Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ ទំព័ររូបថត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច 501
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

(ម៉ែលប៊ន, អូស្ត្រាលី)៖ ការស្វែងរកការវិនិយោគ និងបើកទីផ្សារសម្រាប់ផលិតផលកម្ពុជា គឺជាកិច្ចដ៏​សំខាន់​ក្នុងបេសកកម្មដឹកនាំប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រាល់ដំណើរបំពេញបេស​ក​កម្មការងារក្រៅប្រទេសសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា មែនដែលរំលងឡើយវេទិកាធុរកិច្ច ដែលជា​វេទិកាផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

ក្នុងដំណើរបំពេញការងារនៅអូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជា​ច្រើន​រូប។ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានអញ្ជើញជា​អធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលមានគោលដៅលើកកម្ពស់ការធ្វើធុរកិច្ចរវាងកម្ពុជា និង​អូស្ត្រាលី។ ជាពិសេសទាក់ទាញអ្នកវិនិយោគអូស្ត្រាលី ចូលមកវិនិយោគនៅកម្ពុជា។

វេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហ​កម្ម​វិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០នាក់ និងក្រុមហ៊ុនចំនួន ៣៥០ក្រុមហ៊ុន។

ក្នុងវេទិកានេះ សម្តេចធិបតី បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ដែលមានប្រមាណ​៧ទស​វត្សរ៍មកនេះ។ សម្តេចធិបតី បានរំលឹកពីតួនាទីរបស់អូស្ត្រាលី ដែលបានចូលរួមក្នុងដំណើរស្វែងរក​សន្តិ​ភាព​នៅកម្ពុជា និងការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីសទៅលើវិស័យសំខាន់រួមមានហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងវិស័យកសិកម្មជាដើម។

សម្តេចធិបតី ក៏បានលើកបង្ហាញពីសក្តានុពល និងឱកាសនៃការវិនិយោគនៅកម្ពុជា ដែលនាំឱ្យអ្នក​វិនិ​យោគអាចទទួលបានផលល្អប្រសើរពីការវិនិយោគរបស់ពួកគេ តាមរយៈគោលនយោបាយលើកទឹកចិត្ត និងគាំពារអ្នកវិនិយោគរបស់រាជរដ្ឋាភិបាល កត្តាភូមិសាស្ត្រ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង​កម្ពុជា ជាមួយបណ្តាប្រទេសនានា ដែលធ្វើឱ្យទីផ្សារផលិតផលមានទំហំធំ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់អ្នកវិនិយោគអូស្ត្រាលី ចូលមកកាន់កម្ពុជាសិក្សាស្វែង​យល់​ពីឱកាសនៃការវិនិយោគ។ សម្តេចធិបតី ប្រកាសរង់ចាំស្វាគមន៍អ្នកវិនិយោគរបស់អូស្ត្រាលី ប្រកប​ដោយក្តីសោមនស្សរីករាយ។

សូមបញ្ជាក់ថា ក្នុងវេទិកាធុរកិច្ចនេះ ក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារដូចជា៖

១៖ អនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី។

២៖ អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ។

វេទិកាធុរកិច្ចនេះ ក៏នឹងបន្តជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញអំពីសក្តានុពល​វិនិ​យោគ​ យន្តការលើកទឹកចិត្ត និងសម្របសម្រួលដល់ការវិនិយោគ ក៏ដូចជាបង្កលក្ខណៈដល់វិស័យ​ឯក​ជន​របស់កម្ពុជា និងអូស្ត្រាលី អាចស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីបង្កើតឱកាសវិនិយោគ​កាន់តែច្រើន​មកកាន់កម្ពុជា៕

អត្ថបទទាក់ទង