Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៧ចំណុចដើម្បីលើកកម្ពស់វិស័យវប្បធម៌

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 181
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៧ចំណុចដើម្បីលើកកម្ពស់វិស័យវប្បធម៌ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៧ចំណុចដើម្បីលើកកម្ពស់វិស័យវប្បធម៌

 

នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី អបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍៧ចំណុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីចូលរួមសហការគ្នាលើកកម្ពស់វិស័យវប្បធម៌ជាតិ។ 

អនុសាសន៍៧ចំណុចនោះរួមមានដូចខាងក្រោម៖

ទី១- ការផលិត និងការច្នៃប្រតិដ្ឋផលិតផលសិល្បៈនៅមានកម្រិតកំណត់ ជាមួយថ្លៃខ្ពស់ ដែលការណ៍នេះធ្វើឱ្យផលិតផលរបស់យើង ពុំមានភាពប្រកួតប្រជែង។ សម្តេចធិបតី បានស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិក្សាលើវិធានការលើកទឹកចិត្តចាំបាច់នានា ដើម្បីជំរុញការផលិត និងការច្នៃប្រតិដ្ឋផលិតផលសិល្បៈឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់។

ទី២- ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ទប់ស្កាត់ការលួចចម្លងស្នាដៃ ធ្វើវិសោធកម្មក្របខណ្ឌគតិយុត្តិពាក់ព័ន្ធឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងនៃបច្ចេកវិទ្យា និងកិច្ចសហការអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀនសូត្រពីបទពិសោធន៍នានាទាំងក្នុងនិងក្រៅប្រទេសដែលទទួលបានជោគជ័យនៅក្នុងវិស័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ។

ទី៣- សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងវិស័យឯកជន ត្រូវបញ្ជូនមន្រ្តី សិល្បៈករ សិល្បៈការិនី សិប្បករ ទៅសិក្សាដកពិសោធន៍ និងសហការជាមួយដៃគូក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុងស្រុក។ ជាមួយគ្នា គួរពង្រឹងបន្ថែមនូវកិច្ចស្រាវជ្រាវ បោះពុម្ភផ្សាយ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីធ្វើបរមភាវូបនីយកម្មក្នុងវិស័យនេះ។

ទី៤- សម្តេចធិបតី បានថ្លែងថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភ័ណ្ឌ គ្រប់ទីតាំងនៃតំបន់បេតិកភ័ណ្ឌរូបីទាំងនោះឱ្យបានសព្វគ្រប់ដើម្បីជៀសវាងការរំលោភបំពាន និងត្រូវបន្តទាមទារយកមកវិញនូវបដិមាកររបស់ជាតិដែលត្រូវបានបាត់បង់កន្លងមកនៅក្នុងអំឡុងពេលសង្រ្គាម។

ទី៥- ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ជាតិឱ្យបានកាន់តែទូលំទូលាយនៅក្នុងគ្រប់រូបភាពសម្រាប់ទេសចរជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់វប្បធម៌ជាតិរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

ទី៦- សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចំពោះកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ដែលបានធ្វើឱ្យវិស័យភាពយន្តខ្មែរ បាននិងកំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាពយន្តភាគខ្មែរ។ ជាមួយគ្នានេះ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវសហការសម្រួលផ្តល់ទីតាំងក្នុងដែនដីរបស់ខ្លួន ដើម្បីសម្រួលដំណើរការថត និងផលិតខ្សែភាពយន្ត។

ទី៧- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូត ហើយត្រូវបំផុសឱ្យសមាគមខ្មែរនៅបរទេស ចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិឱ្យបានអធិកអធម និងទូលំទូលាយ៕

អត្ថបទទាក់ទង