(វីដេអូ) សម្រង់ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ពិធីបើកសន្និសីទលើកទី១ ក្រោមប្រធានបទ “អនាគតកម្ពុជា ដោយគ្មាន អំពើប្រល័យ ពូជសាសន៍”
លោកជំទាវ Alice Wairimu Nderitu, អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេស
របស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍;
លោកជំទាវ Dr. Beth Van Schaack, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទទួលបន្ទុកយុត្តិធម៌ឧក្រិដ្ឋកម្មសកល;
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំពិតជាមានសេចក្តីសោមនស្សជាអនេក ដោយបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទស្តីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការការពារ និង ការឆ្លើយតប តាមរយៈការអប់រំ និង ការថែទាំសុខភាព” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរ´ភូមិន្ទ និង មជ្ឈមណ្ឌលឯកសារកម្ពុជា។ ជាបឋម ខ្ញុំសូមអរគុណចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លានេះ ដើម្បីលើកកម្ពស់ការអប់រំអំពីអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ ដែលជាអតីតបន្ទប់សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ វត្តមានរបស់យើងនៅថ្ងៃនេះ គឺជាការបង្ហាញពីការទទួលស្គាល់នូវការរួមចំណែកដ៏សំខាន់របស់ អ.វ.ត.ក. ដែលបានផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និង អ្នករស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍។ សាលាក្តីកូនកាត់មួយនេះ បានឆ្លុះបញ្ចាំងពីភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការ-ប្រឈមមុខនឹងអតីតកាលដ៏សែនលំបាក ដោយមានការគាំទ្រពីប្រទេសជាមិត្ត ក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ។ យើងខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះការគាំទ្រ, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ, ពីដៃគូនានា ដើម្បីភាពជោគជ័យរបស់ អ.វ.ត.ក. ។
នេះមិនមែនជារឿងចៃដន្យទេ ដែលព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងក្នុងទិវាជាតិ នៃការចងចាំ នាថ្ងៃទី ២០ ខែ ឧសភា ព្រោះនេះជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូលរំលឹកឡើងវិញអំពីអំពើប្រល័យជាតិសាសន៍ឯង ដែលធ្វើឡើងដោយរបបខ្មែរក្រហម ។ ខ្ញុំសូមបួងសួងរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះកម្ពុជាទាំងអស់ ព្រមទាំងវិញ្ញាណក្ខន្ធវីរជនខ្មែរ និង យោធិនស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ដើម្បីរំដោះប្រទេស និង ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង ។
