Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, បិទសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1262

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;
ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ តំណាងដៃគូអភិឌ្ឍន៍ និងអង្គសន្និបាត​ទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤» នាពេលនេះ។ អង្គ​សន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាឱកាសនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លុះបញ្ចំាងលទ្ធផលការងារសម្រេចបាន និងកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំបន្ទាប់ បន្ទាប់ពីការជួបជុំពិភាក្សា និងផ្លាស់ប្តូរយោបល់តាមជំនាញ និងបទពិសោធន៍រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធនានាគ្រប់លំដាប់​ថ្នាក់ រយៈពេល ១ ថ្ងៃកន្លះ មកនេះ។

យោងតាមរបាយការណ៍បូកសរុប និងទិសដៅការងាររបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ចំពោះលទ្ធផលធំៗ ដែលក្រសួងសម្រេច​បានក្នុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសហការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។

[ផ្ដើមសេចក្ដីអធិប្បាយ១]

ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះឯកឧត្ដមបណ្ឌិតសាស្រ្តាចារ្យ អ៊ុក រ៉ាប៊ុន អតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដឹកនាំក្រសួងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើន និងដែលត្រូវបន្តដឹកនាំកសាងបន្ថែមដោយឯកឧត្ដម ឆាយ ឫទ្ធិសែន នៅក្នុងអាណត្តិថ្មីនេះ។

[ចប់សេចក្ដីអធិប្បាយ១]

សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចខ្វះបានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រពេលមានគ្រោះមហន្តរាយ ក៏ដូចជាប្រឈមនឹងវិបត្តិសកលនានា ព្រមទាំងកសាងសង្គមជនបទ ឱ្យមានភាពរីកចម្រើន ប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល។

ជាក់ស្តែង នៅតំបន់ជនបទកម្ពុជាបាន និងកំពុងប្រែប្រួល និងផ្លាស់ប្តូរមុខមាត់ថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យ​លើគ្រប់វិស័យ ដោយមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រទាក់ក្រឡា ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច។ ជាក់ស្តែង អត្រាគ្របដណ្តប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ ៨៥% ដែលបញ្ជាក់ពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាជននៅតំបន់ជនបទ រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បាន និងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវ ដែលបន្តកេរដំណែលជាប្រវត្តិសាស្រ្តពីរាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ​បណ្ឌិត​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ នៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលថ្មីក្នុងនីតិកាលទី ៧ នេះ បានប្តេជ្ញាចិត្តប្រកបដោយ ឆន្ទៈមោះមុតឥតងាករេ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តថែរក្សាសុខសន្តិភាព និងអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោកមានការប្រែប្រួល និងមានភាពមិនប្រាកដប្រជាក៏ដោយ។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(១) ពង្រឹងការអភិវឌ្ឍកម្រិតមូលដ្ឋាន/ជនបទ ជាគន្លឹះធានាចីរភាព និងភាពធន់នៃសេដ្ឋកិច្វសង្គម

នៅក្នុងការបន្តដឹកនាំការអភិវឌ្ឍប្រទេស នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះយើងមានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដែលមានគោលដៅជាយុទ្ធសាស្ត្រ៥ គឺ កំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យកាន់តែច្រើន កាត់បន្ថយភាពក្រីក្រ បង្កើនប្រសិទ្ធភាពស្ថាប័ន ធានាចីរភាពនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ដោយចិត្តទុកដាក់ខ្លាំងក្នុងការពង្រឹងការអភិវឌ្ឍកម្រិតមូលដ្ឋានតាមជនបទជាគោល ព្រោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅជនបទជាគន្លឹះសម្រាប់ធានានូវចីរភាព និងភាពធន់នៃការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គម។ យើងអនុវត្តកិច្ចការទាំងអស់នេះ តាមអភិក្រមពង្រឹងមូលដ្ឋានរឹងមាំ ដើម្បីការអភិវឌ្ឍប្រទេសជាតិបានយូរអង្វែង។ យើងមិនអាចហ្នឹង(ខាង)លើ រង្គើ(ខាង)ក្រោមបានទេ។

