Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 875

CMF:

ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តីរាជការបណ្ដារាជធានីខេត្ត និងអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ ក្នុងក្របខណ្ឌនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល។

ផ្អែកលើរបាយការណ៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរជាមួយអង្គពិធីទាំងមូល ចំពោះអង្គភាពជ័យលាភី អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលទទួលបានចំណាត់ថ្នាក់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៣។

[សេចក្ដីអធិប្បាយ១]

អម្បាញ់មិញ ស្ដាប់ទៅ មានអតីតអនុវិទ្យាល័យរបស់ខ្ញុំមួយដែរ អនុវិទ្យាល័យចតុមុខ។

[ចប់សេចក្ដីអធិប្បាយ១]

ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលត្រូវបានដឹកនាំអនុវត្តដោយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិប្រកបដោយតម្លាភាព សុចរិតភាព មានការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ផ្អែកលើបែបបទ នីតិវិធី និងគោលការណ៍ច្បាស់លាស់។ ទន្ទឹមនឹងនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការចូលរួម គាំទ្រ និងជំរុញការអនុវត្តចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព នៅតាមបណ្តាអង្គភាពអប់រំនិងសុខាភិបាលនៅមូលដ្ឋាន។

ស្ថិតនៅក្រោមម្លប់នៃសុខសន្តិភាព រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ឈរលើស្មារតីនេះ ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈដែលជាចំណុចស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នឹងផ្តល់សារៈសំខាន់ក្នុងការជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យអាទិភាពគន្លឹះផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។

នៅក្នុងក្របខណ្ឌនៃការអនុវត្តជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗទៅតាមវិស័យអាទិភាព និងរៀបចំបង្កើតនូវយន្តការអនុវត្ត ដើម្បីដោះស្រាយបញ្ហាប្រឈម និងការធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលាទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនោះ រាជរដ្ឋាភិបាលបាន ១).បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពនិងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ, និងការរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព ២).បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារៀន ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា សម្រាប់ផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ និង ៣).បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាលដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។

[សេចក្ដីអធិប្បាយ២]

(១) គ្រប់អាណត្តិ កន្លែង និងពេល រដ្ឋាភិបាលត្រូវពង្រីកសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន

ដូចនៅក្នុងវីដេអូ ដែលបានរៀបចំសង្ខេបនេះ គឺយើងឃើញពីការខិតខំពង្រឹងនិងពង្រីកសមិទ្ធផលផ្សេងៗជូនប្រជាពលរដ្ឋ ជាពិសេសនៅមូលដ្ឋានជាគោលដៅធំ … អ្វីដែលសំខាន់ ដែលខ្ញុំតែងតែនិយាយ វាមិនមែននៅ​លើក្រដាសនោះទេ តែគឺលទ្ធផលជាក់ស្ដែងនៅលើដី ហើយលទ្ធផលនេះគឺផ្អែកលើមូលដ្ឋានតែម្ដង។ មូលដ្ឋានគ្រឹះរបស់យើងគឺនៅតាមភូមិឃុំស្រុក។ អត់មានអ្នកណារស់នៅក្រុងដែលគ្មាននៅក្នុងភូមិនោះទេ សូម្បីតែនៅរាជធានី ក៏ចាប់ផ្ដើមពីភូមិ បន្ទាប់មកសង្កាត់។ ក្រុងគឺជាបណ្ដុំកម្រិតខ្ពស់។ អញ្ចឹងបើយើងពង្រឹងឱ្យចំ គឺដល់ភូមិឃុំ សង្កាត់ ខណ្ឌ … រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ គ្រប់កន្លែងទាំងអស់ គ្រប់ពេលទាំងអស់ ផ្ដោតទៅលើគោលដៅធំ ២។ ទី១ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ, ទី២ ខិតខំវាយតម្លៃ កែលម្អ កាត់បន្ថយរឿងអវិជ្ជមាន។ ធ្វើតែពីរហ្នឹងបាន គឺបូកចូលគ្នាជាផលវិជ្ជមានច្រើន។ បើយើងពង្រីកតែសមិទ្ធផលវិជ្ជមាន មិនកាត់បន្ថយអ្វីដែលជាបញ្ហា វាពិបាក។ ពេលខ្លះ វែកចក និងជួនកាលទាញផលដែលវិជ្ជ​មានមិនឱ្យទៅលឿនបាន បើសិនជាយើងផ្ដោតតែទៅលើការដោះស្រាយបញ្ហាដែលវិជ្ជមាន ភ្លេចពីការពង្រីក(ដោះស្រាយ)នូវអ្វីដែលវិជ្ជមាន។ តម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ អញ្ចឹងត្រូវឆ្លើយតបទាំងពីរ។

(២) សង្គតិភាពគឺដាក់ចេញជាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បន្តនូវយុទ្ធសាស្រ្តចតុកោណ

នៅក្នុងន័យនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដាក់ចេញនូវបន្តនិរន្តរភាពនិងសង្គតិភាពនៃគោលនយោបាយដែលបានអនុវត្តពីមុនមក ជាពិសេសពីអាណត្តិទី៦។ យើងបានចាប់ផ្ដើមការវាយតម្លៃនេះពីអាណត្តិទី៦ (នៅ)ឆ្នាំ ២០១៨, ឆ្នាំ ២០១៩ បានបន្ដិច ក៏កូវីដ-១៩ មក។ តែយើងមិនបញ្ចប់ទេ។ វាជាចំណុចវិជ្ជមានរបស់យើង ជាការខិតខំប្រឹងប្រែងច្នៃប្រឌិតនៅក្នុងការអនុវត្ត … គេសួរថា តើគោលនយោបាយរដ្ឋាភិបាលថ្មីខុសពីមុនយ៉ាងម៉េច? យើងប្រកាន់គោលជំហរពីរ។ និរន្តរភាពនិងសង្គតិភាពនៃគោលដៅនយោបាយបម្រើប្រជាពល​រដ្ឋ ធ្វើឱ្យប្រទេសយើងកាន់តែរីកចម្រើន ឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ សង្គតិភាពគឺយើងត្រូវដាក់ចេញជាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាការបន្តនូវយុទ្ធសាស្រ្តចតុកោណ។ យើងអត់ធ្វើបដិវត្តទេ យើងបន្តនិរន្តរភាព។

(៣) រាជរដ្ឋាភិបាលដឹកនាំដោយនិរន្តរភាព គឺមានលំនឹង ច្នៃប្រឌិត ដាក់ចេញវិធីសាស្ត្រចាំបាច់

សួរថា (បើធ្វើ)និរន្តរភាពនេះ បើប្រកាន់គោលនយោបាយដដែលៗ រីកចម្រើន ឬអត់? គោលនយោបាយដដែល ប៉ុន្តែអ្វីដែលប្រែប្រួលគឺការជ្រើសរើសអាទិភាព និងវិធីសាស្រ្តក្នុងការអនុវត្ត ដើម្បីសម្រេចគោលដៅដែលត្រូវមានភាពនវានុវត្តន៍ និងភាពច្នៃប្រឌិត … បើគ្មានលំនឹងគោលនយោបាយទេ ម្ដងអញ្ចេះម្ដងអញ្ចុះ (យើងមិនអាចសំរេចកិច្ចការជាគោលដៅបានទេ)។ ប្រទេសខ្លះ គ្រាន់តែគោលនយោបាយសុខភាពជូនប្រជាពលរដ្ឋ ក៏ដោះមិនចេញ។ មានលុយមានអី តែដោះមិនចេញ ឧទាហរណ៍ គោលនយោបាយសុខភាពមួយ ប្រធានាធិបតីមួយធ្វើ ៥ឆ្នាំ ទម្រាំតែកែបាន។ ចរចាចុះឡើងៗ ចប់អាណត្តិ។ អ្នកថ្មីឡើងមក លុបចោលបាត់។ នៅតែដោះមិនចេញ។ អញ្ចឹង នៅក្នុង(រយៈពេល) ៤០ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយនិរន្តរភាព គឺធ្វើអោយមានលំនឹង ច្នៃប្រឌិត ដាក់ចេញនូវវិធីសាស្រ្តជាកិច្ចការចាំបាច់។ ជាក់ស្ដែង នៅអាណត្តិទី៧ នេះ យើងបានដាក់ចេញកម្មវិធីនយោបាយអាទិភាព៦ និងវិធានគន្លឹះ៥។ ទិសដៅអ្វី? កម្មវិធីគោលនយោ​បាយអាទិភាព៦ នោះ គឺការដាក់ចេញនូវកម្មវិធីអត្ថប្រយោជន៍ផ្សេងៗ ផ្ដល់ផលវិជ្ជ​មានបន្ថែមជូនប្រជាពល​រដ្ឋនៅក្នុងវិស័យសុខាភិបាល ប្រព័ន្ធគាំពារសង្គម ការបណ្ដុះបណ្ដាល ១,៥ លាននាក់ ពង្រាយមន្រ្តីកសិកម្មទៅតាមឃុំសង្កាត់ ការជួយកសិផលផ្សេងៗ។

(៤) វិធានការគន្លឹះ ៥ ពង្រីកចំណុចវិជ្ជមាន កែលម្អចំណុចអវិជ្ជមាន

នេះហើយ គឺជាការពង្រីកនូវសមិទ្ធផលវិជ្ជមានបន្ថែម។ ដោយមិនភ្លេចពីចំណុចដែលត្រូវពិនិត្យមើលបញ្ហាប្រឈមមួយចំនួនជាអាទិភាព យើងបានដាក់ចេញនូវវិធានគន្លឹះ៥ … ដែលផ្ដោត ទី១ ទៅលើកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីយើងពិនិត្យ វាយតម្លៃ កែទម្រង់ខ្លួនយើង រៀបផ្ទះយើងឱ្យកាន់តែរៀបរយ កាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើប្រជាជន ពង្រឹង កែសម្រួលវិធីសាស្រ្ត និងបន្តនូវកំណែទម្រង់នូវវិស័យសុខាភិបាល វិស័យអប់រំ ការដាក់ចេញ ពិនិត្យវាយតម្លៃ និងយន្តការផ្សេងៗ ដើម្បីកាត់បន្ថយភាពអវិជ្ជមាន ការពង្រឹងគោលនយោ​បាយ ការផ្ដល់សុវត្ថិភាព សន្ដិសុខភូមិឃុំ សង្កាត់មានសុវត្ថិភាព និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវិធានការដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងប្រព័ន្ធយុត្តិធម៌ ដើម្បីបម្រើ(ប្រជាជន) និងបង្កើនយុត្តិធម៌សង្គម។ នេះហើយ ដែលថាអ្វីដែលយើងធ្វើត្រូវគិតទាំងពីរ គឺទាំងចំពោះផលវិជ្ជមាន និងកុំភ្លេចមើលចំណុចខ្សោយដែលយើងត្រូវដាក់វិធានការមុតស្រួច ដើម្បីកែវា ឱ្យវាទៅមុខ … បើធ្វើមួយ អត់មួយ វាអត់ទៅលឿនទេ។ បើផ្ដោតតែផលវិជ្ជមាន ភ្លេចទទួលស្គាល់និងចាត់វិធានការដើម្បីដោះស្រាយអ្វីដែលអវិជ្ជមាន យើងដើរទៅមុខយឺត ហើយជួនកាលជំពប់ជើងដួលផង។ តែបើសិនជាយើងរវល់តែផ្ដោតទៅលើរឿងអវិជ្ជមាន មិនគិតពីការកសាងសមិទ្ធផលវិជ្ជមានដែលប្រជាជនត្រូវការនោះ ក៏ទៅមិនរួច។

