការណ៍សង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ ជាការពិតណាស់សង្រ្គាមនៅអ៊ុយក្រែនបានក្លាយជាសង្រ្គាមខ្ចីដៃរួចទៅហើយ។ សង្រ្គាមខ្ចីដៃគឺជា ឧបករណ៍ដែលត្រូវបានពួកមហាអំណាចប្រើប្រាស់ជាយូរណាស់មកហើយ ដើម្បីខ្ចីដៃភាគីម្ខាង កម្ចាត់ភាគីខាងទៀតដែលជាគូសត្រូវរបស់ពួកគេ ដោយមិនចាំបាច់លូកដៃដោយផ្ទាល់។ ឧទាហរណ៍ នៅអំឡុងសម័យសង្រ្គាមត្រជាក់, អតីតសហភាពសូវៀតបានគាំទ្រ និងខ្ចីដៃចលនាកម្មុយនិស្ដនៅកូរ៉េខាងជើង និងវៀតណាម ដើម្បីប្រឆាំងសហរដ្ឋអាមេរិក។ ចំណែកឯ សហរដ្ឋអាមេរិកបានសងសឹក សូវៀត នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងនីការ៉ាហ្កា នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ តាមយៈការផ្ដល់ជំនួយគាំទ្រដល់ចលនាប្រឆាំងកុម្មុយនិស្ដ ដើម្បីសម្លាប់ទាហានសូវៀត ឬផ្ដួលរំលំរដ្ឋាភិបាល គាំទ្រដោយសូវៀត។ ការលូកដៃរបស់សហរដ្ឋអាមេរិក និងសូវៀតនៅពេលនោះ គឺមានចេតនាធ្វើយ៉ាងណាកុំឱ្យតួអង្គតំណាងរបស់មហាអំណាចដែលជាសត្រូវរបស់ខ្លួនទទួលបានជ័យជម្នះ។
 
សង្រ្គាមនៅអ៊ុយក្រែន ត្រូវបានគេហៅថាជាសង្រ្គាមខ្ចីដៃដោយសារមានកត្តាគួបផ្សំច្រើនយ៉ាង។ ម្យ៉ាង រុស្ស៉ីខ្លួនឯងបានប្រកាសជាសាធារណៈថាខ្លួនកំពុងធ្វើសង្រ្គាមជាមួយលោកខាងលិច ជាពិសេសគឺ សហរដ្ឋអាមេរិក នៅអ៊ុយក្រែន។ ចំណែក ក្រុមប្រទេស NATO និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់លោកខាងលិច បានផ្ដល់ការគាំទ្រដល់អ៊ុយក្រែនជាមួយការផ្គត់ផ្គង់អាវុធ ហើយមើលមួយភ្លែត ចេតនារបស់ពួកគេគឺដើម្បីការពារអ៊ុយក្រែន។ ប៉ុន្តែ តាមពិតគោលដៅរបស់ពួកគេ នោះគឺរុស្ស៉ីទៅវិញទេ ដូចដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ធ្លាប់បានលើកឡើងថា សហរដ្ឋអាមេរិកចង់ឃើញរុស្ស៉ីចុះខ្សោយ។ បើដូច្នេះចុះការចូលរួមរបស់ពួកមហាអំណាចអាស៊ីបូព៌ាវិញ តើវាបានធ្វើឱ្យសង្រ្គាមអ៊ុយក្រែនក្លាយជាសង្រ្គាមខ្ចីដៃសម្រាប់ពួកគេដែរឬ?
 