(២) កាត់បន្ថយគម្លាតនិងធ្វើសមាហរណកម្មរវាងទីក្រុងនិងជនបទកាន់តែមានប្រសិទ្ធភាព

ដូចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់នូវវិធានការគន្លឹះពង្រឹងមូលដ្ឋានលើគ្រប់វិស័យ ដែលវិស័យសំខាន់ៗមានដូចជាអប់រំ សុខាភិបាល និងការរក្សាសណ្ដាប់ធ្នាប់សង្គម សន្តិសុខ នៅភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង ជូនប្រ​ជាពលរដ្ឋ។ ក្នុងន័យនេះ យើងមានគោលដៅកាត់បន្ថយគម្លាតរវាងក្រុងនិងជនបទ ដែលទៅថ្ងៃអនាគតមិនឱ្យមានភាពខុសគ្នាឆ្ងាយ ធ្វើឱ្យសមាហរណកម្មរវាងទីក្រុងនិងជនបទកាន់តែមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសម្រាប់ការអភិវឌ្ឍមូលដ្ឋានដែលក្នុងនោះមានកម្មវិធីនយោបាយសម្រាប់ការកសាងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុងអាណត្តិទី៧នេះ ដោយបញ្ជាក់ច្បាស់ពីការបន្តជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍជនបទដោយការដាក់ចេញនូវគោលដៅសំខាន់ៗ។

(៣) គោលដៅសំខាន់៤ នៃយុទ្ធសាស្ត្រអភិវឌ្ឍជនបទ

អម្បាញ់មិញ នៅក្នុងរបាយការណ៍របស់ឯកឧត្តម ឆាយ ឬទ្ធីសែន ក៏បានបញ្ជាក់គោលដៅសំខាន់ទាំងនោះ មាន ទី១ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍, ទី២ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤ ការអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានភាពរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចសង្គមនិងវប្បធម៍។ ពិតណាស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ បានយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះ។

(៤) ផ្លូវជនបទជាង ៥ម៉ឺនគីឡូម៉ែត្រ សំរួលសកម្មភាពសេដ្ឋកិច្ច ភ្ជាប់ជនបទនិងក្រុង ទទួលសេវាសុខាភិបាល និងអប់រំ

នៅក្នុងរបាយការណ៍ដដែល ឯកឧត្តម ឆាយ ឬទ្ធីសែន ក៏បានលើកសង្ខេបនូវសមិទ្ធផល(នានាដែលសំរេចបាន)នៅក្នុងជ្រុងបួននេះ។ ទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមជនបទ។ យើងបានធ្វើផ្លូវជនបទជាង ៥ម៉ឺនគីឡូ​ម៉ែត្រ ស្មើនឹង ៧៤%នៃផ្លូវសរុបទូទាំងប្រទេស។ យើងមិនទាន់បានកសាងផ្លូវបេតុងនិងកៅស៊ូទាំងអស់ទេ។ នៅមានផ្លូវច្រើននៅជាផ្លូវលំដីក្រហមនៅឡើយ។ ប៉ុន្តែ ការបង្កើតបរិមាណតភ្ជាប់ជាង ៥ម៉ឺនគីឡូនេះ បានសំរួលដល់ប្រជាពលរដ្ឋធ្វើសកម្មភាពសេដ្ឋកិច្ចហើយ។ ប្រជាពលរដ្ឋអាចដឹកកសិផល ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅទទួលសេវាសុខាភិបាល ការរៀនសូត្រ។ ភ្ជាប់ពីតំបន់ដាច់ស្រយាលទៅជាមួយក្រុង បង្កៀកនៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការធ្វើផ្លូវជាង ៥ម៉ឺនគីឡូម៉ែត្រនេះមិនតិចទេ … ធ្វើផ្លូវជាកង់ៗ ដោះស្រាយតាមតំ​បន់ ហើយទៅមុខទៀត ពេលដែលលទ្ធភាពយើងជាក់ស្ដែងយើងនឹងបន្តការគ្របដណ្ដប់។

