Grand News Asia Close

សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 320

CNV:

បណ្ឌិត វ៉ាន់ ហា រូ​ (Van Ha Ryu) សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍
គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិត
ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួល​នូវសញ្ញាបត្របណ្ឌិតកិត្តិយសលើ​ផ្នែក «ភាពជាអ្នក​ដឹកនាំ និង ការកសាងសន្តិភាព» នៅក្នុង​ទឹកដីនៃ​ខេត្តឃ្យុងសាងប៊ុកដូ ដ៏ស្រស់ស្អាត​ និងសម្បូរទៅដោយ​​គុណតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈ។ ខ្ញុំសូមថ្លែង​អំណរគុណចំពោះ​ សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ សម្រាប់ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស និងការរៀបចំកម្មវិធីដ៏អធិកអធមនេះ។

សម្រាប់ខ្លួនខ្ញុំ​ផ្ទាល់ សញ្ញាបត្រកិត្តិយសនេះ គឺ​ជាការ​ទទួលស្គាល់អំពីការលះបង់ បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់ខ្ញុំ​ ដើម្បី​រំដោះជាតិ ពីក្រញាំ​នៃរបបប្រល័យពូជសាសន៍ និងការខិតខំ​កសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹង​ការខិតខំ​កសាងសន្តិភាព ផ្សះ​ផ្សា និងបង្រួបបង្រួមជាតិ​ ទម្រាំប្រទេសកម្ពុជា ទទួលបាន​សុខសន្តិភាពពេញបរិបូរណ៍ មាន​ឯកភាពទឹកដី មាន​កម្លាំងប្រដាប់អាវុធតែមួយ​ នៅ​ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។ នេះគឺជាសន្តិភាពពេញលេញ​ និងឯកភាពទឹកដី​ ដែល​ប្រជាជាតិខ្មែរ ពុំ​ដែល​បានស្គាល់ ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ។

សម្រាប់ប្រទេសកម្ពុជា សញ្ញាបត្រកិត្តិយសនេះ គឺជា​ការទទួលស្គាល់​គុណតម្លៃ​នៃ​ភាព​ជាអ្នកដឹកនាំ បញ្ញាញាណ​ ស្មារតីស្នេហាជាតិ ភាពទន់ភ្លន់ អត់ឱន និងភាពជាម្ចាស់​របស់​ជនជាតិខ្មែរ ទៅលើ​សុខសន្តិភាព និងជោគវាសនា​របស់ប្រជាជាតិខ្លួន​។ នេះគឺជា​ការទទួលស្គាល់ថា បទពិសោធប្រវត្តិសាស្ត្រ និងគុណតម្លៃដឹកនាំ កសាងសន្តិភាព កសាងជាតិរបស់​កម្ពុជា អាចផ្តល់​ជាប្រយោជន៍យ៉ាងសំខាន់​ សម្រាប់ការ​បណ្តុះ​ស្មារតីសន្តិភាព បង្រួបបង្រួម​ជាតិ ការអភិវឌ្ឍ និងកិច្ច​សហប្រតិបត្តិការ​ នៅលើ​មជ្ឈដ្ឋាន​អន្តរជាតិ។

នេះក៏ជាសក្ខីភាពយ៉ាងជាក់ច្បាស់ផងដែរថា អ្វីៗ​ដែល​រាជរដ្ឋាភិបាលបានខិតខំ​ធ្វើ​​កន្លងមក គឺជាការ​​ដើរលើមាគ៌ាដ៏ត្រឹម​ត្រូវបំផុត​​ សម្រាប់សន្តិភាព​ជាតិ និងអន្តរជាតិ។

ខ្ញុំសូមឧទ្ទិសសមិទ្ធផលនេះជូនចំពោះបងប្អូនខ្មែរគ្រប់រូប ជាពិសេស កងកម្លាំងប្រដាប់អាវុធ ដែលបាន​ពលីជីវិត ក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។ ទាញចេញពីសមិទ្ធផលទាំងនេះ ខ្ញុំ​សង្ឃឹមថា មេរៀន​របស់កម្ពុជា នឹង​អាច​ជួយ​បណ្តុះ និងពង្រឹងស្មារតីស្រលាញ់សន្តិភាព សម្រាប់យុវជនជំនាន់ក្រោយ នៅជុំវិញពិភពលោក ជំរុញ​ឱ្យ​ពួក​គេ​ស្គាល់តម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្គ្រាម ស្គាល់ពីការឈឺចាប់​នៃការ​បាត់បង់​មនុស្សជាទីស្រលាញ់របស់ខ្លួន និងបណ្តុះឆន្ទៈ​ចូលរួមចំណែក​ នៅក្នុងការ​ការពារសន្តិភាពដែលមានស្រាប់ បញ្ចប់សង្គ្រាម​ដែលកំពុងឆាបឆេះ​ ដើម្បី​ឱ្យ​មនុស្សជាតិយើង ស្គាល់ភាពសុខសាន្ត ការអភិវឌ្ឍ និងវិបុលភាព។ ក្នុងន័យនេះ ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​ សាកលវិទ្យាល័យ ដុងហ្គុក ដែល​បាន​ដើរ​តួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធន​ធានមនុស្ស ដែលយល់ដឹង​ពី​គុណតម្លៃសន្តិភាព បន្ថែមលើចំណេះដឹងជំនាញ ដែលចាំបាច់សម្រាប់ប្រកប​ការងារវិជ្ជាជីវៈរបស់ពួកគេ​។

