ការស្រាយបំភ្លឺ របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ចំពោះ «របាយការណ៍រួមស្តីពីការរៀបចំការបោះឆ្នោត នៅប្រទេសកម្ពុជាឆ្នាំ២០១៣» របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤
មាតិកា
សេចក្តីសង្ខេប………………………………………………………………………………………………… 1
សេចក្តីផ្តើម……………………………………………………………………………………………………..10
I. សាវតានៃដំណើរការបោះឆ្នោតនៅកម្ពុជា………………………………………………………13
១. អំពីយន្តការនិងការគ្រប់គ្រងការបោះឆ្នោត…………………………………………………….13
២. អំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត………………………………………….15
៣. បរិយាកាសនៃសារព័ត៌មាន……………………………………………………………. ………….. 16
៤. ការប្រើប្រាស់ធនធានរបស់រដ្ឋមិនត្រឹមត្រូវ …………………………………………………….18
II. ការបោះឆ្នោតឆ្នាំ២០១៣…………………………………………………………….. ………………. 20
១. ការលុបឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត……………………………………………………………20
២. ឈ្មោះមិនមានសុពលភាព និងការបោះឆ្នោតមិនស្របច្បាប់ …………………………..29
៣. ការវិភាគអំពីការិយាល័យបោះឆ្នោតនិងលទ្ធផលបោះឆ្នោត…………………………. 46
៤. ការស៊ើបអង្កេតក្រោយការបោះឆ្នោត…………………………………………………………… 47
សន្និដ្ឋាន……………………………………………………………. …………………………………………… 50
ឧបសម្ព័ន្ធ…………………………………………………………… …………………………………………….56
ទាញយក PDF…
សេចក្តីសង្ខេប
១. របាយការណ៍រួម ស្តីពីការរៀបចំការបោះឆ្នោតឆ្នាំ២០១៣ នៅកម្ពុជា របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ហៅកាត់ថា របាយការណ៍រួមរបស់ ERA) បានចោទថា គ.ជ.ប ធ្វើការពុំមានតម្លាភាព ប៉ុន្តែតាមពិត គ.ជ.ប ធ្លាប់បានរៀបចំការបោះឆ្នោតចំនួន១១លើករួចមកហើយ ដែលធ្លាប់បានទទួលការកោតសរសើរពីអ្នកសង្កេតការបោះឆ្នោតអន្តរជាតិ ថា «ការបោះឆ្នោតនៅកម្ពុជា ជាអច្ឆរិយៈនៅតាមដងទន្លេមេគង្គ»។
២. របាយការណ៍រួមរបស់ ERA នេះ លើកឡើងថា បណ្តាញផ្សព្វផ្សាយព័ត៌មានមិនមានតុល្យភាព។ ផ្ទុយទៅវិញ របាយការណ៍នេះពុំបានរំលេចឡើងអំពី Facebook ឬ YouTube ដែលមានចរិតបំភ្លៃ បំផ្លើស ធ្វើវិទ្ធង្សនា និងបង្កចលាចលដល់សង្គមនោះទេ។ ដោយឡែក CNRP បានផ្សព្វផ្សាយជារៀងរាល់ថ្ងៃតាមវិទ្យុសំបុកឃ្មុំ វិទ្យុមហានគរ វិទ្យុសំឡេងស្រ្ដី វិទ្យុសំឡេងប្រជាធិបតេយ្យ VOA និង RFA ព្រមទាំង ភ្នំពេញប៉ុស្ដិ៍ ខេមបូឌាដេលី មនសិការខ្មែរ និងនគរធំ ជាដើម។ សារព័ត៌មានទាំងនេះភាគច្រើនផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន មួលបង្កាច់រាជរដ្ឋាភិបាល និង CPP ។ ក្នុងអំឡុងពេល១ខែ នៃយុទ្ធនាការបោះឆ្នោត គ.ជ.ប បានបែងចែកពេលវេលាស្មើៗគ្នាដល់គណបក្សនយោបាយ តាមបណ្ដាញវិទ្យុនិងទូរទស្សន៍រដ្ឋ។
៣. របាយការណ៍រួមរបស់ ERA នេះបានទទួលស្គាល់ថា នៅកម្ពុជា មានលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រាន់ដើម្បីធានានូវតម្លាភាពនិងអព្យាក្រឹតភាពរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងសកម្មភាពនយោបាយ ប៉ុន្តែមិនត្រូវបានអនុវត្ត ព្រោះពួកគេនៅតែចូលរួមក្នុងសកម្មភាពរបស់គណបក្សនយោបាយដដែល។ ការលើកឡើងនេះគឺផ្ទុយនឹងគោលការណ៍ច្បាប់ នីតិវិធីផ្ទៃក្នុងរបស់ គ.ជ.ប ក៏ដូចជាលិខិតូបករណ៍នានាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ហើយសូម្បីតែ លោក ស៊ូរីយា ស៊ូប៊ែរឌី ក៏យល់ឃើញថា មន្ត្រីមានសិទ្ធិសេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយក្រៅម៉ោងបំពេញការងារ។
៤. របាយការណ៍រួមរបស់ ERA នេះ បានបង្ហាញថា អង្គការ NDI បានធ្វើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោត ដោយចោទ គ.ជ.ប ថា បានធ្វើឱ្យបាត់ឈ្មោះ១,០៤លាននាក់ ចំណែកឯ COMFREL ថា បាត់ឈ្មោះ ១,២៥លាននាក់។ នៅខែតុលាឆ្នាំ២០១៣នេះ ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតទូទាំងប្រទេស អ្នកទៅចុះឈ្មោះបោះឆ្នោតពិតប្រាកដបានតែ ១៨៧.១១១នាក់ រួមទាំងលោក សម រង្ស៊ី និងយុវជនគ្រប់អាយុ១៨ឆ្នាំផង។ ប្រសិនបើពិតដូចការរកឃើញរបស់ NDI និង COMFREL និងដូច CNRP បានចោទថា មនុស្សជាង១លាននាក់ ត្រូវបាន គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះ តើពួកគាត់នៅឯណា? ហេតុអ្វីបានជាអង្គការទាំងពីរ និង CNRP មិនប្រមូលមនុស្សទាំងអស់នោះ មកចុះឈ្មោះនៅខែតុលា ឆ្នាំ២០១៣នេះ?
៥. របាយការណ៍រួមរបស់ ERA នេះ ក៏បានចោទថា ប្រជាពលរដ្ឋចំនួនជាង ៥០% បានបាត់ឈ្មោះ ឬឈ្មោះគាត់ត្រូវបានអ្នកដទៃបោះឆ្នោតរួចហើយ នៅការិយាល័យមួយស្ថិតនៅសាលារៀនវត្តសន្សំកុសល សង្កាត់បឹងទំពន់។ តាមការអះអាងរបស់ប្រធាន CEC ថា នៅថ្ងៃបោះឆ្នោត មានសកម្មជនរបស់ CNRP មួយក្រុមជិត ១០០នាក់ ក្នុងនោះមានតែ៤-៥នាក់មានទីលំនៅក្នុងសង្កាត់នេះ បានបង្កភាពចលាចលថា បាត់ឈ្មោះ គ្មានឈ្មោះ ទឹកខ្មៅអាចលាងជ្រះ ស្រែកថា «លេខ៧ៗ»។ក្រុមនេះបានគំរាមមន្រ្តីការិយាល័យបោះឆ្នោតថា «ចេញពីការិយាល័យនឹងសម្លាប់ចោល» ជាដើម។ តាមការពិត នៅមណ្ឌលនេះពុំមានអ្វីកើតឡើងទេ លើកលែងតែករណីលោកស្រីម្នាក់ដែលអះអាងថា ឈ្មោះគាត់ត្រូវបានគេបោះរួច។ ក្នុងខែតុលាកន្លងមកនេះ នៅសង្កាត់បឹងទំពន់ មានអ្នកចុះឈ្មោះថ្មី ត្រឹមតែប្រមាណ២០០នាក់ប៉ុណ្ណោះ។ ទិន្នន័យនេះ គឺជាភស្តុតាងបញ្ជាក់ថា របាយការណ៍រួមនេះបានប្រឌិតតួលេខ ដើម្បីភូតកុហក ដោយប្រើពាក្យស្រាវជ្រាវជាខែលប៉ុណ្ណោះ។
៦. របាយការណ៍រួមរបស់ ERA នេះ បានលើកអំពីឈ្មោះស្ទួន ដែលអាចលួចបន្លំសន្លឹកឆ្នោត ដូចជា៖ អ្នកមិនមានសិទ្ធិបោះឆ្នោតបានបោះឆ្នោត អ្នកមានឈ្មោះស្ទួនបោះឆ្នោតបានច្រើនជាងមួយដង និងមន្ត្រីការិយាល័យបោះឆ្នោតអាចញាត់សន្លឹកឆ្នោតចូលហិបឆ្នោត។ តាមនីតិវិធីនៃការលុបឈ្មោះ ទាល់តែមានការស្នើសុំពីសាមីខ្លួន ឬអ្នកទីបីដោយមានភស្តុតាងច្បាស់លាស់ ទើប គ.ជ.ប អាចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតបាន។ តាមច្បាប់បោះឆ្នោត គណបក្សនយោបាយមានសិទ្ធិប្ដឹងស្នើសុំបញ្ចូលឈ្មោះដែលបាត់ ឬលុបឈ្មោះស្ទួន ប៉ុន្តែនៅឆ្នាំ២០១២ ហេតុអ្វីបានជាគណបក្សប្រឆាំងមិនចូលរួមអនុវត្តសិទ្ធិរបស់ខ្លួន?
តើអ្នកគ្មានសិទ្ធិបោះឆ្នោត អាចបោះឆ្នោតបានដោយប្រើប្រាស់ឈ្មោះអ្នកដទៃ និងអ្នកលួចញាត់សន្លឹកឆ្នោតក្នុងហិបឆ្នោត បានយ៉ាងដូចម្តេច បើមន្រ្តីការិយាល័យបោះឆ្នោតមានចំនួន៦នាក់ តំណាងគណបក្ស និងអ្នកសង្កេតការណ៍ COMFREL មាន៧នាក់ ក្នុងនោះមាន CPP តែ២នាក់ នៅការិយាល័យបោះឆ្នោត? ចំណែកមេដឹកនាំ CNRP តែងចោទ គ.ជ.ប ថា ជាចោរលួចសន្លឹកឆ្នោត ដូច្នេះមានន័យថា មេដឹកនាំទាំងនេះកំពុងតែចោទតំណាងរបស់ខ្លួន និង COMFREL ថា អ្នកទាំងអស់នោះសុទ្ធសឹងតែជាចោរ ទើបអាចលួចសន្លឹកឆ្នោតបាន។
៧. អំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោត (ប័ណ្ណខៀវ)៖ ប្រជាពលរដ្ឋតែងតែបាត់ឯកសារបញ្ជាក់អត្តសញ្ញាណ។ ការចេញប័ណ្ណខៀវនេះ គឺដើម្បីធានាដល់សិទ្ធិពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត។ ប័ណ្ណខៀវត្រូវបានចែកសម្រាប់បោះឆ្នោតឆ្នាំ២០១៣ ចំនួន ១.៨៦០.៤៩១សន្លឹក ក្នុងនោះចំនួន ២៧២.៤៤៧ សន្លឹក ចេញមុនពេលបោះឆ្នោត។ របាយការណ៍រួមរបស់ ERA លើកឡើងថា តួលេខប័ណ្ណខៀវចេញចុងក្រោយ មានប្រហែលនឹងសំឡេងឆ្នោតដែល CPP ឈ្នះ CNRP ដើម្បីធ្វើឱ្យអ្នកអានយល់ច្រឡំថា គ.ជ.ប ធ្វើប័ណ្ណខៀវមុនពេលបោះឆ្នោត ឱ្យអ្នកគាំទ្រ CPP ទើបបានជា CPP ឈ្នះប្រហែល២៨ម៉ឺនសម្លេង។ ដើម្បីទាញការសន្និដ្ឋានទៅរកការលួចបន្លំសន្លឹកឆ្នោតឱ្យកាន់តែមានទម្ងន់ របាយការណ៍នេះបានប្រឌិតករណីឈ្មោះ ចាន់ សាន់ ដែលផ្ទុយពីការពិតទាំងស្រុង។
៨. របាយការណ៍រួមនេះ ក៏បានលើកឡើងផងដែរអំពីចំនួនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតប្រហែល ៩.៤៤២.៨០២នាក់ ដែលតួលេខនេះ គ្រាន់តែជាការព្យាករណ៍នៅឆ្នាំ២០០៨ ធៀបនឹងចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩.៦៧៥.៤៥៣នាក់។ ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតធ្វើដោយដៃ ដែលអាចមិនបានត្រឹមត្រូវ ១០០% ទេ។ តួលេខខុសគ្នាអាចបណ្ដាលមកពីមូលហេតុ៖ ទីមួយ គឺប្រជាពលរដ្ឋផ្លាស់ទីលំនៅពីកន្លែងមួយទៅកន្លែងមួយទៀត ហើយភាគច្រើនពុំបានលុបឈ្មោះនៅកន្លែងចាស់ទេ។ ទីពីរ គឺឃុំ-សង្កាត់ភាគច្រើនពុំប្រើប្រាស់កុំព្យូទ័រឬពុំមានអ៊ីនធឺណិត ដែលពិបាកផ្ទៀងផ្ទាត់ ថាតើអ្នកស្នើសុំចុះឈ្មោះធ្លាប់បានចុះឈ្មោះរួចហើយឬនៅ។ អាជ្ញាធរឃុំ-សង្កាត់ពុំមានសំអាងផ្លូវច្បាប់ដើម្បីស្នើសុំ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតទេ បើគ្មានសំណើពីសាមីខ្លួន ឬអ្នកទីបីប្តឹងសុំលុប។
៩. របាយការណ៍រួមរបស់ ERA បានចោទថាមានការិយាល័យ ចំនួន៧៧ នៃការិយាល័យ ១៥.០៧៥ មានសន្លឹកឆ្នោតមិនបានការចន្លោះពី១០០ ទៅ ៥០០សន្លឹក។ តាមតួលេខពី គ.ជ.ប នៅទូទាំងប្រទេស ការិយាល័យដែលមានសន្លឹកឆ្នោតមិនបានការច្រើនជាងគេ គឺការិយាល័យលេខ០៣២៦ នៅខេត្តសៀមរាប ដែលមានសន្លឹកឆ្នោតមិនបានការចំនួន១៣៧សន្លឹក។
១០. របាយការណ៍រួមរបស់ ERA បានលើកឡើងដែរថា ក្នុងខេត្តសៀមរាបនិងបន្ទាយមានជ័យ នៅឆ្នាំ២០១២ មាន២៤ការិយាល័យ លុបឈ្មោះអ្នកបោះឆ្នោតពីបញ្ជីបោះឆ្នោតលើសពី ៥០%។ តាមពិត នៅការិយាល័យមួយចំនួនក្នុងខេត្តទាំងពីរ មានការលុបឈ្មោះមែនប៉ុន្តែអ្នកសរសេររបាយការណ៍រួមនេះពុំបានស្រាវជ្រាវទេ គ្រាន់តែចោទថាមានភាពមិនប្រក្រតីប៉ុណ្ណោះ។ តាមពិត កងកម្លាំងប្រដាប់អាវុធដែលត្រូវបានផ្លាស់ទីកន្លែងតាមព្រំដែន ត្រូវបានលុបឈ្មោះចេញពីការិយាល័យចាស់ រួចទៅចុះឈ្មោះនៅការិយាល័យថ្មីតែប៉ុណ្ណោះ។
១១. របាយការណ៍រួមរបស់ ERA បានយកការស្រាវជ្រាវពីអង្គការ ដែលដាក់ឈ្មោះថាជា «អង្គការឯករាជ្យ» និង «ភ្នាក់ងារឯករាជ្យ» ។ តាមប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា ប្រធានអង្គការមួយដែលបានរួមចំណែកក្នុងការចងក្រងរបាយការណ៍រួមរបស់ ERA នេះ ក៏ធ្លាប់បានជួបប្រជុំនាពេលថ្មីៗនេះ ជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ដើម្បីផ្តល់យោបល់ថាធ្វើយ៉ាងដូចម្តេចដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរបៀបអំណាចប្រជាជន ឬបដិវត្តពណ៌។ តើសកម្មភាពបែបនេះ អាចចាត់ទុកថាជាអង្គការឯករាជ្យបានដែរឬទេ?
១២. រាជរដ្ឋាភិបាលទទួលស្គាល់ថា ទោះបីជាមានការប្រសើរឡើងនូវដំណើរការរៀបចំការបោះឆ្នោត ប៉ុន្តែការខ្វះចន្លោះនៅតែមាន ក្នុងពេលបោះឆ្នោតម្តងៗ។ ប៉ុន្តែការខ្វះខាតនេះ មិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនោះទេ។ នៅក្នុងសកលលោក គ្មានប្រព័ន្ធបោះឆ្នោតណាមួយដែលល្អឥតខ្ចោះ១០០%នោះទេ ហើយការកែទម្រង់ការបោះឆ្នោតក៏មិនមែនមានន័យថា ប្រព័ន្ធបោះឆ្នោតមានកំហុសឆ្គងនោះដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្តក្នុងការកែទម្រង់ការបោះឆ្នោត និងបានស្នើរដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភក្នុងការធ្វើកំណែទម្រង់នេះ។ ជាលទ្ធផល ប្រទេសជប៉ុនបានឯកភាពជួយកម្ពុជាក្នុងការធ្វើកំណែទម្រង់នៃដំណើរការរៀបចំការបោះឆ្នោតនេះ។
១៣. បទពិសោធន៍៣៥ឆ្នាំមុន គឺជាមេរៀនដ៏ជូរចត់ដែលប្រទេសមួយចំនួនបានគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យ។ បច្ចុប្បន្ន ដូចគ្នានេះដែរ សាធារណជននិងប្រទេសមួយចំនួន ដែលបានយល់ដឹងអំពីសភាពការណ៍ និងអំពីដំណើរការបោះឆ្នោតនៅកម្ពុជា តាមរយៈ របាយការណ៍រួមនេះ បានគាំទ្រនិងជឿ CNRP ដើម្បីចោទប្រព័ន្ធរៀបចំការបោះឆ្នោតនៅកម្ពុជា រាជរដ្ឋាភិបាល និងយន្តការសម្រាប់ការអនុវត្តការបោះឆ្នោត ថាគ្មានយុត្តិធម៌ និងតម្លាភាព។
១៤. នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ COMFREL បានប្រកាសថា CPP ទទួលបាន ៦៧អាសនៈ និង CNRP ទទួលបាន៥៦អាសនៈ។ COMFREL លែងបន្តផ្សព្វផ្សាយតួលេខនេះទៀត ដើម្បីការពារការប្រឌិតលទ្ធផលបោះឆ្នោតរបស់សម្ព័ន្ធមិត្តខ្លួន។ ចំណែកឯលោក កឹម សុខា ម្តងបានប្រកាសថា CNRP ឈ្នះ ៧៦អាសនៈ ហើយម្តងទៀតថា ឈ្នះ ៦៣អាសនៈ។ លោក កឹម សុខា ម្តងថាអង្គការ និងម្តងថាស្ថានទូតបានប្រាប់លោក។ សំណួរសួរថា៖ តើអង្គការណា និងទូតណា សូមលោក កឹម សុខា លើកយកមកប្រាប់ជាសាធារណៈ។
១៥. នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ លោក កឹម សុខា បានថ្លែងភូតកុហកបាតុករ ដោយប្រឌិតរឿងថា «ម្សិលមិញនេះគាត់ (សម្ដេចតេជោ ហ៊ុន សែន) ប្រុងចុះហើយ ប៉ុន្តែឥឡូវគេ (វៀតណាម) កោះហៅភ្លាមតែម្ដង…។ ខ្ញុំខ្លាចគេ (វៀតណាម) យកទៅដាក់ថ្នាំ ស្រាប់តែមកវិញលែងចុះ…។» ជាធម្មតា ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលទៅក្រៅប្រទេស ត្រូវរៀបចំយ៉ាងហោចណាស់ក៏ ២-៣ខែមុន មិនមែនដូចលោក កឹម សុខា និយាយនោះទេ។ នេះគឺជាសម្ដីភូតកុហកបាតុករដែលមិនយល់អំពីកិច្ចការរដ្ឋ។
១៦. នៅគ្រប់វេទិកា CNRP តែងញុះញង់ឱ្យផ្តួលរំលំរាជរដ្ឋាភិបាល និងទាមទារសម្តេចនាយករដ្ឋមន្រ្តីចុះចេញពីតំណែង។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសម្តងហើយម្តងទៀតថា សម្តេចឡើងធ្វើជានាយករដ្ឋមន្រ្តី តាមរដ្ឋធម្មនុញ្ញ ហើយចុះទៅវិញក៏តាមរដ្ឋធម្មនុញ្ញដែរ។ បញ្ហារបស់ CNRP គឺការសន្យាជាមួយនឹងក្រុមបាតុករនិងអ្នកគាំទ្ររបស់ខ្លួន ធំធេងពេក តាមរយៈការភូតភរ កុហក និងប្រឌិតរឿង ដូច្នេះឥឡូវពិបាកបែរក្រោយវិញ ហាក់បីដូចជាបានឡើងជណ្តើរខ្ពស់ពេក ហើយឥឡូវនេះ ពួកខ្លួនគ្មានជណ្តើរចុះមកវិញ។
១៧. យុទ្ធវិធីរបស់ CNRP គឺ៖
– បោកបញ្ឆោតប្រជាពលរដ្ឋឱ្យជឿថា គ.ជ.ប ពិតជាបានលួចបន្លំសន្លឹកឆ្នោតដើម្បីឱ្យCPPឈ្នះមែន។
– បន្តបញ្ឆេះកំហឹងនិងពង្វក់ ដែលជាយុទ្ធវិធីក្នុងការរក្សាកម្លាំង ដោយប្រើប្រាស់សង្រ្គាមចិត្តសាស្រ្តផ្សេងៗ។
– ទាក់ទាញប្រជាពលរដ្ឋដែលគាំទ្រ CPP ឱ្យងាកទៅគាំទ្រ CNRP វិញ។
– ព្យាយាមបញ្ចូលមនោគមវិជ្ជា ភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិតរឿងអំពីការលួចបន្លំសន្លឹកឆ្នោត និងបញ្ហាផ្សេងៗទៀត ដើម្បីធ្វើឱ្យយុវជនភាន់ច្រឡំ និងធ្វើការសម្រេចចិត្តខុស។
១៨. នាខែកញ្ញា ក្នុងពេលចរចារវាងថ្នាក់ដឹកនាំកំពូលនៃ CPP និង CNRP លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ជាក់ថា ឈប់ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ទទួលស្គាល់លទ្ធផល៦៨អាសនៈ និង ៥៥អសនៈ និងទទួលសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តី ប៉ុន្តែទាមទារយកតំណែងប្រធានរដ្ឋសភា និងតុល្យភាពនៃប្រធានគណៈកម្មការរដ្ឋសភា ។
លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវទទួលខុសត្រូវយ៉ាងធំធេង ចំពោះការដែលនាំឱ្យក្រុមបាតុករអនាធិបតេយ្យប្រព្រឹត្តនូវអំពើហិង្សាកន្លងមក តាមរយៈការទាមទារមិនសមស្របតាមស្មារតីនិងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបេតយ្យ ដែលទាមទារឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តីចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ ជាពិសេស ការទទួលខុសត្រូវទាំងស្រុងនិងមិនអាចប្រកែកបាននូវព្រឹត្តិការណ៍នៅថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤។ បន្ទាប់ពីក្បាលម៉ាស៊ីនបាតុកម្ម ជាពិសេសនៅទីលានប្រជាធិបតេយ្យ ត្រូវបានរំសាយមក រោងចក្រត្រូវបានបើកទ្វារវិញ ហើយកម្មករបានចូលធ្វើការជាធម្មតា។
ប្រទេសនីមួយៗមានប្រវត្តិសាស្ត្រ មនុស្ស និងវប្បធម៌។ ដោយផ្អែកលើកត្តាទាំងនេះ រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតូបករណ៍គតិយុត្តគ្រប់ប្រភេទ ត្រូវបានត្រូវបានតាក់តែងឡើង ដើម្បីធានានូវដំណើរការដោយរលូននៃរដ្ឋាភិបាល។ លើសពីនេះទៀត ពលរដ្ឋគ្រប់រូបមានសិទ្ធិនិងការទទួលខុសត្រូវ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ។ ម្នាក់ៗ ត្រូវតែគោរពនីតិរដ្ឋ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបែរជាប្រព្រឹត្តនូវទង្វើផ្ទុយពីនេះទៅវិញ តាមរយៈការបង្កឱ្យមានភាពអាណាធិបតេយ្យ និងអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជននិងសាធារណៈ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយសារការកៀរគរហ្វូងមនុស្សឱ្យចូលរួមធ្វើបាតុកម្មឥតឈប់ឈរនៅសួនប្រជាធិបតេយ្យ និងនៅតាមដងផ្លូវនានា។ សំណួរសួរថា ហេតុអ្វីបានជាប្រទេស និងអង្គការមិនមែនរដ្ឋាភិបាលបរទេសមួយចំនួន គាំទ្រដល់ឥរិយាបថបែបនេះ និងបង្គាប់បញ្ជាឱ្យធ្វើការផ្លាស់ប្តូរទៅរកវិធីដែល «មិនស្របទៅនឹងនីតិរដ្ឋ» សម្រាប់ការដឹកនាំប្រទេសនៅកម្ពុជាទៅវិញ។ តើនេះដោយសារតែកម្ពុជាមិនមែនជាប្រទេសរបស់ពួកគេផ្ទាល់ឬ?