(៥) បង្កើនសមិទ្ធផលនៅតំបន់អតីតសមរភូមិដែលបានដោះមីន បង្កើតជាភូមិ និងត្រូវការហេដ្ឋារចនាសម្ព័ន្ធ

ពីមុនអត់មានអី ជាភ្លឺស្រែ ឥឡូវក្លាយជាផ្លូវដីក្រហម។ ថ្ងៃក្រោយមានលទ្ធភាព ប្រែពីដីក្រហមទៅជាផ្លូវកៅស៊ូ ឬមួយជាផ្លូវបេតុង។ កន្លែងខ្លះនៅជនបទមែន តែមិនសុំផ្លូវកៅស៊ូទេ។ គាត់សុំផ្លូវបេតុងតែម្ដង ដោយសារវាធន់ បានយូរ វាធានា … កន្លងទៅ ក្រៅពីធនធានថវិកាជាតិ ក៏មានការកៀរគរការចូលរួមពីក្រុមការងារ ដៃគូផ្សេងៗ។ យើងនឹងខិតខំបន្តទៀតទៅលើកិច្ចការនេះ។ យើងត្រូវធ្វើឱ្យបានកាន់តែច្រើននូវសំណង់សិល្បៈការគ្រប់ប្រភេទមានប្រព័ន្ធលូ មានស្ពានដែលអមទៅជាមួយ។ យើងនឹងបន្តធ្វើឱ្យកាន់តែច្រើនថែមទៀត សមិទ្ធផលដែលយើងបានធ្វើច្រើនអាណត្តិមក រួមទាំងក្នុង៦ខែដើមអាណត្តិនេះ ព្រោះតម្រូវការរបស់យើងច្រើន ពិសេសនៅតំបន់ថ្មីតំបន់ដែលធ្លាប់ជាអតីតសមរភូមិ ដែលយើងបានដោះមីន បង្កើតជាភូមិ និងត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធ។

(៦) ការកែលម្អលក្ខខណ្ឌរស់នៅសហគមន៍ជនបទ ផ្ដោតលើវិសាលភាពគ្របដណ្ដប់នៃទឹកស្អាតនិងអនាម័យ

ទី២ ការកែលម្អលក្ខខណ្ឌនៃការរស់នៅសហគមន៍ជនបទ ផ្ដោតខ្លាំងទៅលើការពង្រីកវិសាលភាពគ្របដណ្ដប់ទឹកស្អាត និងអនាម័យល្អ ដែលយើងធ្វើបង្គន់អនាម័យអីផ្សេងៗ។ យោងតាមរបាយការណ៍ យើងបានធ្វើអណ្ដូងស្នប់ជាង ៦៣ម៉ឺន ជិត ៦៤ម៉ឺនអណ្ដូង ជូនប្រជាពលរដ្ឋ។ ស្រះទឹកសហគមន៍មានជាង ១ម៉ឺន។ ស្ថានីយផលិតទឹកផឹកសម្រាប់សហគមន៍មាន ១៤០(ស្ថានីយ)។ ប្រព័ន្ធចែកចាយបណ្ដាញបំពង់ខ្នាតតូចសហគមន៍មាន ៤០៧ ប្រ​ព័ន្ធ។ យើងមានអាងទឹកភ្លៀងដើម្បីជួយប្រជាពលរដ្ឋ។ យើងមិនទាន់អាចបង្កើតម៉ាស៊ីនផលិតទឹកស្អាតទាំងអស់ទេ ប៉ុន្តែការប្រើប្រាស់ទឹកពីអណ្ដូងបុក និងការជីកស្រះនេះ ជួយបានមួយផ្នែកឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់។ យើងនឹងជំរុញបន្តតទៀត។ ឥឡូវ(យើងធានា)គ្របដណ្ដប់បាន ៨៥% នៃផ្ទៃប្រទេស។ យើងនឹងខិតខំធ្វើយ៉ាងណាឲ្យបានសម្រេច ១០០% ដែលផែនការមានទិសដៅថានៅឆ្នាំ ២០៣០ ត្រូវធ្វើឲ្យគ្រប់ភូមិគ្រប់កន្លែងទាំងអស់មានទឹកស្អាតប្រើប្រាស់ ទោះជាមិនទាន់មានម៉ាស៊ីនចម្រោះទឹកនៅទីនោះ ក៏ហោចណាស់បុកអណ្ដូង ជីក​ស្រះដើម្បីទទួលស្តុកទឹកភ្លៀង។ យើងនឹងឈានទៅដល់(សម្រេចគោលដៅ)។

(៧) គំរោង “បុរីជនបទ” សំដៅរៀបចំភូមិឃុំរស់នៅអោយបានសមរម្យទាំងជីវភាពទាំងកិត្តិយស

សួរទៅឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក៏មានផែនការមួយ ហៅថាបុរីជនបទ។ ធ្លាប់តែលឺ បុរី ១០០ខ្នង ធ្លាប់តែលឺ បុរីទន្លេបាសាក់។ ឥឡូវ បន្តិចទៀតនឹងមាន បុរីជនបទ ដែលជាការ​សហការគ្នារវាងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងអភិវឌ្ឍន៍ជនបទ។ (គំរោង)បុរីជនបទ សំដៅរៀបចំភូមិ/ឃុំរបស់ប្រជាពលរដ្ឋឲ្យបានរស់នៅសមរម្យ ទាំងជីវភាពទាំងកិត្តិយស ស្របទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។ (យើងនឹងបន្ត)ការកសាងផ្លូវ ផ្តល់ទឹកស្អាត និងថ្ងៃក្រោយរៀបចំជាភូមិ ជាសាលារៀន ជាមន្ទីរពេទ្យ។ នេះគឺជាគោលការណ៍ ដែលត្រូវបន្តធ្វើ។ យើងរៀបបានខ្លះហើយ ប៉ុន្តែយើងនៅបន្តធ្វើថែមទៀត។ ទាំងអស់នេះជាអ្វីដែលបានធ្វើជូនប្រជាពលរដ្ឋ។

(៨) នាយករដ្ឋមន្ត្រីធ្វើ/ដាក់គោលនយោបាយដើម្បីកើតជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋ

ម្សិលមិញ ខ្ញុំទៅបិទសន្និបាតសុខាភិបាល។ នៅក្នុងនោះខ្ញុំបានយកឃ្លីបមួយដែលខ្ញុំបាននិយាយអំពីសមិទ្ធផលសុខាភិបាល ព្រមទាំងគោលនយោបាយដែលត្រូវដាក់ចេញទៅទៀត ពីការអភិវឌ្ឍ កសាង និងពង្រឹងមណ្ឌលសុខភាព រួមទាំងការកសាងពីថ្នាក់ជាតិចុះទៅពេទ្យតំបន់។ សមិទ្ធផលផ្សេងៗដែលយើងបានទទួលបាន … យើងទើបនឹងសម្ពោធពេទ្យថ្មីៗ បន្ថែម បូកជាមួយផែនការធ្វើតទៅទៀត។ មានប្អូនស្រីម្នាក់ចូលមក (comment)ថាមួយថ្ងៃៗ ឃើញនាយករដ្ឋមន្រ្តីដើរដាក់គោលនយោបាយ អត់មានធ្វើអីសម្រាប់ប្រជាជនសោះ។ (សួរថា) “រួចចុះធ្វើពេទ្យហ្នឹង សម្រាប់អ្នកណា?” ខ្ញុំមិនធ្វើគោលនយោបាយធ្វើយានអវកាសទៅឋានព្រះចន្ទទេ គឺធ្វើ/ដាក់គោលនយោបាយជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋ។ នៅក្នុង(កិច្ចប្រជុំបូកសរុបការងារ)សុខាភិបាល (ខ្ញុំបានលើកឡើងពីការ)ធ្វើមណ្ឌលសុខភាព រៀបចំផែនការ ដាក់គោលការណ៍រើសពេទ្យបន្ថែម បំពេញបរិមាណនិងគុណភាពថ្នាំ រៀបចំបង្កើនសមត្ថភាពពេទ្យថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ។

(៩) ក្រសួង/ស្ថាប័ន ខិតខំអនុវត្តគោលនយោបាយបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ១៧លាននាក់

ថ្ងៃនេះ បើមើល(អោយដិតដល់)ទៅ ធ្វើទាំងបង្គន់ជូនប្រជាពលរដ្ឋទៀត។ អញ្ចឹង រដ្ឋាភិបាលបូកសរុបនិងដាក់ទិសដៅធ្វើនេះទេ ធ្វើដើម្បីអ្នកណា? ធ្វើដើម្បីប្រជាពលរដ្ឋ។ សូម្បីតែរបាយការណ៍ថាបានធ្វើបង្គន់ជាង ២លានកន្លះ តាមផ្ទះជូនគ្រួសារនីមួយៗ រួមទាំងបង្គន់សាធារណៈជាង ១ម៉ឺនខ្នងទៀត គឺដើម្បីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាត់មិនមែនមានតម្រូវការតែមួយទេ។ យើងមានប្រជាជន ១៧លាននាក់។ គាត់ត្រូវការការអប់រំ ត្រូវការសុខាភិបាល ត្រូវការអនាម័យ ត្រូវការទឹកស្អាត។ នេះក៏សូមជូន(ជាការបំភ្លឺត្រលប់)ទៅវិញ អ្វីដែលយើងបានដាក់គោលការណ៍(កន្លងមកនេះ)។ ក្រសួង-ស្ថាប័នរដ្ឋនីមួយៗ បានធ្វើដើម្បីចេញជាលទ្ធផល ផលប្រយោជន៍ជូនប្រជាពល​រដ្ឋ ជាពិសេសនៅមូលដ្ឋាននេះឯង។

(១០) ចូលរួមបូកសរុបប្រចាំឆ្នាំតាមក្រសួង ដើម្បីអរគុណមន្ត្រី អបអរសមិទ្ធផលកន្លងមក និង ៦ខែថ្មី

ដែលនាយករដ្ឋមន្រ្តីចូលរួមក្នុងការបូកសរុបប្រចាំឆ្នាំនេះ គឺដើម្បីអបអរសាទរ(សមិទ្ធផលដែលសំរេចបាន)។ ឆ្នាំនេះ ខ្ញុំចូលរួមជាមួយច្រើនក្រសួង ដោយសារជាឆ្នាំទី១ ដែលត្រូវបង្ហាញមុខជួបគ្នាបន្តិច។ ចាប់ពីឆ្នាំក្រោយ ឆ្នាំទី២ ឆ្នាំទី៣ទៅ ខ្ញុំនឹងចែកគ្នាចុះតាមក្រសួង។ ឧបនាយករដ្ឋមន្រ្តី ឯកឧត្ដម សាយ សំអាល់ ចុះទៅក្រសួងពាក់ព័ន្ធមួយចំនួនទៅ ឯកឧត្ដម វង្សី វិស្សុត ចុះតាមក្រសួងមួយចំនួនទៀតទៅ។ និយាយរួម បញ្ជូនសារតាមក្បាលមេក្រូ ដើម្បីឲ្យឯកឧត្ដមឧបនាយករដ្ឋមន្រ្តីទាំងអស់ត្រៀមខ្លួន។ ថ្ងៃនេះខ្ញុំម្នាក់ឯង តែថ្ងៃក្រោយ(វេនឯកឧត្ដមៗម្ដង)។ ថ្ងៃនេះជាការជួបលើកទី១ ដើម្បីទី១ ថ្លែងអំណរគុណចំពោះមន្រ្តីរបស់យើងដែលបានខិតខំក្នុងការបំពេញភារកិច្ចច្រើនអាណត្តិមកនេះ និងទី២ អបអរសាទរសមិទ្ធផល ៦ខែ ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីថ្មី បន្តនូវអ្វីដែលបានធ្វើពីមុនមក ថ្លែងអំណរគុណទៅដល់ឯកឧត្ដមអតីតរដ្ឋមន្រ្តី​ដែលបានដឹកនាំកសាង ជាពិសេសដាក់ទិសដៅផ្ទាល់តែម្ដងនៅដើមអាណត្តិ ដែលជាទិសដៅសម្រាប់យើងធ្វើទៅថ្ងៃក្រោយ។ ការដែលចុះជួប និងដាក់ចេញជាគោលនយោបាយ គឺជាព្រឹត្តិការណ៍ធម្មតា។ យើងធ្វើការមានលំដាប់លំដោយ។ ដើម្បីឲ្យកើតចេញជាសកម្មភាពអីមួយត្រូវដាក់កំណត់ទិសដៅនយោបាយសិនថាតើរាជរដ្ឋាភិបាលសម្រេចគោលនយោបាយនិងអាទិភាពទៅលើអី? បន្ទាប់មក ក្រសួង-ស្ថាប័នយកទោសដៅទាំងហ្នឹងទៅច្នៃជាផែនការសកម្មភាព ហើយចាត់តាំងអនុវត្ត មានការធានាអីផ្សេងៗ ទើបចេញជារូបភាព។ កិច្ចការទាំងអស់នេះ គឺជាអ្វីដែលយើងត្រូវធ្វើ និងមានសូចនាករនឹងតាមដាន។

(១១) ជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបន្តការងារជាទិសដៅអាទិភាព ៤

ក្នុងការងារថ្ងៃនេះ ក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញទិសដៅ ៤នេះ គឺទី១ បន្តកសាង អភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គមនាគមន៍ជនបទទាំងបរិមាណនិងគុណភាព។ កន្លែងណាដែលអត់មានតភ្ជាប់ យើងតភ្ជាប់ កន្លែងណាដែលមានផ្លូវហើយខូច យើងជួសជុល កន្លែងណាដែលមានលទ្ធភាព យើងពង្រីកនិងពង្រឹងវា តាមរយៈការធ្វើជាកៅស៊ូ DBST ឬមួយជាបេតុង តាមលទ្ធភាពដែលយើងអាចធ្វើទៅបាន។ ទី២ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជន ដោយផ្ដោតទៅលើទឹកស្អាត បង្គន់អនាម័យ ដើម្បីសុខភាពប្រជាពលរដ្ឋ។ ថ្ងៃក្រោយយើងបន្ថែមអីផ្សេងទៀតទៅតាមលទ្ធភាព។ (ទី៣) ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅតំបន់ជនបទ។ មកដល់ម៉ោងនេះ យើងបានផ្ដល់ឥណទានសាច់ប្រាក់ជាង ២ពាន់លាន ទៅដល់ជាង ៨០០គ្រួសារនៅក្នុង ៩ខេត្តជួយសម្រួលសេដ្ឋកិច្ចជីវភាពគ្រួសារ។ វាមិនច្រើនទេ តែយើងបានធ្វើ ហើយថ្ងៃក្រោយយើងមានគម្រោងនឹងបង្កើនថែមទៀត។ បង្កើតសហគមន៍សន្សំប្រាក់បានជាង ២ ៤០០ ជិត ២ ៥០០ ក្រុម សរុបជាង ២០ម៉ឺនគ្រួសារ ដើម្បីធ្វើការសន្សំ និងបំពេញផ្សេងៗ បណ្ដុះបណ្ដាលបំនិនជីវិត សហគ្រិនភាព និងជំនាញមូលដ្ឋានដើម្បីបង្កើតមុខរបរជួយគ្រួសារ និងអភិវឌ្ឍភូមិគម្រូជាច្រើន។ (ទី៤) ចុះបញ្ជីបងប្អូនសហគមន៍ជនជាតិដើមភាគតិចជាង ១៧៧ សហគមន៍ ដើម្បីយើងងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ និងជួយសម្រួល និងតាមតម្រូវការ។​ កិច្ចការជាអាទិភាព៤ នេះ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តធ្វើតទៅមុខ។

[ចប់សេចក្ដីអធិប្បាយ២]

នាពេលកន្លងមក បន្ទាប់ពីការប្រយុទ្ធនឹងជំងឺ​កូវីដ-១៩ ដោយជោគជ័យ​ រាជរដ្ឋាភិបាល​បានដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺការផ្ដល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តាមរយៈ (១) ការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង(២) ការពង្រីករបបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង ៣ លាននាក់។ កម្មវិធីទាំងនេះ នឹងចូលរួមចំណែក​យ៉ាងធំធេង​ដល់ការធ្វើឱ្យប្រសើរឡើងនូវ​វិស័យ​សុខាភិបាល​នៅទីជនបទ និងផ្តល់ឱ្យបងប្អូនប្រជាពលរដ្ឋ​នៅទូទំាង​ប្រទេស ទទួលបានការថែទំាសុខភាពយ៉ាងពេញលេញ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការថែរក្សាលំនឹងជីវភាពប្រជាជន រក្សាសុខសន្តិភាព ស្ថិរភាពសង្គម-សេដ្ឋកិច្ច ពង្រឹងតួនាទីរបស់កម្ពុជា ក្នុងកិច្ចការតំបន់ និងអន្តរជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់។

​​ដើម្បីជំរុញការអភិវឌ្ឍជនបទប្រកបដោយបរិយាប័ន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ខ្ញុំសូមផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួន ដូចខាងក្រោម៖

ទី១. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំគោលនយោបាយស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ និងគោលនយោបាយស្តីពីផ្លូវជនបទឱ្យបានឆាប់បំផុត សម្រាប់ប្រើប្រាស់ជាឯកសារគតិយុត្តលើការងារជំរុញ និងលើកកម្ពស់វិស័យអភិវឌ្ឍន៍ជនបទ។

ទី២. ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទ តាមរយៈការខិតខំសិក្សាស្រាវជ្រាវ និងអភិវឌ្ឍការងារស្ថាបនា ជួសជុល លើកកម្រិត និងកែលម្អផ្លូវជនបទ តាមរយៈបច្ចេកវិទ្យាថ្មីៗ ជាពិសេសត្រូវយកចិត្តទុកដាក់លើការស្ថាបនា លើកកម្រិត និងកែលម្អផ្លូវជនបទធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដើម្បីធានាគុណភាពនៃការប្រើប្រាស់ឱ្យបានយូរអង្វែង។

ទី៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើថវិកាសម្រាប់ការថែទាំ និងជួសជុលផ្លូវជនបទឱ្យកាន់តែមានគុណភាពខ្ពស់ និងធានាបានការប្រើប្រាស់គ្រប់រដូវកាល ជាពិសេសផ្លូវជនបទដែលបានក្រាលកៅស៊ូពីរជាន់រួច ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល គឺពង្រឹងគុណភាព ៧០% និងពង្រីកការតភ្ជាប់ ៣០%។

ទី៤. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ រាជធានីខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធ លើការងារ ៖ ១) រៀបចំផែនទីផ្លូវ ធ្វើបញ្ជី-សារពើភ័ណ្ឌ និងដាក់លេខផ្លូវឱ្យបានត្រឹមត្រូវផ្អែកតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និង២) រៀបចំធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងគោលដៅការពារផ្លូវថ្នល់ សម្រាប់សាធារណជនប្រើប្រាស់បានយូរអង្វែង និងវិសោធនកម្មអនុក្រឹត្យលេខ ១៩៧ ស្តីពីការគ្រប់គ្រងដីចំណីផ្លូវតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើងដោយបញ្ចូលបន្ថែមនូវដីចំណីផ្លូវតាមបណ្តាយផ្លូវខេត្ត និងផ្លូវជនបទ ក្នុងគោលដៅរក្សាដីចំណីផ្លូវគ្រប់ប្រភេទសម្រាប់ការអភិវឌ្ឍ និងបម្រើផលប្រយោជន៍​ជូនប្រជាពលរដ្ឋគ្រប់រូបនៅពេលអនាគត។

ទី៥. ក្រសួង–ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមទប់ស្កាត់​ឱ្យបាននូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ប្រភេទលើផ្លូវជនបទ និងត្រូវសហការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជនបទ ឱ្យបញ្ឈប់ការលុបប្រឡាយដោះទឹកនៅសង​ខាងផ្លូវ ដែលធ្វើឱ្យប៉ះពាល់គុណភាពផ្លូវ។

ទី៦. ខ្ញុំលើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើឱ្យរាំងស្ទះ ឬយឺតយ៉ាវដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។

ទី៧. ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវបន្តលើកកម្ពស់ និងកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជន នៅតាមជនបទ តាមរយៈការពង្រឹងការអនុវត្តយន្តការដែលមានស្រាប់ ដើម្បីឈានទៅសម្រេច​ឱ្យបានតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ដែលបានកំណត់ថានៅឆ្នាំ ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ១០០% នៅទូទាំងប្រទេស។

ទី៨. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តជំរុញ និងពង្រីកសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជន​បទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ ដោយជំរុញការបង្កើតមុខរបរ សហគ្រិនភាព និង​​សកម្មភាពសេដ្ឋកិច្ចនានា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់បង្កើតការងារ និងបង្កើនប្រាក់ចំណូល តាមរយៈការអភិវឌ្ឍភូមិគំរូ ព្រមទាំងការអភិវឌ្ឍ និងការអភិរក្សសហគមន៍ជនជាតិដើមភាគតិច។

ទី៩. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១ ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៧៨ អនប្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើបច្ចុប្បន្នភាពមុខងារ និងភារកិច្ចរបស់ក្រសួង ឱ្យឆ្លើយតបទៅនឹងការងារប្រចាំថ្ងៃ ស្របតាមការ​វិវត្តរបស់សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ បន្តបង្កើន និងពង្រឹងការអភិវឌ្ឍ​សមត្ថភាពមន្រ្តីរាជការនៅគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអភិវឌ្ឍស្ថាប័នឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយយកចិត្តទុកដាក់លើការលើកទឹកចិត្ត និងចាត់តាំងមន្រ្តីឱ្យស្របតាមគុណាធិបតេយ្យ សំដៅបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ទី១០. ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាភាគីពាក់ព័ន្ធ ដូចជា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស វិស័យ​ឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធាន ទាំងហិរញ្ញវត្ថុ និងបច្ចេក​ទេសសម្រាប់រួមចំណែកគាំទ្រវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

ទី១១. ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវសិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មាន ស្ថិតិ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលរាប។

ទី១២. ខ្ញុំសូមណែនាំឱ្យ ក្រសួង​អភិវឌ្ឍន៍ជនបទ លើកទិសដៅផែនការយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទ ដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជារាស្រ្តជនបទទូទៅ ដោយរួមបញ្ចូលទាំងជនជាតិភាគតិច ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរ​ឡើង កាត់បន្ថយជាបណ្ដើរ​ៗនូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកជនបទ និងអ្នកទីក្រុង។

ទី១៣. ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទ ឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន គឺធានាការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកប​ដោយចីរភាព និង​ធានាសុខុមាលភាពនៃការរស់នៅរបស់ប្រជាជននៅជនបទ ឱ្យកាន់តែប្រសើរឡើង សំដៅ​រួម​ចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត​ខំ​ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានរួមសហការគ្នាអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចប្រកបដោយសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដែលនាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើន សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងអភិវឌ្ឍន៍ជនបទ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទ និងសមាជិក-សមាជិកានៃអង្គសន្និបាត សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕


 

អត្ថបទទាក់ទង