Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, បិទសន្និបាតបូកសរុបការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1195

CMF:

(១) ការងារអធិការកិច្ច គឺរៀបចំផ្ទះខ្លួនយើងអោយស្អាត

មុននឹងបញ្ចប់ ខ្ញុំសូមធ្វើចំណាប់អារម្មណ៍បន្ថែមបន្ដិចទៅលើកិច្ចការអធិការកិច្ចនេះ អំពីចំណុចមួយចំនួនដែលសំខាន់សំរាប់កិច្ចការរាជរដ្ឋាភិបាលអាណត្តិទី៧។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ក៏ដូចជាយុទ្ធសាស្រ្ត​ចតុកោណកន្លងទៅ ស្នូលធំបំផុត គឺអភិបាលកិច្ច។ អភិបាលកិច្ច បានន័យថាម៉េច? រៀបចំផ្ទះខ្លួនយើងឱ្យស្អាត មុននឹងចេញទៅមើលផ្ទះគេ។ រៀបចំផ្ទះយើងឱ្យស្អាត ទើបមានផាសុខភាព ទើបយើងអាចធ្វើការងារបម្រើប្រជាជនបានល្អ។ ទស្សនៈនេះ គឺត្រូវបន្ត។ ពីមួយអាណត្តិទៅមួយអាណត្តិ កិច្ចការនេះត្រូវបានធ្វើជាបន្តបន្ទាប់។ ក្នុងន័យនេះ ដូចនៅក្នុងរបាយការណ៍បានគូសបញ្ជាក់ ក្រសួងអធិការកិច្ច ដែលយើងទើបតែប្ដូរឈ្មោះ ប៉ុន្តែភារកិច្ចនៅតែបន្ត ក៏បានដើរតួនាទីសំខាន់។

(២) ការងារងារត្រួតពិនិត្យជាគោលការណ៍ស្នូលនៃរាជរដ្ឋាភិបាលអាណត្តិទី៧

ការប្ដូរឈ្មោះនេះ បញ្ជាក់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទីកាន់តែសកម្ម ជាសេនាធិការឱ្យរាជរដ្ឋាភិបាល នៅក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។ បើសិនជាការគ្រប់គ្រងរដ្ឋមិនអាចធ្វើទៅបានដោយប្រសិទ្ធភាពទេ បើគ្រប់គ្រងតែខ្លួនឯងមិនទាន់ច្បាស់លាស់? បើដៃជើងរបស់យើងច្រើន ប៉ុន្តែដៃជើងចេះតែដើរទៅព័ន្ធជើងគ្នា ដួល (តើអាច)ដើរទៅឆ្ងាយយ៉ាងណា។ សួរថាតើរដ្ឋទៅធ្វើការងារអីបាន? អញ្ចឹង កំណែទម្រង់អធិការកិច្ចស្ថាប័នរបស់ជាតិជាកិច្ចការសំខាន់។ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ការ​ងារតាមដានត្រួតពិនិត្យជាគោលការណ៍ស្នូល។

(៣) កែទម្រង់ ពង្រឹងអភិបាលកិច្ច ធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង ឈ្លាសវៃ និងស្អាតស្អំ

គោលការណ៍ស្នូល គឺការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង ឈ្លាសវៃ និងស្អាតស្អំ។ ដើម្បីសម្រេចភារកិច្ចនេះ ការតាមដានត្រួតពិនិត្យ ការសង្កេត ការស្រាវជ្រាវលើដំណើរការ និងការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យរកគុណសម្បត្តិ គុណវិបត្តិ ធ្វើការកែលម្អឱ្យកាន់តែប្រសើរ ជាការចាំបាច់។ ក្នុងនោះ កិច្ចការអធិការកិច្ច គឺត្រូវធ្វើដោយមានប្រសិទ្ធភាពបំផុត និងប្រទាក់ក្រឡា។