សង្គ្រាម​អាចឆេះបានយ៉ាងលឿន ហើយ​ងាយ ប៉ុន្តែ ការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់។ ជាក់ស្តែង ចាប់តាំងពីប្រទេសកម្ពុជា ធ្លាក់ក្នុងភ្នក់ភ្លើង​សង្រ្គាម ដោយសារ​រដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅឆ្នាំ ១៩៧០ កម្ពុជាត្រូវការពេលវេលា​ជិត ៣០ ឆ្នាំ ទម្រាំអាចកសាងបាន​នូវសន្តិភាពពិតប្រាកដ ជាមួយនឹង​ជោគជ័យដ៏ត្រចះត្រចង់នៃ​ នយោបាយ​ឈ្នះ-ឈ្នះ នៅចុង​ឆ្នាំ១៩៩៨។ ខ្ញុំ​សូមឆ្លៀតឱកាសនេះ រំលឹកផងដែរថា ក្នុងចំណោមប្រទេសដែលទទួលបាន​អន្តរាគមន៍ពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចកម្ពុជា នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសជាច្រើន​​កំពុង​តែនៅវិលវល់​នៅក្នុង​ភ្លើងសង្គ្រាមនៅឡើយទេ។ នេះគឺជា​សក្ខីភាពបង្ហាញយ៉ាងច្បាស់​ថា​ កម្ពុជា​មាន​ភាពម្ចាស់ការខ្ពស់​លើ​សុខសន្តិភាពរបស់ខ្លួន។ ​ខ្លួនខ្ញុំ​ផ្ទាល់គឺជា​អ្នក​ពុះពារស្វែងរក​ការជួប​ចរចា​សន្តិភាពដំបូង​ក្នុងឆ្នាំ១៩៨៧ ជាមួយ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដែលជាចំណុចចាប់ផ្តើម​ជំរុញ​ឱ្យ​មានការចរចាជាមួយ​ភាគីខ្មែរដទៃទៀត ទម្រាំ​សម្រេច​បាន​​​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ពេលខ្លះការចរចាមាន​ភាពតានតឹង​ ហើយ​ខ្ញុំ​ត្រឡប់មកវិញ​ដោយដៃទទេ ប៉ុន្តែ​ សន្តិភាពសម្រាប់ប្រជាជនខ្មែរទាំងមូល​ គឺជាកម្លាំងចិត្តរុញឱ្យ​ខ្ញុំ​ខិតខំ​ចរចា ព្រោះខ្ញុំ​ដឹងថា យើង​មិន​អាចយក​សង្គ្រាមទៅ​បញ្ចប់សង្គ្រាមបានទេ។ ទស្សនៈវិជ្ជានេះ​ ក៏ខ្ញុំ​​យក​មកប្រើ​ដូចគ្នា នៅក្នុងការអនុវត្ត​ នយោបាយឈ្នះ-ឈ្នះ ដើម្បីជំរុញ​ការបង្រួបបង្រួមជាតិ និងការ​ធ្វើ​សមាហរណកម្ម​​កម្លាំង​ខ្មែរក្រហម​ ទៅក្នុង​កងយោធពលខេមរភូមិន្ទ។

ជាមួយនឹងបទពិសោធឆ្លងកាត់ និងកាន់ចង្កូតប្រទេសជាតិ នៅក្នុងរបត់នៃប្រវត្តិសាស្ត្រ​រាប់មិន​អស់ ខ្ញុំ​អាចចែករំលែកគំនិត​ជា​មូលដ្ឋានមួយថា ភាពជាអ្នកដឹកនាំ គឺការហ៊ានសម្រេចចិត្ត ក្នុងស្ថានភាពស្រពិចស្រពិល មាន​គ្រោះថ្នាក់ និងហានិភ័យខ្ពស់ ទោះបីជាមិនមានការគាំទ្រ និងមធ្យោបាយ​ពេញលេញ​យ៉ាងណាក្តី។ ប៉ុន្តែ ការសម្រេចចិត្តក៏ត្រូវមាន​ត្រីវិស័យ និងគោលការណ៍កំណត់ច្បាស់លាស់ ហើយ​សម្រាប់ខ្ញុំ​គោលការណ៍ដែល​សំខាន់បំផុត​នោះ គឺផលប្រយោជន៍ជាតិ​ និងភាពសុខសាន្តរបស់ប្រជាជាតិខ្មែរទាំងមូល។ ការសម្រេចចិត្តរបស់ខ្ញុំ គឺតែងតែ​ឈរលើ​គោលការណ៍​បង្កើតសន្តិភាព និងការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងការអភិវឌ្ឍ មិនមែន​ដើម្បី​បង្កើតសង្គ្រាម ការបែកបាក់ និងចលាចលសង្គមនោះទេ។ ដូច្នេះ នយោបាយ​ដែលផ្តល់​គុណតម្លៃ​ដល់​សន្តិភាព គឺជាចន្ទល់បង្អែក និងខែលការពារ​ដ៏រឹងមាំ​បំផុត ដែល​ជួយ​ការពារធម្មានុរូប និងសុចរិតភាពនៃ​​ភាពជាអ្នកដឹកនាំរបស់ខ្ញុំ ក៏ដូចជាសង្គមជាតិទាំងមូល នៅលើ​មាគ៌ា​ដ៏សែន​លំបាកនៃការកសាង និងអភិវឌ្ឍជាតិ។

ក្នុងស្មារតីដូចគ្នានេះ ទស្សនវិស័យរបស់កម្ពុជា ចំពោះសន្តិភាពក្នុងតំបន់ និងពិភពលោក គឺស្ថិតនៅលើការខិតខំ​រក្សាសណ្តាប់ធ្នាប់អន្តរជាតិ​ ដែលផ្អែកលើវិធាន​ច្បាប់ និងការជំរុញ​កិច្ចសហប្រតិបត្តិការ ​ដែលផ្អែក​លើ​គោលការណ៍ពហុភាគីនិយម បូក​រួមទាំងគោលការណ៍នៃការគោរព ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បី​ធានាបាននូវសាមគ្គីភាពអន្តរជាតិ ភាពសុខដុម និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ។ ពិភពលោក​យើង​រស់នៅក្នុង​ស្ថានភាពដែលពឹងផ្អែកគ្នាទៅវិញទៅមក ដូច្នេះ​ហើយ​សន្តិភាព និងសន្តិសុខរបស់ប្រទេសនីមួយៗ​ និងអាយុជីវិតរបស់ប្រជាជាតិនីមួយៗ គួរតែ​មាន​តម្លៃដូចគ្នា​។​ ខ្ញុំ​ចង់គូសបញ្ជាក់ថា នេះគឺជាកាតព្វកិច្ចរបស់​អ្នក​ដឹកនាំ​គ្រប់រូបនៅលើពិភពលោក នៅក្នុង​ការកសាងសន្តិភាព និងវិបុលភាព ប្រកបដោយបរិយាប័ន្ន សម្រាប់មនុស្សជាតិ​យើងទាំងមូល។ នៅពេលដែល​យើង​បាន​គិតគូរដល់​គុណប្រយោជន៍ជារួមនៃសន្តិភាព ដោយ​គ្មានការរើស​អើង ខ្ញុំ​ជឿជាក់ថា យើងនឹង​អាច​ស្វែងរកចំណុចរួម និងចំណុចចាប់ផ្តើម នៅក្នុងការចូលទៅកាន់តុចរចា ដើម្បីបង្រួម​ការខ្វែងគំនិតគ្នា បន្ធូរបន្ថយភាពតានតឹង និងការដោះស្រាយជម្លោះដោយសន្តិវិធី។​

ដូចដែលខ្ញុំបានគូសបញ្ជាក់ខាងដើម សន្តិភាពគឺងាយនឹងបាត់បង់ ដូច្នេះ ទន្ទឹមគ្នានឹង​ការខិតខំ​កសាងសន្តិភាព យើង​ទាំងអស់គ្នា​ ក៏ចាំបាច់​ត្រូវ​មាន​កាតព្វកិច្ច​ ការពារសន្តិភាពដែល​មាន​ស្រាប់​ផងដែរ ដោយ​ត្រូវ​ដាក់ចិត្តដាក់កាយ​ រំលឹកនឹកដល់​អ្នកជំនាន់មុនដែល​បាន​ឆ្លងកាត់សង្គ្រាមនិង រំលឹកខ្លួនឯងជានិច្ចជាកាល​ ប្រៀបធៀបជាមួយ​នឹង​ប្រជាជន និងប្រទេសនានា ដែល​ពុំ​ទាន់បាន​ស្គាល់អ្វីដែល​ហៅថា ​សន្តិភាពនោះ​។

ជាចុងក្រោយ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ និងសូមបួងសួងឱ្យ​ពិភពលោក​ទាំងមូល មានសន្តិភាព កាន់តែទូលំទូលាយ សម្រាប់កូនចៅជំនាន់ក្រោយរាប់ជំនាន់តទៅ​មុខ​។

សូមអរគុណ!

អត្ថបទទាក់ទង