សេចក្តីផ្តើម
បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រួចមក គណបក្សសង្គ្រោះជាតិ បានធ្វើការចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ម្ដងហើយម្ដងទៀតថា បានបំពេញតួនាទីរបស់ខ្លួនមិនមានភាពអព្យាក្រឹត្យ និងលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា ដោយលុបឈ្មោះអ្នកបោះឆ្នោតជាងមួយលាននាក់ និងលួចបន្លំសន្លឹកឆ្នោត ព្រមទាំងចោទប្រកាន់អំពីភាពមិនប្រក្រតីផ្សេងៗ ដែលរួមមានការចោទប្រកាន់ជាផ្លូវការដោយមានពាក្យបណ្តឹង និងការចោទប្រកាន់មិនផ្លូវការដោយគ្មានពាក្យបណ្តឹង។ ចំពោះរាល់ការចោទប្រកាន់ជាផ្លូវការដោយមានពាក្យបណ្តឹង គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាយន្តការកំណត់ដោយរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន បានដោះស្រាយចប់សព្វគ្រប់ដោយឈរលើមូលដ្ឋានច្បាប់ និងអព្យាក្រឹត្យភាពនៃស្ថាប័នទាំងពីរ។ ដោយឡែក ចំពោះការចោទប្រកាន់មិនផ្លូវការដោយគ្មានភស្តុតាងវិញ អនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីបោះឆ្នោតគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញមិនអាចពិនិត្យនិងដោះស្រាយបានទេ។
ទាក់ទងនឹងការចោទប្រកាន់របស់គណបក្សសង្រ្គោះជាតិ គ.ជ.ប បានចេញសៀវភៅសស្តីពីការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៃរដ្ឋសភា ដោយពន្យល់និងបកស្រាយលម្អិតអំពីនីតិវិធី បច្ចេកទេស និងច្បាប់។ ជាមួយគ្នានេះដែរ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានចេញផ្សាយសៀវភៅស បកស្រាយជុំវិញលទ្ធផលនៃការបោះឆ្នោត ស្ថានភាពនយោបាយក្រោយថ្ងៃបោះឆ្នោត និងល្បិចគ្រោងទុកជាមុនរបស់គណបក្សសង្គ្រោះជាតិមុនពេលបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។ ល្បិចគ្រោងទុកជាមុនទាំងនេះ ក៏មានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលជាសម្ព័ន្ធមិត្តរបស់គណបក្សសង្គ្រោះជាតិផងដែរ ដែលអង្គការទាំងនោះបានទទួលការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងនយោបាយ ពីប្រភពខាងក្រៅប្រទេសមួយចំនួន។
រយៈពេលប្រាំខែបន្ទាប់ពីការបោះឆ្នោត សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដែលហៅកាត់ថា «ERA» បានចេញរបាយការណ៍រួមស្តីពីការរៀបចំការបោះឆ្នោតឆ្នាំ២០១៣ នៅកម្ពុជា។ សមាសភាពសំខាន់ៗនៃសម្ព័ន្ធនេះ មានទំនាក់ទំនងនិងនិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ ដែលរួមមានអង្គការ ADHOC (Cambodian Human Rights and Development Association), CISA (Coalition for Integrity and Social Accountability), COMFREL (Committee for Free and Fair Elections in Cambodia), LICADHO (Cambodian League for the Promotion and Defense of Human Rights), NDI (National Democratic Institute), NICFEC (Neutral and Impartial Committee for Free and Fair Elections in Cambodia), PDP (People Center for Development and Peace) និង TIC (Transparency International Cambodia)។
របាយការណ៍រួម ស្តីពីការរៀបចំការបោះឆ្នោតឆ្នាំ២០១៣ នៅកម្ពុជារបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ហៅកាត់ថា របាយការណ៍រួមរបស់ ERA) នេះ បានចេញផ្សាយនូវចំណុចលម្អៀងយ៉ាងច្រើនដែលមាននិន្នាការគាំទ្រដល់គណបក្សសង្គ្រោះជាតិ។ ជាក់ស្តែង ទោះបីជារបាយការណ៍រួមរបស់ ERA នេះបានរៀបរៀងឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែរបាយការណ៍រួមនេះបានផ្សព្វផ្សាយនៅសប្តាហ៍ទី២ ក្នុងខែធ្នូ ហើយជួនពេលដែលគណបក្សប្រឆាំង ប្តូរយុទ្ធវិធីពីការធ្វើបាតុកម្មមួយសប្តាហ៍ម្តង មកជាការធ្វើបាតុកម្មរាល់ថ្ងៃ និងការប្រកាសធ្វើបាតុកម្មជារៀងរហូត។ ប្រការនេះសបញ្ជាក់ឱ្យឃើញថា របាយការណ៍នេះមានទំនាក់ទំនងនឹងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដែលបាននិងកំពុងបំភ្លៃការពិតផ្ទុយនឹងគោលការណ៍នីតិរដ្ឋ តាមរយៈការប្រើប្រាស់រូបភាពផ្សេងៗ ដូចជាការផ្សព្វផ្សាយព័ត៌មានទៅក្រៅប្រទេស ការឃោសនានៅគ្រប់វេទិកា របស់មេដឹកនាំគណបក្សសង្គ្រោះជាតិក្នុងស្រុក សកម្មភាពរបស់សកម្មជនគណបក្សប្រឆាំង បន្តការអុកឡុកនៅតាមរោងចក្រ ដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ ញុះញង់និងគម្រាមកំហែងកម្មករមិនឱ្យធ្វើការ ការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងការដង្ហែរក្បួនតាមវិថីសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ដោយស្រែកទាមទារឱ្យនាយករដ្ឋមន្ត្រីជាប់ឆ្នោតចុះចេញពីតំណែង។ល។
ជាមួយគ្នានេះដែរ របាយការណ៍រួមរបស់ ERA នេះ បានប្រើបា្រស់រូបភាពជារបាយការណ៍សិក្សាស្រាវជ្រាវ ដើម្បីបង្ហាញថាជារបាយការណ៍មានលក្ខណៈវិទ្យាសាស្រ្ត និងអព្យាក្រឹតពីនយោបាយ។ ប៉ុន្តែ តាមការសិក្សាគ្រប់ជ្រុងជ្រោយ របាយការណ៍នេះមានគោលដៅនយោបាយសុទ្ធសាធ ដើម្បីភូតកុហក បំភ្លៃ បំផ្លើស និងបំភាន់សាធារណមតិ។
របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងអំពីចំណុចមួយចំនួនរួមមាន៖ ការគ្រប់គ្រងការបោះឆ្នោត ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត បរិយាកាសនៃសារព័ត៌មាន និងការប្រើប្រាស់ធនធានរបស់រដ្ឋមិនត្រឹមត្រូវ។ល។ ហើយក៏បានលើកយកចំណុចជាច្រើន ដែលជាទិន្នន័យភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិតដែលបានមកពីអង្គការមួយចំនួនដើម្បីបង្ហាញថា ការបោះឆ្នោតនេះមានភាពមិនប្រក្រតី។
ជាការឆ្លើយតបទៅនឹងរបាយការណ៍រួមរបស់ ERA នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី រៀបចំចងក្រងអត្ថបទនេះឡើង ដើម្បីស្រាយបំភ្លឺនូវការពិតទាក់ទងនឹងដំណើរការបោះឆ្នោតឆ្នាំ២០១៣។ អត្ថបទនេះត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានសាកសួរ និងស្រាវជ្រាវច្បាស់លាស់ដោយផ្ទាល់ជាមួយយន្តការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធនានា។
I. សាវតានៃដំណើរការបោះឆ្នោតនៅកម្ពុជា
១. អំពីយន្តការនិងការគ្រប់គ្រងការបោះឆ្នោត
របាយការណ៍រួមរបស់ ERA នេះ បានចោទប្រកាន់ថា សមាសភាព គ.ជ.ប ត្រូវបានជ្រើសតាំងដោយស្ថាប័នដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។ តាមការពិត ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវបានរៀបចំស្របទៅតាមច្បាប់ រួចបញ្ជូនទៅរដ្ឋសភាអនុម័តយល់ព្រមតាមគោលការណ៍ច្បាប់។ បេក្ខជនដែលត្រូវបានស្នើជាប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប សុទ្ធតែត្រូវបានជ្រើសរើសពីក្នុងចំណោមឥស្សរជនជាន់ខ្ពស់ ដែលមានសមត្ថភាពខាងនយោបាយ មានបទពិសោធន៍ មានកេរ្តិ៍ឈ្មោះល្អ និងបានលាលែងពីគណបក្សនយោបាយ ក្រោយពីទទួលការតែងតាំង។ តាមបទពិសោធន៍នៃការបោះឆ្នោតជាច្រើនអាណត្តិកន្លងមកបង្ហាញថា គ.ជ.ប បានបំពេញតួនាទីរបស់ខ្លួន ដោយអព្យាក្រឹតភាព តម្លាភាព និងមិនលម្អៀង។ សមាជិកគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវបានជ្រើសតាំងដោយពុំមានពាក់ព័ន្ធនឹងគណបក្សនយោបាយទេ។
គ.ជ.ប ធ្លាប់បានរៀបចំការបោះឆ្នោតចំនួន ១១លើក រួចមកហើយ។ កន្លងមក គណៈប្រតិភូអន្តរជាតិ រួមមានបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោត បានកោតសរសើរថា «ការបោះឆ្នោតនៅកម្ពុជានេះជាអច្ឆរិយៈនៅតាមដងទន្លេមេគង្គ»។
ដោយផ្អែកលើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត មិនមែនជាយន្តការអចិន្រ្តៃយ៍នោះទេ ពីព្រោះយន្តការនេះត្រូវបានរំសាយទៅវិញ បន្ទាប់ពីការប្រកាសលទ្ធផលស្ថាពរ។ គ.ជ.ប ធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត។
ដើម្បីអនុវត្តតួនាទីខាងលើ ក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវប្រគល់ភារកិច្ចដល់ស្មៀនឃុំ-សង្កាត់ ឱ្យទទួលធ្វើជាមន្រ្តីពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអាជ្ញាធរមូលដ្ឋាន ដែលត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។ ដូច្នេះក្រុមប្រឹក្សាឃុំ-សង្កាត់បំពេញតួនាទីរបស់ខ្លួន ដើម្បីផ្ដល់លទ្ធភាពនិងភាពងាយស្រួលជូនប្រជាពលរដ្ឋមូលដ្ឋានអាចបោះឆ្នោតបាន។
២. អំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងនូវហេតុផលមិនសមស្របមួយចំនួន ដូចជាការចុះឈ្មោះបោះឆ្នោតនៅខែកញ្ញានិងខែតុលា ជារដូវភ្លៀង ដែលបង្កការលំបាកក្នុងការធ្វើដំណើរ និងជាឧបសគ្គដ៏ធំរារាំងប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ការចុះឈ្មោះដោយក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបម្រើឱ្យផលប្រយោជន៍គណបក្សនយោបាយ ការដែលមិនបានផ្ដល់មធ្យោបាយជួយដល់កម្មករចំណាកស្រុកឱ្យមកពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត។ល។
ភ្លៀងធ្លាក់ចន្លោះពីខែឧសភា ដល់ខែវិច្ឆិកា មិនមែនជាឧបសគ្គរារាំងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនោះឡើយ ដោយសារពុំមានភ្លៀងជាប់គ្នាជារៀងរាល់ថ្ងៃរហូតដល់រយៈពេលមួយខែកន្លះនោះទេ។ ប្រសិនបើមានភ្លៀងធ្លាក់ជាប់គ្នាបែបនេះ វាមិនគ្រាន់តែប៉ះពាល់ដល់សមាជិកគណបក្សប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សមាជិកគណបក្សដទៃទៀតផងដែរ។ កន្លងមក ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ដែលធ្វើឡើងនៅចន្លោះពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ជារៀងរាល់ឆ្នាំ តែងប្រព្រឹត្តទៅដោយរលូន ហើយក៏មានការចូលរួមពីតំណាងគណបក្សនយោបាយនិងអង្គការមិនមែនរដ្ឋាភិបាលនានាដែរ ប៉ុន្តែនៅពេលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០១២ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ ដោយមានចេតនាអាក្រក់ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានបដិសេធមិនចូលរួមពិនិត្យបញ្ជីបោះឆ្នោត ហើយនេះជាផែនការគ្រោងទុកជាមុន ដើម្បីចោទថា គ.ជ.ប លួចលុបឈ្មោះជាង ១លាននាក់។
៣. បរិយាកាសនៃសារព័ត៌មាន
របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងថា បណ្តាញផ្សព្វផ្សាយមិនត្រូវបានប្រើប្រាស់ប្រកបដោយតុល្យភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដូចជា ស្ថានីយទូរទស្សន៍ និងបណ្ដាញសារព័ត៌មាន។ ផ្ទុយទៅវិញ របាយការណ៍នេះពុំបានរំលេចឡើងអំពីបណ្ដាញព័ត៌មានសង្គមដូចជា Facebook ឬ YouTube ជាដើម ដែលត្រូវប្រើប្រាស់ដោយក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងគោលដៅផ្សព្វផ្សាយនូវព័ត៌មានបំភ្លៃ បំផ្លើស បំពុលបរិយាកាស ភូតកុហក ប្រឌិតរឿង ធ្វើវិទ្ធង្សនា និងបង្កចលាចលដល់សង្គមនោះទេ។ ជាងនេះទៀត ក៏មានការបង្ហោះតាម Facebook និង YouTube នូវសម្តី របស់ជនពាលមួយចំនួន ដែលជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ដែលប្រើពាក្យសម្តីអសុរស គ្មានសីលធម៌ ប្រាសចាកពីការពិតមកលើថ្នាក់ដឹកនាំប្រទេស ក៏ដូចជាភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិតរឿង។ អំពើទាំងនេះគួរតែមានសរសេរនៅក្នុងរបាយការណ៍រួមរបស់ ERA ដើម្បីបង្ហាញអំពីភាពអព្យាក្រឹតរបស់ខ្លួន ប៉ុន្តែផ្ទុយទៅវិញ របាយការណ៍នេះសរសេរតែអំពីភាពអវិជ្ជមានរបស់គណបក្សប្រជាជនកម្ពុជា គ.ជ.ប និងរាជរដ្ឋាភិបាល ហើយបានបិទបាំងនូវរាល់ទង្វើអវិជ្ជមានទាំងអស់របស់ក្រុមគណបក្សប្រឆាំង។
ក្នុងអំឡុងពេល១ខែ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ នៃរដ្ឋសភា ឆ្នាំ២០១៣ គ.ជ.ប បានបែងចែកកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយដែលចូលរួមបោះឆ្នោតទាំងអស់តាមបណ្ដាញវិទ្យុនិងទូរទស្សន៍រដ្ឋ ដោយបែងចែករយៈពេលស្មើៗគ្នា ផ្អែកតាមគោលការណ៍ស្មើភាព និងតាមលំដាប់ពេលមុនក្រោយ ដូចមានចែងនៅក្នុងមាត្រា៧៥ នៃច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ដោយឡែក គណបក្សសង្គ្រោះជាតិបានធ្វើការផ្សព្វផ្សាយជាច្រើនម៉ោងនិងជារៀងរាល់ថ្ងៃ តាមរយៈវិទ្យុសំបុកឃ្មុំ FM ១០៥ វិទ្យុមហានគរ FM ៩៣.៥ វិទ្យុសំឡេងស្រ្ដី FM ១០២ វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងវិទ្យុផ្សេងៗទៀតជាដើម។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សសង្គ្រោះជាតិបានទទួលការគាំទ្រពីវិទ្យុ និងបណ្ដាញផ្សព្វផ្សាយក្រៅប្រទេស ដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ដែលធ្វើការផ្សព្វផ្សាយព័ត៌មានជាខេមរភាសា បន្ថែមលើម៉ោងដែលវិទ្យុ VOA និង RFA បានផ្សាយបន្តផ្ទាល់ចេញពីទីក្រុងវ៉ាស៊ីនតោន។ វិទ្យុទាំងពីរ ដែលទទួលថវិកាពីប្រទេសណាមួយនោះ និងដែលផ្សាយព័ត៌មានដោយលម្អៀង និងរំលោភវិជ្ជាជីវៈសារព័ត៌មាន គឺជាឧបករណ៍នយោបាយបម្រើឱ្យគណបក្សប្រឆាំងយ៉ាងផ្កាប់មុខ ដែលភាគច្រើនសុទ្ធសឹងជាព័ត៌មានប្រឌិត បំផ្លើស និងមួលបង្កាច់ការពិត តាំងពីមុន និងក្រោយការបោះឆ្នោត។ សារព័ត៌មានបរទេស និងក្នុងស្រុក ដូចជាភ្នំពេញប៉ុស្ដិ៍ ខេមបូឌាដេលី មនសិការខ្មែរ និងនគរធំ ជាដើម បានផ្សព្វផ្សាយព័ត៌មានអវិជ្ជមានស្ទើរតែទាំងអស់ និងមួលបង្កាច់រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា។
ការផ្សព្វផ្សាយតាមបណ្ដាញស្ថានីយទូរទស្សន៍ជាតិកម្ពុជា គឺជាការផ្សព្វផ្សាយអំពីសមិទ្ធិផលជាក់ស្ដែង ដែលរាជរដ្ឋាភិបាលសម្រេចបាន និងផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន។ ជាក់ស្ដែង រាល់សម័យប្រជុំពេញអង្គរបស់រដ្ឋសភា ត្រូវបានផ្សាយជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវខ្លឹមសារនៃកិច្ចប្រជុំទាំងស្រុង ដែលក្នុងនោះ ក៏មានមតិយោបល់លើកឡើងដោយតំណាងរាស្ត្រមកពីគណបក្សប្រឆាំងផងដែរ។
តើការផ្សព្វផ្សាយព័ត៌មានរបស់បណ្ដាញសារព័ត៌មាន ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងការផ្សព្វផ្សាយព័ត៌មានរបស់បណ្ដាញសារព័ត៌មានដែលគាំទ្រគណបក្សសង្គ្រោះជាតិ ពិតជាពុំមានតុល្យភាពដូចមានក្នុងរបាយការណ៍នេះដែរឬទេ?