យើងអាចចាប់ផ្ដើមមុនគេពីប្រទេសដែលឈរនៅខាងរុស្ស៉ី៖ បើទោះជាចិនមិនបានផ្ដល់អាវុធឱ្យរុស្ស៉ីក៏ពិតមែន តែប៉េកាំងបាន និងកំពុងផ្ដល់ការគាំទ្រ ដើម្បីធានាឱ្យបានថាទីក្រុងមូស្គូមានសមត្ថភាព បន្តធ្វើសង្រ្គាម និងអាចទប់ទល់ជាមួយទណ្ឌកម្មរបស់លោកខាងលិច។ បើតាមទិន្នន័យគយ ទីក្រុងប៉េកាំងបានលក់ទំនិញដែលអាចប្រើប្រាស់បានទាំងក្នុងវិស័យយោធា និងស៊ីវិលក្នុងទំហំទឹកប្រាក់ជាង ៣០០លានដុល្លារទៅឱ្យរុស្ស៉ី ជារៀងរាល់ខែ។ លើសពីនេះទៅទៀត ជាការបញ្ជូនសារមួយទៅកាន់ NATO ចិនក្នុងឆ្នាំ២០២៤នេះ បានចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នាជាមួយបេឡារុសដែលមាន ព្រំដែនស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីប៉ូឡូញដែលជាសមាជិក NATO។ និយាយពីកូរ៉េខាងជើងវិញ៖ កូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ ដែលបានបោះឆ្នោតប្រឆាំង ដំណោះស្រាយ UN ថ្កោលទោសការឈ្លានពានរបស់រុស្ស៉ី ហើយកាលពីពេលថ្មីៗនេះ ទីក្រុងព្យុងយ៉ាងក៏បានចុះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៉ីផងដែរ។ កូរ៉េខាងជើងត្រូវបានរាយការណ៍ថា បានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី ដូចជាគ្រាប់កាំភ្លើងធំ និងមីស៊ីលបាលិស្ទីគ។ មិនតែប៉ុណ្ណោះឥលូវ កូរ៉េខាងជើងបានបោះជំហានចូលរួមក្នុងសង្រ្គាមអ៊ុយក្រែនកាន់តែជ្រៅ តាមរយៈការបញ្ជូនកងទ័ពជាង ១០ ០០០នាក់ ទៅកាន់រុស្ស៉ី ខណៈក្នុងចំណោមកងទ័ពទាំងនេះមានចំនួន បានចាប់ផ្ដើមចូលរួមក្នុងសមរភូមិដើម្បីជួយកងទ័ពរុស្ស៉ី វាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk។
 
ដោយឡែក ដើម្បីគាំទ្រអ៊ុយក្រែន សម្ព័ន្ធមិត្ត ២របស់សហរដ្ឋអាមេរិក ក្នុងតំបន់អាស៊ីបូព៌ា គឺកូរ៉េខាងត្បូង និងជប៉ុនក៏កំពុងលូកដៃក្នុងសង្រ្គាមអ៊ុយក្រែនដែរ បើទោះជាការចូលរួមនៅមានកម្រិតក៏ដោយ។ ដំបូងឡើយ ជប៉ុនបានសម្របសម្រួលការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ជាមួយលោកខាងលិច ហើយក្រោយមកបានផ្ដល់ជំនួយទាំងដោយផ្ទាល់ និងប្រយោលទៅឱ្យអ៊ុយក្រែ​ន ក្នុងនោះរួមមានដ្រូនស៊ើបការណ៍ និងអាវទាហានជាដើម រួមទាំងជំនួយដទៃទៀតគិតជាទឹកប្រាក់ស្មើនឹងជាង ១២ពាន់លានដុល្លារដែលនេះធ្វើឱ្យជប៉ុនស្ថិតនៅក្នុងចំណោមម្ចាស់ជំនួយធំៗរបស់អ៊ុយក្រែន។ ជប៉ុនក៏បានលុបចោលការរឹតត្បិត របស់ខ្លួនមួយចំនួនផងដែរ ដើម្បីអាចផ្ទេរប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ផលិតដោយជប៉ុន ទៅឱ្យសហរដ្ឋអាមេរិក យកទៅផ្គត់ផ្គង់បន្តឱ្យទីក្រុងកៀវ។ ការសម្រេចចិត្តបែបនេះរបស់តូក្យូ បានចូលរួម ចំណែកជួយសហរដ្ឋអាមេរិករក្សាស្ថិរភាពនៃស្ដុកអាវុធរបស់ខ្លួន បន្ទាប់ពីបានដកអាវុធមួយចំនួនពីឃ្លាំងទៅជួយអ៊ុយក្រែន។ ចំណែក កូរ៉េខាងត្បូងវិញ មិនបានផ្ដល់អាវុធឱ្យអ៊ុយក្រែនទេ តែបានផ្ដល់ជំនួយ មនុស្សធម៌ និងសម្ភារៈដូចជាឧបករណ៍សម្អាតគ្រាប់មីន អាវទាហាន និងមួកទាហានជាដើម។ កូរ៉េខាងត្បូងក៏បានចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីដែរ ហើយដូចគ្នាទៅនឹងជប៉ុនដែរ កូរ៉េខាងត្បូង បានជួយរក្សាស្ថិរភាពឃ្លាំងស្ដុកអាវុធ ជាមួយការបញ្ជូនគ្រាប់កាំភ្លើងធំឱ្យសហរដ្ឋអាមេរិក យកទៅផ្គត់ផ្គង់បន្តឱ្យអ៊ុយក្រែន។ កូរ៉េខាងត្បូងមិនទាន់កែប្រែគោលនយោបាយអ្វីទេ ជុំវិញការទទូចសុំពីលោក ហ្សេលេនស្គី និងសម្ព័ន្ធមិត្តលោកខាងលិច បញ្ជូនអាវុធឱ្យអ៊ុយក្រែន។ តែក្រោយមានសេចក្ដីរាយការណ៍ពីវត្តមានកងទ័ពកូរ៉េខាងជើងក្នុងសង្រ្គាមអ៊ុយក្រែន ទីក្រុងសេអ៊ូលបានអះអាងថាខ្លួនកំពុងពិចារណា លើជម្រើសផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែនមានទាំងអាវុធសម្រាប់ការពារខ្លួន និងសម្រាប់វាយលុក។
 