ការរំលឹកឡើងវិញអំពី អំពើប្រល័យពូជសាសន៍ គឺជាចំណោទដ៏ឈឺចាប់មួយសម្រាប់កម្ពុជា ។ យ៉ាងណាក៏ដោយ ការឈឺចាប់នេះ បានដាក់បន្ទុកឱ្យយើងមានការទទួលខុសត្រូវក្នុងការការពារសង្គម និង មនុស្សជំនាន់ក្រោយ ពីអំពើប្រល័យពូជសាសន៍ ដើម្បីកុំឱ្យសង្គមប្រឈមនឹងការឈឺចាប់ ដែលមិនអាចពិពណ៌នាបាននេះ សាជាថ្មីម្តងទៀត ។ នេះ ក៏ជាកាតព្វកិច្ចរបស់យើងទាំងអស់ដែរ ក្នុងការធានាថា អំពើឃោរឃៅអមនុស្សធម៌បែបនេះ នឹងមិនកើតឡើងម្តងទៀត នៅក្នុងប្រទេសដទៃ ។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែកការពិចារណាខ្លះ អំពីគោលការណ៍ និង វិធីសាស្រ្តរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើង ដើម្បីកសាងអនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍ ។
ទីមួយ អំពីភាពចាំបាច់ដែលកម្ពុជាក្នុងនាមជាប្រជាជាតិមួយ ត្រូវមានការឯកភាពគ្នាលើប្រវត្តិសាស្ត្រ។ អនាគតរបស់ប្រទេសមួយ គឺពឹងផ្អែកទៅលើឆន្ទៈរបស់ប្រទេសនោះ ក្នុងការប្រឈមមុខជាមួយនឹងអតីតកាល។ ប៉ុន្តែ ដើម្បីធ្វើបែបនេះបានលុះត្រាតែប្រជាជាតិនោះ មានការឯកភាពលើការបកស្រាយអំពីអតីតកាល និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ដែលទាក់ទងនឹងសង្គ្រាម និង សន្តិភាពរបស់ប្រទេស។ សម្រាប់កម្ពុជាប្រវត្តិសាស្ត្រទាក់ទងនឹងថ្ងៃរំដោះ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ និងការសម្រេចបាននូវសន្តិភាពពេញលេញទាំងសុ្រង តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» នាថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ត្រូវតែមានការបកស្រាយតែមួយ និង មានភាពរឹងមាំ ដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗ ដើម្បីកេងចំណេញនយោបាយ ដោយបំពាន លើយុត្តិធម៌របស់ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ ក៏ដូចជា លើកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិ ។
ដើម្បីរៀបរាប់ឡើងវិញ អំពីប្រវត្តិនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជាយើងត្រូវតែទទួល ស្គាល់នូវអំពើឃោរឃៅដែលរបបខ្មែរក្រហមបានប្រព្រឹត្ត ។ យើងពិតជាមិនអាចមានទឡ្ហីករណ៍ ណាមួយ ដើម្បីការពារពួកគេ ពីឧក្រិដ្ឋកម្មដ៏ឃោរឃៅប្រឆាំងនឹងមនុស្សជាតិបែបនេះបានឡើយ។ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃរំដោះ ឬ “ថ្ងៃកំណើតទីពីរ” របស់អ្នករស់រានមានជីវិតនៅកម្ពុជារាប់លាននាក់ ហើយជាមួយនឹងវិសាលភាពនៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបែបនេះ យើងពិតជាមិនអាចអធិប្បាយអំពី «ថ្ងៃ ៧ មករា» ផ្សេងពីនេះបានឡើយ ។ ដូចគ្នាដែរ ដើម្បីនិយាយអំពីដំណើរការសន្តិភាពរបស់កម្ពុជា យើងត្រូវមានការយល់រួមគ្នា និង ការកំណត់ឱ្យបានច្បាស់លាស់ រវាងសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង សមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» ។