(៦) អាទិភាពដំបូង គឺកំណែទម្រង់រដ្ឋបាលសាធារណៈ

ក្នុងន័យហ្នឹងឯង ដែលនៅនីតិកាលទី ៧នេះ យើងដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព៦ និងវិធានគន្លឹះ ៥នេះ។ ឯកឧត្តម លោកជំទាវ ប្រហែលជាអាចឮចំណុចទាំង៦ ដែលខ្ញុំបានប្រកាសមុនដាច់ឆ្នាំ២០២៣ គឺផ្ដោតទៅលើកម្មវិធីគោលនយោបាយគាំពារសង្គម និងផ្ដល់ភាពវិជ្ជមាន តែ ៥ចំណុចនៃវិធានគន្លឹះមុតស្រួចនៅក្នុងការកែទម្រង់នោះ មានកំណែទម្រង់ ៣ … ទី១ ជាអាទិភាពដំបូង គឺកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលការរៀបរៀងដោយផ្ដោតលើគោលការណ៍ ៣ រួមមានការរើសមន្រ្តីថ្មី ផ្អែកទៅលើគោលការណ៍​គុណាធិបតេយ្យ ដែលបានអនុវត្តហើយ។ ខ្ញុំសូមធ្វើការកោតសរសើរទៅដល់ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ ក្រសួងពាក់ព័ន្ធ ស្ថាប័ន ACU ដែលបានចូលរួមធ្វើឱ្យការរើសមន្រ្តីតាមការប្រលងថ្មីៗនេះ ផ្អែកទៅលើគោលការណ៍តម្លាភាព យុត្តិធម៌ អ្នកចេះជាប់ ជាប់ដោយមោទនៈលើសមត្ថភាពខ្លួនឯង។ អ្នកមិនជាប់ គឺមិនជាប់ដោយអស់ចិត្ត បានន័យថា ខំប្រឹងហើយ វិធីសាស្រ្តស្មើភាពគ្នាហើយ ធ្វើម៉េចគេធ្វើបានល្អជាងយើង។ នេះគឺជាអ្វីដែលយើងបានធ្វើហើយ។

(៧) ពិនិត្យ កែសំរួល រៀបចំរបៀប ដើម្បីបន្តដំណើរដោយទំនុកចិត្ត

ទី២ គឺការពិនិត្យ កែសម្រួលនៅក្នុងបណ្ដាក្រសួងស្ថាប័ន ធ្វើយ៉ាងម៉េចដើម្បីរៀបចំឱ្យរៀបរយ កែទម្រង់កន្លែងណាដែលលើសសំពីងសំពោង អាចបង្រួម, កន្លែងណាដែលខ្វះ និងចាំបាច់ត្រូវកែ ព្រោះទាំងគោលនយោ​បាយ ទាំងរចនាសម្ព័ន្ធ ដែលក្រសួងស្ថាប័នមួយចំនួនបានរៀបចំ តាំងពី ២០ឆ្នាំមកហើយ វាឆ្លើយតបទៅហ្នឹងតម្រូវការកាលពី ២០ឆ្នាំមុន តែមិនស្របនឹងតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត។ ឧទាហរណ៍ កាលពី ២០ឆ្នាំមុននោះមិនមានអង្គភាពបដិវត្តកម្មឌីជីថលទេ … ហើយ ២០-៣០ ឆ្នាំមុនក៏មិនមានអ៊ីនធើណិត​ដែរ។ ប៉ុន្តែបច្ចុប្បន្ននិងទៅអនាគត ត្រូវការអោយមានអ៊ីនធើណិតនិងឌីជីថល ដែលយើងត្រូវកែសម្រួល។ កន្លែងខ្លះ មុខងារ (Function) ខ្លះ លែងមានតម្រូវការទៀតហើយ។ យើងត្រូវរៀនគិតគូរមុន។ កន្លែងខ្លះ វាជាន់គ្នា ដូចនេះបង្រួមសម្របសម្រួល កន្លែងខ្លះភារកិច្ចមិនទាន់ច្បាស់លាស់ ត្រូវកែសម្រួល។ ខ្ញុំបាននិយាយថា ផែនការគោលនយោបាយយុទ្ធសាស្រ្តមានថេរវេលា ២៥ឆ្នាំ ព្រោះស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ៥ជ្រុង ដែលមួយជ្រុងមាន ៥ឆ្នាំ។ ដើម្បី ៥ឆ្នាំនេះដើរលឿន យើងត្រូវយកពេលនៃអាណត្តិទី១ ជាអាណត្តិចាប់​ផ្ដើមពិនិត្យ ចតឡានបន្ដិច ចូលការ៉ាស់ឆែករឹតខ្ចៅវាឡើងវិញ កែសម្រួលកន្លែងណាដែលច្រេះ កន្លែងណាដែលខ្វះខាត ដើម្បីយើងដើរបានយូរតទៅទៀត។

(៨) រៀបចំប្រព័ន្ធលើកទឹកចិត្តមន្ត្រី ផ្អែកលើគុណាធិបតេយ្យ និងគុណភាពការងារ

ទី៣ ត្រូវរៀបចំប្រព័ន្ធធ្វើយ៉ាងលើកទឹកចិត្តមន្ត្រីរបស់យើង ដោយផ្អែកទៅលើគុណាធិបតេយ្យ ផ្អែកទៅលើគុណភាពនៃការងារ។ ខ្ញុំបានឱ្យគិតគូរវិធីសាស្ត្រថ្មីក្នុងការរើសមន្ត្រី។ ជួនកាលយើងធ្លាប់ដើរតែមួយវិធី។ យើងត្រូវគិតវិធីផ្សេងទៀតដើម្បីឱ្យមានប្រសិទ្ធភាព និងធានាសង្គតិភាព។ ការគិតគូរក្នុងទិសដៅតែមួយទេ គឺជំរុញស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋ។ យើងបានធ្វើកំណែទម្រង់ច្រើនក្នុងរដ្ឋបាល​សាធារណៈ ដែលជាអាទិភាពច្រើនអាណត្តិមកហើយ មិនមែនថាមិនបានធ្វើទេ។ ដោយហេតុនេះ កម្មវិធីកែទម្រង់នេះ មិនមែនជាបដិវត្តទេ តែជាវិធីសាស្ត្រថ្មីដែលត្រូវអនុវត្ត។ ការងារអប់រំដូចគ្នា។ កិច្ចការដែលខ្ញុំនិយាយនេះ ជាមូលដ្ឋានសម្រាប់គ្រប់ផ្នែកពាក់ព័ន្ធ។

(៩) មុខងារសាធារណៈជាសេនាធិការអនុវត្តកំណែទម្រង់សាធារណៈ ពាក់ព័ន្ធគ្រប់ក្រសួង/ស្ថាប័ន

យើងចង់និយាយពីប្រ​សិទ្ធភាពការងាររបស់រដ្ឋាភិបាលដើម្បីបម្រើប្រជាជន ទាំងថ្នាក់ជាតិនិងក្រោមជាតិ។ មុនគេបំផុតយើងត្រូវមើលសុខភាពនិងការរៀបចំផ្ទះរបស់រដ្ឋបាលសាធារណៈឱ្យបាន(ស្រេចបាច់)។ អញ្ចឹង​ហើយ ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការក្នុងការដឹកនាំ ដើរតួនាទីសំខាន់ណាស់នៅក្នុងការងារនេះ។ ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហារពីការដំឡើងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈទៅជាឧបនាយករដ្ឋមន្ត្រី ថាដោយសារអ្នកនេះអ្នកនោះ។ ទោះបីជា ហ៊ុន ម៉ានី មិនមែនកាន់(មុខងារសាធារណៈ)នេះ ហើយជាអ្នកណាក៏ដោយដែលកាន់ការងារនេះ ក៏ត្រូវដំឡើងដែរ។ ដោយសារអី? ដោយសារក្រសួងនេះ ដើរតួនាទីជាសេនាធិការនៅក្នុងការអនុវត្តការកែទម្រង់មុខងារសាធារណៈ ដែលពាក់ព័ន្ធទៅដល់គ្រប់ក្រសួងស្ថាប័នទាំងអស់។ បើសេនាធិការមានទម្ងន់ទាប ទៅប្រាប់គេឱ្យធ្វើការយ៉ាងម៉េច? ឱ្យនាយករដ្ឋមន្ត្រីដើរធ្វើការខ្លួនឯងឬយ៉ាងម៉េច? … កំណែទម្រង់ជាតម្រូវការអាទិភាព។ យើងត្រូវបង្កើនសិទ្ធបង្កើនតួនាទីនិងទម្ងន់ ដើម្បីគាត់ដឹកនាំអនុវត្តកិច្ចការជាផលប្រយោជន៍ជាតិយើងទាំងមូល។

(១០) នាយករដ្ឋមន្ត្រីដឹកនាំផ្ទាល់ កំណែទម្រង់មុខងារសាធារណៈ អប់រំ និងសុខាភិបាល

ខ្ញុំត្រូវបង្កើតគណៈកម្មាធិការជាតិមួយទៀត ដែលនាយករដ្ឋមន្ត្រីដឹកនាំផ្ទាល់ទៅលើការកំណែទម្រង់ទាំង៣ គឺមុខងារសាធារណៈ, អប់រំ និងសុខាភិបាល។ ដោយសារវិស័យទាំង ៣នេះសំខាន់ ដែលយើងត្រូវការប្រ​សិទ្ធភាព។ មិនមានពេលច្រើនទេ។ ត្រូវធ្វើឱ្យដាច់លះ ដើម្បីយើងអាចសំរេចគោលដៅបាន។ ត្រូវការអោយមានទម្ងន់គ្រប់ ដោយនាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មាធិការ រដ្ឋមន្ត្រីក្រសួងជំនាញជាសេនាធិការ ជាប្រធានលេខា​ធិការដ្ឋានដែលដឹកនាំអនុវត្ត។ ក្រសួងអប់រំមានឯកឧត្តម ហង់ជួន ណារ៉ុន, ក្រសួងសុខាភិបាលមានឯកឧត្តម ឈាង រ៉ា, ក្រសួងមុខងារសារធារណៈ ទទួលកំណែទម្រង់ធំជាងគេគឺរដ្ឋបាលសាធារណៈថ្នាក់ជាតិនិងក្រោមជាតិ។ ហេតុនេះ យើងត្រូវរៀបចំឱ្យមានសង្គតិភាព និងមានទម្ងន់ដើម្បីផលប្រយោជន៍ជាតិ។ កំណែទម្រង់មុខងារសាធារណៈគឺជាការងារសំខាន់ណាស់សម្រាប់យើងធ្វើ។