សរុបមកវិញ៖ មហាអំណាចទាំង៤ នៅអាស៊ីបូព៌ាសុទ្ធតែមានផលប្រយោជន៍ និងហេតុផលរៀងៗខ្លួនដើម្បីលូកដៃចូលក្នុងសង្រ្គាមខ្ចីដៃ។ ប៉េកាំង និងព្យុងយ៉ាងសម្លឹងឃើញពីប្រយោជន៍យុទ្ធសាស្ត្រយ៉ាងធំធេង ប្រសិនបើរុស្ស៉ីទទួលបានជ័យជម្នះនៅអ៊ុយក្រែន។ ដ្បិតទាំងចិន និងកូរ៉េខាងជើង មានចក្ខុវិស័យស្រដៀងគ្នាទៅនឹងរុស្ស៉ីដែរ នោះគឺចង់ឃើញសណ្ដាប់ធ្នាប់សព្វថ្ងៃដឹកនាំដោយលោកខាងលិច ដួលរលំ ហើយ កាន់តែចង់ឃើញសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចុះខ្សោយឥទ្ធិពល។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សុទ្ធតែចាត់ទុកលោក ពូទីនជាសម្ព័ន្ធមិត្តដ៏សំខាន់ នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលលោកខាងលិច។ ដូច្នេះហើយទើបជ័យជម្នះរបស់លោក ពូទីន នៅអ៊ុយក្រែនក៏ជាប្រយោជន៍របស់ពួកគេដែរ។ សម្រាប់ជប៉ុនវិញ ជប៉ុនមានប្រយោជន៍យុទ្ធសាស្ត្រ នៅក្នុង ការធានាឱ្យបានថាសណ្ដាប់ធ្នាប់ពិភពលោកមិនរង្គោះរង្គើរ ដែលជាសណ្ដាប់ធ្នាប់មួយបដិសេធការប្រើកម្លាំងបាយពង្រីកទឹកដី ដូចដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ធ្លាប់បាននិយាយថា «អ៊ុយក្រែន​ថ្ងៃ​នេះ​អាច​ជា​អាស៊ី​បូព៌ា​ថ្ងៃ​ស្អែក»។
 
មិនខុសគ្នាពីលោក គីស៊ីដា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ធ្លាប់បានកត់សម្គាល់ថា «សង្រ្គាមនៅអ៊ុយក្រែនបានរំឮកយើងទាំងអស់គ្នាថាវិបត្តិសន្តិសុខ នៅតំបន់មួយអាចបង្កផលប៉ះពាល់ ជាសកល»។ ដូច្នេះសកម្មភាពរបស់ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីជួយអ៊ុយក្រែនឱ្យទទួលបានជ័យជម្នះ ក៏បង្កប់នូវចេតនាបញ្ជូនសារទៅកាន់ចិន និងកូរ៉េខាងជើងផងដែរថា «ការប៉ុនប៉ងប្រើប្រាស់កម្លាំងបាយ ដើម្បីកែប្រែស្ថានភាពដើម គឺនឹងត្រូវប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ»៕
 
ប្រភព ៖ Fresh News

 

អត្ថបទទាក់ទង