ជាការពិត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងពីរនេះ បានជួយពង្រឹងគ្នាទៅវិញទៅមក; ប៉ុន្តែរបត់ប្រវត្តិសាស្ត្រសំខាន់បំផុតនៃសន្តិភាពរបស់កម្ពុជា គឺកើតចេញពីលទ្ធផលដ៏ត្រចះត្រចង់នៃ «នយោបាយឈ្នះ-ឈ្នះ» នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយនិងរចនាសម្ព័ន្ធកម្លាំងប្រដាប់អាវុធរបស់ខ្មែរក្រហមត្រូវបានរំលាយទាំងស្រុង ហើយកម្លាំងទាំងអស់របស់ខ្មែរក្រហម ត្រូវបានធ្វើសមាហរណកម្មក្នុងសង្គមកម្ពុជា។ នេះគឺជាសច្ចភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានបិទបញ្ចប់សង្រ្គាមស៊ីវិល និងការឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបានអូសបន្លាយអស់រយៈកាលបីទសវត្សរ៍។ ទាល់តែក្រោយការអនុវត្តដោយជោគ ជ័យនៃ «នយោបាយឈ្នះ-ឈ្នះ» ទើបកម្ពុជាចាប់ផ្តើមទទួលបាននូវសន្តិភាពពេញលេញ និង យូរអង្វែង រួមទាំងការឯកភាពជាតិ និង ការឯកភាពក្នុងជួរកងទ័ព ព្រមទាំងទទួលបាននូវការគ្រប់គ្រងពេញលេញ លើបូរណភាពទឹកដីរបស់ខ្លួន នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និង ក្រោមម្លប់ព្រះមហាក្សត្រតែមួយអង្គ។ នេះគឺជាអច្ឆរិយហេតុសង្គមដ៏វិសេសវិសាលមួយ ដែលកម្ពុជាពុំធ្លាប់ជួបប្រទះ ក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្ររបស់ខ្លួន ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
រៀនពីប្រវត្ដិសាស្ដ្រដើម្បីចៀសវាងការចូលដានប្រវត្ដិសាស្ដ្រដែលនាំកើតសង្រ្គាមអន្ដរាយដល់ប្រទេសជាតិ
កិច្ចការនេះសំខាន់។ នៅពេលនេះ យើងអាចមានសាក្សីដែលនៅរស់ មានអ្នកមីង លោកអ៊ំ ពូ ដែលជាអ្នកដែលរងគ្រោះផ្ទាល់នៅទីនេះ។ អ្នកដែលកើតមុន និងឆ្លងកាត់សង្គ្រាម ជាសាក្សីផ្ទាល់ដែលអាចដឹងផ្ទាល់ពីតថភាព និងការវិវត្ដនៃសង្គមរបស់យើង។ ប៉ុន្ដែក្នុង ២០ ឬ៣០ ឆ្នាំទៅមុខទៀត (យើងនឹង)មិនមាន(អ្នកទាំងនេះ)ទេ គឺមានតែការរៀនសូត្រពីឯកសារ។ ដូច្នេះ ចាំបាច់ត្រូវឲ្យមានការឯកភាពគ្នាលើឯកសារ និងការបកស្រាយឲ្យបានច្បាស់លាស់ ដើម្បីខ្មែរយើងបានយល់ច្បាស់ ចាំច្បាស់ និងគ្មានភាពស្រពិចស្រពិលពីប្រវត្ដិសាស្ដ្រដ៏ជូរចត់មួយនេះ។ ប្រសិនបើមិនមានការឯកភាពក្នុងជាតិ ហើយគ្រាន់តែប្រវត្ដិសាស្ដ្រនេះ យើងមានការច្រលូកច្រលំ ក្មេងជំនាន់ក្រោយអាចនឹងមិនដឹងច្បាស់។ ការចាំប្រវត្ដិសាស្ដ្រពិតប្រាកដ មិនមែនចាំនូវអំពើអាក្រក់និងភាពខ្មៅងងឹតនៃប្រវត្ដិសាស្ដ្រ(តែម្យ៉ាង)នោះទេ ប៉ុន្ដែយើងត្រូវចាំនិងដឹងពីអ្វីដែលត្រូវចៀសវាងដើម្បី(កុំ)នាំប្រទេសរបស់យើង(អោយ)ធ្លាក់ចូលក្នុងសង្គ្រាម។ កង់ប្រវត្ដិសាស្ដ្រវាវិវដ្ដមកដល់អ្វីដែលកើតមានបច្ចុប្បន្ន មកដល់បញ្ហានៃជំលោះនយោបាយភូមិសាស្ដ្រ ដែលក៏ធ្លាប់កើតមាននៅទសវត្សរ៍ទ៧០ ដែលកម្ពុជាពេលនោះត្រូវ(ធ្លាក់)ចូលក្នុងកង់នេះ ហើយ(ក៏)ជាប់តែម្ដង។ អញ្ចឹង ការចាំឲ្យបានច្បាស់អំពីប្រវត្ដិសាស្ដ្ររបស់យើង (គឺការប្រុងប្រយ័ត្ន)ចៀសវាង(ការធ្លាក់ចូលក្នុងដានប្រវត្ដិសាស្ដ្រសង្គ្រាម)។
[បញ្ចប់សេចក្ដីអធិប្បាយ]