(៤) អធិការកិច្ច ជួយអនុវត្តអភិក្រម ៤ ក្នុង ៥

ក្នុងរបាយការណ៍ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ហើយៗ ក៏ជាការលើកឡើងនៅក្នុងអង្គប្រជុំ។ ឱ្យតែលឺពាក្យថា “អធិការកិច្ច” គឺ(យល់)ថាដឹងតែមកចាប់ហើយ។ ដូចនេះត្រូវគេច។ ធ្វើម៉េចយករួចខ្លួនសិន។ ខ្ញុំសូមបញ្ជាក់ថាយើងអនុវត្តអភិក្រមទាំង ៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ ការងារអធិ​ការកិច្ចនេះ គឺជួយអភិក្រម ៤ ខាងដើម ដើម្បីពិនិត្យ ផ្ដល់យោបល់ឱ្យយើង អាចជួយឆ្លុះកញ្ចក់ខ្លួនឯងបាន។ ខ្ញុំឧស្សាហ៍និយាយថា បើយើងឆ្លុះកញ្ចក់ ក្រែងលោយើងមើលខ្នងយើងមិនឃើញ។ យើងមើលឃើញតែមុខ ឃើញតែចំហៀង ដល់នៅខាងក្រោយបំផុត យើងមើលមិនឃើញ។ ត្រូវការស្ថាប័នជាមិត្ត ស្ថាប័នដៃគូ ដើម្បីជួយកាន់កញ្ចក់ក្រោយខ្នង ហើយប្រាប់ថានៅកន្លែងនេះ។ ខ្ញុំសូមឱ្យអង្គភាព ស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច ជាការងារចុះចាប់ ព្រោះការអនុវត្តអភិក្រម ៤ គឺដើម្បីឆ្លុះបញ្ចាំងគុណសម្បត្តិ គុណវិបត្តិ ដើម្បីជួយគ្នា។

(៥) ការងារអធិការកិច្ច អនុវត្តតាមប្រសាសន៍សម្តេចតេជោ តាំងពីទសវត្សឆ្នាំ ១៩៨០

សវនកម្មក៏ដូចគ្នា។ បន្ដិចទៀត ខ្ញុំនិយាយដល់ចំណុចដែលត្រូវកែទម្រង់ការងារសវនកម្ម អធិការកិច្ច ដើម្បីធ្វើអី។ ឥឡូវយើងបង្កើតយន្តការតាមដាន តាមសម្មតិកម្មផ្សេងៗ នៅក្នុងក្រសួងស្ថាប័ន … ជាការអនុវត្តដូចប្រសាសន៍សម្ដេចតេជោ តាំងពីឆ្នាំប៉ែតសិបជាង។ ខ្ញុំបានលើកកិច្ចការនេះជាច្រើនក្នុងកងទ័ព។ ក្នុងកងទ័ព ការធ្វើផែនការមិនខុសគ្នាទេ។ ទទួលបានបទបញ្ជាក់ពីថ្នាក់លើ រៀបចំផែនការ ផ្សព្វផ្សាយផែនការ ចាត់តាំងអនុវត្ត ហើយតាមដានត្រួតពិនិត្យ។ ការតាមដានត្រួតពិនិត្យនេះ ជាកត្ដាធានាប្រសិទ្ធភាពការងារ ព្រោះផែនការដែលរៀបចំមក កំណត់ទិសដៅ ត្រៀមសម្ភារៈមួយចំនួន ប៉ុន្តែចាប់ផ្ដើមអនុវត្តហើយ មិនដែលល្អតាមផែនការទេ ពិសេសក្នុងស្ថានភាពដែលយើងធ្វើការវាយលុក។ ភាគីម្ខាងទៀតក៏គេកែប្រែផែនការរបស់គេដែរ។ ដូចលេងអុកអញ្ចឹង។ វាទាមទារឱ្យមានការតាមដានត្រួតពិនិត្យ វាយតម្លៃជាប់ជាប្រចាំ។ (អំពី)កិច្ចការអធិការកិច្ច សវនកម្ម ឥឡូវយើងមាន M&E ថែមទៀតដើម្បីតាមដានត្រួតពិនិត្យនេះ។

(៦) យន្តការអធិការកិច្ចរបស់រដ្ឋ ត្រូវពិនិត្យថាផ្ទះប្រាកដជារៀបរយ

អញ្ចឹងកិច្ចការ(អធិការកិច្ច សវនកម្ម)នេះគឺចាំបាច់ណាស់ក្នុងការបង្កើនប្រសិទ្ធភាព។ ខ្ញុំសូមអរគុណណាស់ដល់មន្ត្រីអធិការកិច្ច មន្ត្រីសវនកម្ម និងថ្នាក់ជាតិ/ក្រោមជាតិ គ្រប់ក្រសួងសា្ថប័នទាំងអស់ ទាំងផ្នែកក្រៅ ទាំងផ្ទៃក្នុង ដែលបានដើរតួនាទីនៅក្នុងកិច្ចការនេះ។ សូម្បីនៅ​កងទ័ពក៏មិនខុសគ្នាដែរ ឲ្យតែលឺពាក្យថាសវនកម្ម ពាក្យថាអធិការកិច្ចនេះ គឺមានអារម្មណ៍ភ័យ ហើយជួនកាលជិះតែឡានឆ្លងកាត់សោះ គេឆ្ងល់ថាមកធ្វើអីខាងអធិការកិច្ច? (អារម្មណ៍ដូចនេះក៏ព្រោះ)អធិការកិច្ចធ្វើការភាគច្រើនតាមពាក្យបណ្តឹង តាមចំណុចអីផ្សេងៗ ស្រាវជ្រាវ។ ស្រាវជ្រាវមិនមែន បានន័យថាស្រាវជ្រាវដើម្បីកាត់ចោល ដើម្បីដេញចោល ដើម្បីអីនោះទេ ដើម្បីបញ្ជាក់ថាពេលខ្លះត្រូវកែសម្រួលនេះឯង … អញ្ចឹងខ្ញុំសូមផ្តោតកិច្ចការអធិការកិច្ចនេះ ជាកិច្ចការសំខាន់ ប៉ុន្តែអធិការកិច្ចខ្លួនឯង ត្រូវមើលយន្តការអធិការកិច្ចរបស់រដ្ឋ ត្រូវពិនិត្យថាយន្តការនេះ ផ្ទះហ្នឹងប្រាកដជារៀបរយហើយ …។

(៧) ត្រូវមានធនធានមនុស្សច្បាស់លាស់បំពេញមុខងារជាមន្ត្រីអធិការកិច្ច ក្នុងអង្គភាពអធិការកិច្ច

ការពង្រឹងអធិការកិច្ចជាការចាំបាច់ ដើម្បីសម្រេចនូវអភិក្រម ជាស្នូលនៃរដ្ឋាភិបាលដែលមានប្រសិទ្ធភាព ស្អាតស្អំ និងភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋ។ យន្តការត្រួតពិនិត្យតាមដានសំខាន់ ហើយអធិការកិច្ចជាកិច្ចការស្មុគស្មាញ ទាមទារនូវការកសាងសមត្ថភាព។ លក្ខណៈសម្បត្តិសំខាន់ៗ ក្នុងនោះ សូមឲ្យពិនិត្យកិច្ចការ ៣គឺ ធនធានមនុស្ស យន្តការ របៀបរបបការងារ និងបទដ្ឋានគតិយុត្តិ។ ទី១ ធនធានមនុស្ស។ ឯកឧត្តម ហួត ហាក់ បានលើកនៅក្នុងសុន្ទរកថា/ក្នុងរបាយការណ៍ អំពីការយកចិត្តទុកដាក់កសាងមូលធនមនុស្សនៅក្នុងវិស័យអធិការកិច្ច។ ខ្ញុំសូមគាំទ្រ ហើយត្រូវធ្វើឲ្យលឿនត្រូវធ្វើឲ្យខ្លាំង ព្រោះយើងត្រូវធ្វើការត្រួតពិនិត្យ។

ទៅឆែកគេម៉េច បើយើងអត់សមត្ថភាពខ្លួនឯង អត់ច្បាស់ខ្លួនឯង។ ខ្លាចបំផុតគឺយកឯកសារដែលត្រឹមត្រូវ យកទៅឲ្យអ្នកមិនច្បាស់កែ។ អ្នកមិនច្បាស់ខ្លះគាត់អត់ហ៊ាន តែអ្នកមិនច្បាស់ខ្លះហ៊ាន។ ហើយហ៊ានហ្នឹងគឺរឹងណាស់។ អញ្ចឹងវាធ្វើឲ្យខូចការទាំងអស់។ ទីបំផុតជំនាញលែងច្បាស់​លាស់។ គេធ្វើពីក្រោមច្បាស់លាស់ ទៅដល់លើ វាយតម្លៃខុស។ ផ្អែកទៅលើការងារមិនច្បាស់លាស់ ធ្វើឲ្យថ្នាក់ក្រោមបាក់ទឹកចិត្ត ឬមួយកែប្រព័ន្ធការងារពីច្បាស់លាស់ទៅមិនច្បាស់លាស់។ អញ្ចឹងទាមទារឲ្យមន្ត្រីអធិការកិច្ចនីមួយៗ អង្គភាពអធិការកិច្ចនីមួយៗ ត្រូវមានធនធានមនុស្សដែលច្បាស់លាស់ដើម្បីធ្វើការងារ … ព្រោះយើងអត់ច្បាស់ ទៅឲ្យយោបល់អ្នកណាក៏ blurred ទាំងអស់។ កិច្ចការនេះត្រូវពង្រឹងវិទ្យាស្ថានជាតិអធិការកិច្ច ក៏ដូចជាតាមបណ្តាស្ថាប័នដើរតួ ហើយក្រសួងស្ថាប័ននីមួយៗត្រូវមានយន្តការ។

(៨) សំរបសំរួលយន្តការនិងរបៀបរបការងារអធិការកិច្ច/សវនកម្ម ទាំងផ្ទៃក្នុងទាំងពីក្រៅ

ទី២ គឺយន្តការការងារ និងរបៀបរបបការងារ … តាមខ្ញុំដឹង នាយកដ្ឋានខ្លះរបស់ក្រសួងស្ថាប័ន គេថាទាំងសវនកម្ម ទាំងអធិការកិច្ចផ្ទៃក្នុង/ផ្ទៃក្រៅ (ធ្វើ) ៧ដង លើការងារតែមួយ (ក្នុង)១ ឆ្នាំ។ ដោយស្ថាប័នខុសគ្នាទាំងក្រៅទាំងក្នុង ដោយផ្អែកទៅលើបទដ្ឋានការងារខុសគ្នាទៀត។ អញ្ចឹងពេលខ្លះ មានការលំបាកដែរ។ នៅថ្នាក់ជាតិរបស់យើង ផ្នែកខាងក្រៅមាន ៤ ស្ថាប័នដែលធ្វើកិច្ចការនេះ។ មានអាជ្ញាធរសវនកម្មជាតិ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងអធិការកិច្ច ក្រសួងមុខងារសាធារណៈ ដែលមានសិទ្ធធ្វើសវនកម្ម និងអធិការកិច្ច លើគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងក្រោមជាតិ រហូតដល់ខេត្ត។ កន្លងទៅមានបញ្ហានេះច្រើន។ យើងខិត​ខំសម្របសម្រួល។

យើងចេញអនុក្រឹត្យ ១៦៨ ឆ្នាំ ២០២០ អនុក្រឹត្យលេខ ៤០ ឆ្នាំ ២០០៥ ហើយក្រោយមកកែ ២៦៥ ឆ្នាំ ២០២៣ ចុងឆ្នាំ ដើម្បីព្យាយាមធ្វើយ៉ាងណាសម្របសម្រួល កុំឲ្យត្រួតស៊ីគ្នាទៅលើកិច្ចការនេះ។ ជាទិសដៅត្រូវហើយ ប៉ុន្តែជាក់ស្តែងការអនុវត្តយើងមិនទាន់(ធ្វើ)បាន។ អញ្ចឹងសូមយកស្មារតីនៃអនុក្រឹត្យនេះ ជំរុញពង្រឹងកិច្ចការនេះ។ តាមក្រសួងស្ថាប័ន កាលមុនយើងមានសវនកម្មផ្ទៃក្នុង ហើយអធិការកិច្ចផ្ទៃក្នុង។ ឥឡូវយើងបង្កើតយន្តការតាមដានសម្មតិកម្ម M&E ទៀត។ អញ្ចឹងមើលតើ ៣នេះ ចាំបាច់ មានទាំង ៣ ឬមួយកន្លែងខ្លះជាន់គ្នា។ ត្រួតគ្នានៅក្នុងក្រសួង។ សូមមើលតាមនាយកដ្ឋានមួយៗ។ អញ្ចឹងបានជាមាននាយកដ្ឋានខ្លះ ទាំងពីខាងក្រៅមក Audit ផង ទាំងពីខាងក្នុងផង ពេលខ្លះចូល ៥ ឬ៦ ឬ៧ ដងលើកិច្ចការតែមួយ។

(៩) តើអាចរៀបចំយន្តការឬប្រគល់ឱ្យស្ថាប័នណាមួយ ដឹកនាំកិច្ចការត្រួតពិនិត្យ/សវនកម្ម

សូមឱ្យពិនិត្យលើកិច្ចការងារនេះ ជាពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុ កន្លងទៅបានដឹកនាំលើកិច្ចការនេះ។ យើងរៀប(អនុក្រឹត្យ)១៦៨ហើយ ធ្វើម៉េចជំរុញការអនុវត្តនេះឱ្យបានល្អ … ព្រោះជើងយើងច្រើន ដើរព័ន្ធជើងគ្នា។ ព័ន្ធដួលទៅវាដួលទៅលើអង្គភាពថ្នាក់ក្រោម។ កិច្ចការនេះយើងបានដំណើរការ ២០ឆ្នាំហើយ តាមខ្ញុំដឹង។ យើងខិតខំកែសម្រួលដើម្បីអាចពិចារណាមើលថា បើយើងមាន ៤ស្ថាប័នថ្នាក់ជាតិ តើអាចរៀបចំជាយន្តការកំពូលណាមួយដើម្បីសម្របសម្រួលការអនុវត្តយន្តការហ្នឹងទេ ឬមួយក៏ប្រគល់ភារកិច្ចឱ្យស្ថាប័នណាមួយ Leading ការតាមដានត្រួតពិនិត្យ។ មានអនុក្រឹត្យហើយ ប៉ុន្តែការអនុវត្តត្រូវមានអ្នកជួយមើលទៀត។ បានន័យថាអធិការកិច្ចទៅមើលគេអនុវត្តត្រូវឬអត់? ប៉ុន្តែស្ថាប័នដែលធ្វើអធិការកិច្ចខ្លួនឯង មានអ្នកណាឆែកពីលើ? ដែលខ្លួនទៅឆែកគេ។ អត់មានអ្នកឆែកប្រាប់យើងវិញថាយើងដើរព័ន្ធគ្នាហើយទេ។ ប្រហែលជាត្រូវគិតគូរពីក្របខណ្ឌមួយសម្រាប់ជួយសម្របសម្រួលរួមពីលើ … ហ្នឹងត្រូវការការត្រួតពិនិត្យគុណភាព Quality control (QC) គ្រប់កន្លែង។ សូមឱ្យពិនិត្យមើលទៅលើកិច្ចការនេះដើម្បីសង្គតិភាព។ តែមានលើសពីមួយហើយ ត្រូវមានតែមានយន្តការតាមដានត្រួតពិនិត្យ។

(១០) យកឆ្នាំ២០២៤ ពង្រឹងគ្រប់ក្រសួងស្ថាប័ន កែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង

ការបែងចែកភារកិច្ច ការបែងចែកការទទួលខុសត្រូវតាមអនុក្រឹត្យ ១៦៨ នេះជាការល្អ ប៉ុន្តែយើងត្រូវមើលជំរុញការអនុវត្តនេះ។ ជួនកាលអនុក្រឹត្យចេញហើយ ពេលអនុវត្តប្រទាក់ក្រឡាត្រូវកែសម្រួលច្រើនណាស់ ត្រូវមានការតាមដានត្រួតពិនិត្យ។ អាចពិនិត្យមើលប្រគល់ភារកិច្ចណា ឬមួយក៏គណៈកម្មាធិការគោលនយោ​បាយមានជា Task force ណាមួយ សម្រាប់តាមដានជួយសម្រួលទៅលើការងារនេះ។យើងចង់ធ្វើយ៉ាងណាឱ្យផ្ទះរបស់យើងមានលំដាប់លំដោយ រៀបរយ ព្រោះពេលដែលស្ថាប័នអធិការកិច្ច និងសវនកម្មរៀបរយ សហការល្អ ប្រទាក់ក្រឡាល្អ គឺអាចជួយរៀបចំជាស្ដង់ដារអនុវត្ត។ សវនកម្មនិងអធិការកិច្ច ជាអ្នកទៅមើលស្ដង់ដារ ត្រូវឬខុស ដើរខុសគន្លងឬយ៉ាងម៉េច? … បើស្ដង់ដារដូចគ្នា តែទៅមើលដល់ ៧ដង ក៏លំបាក។ បានន័យថាយើងមិនទុកចិត្តអ្នកណាសោះត្រូវគិតគូរឡើងវិញ។

ជួនកាលយើងពិនិត្យមើលផ្ទៃក្នុងឡើងវិញ វាយតម្លៃឡើងវិញ។ ជាពិសេសឆ្នាំ២០២៤ ដែលខ្ញុំថាយកជាឆ្នាំពង្រឹងស្ថាប័នទាំងមូល គ្រប់ក្រសួងស្ថាប័នឱ្យកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង។ ត្រូវមើលរចនាសម្ព័ន្ធតួនាទីភារកិច្ចនិងយន្តការរបស់រដ្ឋាភិបាលក្នុងក្របខណ្ឌអន្តរស្ថាប័ន។ បើមិនអញ្ចឹងទេយើងនៅតែបន្ត(ភាពមិនច្បាស់លាស់)។ បានន័យថាកន្លែងខ្លះគរច្រើនពេក ពេលខ្លះចន្លោះប្រហោង អីអញ្ចឹង។ បើអញ្ចឹងប្រសិទ្ធភាពអត់មាន កន្លែងណាត្រួតជាន់គ្នាក៏ច្រើន កន្លែងខ្លះអត់សូវមាន អត់ដឹងថាអ្នកណាទទួលខុសត្រូវ។ ការងារពាក់ព័ន្ធទៅនឹងរឿងកិច្ចការអធិការកិច្ច (និង)សវនកម្មនេះសំខាន់។ ទាក់ទងយន្តការនេះខ្ញុំសូមពិនិត្យមើល។

(១១) អនុវត្តក្របខណ្ឌគតិយុត្ត ពិនិត្យការត្រួតគ្នាតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិ

ទី៣ គឺក្របខណ្ឌបទដ្ឋានគតិយុត្ត សូមឱ្យស្មារតីដែលខ្ញុំបញ្ជាក់ ឱ្យពិនិត្យមើលការជំរុញការអនុវត្ត អនុក្រឹត្យ១៦៨, ២៦៥, ៤០ ពិនិត្យមើលក្នុងយន្តការនេះឡើងវិញ បូកជាមួយនឹងពិនិត្យជាក់ស្ដែងតើវាស្របទៅតាមស្ថានភាពទេ ឬមួយក៏មិនស្របអាចកែសម្រួលយ៉ាងណា។ ឥឡូវធ្វើម៉េចរុញឱ្យវាដើរសិន បែងចែងភារកិច្ចតែម្ដង។ ទី៤ ពិនិត្យមើលយន្តការនៅតាមក្រសួងស្ថាប័ន ឬមួយថ្នាក់ជាតិមួយណាដែលជាន់គ្នាខ្លះ។ ខ្ញុំបានលើកឧទាហរណ៍ពីយន្តការនៅក្នុងក្រសួងស្ថាប័ននីមួយៗ មានសវនកម្មផ្ទៃក្នុង មានអធិការកិច្ចផ្ទៃក្នុង និងមាន M&E។ M&E តាមដានត្រួតពិនិត្យកិច្ចការផ្អែកទៅលើសូចនាករ ស្រដៀងសវនកម្មធ្វើជាអចិន្ត្រៃយ៍។ ការងារអធិការកិច្ច ពេលណាយើង Spot check ម្ដងម្កាលទៅតាមកិច្ចការមួយចំនួន កន្លែងខ្លះក៏អាចធ្វើជាន់គ្នា ដោយ ទី១ ចំណាយធនធានមនុស្ស។ ទី២ អាចធ្វើអន្សមឆៅ និងអន្សមខ្លោច។ ទី៣ ធ្វើឱ្យរំខានទៅដល់ស្ថាប័ន នាយកដ្ឋានឬមួយក៏អីផ្សេងៗ។ ដល់ច្រើនពេកទៅ នាំគ្នាគេច។ ខ្ញុំទើបធ្វើហើយមួយ ស្អែកមកទៀត​ ២ខែក្រោយមកទៀត។ គ្រឹះស្ថានសាធារណៈក៏មាន ឃើញមានដាក់សារមកខ្ញុំជាប្រចាំថា សូមជួយពិនិត្យមើលផង។ គ្រឹះស្ថានសាធារណៈរបស់រដ្ឋខ្លះឃើញដាក់ពាក្យមកថា សូមសម្ដេចជួយមើលផង ៥ដង, ៦ដង, ៧ដង លើការងារហ្នឹង។ ខ្ញុំឱ្យពិនិត្យមើលវាយតម្លៃទៅវិញ។ ការងារនេះរាជរដ្ឋាភិបាលយើងបានធ្វើការហើយ។ យើងបង្កើតការបែងចែក(អនុក្រឹត្យ)១៦៨ ប៉ុន្តែមិនទាន់អនុវត្ត …។

(១២) រៀបចំច្បាប់ស្តីពីអធិការកិច្ចអោយបាន​រួចរាល់ក្នុងឆ្នាំ ២០២៤

(ទី៥) គឺជំរុញច្បាប់ស្ដីពីអធិការកិច្ចឱ្យចេញនៅឆ្នាំ២០២៤ ព្រោះជាច្បាប់គោលធំណាស់។ ឥឡូវជំនាញអធិការកិច្ចរបស់យើង តាមក្រសួងស្ថាប័នអត់មានអីជាគោលរួមទេ គឺផ្អែកទៅតាមជំនាញ។ កសិកម្មតាមច្បាប់មួយចំនួនខាងកសិកម្មទៅ … អញ្ចឹងអ្នកអនុវត្តក៏ផឺតៗ ពោះ ព្រោះមិនដឹងស្អីជាគោល។ រៀបចំច្បាប់នេះមួយជាគោល។ ក្រោយពីច្បាប់នេះចេញ យើងនឹងអាចដោះស្រាយបញ្ហាច្រើន ការបែងចែងភារកិច្ច ការកំណត់ទិសដៅផ្សេងៗមួយចំនួន។ ធ្វើម៉េចរុញកិច្ចការនេះឱ្យបាន។ ឥឡូវគឺនៅជាប់រឿងសង្គតិភាព។ តាមខ្ញុំដឹង រឿងរៀបចំអនុក្រឹត្យស្ដីពីការរៀបចំដំណើរការរបស់ក្រសួង។ សូមរៀបចំច្បាប់នេះអោយចេញបានលឿន ដើម្បីយកជាគោលសម្រាប់ជំនាញអធិការកិច្ចធ្វើការ។ បើយើងមិនមើលខ្លួនឯង មិនមើលស្ថាប័នដែលធ្វើការអធិការកិច្ច សូម្បីតែខ្លួនយើងក៏នៅប្រទាក់ក្រឡាមិនទាន់ច្បាស់ វាជាការលំបាក។ ថ្ងៃនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អត់បានចូល(រួម)។ ស្អែកកម្មវិធីជាមួយគ្នា ២ថ្ងៃជាប់គ្នា។ ខ្ញុំមកសុខាក្នុងរយៈពេលប៉ុន្មានខែនេះចង់ច្រើនជាង ៦ទៅ ៧ឆ្នាំដែលនៅស្រុកខ្មែរផង។ កម្មវិធីរៀបនៅទីនេះជាប់។ ស្អែកនៅទីនេះទៀត … អធិការកិច្ចដើរតួនាទីជាសេនាធិការក្នុងការពិនិត្យមើលការងារនេះ …។

(១៣) រដ្ឋមន្ត្រី អភិបាលរាជធានីខេត្ត ត្រូវទទួលយក feedback ពីការងារអធិការកិច្ច/សវនកម្ម

ឯកឧត្តម ហួត ហាក់ បានស្នើសុំការសហការ កុំរត់ កុំគេច កុំសម្រួលភារកិច្ចអ្នកជួយប្រាប់ គួរតែលើកទឹកចិត្តនៅក្នុងការ(សហការ)។ គាត់ប្រាប់ត្រូវខុសរឿងគាត់។ យកមកបញ្ជាក់ទៅ។ គោលដៅធំមិនមែនយកអភិក្រមទី៥ វះកាត់ចោល ប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើងទេ។ យើងចង់កែសម្រួល។ គ្មានអ្នកណាល្អឥតខ្ចោះទេ។ ដែលខ្ញុំនិយាយនោះ អភិក្រម ៤ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល ត្រូវកាការផ្តល់ព័ត៌មានដើម្បីជួយគ្នាពង្រឹងស្ថាប័ន។ រដ្ឋមន្ត្រី អភិបាលរាជធានីខេត្ត កុំខ្លាចនឹងទទួល Feedback ពីការងារនេះ ហើយតាមក្រសួងស្ថាប័ន នាយកដ្ឋាននីមួយៗ ខ្ញុំគិតថាគួរតែស្វាគមន៍ក្នុងរូបភាពណាមួយ ដើម្បីយើងយកមកពង្រឹងខ្លួនឯងទេ។ នេះជាការជួយទៅដល់រដ្ឋមន្ត្រី ប្រធានស្ថាប័ន អភិបាលរាជធានី/ខេត្ត ក្នុងការតាមដានត្រួតពិនិត្យនូវការអនុវត្តកិច្ចការរបស់ខ្លួនដើម្បីយើងដាក់ផែនការកែសម្រួលភ្លាមៗ ដើម្បីឈ្នះសង្គ្រាម។

មេទ័ពដែលដាក់ផែនការហើយទៅដេកក្នុងបន្ទាយ ទៅមិនរួចទេ … មេទ័ព ឬប្រធានស្ថាប័ន ឬអភិបាលរាជធានី/ខេត្ត ដែលកាន់ស្ថាប័នទទួលខុសត្រូវ គឺនៅជាប់ ហើយមានសេនាធិការមួយដែលទទួលតាមដានការវិវត្តន៍នៅសមរភូមិ បូកជាមួយសេនាធិការមួយទៀតតាមដានប្រមូលព័ត៌មានវិភាគឱ្យយើងធ្វើការងារនេះ។ នេះដូច ក២ ក៣ របស់ទ័ព។ ក២ ប្រមូលការទទួលព័ត៌មានវិវត្តន៍ការប្រែប្រួលអីផ្សេងៗ ដើម្បីយើងរៀបចំកែសម្រួលផែនការ ហើយអធិការកិច្ច ឬមួយអីផ្តល់ព័ត៌មានឱ្យ ដើម្បីយើងដឹងថាយើងចន្លោះប្រ​ហោងកន្លែងណា ហើយ M&E ដូចជា ក៣។ អញ្ចឹងប្រតិបត្តិការតាមដានវិវត្តន៍ដល់ណាហើយ ប៉ះកន្លែងណាអីកន្លែងណា។

អញ្ចឹងកិច្ចការនេះខ្ញុំសូមឱ្យមានការចូលរួមពីស្ថាប័ននៅក្នុងការអនុវត្តផែនការអធិការកិច្ច។ ចូលរួមបង្កលក្ខណៈ សហការ ផ្តល់តម្លៃចំពោះលទ្ធផលដែលផ្តល់ឱ្យ។ កិច្ចការសវនកម្ម និងអធិការកិច្ច ជួនកាលរកឃើញហើយផ្តល់យោបល់ថាចំណុចនេះខ្វះខាត ចំណុចគួរកែសម្រួលយ៉ាងនេះយកទៅពិនិត្យមើល។ មិនមែនថាគេផ្តល់ឱ្យយកទៅល្អឥតខ្ចោះគ្រប់ទេ ប៉ុន្តែត្រូវតែយកទៅគិត។ កុំទាត់ចោល។ ខាងបច្ចេកទេសផ្តល់ឱ្យត្រូវយកទៅមើល ដើម្បីជាធាតុផ្សំក្នុងការកែសម្រួល។ សូមចូលរួមលើចំណុច ៤នេះ ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសគឺចំណុចទី២ នៅក្នុងការរៀបចំយន្តការ និងរបៀបរបបការងាររបស់យន្តការដែលជាសេនាធិការខាងអធិការកិច្ច និងសវនកម្មរបស់រាជរដ្ឋាភិបាល/ក្រសួងស្ថាប័ន។ បើយើងរៀបចំកម្លាំងត្រូវ រៀបចំប្រព័ន្ធការងារត្រូវ វានឹងជួយយើងបានច្រើន។

(១៤) មិនមែនមនុស្សបង្រៀនប្រព័ន្ធការងារ តែប្រព័ន្ធការងារបង្រៀនមនុស្ស មានតួនាទីភារកិច្ចច្បាស់លាស់ ចែកតំបន់គ្នាច្បាស់​លាស់ ប្រទាក់ក្រឡាគ្នាកាន់តែជួយថែមទៀតនៅក្នុងការងារ។ វាបង្កើនភាពធន់ និងចីរភាពនៃការងារ។ ប្រ​សិទ្ធភាពនៃចីរភាពបានន័យថាម៉េច? ពេលដែលយើងបង្កើតបានប្រព័ន្ធការងារច្បាស់​លាស់ហើយ គឺយើងមិនពឹងទៅលើ(ឥទ្ធិពល)បុគ្គលទៀតទេ។ នឹងលែងមានពាក្យថា ទាល់តែប្រធានស្ថាប័នអធិការកិច្ចហ្នឹងមានទម្ងន់(ដូចមុន ទើប)ទៅនិយាយជាមួយគេបាន។ ឥឡូវរដ្ឋមន្ត្រីថ្មី អត់សូវមានទម្ងន់ អត់និយាយបាន។ អត់ទេ។ បើគ្រប់គ្នាដឹងតួនាទីភារកិច្ច អត់អាស្រ័យទៅលើបុគ្គលទៀតទេ។ យើងចង់ឱ្យប្រព័ន្ធការងារអត់ផ្អែកទៅលើឥទ្ធិពលបុគ្គល តែផ្អែកទៅលើភាពឯកភាពគ្នាទៅលើប្រព័ន្ធការងារ។ អញ្ចឹង មិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារ តែប្រព័ន្ធការងារបង្រៀនមនុស្ស។ បានន័យថាយើងមានស្តង់ដារប្រតិបត្តិមួយ SO 2 1 ដែលថាឯកភាពគ្នាផ្អែកទៅលើច្បាប់ ផ្អែកទៅលើបទដ្ឋានការងារដែលមាននិរន្តរភាព។ យើងអាចនិយាយភាសាតែមួយ ភាសាអធិការកិច្ចគឺភាសាសវនកម្ម។ គ្រប់ស្ថាប័នថ្នាក់ជាតិ ក្រោមជាតិ និយាយភាសាតែមួយ អាចយល់គ្នាបាន។ នេះហើយគឺជានិរន្តរភាពនៃការកំណែទម្រង់ដែលយើងចង់បាន។ ឆ្នាំ ២០២៤ នេះ ខ្ញុំសង្ឃឹមថាយើងអាចធ្វើបានច្រើន។ នេះគឺជាការងារពង្រឹងរដ្ឋបាល និងថ្នាក់ជាតិ ក្រោមជាតិ។


អត្ថបទទាក់ទង