៤. ការប្រើប្រាស់ធនធានរបស់រដ្ឋមិនត្រឹមត្រូវ
របាយការណ៍រួមរបស់ ERA នេះបានទទួលស្គាល់ថា នៅកម្ពុជាមានលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រាន់ ដើម្បីធានានូវតម្លាភាពនិងអព្យាក្រឹតភាពនៃការចូលរួមរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីសាធារណៈ ក្នុងដំណើរការបោះឆ្នោត និងក្នុងគណបក្សនយោបាយ ប៉ុន្តែមន្ត្រីពាក់ព័ន្ធមិនអនុវត្តតាមបទដ្ឋានទាំងនេះ។ ក្នុងរបាយការណ៍រួមរបស់ ERA បានលើកឡើងថា មន្ត្រីយោធា នគរបាល និងមន្ត្រីរាជការ ត្រូវបានហាមប្រាម មិនឱ្យចូលរួមក្នុងសកម្មភាពរបស់គណបក្សនយោបាយណាមួយទេ។ ការអះអាងបែបនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីកង្វះខាតនៃការយល់ដឹងរបស់អ្នកចងក្រង ឬមានចេតនាវាយប្រហារ និងបន្តុះបង្អាប់ស្ថាប័នជាតិ។ ជាគោលការណ៍ដូចមានបញ្ញត្តិនៅក្នុងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធទាំងអស់ខាងលើ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសាធារណៈដទៃទៀត មានសិទ្ធិពេញលេញនៅក្នុងការចូលរួមគ្រប់សកម្មភាពនយោបាយ និងសកម្មភាពនានាក្រៅពីម៉ោងបំពេញតួនាទីភារកិច្ចសាធារណៈរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតូបករណ៍នានាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស (រួមទាំងសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស) ហើយលោក ស៊ូរីយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ក៏យល់ឃើញបែបនេះដែរ។ កាន់តែច្បាស់ជាងនេះទៀត ប្រការ៧.៧ នៃបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ បានចែងយ៉ាងច្បាស់ថា «បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងធ្វើការងារ ឬមិនស្ថិតក្នុងពេលបំពេញការងារក្នុងសមត្ថភាពផ្លូវការ មន្រ្តីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្រ្តីតុលាការ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំទ្រចំពោះ គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ប៉ុន្តែមិនត្រូវស្លៀកពាក់ឯកសណ្ឋាន ឬ/និងមិនត្រូវមានអាវុធជាប់នឹងខ្លួនឡើយ»។
ដូច្នេះ ពួកគាត់មានសិទ្ធិនិងសេរីភាពចូលរួមក្នុងសកម្មភាព និងបោះឆ្នោតជូនគណបក្សណាក៏បាន ដូចប្រជាពលរដ្ឋដទៃទៀតដែរ។ការសន្និដ្ឋាននៃរបាយការណ៍រួមរបស់ ERA បែបនេះ គឺផ្ទុយទាំងស្រុងទៅ នឹងគោលការណ៍ច្បាប់ សិទ្ធិមនុស្ស និងសេរីភាពសាធារណៈ។
របាយការណ៍រួមរបស់ ERA នេះ ក៏បានលើកឡើងដែរថា ធនធាន និងទ្រព្យសម្បត្តិរដ្ឋត្រូវបានប្រើប្រាស់ដោយគណបក្សកាន់អំណាច ដែលការលើកឡើងបែបនេះ គឺជាការមួលបង្កាច់ទាំងស្រុង។ ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជា បានចេញលិខិតលេខ៨៧៧ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ និងលិខិតលេខ៨៧៨ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ ដោយហាមមិនឱ្យសមាជិកគណបក្សប្រើប្រាស់យានយន្តរបស់រដ្ឋ និងមិនត្រូវប្រើម៉ោងធ្វើការរបស់រដ្ឋចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
II. ការបោះឆ្នោតឆ្នាំ២០១៣៖ អំពីពាក្យរបស់ ERA ថាការរកឃើញមួយចំនួនរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត
១. ការលុបឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត
១.១. របាយការណ៍រួមរបស់ ERA នេះ ពឹងផ្អែកទាំងស្រុងលើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោតរបស់អង្គការ NICFEC-NDI ដែលរកឃើញថាមានឈ្មោះ ១,០៤លាននាក់បានបាត់ពីបញ្ជីបោះឆ្នោត និងសវនកម្មរបស់ COMFREL ដែលរកឃើញថា ឈ្មោះដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតមានអត្រា១៣,៥% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬស្មើនឹង ១,២៥លាននាក់ (ទំព័រទី១៧)។ ជាក់ស្ដែង សវនកម្មរបស់អង្គការទាំងពីរនេះមិនត្រឹមតែរកឃើញលទ្ធផលខុសគ្នាទេ ប៉ុន្តែមានកំហុសឆ្គងជាច្រើន ដូចដែលបានបង្ហាញនៅក្នុងសេចក្ដីជូនដំណឹងព្រាង ដែលត្រូវបានរៀបរៀងឡើងសម្រាប់អ្នកជំនាញការនៃសហភាពអឺរ៉ុប ដែលមកពិនិត្យមើលបរិយាកាសមុនពេល និងក្រោយពេលបោះឆ្នោតនៅកម្ពុជាថា «ការវិភាគរបាយការណ៍ដោយគណៈប្រតិភូនេះ បាននាំឱ្យមានការប្រុងប្រយ័ត្នជាខ្លាំង លើការសន្និដ្ឋានរបស់ពួកគេ ដែលផ្នែកមួយចំនួនបង្កឱ្យមានការយល់ច្រឡំយ៉ាងច្បាស់»។[1]
លើសពីនេះទៀត បើយើងរំឮកឡើងវិញនៅឆ្នាំ២០០៨ អង្គការ NDI បានផ្តល់ឈ្មោះប្រជាពលរដ្ឋចំនួន ៨៨នាក់ ដែលខ្លួនអះអាងថាបានបាត់ឈ្មោះពីបញ្ជីបោះឆ្នោត ហើយបន្ទាប់មក គ.ជ.ប បានរកឃើញថា ការចោទប្រកាន់របស់ NDI ចំពោះអ្នកបាត់ឈ្មោះទាំង ៨៨នាក់នោះ គឺមិនត្រឹមត្រូវទេ។ ដោយឡែក មុនការបោះឆ្នោតឆ្នាំ២០១៣នេះ អង្គការ NDI បានបង្ហាញតួលេខថ្មីថា គ.ជ.ប បានធ្វើឱ្យបាត់ឈ្មោះអ្នកបោះឆ្នោតរហូតដល់ចំនួន ១,០៤លាននាក់ ហើយដូចគ្នានេះដែរ អង្គការ COMFREL ក៏បានចោទ គ.ជ.ប ថាធ្វើឱ្យបាត់ឈ្មោះអ្នកបោះឆ្នោតចំនួន ១,២៥លាននាក់ ប៉ុន្តែអង្គការទាំងពីរនេះ ពុំបានផ្តល់ឈ្មោះទេ ដោយសំអាងថាជាការសម្ងាត់របស់អ្នកចូលរួមឆ្លើយ។ តាមការពិត មូលហេតុគឺមិនមែនជាការសម្ងាត់ទេ ប៉ុន្តែប្រសិនបើអង្គការទាំងពីរនេះបញ្ចេញឈ្មោះឱ្យគ.ជ.ប ហើយ គ.ជ.ប រកឃើញឈ្មោះដូចកាលពីឆ្នាំ២០០៨នោះ ការបំភ្លៃរបស់អង្គការទាំងពីរនេះនឹងត្រូវបានបកអាក្រាត ហើយផែនការគ្រោងទុកជាមុនរបស់គណបក្សប្រឆាំង ដើម្បីយកតួលេខនេះមកធ្វើជាខែលសម្រាប់ចោទប្រកាន់ នឹងមិនមានឥទ្ធិពលផ្នែកចិត្តសាស្រ្ត បញ្ឆេះកំហឹងក្រុមបាតុករដូចនៅពេលនេះបានដែរ។
នៅកម្ពុជា ការពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមិនមែនមានន័យថាជាការរារាំងប្រជាពលរដ្ឋ មិនឱ្យទៅចុះឈ្មោះបោះឆ្នោតនោះទេ ពីព្រោះប្រព័ន្ធបោះឆ្នោតនៅកម្ពុជាជាប្រព័ន្ធសេរី មិនមែនជាប្រព័ន្ធបង្ខិតបង្ខំទេ។ នេះមានន័យថា ប្រជាពលរដ្ឋអាចទៅចុះឈ្មោះបោះឆ្នោត ឬទៅបោះឆ្នោតដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ ផ្អែកលើប្រព័ន្ធបោះឆ្នោតនេះ ការធ្វើការស្រាវជ្រាវរបស់អង្គការ COMFREL ទៅលើមូលហេតុថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតប៉ុន្តែពុំបានប្រើសិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោតនោះ ពុំអាចចាត់ទុកជាការត្រឹមត្រូវបានទេ។ ម្យ៉ាងទៀត ការចោទប្រកាន់ គ.ជ.ប ឬអាជ្ញាធរមានសមត្ថកិច្ចថា ពុំបានបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិនេះ ក៏ជាការមិនត្រឹមត្រូវដែរ ដូច្នេះ លទ្ធផលពីការសិក្សាដែលរកឃើញថា ប្រជាពលរដ្ឋភាគច្រើនពុំបានបោះឆ្នោតដោយសារមូលហេតុខាងលើនេះ គឺជាចេតនានយោបាយ និងបង្ហាញពីភាពមិនអព្យាក្រឹតរបស់អង្គការទាំងនេះ។
ក្នុងខែតុលាឆ្នាំ២០១៣នេះ ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតនៅគ្រប់ឃុំ-សង្កាត់ទាំងអស់ គ.ជ.ប ធ្វើការប៉ាន់ស្មានអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មី អាចមានចំនួនប្រមាណ ៣៣០.០០០នាក់ ប៉ុន្តែជាក់ស្ដែង អ្នកទៅចុះឈ្មោះបោះឆ្នោតពិតប្រាកដបានតែ ១៨៧.១១១នាក់ រួមទាំងលោក សម រង្ស៊ី និងយុវជនគ្រប់អាយុ១៨ឆ្នាំ។ ប្រសិនបើពិតដូចការរកឃើញរបស់អង្គការ NDI និង COMFREL និងដូចអ្វីដែលគណបក្សសង្គ្រោះជាតិបានចោទប្រកាន់នៅគ្រប់វេទិកា ដែលជាលេសក្នុងការបដិសេធលទ្ធផលនៃការបោះឆ្នោតនាពេលបច្ចុប្បន្ននេះ មនុស្សជាង ១លាននាក់ដែលគណបក្សប្រឆាំងបានអះអាងថា គ.ជ.ប បានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះ តើពួកគាត់នៅឯណា? ហេតុអ្វីបានជាអង្គការទាំងពីរ និងគណបក្សសង្គ្រោះជាតិ មិនប្រមែប្រមូលមនុស្សទាំងអស់នោះ មកចុះឈ្មោះនៅខែតុលា ឆ្នាំ២០១៣នេះ?
១.២. របាយការណ៍រួមរបស់ ERA នេះ ក៏បានលើកឡើងផងដែរថា ក្នុងការបោះឆ្នោតឆ្នាំ២០១៣ សវនកម្មបញ្ជីឈ្មោះបោះឆ្នោតរបស់ NICFEC-NDI បង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតចំនួន ៤.៨៩៣នាក់មិនបានបោះឆ្នោត ដែលត្រូវបានសម្ភាសន៍នៅក្នុងឃុំចំនួន ៤១៤នៅទូទាំងប្រទេស មាន ៦៨,៨% នៃប្រជាពលរដ្ឋចំនួន ៤.៨៩៣នាក់ រកមិនឃើញឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត តែមានផែនការទៅបោះឆ្នោត (ទំព័រទី១៩)។ ចំណែកឯមួយចំនួនទៀត ក្នុងចំណោមចំនួនប្រជាពលរដ្ឋទាំងនោះ យល់ច្រឡំថា ក្របខ័ណ្ឌច្បាប់បានរារាំងពួកគេមិនឱ្យបោះឆ្នោត។ ដើម្បីធ្វើឱ្យតួលេខនេះកាន់តែមានការជឿទុកចិត្ត អង្គការ LICADHO, TIC និង COMFREL បានគាំទ្រថាការសង្កេតរបស់គេមានលក្ខណៈដូច្នោះដែរ។ លទ្ធផលនៃការធ្វើសវនកម្មខាងលើនេះ ក៏ផ្សារភ្ជាប់ទៅនឹងការរកឃើញរបស់ NDI និង COMFREL អំពីការបាត់ឈ្មោះជាង ១លាននាក់ផងដែរ។
ដើម្បីគាំទ្រការភូតកុហករបស់ NDI ដែលថា គ.ជ.ប បានលុបឈ្មោះជាង ១លាននាក់ របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងនូវទិន្នន័យ ៦៨,៨% ដូចបានរៀបរាប់ខាងលើ។ ប៉ុន្តែបើយើងពិនិត្យលើតួលេខនេះ ពុំមានទឡ្ហីករណ៍ណាមួយច្បាស់លាស់ទេ ហើយបានសួរប្រជាពលរដ្ឋ ចំនួន ៤.៨៩៣នាក់ គឺសុទ្ធតែជាអ្នកឥតមានឈ្មោះ ប៉ុន្តែតាមពិត អ្នកដែលមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត មិនមែនមានន័យថាពួកគេបានទៅចុះឈ្មោះបោះឆ្នោតនោះទេ។
តាមការបង្ហាញខាងលើ ទិន្នន័យបាត់ឈ្មោះជាង១លាននាក់គ្រាន់តែជាទិន្នន័យភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិត ដើម្បីគាំទ្រគណបក្សប្រឆាំងប៉ុណ្ណោះ ហើយដូចគ្នានេះ ទិន្នន័យចុងក្រោយរបស់ NICFEC-NDI ក៏ជាទិន្នន័យប្រឌិតនិងបំផ្លើស ដូចតួលេខជាង ១លាននាក់ដែរ។
១.៣. របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងថា នៅក្នុងថ្ងៃបោះឆ្នោត អ្នកសង្កេតការណ៍ COMFREL បានរាយការណ៍ថា មានយ៉ាងតិច ៩.០៥២ករណី នៃប្រជាពលរដ្ឋដែលមិនអាចបោះឆ្នោតបាន ពីព្រោះពួកគេពុំអាចរកឃើញឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត នៅពេលដែលការអង្កេតរបស់ TIC បានបង្ហាញថា ៦០% នៃការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោតខ្លះដែលមានឯកសារត្រឹមត្រូវមិនអាចរកឃើញឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត(ទំព័រទី២២)។
ចំពោះការពោលអះអាងខាងលើនេះ ដើម្បីបញ្ជាក់ថា ករណីចំនួន ៩.០៥២ ដែល COMFREL រកឃើញខាងលើថាត្រឹមត្រូវ ឬភូតកុហកនោះCOMFREL គួរតែបញ្ចេញឈ្មោះអ្នកទាំងនោះមក ដើម្បីឱ្យ គ.ជ.ប រកការពិត ហើយហេតុអ្វីបានជានៅថ្ងៃបោះឆ្នោត អ្នកដែលគ្មានឈ្មោះមិនប្តឹងស្របតាមច្បាប់ជាធរមាន?
១.៤. របាយការណ៍រួមរបស់ ERA នេះ ក៏បានការចោទថា ប្រជាពលរដ្ឋចំនួនជាង ៥០% បានបាត់ឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត ឬឈ្មោះគាត់ត្រូវបានអ្នកដទៃបោះឆ្នោតរួចហើយ នៅការិយាល័យមួយស្ថិតនៅសាលារៀនវត្តសន្សំកុសល សង្កាត់បឹងទំពន់ ដោយមិនបានបញ្ជាក់ថា តើការិយាល័យមួយណាពិតប្រាកដ។
តាមទិន្នន័យរបស់ គ.ជ.ប នៅក្នុងសង្កាត់បឹងទំពន់ មាន៦០ការិយាល័យបោះឆ្នោត ដោយឡែកនៅសាលារៀនវត្តសន្សំកុសលមានចំនួន១៨ការិយាល័យ ដែលមានឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ១១.១២២នាក់ ហើយអ្នកដែលបានបោះឆ្នោតមានចំនួន ៧.៨៥២នាក់ ស្មើនឹងអត្រា ៧០,៦%។ តាមការអះអាងរបស់មន្រ្តីទទួលបន្ទុករៀបចំការបោះឆ្នោតនៅសង្កាត់បឹងទំពន់បានឱ្យដឹងថា នៅថ្ងៃបោះឆ្នោត មានសកម្មជនរបស់គណបក្សប្រឆាំងមួយក្រុម ដែលមានការរៀបចំទុកជាមុនយ៉ាងច្បាស់លាស់ និងមានចំនួនប្រហែលជិត ១០០នាក់ ក្នុងនោះមានតែ៤-៥នាក់ទេ ដែលគាត់បានដឹងថាមានទីលំនៅក្នុងសង្កាត់នេះ ក្រៅពីនេះមិនដឹងមកពីប្រភពណាទេ បានប្រមូលផ្តុំគ្នាចាប់ពីម៉ោង ៧ព្រឹក រហូតដល់ ៦ល្ងាច ដើម្បីអុកឡុក ស្រែកឡូឡាហ៊ោកញ្រ្ជៀវ និងបង្កភាពចលាចលថា បាត់ឈ្មោះ គ្មានឈ្មោះ ទឹកខ្មៅអាចលាងជ្រះ ស្រែកថា «លេខ៧ៗ»។ ក្រុមនេះបានគំរាមមន្រ្តីការិយាល័យបោះឆ្នោតរហូតដល់ប្រើពាក្យថា «ចេញពីការិយាល័យ នឹងសម្លាប់ចោល» ជាដើម។ ក្រុមនេះមានទូរស័ព្ទទំនើបអាចថតរូបភាពនិងវីដេអូបានគ្រប់គ្នានៅក្នុងមណ្ឌលបោះឆ្នោតនេះ។ តាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងនីតិវិធីនានារបស់ គ.ជ.បសកម្មភាពទាំងនេះត្រូវបានហាមឃាត់នៅក្នុងមណ្ឌលបោះឆ្នោត។
នៅថ្ងៃនោះ វេលាម៉ោងប្រហែល១០ព្រឹក លោក សម រង្ស៊ី រៀបនឹងទៅដល់ទីនោះ ក្នុងគោលបំណងចូលទៅក្នុងមណ្ឌលបោះឆ្នោត តែត្រូវបានប្រជាពលរដ្ឋឃាត់មិនឱ្យចូល ដោយស្រែកថា «ថ្ងៃនេះមិនមែនជាថ្ងៃឃោសនាបោះឆ្នោតទេ ហើយរយៈពេលឃោសនា ៣០ថ្ងៃចប់ហើយ សម រង្ស៊ីមិនមានឈ្មោះក្នុងមណ្ឌលនេះទេ ហេតុនេះគ្មានសិទ្ធិមកទីនេះទេ…»។ ប្រធាន CEC បានបញ្ជាក់ថា នៅថ្ងៃបោះឆ្នោត មានការតវ៉ាតែមួយគត់ពាក់ព័ន្ធនឹងលោកស្រីម្នាក់ នៅការិយាល័យ១៥៥៥ ក្នុងមណ្ឌលសាលារៀនវត្តសន្សំកុសល ដែលអះអាងថាឈ្មោះរបស់គាត់ត្រូវបានគេបោះរួចហើយ។ គាត់ក៏ត្រឡប់ទៅវិញ ប៉ុន្តែបន្ទាប់មក ប្តីក៏បានមកតវ៉ានៅ CEC ថាប្រពន្ធគាត់ត្រូវបានគេបោះឆ្នោតជំនួស។ ប្រធាន CEC បានពន្យល់ប្រាប់គាត់ និងផ្តល់ទម្រង់ពាក្យបណ្តឹងតាមការស្នើសុំ។ នៅរសៀលនោះ ប្តីរបស់គាត់បានយកពាក្យបណ្តឹងមកដាក់នៅ CEC ប៉ុន្តែ ដោយសារគាត់ប្តឹងជំនួសប្រពន្ធរបស់គាត់ CEC បានពន្យល់ថា ពាក្យបណ្តឹងនេះមិនអាចទទួលយកមកដោះស្រាយបានទេដោយខុសនឹងទម្រង់និងគតិច្បាប់ ពីព្រោះតាមច្បាប់គាត់ត្រូវមានលិខិតផ្ទេរសិទ្ធិពីប្រពន្ធ។ ប្រធាន CEC បានប្រគល់ទម្រង់លិខិតផ្ទេរសិទ្ធិជូនគាត់។ នៅថ្ងៃបន្ទាប់ ពីថ្ងៃបោះឆ្នោត ប្តីបានយកពាក្យមកដាក់រួមជាមួយលិខិតផ្ទេរសិទ្ធិនៅម៉ោង៣រសៀល ប៉ុន្តែហួសអាជ្ញាយុកាលនៃការដាក់ពាក្យបណ្តឹង ត្រឹមម៉ោង១១និង៣០នាទីព្រឹក។ ក្រោយមកប្រហែល៣០នាទី ប្តីបានទូរស័ព្ទមកប្រធាន CEC ថា គាត់ឈប់ប្តឹងហើយ។ មន្រ្តីជូនព័ត៌មានបានបញ្ជាក់ថា តាមការអះអាងរបស់លោកស្រីនោះគឺ «គាត់ឥតបានដឹងថាឈ្មោះរបស់គាត់មាននៅក្នុងការិយាល័យណាទេ។ នៅថ្ងៃបោះឆ្នោត ទើបគាត់មករកឈ្មោះឃើញនៅការិយាល័យ១៥៥៥ ហើយគាត់ក៏បានចូលទៅបោះឆ្នោត ប៉ុន្តែពេលនោះ មន្រ្តីការិយាល័យបោះឆ្នោតបានប្រាប់គាត់ថា ឈ្មោះនេះបានត្រូវគេបោះរួចហើយ។»។ ប្រធាន CEC មិនបានពិនិត្យថាឈ្មោះរបស់គាត់ត្រូវបានគេបោះ ដូចដែលគាត់បានអះអាងនោះទេ ពីព្រោះនៅពេលនោះមានក្រុមសកម្មជនគណបក្សសង្រ្គោះជាតិកំពុងបង្កចលាចល ហើយគាត់រវល់ដោះស្រាយបញ្ហាផ្សេងៗ និងគ្រប់គ្រងសភាពការណ៍ ប៉ុន្តែប្រធាន CEC បានជួយសម្របសម្រួលប្តីគាត់ឱ្យធ្វើការប្តឹងជាលាយលក្ខណ៍អក្សរដូចបានរៀបរាប់ខាងលើ។