ទីពីរ ការស្វែងរកយុត្តិធម៌ដែលមានការទទួលស្គាល់ជាអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួមនៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ។ ខ្ញុំយល់ថា នេះ គឺជាមូលហេតុដ៏ចម្បងបំផុត ដែលបានធ្វើឱ្យ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា, គាំទ្រការបង្កើត អ.វ.ត.ក ដោយច្បាប់របស់កម្ពុជា កាលពីឆ្នាំ ២០០១ ។ ជាការពិត តុលាការនៃអតីតសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានកាត់ទោសមេដឹកនាំរបបនេះរួចហើយ កាលពីឆ្នាំ ១៩៧៩ ។ យ៉ាងណាក្តី, ថ្នាក់ដឹកនាំ និង សង្គមកម្ពុជា បានទទួលស្គាល់ថា សាលក្រមរបស់ អ.វ.ត.ក. នឹងចូលរួមជួយពង្រឹងមូលដ្ឋាននៃការពិត និង ជួយផ្តល់យុត្តិធម៌បន្ថែមទៀត សម្រាប់ប្រជាជាតិកម្ពុជា ព្រមទាំងនឹងចូលរួមជួយព្យាបាលស្នាមរបួសរបស់អ្នកនៅរស់រានមានជីវិត និង ជួយពង្រឹង ការកសាងសន្តិភាព និង ការបង្រួបបង្រួមជាតិ ។ តាមរយៈ អ.វ.ត.ក. កម្ពុជាបានបង្ហាញពី ការប្រកាន់ខ្ជាប់នូវគោលការណ៍ «ការទទួលខុសត្រូវដើម្បីការពារ» (Responsibility To Protect) ហើយការណ៍ដែល អ.វ.ត.ក. មានលក្ខណៈជាសាលាក្តីកូនកាត់ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានអនុញ្ញាតឱ្យ អ.វ.ត.ក. នាំយកមេរៀនសំខាន់ៗទាំងនេះ ផ្តល់ទៅសហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកនឹងលែងជួបប្រទះនូវសោកនាដកម្ម ពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង ការបោសសម្អាតជាតិសាសន៍ ទៀតហើយ។
ទីបី ឈរលើមូលដ្ឋាននៃយុត្តិធម៌សង្គមទាំងមូលត្រូវតែបន្តក្រើនរំលឹកជានិច្ច អំពីឫសគល់នៃសោកនាដកម្មពីអតីតកាល ដើម្បីអនុញ្ញាតឱ្យបទពិសោធន៍ដ៏លំបាកបំផុតពីអតីតកាល អាចចូលរួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើង នាអនាគត។ ត្រង់ចំណុចនេះ ខ្ញុំចង់សង្កត់ធ្ងន់លើ ការរួមបញ្ចូលគ្នា នៃកត្តាផ្សំផ្សេងៗដ៏ស្មុគ្រស្មាញ ដែលនាំឱ្យកម្ពុជា ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ និង សង្គ្រាមស៊ីវិល អស់រយៈពេលបីទសវត្សរ៍។ នៅពេលដែលកម្ពុជាបាត់បង់ឯកភាពផ្ទៃក្នុង រវាងក្រុមនយោបាយផ្សេងៗគ្នា និង មិនមានឯកភាពក្នុងជួរកងទ័ពជាតិ កម្ពុជាអាចទទួលរងការជ្រៀតជ្រែកពីបរទេស ហើយទីបំផុតកម្ពុជា អាចបាត់បង់នូវ ភាពជាម្ចាស់ និង ម្ចាស់ការ ក្នុងការគ្រប់គ្រងលើជោគវាសនាជាតិរបស់ខ្លួន។ ភាពឈឺចាប់របស់ប្រជាជនកម្ពុជា ដោយ សារការលូកដៃពីអំណាចបរទេស គួបផ្សំនឹងអយុត្តិធម៌ សង្គមផ្ទៃក្នុងប្រទេស ដែលស្តែងឡើងតាមរយៈ «គម្លាត មាន-ក្រ» បានបង្កឱ្យមានភាពតានតឹង សង្គម និង ការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបប ប៉ុល ពត។
សង្គមរបស់យើងត្រូវតែក្រើនរំលឹកជាដរាបអំពីមេរៀនទាំងនេះ ដើម្បីធានាថា យើងនឹងមិនដើរលើផ្លូវដដែលនោះទេ ហើយលើសពីនេះ យើងត្រូវតែកែសម្រួល ឬ សម្របស្ថានភាពសង្គមរបស់យើង, នៅពេលណាដែលចាំបាច់ ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឫស។ យើងមិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្តងទៀតបានឡើយ តាមរយៈការជំរុញការតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ ការផ្លាស់ប្តូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និង ការរើសអើងពូជសាសន៍ ។ កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និង ជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា។ នេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និង យុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍជាតិ។
ទីបួនយើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ នៅកម្រិតជាតិ យើងបានរៀបចំព្រឹត្តិការណ៍ ជាច្រើន ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាចលនាជាតិ នៅក្នុងការរំលឹកអំពីអំពើប្រល័យពូជសាសន៍។ យើងត្រូវធានាឱ្យបាននូវការការពារថែរក្សានូវទិដ្ឋភាពរូបវន្ត និងអរូបី នៃប្រវត្តិសាស្ត្រ រួមមាន ការរក្សាទីតាំងឧក្រិដ្ឋកម្មនិងភស្តុតាង ក៏ដូចជាការនិទានប្រវត្តិសាស្ត្រដោយផ្ទាល់មាត់។ ទន្ទឹមនឹងការថែរក្សាទីតាំងប្រវត្តិសាស្ត្រ ភស្តុតាង និង បណ្ណសារ ឱ្យបានត្រឹមត្រូវ, យើងក៏ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ជ្រាបពីការពិតដ៏សែនលំបាកទាំងនេះ ទៅកាន់មនុស្សជំនាន់ក្រោយ ដែលអាចមានគម្លាតនៃការយល់ដឹងផ្សេងគ្នា បើប្រៀបធៀបជាមួយនឹងអ្នកដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍។ យើងត្រូវបន្តនិយាយរឿងទាំងនេះ ពីមួយជំនាន់ទៅមួយជំនាន់ទៀត, ទោះបីជាការនិយាយរឿងទាំងនេះ បង្កឱ្យមានការឈឺចាប់ក៏ដោយ។ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះ ទើបអាចរៀបរាប់ពីបទពិសោធន៍របស់ពួកគេបានល្អបំផុត។ ក្រោយពីបញ្ចប់ដំណើរការកាត់ក្តី, អ.វ.ត.ក. ត្រូវបន្តអនុវត្តមុខងារដែលនៅសេសសល់ (Residual Functions) ជាពិសេស ពាក់ព័ន្ធនឹងការអប់រំពីអំពើប្រល័យពូជសាសន៍។ ជាមួយនឹងបទពិសោធន៍ជាក់ស្តែងនៅក្នុងបន្ទប់សវនាការ និង បណ្ណសារយ៉ាងទូលំទូលាយ អ.វ.ត.ក. គឺជាតួអង្គអនុវត្តដ៏ល្អបំផុត ក្នុងការអប់រំអំពីអំពើប្រល័យពូជសាសន៍។ បន្ថែមលើនេះ, អ.វ.ត.ក. ក៏អាចពន្យល់ដល់ពិភពលោក អំពីវិធីសាស្ត្រត្រឹមត្រូវ ដែលប្រជាជនកម្ពុជាអាចប្រឈមមុខដោយផ្ទាល់ និង ផ្សះផ្សាជាមួយនឹងអតីតកាលដ៏សោកសៅនេះ តាមរយៈដំណើរការកាត់ក្តីដោយមិនលម្អៀង និង ភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជនកម្ពុជា។
ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និង ស៊ីវិល ត្រូវតែគាំទ្រការងារអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាថា ការបង្រៀនប្រវត្តិសាស្រ្ត ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និង ឯកជន ចាប់ពី អនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស។ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះទេ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្រ្តខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និង ជំនាន់ផ្សេងគ្នារួមមាន តាមរយៈសិល្បៈ មាតិកាឌីជីថល ឬ គំនូរជីវចល ជាដើម។