(១១) អាណត្តិនេះគឺជាអាណត្តិពង្រឹង មិនមែនជាអាណត្តិពង្រីក

ទី២ ការដាក់ចេញគោលនយោបាយនិងការបង្កើតគណៈកម្មាធិការជាតិជាវិធានគន្លឹះអប់រំ។ ពង្រឹងមូលដ្ឋានគឺជាគោលការណ៍ដែលខ្ញុំថាអាណត្តិនេះគឺជាអាណត្តិពង្រឹង មិនមែនជាអាណត្តិពង្រីក។ បើត្រូវការពង្រីកត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ រួមទាំងការរើសមន្ត្រីថ្មីផង។ បើចង់បានមន្ត្រីថ្មីទៅក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវមានទឡ្ហីរណ៍ហើយបញ្ជាក់ឱ្យច្បាស់ថាកន្លែងណាខ្វះពិតប្រាកដ។ ដូច្នេះ កំណែទម្រង់ទី២នេះកំពុងតែពិចារណា និងរៀបចំរចនាសម្ព័ន្ធពិនិត្យតម្រូវការមន្ត្រី។ បើរើសហើយត្រូវទៅយកឱ្យមន្ត្រីនៅកន្លែងនោះ។ ជាមួយគ្នានេះ ត្រូវផ្ដោតទៅលើការថែរក្សាមន្ត្រីនៅមូលដ្ឋាន រៀបចំគោលនយោបាយយ៉ាងណាកុំឱ្យដាក់ទៅចេះតែបាត់ កុំឱ្យដូចសាំងបើកគម្របហើរអស់។ មន្ត្រីនៅមូលដ្ឋាន មណ្ឌលសុខភាពខ្វះមនុស្ស សាលាបឋមសិក្សានៅតាមខេត្តខ្វះមនុស្ស ត្រូវមានវិធីសាស្ត្របញ្ជូនមនុស្សទៅ ហើយត្រូវឱ្យមាន(ការ)ថែរក្សានៅទីនោះ … កុំឱ្យយើងមានបញ្ហាគរនៅមួយកន្លែង តែខ្វះនៅមួយកន្លែងទៀតមិនចេះចប់ ដែលយើងអង្គុយបក់ផ្សែង …។

(១២) គប្បីបើកច្រកមន្ត្រីកិច្ចសន្យា ដល់មន្ត្រីមានជំនាញផង

វិធីសាស្ត្រថ្មីរួមទាំងការរើសមន្ត្រីថ្មី។ សូមឱ្យកែនិយមន័យមន្ត្រីកិច្ចសន្យា។ កុំឱ្យមន្ត្រីកិច្ចសន្យាផ្ដោតតែលើមន្ត្រីរដ្ឋបាលឬជំនួយការតូចតាច។ ត្រូវបើកច្រកដល់មន្ត្រីកិច្ចសន្យាជំនាញផង។ បើសិនជាគាត់មានបណ្ឌិត វេជ្ជបណ្ឌិត គាត់មានសញ្ញាបត្រអីផ្សេងៗ គាត់លើសអាយុក៏ដោយ គាត់អាចចូលមកជួយរដ្ឋាភិបាលបាន ដោយមិនចាំបាច់ចូលមកក្នុងក្របខណ្ឌពេញទេ។ យើងត្រូវគិតគូរ។ ការរៀបចំក្របខណ្ឌបៀវត្សរ៍ត្រូវឱ្យស៊ីចង្វាក់គ្នា។ ឧទាហរណ៍ គិលានុដ្ឋាកនៅមណ្ឌលសុខភាព បើយើងយកមន្ត្រីកិច្ចសន្យាត្រូវមើលថា បើគាត់ជំ​នាញជាគិលានុបដ្ឋាកធ្វើការដូចគេដូចឯង ឱ្យប្រាក់ខែ ឱ្យអត្ថប្រយោជន៍ដូចគេដូចឯងទៅ កុំគិត ៧០%អី។ យកវិធីសាស្ត្រនេះទើបយើងមានភាពបត់បែនអាចបើកច្រកឱ្យមនុស្សចូលមកបានច្រើន។

គ្រាផ្ទុះជំងឺកូវីដ-១៩ យើងខ្វះពេទ្យ។ ពេលដែលយើងរៀបចំនៅភ្នំពេញ សម្ដេចតេជោ បានអនុញ្ញាតឱ្យរើសពេទ្យ ៣ពាន់នាក់ទៀត។ ប៉ុន្តែដល់ពេលយើងរៀបមណ្ឌលសុខភាពមណ្ឌលព្យាបាលតាមខេត្ត យើងនៅតែខ្វះ។ ពេលនោះយើងបើកឱ្យអ្នកស្ម័គ្រចិត្តចូល ទើបបានយើងឃើញថា មានអ្នកដែលមានសញ្ញាបត្រ មានលទ្ធភាពជាពេទ្យជាអី គ្រាន់តែគាត់អត់ក្របខណ្ឌ ដូចនេះអាចចូលមកធ្វើការបាន ហើយអត់ចាំបាច់ចងទេ។ ខ្ញុំមើលឃើញថានេះជាទម្រង់ការវិវត្តនៃពិភពលោក។ នៅប្រទេសច្រើនណាស់គេកាត់បន្ថយមន្ត្រីរាជការក្របខណ្ឌ រួមទាំងកងទ័ព ដោយការងារមួយចំនួនគឺផ្អែកទៅលើកិច្ចសន្យានេះឯង។ សូម្បីតែកងទ័ពនៅអាមេរិកនិងអូស្ត្រាលី ការងារមួយចំនួនគេលែងប្រើទ័ពទៀតហើយ គេប្រើក្រុមហ៊ុនឯកជនដើម្បីធ្វើការងារហ្នឹងបានដូចគ្នា។

(១៣) ពីមុនរុញសាលាទៅ ឥឡូវបើកឱកាសចូលបម្រើការនិងប្រើប្រាស់កម្លាំងសរុបនៅមូលដ្ឋាន

សម្រាប់យើងក៏ដូចគ្នា។ យើងត្រូវបើកជ្រើសរើស។ យើងពិនិត្យលទ្ធភាពក្នុងការធ្វើដូចនេះ។ លោកគ្រូអ្នកគ្រូនៅតាមមូលដ្ឋាន អត់ចាំបាច់ថាត្រូវតែបានក្របខណ្ឌពេញបានមានសិទ្ធ(ទេ)។ យើងត្រូវផ្ដល់សិទ្ធនិងផ្ដល់ឱកាសឱ្យជាប់គ្នា។ ប្រើរូបមន្តការគិតគូរបែបនេះ។ នេះហើយដែលខ្ញុំថាគោលដៅនៅតែមួយ ពង្រឹងសាលានៅមូលដ្ឋានដែលពីមុនច្រើនអាណត្តិយើងរុញសាលាទៅដល់មូលដ្ឋាន តែឥឡូវវិធីសាស្ត្រថ្មីគឺយើងធានាប្រើប្រាស់កម្លាំងសរុប និងបើកឱកាសនៅមូលដ្ឋាន … យុវជនខ្លះចេញទៅធ្វើការវិស័យឯកជន ដល់ពេលមួយ គាត់មានជំនាញ តែចង់ស្ម័គ្រចិត្តចូលមកបម្រើការងារជូនប្រជាពលរដ្ឋ គ្រាន់តែគាត់ហួសអាយុ។ ឥឡូវយើងពិបាកចូលណាស់។ បើចូលទាល់តែមានរៀបចំជាក្របខណ្ឌនយោបាយ ជាទីប្រឹក្សា ឬមួយជាអនុរដ្ឋលេ​ខាធិការ, ជារដ្ឋលេខាធិការ។ បើយើងបើក្របខណ្ឌបែបនេះ គាត់អាចចូលក្នុងប្រអប់ជាមន្ត្រី​ដែលធ្វើការងារជំនាញតែម្ដង ដោយក្នុងក្របខណ្ឌជាបុគ្គលិកកិច្ចសន្យាជំនាញ ៥ឆ្នាំ ឬមួយអីតែម្ដង … បើគាត់មិនចងនៅធ្វើការនៅហ្នឹងទេ គាត់ចេញទៅវិញបាន។

(១៤) អនុវត្តវិធីសាស្ត្ររើសមន្ត្រីមានភាពបត់បែនស្តីពីមន្ត្រីកិច្ចសន្យាជំនាញ នឹងបញ្ជៀសការខ្វះមនុស្ស

បច្ចុប្បន្ន ច្បាប់ការងាររបស់យើងគិតទាំងអតីតភាព ដូចក្រសួងការងារឯកឧត្តម ហេង សួរ បានរៀបចំ។ ​គិតពីអតីតភាពការងារ អត្ថប្រយោជន៍ ប.ស.ស … ថ្ងៃមុនទៅថៃ យើងគិតទាំងឆ្លងប្រទេស។ ឥឡូវតើយើងមានឆ្លងទេ? ឆ្លងពីមុខងារសាធារណៈ ឬមួយមន្ត្រីរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធទៅវិស័យឯកជន ក្នុងពេលហ្នឹងមានបានគិតអតីតភាពការងារឱ្យគាត់ជាប់ជាបន្តទេ? បើគាត់ធ្វើនៅក្នុងវិស័យឯកជន៣០ឆ្នាំ ឥឡូវមិនទាន់ដល់អាយុចូលនិវត្តន៍ទេ គាត់ស្ម័គ្រចិត្តបម្រើក្នុងរដ្ឋបាល … តើគិត(អតីតភាព)ហ្នឹងឱ្យគាត់ទេ? ដល់ពេលដល់អាយុចូលនិវត្តន៍ គិតបូកទាំងអត្ថប្រយោជន៍ទាំងវិស័យឯកជនភ្ជាប់ជាមួយអត្ថប្រយោជន៍​នៅក្នុងវិស័យរដ្ឋ។ ចំពោះមន្ត្រីដែលចូលនិវត្តន៍ យើងអាចកុងត្រាជាមួយគាត់ គិតបៀវត្សរ៍កម្រិតណាមួយ … នៅក្នុងកងទ័ព កន្លងទៅខ្ញុំបានធ្វើកិច្ចការមួយចំនួនដែរ។ នាយទាហានដល់អាយុចូលនិវត្តតែជំនាញ ឧទាហរណ៍​ជំ​នាញភស្តុភារ គាត់ទទួលការបណ្តុះបណ្តាលតាំងពី ៣០ ឬ៤០ ឆ្នាំមុន ឥឡូវកុងត្រាគាត់មកវិញជួយសរសេរមេរៀន សរសេរអីទុក ជួនកាលចុះបង្រៀនទៀត។ អញ្ចឹងយើងគិតគូរក្របខណ្ឌថ្មី។ នោះយើងអត់ខ្វះមនុស្ស​ទេ ហើយមានភាពបត់បែន។ ទោះបីជាចំនួនមន្ត្រីក្របខណ្ឌយើងតិចក៏ដោយនៅក្នុង ២០ ឆ្នាំទៀត ប៉ុន្តែយើងអត់ខ្វះមនុស្សទេ ព្រោះវិធីសាស្ត្រនៃការរើសមន្ត្រី បើកឱ្យមានភាពបត់បែនមួយតាមរយៈមន្ត្រីកិច្ចសន្យាជំនាញនេះ …។

(១៥) ជ្រើសសសរពីរឬបីជាសសរស្តម្ភ ក្នុងចំណោមសសរ ១០០ ដើម្បីពង្រឹងការអនុវត្តថ្នាក់មូលដ្ឋាន

កិច្ចការដែលខ្ញុំនិយាយបន្ទាប់ គឺរឿងអប់រំដែលផ្តោតទៅលើមូលដ្ឋាន ក៏ដូចជាមណ្ឌលសុខភាពផ្នែកសុខាភិបាល។ ហេតុអ្វីបានជាគណៈកម្មាធិការជាតិត្រូវបានបង្កើតឡើង ហើយផ្តោតលើការពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុកជាគោលធំ? ហេតុអ្វីបានជាមិនពង្រីកទៅដល់ពេទ្យថ្នាក់ជាតិ? គណៈកម្មាធិការនេះមិនធ្វើការជំនួសក្រសួងសុខាភិបាលឬទេ។ ក្រសួងសុខាភិបាលមានគោលនយោយបាយសុខាភិបាលថ្នាក់ជាតិ ដែលពង្រឹងពីក្រោមដល់លើ។ ក្រសួងអប់រំដូចគ្នា តាំងពីមត្តេយ្យរហូតដល់ឧត្តមសិក្សា គឺមានកម្មវិធីគោលនយោបាយ … ក្នុងក្របខណ្ឌមុខព្រួញដែលមានសសរជាង១០០ យើងរើសយកសសរ ២ ឬ៣ ជាសសរស្តម្ភ ហើយបុកកម្លាំងបន្ថែមដើម្បីពង្រឹងសសរទាំងនេះមុន។ នេះគឺដំណាក់កាលនៃការពង្រឹងជាជាងពង្រីក។ ពង្រឹងអ្វី? គឺពង្រឹងដំណើរឆ្ពោះទៅមូលដ្ឋាន។ ក្នុងវិស័យអប់រំ យើងបានរៀបចំពង្រឹងថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ … ឥឡូវក្រុមការងារកំពុងតែរៀបចំផែនការផ្សេងៗ សិក្សាពីវិធីសាស្ត្រក្នុងការអនុវត្ត។ ថ្ងៃមុន … បានប្រជុំចុងក្រោយសម្រេចចាប់ផ្តើមការងារពង្រឹងចេញពីបឋមជាជំហានមួយ។ បន្ទាប់មកបានយើងរីកទៅដល់មធ្យមកម្រិតណា។ យើងគិតថា បើសិនជាពង្រឹងគុណភាពមនុស្ស យើងពង្រឹងតែពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២ បាន កុំព្រួយពេលគាត់ឡើងឧត្តមសិក្សា គឺគាត់ខ្លាំងហើយ។ តែពីក្មេងទៅ យើងពត់ឲ្យគាត់ល្អ ឲ្យរឹងមាំពីក្មេងទៅ ឡើងទៅខ្ពស់រួចហើយ។

(១៦) ពង្រឹងវិស័យអប់រំនិងសុខាភិបាលកម្រិតស្រុកឡើងមក និងដកពិសោធន៍ពីជោគជ័យក្នុងប្រទេស

ម្សិលមិញ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ពោធអគារ១៨ ជាន់ដែលសង់នៅផ្លូវនរោត្តម ឃើញថាប្រើពេលយូរជាងគេបំផុត គឺភាគនៅក្រោមដីគឺគ្រឹះហ្នឹងឯង។ ដល់ពេលយើងធ្វើគ្រឹះបានរឹងមាំ ប្រាកដប្រជាច្បាស់លាស់ហើយ ឡើងជាន់ពីលើដីទៅ រឿងរៀបជញ្ចាំង រៀបសសរហ្នឹងវាមិនសូវយូរទេ។ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល យើងផ្តោតទៅលើការពង្រឹង(ការិយាល័យអប់រំស្រុក) និងមណ្ឌលសុខភាពនិងពេទ្យបង្អែកស្រុក កម្រិតមួយ កម្រិតពីរ ជាអាទិភាព។ ពេទ្យខេត្តក៏យើងធ្វើការ តែយើងពង្រឹងពីកម្រិតស្រុក។ តើយើងយកអ្វីជាមូលដ្ឋានក្នុងការពង្រឹង? វិទ្យាសាស្ត្រ? យើងយកទ្រឹស្តីមកពីណា? យើងយកផែនការកសាងមកពីណា? អត់មានទៅយកគម្ពីរមកពីធនាគារពិភពលោក ពីអាមេរិក ពីអីមកទេ។ មេរៀនកម្មវិធីដែលយើងចេញនេះ គឺដូចនៅក្នុងកម្មវិធី២ ថ្ងៃនេះឯង គឺការដកយកបទពិសោធន៍នៅមូលដ្ឋានក្នុងប្រទេស។ ក្នុង២ ថ្ងៃនេះមានការចែករំលែកបទពិសោធន៍នៅសាលាដែលបានជោគជ័យ ដើម្បីឲ្យសាលាផ្សេងទៀតបានសិក្សារៀនសូត្រស្តាប់។

(១៧) ប្រែក្លាយសាលាទៅមានវិន័យ/អនាម័យ ដោយមិនមានការបន្ថែមថវិការដ្ឋជួយ ដែលឪពុកម្តាយសិស្សគាំទ្រ

កម្មវិធីនេះធ្វើដូចគ្នា គ្រាន់តែយើងជំរុញមួយជំហានទៀតដាក់ជាសកម្មភាពតែម្តង គឺយកបណ្តុំនៃភាពជោគជ័យ ឧទាហរណ៍នៅក្នុងវិស័យអប់រំ នៅក្នុងបឋម យើងបានរៀបចំកម្មវិធីនេះប្រមូលគ្រូ អតីតនាយកសាលាដែលជោគជ័យ ដូចសាលាវត្តពោធិ និងសាលាជាច្រើនដែលចូលនិវត្ត រៀបចំធ្វើការងារពិភាក្សា យកបទពិសោធន៍ពីសាលានានា ក្នុងនោះមានសាលាពេជ្រចិន្តា មករៀបចំជាស្តង់ដារមួយដើម្បីជួយជំរុញការអនុវត្ត។ ក្នុង ២ថ្ងៃនេះ មានអ្នកឡើងនិយាយ ហើយលោកគ្រូអ្នកគ្រូ សាលាផ្សេងកត់ត្រាទុក។ មានគំនិតចង់ធ្វើ ប៉ុន្តែធ្វើយ៉ាងម៉េច។ អញ្ចឹងកម្មវិធីនេះគឺដូចគ្នា … កាលមុនបោះឆ្នោតខែកក្កដា ខ្ញុំបានឲ្យក្រុមស្រាវជ្រាវមួយចុះសិក្សា ២៥ រាជធានី/ខេត្ត ដើម្បីដកស្រង់មតិនិងបទពិសោធន៍ការអនុវត្តនៅពីសាលាបឋម មធ្យម និងមត្តេយ្យមួយចំនួន … ខ្ញុំឃើញការច្នៃប្រឌិតរបស់លោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំសាលាជាច្រើន ជាបទពិសោធន៍ល្អ ហើយប្រាកដប្រជា។ កន្លែងខ្លះប្រែក្លាយពីសាលាមួយដែលសំរាមពេញ ពីឪពុកម្តាយមិនសូវចាប់អារម្មណ៍ ពី​កូនសិស្សមិនសូវចូលសាលា ក្នុងរយៈពេល ១ ឆ្នាំទៅ ២ ឆ្នាំ ទៅជាសាលាដែលមានវិន័យ អនាម័យល្អ កូនសិស្សចេញចូលសំពះឪពុកម្តាយ លែងលំបាកចិត្ត ហើយបែរជាមកគាំទ្រសាលា ហើយមិនមានការបន្ថែមថវិការដ្ឋទៅជួយនោះទេ។

(១៨) រៀបចំយន្តការថ្នាក់ជាតិជំរុញសកម្មភាពសាលាជោគជ័យឆ្លើយតបទៅការប្រឈមជាគន្លឹះ ៣

ក្រសួងអប់រំបានធ្វើការដកពិសោធន៍និងចែករំលែកច្រើន ហើយខ្ញុំគិតថាត្រូវមានយន្តការណាមួយបន្ថែមទៀតដើម្បីជួយជំរុញ។ យើងធ្វើការចែករំលែកដកពិសោធន៍ជាការល្អ ប៉ុន្តែប្រហែលជាមានបញ្ហាប្រឈមគន្លឹះៗ … ទី១ ការចុះដកពិសោធន៍នេះ តើត្រឡប់ទៅវិញអនុវត្តបានឬទេ? បើអនុវត្ត មានអ្នកណាជួយតម្រង់ទិស ជួយណែនាំឬទេ? … ព្រោះដើម្បីអនុវត្តកិច្ចការដែលឃើញថាជាសូចនាករ ២ ឬ៣ ហ្នឹង មិនមែនធ្វើតែ ២ ឬ៣ ហ្នឹងទេ។ មានកិច្ចការប្រទាក់ក្រឡាច្រើនណាស់ ទម្រាំតែសហគមន៍គាំទ្រ … អញ្ចឹងត្រូវការរបៀបរបបក្នុងការធ្វើការ។ ទី២ តើផ្តល់ការជួយគាំទ្រដូចម្តេច? ចង់អនុវត្តកម្មវិធីនេះ ប៉ុន្តែបច្ចុប្បន្នមិនទាន់មាន លទ្ធភាព ហើយ ទី៣ បានអ្នកណាតាមមើល? នេះហើយដែលខ្ញុំគិតថា បើយើងធ្វើការដកពិសោធន៍នឹងអាចរីកបាន។ ហេតុនេះ យើងត្រូវរៀបចំយន្តការថ្នាក់ជាតិមួយរុញការងារនេះឲ្យមានសង្គតិភាព ឲ្យមានជាស្តង់ដារ ហើយយើងជួយតម្រង់ទិសនិងជួយអនុវត្ត ចែកយកបទពិសោធន៍ដែលធ្វើបានជោគជ័យនៅតាមបណ្តាសាលាជាច្រើនមកផ្គុំគ្នា ហើយចែកទៅដល់សាលាផ្សេងទៀតដែលចង់ធ្វើ …។

(១៩) រៀបចំក្រុមការងារពីថ្នាក់ចាប់ផ្តើមរហូតការអនុវត្ត និងត្រួតពិនិត្យជាប់ជាប្រចាំ

ធ្វើស្អីក៏ដោយត្រូវមានយន្តការតាមដានត្រួតពិនិត្យជាប់ជាប្រចាំ។ ត្រឹមតែយកមកចងក្រងចែករំលែក មិនប្រា​កដថាដើរទេ។ អញ្ចឹងហើយបានជាយន្តការថ្នាក់ជាតិនេះ ត្រូវរៀបចំក្រុមការងារតាំងពីថ្នាក់ចាប់ផ្តើមណែ​នាំរហូតទៅដល់ implementation ក្នុងមួយអាណត្តិ ៥ ឆ្នាំនេះ ត្រូវមានយន្តការតាមដានត្រួតពិនិត្យ។ យើងចាប់ផ្តើមពី ៥០សាលា ទៅជាគំរូនៅហ្នឹងកន្លែង សម្រាប់កន្លែងផ្សេងមើល និងជួយបណ្តុះបណ្តាលបន្ត ទៅ ១០០ សាលា ទៅ ២០០ សាលា ទៅ ១០០០ សាលា។ ថ្ងៃមុនក្រុមការងារមករាយការណ៍ឲ្យខ្ញុំ ធ្វើផែនការហើយអនុវត្ត ហើយតាមដាន M&E នេះ ត្រួតពិនិត្យមួយឆ្នាំ ២ដង។ ខ្ញុំថាកុំធ្វើល្អជាង … ដំណាក់កាលដំបូងត្រូវធ្វើឲ្យជាប់ ៣ខែយ៉ាងហោច ហើយរាល់ ១ ខែ ៣ ឬ ៤ ដងដើម្បីយើងតាមជួយគាត់។ បើសិនជាធ្វើគ្រាន់តែ ១ ឆ្នាំ ២ដង ហើយបូកសរុបរបាយការណ៍ ទៅមិនរួចទេ។ ពេលដែលយើងអនុវត្តគោលគំនិតថ្មី ត្រូវតាមដានជួយគាត់ ដូចក្មេងទើបចេះដើរអញ្ចឹង។ កូនយើងទើបចេះដើរ … ដើរពីរជំហាន យើងទប់បន្តិច … នៅពេលដែលគាត់ដឹងវិធីដើរ គាត់ដឹងផ្លូវដើរ យើងព្រលែងគាត់ច្រើនបាន។ ធ្វើការត្រួតពិនិត្យនេះក៏ដូចគ្នា។ អញ្ចឹងបានខ្ញុំឲ្យកែផែនការនេះឡើងវិញ ត្រូវផ្តោតធំបំផុតទៅលើយន្តការតាមដានត្រួតពិនិត្យ ដែលមិនមែនដើម្បីចាប់កំហុសទេ តែដើម្បីជួយក្នុងការអនុវត្តឲ្យបានស្តង់ដារដើម្បីជួយឲ្យជោគជ័យ។

(២០) ចាប់ផ្តើមពីជោគជ័យតូច/រយៈពេលខ្លី ឆ្ពោះទៅជោគជ័យជំ/រយៈពេលវែង

ធ្វើអីបើគ្មានការតាមដានត្រួតពិនិត្យគ្រប់គ្រាន់អត់ជោគជ័យទេ។ បរិមាណបាន តែគ្មានគុណភាព។ ខ្ញុំសុខចិត្តចាប់ផ្តើមតិច។ គេសួរថា ម៉េចក៏មិនចាប់ផ្តើមច្រើន ចាប់ផ្តើមទូទាំងប្រទេសតែម្តងទៅ។ ខ្ញុំថា ចង់ឲ្យជោគ​ជ័យរយៈពេលវែង ត្រូវឲ្យមានជោគជ័យរយៈពេលខ្លី។ កុំឲ្យចាប់ផ្តើមឡើងយក ២០០ សាលាមក តែបើគ្មានលទ្ធភាពគ្រប់គ្រងតាមដានត្រួតពិនិត្យជំរុញឲ្យដើរជោគជ័យទាំង ២០០ ទេ គឺយើងនឹងបរាជ័យ។ បើសិនជាយើងចាប់ផ្តើម ៥០សាលា ធ្វើឲ្យជោគជ័យ ៥០សាលា ទើបជាគំរូដែលគេផ្សេងចង់ធ្វើ។ ខ្ញុំជឿថាគណៈកម្មការមិនបាច់ធ្វើ ៩០០០សាលាទេ។ នៅក្នុងបឋម ៧០០០សាលាតាមខ្ញុំដឹង យើងធ្វើតែប៉ុន្មានជាជំហានទៅវាជាគំរូ។ ខ្ញុំគិតថាលោកគ្រូអ្នកគ្រូជាច្រើនចង់ធ្វើណាស់។ គណៈកម្មការច្រើនដែលដាក់ពាក្យនៅតាមបឋមថាសុំចូលក្នុងកម្មវិធីនេះ ដោយមិនទាន់ចាប់ផ្តើមផង។ លោកគ្រូអតីតនាយកវត្តពោធិ ប្រាបើថា “សម្តេចឥឡូវមួយអាទិត្យចង់ ៩ថ្ងៃ”។ ខ្ញុំថាម៉េចអញ្ចឹង? យើងរៀបចំផែនការនៅក្រសួងផង ប៉ុន្តែនាយកសាលាលោកគ្រូគាត់ឃើញផ្សព្វផ្សាយតាមហ្វេសប៊ុក រឿងវត្តពោធិ គាត់សុំឲ្យទៅជួយ។ គាត់ចង់បានសាលាទៅដូចអញ្ចឹង។ ខ្ញុំឃើញឆន្ទៈនេះធំណាស់។ អញ្ចឹងហើយបានការរៀបចំផែនការនេះ ខ្ញុំជឿថាអាចជោគជ័យបានព្រោះយើងមិនទាន់ចាប់ផ្តើមផង មានការស្ម័គ្រចិត្ត ហើយសហគមន៍គ្រួសារចង់ជួយណាស់។

(២១) ជួយសម្រេចការខិតខំប្រឹងប្រែងបង្កើនគុណភាពអប់រំតាមគោលនយោបាយក្រសួងអប់រំ

ខ្ញុំសួរអ៊ំ ពូ មីង បងប្អូន នៅគ្រប់កន្លែង លោកគ្រូ អ្នកគ្រូ នៅសាលា … បើសិនជាយើងមានសាលាមួយមានអគារថ្មីទំនើបនៅជិតផ្ទះ ប៉ុន្តែសាលានេះលោកគ្រូអ្នកគ្រូ មិនទាន់គ្រប់ មានការលំបាកខ្វះខាតផ្សេងៗ បង្រៀនអត់គ្រប់ម៉ោង ហើយសាលាមួយទៀតប្រហែលជា ៥ គីឡូម៉ែត្រពីផ្ទះ អគារមិនទំនើបដូចសាលានេះទេ ប៉ុន្តែវិន័យ គុណភាពអី អាចថាល្អ អញ្ចឹងតើគាត់ចង់មួយណា? ប្រជាពលរដ្ឋជាទូទៅលើកដៃ សុខចិត្តដឹកកូន ៥គីឡូម៉ែត្រទៅរៀន។ ខ្ញុំឃើញផ្នត់គំនិតនេះ អត់ខុសពីនៅអាមេរិកទេ។ ខ្ញុំធ្លាប់ស្គាល់មនុស្សដែលបានការងាររាប់សែនដុល្លារ ហើយលាលែងពីការងារទៅនៅកន្លែងមួយទៀតដែលប្រាក់ខែប្រហែលជា ៧០ ភាគរយនៃអ្វីដែលគាត់ធ្លាប់បាន ដើម្បីឲ្យកូនគាត់អាចរៀននៅសាលាល្អ។ នៅអាមេរិកសាលារដ្ឋខ្លះ គេឲ្យអា​ទិភាពទៅអ្នកក្នុងភូមិ។ អញ្ចឹងបើអ្នកមិននៅក្នុងភូមិហ្នឹងកុំថាអ្នកឯងមានលុយប៉ុន្មាន មិនឲ្យចូលទេ។ ឪពុកម្តាយសុខចិត្តចំណាយដើម្បីដឹកកូនទៅរៀនសាលាល្អ។ បានឃើញការប្រកួតថ្ងៃនេះ ហើយឃើញទឹកចិត្តសាលារបស់យើង ការខិតខំប្រឹងប្រែងរបស់អ្នកគ្រលោកគ្រូទូទាំងប្រទេស អ្វីដែលយើងត្រូវជួយឲ្យសម្រេចគោលដៅរបស់គាត់ គឺធ្វើយ៉ាងណាក្នុងមួយអាណត្តិ ពីរអាណត្តិនេះ សាលារដ្ឋរបស់យើង ថ្នាក់បឋម ថ្នាក់មធ្យម ជាសាលាដែលអាចជំរុញបង្កើនគុណភាពអប់រំតាមគោលការណ៍តាមគោលនយោបាយដែលក្រសួងអប់រំបានខំប្រឹងធ្វើប៉ុន្មានអាណត្តិមកនេះ …។

(២២) នាយករដ្ឋមន្រ្តីមានសិទ្ធណែនាំតម្រង់ទិសគោលនយោបាយជាតិ

គណៈកម្មាធិការនេះអត់ធ្វើជាអចិន្រ្តៃយ៍ទេ។ អ្នកខ្លះថាឃើញតែលោក ហ៊ុន ម៉ាណែត ដើរធ្វើការជំនួសគេគ្រប់កន្លែង។ ថ្ងៃមុន គ្រាន់តែទៅក្រសួងព័ត៌មាន ណែនាំក្រសួងព័ត៌មានរឿងសារព័ត៌មាន រឿងផ្សព្វផ្សាយសោះ គេថាខ្ញុំទៅលូកដៃការងាររបស់ក្រសួងព័ត៌មាន។ ធ្វើនាយករដ្ឋមន្រ្តី បើមិនមានសិទ្ធិណែនាំក្រសួងស្ថាប័នក្រោមឱវាទឲ្យដាក់ទិសដៅការងារ អោយធ្វើនាយករដ្ឋមន្រ្តីធ្វើអី? ភារកិច្ចជាប្រធានស្ថាប័ន ខ្ញុំមិនធ្វើការជួសឯកឧត្តម ហង់ ជួនណារ៉ុន ទេ ក្នុងការអនុវត្តគោលនយោបាយ ប៉ុន្តែខ្ញុំមានសិទ្ធិក្នុងការណែនាំតម្រង់ទិសដែលជាគោលនយោបាយរបស់ជាតិ។ ខ្ញុំមានសិទ្ធិផ្តល់គោលគំនិត។ ម្សិលមិញទៅក្រសួងឧស្សាហកម្ម ខ្ញុំប្រាប់ថាគួរតែផ្តោតទិសដៅគោលនយោបាយពង្រឹង SMEs និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ហ្នឹងខ្ញុំដាក់ទិសដៅ តែរដ្ឋមន្រ្តីគឺជាសេនាធិការដែលដឹកនាំអនុវត្តការងារជំនាញ។ ខ្ញុំមិនទៅធ្វើការងារជំនួសគាត់ទេ។ កំណែទម្រង់វិស័យសុខាភិបាល អប់រំក៏ខ្ញុំមិនទៅធ្វើការងារជំនួសឯកឧត្តម ហង់ ជួនណារ៉ុន និងឯកឧត្តម ឈាង រ៉ា ដែរ។ នៅក្នុងគណៈកម្មាធិការជាតិនេះ គឺប្រធានលេខាធិការដ្ឋាន និងអនុប្រធានប្រចាំការដែលដឹកនាំអនុវត្តនៅក្នុងវិស័យអប់រំ គឺឯកឧត្តម ហង់ ជួនណារ៉ុន នៅក្នុងវិស័យសុខាភិបាលឯកឧត្តម ឈាង រ៉ា នៅក្នុងវិស័យកែទម្រង់សាធារណៈឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកអនុវត្តបន្ត។

(២៣) មិនដាក់គំនិតថ្មី បានន័យថាមិនមានគំនិតថ្មី

អ្វីដែលយើងចង់និយាយ ជាជាងបទពិសោធន៍ដាច់ដោយដុំ យើងត្រូវធ្វើជាយន្តការថ្នាក់ជាតិ ហើយយើងចង់ជួយកំណែទម្រង់មុខងារសាធារណៈ កំណែទម្រង់វិស័យអប់រំ ដោយពង្រឹងនៅថ្នាក់មូលដ្ឋាន កំណែទម្រង់សុខាភិបាលមូលដ្ឋាន ។ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកំណែទម្រង់ប្រព័ន្ធតុលាការវិស័យយុត្តិធម៌ បើសិនជាគ្មានទម្ងន់គ្រប់ពិបាកនឹងធ្វើអោយបានជោគជ័យ ហើយធ្វើអាចយឺត។ អញ្ចឹងហើយបានជាបង្កើតគណៈកម្មាធិការនេះដើម្បីដឹកនាំផ្ទាល់ … គណៈកម្មាធិការនេះមិនជាអចិន្រ្តៃយ៍ទេ។ ពេលដែលយន្តការភារកិច្ចទាំង២ ទាំង ៣ ដើរដោយរលូន គណៈកម្មការនឹងរលាយឯង។ យើងមិនចាំបាច់ដើរតួនាទីទេ។ អញ្ចឹងបានជាខ្ញុំសូមបញ្ជាក់អំពីតម្រូវការនៃការពង្រឹងមូលដ្ឋាន ការរៀបចំយន្តការថ្នាក់ជាតិ និងការរៀបចំគោលនយោបាយដើម្បីពង្រឹង។ ខ្ញុំមិនលំអិតទេថ្ងៃនេះ ពេលដែលយើងរៀបចំផែនការសកម្មភាពហើយ យើងនឹងធ្វើពិធីមួយទៀត ដើម្បី launching ចាប់ផ្តើមអនុវត្ត។ ពេលនោះខ្ញុំនឹងចូលរួមបើក។ ពេលដែលយើងរើសបាន ៥០ ទៅ ៦០សាលា ដែលចូលមកកម្មវិធីលម្អិត … ក្នុងពេលមិនយូរខាងមុខនេះ ខ្ញុំនឹងមកប្រកាសហើយដាក់ឲ្យអនុវត្តផែនការនោះ … ហើយយើងមានសូចនាករតាមដានដូចយើងវាយតម្លៃនេះឯង។

តាមដានត្រួតពិនិត្យវាយតម្លៃប្រចាំឆ្នាំ នៅក្នុងការធ្វើ ៨សូចនាករ មាននៅក្នុងនេះ ប៉ុន្តែអ្វីដែលយើងធ្វើគឺការរៀបចំយន្តការ … ដែលខ្ញុំថានៅក្នុងចំណោមសសរទាំង ១០០ ដែលយើងត្រូវពង្រឹងទាំងអស់ តើយើងត្រូវពង្រឹងសសរណាមុនគេជាអាទិភាពដើម្បីទ្រទម្ងន់ជាងគេ ហើយត្រូវធ្វើឲ្យមុតស្រួច មានយន្តការតាមដានត្រួតពិនិត្យ។ ពិតណាស់ គំនិតថ្មីមិនប្រាកដថាជោគជ័យទេ ប៉ុន្តែបើយើងមិនដាក់គំនិតថ្មីបានន័យថានឹងមិនមានគំនិតថ្មី ដឹងថាអ្វីដែលយើងចង់ធ្វើហ្នឹងមិនជោគជ័យទេ ព្រោះយើងមិនហ៊ានធ្វើ។ ប៉ុន្តែបើយើងធ្វើវាមានកត្តាជោគជ័យ ៥០ភាគរយ បរាជ័យ ៥០ភាគរយ។ មានតែ ២ហ្នឹងទេ។ ប៉ុន្តែបើយើងដាក់ចិត្តថាធ្វើ ត្រូវរៀបចំផែនការ រៀបចំយន្តការ និងប្តេជ្ញាចិត្តឲ្យខ្ពស់ទើបអាចសម្រេចភាពជោគជ័យនេះបាន។ យើងបង្កើតគណៈកម្មាធិការ និងដាក់ចេញវិធានគន្លឹះ៣ នៅលើវិធានគន្លឹះ៥ និងគោលនយោបាយអាទិភាព៦ នេះ គឺដើម្បីសម្រួចការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឲ្យជោគជ័យ។

(២៤) កុំគិតតាមរបៀបដដែល ឬ Think outside the box

បើថាបណ្តុះបណ្តាល គឺបណ្តុះបណ្តាល ១លាន៥សែននាក់តែម្តង។ ក្នុងមួយអាណត្តិ យើងនឹងវាយតម្លៃថាការបណ្តុះបណ្តាលបានប៉ុន្មានតាមផែនការ។ បើយើងថា ពង្រីកប្រព័ន្ធគាំពារសង្គមឱ្យបាន ៤លាននាក់ ឬ​មួយ ៩លាននាក់ ក្នុងមួយអាណត្តិជាគោលដៅ យើងនឹងមានចំនួននេះមើលជាក់ស្តែង ដោយសារយើងមានត្រៀមទាំងថវិកា ទាំងផែនការ យន្តការដើម្បីធ្វើ។ កំណែទម្រង់ដូចគ្នា។ យើងខិតខំ។ មណ្ឌលសុខភាពដូចគ្នា ខ្ញុំមិនរំលេចពីមណ្ឌលសុខភាពទេ ប៉ុន្តែយើងយកមណ្ឌលសុខភាពជាគោល ហើយជាផែនការរបស់ក្រសួងសុខា​ភិបាល យើងគ្រាន់តែរៀបចំគណៈកម្មាធិការដើម្បីជួយសម្រួចក្នុងការពង្រឹង និងផ្តល់លទ្ធភាពតាមថវិកា ពីថ្នាក់កណ្តាលទៅជួយបន្ថែមខ្លះ។ សិទ្ធិនៅក្នុងការកែសម្រួលការរើសពេទ្យនៅក្នុងមូលដ្ឋានត្រូវមានការសម្រេច និងផ្តល់គោលការណ៍ពីរាជរដ្ឋាភិបាល។ អញ្ចឹងកុំឆ្លងយូរពេក។

យើងបង្កើតគណៈកម្មាធិការផ្តល់សិទ្ធិដើម្បីគិតគូរ។ ក្រសួងមុខងារសាធារណៈបានធ្វើការជាមួយក្រសួងអប់រំ ជាមួយក្រសួងសុខាភិបាល រួចរាល់ហើយលើការងារនេះ … គិតដូចភាសាអង់គ្លេសថា Think outside the box ឬគិតក្រៅប្រអប់ បានន័យថាវិធីសាស្ត្រថ្មី ពេលខ្លះកុំចងជើងនូវអ្វីដែលវិធីសាស្ត្រដែលយើងមាន។ ពីមុនមកយើងធ្លាប់តែធ្វើអញ្ចឹង។ យើងត្រូវហ៊ានឈានមួយជំហានទៀតទៅក្រៅប្រអប់ដើម្បីមើលមកក្នុងប្រអប់ តើយើងអាចធ្វើយ៉ាងម៉េច? សួរថាឈានទៅហ្នឹងវាប្រាកដប្រជា ឬទេ? អត់ច្បាស់ទេ តែយើងគិតគូរ Calculate ច្បាស់លាស់មុននឹងឈានទៅ ហើយព្យាយាមឱ្យជាជោគជ័យ។ អញ្ចឹងខ្ញុំសូមអរគុណចំពោះការវាយតម្លៃ ការដាក់ចេញនូវវិធានការគន្លឹះទាំង៥ និងការពង្រឹង៣ នៅព្រឹកនេះ ផ្អែកទៅលើអង្គភាពសាធារណៈថ្នាក់មូលដ្ឋាន ដែលយើងកំពុងតែផ្តោតនេះឯង។ អញ្ចឹងគឺវាស្របគ្នាទៅនឹងគោលគំនិតរបស់រាជរដ្ឋាភិបាល បានន័យថា បន្តនូវចីរភាព និងនិរន្តរភាព នៃគោលនយោបាយនិងរួមបន្តបន្ថែម។

[ចប់សេចក្តីអធិប្បាយ២]

នៅឆ្នាំ២០១៨-២០១៩ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តការប្រកួតប្រជែងការផ្តល់សេវា សាធារណៈគំរូនៅតាមសាលារៀនក្នុងកម្រិតវិទ្យាល័យ និងមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាព បង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ និងបានបង្កើតយន្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ទៅតាមឋានានុក្រម មាន៣កម្រិត គឺកម្រិតថ្នាក់ជាតិជាគណៈកម្មការវាយតម្លៃអន្តរក្រសួង កម្រិតថ្នាក់រាជធានី ខេត្ត និងកម្រិតក្រុង ស្រុក ខណ្ឌ។ ការបង្កើតយន្តការវាយតម្លៃ ព្រមជាមួយនឹងការកំណត់លក្ខណៈវិនិច្ឆ័យគោលនិងលក្ខណៈវិនិច្ឆ័យលម្អិតច្បាស់លាស់ គឺរៀបចំឡើងក្នុងគោលដៅពង្រឹងអភិបាលកិច្ចសាលារៀនចាប់ពីសាលាមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ និងមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែករាជធានី ខេត្ត។ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តការប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូនៅតាមសាលារៀនក្នុងកម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សា និងមណ្ឌលសុខភាព ហើយថ្ងៃនេះ គឺជាថ្ងៃដែលត្រូវប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។

[សេចក្តីអធិប្បាយ៣]

(២៥) អ្នកមានវ័យ ៥០ ឆ្នាំបច្ចុប្បន្ន បើលាបសក់មើលទៅប្រៀបដូចជានៅវ័យ ៣០ ឆ្នាំ

ទាក់ទងទៅនឹងការប្រកួតប្រជែង ខ្ញុំក៏សូមអបអរសាទរសាជាថ្មី ជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ក៏ដូចជានៅតាមសាលាជ័យលាភី ក៏ដូចជាគណៈគ្រប់គ្រងបុគ្គលិកនៅតាមមណ្ឌលសុខភាព និងជ័យលាភីទាំងអស់។ ប៉ុន្តែជាមួយគ្នានេះខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈគ្រប់គ្រងបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ក៏ដូចជាគណៈគ្រប់គ្រងបុគ្គលិក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅតាមគ្រប់សាលារៀន តាំងពីថ្នាក់មត្តេយ្យដល់ឧត្តមសិក្សា និងនៅតាមគ្រឹះស្ថានសុខាភិបាលចាប់តាំងពីមណ្ឌលសុខភាព ដល់ពេទ្យថ្នាក់ជាតិទាំងអស់ ដែលបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស មិនមែនតែអង្គភាពជ័យលាភីនោះទេ។ ការងារនេះបានជួយឱ្យយើងពង្រឹងសុខភាពរបស់ប្រ​ជាពលរដ្ឋ។ ខ្ញុំឧស្សាហ៍និយាយ អ្នកអាយុ ៥០ឆ្នាំ ឥឡូវបើសិនជាលាបសក់ អាចច្រឡំ ៣០ឆ្នាំ … ពេលដែលខ្ញុំនៅក្មេង ក្នុងទសវត្សឆ្នាំ ៨០ជាង អ៊ំខ្ញុំ ឬតាខ្ញុំពេលនោះអាយុ ៥០ឆ្នាំ មិនដូចឥឡូវទេ គឺប្រហែលជាស្មើនឹងអ្នក ៨០ឆ្នាំឥឡូវនេះ។ នេះគឺដោយសារការប្រែប្រួល(ជាវិជ្ជមាន)នៃសុខភាពប្រជាពលរដ្ឋ។ ខ្ញុំមិននិយាយតែអ្នកនៅទីក្រុងភ្នំពេញទេ។ នៅតាមបណ្តាខេត្ត ក៏សុខភាព សុខុមាលភាពប្រជាជនបានកើនឡើង ដោយសារបុគ្គលិកក្នុងវិស័យសុខាភិបាល កម្រិតសមត្ថភាព និងលទ្ធភាពរបស់យើងបានពង្រីក។

(២៦) មន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ដើរតួនាទីសំខាន់នៅតាមជនបទ

ពេលកូវីដ-១៩ អត់មានអ្នកណាមកជួយយើងទេ គឺយើងម្ចាស់ការជួយខ្លួនឯង។ បើសិនជាពេទ្យយើងមិនមានសមត្ថភាពព្យាបាលអ្នកជំងឺធ្ងន់ ដែលចូលទៅ ICU ដែលអ្នកខ្លះពេលដែលចូលទៅគឺវាយតម្លៃសល់តែ ២០% ទេ តែជួយស្រោចស្រង់ជីវិតបាន។ មិនធម្មតាទេ។ អត់មានពេទ្យបរទេសណាមកទេពេលនោះ។ បិទទាំងអស់មានតែកម្ពុជាខ្លួនឯង។ អញ្ចឹងពេទ្យរបស់យើងគ្រប់កន្លែងទាំងអស់មានសមត្ថភាព។ ពិតណាស់ ពេលខ្លះយើងឃើញរឿងមួយពីរនៅតាមហ្វេកប៊ុក ពាក់ព័ន្ធមន្ទីរពេទ្យ ប៉ុន្តែមនុស្សឈឺរាប់ពាន់រាប់ម៉ឺននាក់រាល់ថ្ងៃដែលត្រូវបានព្យាបាល។ ស្ត្រីឆ្លងទន្លេរាប់រយរាប់ពាន់នាក់នៅទូទាំងប្រទេសក្នុង ១អាទិត្យៗ តែអត្រានៃការស្លាប់មាតានិងទារកតិចណាស់។ នេះគឺដោយសារការខិតខំប្រឹងប្រែងរបស់ពេទ្យរបស់យើង។ ក្នុងនោះមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ដើរតួនាទីសំខាន់ ព្រោះកន្លែងខ្លះនៅតាមជនបទកម្រមានពេទ្យឯកជនណាស់។ ពេលខ្លះមានពេទ្យភូមិមួយពីរ តែគឺពឹងទៅលើមណ្ឌលសុខភាព។

(២៧) គ្រូពេទ្យនិងគ្រូបង្រៀន ធ្វើកិច្ចការទេវតា

សាលារៀនក៏ដូចគ្នា។យើងបណ្តុះបណ្តាលបានសិស្សច្រើននៅទូទាំងប្រទេស មិនមែនប្រមូលផ្តុំតែភ្នំពេញទេ។ អម្បាញ់មិញតាមប្រកួតប្រជែង ខ្ញុំងាករកមើលបងស្រេង ដូចអត់សូវលឺភ្នំពេញតែមានភ្នំពេញដែរ។ អញ្ចឹងការខិតខំគុណភាពនេះគឺមិនមែនបានន័យថាប្រមូលផ្តុំទេ តែពង្រាយទូទាំងប្រទេសគឺបង្ហាញពីការខិតខំប្រឹងប្រែង សូម្បីតែអ្នកជ័យលាភី។ ប៉ុន្តែក្រៅពីជ័យលាភីនេះគឺសាលាទាំងអស់នៅទូទាំងប្រទេសបានដើរតួនាទី ទាំងគណៈគ្រប់គ្រង ទាំងបុគ្គលិកសិក្សា ទាំងលោកគ្រូអ្នកគ្រូ ទើបបានកូនខ្មែរយើងរីកចម្រើនមកដល់ពេលនេះ … ឥឡូវខ្ញុំអាចភ្ជាប់ជាមួយទៀត លោកគ្រូអ្នកគ្រូ ជាអ្នកធ្វើកិច្ចការមួយចំនួនរបស់ទេវតា។ ហេតុអី? … ខ្ញុំឃើញមានរឿងអីផ្សេងៗ តែងបន់ ភាគច្រើនតែ ២ទេ។ ទី១ បន់ឱ្យសុខភាពល្អ អាយុយឺនយូរ បន់ឱ្យម្តាយខ្ញុំ ឪពុកខ្ញុំ ឈឺឱ្យជា ទី២ បន់ឱ្យខ្ញុំរកស៊ីមានបាន … អញ្ចឹងទេវតាអាចផ្តល់បាន ប៉ុន្តែវិធីសាស្រ្តធ្វើជាក់ស្តែងមានតែលោកគ្រូអ្នកគ្រូទេ … ថ្ងៃមុនខ្ញុំមើលលោកគ្រូ គូ សុភាព។ លោកមានដីកាថា មានញោមដាក់សារតាមហ្វេកប៊ុកមកសុំឱ្យអាត្មាប្រោះព្រំកុំឱ្យឈឺ។ ព្រះតេជគុណមានសង្ឃដីកាត្រឡប់ទៅវិញ បើញោមឈឺញោមទៅពេទ្យ អាត្មាឈឺក៏ទៅពេទ្យដែរ។

អាយុវែងដោយសារពេទ្យ កូនកើតមកមិនស្លាប់ ម្តាយសុខភាពល្អដោយសារពេទ្យ។ អញ្ចឹងយើងមិនមែនទេវតាទេ តែយើងធ្វើកិច្ចការរបស់ទេវតា។ លោកគ្រូ អ្នកគ្រូក៏ដូចគ្នា គេទៅបន់ឲ្យជោគជ័យ តែលោកគ្រូ អ្នកគ្រូជាអ្នកបង្រៀនតាំងពីក្មេង ទាល់តែអ្នកហ្នឹងមានសមត្ថភាព ចំ​ណេះដឹងទើបអាចធ្វើការបានជោគជ័យ។ អញ្ចឹង ភារកិច្ចនិងការខិតខំរបស់លោកគ្រូអ្នកគ្រូ ដែលថាជាសេនាឲ្យទេវតា ធ្វើការងារទេវតា គឺក្នុងន័យហ្នឹង … អញ្ចឹង សុខភាពគឺរកគ្រូពេទ្យ សមត្ថភាព ចំណេះដឹង ដើម្បីជោគជ័យក្នុងការងារគឺរកគ្រូ(បង្រៀន) … ខ្ញុំសូមលើកទឹកចិត្តលោកគ្រូអ្នកគ្រូ ទោះបីជានៅក្នុងស្ថាប័នដែលបានទទួលជាជ័យលាភី ឬមិនបានទទួល មានចំណុចខ្លាំង/ខ្សោយ(ក៏ដោយ) សូមលោកគ្រូ អ្នកគ្រូបន្តកិច្ចការទេវតានេះ ដើម្បីជួយប្រទេសជាតិ និងប្រជាជនយើង។

(២៨) ពិន្ទុពិតប្រាកដគឺស្ថិតនៅលើសិស្សនិងអ្នកជំងឺ ដែលបានទទួលផលជាវិជ្ជមាន

ការឲ្យពិន្ទុដោយគណៈកម្មការ ការវាយតម្លៃផ្អែកលើសូចនាករ ៨ ក្នុងការប្រៀបធៀប(សមិទ្ធផលរបស់សាលាចូលរួមប្រកួត) មិនមែនថា អ្នកដែលមិនបានមិនខំប្រឹងនោះទេ។ យើងខំប្រឹងប្រកួតប្រជែង គ្រាន់តែមានលើសខ្វះ។ យើងប្រឹងអស់លទ្ធភាពហើយ។ បើមិនបាន យើងអបអរសាទរអ្នកដែលជោគជ័យ។ យើងខំប្រឹងទៀតនៅឆ្នាំក្រោយដើម្បីបាន។ ប៉ុន្តែ ពិន្ទុពិតប្រាកដសម្រាប់លោកគ្រូអ្នកគ្រូ មិនមែន(លើការសំរេចរបស់)គណៈកម្មការទេ។ ពិន្ទុពិតប្រាកដគឺនៅលើសិស្សដែលបានទទួលផលពីលោក/អ្នកគ្រូ ពិន្ទុពិតប្រាកដនៅលើឪពុកម្ដាយដែលសប្បាយចិត្តគាំទ្រ ឃើញកូនគាត់រៀនចេះបានឡើងថ្នាក់ មានវិន័យល្អ ចំណាប់ចំនួន។ ពិន្ទុល្អគឺ(ស្ថិតលើ)អ្នកជំងឺដែលគ្រូពេទ្យបានព្យាបាលឲ្យជា។ នោះហើយជាពិន្ទុពិតប្រាកដ។ មើល(វីដេអូ)អម្បាញ់មិញនេះ មានការសរសើរផ្ទាល់ពីប្អូនស្រីម្នាក់ថា លោកគ្រូជំនាញរបស់គាត់គឺចាក់ម្ជុលត្រង់។ រឿងចាក់ម្ជុលហ្នឹង … ម្ដងកាលរៀននៅអាមេរិក។ ឈឺម្ដងក៏ទៅមន្ទីរពេទ្យ។ ទៅដល់កន្លែងពេទ្យ គេឲ្យអ្នកចុះកម្មសិក្សាមកចាក់។ ចាក់ ៣ដង យកឈាមខ្ញុំមិនចេញ … ទាល់តែហៅគិលានុបដ្ឋាកមួយទៀតមកចាក់តែមួយម្ជុលក៏យកបាន … គាត់សរសើរថាការចាក់ម្ជុលត្រង់ហ្នឹង ក៏ល្អដែរ។ នេះជាចំណាប់អារម្មណ៍ និងការឲ្យតម្លៃ។ នេះហើយពិន្ទុពិតសម្រាប់លោក/អ្នកគ្រូ និងគ្រូពេទ្យ ជាពិន្ទុដែលយើងត្រូវបានជាប់ជាប្រចាំ។

(២៩) គ្រូបង្រៀននិងគ្រូពេទ្យ ជាអាជីពដែលទទួលការគោរពជាគ្រូមួយជីវិត

គ្រូបង្រៀន និងគ្រូពេទ្យ ជាអាជីព ២ នៅក្នុងតួនាទីជាមន្រ្តីរាជការ ដែលទៅណាមកណាគេហៅលោកគ្រូ មួយជីវិត។ សូម្បីតែខ្ញុំជួបលោកគ្រូខ្ញុំ ក៏ខ្ញុំនៅហៅគាត់ថាលោកគ្រូដដែល។ ខ្ញុំជានាយករដ្ឋមន្រ្តី លោកគ្រូខ្ញុំគាត់ចូលនិវត្តន៍ តែខ្ញុំនៅហៅគាត់ថាលោកគ្រូ។ អត់មានអី(ប្ដូរ)ទេ។ គ្រូពេទ្យក៏គេហៅលោកគ្រូដែរ។ តម្លៃនៃការគោរព។ ពិន្ទុពិតប្រាកដ គឺនៅនឹងមូលដ្ឋាន នៅក្នុងការទុកចិត្តនិងទស្សនៈ និងការគាំទ្ររបស់ប្រ​ជាជនដែលយើងជួយ។ នេះហើយគឺជាពិន្ទុពិតប្រាកដដែលលោក/អ្នកគ្រូ គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា លោក/អ្នកគ្រូពេទ្យ បុគ្គលិកមណ្ឌលសុខភាព ពេទ្យបង្អែក និងពេទ្យទាំងអស់ ត្រូវខិតខំដើម្បីធ្វើការងារទេវតាឲ្យបានល្អ ដើម្បីបានពិន្ទុពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការវាយតម្លៃ យើងនៅតែធ្វើ តែកុំភ្លេចការងារជាក់ស្ដែង គឺអ្នកដែលឲ្យពិន្ទុ អ្នកដែលសរសើរលោកគ្រូថាចាក់ម្ជុលត្រង់នោះឯង។ គាត់និយាយមួយម៉ាត់នេះ គិតថាជារឿងតូចមួយ ប៉ុន្តែបើគាត់មិនឲ្យតម្លៃនៅក្នុងបេះដូងគាត់ទេគាត់មិននិយាយទេ។ នេះហើយជាមោទ​នភាពដែលលោក/អ្នកគ្រូ(បង្រៀន) លោក/អ្នកគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ដែល(គេ)ថាកូនខ្ញុំបានជាប់ហើយ អរគុណលោក/អ្នកគ្រូណាស់ដែលបានបង្រៀនវា …។

(៣០) គ្មានអ្វីល្អជាងបានជួយមនុស្សឱ្យបានជោគជ័យ និង/ឬជួយព្យាបាលឱ្យមានសុខភាពល្អ

ខ្ញុំចាំលោកគ្រូ ទេព សុគន្ធ នាយករងអតីតសាលាភ្នំដូនពេញ។ ឥឡូវវិទ្យាល័យស៊ីសុវត្ថិ … គាត់បានទទួលមរណភាពហើយ។ ក្នុងពិធីជួបជុំអតីតសិស្ស គាត់មានបញ្ហា stroke តែគាត់បានអញ្ជើញទៅចូលរួម។ ពេលចប់ សិស្សមកព័ទ្ធជុំគាត់។ មានពីរបីនាក់នោះ ឥឡូវជាមន្រ្តីល្អនិយាយថា លោកគ្រូចាំខ្ញុំទេ? ខ្ញុំត្រូវរំពាត់លោកគ្រូច្រើនជាងគេ។ ខ្ញុំធ្លាប់ត្រូវលោកគ្រូកាត់សក់ព្រោះសក់វែងពេក។ តែអរគុណលោកគ្រូហើយ ដែល​ដាក់ពិន័យខ្ញុំ រហូតថ្ងៃនេះខ្ញុំបានជោគជ័យ។ លោក/អ្នកគ្រូ លោក/អ្នកគ្រូពេទ្យ! ខ្ញុំគិតថាគ្មានអ្វីល្អជាងឃើញមនុស្សដែលយើងចូលរួមជួយបានជោគជ័យ មនុស្សដែលយើងបានជួយព្យាបាលមានសុខភាពល្អ (បានត្រឡប់ទៅ)ជួបជុំគ្រួសារវិញទេ ជាពិសេសពេលដែលឃើញម្ដាយឪពុកចូលពេទ្យ កូនៗមករោមយំនៅហ្នឹង តែយើងបានជួយសង្រ្គោះគាត់ឲ្យមានក្ដីសង្ឃឹម។ អញ្ចឹងសូមបន្តធ្វើការងារនេះ។ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយជួយពង្រឹងមូលដ្ឋាននេះ គឺនឹងជួយទៅដល់លោក/អ្នកគ្រូ លោក/អ្នកគ្រូពេទ្យ ឱ្យមានលទ្ធភាពក្នុងការបំពេញភារកិច្របស់ទេវតាជួយប្រជាពលរដ្ឋរបស់យើង …។

[ចប់សេចក្តីអធិប្បាយ៣]

នៅក្នុងឱកាសនេះ ខ្ញុំសូមធ្វើការកត់សម្គាល់ចំពោះចលនាប្រឡងនិងការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដូចខាងក្រោម ៖

១. ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ដែលផ្តោតលើសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ និងក្នុងវិស័យសុខាភិបាល ដែលផ្តោតលើមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក គឺជាការគាំទ្រ និងជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺសំដៅលើកកម្ពស់គុណភាពនៃការផ្ដល់សេវាអប់រំ និងសេវាសុខាភិបាលបឋមនៅមូលដ្ឋានរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។

២. យន្តការនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល មានភាពច្បាស់លាស់ ដោយបានកំណត់នូវសូចនាករ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា និងស្តង់ដា។

៣. តាមរយៈដំណើរការនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល អង្គភាពនីមួយៗមានឱកាសកាន់តែច្រើនក្នុងការទទួលបានបន្ថែមនូវចំណេះដឹង ព័ត៌មាន បទពិសោធន៍ ឧត្តមានុវត្ត និងនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម ស្របតាមបរិការណ៍ និងស្ថានភាពជាក់ស្តែងរបស់អង្គភាព។

៤. ចលនាប្រឡងប្រណាំងនេះ ក៏បានរំលឹក និងបំផុសស្មារតី មិនត្រឹមតែសម្រាប់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប៉ុណ្ណោះទេ តែក៏សម្រាប់អង្គភាពផ្ដល់សេវាសាធារណៈផ្សេងទៀត ដើម្បីធ្វើការកែលម្អខ្លួនជាប្រចាំ ស្របតាមអភិក្រម «ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល និងព្យាបាល» ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការកែលម្អគុណភាពសេវាសាធារណៈរបស់អង្គភាពនីមួយៗ គឺជាការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនដែលមានការកើនឡើងជាប្រចាំ។

៥. ដំណើរការនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូនេះ បានរួមចំណែកយ៉ាងសកម្មដល់ការពង្រឹងភាពជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែល្អប្រសើរ។

[សេចក្តីអធិប្បាយ៤]

ខ្ញុំចង់បញ្ជាក់បន្តិច។ ឧទាហរណ៍របស់ខ្ញុំជាមួយលោកគ្រូ ទេព សុគន្ធ អម្បាញ់មិញ។ មិនមែនបានន័យថា ទៅវិញទាល់តែលោក/អ្នកគ្រូចាប់ផ្ដើមកាចទេ។ អ្វីដែលសំខាន់គឺវិធីសាស្រ្ត ការអប់រំ និងជំរុញតាំងពីតូច ដែលគាត់មានជោគជ័យ។ និយាយៗ នឹកឃើញថា ទេ! តិចលឺថាគំរូទាល់តែពិន័យកាត់សក់ ទៅវិញ(រកធ្វើអញ្ចឹងដែរ)។ អត់ទេ។ វិធីសាស្រ្តក្នុងការធ្វើមានវិធីទន់ មានវិធីអប់រំច្រើន។

[ចប់សេចក្តីអធិប្បាយ៤]

ផ្អែកលើការពិនិត្យរបាយការណ៍លទ្ធផលនៃការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល និងដើម្បីបន្តអនុវត្តការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឲ្យកាន់តែមានភាពទូលំទូលាយប្រកបដោយផ្លែផ្កា ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធ្វើការណែនាំដល់គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ ក៏ដូចជាក្រសួង-ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចតទៅ៖

១. ដំណើរការនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល មានទំនាក់ទំនងផ្ទាល់ជាមួយការជំរុញវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវពិនិត្យនិងរៀបចំផែនការសកម្មភាពដែលប្រទាក់ក្រឡា និងគាំទ្រគ្នា មិនត្រឹមតែក្នុងគោលបំណងវាយតម្លៃស្វែងរកអង្គភាពគំរូប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តល់នូវការគាំទ្រឱ្យបានពេញលេញដល់គ្រឹះស្ថានអប់រំ និងអង្គភាពសុខាភិបាលនៅមូលដ្ឋានទាំងអស់ ឱ្យមានសមត្ថភាពផ្តល់សេវាសមស្រប និងប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋ។

២. គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ និងការទទួលយកលក្ខណៈវិនិច្ឆ័យគោលទាំង៨ លក្ខណៈវិនិច្ឆ័យរង និងលក្ខណៈវិនិច្ឆ័យលម្អិត ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋាននៃការវាយតម្លៃ ដើម្បីអង្គភាពអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ក្នុងការកំណត់អំពីភាពខ្លាំងនិងភាពខ្សោយរបស់សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំសកម្មភាពកម្រិត១ កម្រិត២ និងកម្រិត៣ និងប្រើប្រាស់ជាមូលដ្ឋានសម្រាប់ដាក់ចេញនូវវិធានការសមស្របកែលម្អអង្គភាពជាបន្ត។

៣. គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ត្រូវសិក្សាពីលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈទៅអង្គភាព ឬស្ថាប័នផ្សេងៗទៀត ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញឱ្យបានខ្លាំងក្លាចលនាប្រឡងប្រណាំងនៃការផ្តល់សេវាសាធារណៈ និងភាពជាគំរូនៃអង្គភាពផ្តល់សេវាសាធារណៈ។

៤. គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ត្រូវធ្វើការផ្សព្វផ្សាយ និងជំរុញចលនាប្រកួតប្រជែងការផ្តល់សេវាសាធារណៈទៅដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យនៅមូលដ្ឋាន ឱ្យបានទូលំទូលាយ រៀបចំឱ្យមានករណីសិក្សា និងចងក្រងនូវបទពិសោធន៍ល្អៗស្តីពីឧត្តមានុភាព និងនវានុវត្តន៍នៃសាលារៀន និងមន្ទីរពេទ្យ ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ព្រមទាំងរៀបចំឱ្យមានទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធន៍ល្អៗទាំងក្នុង និងក្រៅប្រទេស។

៥. គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការជំរុញ ពង្រឹង និងកែប្រែឥរិយាបទរបស់មន្រ្តីរាជការក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យឡើងវិញទៅលើរចនាសម្ព័ន្ធ មុខងារ តួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យនិងធ្វើបច្ចុប្បន្នភាពទៅលើគោលការណ៍ បែបបទ និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគិតយុត្តដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រង ការកែលម្អ និងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមចូលរួមអបអរសាទរចំពោះអង្គភាពដែលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ និងសូមលើកទឹកចិត្តចំពោះអង្គភាពដែលមិនទាន់បានទទួលជ័យលាភី ឱ្យបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។ ខ្ញុំក៏សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារនិងភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានមនសិកាវិជ្ជាជីវៈខ្ពស់។

ខ្ញុំសូមធ្វើការប្រកាសទទួលស្គាល់ជាផ្លូវការ “ជ័យលាភីអង្គភាពផ្តល់សេវាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣” និង ប្រកាសដាក់ឱ្យអនុវត្ត ”ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក សម្រាប់ឆ្នាំ២០២៤” ចាប់ពីពេលនេះតទៅ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជ័យជំនះគ្រប់ភារកិច្ចទាំងអស់។ សូមអរគុណ៕


 

អត្ថបទទាក់ទង