នៅពេលរាប់សន្លឹកឆ្នោត មានសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនទៅឈរមុខការិយាល័យរាប់សន្លឹកឆ្នោត ហើយបង្កភាពអនាធិបតេយ្យមួយចំនួន ដូចជាស្រែកហ៊ោកញ្ជ្រៀវនៅពេលឮមន្រ្តីការិយាល័យអានសន្លឹកឆ្នោតលេខ៧ ប៉ុន្តែធ្វើការតិះដៀលនិងចោលដបទឹកសុទ្ធនៅពេលឮមន្រ្តីការិយាល័យអានសន្លឹកឆ្នោតលេខ៤ ជាដើម។
តាមទិន្នន័យពីបញ្ជីឈ្មោះបោះឆ្នោតក្នុងមណ្ឌលសាលារៀនវត្តសន្សំកុសល អ្នកដែលបានទៅបោះឆ្នោតមានចំនួន ៧០,៦% ដូច្នេះអត្រានេះ ជាអត្រាប្រហាក់ប្រហែលនឹងអត្រាអ្នកទៅបោះឆ្នោតទូទាំងប្រទេស។ តាមព័ត៌មានរបស់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ២៩,៤% ដែលមិនបានទៅបោះឆ្នោត គឺដោយសារមូលហេតុមួយចំនួន ដូចជាអ្នកខ្លះរវល់ អ្នកខ្លះមិនចង់ទៅបោះឆ្នោត អ្នកខ្លះទៀតផ្លាស់ទីលំនៅឬចំណាកស្រុក។ តាមការពិត នៅមណ្ឌលនេះពុំមានអ្វីកើតឡើងទាំងអស់ លើកលែងតែករណីលោកស្រីដែលអះអាងថា ឈ្មោះគាត់ត្រូវបានគេបោះរួចនិងក្រុមជនដែលមានការរៀបចំបានបង្កអុកឡុកតែប៉ុណ្ណោះ។
នៅមានករណីមួយទៀតក្នុងសង្កាត់បឹងទំពន់នេះដែរ ប៉ុន្តែពុំមែននៅមណ្ឌលសាលារៀនវត្តសន្សំកុសលទេ ក្នុងពេលរាប់សន្លឹកឆ្នោតមានជនខិលខូចមួយក្រុមឈរក្រៅការិយាល័យ បានចោទអនុប្រធានការិយាល័យបោះឆ្នោតថា បានលួចបន្លំសន្លឹកឆ្នោត ដោយយកសន្លឹកឆ្នោតមិនបានការទៅទុកនៅក្នុងថតតុ ចំនួន៤សន្លឹក រួចបន្ទាប់មកថែម៣សន្លឹកទៀត។ ការដាក់សន្លឹកឆ្នោតមិនបានការនៅក្នុងថតតុនេះ ពីព្រោះអនុប្រធានការិយាល័យយល់ឃើញថា ត្រូវតែដាក់កុំឱ្យមានការច្រឡូកច្រឡំនឹងសន្លឹកឆ្នោតបានការ ដែលពុំផ្ទុយនឹងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតទេ ហើយក៏មានការទទួលស្គាល់ពីតំណាងគណបក្សសង្គ្រោះជាតិនៅទីនោះដែរថា ពួកគេក៏បានដឹងឮអំពីការដាក់សន្លឹកឆ្នោតទាំងនេះដែរ ហើយបញ្ជាក់ថាគ្មានការបន្លំទេ។ ប៉ុន្តែជនខិលខូចទាំងនោះ នៅតែគម្រាមថា ប្រសិនបើមិនលុតជង្គង់សំពះសុំទោស នោះនៅពេលដែលលោកអនុប្រធានការិយាល័យចេញពីការិយាល័យបោះឆ្នោត ពួកគេនឹងសម្លាប់លោកអនុប្រធានចោល។ ដោយសារភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន លោកអនុប្រធានការិយាល័យបានលុតជង្គង់សំពះសុំទោស ហើយត្រូវបានក្រុមជនខិលខូចនេះថតបង្ហោះក្នុង Facebook ថាចាប់បានចោរ ឥឡូវនេះចោរសំពះសុំទោសរួចហើយ។
ក្នុងខែតុលាកន្លងមក នៅសង្កាត់បឹងទំពន់ មានអ្នកចុះឈ្មោះថ្មី ត្រឹមតែប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយភាគច្រើនជាយុវជនគ្រប់អាយុ។ ដោយពិនិត្យមើលតួលេខនេះ សំណួរសួរថា ហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិនៅសង្កាត់បឹងទំពន់ មិនកៀរគរអ្នកបាត់ឈ្មោះ ដែលសុទ្ធតែចង់បោះឆ្នោតនោះ ទៅចុះឈ្មោះបោះឆ្នោត ឬហេតុអ្វីអ្នកដែលប្រកាសខ្លួនឯងថាបាត់ឈ្មោះ មិនព្រមទៅចុះឈ្មោះបោះឆ្នោត? តាមរយៈទិន្នន័យនៃការចុះឈ្មោះថ្មីនេះ គឺជាភស្តុតាងយ៉ាងច្បាស់បញ្ជាក់ថា របាយការណ៍រួមរបស់ ERA នេះ ពុំមានចេតនាសិក្សាស្រាវជ្រាវលើដំណើរការបោះឆ្នោតឆ្នាំ២០១៣ជាទូទៅទេ ប៉ុន្តែគ្រាន់តែជាការប្រឌិតតួលេខ ដើម្បីភូតកុហក ដោយប្រើពាក្យស្រាវជ្រាវមកធ្វើជាខែលក្នុងការបិទបាំងអំពើភូតកុហករបស់ខ្លួនប៉ុណ្ណោះ ហើយក៏ជាផ្នែកមួយនៃផែនការគ្រោងទុកជាមុនក្នុងការធ្វើយុទ្ធនាការសង្គ្រាមចិត្តសាស្រ្ត សំដៅទាត់ចោលនូវលទ្ធផលនៃការបោះឆ្នោត ក្នុងករណីដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។
២. អំពីពាក្យរបស់ ERA ដែលប្រែថា៖ ឈ្មោះមិនមានសុពលភាព និងការបោះឆ្នោតមិនស្របច្បាប់ (ទំព័រទី២៤ដល់៣៦)
២.១ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានទទួលស្គាល់អំពីបញ្ហាឈ្មោះស្ទួននៅក្នុងបញ្ជីបោះឆ្នោត ដោយបានលើកឡើងថា គ.ជ.ប បានរកឃើញឈ្មោះស្ទួនចំនួន ៣០១.០០០ ហើយ គ.ជ.ប បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការ ដើម្បីបញ្ជាក់ថាពិតជាមានឈ្មោះស្ទួនក្នុងបញ្ជីបោះឆ្នោតមែន។ មូលហេតុនៃឈ្មោះស្ទួននេះត្រូវបានពន្យល់នៅក្នុងចំណុច ២.៣ខាងក្រោម។
២.២ ការប្រើពាក្យចោទថា អ្នកឈ្មោះស្ទួនអាចបោះឆ្នោតពីរដង អ្នកផ្សេងអាចបោះមួយជំនួសសាមីខ្លួន និងមន្រ្តីការិយាល័យអាចគូសជំនួស រួចញាត់ចូលហិបឆ្នោត៖
របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងអំពីឈ្មោះស្ទួន ដែលអាជ្ញាធរមូលដ្ឋានបានដឹង ប៉ុន្តែមិនព្រមលុបចេញ ឧទាហរណ៍ដូចជា ករណីអ្នកដែលត្រូវបានចាកចេញពីកន្លែងរស់នៅរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បន្ទាប់មក របាយការណ៍រួមរបស់ ERAនេះ បានទាញការសន្និដ្ឋានអំពីលទ្ធភាពនៃការលួចបន្លំសន្លឹកឆ្នោត ដោយផ្តល់ឱកាសឱ្យអ្នកមិនមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតជំនួសអ្នកដែលបានចាកចេញនេះ។ ការសន្និដ្ឋានបែបនេះពុំមានហេតុផលគ្រប់គ្រាន់ទេ ពីព្រោះថាការចាកចេញដោយបង្ខំ ឬការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋទៅកាន់កន្លែងថ្មីមិនមែនមានន័យថា គាត់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំ-សង្កាត់ថ្មីនោះទេ ហើយក៏មិនអាចសន្និដ្ឋានថា គាត់មិនមកបោះឆ្នោតនៅកន្លែងចាស់នោះដែរ។ ដូច្នេះ ប្រសិនបើអាជ្ញាធរមូលដ្ឋានលុបឈ្មោះរបស់គាត់ចេញពីបញ្ជីបោះឆ្នោត មិនស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីបោះឆ្នោត ហើយក្នុងករណីពួកគាត់មកបោះឆ្នោតនៅឃុំ-សង្កាត់ដើមវិញ តើអាជ្ញាធរមូលដ្ឋានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងដូចម្ដេច? ម្យ៉ាងទៀត តាមច្បាប់បោះឆ្នោត ជារៀងរាល់ឆ្នាំ គណបក្សនយោបាយទាំងអស់មានសិទ្ធិរួមចំណែកធ្វើឱ្យប្រសើរនូវបញ្ជីបោះឆ្នោត ដោយអនុវត្តសិទ្ធិប្ដឹងស្នើសុំដាក់បញ្ចូលឈ្មោះដែលបាត់ពីបញ្ជីបោះឆ្នោត ឬលុបឈ្មោះស្ទួនក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែនៅឆ្នាំ២០១២ ហេតុអ្វីបានជាគណបក្សប្រឆាំងបដិសេធមិនចូលរួម ដើម្បីការពារផលប្រយោជន៍រួមរបស់សមាជិកខ្លួន?
ចម្លើយដែលសាមញ្ញបំផុតងាយយល់នោះ គឺការធ្វើពហិការរបស់គណបក្សប្រឆាំងនេះ គឺជាផ្នែកមួយនៃផែនការគ្រោងទុកជាមុន ដើម្បីបដិសេធនូវលទ្ធផលបោះឆ្នោត ក្នុងករណីដែលខ្លួនបរាជ័យនៅពេលបោះឆ្នោត។
ជាមួយគ្នានេះដែរ របាយការណ៍រួមរបស់ ERA នេះ បានសន្និដ្ឋានថា ឈ្មោះស្ទួនទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីបង្កលក្ខណៈឱ្យមនុស្សម្នាក់អាចបោះឆ្នោតបាន២ដង ឱ្យអ្នកដទៃដែលគ្មានសិទ្ធិបោះឆ្នោតបោះឆ្នោតជំនួស ឬលួចញាត់សន្លឹកឆ្នោតទៅក្នុងហិបឆ្នោត។
តើការលួចញាត់សន្លឹកឆ្នោតទៅក្នុងហិបឆ្នោតអាចធ្វើបានយ៉ាងដូចម្តេច បើតំណាងគណបក្ស និងអ្នកសង្កេតការណ៍ COMFREL មានវត្តមានជាប្រចាំនៅក្នុងគ្រប់ការិយាល័យបោះឆ្នោតទាំងនោះ?
២.៣ អំពីទឹកខ្មៅ៖ របាយការណ៍រួមរបស់ ERA នេះបានចោទថា ទឹកខ្មៅដែលប្រើក្នុងការបោះឆ្នោតអាចលុបជ្រះ (ទំព័រទី២៦)។ ទោះបីជាពុំមានពាក្យបណ្តឹងពាក់ព័ន្ធនឹងទឹកខ្មៅក៏ដោយ ប៉ុន្តែនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិទួលគោក លោក កឹម សុខា បាននិយាយថា «យើងរកឃើញនៅថ្ងៃបោះឆ្នោត ទឹកខ្មៅអាចលាងជ្រះដោយវត្ថុងាយរកនៅតាមទីផ្សារ នៅកន្លែងអ៊ុតសក់ ឬក៏ប្រើទឹកសាប៊ូលាយខ្លាញ់បន្តិចក៏អាចលាងជ្រះដែរ។ ដូច្នេះ គោលការណ៍មួយធានាថា មនុស្សបានបោះឆ្នោតមួយសន្លឹក គឺមិនអាចធានាបាន ដោយសារទឹកខ្មៅអាចលាងជ្រះ»។ ពាក់ព័ន្ធនឹងករណីនេះ លោកកឹម សុខា មិនដែលបានបង្ហាញច្បាស់ថា មានមនុស្សប៉ុន្មាននាក់ដែលបន្ទាប់ពីបោះឆ្នោតហើយ លាងសម្អាតទឹកខ្មៅជ្រះ រួចទៅបោះឆ្នោតម្តងទៀតបាននោះទេ។ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ នៅពេលដែលលោក កឹម សុខា លើកដៃសំពះ ឃើញមានស្នាមទឹកខ្មៅនៅជាប់ដៃយ៉ាងច្បាស់ក្រឡែតនៅឡើយ។ សំណួរសួរថា បើទឹកខ្មៅនេះលុបជ្រះ ហេតុអ្វីបានជាលោកមិនលុបខ្លួនឯងដើម្បីជាភស្តុតាងបង្ហាញមហាជនថាទឹកខ្មៅនេះអាចលុបជ្រះ?
ទឹកខ្មៅលុបលាងមិនជ្រះ ដែលប្រជាពលរដ្ឋបានជ្រលក់បន្ទាប់ពីបោះឆ្នោតរួចហើយ គឺជាទឹកខ្មៅដែលត្រូវបានផលិតដោយក្រុមហ៊ុនរដ្ឋឥណ្ឌា ហើយរដ្ឋាភិបាលឥណ្ឌាបានផ្ដល់ជាអំណោយជូន គ.ជ.ប ចាប់តាំងពីឆ្នាំ១៩៩៨ ហើយទឹកខ្មៅនេះក៏ត្រូវបានប្រើប្រាស់សម្រាប់ការបោះឆ្នោតនៅប្រទេសមួយចំនួន ដូចជា ប្រទេសឥណ្ឌា ម៉ាឡេស៊ីអាហ្វហ្គានីស្ថាន នីហ្សេរីយ៉ា សឹង្ហបុរី អាហ្រ្វិកខាងត្បូង និងថៃផងដែរ។
បើគណបក្សប្រឆាំងចោទថា ទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោត អាចលុបជ្រះនោះ គណបក្សប្រឆាំងអាចទៅស្រាវជ្រាវដោយផ្ទាល់នៅប្រទេសខាងលើ ដែលបានប្រើទឹកខ្មៅនេះសម្រាប់ការបោះឆ្នោតដែរ ឬសួរទៅក្រុមហ៊ុនរដ្ឋឥណ្ឌាដែលផលិតទឹកខ្មៅនេះ និងរដ្ឋាភិបាលឥណ្ឌាដែលជាអ្នកផ្ដល់ទឹកខ្មៅនេះជូន គ.ជ.ប។
២.៤ អំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត (ប័ណ្ណខៀវ)៖ ជាធម្មតា ប្រជាពលរដ្ឋតែងតែមានការភាន់ច្រឡំក្នុងការទុកដាក់ ឬបាត់បង់ឯកសារផ្សេងៗ រួមទាំងឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនផង ដូចជាមានអ្នកខ្លះច្រឡំដាក់កន្លែងណាមួយរកមិនឃើញ អ្នកខ្លះធ្វើឱ្យខូចឯកសារ ដូចជាត្រូវទឹកភ្លៀង ឬអ្នកខ្លះបាត់តែម្ដងជាដើម។ មូលហេតុទាំងអស់នេះហើយ ទើបមានការចេញជូន នូវលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត ដើម្បីធានាដល់សិទ្ធិពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត។
ដោយផ្អែកលើមូលហេតុនេះហើយ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ ច្បាប់ បទបញ្ជា និងនីតិវិធីបោះឆ្នោត តម្រូវឱ្យមេឃុំ-ចៅសង្កាត់មានសិទ្ធិចេញប័ណ្ណខៀវ ជូនប្រជាពលរដ្ឋរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ (១៥ថ្ងៃមុនថ្ងៃបោះឆ្នោត)។ មេឃុំ-ចៅសង្កាត់ចេញប័ណ្ណខៀវជូនប្រជាពលរដ្ឋដោយមានគណនេយ្យភាព និងតម្លាភាព និងស្របទៅតាមបែបបទនីតិវិធី និងតម្រូវឱ្យមានឯកសារ ឬសាក្សីបញ្ជាក់អំពីអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ គ.ជ.ប ចេញសៀវភៅប័ណ្ណខៀវ ដែលមានទាំងគល់បញ្ជី និងចុងសន្លឹក។ ស្មៀនឃុំ-សង្កាត់ត្រូវបំពេញព័ត៌មានដូចគ្នានៅលើគល់បញ្ជី និងចុងសន្លឹកដែលចុះហត្ថលេខាដោយមេឃុំ-ចៅសង្កាត់។ ចុងសន្លឹក(ប័ណ្ណខៀវ) នឹងត្រូវប្រគល់ឱ្យទៅអ្នកបោះឆ្នោត ហើយគល់បញ្ជីនឹងត្រូវរក្សាទុក។ មេឃុំ-ចៅសង្កាត់ត្រូវអនុញ្ញាតឱ្យតំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ត្រួតពិនិត្យគល់បញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណនៅឃុំ-សង្កាត់រៀងរាល់ម៉ោងធ្វើការ ប៉ុន្តែមិនអនុញ្ញាតឱ្យថតចម្លងឡើយ។ ក្នុងករណីនេះ តំណាងគណបក្សនយោបាយនៅមូលដ្ឋាន ឬអង្គការមិនមែនរដ្ឋាភិបាលអាចចូលរួមពិនិត្យគល់បញ្ជីនេះ ប៉ុន្តែ គ.ជ.ប ពុំដែលបានទទួលពាក្យបណ្តឹងតវ៉ាអំពីភាពមិនប្រក្រតីណាមួយទេ។
ល្បិចកលនៃការសរសេរជាទូទៅនៃរបាយការណ៍រួមរបស់ ERA ដែលមិនមានលក្ខណៈជាក់ស្តែងនេះ គឺមានបំណងធ្វើឱ្យការពន្យល់បកស្រាយ មិនអាចធ្វើទៅបាន ប៉ុន្តែករណីឈ្មោះ ចាន់ សាន់ (ទំព័រទី៣២) ត្រូវបានអ្នកសរសេររបាយការណ៍រួមរបស់ ERA នេះ មានល្បិចលុបឈ្មោះចេញ ប៉ុន្តែជាអកុសលលុបមិនអស់ ហើយនៅពេលដែលយើងពិនិត្យយ៉ាងម៉ត់ចត់ ឃើញឈ្មោះនេះយ៉ាងតូចនៅលើគល់បញ្ជីប័ណ្ណខៀវនេះ។ ក្នុងការអត្ថាធិប្បាយរបស់អ្នកសរសេររបាយការណ៍រួមរបស់ ERA នេះ បានចោទថា ការមិនបិទរូបថតលើប័ណ្ណនេះ (តាមពិត មិនមែនជាប័ណ្ណដែលយកទៅប្រើប្រាស់សម្រាប់បោះឆ្នោតទេ ប៉ុន្តែជាគល់បញ្ជីសម្រាប់បញ្ជូនទៅ គ.ជ.ប) គឺមានចេតនាផ្តល់លទ្ធភាពឱ្យអ្នកឈ្មោះស្ទួនអាចបោះឆ្នោតបានច្រើនជាងមួយដង ឬអ្នកគ្មានសិទ្ធិបោះឆ្នោតអាចប្រើប័ណ្ណខៀវរបស់ឈ្មោះ ចាន់ សាន់ ទៅបោះឆ្នោតបាន។