យើងចាំបាច់ត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជារបស់កាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ។ សន្និសីទថ្ងៃនេះ គឺជាគំរូដ៏ប្រសើរ នៃកិច្ចសហប្រតិបត្តិការល្អ និង សាមគ្គីភាព រវាងតួអង្គពាក់ព័ន្ធផ្សេងៗ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលបានជួយរាជរដ្ឋាភិបាល ក្នុងការដាក់បញ្ចូលការបង្រៀនអំពីប្រវត្តិសាស្រ្តនៃអំពើប្រល័យពូជសាសន៍ ទៅក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និង ស្ថាប័ន និង សម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងមជ្ឈដ្ឋានជាតិ និង អន្តរជាតិ ដោយប្រើប្រាស់ប្រវត្តិសាស្រ្ត ដើម្បីត្រិះរិះពិចារណា និង បំផុសគំនិត សម្រាប់អនាគតកម្ពុជា។
ទីប្រាំ ចំណុចចុងក្រោយ និង សំខាន់បំផុតនោះ គឺយើងត្រូវតែការពារសន្តិភាពដែលសម្រេចបានមកដោយលំបាកលំបិនបំផុតនេះ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។ កាតព្វកិច្ចនេះ មិនមែនសម្រាប់តែប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ, គឺសម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ។ ជាសត្យានុម័ត សង្គ្រាម គឺជាស្ថានការណ៍ដែលបង្កឱ្យមានការសម្លាប់រង្គាល ប្រឆាំងនឹងជនស៊ីវិល ដោយគ្មានរើសអើង ដោយសារតែការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ។ នៅពេលដែលមានសង្គ្រាមកើតឡើងហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយលទ្ធិប្រជា-ធិបតេយ្យ។ ដូច្នេះ, នេះ គឺជាការទទួលខុសត្រូវរបស់រដ្ឋ និង ប្រជាជនទាំងអស់គ្នា ក្នុងការការពារសន្តិភាព និង ក្នុងការឱ្យតម្លៃដល់សន្តិភាពដែលសម្រេចបានមកជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាននេះ, ដោយមិនត្រូវភាន់ច្រឡំថា សន្តិភាព បានមកដោយឯកឯងនោះទេ។ មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ ត្រូវតែជៀសវាងពីការចូលរួមក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្តូររបបដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិការនៃការទទួលខុសត្រូវ ក្នុងការការពារសន្តិភាព ឱ្យខាងតែបាន។
មួយវិញទៀត តាមរយៈការរៀនសូត្រពីមេរៀនរបស់កម្ពុជា សហគមន៍អន្តរជាតិចាំបាច់ត្រូវដាក់របាំងការពារប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដែលអាចបង្កឱ្យមានការកើតឡើងនៃសង្គ្រាមត្រជាក់សាជាថ្មី; ហើយចុងក្រោយ, រុញច្រានឱ្យមានជម្លោះផ្អែកលើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ ប្រទេសទាំងអស់ គួរតែធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាពដែលមានស្រាប់ និង ស្វែងរកការសន្ទនាដោយសន្តិវិធីដើម្បីបញ្ចប់សង្គ្រាមដែលកំពុងកើតឡើង សំដៅទប់ស្កាត់ឱ្យបាន នូវការបាត់បង់ជីវិតជនស៊ីវិល ក្រោមទម្រង់ណាមួយនៃអំពើប្រល័យពូជសាសន៍។
ឈរលើគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ, កម្ពុជា នឹងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដែលផ្អែកលើច្បាប់ កសាងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា ជាមួយនឹងប្រទេសទាំងអស់ក្នុងពិភពលោក និងជាមួយអង្គការអន្តរជាតិនានា ព្រមទាំងនឹងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់និងលើពិភពលោក។ យើងនឹងបន្តការពារខ្លួនប្រឆាំងនឹងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្ខូចកេរ្តិ៍ឈ្មោះ របស់កម្ពុជា និង ប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិនៃសង្រ្គាមត្រជាក់ថ្មី សាជាថ្មីម្តងទៀត។
ការប្រឈមមុខនឹងអតីតកាល គឺជាអំរែកផ្លូវចិត្តដ៏ធ្ងន់សម្រាប់កម្ពុជា ដោយសារតែអំពើឃោរឃៅយង់ឃ្នងនៃរបបខ្មែរក្រហម និង ការឈឺចាប់ជាច្រើនទសវត្សរ៍របស់ប្រជាជនយើងខ្ញុំ។ យ៉ាងណាក្តី ការប្រឈមមុខនឹងអតីតកាល មិនចាំបាច់ផ្តោតតែលើសោកនាដកម្ម ដែលប្រជាជន កម្ពុជាជួបប្រទះក្នុងសតវត្សរ៍ទី ២០ នោះទេ។ ប្រជាជនកម្ពុជា ត្រូវតែមានក្តីសង្ឃឹម ជាមួយនឹង ការពិតដែលប្រជាជន និង ប្រជាជាតិយើង បានរស់រានប្រកបដោយភាពរឹងមាំ។ យើងគឺជាគំរូសម្រាប់ប្រទេសផ្សេងទៀតជុំវិញពិភពលោក ដែលកំពុងទទួលរងបញ្ហា និង ជោគវាសនាស្រដៀងគ្នានេះ។ កិច្ចការដែលកម្ពុជាបានធ្វើទាក់ទងនឹងការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជោគជ័យដ៏លេចធ្លោមួយ នៅលើឆាកអន្តរជាតិ។ កិច្ចការដែលកម្ពុជាបានធ្វើ អាចយកទៅប្រើប្រាស់ ដើម្បីជាមេរៀនសម្រាប់ការអភិវឌ្ឍរបស់ប្រទេសក្រោយជម្លោះផ្សេងទៀត។ ប្រជាជន កម្ពុជាត្រូវមានមោទនភាពថា ពួកយើង គឺជាអ្នកឈ្នះចុងក្រោយបំផុត ទៅលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយពួកយើងគឺជាគំរូ នៃការខិតខំកសាងអនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍។
ខ្ញុំសូមបញ្ចប់សុន្ទរកថានេះ ដោយការថ្លែងអំណរគុណ ចំពោះអង្គការសហប្រជាជាតិ និង ប្រទេសជាមិត្ត សម្រាប់ការគាំទ្រដល់សាលាក្តីអន្តរជាតិកូនកាត់ ជាមួយនឹងការសន្យាផ្តល់ការគាំទ្រផ្នែកនយោបាយ និង ហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យ អ.វ.ត.ក. បានបញ្ចប់ដំណើរការតុលាការប្រកបដោយភាពជោគជ័យ ជាមួយនឹងការទទួលស្គាល់ជាអន្តរជាតិ ដើម្បីជាប្រយោជន៍នៃការចងចាំប្រវត្តិសាស្ត្រ និង ការអប់រំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាការ-ពង្រឹង និង ការថែរក្សា នូវសុខសន្តិភាព និង ការបង្រួបបង្រួមជាតិ ។ តទៅមុខ ខ្ញុំសូមអំពាវនាវ ឱ្យមានការបន្តគាំទ្រពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្សព្វផ្សាយអប់រំពីអំពើប្រល័យពូជសាសន៍ ជាពិសេស តាមរយៈ ការថែរក្សាការពារ និង ការប្រើប្រាស់ បណ្ណសារជាងពីរលានទំព័រ ដែលប្រមូលបានពីដំណើរការតុលាការរបស់ អ.វ.ត.ក. ដើម្បីអ្នកស្រាវជ្រាវ និង សាធារណជនទូទៅ ក្នុងតំបន់ និង ពិភពលោក អាចយល់កាន់តែច្បាស់អំពីប្រវត្តិនៃអំពើប្រល័យពូជសាសន៍ និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍, ហើយឈានទៅបង្កើតអនាគតពិភពលោកមួយ ដែលគ្មានអំពើប្រល័យពូជសាសន៍។
ខ្ញុំសូមជូនពរដល់អង្គសន្និសីទ ទទួលបានជោគជ័យត្រចះត្រចង់ ជាមួយនឹងការពិភាក្សា ប្រកបដោយភាពសកម្ម និងផ្លែផ្កានិងសូមជូនពរអ្នកចូលរួមទាំងអស់បានប្រកបដោយសុខភាពល្អ វិបុលភាព សុភមង្គល និង ជោគជ័យក្នុងគ្រប់ភារកិច្ច៕