តាមការពិត ការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ លោកយាយ ចាន់ សាន់ មានអាយុ ៨០ឆ្នាំ បានទទួលប័ណ្ណខៀវ ដែលមានរូបថត និងត្រាមេឃុំ។ ស្មៀនឃុំបានបញ្ជាក់ថា ជាការអនុវត្តត្រូវតែមានរូបថតទាំងគល់បញ្ជីនិងចុងសន្លឹក ប៉ុន្តែករណីលោកយាយ ចាន់ សាន់ នេះ លោកស្មៀនឃុំចាំមិនច្បាស់ថា តើមានរូបថតតែមួយ ឬក៏ខ្លួនលោកភ្លេចបិទរូបថតរបស់លោកយាយមួយសន្លឹកទៀតនៅគល់បញ្ជី។ ដូច្នេះ ក្នុងករណីនេះ ប្រសិនបើលោកយាយ ចាន់ សាន់ មានរូបថតតែមួយសន្លឹក ហើយមេឃុំពុំចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោតជូនលោកយាយ ដោយសារ ខ្វះរូបថតមួយសន្លឹកបិទលើគល់បញ្ជីនោះ លោកយាយពិតជាមិនអាចអនុវត្តសិទ្ធិបោះឆ្នោតបានឡើយ។ ករណីរបស់លោកយាយ ចាន់ សាន់ នេះ ត្រូវបាន ERA យកមកសរសេរបន្លំអ្នកអានដោយផ្ទុយពីការពិត ពីព្រោះអ្វីដែលយកមកបង្ហាញនេះ គឺគល់បញ្ជីដែលតម្កល់ទុកនៅ គ.ជ.ប ពុំត្រូវបានយកមកប្រើប្រាស់សម្រាប់ការបោះឆ្នោតទេ ហើយចុងសន្លឹកគឺនៅនឹងលោកយាយ ដែលមានរូបថតត្រឹមត្រូវ ប៉ុន្តែក្នុងរបាយការណ៍រួមរបស់ ERA នេះ បែរជាបំផ្លើសដោយលើកយកករណីរបស់លោកយាយ ចាន់ សាន់ មួយនេះ មកប្រើដើម្បីទាញជាសេចក្តីសន្និដ្ឋានសម្រាប់ករណីទូទៅនៅទូទាំងប្រទេសថា ប័ណ្ណខៀវដែលគ្មានរូបថតអាចផ្តល់លទ្ធភាពដល់អ្នកផ្សេងបោះឆ្នោតជំនួសវិញ។ ក្នុងរបាយការណ៍នេះ បានបង្ហាញគល់បញ្ជីនៃប័ណ្ណខៀវដែលគ្មានរូបថត ហើយលុបឈ្មោះអ្នកកាន់ប័ណ្ណនេះចោល ដើម្បីចៀសវាងការស្គាល់ឈ្មោះម្ចាស់ប័ណ្ណ និងបំបិទភស្តុតាងសម្រាប់ធ្វើការស្រាវជ្រាវ។
របាយការណ៍រួមរបស់ ERA បានលើកឡើងអំពីករណីលោកយាយ ចាន់ សាន់ គឺដើម្បីគ្រាន់តែចោទប្រកាន់លើអាជ្ញាធរមូលដ្ឋាន ឬគ.ជ.ប ប៉ុណ្ណោះ។ ប៉ុន្តែ ករណីនេះត្រូវបានរកឃើញការពិត ហើយនៅមានករណីទូទៅជាច្រើនទៀតដែលរបាយការណ៍រួមរបស់ ERA នេះ បានភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិត ដោយមិនបានបង្ហាញអំពីករណីជាក់ស្តែង ដូចករណីលោកយាយ ចាន់ សាន់។
ឧទាហរណ៍មួយទៀត របាយការណ៍រួមរបស់ ERA នេះ គ្រាន់តែសរសេរថា មានការិយាល័យមួយក្នុងចំណោមការិយាល័យសាលារៀនវត្តសន្សំកុសល មានប្រជាជនជាង៥០% ទៅបោះឆ្នោត តែពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬឈ្មោះត្រូវបានគេបោះឆ្នោតរួច ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះអ្នកបោះឆ្នោតនិងលេខការិយាល័យទេ។ ហេតុអ្វី? ពីព្រោះថា តាមការពិតជាក់ស្តែង វាមិនមានបាតុភាពធ្ងន់ធ្ងរដូចអ្វីដែលរបាយការណ៍រួមរបស់ ERA ចង់បំផ្លើសនោះទេ។ ឧទាហរណ៍មួយថែមទៀត របាយការណ៍រួមនេះគ្រាន់តែលើកឡើងថា មានការិយាល័យចំនួន៧៧ ដែលមានសន្លឹកឆ្នោតមិនបានការពី ១០០ ទៅ៥០០ ដោយមិនបានបញ្ជាក់ឈ្មោះការិយាល័យណាខ្លះនោះទេ។ អ្នកអានដែលពុំបានយល់ដឹងស៊ីជម្រៅអំពីដំណើរការបោះឆ្នោត ឬពុំបានធ្វើការស្រាវជ្រាវឱ្យបានដឹងអំពីឬសគល់នៃបញ្ហាប្រាកដជាជឿលើរបាយការណ៍នេះ ដោយសារអ្នកសរសេរមានកលល្បិចទុច្ចរិត ផ្តល់ព័ត៌មានខុសនិងប្រឌិត ដើម្បីធ្វើឱ្យអ្នកអានមានទស្សនៈអវិជ្ជមានចំពោះការបោះឆ្នោតនៅកម្ពុជា។
របាយការណ៍រួមរបស់ ERA បានសន្និដ្ឋានដោយខ្លួនឯងថា ការចេញប័ណ្ណខៀវ មានប្រហាក់ប្រហែលនឹងចំនួនសំឡេងឆ្នោត ដែលគណបក្សប្រជាជនកម្ពុជាឈ្នះគណបក្សសង្គ្រោះជាតិ ចំនួន ២៨ម៉ឺនសន្លឹក។ តាមការពិត ឱ្យតែអ្នកមានបញ្ហាបាត់ឬខូច គ.ជ.ប ត្រូវតែចេញប័ណ្ណដោយមិនប្រកាន់និន្នាការនយោបាយ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ សេចក្ដីសន្និដ្ឋានបែបនេះ គឺមានគោលដៅនយោបាយ ពីព្រោះប័ណ្ណខៀវដែលមានសុពលភាពសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ មានរហូតដល់ចំនួន ១.៨៦០.៤៩១សន្លឹក ដែលក្នុងនោះចំនួន ១.០៩៨.៨៩៣សន្លឹក ត្រូវបានចេញសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ និង ៧៦១.៥៩៨សន្លឹក ត្រូវបានចេញក្នុងឆ្នាំ២០១៣ ដែលក្នុងនោះ ចំនួន ៤៨៩.៥០១សន្លឹក ត្រូវបានចេញនៅពេលពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ និងចំនួន ២៧២.៤៤៧សន្លឹក ចេញក្នុងដំណាក់កាលបោះឆ្នោត។ ហេតុអ្វីបានជារបាយការណ៍រួមនេះ លើកឡើងតែតួលេខនៃការចេញប័ណ្ណខៀវ នៅក្នុងដំណាក់កាលចុងក្រោយនៃការបោះឆ្នោត ដែលតួលេខនេះគ្រាន់តែប្រហែលនឹងសំឡេងឆ្នោត ដែលគណបក្សប្រជាជនកម្ពុជាឈ្នះគណបក្សសង្រ្គោះជាតិ ដើម្បីធ្វើឱ្យអ្នកអានមានការយល់ច្រឡំ គិតថា គ.ជ.ប ធ្វើប័ណ្ណខៀវមុនពេលបោះឆ្នោតចំនួន ២៨ម៉ឺនសន្លឹកនេះ ឱ្យអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទើបបានជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតប្រហែល ២៨ម៉ឺនសន្លឹកនេះ។
នេះពិតជាមានន័យថា របាយការណ៍រួមរបស់ ERA នេះ មានគោលដៅបំភ្លៃការពិត ដើម្បីឱ្យសាធារណមតិយល់ច្រឡំថា គ.ជ.ប លួចបន្លំសន្លឹកឆ្នោតជួយគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមានចេតនា បំផ្លាញប្រព័ន្ធបោះឆ្នោត ដើម្បីបដិសេធលទ្ធផលបោះឆ្នោតដែលជាគោលដៅចុងក្រោយ នៅពេលដែលគណបក្សប្រឆាំងចាញ់ឆ្នោត។
២.៥ របាយការណ៍រួមរបស់ ERA នេះ ក៏បានលើកឡើងផងដែរអំពីចំនួនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមានប្រហែល ៩.៤៤២.៨០២នាក់ ធៀបទៅនឹងចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩.៦៧៥.៤៥៣នាក់ (ទំព័រទី២៧)។ សូមបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋ ៩.៤៤២.៨០២នាក់ គឺគ្រាន់តែជាតួលេខប៉ាន់ស្មាន និងជាតួលេខព្យាករណ៍របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការនៅឆ្នាំ២០០៨។ ក្រុមប្រឹក្សាឃុំ-សង្កាត់ទទួលប្រតិភូកម្មអំណាចពី គ.ជ.ប ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប៉ុន្តែនៅកម្ពុជា យើងត្រូវទទួលស្គាល់នូវលទ្ធភាពជាក់ស្ដែងរបស់រដ្ឋ ដែលនៅតាមមូលដ្ឋានមួយចំនួនពុំមានប្រព័ន្ធអគ្គិសនីគ្រប់គ្រាន់ ធនធានហិរញ្ញវត្ថុនៅមានកំណត់ និងធនធានមនុស្សដែលចេះប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅមានកម្រិតតិចតួចណាស់ ដូច្នេះ ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវធ្វើដោយដៃ។ ហេតុនេះ ការប៉ោងឡើងនៃតួលេខអាចបណ្ដាលមកពីមូលហេតុមួយចំនួនដូចខាងក្រោម៖
មូលហេតុទីមួយ៖ ក្នុងរយៈពេល២០ឆ្នាំនេះ កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើការវិនិយោគ និងពាណិជ្ជកម្ម ដែលនេះជាមូលហេតុធ្វើឱ្យប្រជាពលរដ្ឋផ្លាស់ទីលំនៅគ្រប់ទីកន្លែងពីកន្លែងមួយទៅកន្លែងមួយទៀតនៅទូទាំងប្រទេស។ ម្យ៉ាងទៀត ដោយសារមានការអភិវឌ្ឍលំនៅដ្ឋានយ៉ាងលឿនក្នុងរាជធានីភ្នំពេញ អ្នកភ្នំពេញបានផ្លាស់ទីលំនៅពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្នុងរាជធានីភ្នំពេញ ហើយភាគច្រើនពួកគាត់បានចុះឈ្មោះម្តងទៀតនៅទីកន្លែងដែលគាត់រស់នៅថ្មី ប៉ុន្តែភាគច្រើននៃប្រជាពលរដ្ឋដែលបានធ្វើការផ្លាស់ប្ដូរទីលំនៅទាំងនោះ ពុំបានធ្វើសំណើសុំលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ចាស់ដែលធ្លាប់រស់នៅទេ។ ដូច្នេះ ឈ្មោះរបស់ពួកគាត់អាចមានរហូតដល់ ២, ៣ ឬ ៤កន្លែង។ យោងតាមមាត្រា៥២ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បញ្ញត្តិថា «ប្រជាពលរដ្ឋខ្មែរ ដែលមានទីលំនៅច្រើនជាងមួយកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជ្រើសរើសយកកន្លែងតែមួយគត់ដើម្បីចុះឈ្មោះជាអ្នកបោះឆ្នោត»។ ទោះបីជាយ៉ាងនេះក៏ដោយ តាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ការលុបឈ្មោះជនណាម្នាក់ចេញពីបញ្ជីបោះឆ្នោតបាន ដរាបណាមានការស្នើសុំពីសាមីខ្លួនផ្ទាល់ ឬពាក្យបណ្តឹងជំទាស់ពីជនណាម្នាក់ ដោយភ្ជាប់មកជាមួយនូវឯកសារ និងភស្តុតាងច្បាស់លាស់។ បញ្ហាដែលបានរៀបរាប់ខាងលើនេះ ជាមូលហេតុដែលធ្វើឱ្យមានភាពលម្អៀងរវាងចំនួនអ្នកមានសិទ្ធិបោះឆ្នោត និងចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោត។
មូលហេតុទីពីរ៖ នៅឆ្នាំ២០១២ គ.ជ.ប បានផ្តល់លទ្ធភាពឱ្យគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត បង្កើតមជ្ឈមណ្ឌលព័ត៌មានមួយ ហើយភ្ជាប់ទៅកាន់បណ្ដាញមេ (Server) របស់ គ.ជ.ប ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកឈ្មោះរបស់ពួកគាត់។ ទោះបីជាយ៉ាងនេះក៏ដោយ ឃុំ-សង្កាត់ភាគច្រើនពុំអាចប្រើប្រាស់កុំព្យូទ័រ ឬពុំមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតបាន ដែលជាហេតុធ្វើឱ្យពួកគាត់មិនអាចស្វែងរកឈ្មោះអ្នកស្នើសុំចុះឈ្មោះថ្មី ដើម្បីផ្ទៀងផ្ទាត់ឱ្យប្រាកដថា អ្នកស្នើសុំចុះឈ្មោះថ្មីទាំងនោះធ្លាប់បានចុះឈ្មោះរួចហើយឬនៅ។
របាយការណ៍រួមរបស់ ERA នេះ (ទំព័រទី២៨ ដល់ទី២៩) បានលើកឡើងអំពីទីកន្លែងជាក់ស្តែងមួយចំនួននៅរាជធានីភ្នំពេញ ដែលឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីមានចំនួនច្រើនជាងចំនួនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតជាក់ស្ដែង ឧទាហរណ៍៖
– នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៖ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមាន ១៣.៥១៣នាក់ ចំណែកឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនរហូតដល់ ២២.៧១០នាក់។ ចៅសង្កាត់ បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួនច្រើនជាងអ្នកមានសិទ្ធិបោះឆ្នោតដែលរស់នៅអចិន្រ្តៃយ៍នៅសង្កាត់នេះ គឺដោយសារនៅក្នុងសង្កាត់នេះ មានប្រជាពលរដ្ឋមកស្នាក់នៅនិងមាននិស្សិត ជាពិសេសនិស្សិតស្នាក់នៅតាមវត្តអារាម និងកម្មករជួលផ្ទះនៅ ហើយបានចុះឈ្មោះដើម្បីបោះឆ្នោតនៅទីនេះ។ ការផ្លាស់ប្តូរទីលំនៅចេញនិងចូលជាញឹកញាប់ ធ្វើឱ្យអាជ្ញាធរមូលដ្ឋានមានការលំបាកក្នុងការកំណត់អត្តសញ្ញាណពិតប្រាកដ។ នៅក្នុងសង្កាត់នេះ ក៏មានការផ្ទេរប្រជាពលរដ្ឋចេញពីតំបន់សម្បុកចាបនិងដីក្រហមទៅកន្លែងផ្សេង។ គួរឱ្យកត់សម្គាល់ផងដែរថា អ្នកដែលបានចុះឈ្មោះថ្មីនៅក្នុងសង្កាត់នេះ ភាគច្រើនត្រូវបានសកម្មជនគណបក្សសង្គ្រោះជាតិនាំមកចុះឈ្មោះ ដោយចេញមុខធ្វើជាសាក្សីឱ្យពួកគាត់តែម្តង។
– នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ៖ អ្នកមានសិទ្ធិបោះឆ្នោតមានចំនួន ៤.៤៦៣នាក់ រីឯឈ្មោះក្នុងបញ្ជីបោះឆ្នោតមានរហូតដល់ចំនួន ៩.០២៩នាក់។ ចៅសង្កាត់ចតុមុខបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យឈ្មោះក្នុងបញ្ជីបោះឆ្នោត មានច្រើនជាងអ្នកមានសិទ្ធិបោះឆ្នោតដែលរស់នៅអចិន្រ្តៃយ៍នៅសង្កាត់នេះ គឺដោយសារនៅក្នុងសង្កាត់នេះ មានប្រជាពលរដ្ឋមកស្នាក់នៅ កម្មករសំណង់ និងមាននិស្សិត ជាពិសេសនិស្សិតស្នាក់នៅតាមវត្តអារាម ហើយបានចុះឈ្មោះដើម្បីបោះឆ្នោតនៅទីនេះដែរ។ ការផ្លាស់ប្តូរទីលំនៅចេញនិងចូលជាញឹកញាប់ ដែលធ្វើឱ្យអាជ្ញាធរមូលដ្ឋានមិនអាចស្គាល់អត្តសញ្ញាណពិតប្រាកដ។ ក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះ មានប្រជាពលរដ្ឋសរុបទៅបោះឆ្នោតចំនួន ៥.៣១៥នាក់។ ជាពិសេសនៅក្នុងថ្ងៃបោះឆ្នោត មានការចូលរួមពីតំណាងគណបក្សនយោបាយនិងអ្នកសង្កេតការណ៍ដ៏ច្រើនកុះករ ហើយពុំមានបញ្ហាអ្វីទាំងអស់កើតឡើង។
ក្នុងករណីដូចបានរៀបរាប់ខាងលើនេះ អាជ្ញាធរឃុំ-សង្កាត់ពុំមានសំអាងផ្លូវច្បាប់ដើម្បីស្នើសុំ គ.ជ.ប លុបឈ្មោះអ្នកទាំងនោះចេញពីបញ្ជីបោះឆ្នោតទេ។ នេះជាមូលហេតុដែលធ្វើឱ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនច្រើនជាងចំនួនប្រជាពលរដ្ឋ ដែលរស់នៅអចិន្ត្រៃយ៍នៅមូលដ្ឋាននីមួយៗ។ ចំពោះករណីខាងលើ កើតមានឡើងច្រើននៅតំបន់ប្រជុំជន ឬទីក្រុង ពីព្រោះប្រជាពលរដ្ឋផ្លាស់ប្តូរទីលំនៅចេញ-ចូលញឹកញាប់។ ចំណែកនៅតាមតំបន់ជនបទ ឬនៅតាមឃុំ ពុំសូវមានករណីដូចបានរៀបរាប់ខាងលើនោះទេ។
២.៦ ការបោះពុម្ពសន្លឹកឆ្នោតច្រើនហួសពីតម្រូវការ៖ របាយការណ៍រួមរបស់ ERA បានលើកឡើងអំពី «ការបោះពុម្ព សន្លឹកឆ្នោតលើសពីតម្រូវការ» (ទំព័រទី៣៣)។
ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីឆ្នាំ២០១២ មានចំនួន ៩.៦៧៥.៤៥៣នាក់ និងការិយាល័យបោះឆ្នោតចំនួន ១៩.០០៩ការិយាល័យ។ សន្លឹកឆ្នោត ដែលបានផ្តល់ឱ្យប្រើប្រាស់សម្រាប់ការិយាល័យបោះឆ្នោតទាំងអស់ មានចំនួនសរុប ១១.០៨២.៤០០សន្លឹក ក្នុងនោះរួមទាំងសន្លឹកឆ្នោតបម្រុងជាមធ្យមប្រមាណ ៧៥សន្លឹកសម្រាប់ការិយាល័យនីមួយៗ។ សន្លឹកឆ្នោតបម្រុងចំនួន ១.២២៤.៧៥០សន្លឹកផ្សេងទៀត ត្រូវបានរក្សាទុកនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ/ខប) សម្រាប់ផ្ដល់ជូនគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ/សប) ទាំង ១.៦៣៣ ឃុំ-សង្កាត់ភ្លាមៗ ក្នុងករណីឃុំ-សង្កាត់ណាមួយខ្វះឬខូចសន្លឹកឆ្នោតដោយប្រការណាមួយ ដូចជា ករណីអគ្គីភ័យ ភ្លៀងទទឹកជាដើម។ យោងតាមនីតិវិធីរបស់ គ.ជ.ប ការបែងចែកសន្លឹកឆ្នោតតាមការិយាល័យនីមួយៗ មានដូចក្នុងឧទាហរណ៍ខាងក្រោម៖
ទីមួយ៖ បើការិយាល័យបោះឆ្នោតមានចំនួនអ្នកបោះឆ្នោត ៦៥០នាក់ នោះសន្លឹកឆ្នោតប្រើការសរុបមានចំនួន១៣ក្បាល ស្មើនឹង ៦៥០សន្លឹក។ គ.ជ.ប ពិនិត្យឃើញថា សន្លឹកឆ្នោតស្មើនឹងចំនួនអ្នកបោះឆ្នោត ដូច្នេះ គ.ជ.ប បន្ថែមសន្លឹកឆ្នោតបម្រុង ០១ក្បាល ស្មើនឹង៥០សន្លឹកទៀត នាំឱ្យទាំងសន្លឹកឆ្នោតប្រើការ និងសន្លឹកឆ្នោតបម្រុង មានចំនួនសរុប ៧០០សន្លឹក ស្មើនឹង១៤ក្បាល ក្នុងការិយាល័យនោះ។
ទីពីរ៖ បើការិយាល័យមួយមានចំនួនអ្នកបោះឆ្នោត ៦៥១នាក់ នោះសន្លឹកឆ្នោតប្រើការមានចំនួន ១៤ក្បាល ស្មើនឹង ៧០០សន្លឹក។ គ.ជ.ប ពិនិត្យឃើញថា មានសន្លឹកឆ្នោតលើសពីចំនួនអ្នកបោះឆ្នោតចំនួន ៤៩សន្លឹក ដូច្នេះ គ.ជ.ប បន្ថែមសន្លឹកឆ្នោតបម្រុង ០១ក្បាល ស្មើនឹង ៥០សន្លឹកទៀត នាំឱ្យសន្លឹកឆ្នោតបម្រុងមានចំនួន ៩៩សន្លឹក។ ដូច្នេះ ទាំងសន្លឹកឆ្នោតប្រើការ និងសន្លឹកឆ្នោតបម្រុង មានចំនួនសរុប ៧៥០សន្លឹក ស្មើនឹង១៥ក្បាល ក្នុងការិយាល័យនោះ។
ទីបី៖ បើការិយាល័យមួយមានចំនួនអ្នកបោះឆ្នោត ៦៩៣នាក់ នោះសន្លឹកឆ្នោតប្រើការមានចំនួន ១៤ក្បាល ស្មើនឹង ៧០០សន្លឹក។ គ.ជ.ប ពិនិត្យឃើញថា មានសន្លឹកឆ្នោតលើសពីចំនួនអ្នកបោះឆ្នោតចំនួន ០៧សន្លឹក ដូច្នេះ គ.ជ.ប បន្ថែមសន្លឹកឆ្នោតបម្រុង ០១ក្បាល ស្មើនឹង ៥០សន្លឹកទៀត នាំឱ្យសន្លឹកឆ្នោតបម្រុងមានចំនួន ៥៧សន្លឹក។ ដូច្នេះ ទាំងសន្លឹកឆ្នោតប្រើការ និងសន្លឹកឆ្នោតបម្រុង មានចំនួនសរុប ៧៥០សន្លឹក ស្មើនឹង១៥ក្បាល ក្នុងការិយាល័យនោះ។
របាយការណ៍រួមរបស់ ERA នេះ បានចោទថា «គ.ជ.ប ពុំបានប្រកាសចំនួនសន្លឹកឆ្នោតមិនបានការនៅគ្រប់ការិយាល័យបោះឆ្នោត ដែលបង្កឱ្យមានការលំបាកដើម្បីគណនាចំនួនសរុបនៃសន្លឹកឆ្នោតដែលមិនបានការ ក៏ដូចជាការបោះពុម្ពសន្លឹកឆ្នោតលើសដែលចោទជាបញ្ហាអំពីប្រសិទ្ធភាពនៃសុវត្ថិភាពបោះឆ្នោតដែរ»។
តាមពិត មុនពេលប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត គ.ជ.ប បានផ្សព្វផ្សាយរបាយការណ៍ស្ដីពីការប្រើប្រាស់ និងផ្ទៀងផ្ទាត់សន្លឹកឆ្នោតនៅទូទាំង ២៤មណ្ឌលរាជធានី-ខេត្ត រួមមាន៖
– សន្លឹកឆ្នោតផលិតសរុប ១២.៣២៥.៦៥០សន្លឹក
– សន្លឹកឆ្នោតគំរូសម្រាប់វគ្គបណ្ដុះបណ្ដាល ១៨.៥០០សន្លឹក
– សន្លឹកឆ្នោតបានការសរុប ៦.៦២៧.១៥៩សន្លឹក
– សន្លឹកឆ្នោតមិនបានការសរុប ១០៨.០៨៥សន្លឹក
– សន្លឹកឆ្នោតខូចសរុប ២១.៩៧៣សន្លឹក
– សន្លឹកឆ្នោតនៅសល់ (មិនបានប្រើ) ៤.៣២៦.០១២សន្លឹក
– សន្លឹកឆ្នោតបម្រុងនៅសល់ ១.២២៤.០០០សន្លឹក
COMFREL មានអ្នកសង្កេតការណ៍របស់ខ្លួនគ្រប់ការិយាល័យទូទាំងប្រទេស ដែលចូលរួមគ្រប់ដំណាក់កាលនៃការបោះឆ្នោត រួមទាំងការរាប់សន្លឹកឆ្នោតផង។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតមានការកត់ត្រាអំពីសន្លឹកឆ្នោតមិនបានការ ដូច្នេះបើ COMFREL ចង់ដឹងអំពីចំនួនសន្លឹកឆ្នោតមិនបានការនៅការិយាល័យណាមួយ ឬនៅគ្រប់ការិយាល័យទូទាំងប្រទេសនោះ COMFREL អាចទទួលទិន្នន័យពីអ្នកសង្កេតការណ៍របស់ខ្លួន ដែលមានវត្តមាននៅការិយាល័យបោះឆ្នោតទាំងអស់តាមទម្រង់១១០៤ ឬពីទម្រង់១១០២ដែលបិទនៅខាងមុខការិយាល័យបោះឆ្នោត តើចាំបាច់ធ្វើការស្ទង់មតិធ្វើអ្វី។ បើសិនជាមានការខុសគ្នារវាងទិន្នន័យរបស់ គ.ជ.ប និង COMFREL នោះខ្លួនអាចបញ្ចេញទិន្នន័យនៃភាពខុសគ្នានេះ ដើម្បីជាភស្តុតាងថា មានភាពមិនប្រក្រតីណាមួយកើតឡើងជុំវិញបញ្ហានេះ ហើយ COMFREL មិនគួរយកមកសរសេរនៅក្នុងរបាយការណ៍រួមរបស់ ERA ដើម្បីធ្វើឱ្យអ្នកអានដែលមិនបានជ្រាបព័ត៌មានច្បាស់អំពីបញ្ហានេះមានការយល់ច្រឡំឡើយ។
ចម្លើយដ៏សាមញ្ញងាយយល់ចំពោះការចោទប្រកាន់ដ៏ខុសឆ្គងនោះ គឺការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីធ្វើឱ្យបាត់ជំនឿទុកចិត្តលើ គ.ជ.ប ហើយបង្កើតបានជាមូលហេតុធ្វើឱ្យគណបក្សប្រឆាំងទាត់ចោលលទ្ធផលនៃការបោះឆ្នោត។ ម៉្យាងវិញទៀត របាយការណ៍រួមរបស់ ERA នេះ បានរួមចំណែកធំ ធ្វើឱ្យសាធារណមតិ ជាពិសេស ប្រទេសមួយចំនួនយល់ច្រឡំ និងវាយតម្លៃខុសទៅលើ គ.ជ.ប ដោយបានគាំទ្រការចោទប្រកាន់មិនសមហេតុសមផលរបស់គណបក្សប្រឆាំងថា គ.ជ.ប មិនឯករាជ្យ និងមិនអព្យាក្រឹត ហើយ គ.ជ.ប គឺជាឧបករណ៍មួយដែលលម្អៀងនិងបានលួចសន្លឹកឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាផងដែរ។
របាយការណ៍រួមរបស់ ERA (ទំព័រទី៣៥) ក៏បានចោទផងដែរថា ក្នុងចំណោមការិយាល័យបោះឆ្នោតចំនួន១៥.០៧៥ មានការិយាល័យចំនួន៧៧ ត្រូវបានកត់ត្រាក្នុងទម្រង់១១០៩ ថាមានសន្លឹកឆ្នោតមិនបានការចន្លោះពី ១០០ទៅ៥០០សន្លឹក។ ការចោទប្រកាន់នេះពិតជាមានការបំផ្លើស។
នៅទូទាំងប្រទេស សន្លឹកឆ្នោតបានការមានចំនួន ៦.៦២៧.១៥៩សន្លឹក និងសន្លឹកឆ្នោតមិនបានការមានចំនួន ១០៨.០៨៥សន្លឹក។ តាមតួលេខរបស់ គ.ជ.ប នៅទូទាំងប្រទេស ការិយាល័យ ចំនួន៦ ដែលមានចំនួនសន្លឹកឆ្នោតមិនបានការច្រើនជាងគេគឺ៖ នៅខេត្តសៀមរាប ការិយាល័យលេខ០៣២៦ មាន ១៣៧សន្លឹក ការិយាល័យលេខ០២២២ មាន ១៣៣សន្លឹក និងការិយាល័យលេខ០៤៨២ មាន ១២៧សន្លឹក។ នៅខេត្តរតនគិរី ការិយាល័យលេខ០១២២ មាន ១១៧សន្លឹក។ នៅខេត្តក្រចេះ ការិយាល័យលេខ ០០២៤ មាន ១១១សន្លឹក។ នៅកំពង់ធំ ការិយាល័យលេខ០៤១៤ មាន ១០១សន្លឹក។ តួលេខនេះមានភាពខុសគ្នាយ៉ាងខ្លាំងរវាងទិន្នន័យនៅក្នុងរបាយការណ៍រួមរបស់ ERA និងទិន្នន័យជាក់ស្តែងនៃការបោះឆ្នោតដែលផ្សព្វផ្សាយដោយ គ.ជ.ប។ តាមរយៈតួលេខនេះ បញ្ជាក់ឱ្យឃើញថា របាយការណ៍រួមនេះ មានចេតនាភូតកុហក និងប្រឌិតរឿង ហើយជាធម្មតាអ្នកភូតកុហក និងប្រឌិតរឿងតែងតែភ្លេចភ្លាំងនៅចំណុចណាមួយដែលធ្វើឱ្យគេចាប់ចំណុចបាន ដែលនេះជារឿងគួរឱ្យអាម៉ាស់បំផុតរបស់អ្នកដែលមានចេតនាបំផ្លាញលទ្ធផលនៃការបោះឆ្នោត។
របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងថា មាន ១១% នៃការិយាល័យសរុប ១៩.០០៩ មានភាពខុសគ្នារវាងសន្លឹកឆ្នោតបានការសរុបដែលកត់ត្រាដោយអ្នកសង្កេតការណ៍របស់ TIC និងលទ្ធផលផ្លូវការ។ ជាធម្មតា ការរាប់សន្លឹកឆ្នោតធ្វើដោយដៃមនុស្ស ដែលមិនអាចធ្វើឱ្យល្អឥតខ្ចោះ១០០%ទេ ហើយអាចមានកំហុសឆ្គងបន្តិចបន្តួច ឧទាហរណ៍ ៣ ឬ ៤ករណីនៅទូទាំងប្រទេសជាដើម ប៉ុន្តែមិនមែន ១១% ដូចបានលើកឡើងក្នុងរបាយការណ៍នេះទេ។ ដូច្នេះ តួលេខនេះ គឺបំផ្លើសដោយអង្គការ TIC សមគំនិតជាមួយនឹងអ្នកសរសេររបាយការណ៍នេះ។ ប្រសិនបើមានភាពខុសគ្នាបែបនេះមែន ហេតុអ្វីបានជាក្នុងរបាយការណ៍នេះ មិនប្រាប់ឈ្មោះការិយាល័យ ដែលមានបញ្ហាទាំងនេះ ហើយហេតុអ្វីគណបក្សប្រឆាំងមិនប្តឹងតវ៉ារកដំណោះស្រាយ ភ្លាមៗនោះ លើកលែងតែការិយាល័យ ២ ឬ៣ ប៉ុណ្ណោះ ដែលបានប្តឹង?
៣. ការវិភាគអំពីការិយាល័យបោះឆ្នោតនិងលទ្ធផលបោះឆ្នោត
(ទំព័រទី៣៦ ដល់ទី៤១)
ករណីលុបឈ្មោះនៅខេត្តសៀមរាបនិងបន្ទាយមានជ័យ៖
របាយការណ៍រួមរបស់ ERA នេះ ក៏បានលើកឡើងដែរថា ក្នុងខេត្តសៀមរាបនិងបន្ទាយមានជ័យ នៅឆ្នាំ២០១២ ចំនួន២៤ការិយាល័យមានការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតលើសពី ៥០%។
ករណីនៃការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតលើសពី៥០% នៅការិយាល័យមួយចំនួននៅខេត្តទាំងពីរនេះ គឺដោយសារអ្នកមានឈ្មោះបោះឆ្នោតក្នុងការិយាល័យទាំងនោះភាគច្រើន ជាកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានទទួលបញ្ជាឱ្យផ្លាស់ប្តូរកន្លែងឈរជើងក្នុងដំណាក់កាលដែលកម្ពុជា និងថៃមានបញ្ហានៅតាមបណ្តោយព្រំដែន ដូច្នេះឈ្មោះរបស់ពួកគាត់ត្រូវបានលុបចេញ ហើយបានទៅចុះឈ្មោះនៅក្នុងទីតាំងឈរជើងថ្មី។ ទោះបីជាការលុបឈ្មោះនេះក៏ដោយ ឬការបង្កើតការិយាល័យបោះឆ្នោតថ្មីក៏ដោយ គឺធ្វើស្របទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងតាមការប្រែប្រួលជាក់ស្តែងនៃកត្តាប្រជាសាស្រ្ត។ នេះគឺជាឧទាហរណ៍មួយទៀត ដែលបង្ហាញថារបាយការណ៍រួមរបស់ ERA នេះ រៀបចំឡើងដោយពុំបានស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជាហេតុធ្វើឱ្យមានកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ទោះបីជា គ.ជ.ប បានអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីក៏ដោយ ហើយនេះជាល្បិចកលដែលមានចេតនាច្បាស់លាស់ ធ្វើឱ្យអ្នកអាន និងសាធារណមតិយល់ឃើញថា មានភាពមិនប្រក្រតីចំពោះការបោះឆ្នោតឆ្នាំ២០១៣នេះ។
៤. ការស៊ើបអង្កេតក្រោយការបោះឆ្នោត
៤.១ របាយការណ៍រួមរបស់ ERA នេះ បានលើកឡើងថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញភាគច្រើន ជាសមាជិកអចិន្រ្តៃយ៍បច្ចុប្បន្ននៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា (ទំព័រទី៤៤)។
ប៉ុន្តែ សមាជិកភាពនៅក្នុងគណបក្សនយោបាយមួយ រាប់បញ្ចូលទាំងសមាជិកភាពនៅក្នុងស្ថាប័នដឹកនាំនៃគណបក្សនោះផង មិនមែនជាការរំលោភបំពានលើច្បាប់ស្ដីពីក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែងថាមុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាពនឹងមុខងារសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ចៅក្រមក្នុងមុខតំណែង ការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ប្រធាន ឬអនុប្រធានសហជីព។ តាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកចំនួន៩រូប ដែលមានអាណត្តិ៩ឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១ភាគ៣ផ្លាស់ថ្មីក្នុងរយៈពេល៣ឆ្នាំម្តងៗ។ សមាជិក៣រូបតែងតាំងដោយព្រះមហាក្សត្រ ៣រូបជ្រើសតាំងដោយរដ្ឋសភា ហើយ ៣រូបទៀតជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រធានមានសំឡេងឧត្តមានុភាព ក្នុងករណីបែកសំឡេងជាពីរស្មើគ្នា។
សមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានតែងតាំងនិងជ្រើសតាំងចេញពីស្ថាប័នកំពូលចំនួនបីផ្សេងៗគ្នា។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
៤.២ របាយការណ៍រួមរបស់ ERA នេះ ក៏បានលើកឡើងផងដែរថា មានពាក្យបណ្តឹងជាច្រើនរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនបានដោះស្រាយដោយ គ.ជ.ប ទេ ហើយគណបក្សសង្គ្រោះជាតិបានប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានឯកភាពជ្រើសរើសយកមកពិនិត្យតែការិយាល័យបោះឆ្នោតមួយចំនួនប៉ុណ្ណោះនៅក្នុងខេត្តបាត់ដំបង កណ្តាល ក្រចេះ និងសៀមរាប ទោះបីជាក្រុមប្រឹក្សាធម្មនុញ្ញទទួលយកករណីបណ្តឹងមួយចំនួន មកធ្វើការស៊ើបអង្កេតដោយមានច្បាប់កំណត់ក៏ដោយនោះ ប៉ុន្តែបញ្ហាជាច្រើននិងការលួចបន្លំត្រូវបានរកឃើញ។
របាយការណ៍រួមរបស់ ERA នេះ បានរំលេចឡើងនូវការលួចបន្លំ ដែលខុសពីការពិតទាំងស្រុង។ តាមការពិត បន្ទាប់ពីបានដោះស្រាយពាក្យបណ្តឹងចំនួន១៣ និងបានចេញសេចក្តីសម្រេចលើបណ្តឹងចំនួន០៤ អនុលោមតាមច្បាប់បោះឆ្នោត និងបទបញ្ជានិងនីតិវិធី ដោយបានចោទសួរដើមបណ្តឹងផ្ទាល់ ព្រមទាំងពិនិត្យភស្តុតាងដែលផ្តល់ដោយដើមបណ្តឹងរួចមក គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្នតាមទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣។
គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹង ចំនួន១៥ ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់ គ.ជ.ប។ ក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយពាក្យបណ្តឹងចប់សព្វគ្រប់ ដោយបានបញ្ជាឱ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព «ក» នៅក្នុងខេត្តចំនួន៤ គឺ ខេត្តក្រចេះ បាត់ដំបង សៀមរាប និងកណ្តាល។ សៀវភៅសស្តីពីការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥នៃរដ្ឋសភា របស់ គ.ជ.ប បានពន្យល់រួចហើយអំពីការដោះស្រាយពាក្យបណ្តឹងក្នុងខេត្តទាំង៤នេះ។ ដូច្នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស សូមលើកយកតែករណីខេត្តកណ្តាលមកធ្វើការបកស្រាយបំភ្លឺជូនតែប៉ុណ្ណោះ។
នៅខេត្តកណ្តាល កញ្ចប់សុវត្ថិភាព «ក» ទាំងអស់ ដែលបានពិនិត្យរួច បានបិទយ៉ាងត្រឹមត្រូវ។ នៅក្នុងកញ្ចប់សុវត្ថិភាព «ក» មកពីការិយាល័យមួយ មន្រ្តីការិយាល័យបោះឆ្នោតមានកំហុសដោយច្រឡំដាក់ទម្រង់បែបបទលេខ១១០១ ចំនួនពីរច្បាប់តែម្តង ដែលតាមពិតត្រូវដាក់ទម្រង់បែបបទលេខ១១០១ មួយច្បាប់ និងទម្រង់បែបបទលេខ១១០២មួយច្បាប់ទៀត។ ដូច្នេះ ទម្រង់បែបបទលេខ១១០២ ដែលនៅសល់ចំនួនពីរច្បាប់នោះ ត្រូវបានដាក់ចូលក្នុងកញ្ចប់ «ខ» ហើយផ្ញើទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទម្រង់បែបបទលេខ១១០៨ និងផ្ទាំងក្រដាសធំកត់ត្រាសំឡេងឆ្នោតមានទិន្នន័យដូចគ្នានៅការិយាល័យបោះឆ្នោតនេះ។ ដូចនេះ តួលេខចំនួនសំឡេងឆ្នោតនៅការិយាល័យនេះមិនមានការប្រែប្រួលឡើយ។ ដើមបណ្តឹងពីគណបក្សសង្គ្រោះជាតិទទួលស្គាល់ថា ហត្ថលេខាលើទម្រង់ទាំងនោះពិតជាហត្ថលេខារបស់តំណាងគណបក្សខ្លួនមែន។ បន្ទាប់ពីបានលទ្ធផលនៃការបើកកញ្ចប់សុវត្ថិភាព នៅតាមខេត្តនីមួយៗដែលគណបក្សសង្គ្រោះជាតិបានប្តឹងរួចមក ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេច ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣៖
– តម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូល
– សេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចស្ថាពរនិងបិទផ្លូវតវ៉ា ហើយមានអនុភាពទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។
សន្និដ្ឋាន
១. ឈរលើមូលដ្ឋានដូចបានបកស្រាយខាងលើ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បដិសេធទាំងស្រុងនូវរបាយការណ៍រួមដែលចេញផ្សាយដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនេះ។ អង្គការនិងសមាគមទាំងអស់ ដែលបានទទួលការអនុញ្ញាតឱ្យបំពេញមុខងារជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវគោរពគោលការណ៍ឯករាជ្យ អព្យាក្រឹត មិនលម្អៀង និងមិនបម្រើផលប្រយោជន៍គណបក្សនយោបាយ ដូចមានចែងនៅក្នុងលក្ខន្តិកៈរបស់ខ្លួន។ អង្គការទាំងនេះត្រូវបំពេញបេសកកម្មរៀងៗខ្លួន និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការនយោបាយបែបនេះទេ។ នៅក្នុងរបាយការណ៍រួមរបស់ ERA ដែលបានចងក្រងដោយយកការស្រាវជ្រាវពីអង្គការផ្សេងៗ ដែលគេដាក់ឈ្មោះថាជា «អង្គការឯករាជ្យ» ដែលមានភ្នាក់ងាររបស់គេក៏ត្រូវបានដាក់ឈ្មោះថាជា «ភ្នាក់ងារឯករាជ្យ» ដែរនោះ ពុំបានបង្ហាញឱ្យឃើញពីការគោរពគោលការណ៍ខាងលើ ទាំងនៅក្នុងរបាយការណ៍រួមរបស់ ERA នេះ ក៏ដូចជាសកម្មភាពជាក់ស្តែងរបស់អង្គការទាំងនេះ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។
តាមប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា ប្រធានអង្គការទាំងនោះ ជាពិសេសប្រធានអង្គការមួយដែលរួមចំណែកចងក្រងរបាយការណ៍រួមរបស់ ERA នេះ បានជួបប្រជុំនាពេលថ្មីៗនេះ ជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ដើម្បីផ្តល់យោបល់ថាធ្វើដូចម្តេចដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរបៀបអំណាចប្រជាជន ឬបដិវត្តពណ៌។ តើសកម្មភាពបែបនេះ អាចចាត់ទុកថា ជាអង្គការឯករាជ្យបានដែរឬទេ?
២. របាយការណ៍រួមរបស់ ERA នេះ បានរៀបចំចេញផ្សព្វផ្សាយនៅសប្តាហ៍ទី២ ក្នុងខែធ្នូ ឆ្នាំ២០១៣ ហើយជួនពេលដែលគណបក្សប្រឆាំងប្តូរយុទ្ធវិធីពីការធ្វើបាតុកម្មមួយសប្តាហ៍ម្តង មកជាការធ្វើបាតុកម្មរាល់ថ្ងៃ និងការប្រកាសធ្វើបាតុកម្មជារៀងរហូត។ ប្រការនេះសបញ្ជាក់ឱ្យឃើញថា ជាគម្រោងផែនការដ៏ល្អិតល្អន់របស់អង្គការទាំងនេះ និងគណបក្សសង្គ្រោះជាតិ ដែលមានគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលសុទ្ធសាធ តាមរយៈនៃការបង្កឱ្យមានបាតុកម្មជារូបភាពអហិង្សា បន្ទាប់មកចលនាឱ្យមានការងើបឡើងធ្វើកូដកម្ម កុបកម្ម បះបោរពីប្រជាពលរដ្ឋ កម្មករ យុវជនមួយចំនួន និងមជ្ឈដ្ឋានមួយចំនួនផ្សេងទៀត ដែលគណបក្សប្រឆាំងតែងអះអាងថាជាឆន្ទៈរបស់ប្រជាពលរដ្ឋ។
៣. តាមការពិនិត្យយ៉ាងល្អិតល្អន់ អ្នកសរសេររបាយការណ៍រួមរបស់ ERA នេះ មានទេពកោសល្យដែលអាចជាអ្នកជំនាញ ដែលយល់ដឹងអំពីបញ្ហាបោះឆ្នោតច្បាស់និងធ្លាប់មានបទពិសោធន៍ ក្នុងការសរសេរពោរពេញទៅដោយល្បិចកល បំភាន់ភ្នែកអ្នកអានអំពីដំណើរការបោះឆ្នោត។ ខ្លឹមសារនៃរបាយការណ៍រួមរបស់ ERA នេះ មាននិន្នាការទាំងស្រុងបិទបាំងនូវកំហុសឆ្គង និងផែនការគ្រោងទុកជាមុនរបស់គណបក្សប្រឆាំង ដោយទម្លាក់កំហុសមកលើសមត្ថកិច្ចមូលដ្ឋាន គ.ជ.ប ក៏ដូចជាស្ថាប័ននានាពាក់ព័ន្ធនឹងការបោះឆ្នោត ថាធ្វើឱ្យខ្លួនចាញ់ឆ្នោត។ គោលបំណងនៃរបាយការណ៍នេះ គឺធ្វើយ៉ាងណាដើម្បីធ្វើឱ្យបាត់បង់នូវការជឿទុកចិត្តចំពោះដំណើការនៃការរៀបចំការបោះឆ្នោតនេះ ដោយសរសេរភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិតរឿង ដើម្បីធ្វើឱ្យអ្នកអានមើលឃើញថា ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយគ្មានយុត្តិធម៌ លម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា និងគ្មានប្រសិទ្ធភាព ដោយធ្វើឱ្យសាធារណមតិយល់ច្រឡំថា នេះជាមូលហេតុធ្វើឱ្យគណបក្សសង្គ្រោះជាតិចាញ់ឆ្នោត ដើម្បីទាក់ទាញនិងអូសទាញការគាំទ្រផ្នែកហិរញ្ញវត្ថុ ស្មារតី នយោបាយ និងកម្លាំងមហាជនឱ្យកាន់តែច្រើនថែមទៀតទាំងក្នុង និងក្រៅប្រទេស។
៤. របាយការណ៍រួមរបស់ ERA នេះ ត្រូវបានគណបក្សប្រឆាំងយកទៅប្រើប្រាស់នៅគ្រប់វេទិកាទាំងអស់ ដោយផ្អែកលើទិន្នន័យរបស់ COMFREL និង NDI និងបានចោទថា គ.ជ.ប សមគំនិតជាមួយគណបក្សប្រជាជនកម្ពុជាបានលួចលុបឈ្មោះអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ១លាននាក់ ដែលជាសមាជិករបស់ខ្លួន ហើយនេះគឺជាមូលហេតុដែលធ្វើឱ្យគណបក្សខ្លួនចាញ់ឆ្នោត។ បន្ទាប់ពីបោះឆ្នោតរួច នៅខែតុលា គ.ជ.ប បានធ្វើបច្ចុប្បន្នភាពលើ «បញ្ជីបោះឆ្នោតឆ្នាំ២០១២សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣» ដោយពិនិត្យនិងចុះឈ្មោះអ្នកបោះឆ្នោតថ្មីទៀត ប៉ុន្តែចំនួនអ្នកដែលមកចុះឈ្មោះបោះឆ្នោតបានត្រឹមតែ ១៨៧.១១១នាក់។ ដូច្នេះ មនុស្សជាង១លាននាក់ ដែលអះអាងថា គ.ជ.ប បានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះ តើពួកគាត់នៅទីណា? ហេតុអ្វីបានជាអង្គការទាំងពីរ និងគណបក្សសង្គ្រោះជាតិមិនប្រមែប្រមូលមនុស្សទាំងអស់នោះ មកចុះឈ្មោះនៅខែតុលាថ្មីៗនេះ បន្ទាប់ពីបោះឆ្នោតរួច? ការបំផ្លើសទិន្នន័យបែបនេះត្រូវបានបង្ហាញភស្តុតាងយ៉ាងច្បាស់តាមរយៈការចុះឈ្មោះនៅខែតុលាថា ទិន្នន័យបាត់ឈ្មោះដែល គ.ជ.ប បានលុបជាង១លានគឺជាទិន្នន័យខ្យល់ ឬជាទិន្នន័យប្រឌិត ដើម្បីជាលេសធ្វើបាតុកម្មរហូតមកដល់បច្ចុប្បន្ននេះ។
៥. ទោះបីជារបាយការណ៍រួមរបស់ ERA នេះ បានព្យាយាមទាញសន្និដ្ឋានទៅរកការលួចបន្លំសន្លឹកឆ្នោតយ៉ាងណាក៏ដោយ ប៉ុន្តែរបាយការណ៍នេះពុំមានទិន្នន័យជាក់លាក់ណាមួយ ដែលជាការរកឃើញតាមវិធីសាស្ត្រវិទ្យាសាស្ត្រ ដើម្បីគាំទ្រនូវអំណះអំណាងរបស់ខ្លួនថា គ.ជ.ប បានលួចបន្លំសន្លឹកឆ្នោត ក៏ដូចជាបង្ហាញអំពីការប្រកាសរបស់គណបក្សប្រឆាំងថា ខ្លួនទទួលបាន ៧៦អាសនៈ ឬ៦៣អាសនៈជាជាងអាសនៈទទួលបានពិតប្រាកដចំនួន៥៥នោះទេ។ របាយការណ៍នេះគ្រាន់តែលើកឡើងបញ្ហាទូទៅ ដោយយកពាក្យស្រាវជ្រាវមកធ្វើជាខែលដើម្បីទាញជំនឿទុកចិត្តរបស់អ្នកអានប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលនៅក្នុងរបាយការណ៍នេះ បានលើកយកចំណុចជាក់ស្ដែងមួយចំនួនមកធ្វើជាអំណះអំណាង បែរជាត្រូវបានរកឃើញថា ជាចេតនាប្រឌិតរឿង ឬជាការស្រាវជ្រាវមិនគ្រប់ជ្រុងជ្រោយ ដែលខុសពីការពិតដូចដែលបានបកស្រាយនៅក្នុងខ្លឹមសារខាងលើនៃអត្ថបទនេះ។
៦. រាជរដ្ឋាភិបាលទទួលស្គាល់ថា ទោះបីជាមានការប្រសើរឡើងនូវដំណើរការរៀបចំការបោះឆ្នោត ពីពេលបោះឆ្នោតមួយទៅពេលបោះឆ្នោតមួយទៀតក៏ដោយ ប៉ុន្តែការខ្វះចន្លោះនៅតែមាន ក្នុងពេលបោះឆ្នោតម្តងៗ ដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ដំណើរការបោះឆ្នោត ក៏ដូចជាធនធានមនុស្ស និងធនធានហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ។ ប៉ុន្តែការខ្វះខាតនេះ មិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនោះទេ។ នៅក្នុងសកលលោក គ្មានប្រព័ន្ធបោះឆ្នោតណាមួយដែលល្អឥតខ្ចោះ១០០%នោះទេ ហើយការកែទម្រង់ការបោះឆ្នោតក៏មិនមែនមានន័យថា ប្រព័ន្ធបោះឆ្នោតមានកំហុសឆ្គងនោះដែរ ពោលគឺការកែទម្រង់ធ្វើឡើងដើម្បីឱ្យកាន់តែប្រសើរនូវដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ហើយប្រទេសនានាក៏បានធ្វើដូច្នេះដែរ។
កន្លងមក គ.ជ.ប ក៏បានអនុវត្តការធ្វើឱ្យប្រសើរឡើងនូវដំណើរការនៃការបោះឆ្នោតដែរ។ ជាក់ស្តែង នៅក្នុងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ កំណែទម្រង់ត្រូវបានធ្វើឡើង ដោយផ្អែកលើអនុសាសន៍មួយចំនួនរបស់ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ដែលក្នុងនោះរួមមានអនុសាសន៍របស់សហគមអឺរ៉ុប បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០០៨ អនុសាសន៍របស់លោក ស៊ូរីយ៉ា ស៊ូប៊ែឌី ឆ្នាំ២០១២ អនុសាសន៍របស់អង្គការសង្គមស៊ីវិលរួមមាន COMFREL ឆ្នាំ២០១២ ក៏ដូចជាអនុសាសន៍របស់ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិជាដើម។
បន្ទាប់ពីប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣មក រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្តក្នុងការកែទម្រង់ការបោះឆ្នោត។ ការកែទម្រង់នេះ មិនមែនមានន័យថា គ.ជ.ប បានប្រព្រឹត្តកំហុសឆ្គង ហើយលទ្ធផលនៃការបោះឆ្នោតមិនអាចទទួលយកបាន ដូចការចោទប្រកាន់របស់គណបក្សប្រឆាំង និងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនោះទេ ប៉ុន្តែមានន័យថា គឺការធ្វើឱ្យកាន់តែល្អប្រសើរថែមទៀតនូវប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ ដូច្នេះហើយបានជានៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនមកកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើរដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភក្នុងការធ្វើកំណែទម្រង់នេះ។ ជាលទ្ធផល ប្រទេសជប៉ុនបានឯកភាពជួយកម្ពុជា ក្នុងការធ្វើកំណែទម្រង់នៃដំណើរការរៀបចំការបោះឆ្នោតនេះ។
ឧបសម្ព័ន្ធ
១. ក្រោយឆ្នាំ១៩៧៩ កេរដំណែលនៃរបបប្រល័យពូជសាសន៍បានបន្សល់ទុកឱ្យប្រជាពលរដ្ឋកម្ពុជានូវវាលពិឃាត ការនិរាសព្រាត់ប្រាស ទុក្ខវេទនា ការបាត់បង់កាយសម្បទានិងស្មារតី និងភាពក្រីក្រតោកយ៉ាក។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាបានបើកទំព័រថ្មីនៃការរីកចម្រើនលើគ្រប់វិស័យ ដូចជាវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវិនិយោគជាដើម ហើយកម្ពុជាបានធ្វើសមាហរណកម្មចូលក្នុងសហគមន៍តំបន់និងពិភពលោក។ ប្រជាពលរដ្ឋទូទាំងប្រទេសបានទទួលផលប្រយោជន៍ពីការរីកលូតលាស់នេះ ទោះដោយផ្ទាល់ឬប្រយោលក្តី ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយភាគតូច មិនទាន់ទទួលបានផលប្រយោជន៍ពីការរីកលូតលាស់នេះគ្រប់គ្រាន់នៅឡើយ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេនៅមានការលំបាក ហើយនេះគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាបណ្តើរៗ ឆ្ពោះទៅរកការអភិវឌ្ឍនិងវិបុលភាព ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវផ្លែផ្កានៃការអភិវឌ្ឍនេះ។ ផ្ទុយទៅវិញ ការធ្វើបាតុកម្ម-កូដកម្មតាមដងផ្លូវ ការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន ការធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពអសន្តិសុខ ការកេងចំណេញប្រយោជន៍នយោបាយរបស់គណបក្សប្រឆាំង ដោយការប្រើប្រាស់បាតុកម្មអហិង្សាមកធ្វើជាលេស គឺកំពុងតែបំផ្លាញដល់ដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ និងធ្វើឱ្យបាត់ជំនឿទុកចិត្តរបស់វិនិយោគិនបរទេស មកលើកម្ពុជាយ៉ាងពិតប្រាកដ ហើយជាលទ្ធផល គឺប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាអ្នកទទួលរងនូវផលអវិជ្ជមានទាំងនេះដោយផ្ទាល់។
២. អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សសូមរំឮកថា បទពិសោធន៍៣៥ឆ្នាំមុន គឺជាមេរៀនដ៏ជូរចត់ដែលបណ្ដាប្រទេសមួយចំនួនបានគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបន្តគាំទ្រពួកគេ ដែលជាអ្នកសម្លាប់ប្រជាពលរដ្ឋកម្ពុជា ឱ្យធ្វើជាតំណាងរបស់ប្រជាជនកម្ពុជានៅអង្គការសហប្រជាជាតិ បន្ទាប់ពីប្រទេសត្រូវបានរំដោះចេញពីរបបដ៏ឃោរឃៅនេះរួចមក។ បច្ចុប្បន្ន ដូចគ្នានេះដែរ សាធារណជននិងបណ្ដាប្រទេសមួយចំនួន ដែលបានយល់ដឹងអំពីសភាពការណ៍ និងអំពីដំណើរការបោះឆ្នោតនៅកម្ពុជា តាមរយៈរបាយការណ៍ភូតកុហក បំភ្លៃ និងបំផ្លើសទាំងនេះ បាននិងកំពុងតែជួយគាំទ្រនិងជឿលើអ្វីដែលជាការភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិតរឿងរបស់គណបក្សប្រឆាំង ដើម្បីចោទមកលើប្រព័ន្ធរៀបចំការបោះឆ្នោតនៅកម្ពុជា រាជរដ្ឋាភិបាល និងយន្តការសម្រាប់ការអនុវត្តការបោះឆ្នោត ថាគ្មានយុត្តិធម៌ និងតម្លាភាព។ គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលដែលជាសម្ព័ន្ធមិត្តធ្វើយុទ្ធនាការទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើឱ្យបាត់បង់ជំនឿទុកចិត្តចំពោះការបោះឆ្នោត និងចោទយន្តការស្របច្បាប់សម្រាប់រៀបចំការបោះឆ្នោតថាជាចោរលួចសន្លឹកឆ្នោត គឺក្នុងគោលដៅតែមួយគត់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលតាមរយៈការប្រើប្រាស់កម្លាំងមហាជនធ្វើរដ្ឋប្រហារ ហើយទន្ទឹមនឹងនេះ គណបក្សប្រឆាំងក៏បានធ្វើយុទ្ធនាការទាមទារឱ្យថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ។ នៅគ្រប់វេទិកាទាំងអស់ គណបក្សប្រឆាំងបានយកឆន្ទៈមនុស្សមួយចំនួនតូច ធៀបនឹងប្រជាពលរដ្ឋ១៥លាននាក់ទូទាំងប្រទេស មកធ្វើជាអាជីវកម្មក្នុងនយោបាយរបស់ខ្លួន ហើយបានញុះញង់ឱ្យកម្មករទាមទារប្រាក់ឈ្នួលអប្បរមា ១៦០ដុល្លារក្នុងមួយខែ ដោយមិនគិតអំពីជំនាញ គុណភាព និងផលិតភាព ដើម្បីកៀរគរពួកគេមកធ្វើបាតុកម្មនិងអុជអាលឱ្យមានកំហឹងវណ្ណៈ និងការប្រកាន់ពូជសាសន៍ ក្នុងគោលដៅដើម្បីបង្កើនចំនួនអ្នកចូលរួមធ្វើបាតុកម្មឱ្យកាន់តែច្រើនថែមទៀត។
៣. នៅស្ទើរគ្រប់វេទិកាទាំងអស់ មេដឹកនាំគណបក្សប្រឆាំងតែងតែចោទប្រកាន់ គ.ជ.ប ថាជា ចោរលួចសន្លឹកឆ្នោតរបស់ខ្លួន លួចអស់ចិត្តហើយ គណបក្សសង្គ្រោះជាតិនៅតែបាន ៥៥អាសនៈទៀត។ នៅក្នុងការិយាល័យបោះឆ្នោតនីមួយៗ មានមន្ត្រីការិយាល័យបោះឆ្នោតចំនួន០៦នាក់ មានតំណាងគណបក្សប្រជាជនកម្ពុជា០២នាក់ មានតំណាងគណបក្សសង្គ្រោះជាតិ០២នាក់ មានតំណាងអង្គការ COMFREL ០១នាក់ និងមានតំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច តំណាងគណបក្សសមរង្ស៊ី តំណាងគណបក្សសិទ្ធិមនុស្ស និងតំណាងគណបក្សដទៃទៀត ពី០១នាក់ទៅ០២នាក់។ ដូច្នេះ សរុបមកនៅតាមការិយាល័យនីមួយៗ យ៉ាងហោចណាស់មានមនុស្ស១២នាក់មកពីប្រភពផ្សេងៗ ពោលគឺគណបក្សប្រជាជនកម្ពុជាមានតំណាង២នាក់ និងតំណាងគណបក្ស និងអ្នកសង្កេតការណ៍ ដែលមិនមែនជាគណបក្សប្រជាជនកម្ពុជា តាមគោលការណ៍មាន៧នាក់ ប៉ុន្តែជាក់ស្តែង មានប្រមាណ៥នាក់។ ប្រសិនបើនៅក្នុងការិយាល័យនីមួយៗ មានមនុស្សយ៉ាងហោច ១២នាក់ ហើយនៅក្នុងនោះ មាន ៦នាក់ ជាមន្រ្តីការិយាល័យបោះឆ្នោត និង ៧នាក់ ជាអ្នកតាមដានសង្កេតមើល និងជាសាក្សីក្នុងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត រួមទាំងការចុះហត្ថលេខាទទួលស្គាល់អំពីភាពត្រឹមត្រូវលើទម្រង់ផ្សេងៗ ត្រូវបានគណបក្សសង្រ្គោះជាតិចោទថាជាចោរនោះ ដូច្នេះមានន័យថា ទាំងតំណាងគណបក្សសង្គ្រោះជាតិ ទាំងតំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច ទាំងអ្នកសង្កេតការណ៍គណបក្សសមរង្ស៊ី ទាំងអ្នកសង្កេតការណ៍គណបក្សសិទ្ធិមនុស្ស និងទាំងអ្នកសង្កេតការណ៍ COMFREL ក៏សុទ្ធសឹងតែជាចោរទាំងអស់គ្នា នោះទើបអាចលួចសន្លឹកឆ្នោតបាន។
ក្រៅពីការគណនាលទ្ធផលរបស់ គ.ជ.ប គណបក្សនយោបាយនីមួយៗ ឬអង្គការនានាក៏អាចសរុបលទ្ធផលបឋមដោយខ្លួនឯងបានដែរ តាមរយៈតួលេខក្នុងទម្រង់១១០៤ ដែលទទួលបានពីតំណាងរបស់ខ្លួន ឬអ្នកសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោត ឬតាមតួលេខក្នុងទម្រង់១១០២ ដែលត្រូវបានបិទផ្សាយនៅមុខការិយាល័យបោះឆ្នោតទាំងអស់។ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិបានប្រកាសថា ខ្លួនឈ្នះឆ្នោត ដោយពុំដឹងថាគណបក្សនេះយកតួលេខចេញពីប្រភពណាមកបូកសរុបនោះទេ ប៉ុន្តែភ្លាមៗនោះ លោក សម រង្ស៊ី ក៏បានប្រកាសដកពាក្យនោះវិញ។ នេះគឺជាការភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិតរឿងយ៉ាងជាក់ស្តែងដើម្បីបង្កចលាចលនៅក្នុងពេលនោះ ផ្ទុយពីការប្រកាសរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ COMFREL បានប្រកាសថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៧អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន៥៦អាសនៈ។ បន្ទាប់ភ្លាមមក COMFREL លែងបន្តផ្សព្វផ្សាយតួលេខនេះតទៅទៀត ដើម្បីការពារការប្រឌិតលទ្ធផលនៃការបោះឆ្នោតរបស់សម្ព័ន្ធមិត្តខ្លួន។
ចំណែកលោក កឹម សុខា បានប្រកាសថា គណបក្សសង្គ្រោះជាតិ ម្តងឈ្នះបាន៧៦អាសនៈ ហើយម្តងទៀតថា ឈ្នះបាន៦៣អាសនៈ។ ដើម្បីអះអាងថាតួលេខនេះត្រឹមត្រូវ លោក កឹម សុខា ម្តងយកឈ្មោះអង្គការ និងម្តងថាស្ថានទូតបានប្រាប់លោក។ ការពោលអះអាងខាងលើ គ្រាន់តែជាការប្រឌិតរឿង ដើម្បីភូតកុហកប្រជាពលរដ្ឋ និងសាធារណមតិអន្តរជាតិតែប៉ុណ្ណោះ ហើយអ្នកដែលរាយការណ៍ទៅអង្គទូតនោះ គឺគ្មាននរណាក្រៅពីលោក កឹម សុខា ខ្លួនឯងនោះទេ ឬក៏ជាការប្រឌិតរឿងទាំងស្រុង។ សំណួរសួរថា៖ តើអង្គការនោះជាអង្គការណាមួយ? តើអង្គការអន្តរជាតិ ទូតនៅប្រទេសប្រជាធិបតេយ្យ និងអង្គការមិនមែនរដ្ឋាភិបាលណាខ្លះដែលដឹងថាគណបក្សសង្គ្រោះជាតិឈ្នះ ហើយបានប្រភពមកពីណា? តើតួលេខនៅក្នុងទម្រង់១១០៤ ដែលតំណាងរបស់គណបក្សសង្រ្គោះជាតិ ទទួលបាននៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ឬតួលេខនៅក្នុងទម្រង់១១០២ ដែលបិទនៅមុខការិយាល័យបោះឆ្នោតនៅឯណា ហើយតើបានយកតួលេខទាំងនោះមកបូកសរុបដែរឬទេ? ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការអះអាងនេះ ផ្អែកទៅលើតួលេខក្នុងទម្រង់ដើម១១០៤ ដែលតំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្រ្គោះជាតិ ក៏ដូចជាអ្នកសង្កេតការណ៍របស់អង្គការ COMFREL ទទួលបានពីប្រធានការិយាល័យបោះឆ្នោតនីមួយៗ ឬតួលេខក្នុងទម្រង់១១០២ ដែលបិទនៅមុខការិយាល័យបោះឆ្នោតនីមួយៗនោះ ការបូកសរុបលទ្ធផលនៃការបោះឆ្នោត នឹងមិនមានភាពខុសគ្នានោះទេ ហើយក៏ដូចគ្នានឹងលទ្ធផលដែល គ.ជ.ប បានប្រកាសផងដែរ។
៤. ស្របពេលជាមួយគ្នានេះដែរ ក្នុងគោលដៅជំរុញនិងញុះញង់បាតុកម្ម និងកូដកម្ម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ លោក សម រង្ស៊ី និងលោក កឹម សុខា បានថ្លែងភូតកុហក បំភ្លៃ បំផ្លើសទៅបាតុករ ដែលក្នុងនោះ លោក កឹម សុខា បានប្រឌិតរឿងថា «ម្សិលមិញនេះ ខ្ញុំ (កឹម សុខា) ដឹងដំណឹងមានអ្នកនៅជិតគាត់ (សម្ដេចតេជោ ហ៊ុន សែន) ឱ្យព័ត៌មានមកថា នៅមិនបានទេយើង បើស៊ូប៉ុណ្ណឹងនៅមិនបានទេ។ កូនចៅអ្នកធំរបស់គណបក្សប្រជាជនកម្ពុជាចេញក្រៅយប់ម្សិលមិញមិនស្ទើរ ហើយថ្ងៃនេះអត់ទុកចិត្តទៀត…។ ម្សិលមិញនេះគាត់ (សម្ដេចតេជោ ហ៊ុន សែន) ប្រុងចុះហើយ ប៉ុន្តែឥឡូវ គេ (វៀតណាម) កោះហៅភ្លាមតែម្ដង…។ …ខ្ញុំខ្លាចគេ (វៀតណាម) យកទៅដាក់ថ្នាំ ស្រាប់តែមកវិញលែងចុះ…។» «… ម្សិលមិញនេះប្រុងតែចុះស្អែកហ្នឹងហើយ ហើយកម្លាំងម្សិលមិញនេះរៀបចំទៅសុំសារភាពជាមួយប្រជារាស្ត្រហើយ…។»
ជាធម្មតា ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលទៅកាន់ប្រទេសណាមួយ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងសកលលោកដែរ ត្រូវរៀបចំយ៉ាងហោចណាស់ក៏ ២-៣ខែមុនដែរ មិនមែនដូចលោក កឹម សុខា និយាយថា «ប្រុងចុះហើយ ប៉ុន្តែឥឡូវគេ (វៀតណាម) កោះហៅភ្លាមតែម្ដង»។ នេះគឺជាសម្ដីភូតកុហកដល់បាតុករទាំងអស់ដែលមានការយល់ដឹងតិចតួចអំពីកិច្ចការរដ្ឋ ក្នុងគោលបំណងដើម្បី ១-លើកទឹកចិត្តឱ្យបាតុករបន្តធ្វើបាតុកម្មតទៅទៀត ពីព្រោះគេយល់ឃើញថា សកម្មភាពប្រឆាំងតវ៉ារបស់គេជិតបានសម្រេចហើយ ប៉ុន្តែត្រូវបានវៀតណាមហៅទៅដាក់ថ្នាំវិញ និង ២-ធ្វើឱ្យក្រុមបាតុករខឹងនឹងវៀតណាមថែមទៀត។ ល្បិចកលភូតកុហកទាំងនេះ មិនសក្ដិសមជាថ្នាក់ដឹកនាំគណបក្សនយោបាយមួយនៅក្នុងប្រទេសទេ ហើយជាងនេះទៅទៀត អ្នកដែលភូតភរកុហកបែបដូច្នេះ ក៏មិនអាចក្លាយទៅជាថ្នាក់ដឹកនាំរបស់ប្រទេសមួយបានដែរ។
៥. នៅគ្រប់វេទិកា គណបក្សប្រឆាំងតែងតែញុះញង់ឱ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈទាមទារឱ្យសម្តេចនាយករដ្ឋមន្រ្តីចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ ដែលជាអំពើផ្ទុយទាំងស្រុងទៅនឹងខ្លឹមសារនៃរដ្ឋធម្មនុញ។ លក្ខខណ្ឌតែមួយគត់ដែលអាចរៀបចំការបោះឆ្នោតឡើងវិញ គឺមានចែងក្នុងមាត្រា៧៨នៃរដ្ឋធម្មនុញ្ញ ដែលចែងថា «នីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដង ក្នុងរយៈពេល១២ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្រ្តី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។ ការបោះឆ្នោតដើម្បីជ្រើសរើសសភាថ្មី នឹងប្រព្រឹត្តទៅក្នុង រយៈពេល៦០ថ្ងៃយ៉ាងយូរចាប់ពីថ្ងៃរំលាយរដ្ឋសភាមក។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។ »។
ការទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ មិនអាចធ្វើបានទេ បើមិនមានការបោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋសភា ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។ ម្យ៉ាងទៀត ការបោះឆ្នោតជ្រើសរើសរដ្ឋសភាថ្មីអាចធ្វើទៅបាន លុះត្រាតែមានការរំលាយរដ្ឋសភាស្របតាមស្មារតីនៃបញ្ញត្តិមាត្រា៧៨ខាងលើនេះ។
ដូច្នេះ គ្រប់អំពើដែលប៉ុនប៉ងទម្លាក់រាជរដ្ឋាភិបាល ដែលមិនស្របទៅតាមស្មារតីនៃមាត្រា៧៨ នៃរដ្ឋធម្មនុញ្ញខាងលើនេះ គឺជាអំពើរំលោភរដ្ឋធម្មនុញ្ញ ដែលយើងអាចហៅថា ការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសម្តងហើយម្តងទៀតថា សម្តេចឡើងធ្វើជានាយករដ្ឋមន្រ្តី តាមរដ្ឋធម្មនុញ្ញ ហើយចុះទៅវិញក៏តាមរដ្ឋធម្មនុញ្ញដែរ។
បញ្ហារបស់គណបក្សសង្រ្គោះជាតិ គឺការសន្យាជាមួយនឹងក្រុមបាតុករនិងអ្នកគាំទ្ររបស់ខ្លួនធំធេងពេក តាមរយៈការភូតភរ កុហក និងប្រឌិតរឿង។ ដូច្នេះ បើយើងប្រៀបធៀប គឺហាក់បីដូចជាគណបក្សប្រឆាំងបានឡើងជណ្តើរខ្ពស់ពេក ហើយនៅពេលដល់កំពូល ជណ្តើរត្រូវបានដកចេញ ដូច្នេះ ឥឡូវនេះ ពួកខ្លួនគ្មានជណ្តើរចុះមកវិញ។
៦. នាខែកញ្ញាកន្លងទៅនេះ ក្នុងពេលចរចារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ជាក់ថា ឈប់ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ទទួលស្គាល់លទ្ធផល ៦៨អាសនៈ និង ៥៥អាសនៈ និងទទួលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប៉ុន្តែទាមទារយកតំណែងប្រធានរដ្ឋសភា និងតុល្យភាពនៃប្រធានគណៈកម្មការរដ្ឋសភា។ តាមរយៈខ្លឹមសារនៃការចរចានេះ មានន័យថាគណបក្សសង្គ្រោះជាតិ គ្រាន់តែចោទ គ.ជ.បនិងគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចសន្លឹកឆ្នោត ដើម្បីដាក់លក្ខខណ្ឌឱ្យគណបក្សប្រជាជនកម្ពុជា ទទួលយកតាមការទាមទារអំណាចរបស់ខ្លួន ដែលផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ដោយសារការទាមទារនេះពុំបានសម្រេច ហើយដើម្បីបិទបាំងមហិច្ឆិតាល្មោភអំណាចរបស់ខ្លួន គណបក្សប្រឆាំងបានញុះញង់រៀបចំឱ្យមានបាតុកម្មតាមរូបភាពផ្សេងៗ ដូចជាការទាក់ទាញកម្មករ មន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ឱ្យចូលរួមបាតុកម្ម ដោយផ្តល់ជារង្វាន់ តាមរយៈការទាមទារឱ្យដំឡើងប្រាក់បៀវត្សដល់ ១៦០ដុល្លារ និង២៥០ដុល្លារ ក៏ដូចជាការញុះញង់ដោយយកបញ្ហាដីធ្លី បញ្ហាសាំងឡើងថ្លៃមកធ្វើជាលេសជាដើម។ ប៉ុន្តែ ការទាក់ទាញរបស់គណបក្សប្រឆាំងមានប្រសិទ្ធភាពទៅលើតែកម្មករមួយចំនួនតូចប៉ុណ្ណោះ ទោះបីជាមេដឹកនាំគណបក្សប្រឆាំង បានបញ្ជូនតំណាងរាស្រ្តរបស់ខ្លួនជាច្រើន ទៅតាមរោងចក្រ ដើម្បីញុះញង់ឱ្យកម្មករចេញធ្វើបាតុកម្ម និងជំរុញក្រុមជនដៃដល់មួយចំនួន ទៅគំរាមកំហែងកម្មករនៅតាមរោងចក្រឱ្យឈប់ធ្វើការ និងកម្មករកំពុងនៅផ្ទះឱ្យចេញមកធ្វើបាតុកម្ម ក៏ដូចជាគំរាមម្ចាស់រោងចក្រឱ្យបិទទ្វារ ដើម្បីឱ្យកម្មករទៅចូលរួមបាតុកម្មក៏ដោយ ក៏មានកម្មករដែលគិតជាភាគរយតិចតួចណាស់ ចេញមកចូលរួមធ្វើបាតុកម្មនេះ។ តំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិមួយចំនួន ដូចជាលោក ហូ វ៉ាន់ ជាដើម បានយកស្បៀងទៅចែកឱ្យក្រុមបាតុករជាកម្មករ ចំណែកលោក សម រង្ស៊ី និងលោក កឹម សុខា បានទៅដល់រោងចក្រមួយចំនួន ដែលកម្មករកំពុងតែធ្វើការជាធម្មតា ស្រែកតាមឧគ្ឃោសនសព្ទឱ្យចេញធ្វើបាតុកម្មទាមទារប្រាក់ខែ ១៦០ដុល្លារ។
នៅគ្រប់រូបភាពនៃបាតុកម្មនាពេលថ្មីៗនេះ គណបក្សប្រឆាំងបានយកបញ្ហានយោបាយ ផ្សារភ្ជាប់នឹងបញ្ហាទាមទារប្រាក់ខែរបស់កម្មករ គ្រូបង្រៀន មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីកៀរគរកម្លាំងធ្វើបាតុកម្ម ក្នុងគោលដៅតែមួយគត់ គឺការទាមទារឱ្យសម្តេចនាយករដ្ឋមន្រ្តី ចុះចេញពីតំណែង និងរៀបចំបោះឆ្នោតឡើងវិញ។ ដូច្នេះ បាតុកម្មនេះ មិនមែនជាចលនាដាច់ពីគ្នា រវាងកម្មករនិងគណបក្សប្រឆាំងនោះទេ ប៉ុន្តែពិតជាមានការផ្សារភ្ជាប់យ៉ាងស្អិតរមួត។
ដើម្បីទាក់ទាញការគាំទ្រពីមហាជននិងអន្តរជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ដោយបំភាន់សាធារណមតិថា គណបក្សខ្លួននៅឆ្នាំថ្មីនេះ ត្រូវមានគំនិតថ្មី និងចង់ឱ្យស្ថានការណ៍ឈានរកដំណោះស្រាយ ដោយមានការចូលរួមពីសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែ ធាតុពិត គណបក្សប្រឆាំងបានញុះញង់កម្មករមួយចំនួនតូចនិងជនអនាធិបតេយ្យឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើហិង្សា បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងដល់សន្តិសុខសង្គម ដូចជាការដុតកង់ឡាន ការគប់ដបសាំងមកលើសមត្ថកិច្ច ការបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងការបំផ្លាញទ្រព្យសម្បត្តិរដ្ឋនិងឯកជនជាដើម ដូចក្នុងព្រឹត្តិការណ៍កាលពីនៅថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤ ជាភស្តុតាងដែលតម្រូវឱ្យរាជរដ្ឋាភិបាលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនដែលបានបង្កអំពើហិង្សា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្តាររបៀបរៀបរយសង្គមឡើងវិញ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ដើម្បីយកចំណេញនយោបាយលើផែនការគ្រោងទុកជាមុនរបស់ខ្លួន គណបក្សសង្រ្គោះជាតិបានប្រកាសឈប់ចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដោយប្រើប្រាស់លេសថា គណបក្សប្រជាជនកម្ពុជា បានប្រើអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករ រហូតដល់មានការបាត់បង់ជីវិត។ ប្រសិនបើយើងពិនិត្យនិងវិភាគលើព្រឹតិ្តការណ៍បន្តបន្ទាប់ទាំងបីនេះ ឃើញថា នេះជាការរៀបចំយ៉ាងស៊ីចង្វាក់គ្នា ដើម្បីបង្ហាញសាធារណមតិឱ្យមើលឃើញថា គណបក្សសង្គ្រោះជាតិមានចេតនាចង់ចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាជាតិ ប៉ុន្តែការសម្លាប់បាតុករដោយកងប្រដាប់អាវុធរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យគណបក្សសង្គ្រោះជាតិ បានសម្រេចបដិសេធមិនធ្វើការចរចាជាមួយគណបក្សប្រជាជនកម្ពុជាទៅវិញ។
ឆ្លងតាមរបាយការណ៍រួមរបស់ ERA ដែលគណបក្សប្រឆាំងប្រើប្រាស់នៅគ្រប់វេទិកា អង្គការទាំងនេះ រួមទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវរួមចំណែកទទួលខុសត្រូវយ៉ាងធំធេង ដែលនាំឱ្យក្រុមបាតុករអនាធិបតេយ្យប្រព្រឹត្តនូវអំពើហិង្សាកន្លងមក តាមរយៈការទាមទារមិនសមស្របតាមស្មារតីនិងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបេតយ្យ ដែលទាមទារឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តីចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ។
ដោយដឹងថាស្ថានភាពនឹងឈានដល់ភាពធ្ងន់ធ្ងរ ដូច្នេះ ស្ថានទូតកូរ៉េ ក៏ដូចជាស្ថានទូតចិន និងជប៉ុនជាដើម បានស្នើសុំឱ្យសមត្ថកិច្ចកម្ពុជាជួយការពារជនជាតិ និងក្រុមហ៊ុនរបស់ខ្លួន ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលស្របតាមកិច្ចព្រមព្រៀងការពារវិនិយោគ និងច្បាប់ជាធរមាន។ ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ថា ស្ថានទូតកូរ៉េនៅពីក្រោយយោធាក្នុងការប្រើអំពើហិង្សាលើបាតុករ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េបានផ្ញើលិខិតមួយជូនសារព័ត៌មាន Global Post ដោយមានខ្លឹមសារថា «…សុវត្ថិភាពរបស់ម្ចាស់រោងចក្រកូរ៉េ ត្រូវបានគំរាមកំហែងដោយបាតុករ ហើយអាចឈានដល់ការបង្ហូរឈាម ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពប្រជាជន និងក្រុមហ៊ុនកូរ៉េ…»។
ក្នុងន័យនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេស លោក សម រង្ស៊ី និងលោក កឹម សុខា និង ERA ត្រូវមានសេចក្តីក្លាហានទទួលខុសត្រូវចំពោះផលប៉ះពាល់ទាំងឡាយ ក៏ដូចជាការបាត់បង់ជីវិតដែលបង្កដោយអំពើហិង្សានេះ ជាពិសេសឥទ្ធិពលនៃរបាយការណ៍រួមរបស់ ERA នេះ។
តើមានរដ្ឋាភិបាលនៃប្រទេសណាមួយ ធ្វើព្រងើយកន្តើយ ទុកឱ្យមានអំពើអនាធិបតេយ្យ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋនិងឯកជន ក៏ដូចជាការគម្រាមកំហែងនិងការរីករាលដាលពេញទីក្រុង ដែលអាចប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែរឬទេ?
ពួកមេដឹកនាំគណបក្សប្រឆាំងទាំងនោះច្បាស់ជាបានដឹងនិងយល់ជាមុនថា ការរុញបាតុករស្លូតត្រង់ឱ្យប្រឈមនឹងគ្រោះថ្នាក់ តាមរយៈការរៀបចំឱ្យមានការរំខាន និងការបំផ្លិចបំផ្លាញរោងចក្រ គឺជាការប្រឈមនឹងគ្រោះថ្នាក់។ រាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការការពារផលប្រយោជន៍រួមរបស់ប្រជាជនទូទាំងប្រទេស។ អំពើដែលរុញបាតុករស្លូតត្រង់ឱ្យប្រថុយប្រថាននឹងគ្រោះថ្នាក់នោះ ពិតជាសកម្មភាពមិនត្រឹមត្រូវ និងឃោឃៅមិនអាចប្រកែកបាន។
បន្ទាប់ពីក្បាលម៉ាស៊ីនបាតុកម្ម ជាពិសេសក្បាលម៉ាស៊ីនបាតុកម្មនៅទីលានប្រជាធិបតេយ្យត្រូវបានរំសាយមក រោងចក្រត្រូវបានបើកទ្វារឡើងវិញ ហើយកម្មករបានចូលធ្វើការជាធម្មតា។ ចំណែកកម្មករមួយចំនួនតូច មិនទាន់វិលត្រឡប់មកពីស្រុកកំណើតវិញនៅឡើយ ឬកំពុងទាមទារឱ្យសងប្រាក់ឈប់នៅពេលធ្វើបាតុកម្ម និងទាមទារឱ្យមេសហជីពរបស់ខ្លួនចូលធ្វើការវិញ។
៧. គណបក្សប្រឆាំងបានបំពុលបរិយាកាសនៅក្នុងប្រទេសកម្ពុជា បានបញ្ចូលមនោគមវិជ្ជាដល់យុវជនមួយចំនួនតូច ជាពិសេសយុវជនទើបតែគ្រប់អាយុ ឱ្យមើលឃើញសថាខ្មៅ និងខ្មៅទៅជាស ឱ្យគ្មានសីលធម៌រស់នៅ ដោយដៀលត្មេះប្រើសម្តីអសុរសទៅលើថ្នាក់ដឹកនាំដែលបានលះបង់អាយុជីវិត ដើម្បីរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានកសាងប្រទេសចេញពីបាតដៃទទេ ដែលនៅពេលនោះ ប្រជាពលរដ្ឋ១០០% ស្ថិតនៅក្នុងភាពក្រីក្រ។ ប្រសិនបើឪពុកម្តាយរបស់ក្រុមយុវជនដែលគ្មានសីលធម៌នេះ មិនត្រូវបានរំដោះចេញពីរបប ប៉ុល ពត ទេនោះ តើក្រុមយុវជនមួយចំនួនតូចនេះ អាចកើតមានជីវិតរស់នៅលើភពផែនដីនេះបានដែរឬទេ?
យុវជនមួយចំនួនតូចនេះ ក្នុងនោះមានអ្នកខ្លះ របៀបជាយុវជន យុវនារី ឈ្លើយ ច្រឡោងខាម ប្រើពាក្យសម្តីអសុរស ដៀលត្មេះថ្នាក់ដឹកនាំជានាយករដ្ឋមន្រ្តី ហើយស្រែកថាមេដឹកនាំផ្តាច់ការ គ្មានលទ្ធិប្រជាធិបតេយ្យនិងគ្មានការគោរពសិទ្ធិមនុស្ស នៅតាមវេទិកាសាធារណៈ និងនៅលើបណ្តាញសារព័ត៌មានសង្គម ដោយចេញមុខ។ ប្រសិនបើគ្មានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទេ ធ្វើយ៉ាងម៉េចបានជាក្រុមយុវជនពាលទាំងនេះ អាចប្រើពាក្យសម្តីពាលាអាវាសែបែបនេះ ទៅលើថ្នាក់ដឹកនាំដែលត្រូវបានប្រជាពលរដ្ឋភាគច្រើនគោរពស្រឡាញ់ទៅវិញ? អាកប្បកិរិយាគ្មានសីលធម៌ និងពាលាអាវាសែរបស់យុវជនមួយក្រុមតូចនេះ គឺផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយនេះជាលទ្ធផលស្តែងចេញពីមនោគមវិជ្ជារបស់មេដឹកនាំគណបក្សប្រឆាំង ដែលមានចរិកភូតកុហក បំភ្លៃ បំផ្លើស និងញុះញង់ឱ្យមានទំនាស់ផ្ទៃក្នុងជាតិសាសន៍ឯង និងការប្រកាន់ពូជសាសន៍ ដែលផ្ទុយស្រឡះពីអាកប្បកិរិយារបស់យុវជនខ្មែរភាគច្រើននៅទូទាំងប្រទេស ដែលមានសីលធម៌រស់នៅខ្ពស់ មានចរិតស្លូតបូត សុភាពរាបសារ យល់អំពីតម្លៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយជានិច្ចកាលដើរតាមគំរូ និងគាំទ្រថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
៨. យុទ្ធវិធីរបស់គណបក្សសង្គ្រោះជាតិ ដែលមានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់ឈ្មោះខ្លួនឯងថា សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដោយមានការជួយឧបត្ថម្ភហិរញ្ញវត្ថុពីប្រភពខាងក្រៅមួយចំនួន គឺដើម្បីខិតខំទាក់ទាញនិងកៀរគរមហាជនពីមជ្ឈដ្ឋានផ្សេងៗ ដោយប្រកាសឱ្យទាមទារប្រាក់ឈ្នួលអប្បរមា ១៦០ដុល្លារ សម្រាប់កម្មករ និង២៥០ដុល្លារ សម្រាប់គ្រូបង្រៀន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដើម្បីធ្វើឱ្យអ្នកទាំងនោះចូលរួមធ្វើបាតុកម្ម ពីទ្រង់ទ្រាយតូចទៅទ្រង់ទ្រាយធំ និងដោយចាប់ផ្តើមពីអហិង្សា រួចឈានដល់ការទាមទារឱ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ ហើយចុងក្រោយឈានដល់ការបើកសមរភូមិកូដកម្ម និងការផ្តួលរំលំរាជរដ្ឋាភិបាល។
ជាការពិតណាស់ គណបក្សសង្គ្រោះជាតិដឹងច្បាស់ថា គណបក្សប្រជាជនកម្ពុជាពិតជាឈ្នះឆ្នោត ហើយខ្លួនក៏មិនអាចផ្តួលរំលំរាជរដ្ឋាភិបាលតាមកម្លាំងមហាជនបានដែរ។ ដូច្នេះ ការប្រមែប្រមូលប្រកាសធ្វើបាតុកម្ម ឬមហាបាតុកម្មកន្លងមកនេះ ជាពិសេសផ្អែកលើឥទ្ធិពលនៃរបាយការណ៍ភូតកុហក និងប្រឌិតនេះ គ្រាន់តែជាយុទ្ធវិធីដើម្បីទាញយកផលចំណេញផ្នែកនយោបាយ ពីការធ្វើបាតុកម្មនេះ ដោយ ៖
– បោកបញ្ឆោតប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសយុវជនខ្លះ ដែលមិនបានយល់ដឹងស៊ីជម្រៅអំពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ឱ្យជឿថា គ.ជ.ប ពិតជាបានលួចបន្លំសន្លឹកឆ្នោត ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះមែន។
– បន្តដុតកំដៅ បញ្ឆេះកំហឹង និងពង្វក់ ដែលជាយុទ្ធវិធីក្នុងការរក្សាកម្លាំង ពីព្រោះក្នុងចំណោមអ្នកបោះឆ្នោតទាំងនោះ ក៏អាចមានអ្នកបោះឆ្នោតមួយចំនួនណានោះ អាចពុំមានបំណងបោះឆ្នោតឱ្យគណបក្សប្រឆាំងនោះទេ ប៉ុន្តែអាចដោយសារឥទ្ធិពលនៃសង្រ្គាមចិត្តសាស្រ្តផ្សេងៗដែលមិនសមស្របទាល់តែសោះទៅនឹងតថភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជាយើង។
– ទាក់ទាញប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យគាំទ្រគណបក្សសង្គ្រោះជាតិវិញ ដោយបំពុលបរិយាកាសនយោបាយ និងចោទប្រកាន់ គ.ជ.ប ថាសមគំនិតជាមួយគណបក្សប្រជាជនកម្ពុជា លួចបន្លំសន្លឹកឆ្នោតរបស់ខ្លួន។ ការចោទប្រកាន់ដដែលៗដូច្នេះ អាចធ្វើឱ្យអ្នកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមួយចំនួនណានោះជឿហើយយល់ថាគណបក្សប្រជាជនកម្ពុជាមិនល្អ ក៏បែរទៅគាំទ្រគណបក្សសង្គ្រោះជាតិវិញ។
– តាមការព្យាករណ៍សម្រាប់រយៈពេល៥ឆ្នាំខាងមុខ យុវជនគ្រប់អាយុ១៨ឆ្នាំដែលមានសិទ្ធិបោះឆ្នោតនឹងកើនឡើងរហូតដល់ជិត២លាននាក់។ យុវជនទាំងនេះ ហាក់បីដូចជាក្រដាសស ដែលជាវ័យកំពុងរីកចម្រើនខាងផ្នែកបញ្ញា ស្មារតី និងងាយស្រួលក្នុងការអូសទាញ ហើយនៅពេលគណបក្សសង្គ្រោះជាតិបានបញ្ចូលមនោគមវិជ្ជា ភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិតរឿងអំពីការលួចបន្លំសន្លឹកឆ្នោត និងបញ្ហាផ្សេងៗ ដែលនាំឱ្យពួកគេភាន់ច្រឡំ ក្នុងការសម្រេចចិត្តគាំទ្រគណបក្សនយោបាយ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិទាំងមូល។
[1] Laura Crothers, «សហភាពអឺរ៉ុបលើកឡើងថា របាយការណ៍សវនកម្មគឺយល់ខុស», កាសែត ខាមបូឌា ដេលី ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣។