Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, សំណេះ​សំណាល​ជាមួយ​សហ​គមន៍ខ្មែរ នៅប្រទេស​ក្នុង​សហភាព​អឺរ៉ុបនិងប្រទេសអង់គ្លេស

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1226

CMF:

សូមក្រាបបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ
ឯកឧត្តម​ លោកជំទាវ លោក លោកស្រី លោកអ៊ំ ពូមីង
បងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបទាំងអស់ ជាទីគោរពស្រឡាញ់
!

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបគ្នាជាថ្មីម្ដងទៀតជាមួយលោកអ៊ំ ពូមីង បងប្អូនមួយចំនួន ដែលយើងធ្លាប់ជួបគ្នាពីលើកមុន ហើយក៏រីករាយដែលបានជួបជាមួយនឹងលោកអ៊ំ ពូមីង បងប្អូន ដែលទើបតែជួបគ្នាលើកទី១។ ពេលចូលមកនេះ បានជួបក្មួយដែល(លើកមុន)ម្ដាយឪពុកបានមក។ ក្មួយប្រាប់ថា ជួបលើកមុនទើបបាន(អាយុ) ៤ខែ ឥឡូវ ៥ឆ្នាំបាត់ហើយ។ បានន័យថាខ្ញុំកាន់តែចាស់ទៅដែរ។ ថ្ងៃនេះ ដោយសារមុនចេញមកបានលាបសក់ កុំអីស្កូវ(ពេញ)។ ១៥នាទី បន្ថយអាយុប្រហែលជា ១០ឆ្នាំ។ បើពីមុន មើលមក(អាយុ)ប្រ​ហែល ៥០ឆ្នាំ ឥឡូវសល់ ៤០ឆ្នាំ។ នៅក្នុងប្រទេសក៏ដូចគ្នា។ ក្នុងពេលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនី អាយុកើនកាន់តែវែង សម្រស់កាន់តែក្មេង ដោយសារតែងតែ(ត្រូវបានចាប់ថើប)។ ចុងក្រោយនេះ នៅខេត្តកោះកុង។ ឡើងវេទិកា មានអ្នកមកខ្សឹបប្រាប់ថា ក្រែមជាប់ថ្ពាល់ច្រើនណាស់ … ប្រពន្ធគាត់លែងខឹង រឿងតែកូនខ្ញុំគាត់ខឹង។ គាត់ថា “ប៉ាប៉ា! ឃើញគេថើបប៉ាប៉ានៅលើហ្វេសប៊ុក” ហើយគាត់ថា “រឿងថើប គាត់មិនខឹងទេ សំខាន់ប៉ាប៉ាញញឹម​ទៀត នៅពេលគេថើប”។​

(១) ទូតមានភារកិច្ចស្នូល ២ គឺទី១ ផ្សារភ្ជាប់ទំនាក់ទំនង និងទី២ គាំពារប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស

អរគុណណាស់ឯកឧត្តម លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង។ អរគុណចំពោះរបាយការណ៍ពាក់ព័ន្ធទៅនឹងស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋនៅទីនេះ សកម្មភាពរបស់ឯកអគ្គរាជទូតនៅបា​រាំង ក៏ដូចជានៅបណ្ដាប្រទេសផ្សេងៗ … ទូតមានភារកិច្ចស្នូល ២ធំៗ៖ ទី១ គឺដើរតួនាទីជាជំនាញនៅក្នុងការផ្សារភ្ជាប់រវាងប្រទេសទាំងពីរ កម្ពុជាជាមួយនឹងប្រទេសដែលខ្លួនទទួលខុសត្រូវ។ នៅយើងនេះ ដោយសារប្រទេសយើងតូច ហើយស្ថានភាពប្រជាពលរដ្ឋនិងទំនាក់ទំនងជាមួយនឹងប្រទេសមិនស្មើគ្នាទាំងអស់ទេ ពេលខ្លះកន្លែងខ្លះ យើងមិនមានទូត ប៉ុន្តែមានទូតដែលនៅប្រទេសផ្សេងទទួលបន្ទុក។ ឧទាហរណ៍ ទូតនៅអាល្លឺម៉ង់អញ្ចឹង គាត់ទទួល ៨ ប្រទេស ដោយសារនៅប្រទេសខ្លះ​យើងមានចំនួនប្រជាពលរដ្ឋ ឬអាចជានិស្សិតតិច … ទោះជាមិនមានវត្តមានទូតយើងនៅក្នុងប្រទេសនោះ ប៉ុន្តែយើងមិនទុកចោលប្រជាពលរដ្ឋយើងទេ។ ភារកិច្ចរបស់រាជរដ្ឋាភិបាល បានចែងក្នុងរដ្ឋធម្មនុញ្ញ គឺជាតិខ្មែរយើងទាំងអស់ នៅទីណាក៏ដោយ ត្រូវតែបានទទួលបានការគាំពារពីរាជរដ្ឋាភិបាល ជាពិសេសទូតរបស់យើងមានដើរតួនាទីសំខាន់នៅក្នុងការផ្ដល់សេវានិងការគាំពារ ដែលនៅក្នុងរបាយការណ៍បានបញ្ជាក់ថាគឺគ្រប់កន្លែងទាំងអស់ មិនថាបងប្អូនធ្វើការ រៀនសូត្រ ឬរស់នៅទីនោះទេ … ទី២ គឺការគាំពារប្រជាពលរដ្ឋរបស់យើង។ សូមបន្តនូវស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែង ដើម្បីផ្ដល់នូវការគាំទ្រទៅដល់សហគមន៍ខ្មែរក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង តាមលទ្ធភាពដែលអាចធ្វើទៅបាន …។

(២) ការរៀបចំកម្មវិធីជួបជុំ ការមកពីចម្ងាយចូលរួម បង្ហាញពីស្មារតីសាមគ្គី ស្រឡាញ់រាប់អានជាប្រជាជាតិខ្មែរតែមួយ

សូមអរគុណចំពោះក្រុមការងារដែលបានរៀបចំនូវកម្មវិធីនេះឡើង ជាពិសេសគឺទៅដល់ក្រុមយុវជននិងតាមបណ្ដាស្ថានទូតទាំងអស់ ដែលបានចូលរួមនៅក្នុងការរៀបចំសម្របសម្រួល និងជូនដំណឹងដល់អ៊ំ ពូមីង បងប្អូន។ ធំបំផុត គឺអរគុណចំពោះ អ៊ំ ពូមីង បងប្អូន ដែលបានអញ្ជើញធ្វើដំណើរ។ មិនជិតទេ(មកចូលរួមជួបជុំនៅថ្ងៃនេះ) ពីប៊ែលហ្សិកមកប៉ារីស មិនមែនពីភ្នំពេញទៅព្រែកក្ដាមទេ (ត្រូវធ្វើដំណើរ)រាប់រយគីឡូម៉ែត្រ ហើយអ៊ំ ពូមីង ខ្លះ ១០ម៉ោងជាងគ្រាន់តែធ្វើដំណើរ។ ខ្លះដល់ទៅ ១៣ម៉ោង ធ្វើដំណើរដើម្បីមកជួបជុំគ្នា។ ល្ងាចមិញ ជួបជាមួយនឹងអ៊ំ ពូមីងខ្លះ គឺចាំរហូតដល់ម៉ោង ១០យប់។ សួរទៅថាទម្រាំបានចូលសម្រាកម៉ោង ៣ភ្លឺ។ អរគុណណាស់ចំពោះការចូលរួមនិងឆ្លៀតឱកាសដើម្បីជួបជុំគ្នានៅថ្ងៃនេះ។ នេះបង្ហាញពីស្មារតីសាមគ្គី ការស្រលាញ់គ្នា រាប់អានគ្នា ក្នុងនាមជាប្រជាជាតិខ្មែរតែមួយ។

(៣) មិនថាចេញមកក្រៅប្រទេសដោយសារស្ថានភាពណាទេ ប្រជាពលរដ្ឋខ្មែរតែងគិតពីប្រទេសជាតិ

មិនមែនជាការទិញទឹកចិត្ត ឬមួយអីនោះទេ។ អ្នកខ្លះថា ឱ្យតែរាជរដ្ឋាភិបាល​រៀបចំ ឱ្យតែសម្ដេចតេជោ សម្ដេច និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឬមួយដូចខ្ញុំជួបហ្នឹង គឺត្រូវតែទិញទឹកចិត្តទើបបានមានអ្នកចូលរួម។ ខ្ញុំសូមជូនសារទៅអ្នកទាំងនោះវិញថា សូមកុំមើលស្រាលប្រជាពលរដ្ឋខ្មែរ។ ស្មារតីនៃការរួមគ្នាក្នុងនាមជាជាតិខ្មែរនេះ ហៅ​ថា ឈាមខាប់ជាងទឹក។ នៅទីណាក៏ដោយ សុខចិត្តប្រជ្រៀតគ្នាចូលដើម្បីជួ​បជុំគ្នា បង្ហាញស្មារតីការស្រលាញ់គ្នា រាប់អានគ្នា ហើយជាពិសេស ការចង់ដឹង និងឈឺឆ្អាលអំពីប្រទេសជាតិរបស់ខ្លួន។ ប្រជាពលរដ្ឋខ្មែរយើងរស់នៅទីណាក៏ដោយ មិនថាចេញមកក្រៅប្រទេសដោយសារស្ថានភាពណា ដោយសារសង្រ្គាម​ ឬមួយ​ដោយសារអី នៅតែគិតពីប្រទេសជាតិទាំងអស់។ ខ្ញុំធ្លាប់រៀននៅក្រៅប្រទេស។ ខ្ញុំដឹង។ ទោះបីយើងនៅទីណា សហគមន៍ខ្មែរយើងនៅរួមគ្នា ហើយគិតគូរអំពីប្រទេសជាតិទាំងអស់។

(៤) ចង់ដឹងព័ត៌មានផ្ទាល់បន្ថែមពីប្រមុខរាជរដ្ឋាភិបាល

ការដែលអ៊ំ ពូមីង បងប្អូនបានធ្វើដំណើររាប់គីឡូមកជួបជុំគ្នានេះ ក្រៅពីការបង្ហាញនូវស្មារតីសាមគ្គីនៃការជួបជុំគ្នានៅទីនេះ គឺចង់ដឹងពីស្ថានភាពស្រុកខ្មែរ។ តើរដ្ឋាភិបាលធ្វើអ្វីខ្លះ មានគោលនយោបាយអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋ។ ព័ត៌មានបានទទួលហើយ តាមរយៈហ្វេសប៊ុក តាមរយៈទូរទស្សន៍ ព័ត៌មានវាមានច្រើន ព័ត៌មានខ្លះពិត ខ្លះមិន​ពិត ព័ត៌មានខ្លះល្អ ខ្លះក៏មិនល្អ។ ចង់ដឹងផ្ទាល់បន្ថែមទៀតពីប្រមុខរាជរដ្ឋាភិបាល។ កាលពីសម្ដេចតេជោ លោកនៅជានាយករដ្ឋមន្រ្តី ក៏មានការចូលរួមច្រើន គ្រប់ពេលវេលាទាំងអស់ ទាំងនៅប៊ែលហ្សិក ដែលយើងធ្លាប់រៀបចំ ទាំងនៅ Zurich ទាំងនៅកន្លែងនានា។ ឱ្យតែ(មាន)ការរៀបចំ អ៊ំ ពូមីង បងប្អូនឆ្លៀតមកពីគ្រប់ប្រ​ទេស​នៅអឺរ៉ុប បូកជាមួយនឹងអង់គ្លេស ដើម្បីចូលរួម។ វត្តមាន(អ៊ំពូមីងបងប្អូន)ថ្ងៃនេះ ក៏ដូចគ្នា ជាង​ ២០០០ នាក់នេះ មានវត្ថុបំណងតែមួយគត់គឺជួបជុំគ្នាក្នុងនាមជាមហាគ្រួសារខ្មែរ និងចង់ដឹងរឿងសុខទុក្ខប្រទេសជាតិរបស់យើង ​…។

(៥) មកកាន់អឺរ៉ុបដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក និងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង

ខ្ញុំសូមឆ្លៀតឱកាសជម្រាបជូនលោកអ៊ំ ពូមីង បងប្អូន ក៏ដូចជាព្រះតេជព្រះគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អំពីការវិវត្តនៅក្នុងប្រទេសជាតិ ជាពិសេស រាជរដ្ឋាភិបាលថ្មី ដែលទើបនឹងបង្កើតឡើង ៤ខែជាងនេះ មិនដល់ ៥ខែទេ ពីថ្ងៃទី២២ ខែសីហាមកដល់ពេលនេះ។ នៅខ្វះមួយអាទិត្យជាងទៀតទើបគ្រប់ ៥ខែ។ តើរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយក្រុមថ្មីនៅកម្ពុជា ធ្វើអ្វីខ្លះជូនប្រជាពលរដ្ឋ? ដេកអេះពោះ ឬមួយក៏យ៉ាងម៉េច? រួមទាំងវត្តមានខ្ញុំនៅអឺរ៉ុបថ្ងៃនេះ មកធ្វើអ្វី? មកដើរលំហែកាយ មើលព្រិលធ្លាក់ ឬយ៉ាងណា? ខ្ញុំសូមចាប់ផ្ដើមអំពីការរៀបរាប់​ អំពីគោលបំណងនៃទស្សនកិច្ចរបស់ខ្ញុំ មកកាន់តំបន់អឺរ៉ុប។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើដំណើរមកប្រទេសអឺរ៉ុប នៅពេលដែលការងារច្រើនណាស់នៅក្នុងប្រទេស។

គោលនយោបាយសម្រាប់ជាតិរបស់យើង កម្មវិធីអនុវត្តដើម្បីប្រជាជនរបស់យើង ហើយជាពិសេសនៅក្នុងការប្រកបរបរកសិកម្ម ជាពិសេសខែប្រាំង រដូវដែលយើងត្រូវប្រ​ឈមជាមួយ El Niño ពេលខាងមុខ … វត្តមានរបស់ខ្ញុំនៅអឺរ៉ុបលើកនេះមានគោលដៅ ២ ឬមូលហេតុ ២ គឺ ទី១ ចូលរួមនូវវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos នៅប្រទេសស្វ៊ីស ដែលខ្ញុំត្រូវចេញទៅថ្ងៃស្អែក និង ទី២ ទស្សនកិច្ចផ្លូវការនៅបារាំង ដែលនឹងត្រូវធ្វើពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ (ខែមករា)។ ថ្ងៃនេះ មិនទាន់រាប់ជាផ្លូវការទេ ដោយសារការចូលមកទីនេះគឺដើម្បីឆ្លៀតឱកាសជួបជាមួយនឹងលោកអ៊ំ ពូមីង បងប្អូន ដោយសារចំថ្ងៃសៅរ៍ អាទិត្យ។ នៅក្រៅប្រទេស បើសិនក្រៅ​ពីចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ យើងពិបាកជួបជុំគ្នា ហើយសូម្បីតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យនេះ ក៏ពិបាកនៅក្នុងការធ្វើដំណើរផង។

(៦) ក្នុងរយៈពេល ៦ថ្ងៃនៅអឺរ៉ុប មានការជួបប្រជុំជាង ៤០

តើ់ដំណើរចូលរវេទិកាសេដ្ឋកិច្ចពិភពលោក ទស្សនកិច្ចផ្លូវការមកកាន់បារាំងនេះ សម្រាប់គោលបំណងអ្វីធំ? គោលបំណងមិនមែនដើម្បីថតបង្ហោះ មកសម្ដែង ឬមួយមកដើម្បីដើរលំហែកាយនោះទេ។ ថតមួយប៉ុស្ដិ៍ ចុះពីយន្តហោះហើយបាត់ឈឹង ទៅជិះស្គីនៅស្វ៊ីស ឬមួយនៅឯណានោះទេ។ តាំងពីខ្ញុំទទួលកិច្ចការនៅក្នុងប្រទេស ខ្ញុំតែងតែនិយាយលេងថា (តាំងពីបង្កើត)រដ្ឋាភិបាលថ្មីមក គេលែងហៅជប់លៀងហើយ។ កាលមុន គេហៅទៅជប់លៀង ឥឡូវលែងហើយ ព្រោះតែជប់លៀងពិបាកខាងអ្នកសន្ដិសុខទៅឆែកផ្អើលពេញហ្នឹង។ អញ្ចឹងគ្រួសារខ្ញុំក៏លែងសូវភ័យ។ កាលមុន គាត់ថាថែទាំសុខភាពផង ជប់លៀងច្រើនពេក។ ឥឡូវនៅតែផ្ទះហើយ។ តែចេញទៅក្រៅប្រទេសក៏ដូចតែគ្នា។ នៅភ្នំពេញ ស្គាល់តែផ្ទះ ស្គាល់តែផ្លូវទៅធ្វើការ កន្លែងធ្វើការ និងកម្មវិធី។ ថាមកក្រៅ(ប្រទេស)ក៏ដូចគ្នាដែរ … ស្គាល់តែអូតែល ស្គាល់តែផ្លូវទៅ ស្គាល់តែកន្លែងប្រជុំ ដូចគ្នាដែរ។

មកទីនេះ ក៏ដូចគ្នា។ ក្នុងរយៈពេល ៦ថ្ងៃនេះ យើងគ្រាន់តែប្រជុំ បូកទៅជាង ៤០ប្រជុំ។ ស្អែកនេះមាន ១២ ប្រជុំ ពីម៉ោង ៨ រហូតទៅដល់ម៉ោង ២ ហើយខ្ញុំរៀបចំកម្មវិធីហ្នឹង ក៏ឆែកមើល។ បូកចុះបូកឡើង ខ្ញុំសួរទៅជំនួយការថា ម៉េចអត់មានម៉ោងបាយ។ ភ្លេចម៉ោងបាយ? គាត់ថា “អត់ភ្លេចទេ ម៉ោងបាយលើយន្តហោះ” ព្រោះពីម៉ោង ៨ ជាប់រហូត ជួបជាមួយខាងហ្វ្រង់កូហ្វូននេះ ចូលវេទិកាធុរកិច្ចកម្ពុជា-បារាំង ជួបជាមួយនឹងបណ្ដាក្រុមហ៊ុនធុរកិច្ចធំៗរបស់បារាំង ដែលចាប់អារម្មណ៍ទៅវិនិយោគនៅស្រុកខ្មែរ រហូតដល់ចុះ MOU រវាងការវិនិយោគបារាំងជា​មួយនឹងខ្មែរយើង ដូចជា ៥-៦ គម្រោង(នៅថ្ងៃ)ស្អែក។ យើងនឹងឡើងយន្តហោះ។ បាយនៅលើយន្តហោះក៏បាន អត់បញ្ហា។ ខានស្អែក ១៣ កម្មវិធីទៀត បូកជាប់រហូត។

(៧) បើ ១៥នាទីនៃជំនួបធ្វើឱ្យមានការវិនិយោគនៅកម្ពុជា បង្កើតការងារជូនកូនខ្មែរ វាជាពេលវេលាដ៏មានតម្លៃ

អាចសួរថា ហេតុអ្វីក្រុមពិធីការនិងអ្នករៀបចំកម្មវិធី រៀបច្រើនម្ល៉េះ អត់ឱ្យនាយករដ្ឋមន្រ្តីសម្រាកផងទេឬ? តាម​ពិត មិនមែនរឿងពិធីការ ជំនួយការទេ រឿងខ្ញុំតែម្ដង។ រាល់ពេលចេញទៅក្រៅប្រទេស តែងតែមានសំណើជួប។ ខ្ញុំមានជម្រើស។ ជម្រើសអាចថា មួយថ្ងៃខ្ញុំជួបតែ ២ម៉ោង ខ្ញុំទុកពេល(សម្រាក) ប៉ុន្តែរាល់ការដាក់មកនេះ គឺខ្ញុំស្វាគមន៍ទាំងអស់ រហូតទៅដល់អស់(ម៉ោង)រលីងហើយ បានក្រុមជំនួយការប្រាប់ថា អស់ម៉ោងហើយ ទើបយើងបដិសេធ។ ទស្សនៈខ្ញុំអញ្ចេះ “បើសិនជាខ្ញុំចំណាយពេល ១៥នាទី ២០នាទី ឬកន្លះម៉ោង ដើម្បីជួបជាមួយនឹងតំណាង ឧទាហរណ៍ថាវិស័យឯកជនមួយចុះ។ បើ ១៥នាទី ហ្នឹង ខ្ញុំបានលើកទឹកចិត្តឱ្យមានការសម្រេចទៅវិនិយោគនៅកម្ពុជា ដាក់លុយរាប់លានដុល្លារ ដើម្បីបង្កើតការងារជូនកូនខ្មែរ វាប្រសើរជាងខ្ញុំនៅក្នុងផ្ទះ អង្គុយចុចទូរទស្សន៍មើល ឬអេះពោះ អត់ធ្វើអី”។ ជាពិសេស ពេលដែលយើងធ្វើដំណើរត្រឡប់ទៅវិញ ទោះជាហត់កាយ តែសប្បាយចិត្ត ថាបានប្រើប្រាស់អស់ពេលវេលាហើយ ដើម្បីខិតខំទាក់ទាញផ្សព្វផ្សាយអំពីកម្ពុជា ជួបជាមួយនឹងបណ្ដាអង្គការ​រដ្ឋាភិបាល និងវិស័យឯកជននានា … វាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល របស់ប្រមុខរដ្ឋាភិបាល ដែលត្រូវបានប្រជាពលរដ្ឋផ្ដល់ការទុកចិត្តជូន។ អ៊ំ ពូមីង នៅទីនេះ ក៏ចង់ដឹងដែរថា នាយករដ្ឋមន្រ្តីមួយមកស្រុកគេមួយទាំងមូល ប៉ុន្មានថ្ងៃហ្នឹងមកធ្វើអ្វី? ទៅដើរ shopping នៅ Champ Elysées? ឥឡូវហ្នឹង សូម្បីតែខ្ញុំចង់ទៅ Tricotin ក៏លែងបានដែរ។ ថ្ងៃមិញ Tricotin ព្រោះប្រពន្ធគាត់កម្មង់ម្ហូបពីហ្នឹង។ កាលមុនទៅហ្នឹងរហូត។ ខ្ញុំនៅហ្នឹង ៨ខែដែរ ពីឆ្នាំ២០០២ នៅ Porte de Choisy ផ្លោះតែរបងទៅហាង Tricotin។ ល្ងាចថ្ងៃសៅរ៍ អាទិត្យ ម៉ាសសេណា មានភ្លេង មីង សូ សាវឿន។ ឥឡូវចង់ ក៏លែងបាន។

(៨) ចូលរួម WEF ដើម្បីបង្ហាញនិងផ្សព្វផ្សាយគោលនយោបាយនិងបង្កើតបណ្តាញធុរកិច្ច

សូមជម្រាបថា នៅ WEF នៅវេទិកាសេដ្ឋកិច្ចពិភពលោក កម្មវិធីអ្វី? យើងត្រូវទាញផលអ្វីពីកម្មវិធីនោះ? វេទិកាសេដ្ឋកិច្ចពិភពលោក ប្រមូលផ្តុំថ្នាក់ដឹកនាំកំពូល ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងធុរកិច្ច … ហើយសម្ដេចតេជោ លោកតែងតែចូលរួមជាប្រចាំ។ យើងទៅ(ទី១)ដើម្បីបង្ហាញពីគោលនយោបាយមួយចំនួន ពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ច ធុរកិច្ចពិភពលោក។ តើក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំហររបស់កម្ពុជាយ៉ាងណា? ទី២ ផ្សព្វផ្សាយអំពីគោលនយោបាយរបស់យើង ចូលរួមនិងធានានូវបរិស្ថានធុរកិច្ចផ្សេងៗ ដើម្បីទាក់ទាញសេដ្ឋកិច្ច។ ទី៣ យើងទៅដើម្បីបង្កើត network ដើម្បីទាក់ទាញជួបជាមួយបណ្ដាញធុរកិច្ចផ្សេងៗ ដែលនៅទីនោះ និយាយរួមទៅដើរគោះទ្វារតែម្ដង។ ធុរកិច្ចក៏រកឱកាសនៅលើពិភពលោកដើម្បីធ្វើការវិនិយោគ។ ប្រទេសនី​មួយៗក៏ត្រូវដើររកប្រភពចំណូល ធនធានថវិកា និងសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួន។ អញ្ចឹងជាវេទិកាមួយដែលផ្ដល់ឱកាសឱ្យយើងជួបជុំគ្នា។ ហេតុនេះហើយ បានជាការធ្វើដំណើរ ១៥ម៉ោងជាងមកទីនេះ ហើយដាក់ពេលវេលាជួបជាប់ៗគ្នា គឺដើម្បីគោះទ្វារ ចាប់ដៃ បង្ហាញទាំងថ្នាក់ដឹកនាំនយោ​បាយ អង្គការ ក៏ដូចជាធុរកិច្ចនៅលើពិភពលោកអំពីកម្ពុជា ហើយបបួលគេទៅ ឬហៅថា “ដើរទាក់ម៉ូយ” …។

(៩) ទាញបានផលពីធុរកិ​ច្ច សេដ្ឋកិច្ច សហប្រតិបត្តិការជាមួយបារាំងនិងប្រទេសនានា ជាការប្រើពេលវេលាដ៏មានប្រយោជន៍

បើសិនជាចំណាយពេលវេលាប៉ុណ្ណេះក្នុងមួយអាទិត្យនេះ យើងអាចទាញយកផល មិនថាតែធុរកិច្ចទេ​ ទាំងសេដ្ឋកិច្ច … បូកជាមួយនឹងសហប្រតិបត្តិការជាមួយបារាំង ដែលយើងអាចបង្កើននូវទំនាក់ទំនងរវាងកម្ពុជា-បារាំង កម្ពុជាជាមួយនឹងបណ្ដាប្រទេសផ្សេងៗ តាមរយៈវិស័យឯកជន នោះគឺជាពេលវេលាដែលប្រើប្រាស់ល្អបំផុត។ យើងម្នាក់ៗ យ៉ាងច្រើន(មានអាយុ) ១៥០ឆ្នាំ … តើ ១៥០ ឆ្នាំនេះ វាបូកឡើងបានពីអ្វី? បានពីមួយថ្ងៃទៅមួយថ្ងៃ។ មែនទេ? ក្នុងមួយថ្ងៃៗ វាបូកពី ២៤ម៉ោង ទៅ ២៤ម៉ោង។ មួយម៉ោងៗ បូកគ្នា ចេញ ២៤ម៉ោង។ ស្មើមួយថ្ងៃ។ មួយថ្ងៃបូកចូលគ្នា ៣៦៥ថ្ងៃ។ អញ្ចឹងលទ្ធផលដែលយើងធ្វើក្នុងមួយឆ្នាំៗ គឺអាស្រ័យទៅលើមួយថ្ងៃៗ… យើងនៅ ១៥០ឆ្នាំ តែលទ្ធផលដែលកើនឡើងគឺអាស្រ័យទៅលើមួយម៉ោងៗដែលយើងចំណាយ … ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ជាអ្នកបម្រើប្រជាពលរដ្ឋ បម្រើប្រទេសជាតិ បានការទុកចិត្ត យើងត្រូវធ្វើបែបនេះ។

(១០) ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អ្នកអមដំណើរត្រូវចូលរួមទាក់ម៉ូយឱ្យកម្ពុជា

រួមជាមួយនឹងថ្នាក់ដឹកនាំទាំងអស់នៅក្រសួង-ស្ថាប័ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ដែលនៅទីនេះ សុទ្ធតែអ្នកដើរទាក់ម៉ូយទាំងអស់។ ជួបខ្ញុំ ខ្ញុំជួបផ្ទាល់ ប៉ុន្តែអ្នកផ្សេងទៀត ខ្ញុំថា ពេលដែលមកអមខ្ញុំ កុំគ្រាន់តែអមខ្ញុំចូលប្រជុំ គឺដាក់ផែនការ ដើម្បីទៅជួបប្រទាក់ក្រឡាគ្នា ចែកគ្នា(ទាក់ម៉ូយ)។ ថ្ងៃមុនទៅចិន ជួបជាមួយនឹងក្រុមហ៊ុន, ឧទាហរណ៍ ប៉ុន្មាន(ក្រុមហ៊ុន) មកវិញ ឯកឧត្តម ស៊ុន ចាន់ថុល ទៅបន្តទៀត ទាក់ទាញបានក្រុមហ៊ុនផលិតកង់ឡានមួយ គ្រោងដាក់ ១ពាន់លានដុល្លារនៅស្រុកខ្មែរ។ ក្រោយមកទៅជប៉ុន យើងជួបជាមួយនឹងក្រុមហ៊ុនប៉ុន្មានអញ្ចឹងទៅ ក្រោយទៅមានមួយចំនួនគាត់ចាប់ផ្ដើមទៅវិនិយោគនៅស្រុកខ្មែរ បើកក្រុមហ៊ុនបណ្ដុះបណ្ដាលមនុស្ស បើកក្រុមហ៊ុន IT រាប់សិបលានឯណោះ។ យើងមានមន្ត្រីរបស់យើង លោកជំទាវ ចម និម្មល នៅទីនេះ ទៅចរចាបន្ថែមជាមួយពាណិជ្ជកម្ម។ រុញអង្ករ មៀន ផលិតផលកសិកម្មយើងចេញតទៅ។ អញ្ចឹងបានថាសកម្ម។​

(១១) ចេញគោលនយោបាយជាក់ស្តែង នាំទៅដល់ និងរៀបចំផ្ទះស្អាតទទួលភ្ញៀវ

ក្នុងរយៈពេល៤ខែជាងនេះ ពិតណាស់ យើងមិនអាចជួបគេ ១០០នាក់ គេចាប់អារម្មណ៍ទៅកម្ពុជាទាំង១០០(នាក់)ទេ។ តែបើយើងមិនជួបសោះ គេមិនស្គាល់ទេ។ យើងត្រូវតែព្យាយាមជួប ព្យាយាមគោះទ្វារណែនាំខ្លួនយើង។ បានន័យថា ធ្វើការងារបុរេសកម្ម។ យើងអត់ចេញតែគោលនយោបាយលើក្រដាសទេ។ យើងត្រូវដើរយកគោលនយោបាយទៅដល់គេ ហើយមិនត្រឹមតែគោលនយោបាយទេ យើងព្យាយាមដឹកដៃគេទៅមើលផ្ទះយើង។ រៀបផ្ទះយើងឱ្យស្អាត។ ធានាថាផ្ទះយើងស្អាត ភ្ញៀវទៅ ហើយសប្បាយចិត្តនៅបន្ត កើតកូន/ចៅ នាំគ្នាតទៅទៀត។ នេះគឺគោលដៅដែលរដ្ឋាភិបាលក្នុង ៥ខែនេះបានដាក់ចេញ។ តែ ៥ខែនេះមិនមែនជាអ្វីដែលយើងធ្វើក្នុង៥ឆ្នាំទេ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ យើងនឹងបន្តតទៅទៀត …។

(១២) ទំនាក់ទំនងរវាងកម្ពុជាបារាំង ជាទំនាក់ទំនងប្រវត្តិសាស្ត្រ និងត្រូវបន្តពូនជ្រំ

ក្រៅពីកម្មវិធីនៅស្វ៊ីស នៅបារាំង យើងធ្វើអី? គឺទស្សនកិច្ចផ្លូវការលើកទី១ របស់ខ្ញុំមកកាន់ប្រទេសបារាំង ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីមកកាន់អឺរ៉ុប។ ទស្សនកិច្ចនេះត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ពីចំណងទំនាក់ទំនងយើងជាមួយនឹងបារាំង។ ការដែលខ្ញុំមកទស្សនកិច្ចនេះមិនមែនជាការចៃដន្យ ឬមួយក៏ខ្ញុំចេះតែជិះយន្តហោះសុំគេមកទេ។ រាល់ទស្សនកិច្ចផ្លូវការ ផ្លូវរដ្ឋ គឺតែងតែមានការអញ្ជើញជាផ្លូវការ។ ទស្សនកិច្ចផ្លូវការរវាងបារាំងនិងកម្ពុជា មានលក្ខណៈពិសេស។ ជាធម្មតាគឺយើងមានអ្នកដែលស្មើគ្នា គឺនាយករដ្ឋមន្ត្រីមាននាយករដ្ឋមន្ត្រីជាដៃគូដែលត្រូវអញ្ជើញ។ ប៉ុន្តែ សម្រាប់បារាំងជាមួយកម្ពុជា ក៏ដូចជាពេលសម្ដេចតេជោនាយករដ្ឋមន្ត្រី(នៅកាន់តំណែង) គឺប្រធានាធិបតីបារាំងជាអ្នកចេញលិខិតអញ្ជើញ​។ បានន័យថាកម្រិតខ្ពស់បំផុតនៅក្នុងប្រទេសបារាំង។ ជាធម្មតាគឺសមភាគី ជានាយករដ្ឋមន្ត្រី (និង)នាយករដ្ឋមន្ត្រី, ប្រធានាធិបតី(និង)ប្រធានាធិបតី តែនេះគឺអញ្ជើញមកទ្វេភាគីរវាងនាយករដ្ឋមន្ត្រីជាមួយនឹងប្រធានាធិបតី។ នេះបញ្ជាក់ឱ្យឃើញថា បារាំងបានវាយតម្លៃនិងផ្ដល់តម្លៃចំពោះទំនាក់ទំនងការទូត ទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច រវាងកម្ពុជានិងបារាំង។ នេះគឺជាមោទនភាពរបស់យើង។ យើងក៏ផ្ដល់នូវការឆ្លើយតបស្មើភាពគ្នា។ ទំនាក់ទំនងរវាងកម្ពុជាបារាំង ដែលមានជាយូរមកហើយ ជាទំនាក់ទំនងប្រវត្តិសាស្ត្រ ដែលយើងត្រូវបន្តពូនជ្រំ

(១៣) កិច្ចការដែលប្រមុខរដ្ឋាភិបាលកម្ពុជានិងបារាំងធ្វើ ជាកាតព្វកិច្ចចំពោះជាតិនិងប្រជាជន

ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញមានអ្នកដែលខំចេញទៅពន្យល់ប្រធានាធិបតីបារាំងថាកុំឱ្យចាញ់បោក ហ៊ុន ម៉ាណែត។ គាត់សរសេរលិខិតមួយយ៉ាងវែង។ ក្រុមជំនួយការផ្ញើមកឱ្យខ្ញុំមើល។ គាត់សរសេរថាប្រធានាធិបតីបារាំង Macron ប្រយ័ត្នចាញ់បោក ហ៊ុន ម៉ាណែត។ ខ្ញុំថាតាមដំណើរទៅអញ្ចឹង។ មុននឹង​នាយករដ្ឋមន្រ្តី ឬប្រធានាធិបតីនៃប្រទេសមួយ ជាពិសេសប្រទេសមហាអំណាចដូចបារាំង ធ្វើការសម្រេចចិត្តផ្ញើលិខិតកម្រិតខ្ពស់បំផុត អញ្ជើញប្រមុខរដ្ឋាភិបាលកម្ពុជាមកទស្សនកិច្ច ប្រាកដជាមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ។ ទីប្រឹក្សាជំនាញ ក្រសួងការបរទេស ក្រសួងការពារជាតិ គ្រប់ជំនាញទាំងអស់ប្រាកដជាប្រមូលផ្ដុំលើកយោបល់ ថែមទាំងប្រធានាធិបតីខ្លួ​នឯងផ្ទាល់ បានសម្រេចចិត្តមើលឃើញច្បាស់អំពីអត្ថប្រយោជន៍នៃទំនាក់ទំនង ទើបបានជាផ្ដល់ការចេញនូវលិខិតអញ្ជើញជាផ្លូវការ។ បើគិតថា ការដែលប្រធានាធិបតី Macron ហៅខ្ញុំមក ហើយខ្លាចខ្ញុំមកបោក អាហ្នឹងខ្ញុំមិនដឹងនិយាយថាម៉េចទេ។ បើប្រធានាធិបតីមហាអំណាចមួយឱ្យខ្ញុំមកបោកបាន ចប់ហើយ។ តែវាគ្មានអីដែលត្រូវបោក។ កិច្ចការទាំងអស់ដែលត្រូវធ្វើ ប្រធានាធិបតី Macron ក៏ដូចជាខ្ញុំ ជាប្រមុខរាជរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាល គឺជាកាតព្វកិច្ចសំរាប់ជាតិនិងប្រជាជន។ គ្មានឡើយផលប្រយោជន៍បុគ្គល។ ការជជែកគ្នានេះ មិនមែនខ្ញុំបបួលប្រធានាធិបតី Macron​​ វិនិយោគ joint venture លក្ខណៈឯកជនធ្វើអូតែលនៅប៉ារីសទេ។

(១៤) ធ្វើជាម្ចាស់ផ្ទះប្រជុំកំពូល Francophonie ឆ្នាំ២០២៦ ជាមោទនភាពជាតិ

ទាំងអស់គឺនិយាយអំពីផ្លូវការនៃការទំនាក់ទំនង។ ទំនាក់ទំនងលើវិស័យអប់រំ មិនមែនខ្ញុំវិនិយោគឯកជនទេ គឺយើងធ្វើយ៉ាងណាដើម្បីផ្ដល់អាហារូបករណ៍ដល់និស្សិតរបស់យើង ទាញបារាំងធ្វើសហការគ្នានៅកម្ពុជា បង្កើនវប្បធម៌។ យើងជាប្រទេស Francophone។ ខ្ញុំជូនព័ត៌មានល្អមួយ។ នៅឆ្នាំ ២០២៦នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ (ឥឡូវយើងកំពុងតែដាក់ពាក្យ) សម្រាប់ការប្រជុំកំពូល Francophonie។ ប្រធានាធិបតីបារាំង Macron គាត់បានផ្ដល់ការគាំទ្រដំបូង។ ជាមោទនភាពរបស់យើងក្នុងនាមជាប្រទេស Francophonie នៅតំបន់អាស៊ីអាគ្នេយ៍។ Francophonie មិនច្រើនទេ មានយើង(កម្ពុជា)​ ឡាវ វៀតណាម។ កម្ពុជាសកម្មជាងគេ។ យើងក៏ត្រូវបន្តពង្រីកបន្ថែមទៀត។ ទំនាក់ទំនងផ្នែកសន្តិសុខ ផ្នែកការទូត ផ្នែកវប្បធម៌ ទំនាក់ទំនងផ្នែកផ្សេងៗគឺសំដៅទៅលើការលើកកម្ពស់នៃឱកាសនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស។

(១៥) ជួបប្រធានាធិបតី ប្រធានសភា​ ប្រធានព្រឹទ្ធសភា ជាសារធំក្នុងទំនាក់ទនងកម្ពុជានិងបារាំង

ក្រៅពីជំនួបរបស់ខ្ញុំជាមួយប្រធានាធិបតី Macron ខ្ញុំក៏ត្រូវមានជំនួបបន្តទៀតជាមួយនឹង លោកជំទាវ ប្រធានសភាបារាំង ឯកឧត្តមប្រធានព្រឹទ្ធសភា និងជាមួយនាយករដ្ឋមន្ត្រី។ ពេលដែលយើង confirm គឺពេលវេលា ជាមួយអតីតនាយករដ្ឋមន្ត្រី Elisabeth Borne ដែលគាត់ទើបនឹងប្ដូរប៉ុន្មានថ្ងៃនេះ។ យើងកំពុងតែរង់ចាំពេលវេលា។ ប៉ុន្តែខ្ញុំថា … ទោះជាយ៉ាងណាយើងត្រូវបានទទួលរួចហើយ ដោយប្រធានាធិបតី ប្រធានសភា​ ប្រធានព្រឹទ្ធសភា គឺជាសារធំណាស់សម្រាប់ទំនាក់ទំនងកម្ពុជានិងបារាំង។ បើថាខ្លាច ខ្ញុំទៅបោកប្រធានាធិបតី ប្រហែលជាគេប្រាប់ប្រធានសភា​ និងប្រធានព្រឹទ្ធសភាផងថាប្រយ័ត្នចាញ់បោក ហ៊ុន ម៉ាណែត ទាំងអស់គ្នា។ ខ្ញុំឆ្ងល់ដែរ ក្នុងនាមជាអ្នកនយោបាយវ័យចំណាស់ម្នាក់នៅកម្ពុជា ការចេញសារបែបនេះតើមានបានគិតទេ។ ការចេញសារធ្វើឱ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីរវាងប្រមុខរដ្ឋរាជរដ្ឋាភិបាលនិងប្រមុខរដ្ឋាភិបាលទាំង២នេះ មិនបានប្រព្រឹត្តិទៅដោយរលូន … បានន័យថាម៉េច?

(១៦) អ្នកនយោបាយបារាំង ទោះមិនគាំទ្រប្រធានាធិបតី ក៏មិនហាមការអនុវត្តនយោបាយការទូត

ក្នុងនាមអ្នកនយោបាយ ចង់អ្នកឯងស្រលាញ់រដ្ឋាភិបាលឬមិន(ស្រឡាញ់)រដ្ឋាភិបាល ប៉ុន្តែគួរតែឱ្យតម្លៃទៅលើអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេស ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រលាញ់ជាតិ។ អ្នកណាក៏ដោយ អ្នកដឹកនាំក៏ដោយ គួរតែដឹងពេលវេលា។ ព្រឹកមិញខ្ញុំបានជួបអ៊ំ ពូ មីងមួយចំ​នួន ខ្ញុំបានប្រាប់ថា មិនដែលឃើញអ្នកនយោបាយបារាំង ទោះបីជាមកពីបក្សផ្សេង ទោះបីជាមិនគាំទ្រប្រធានា​ធិបតីក៏ដោយ (ហាម)មិនឱ្យប្រធានាធិបតីអនុវត្តនយោបាយការទូតរបស់ខ្លួនជាមួយអឺរ៉ុប​ ជាមួយអីនោះទេ។ តែខ្ញុំក៏ឆ្ងល់ត្រង់អញ្ចេះទៀតថា លើកនេះមិនហ៊ានជេរខ្ញុំថាក្មេងទេ។ រាល់ដងរិះគន់ខ្ញុំថាក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល។ អ្នកណានោះ គឺ(ទាំងអស់គ្នា)ដឹងហើយ។ ខ្ញុំអត់ប្រាប់ឈ្មោះទេ។ អ្នកនយោបាយចាស់វស្សានៅបារាំងហ្នឹង។

លើកនេះមិនហ៊ានថាខ្ញុំក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលទេ ព្រោះដៃគូរបស់ខ្ញុំជាប្រធានាធិបតីបារាំង ដែលមានអាយុប្អូន​ខ្ញុំ២ខែ … គួរតែភ្ញាក់ដែរ ឬជា(ការ)គួរឱ្យអស់សំណើចទៅចុះ ដែលអ្នកនយោបាយវ័យចំណាស់ម្នាក់ មកខំផ្សព្វផ្សាយញុះញង់កុំឱ្យមេដឹកនាំប្រទេសវ័យក្មេង២នាក់ មេដឹកនាំនយោបាយដែលដឹកនាំប្រទេស២នាក់ ជជែកគ្នា ដើម្បីរកផលប្រយោជន៍ឱ្យប្រទេសរៀងៗខ្លួន។ គួរឱ្យអស់សំណើចណាស់។ ទី២ គាត់មានសញ្ជាតិ២ សញ្ជាតិខ្មែរនិងសញ្ជាតិបារាំង។ គួរតែអបអរសាទរ នៅពេលដែលប្រទេសខ្មែរនិងប្រទេសបារាំងមកជួបគ្នាដើម្បីពង្រឹងទំនាក់ទំនង បានផលប្រយោជន៍រវាងប្រជាជនយើងទាំង២ … ផលប្រយោជន៍ជាតិ។

(១៧) មកបារាំងជជែកពីការទាញយកផលប្រយោជន៍រួមនៃប្រទេសទាំង២

គួរតែមានកាលទេសៈ។ គួរតែដឹង។ បើមិននិយាយក៏គ្មានអ្នកណាថាគដែរ។ គិតអំពីផលប្រយោជន៍ជាតិជាជាងផលប្រយោជន៍នយោបាយ (តែនេះគាត់)ដាក់នយោបាយចំពោះមុខទាំងអស់។ ខ្ញុំមិនបន់ឱ្យស្រលាញ់ខ្ញុំទេ។ ខ្ញុំមិនថាឱ្យឈប់រិះគន់នោះទេ ជាសិទ្ធិរបស់គាត់ ប៉ុន្តែយ៉ាងហោចណាស់គួរឱ្យគិតថាពេលណា ដែលត្រូវតម្កល់ផលប្រយោជន៍ជាតិ ត្រូវរួមគ្នាទៅ។ ខ្ញុំមិនមែនមកនេះជជែកជាមួយបារាំងដើម្បីបំផ្លាញផលប្រយោជន៍ប្រទេសខ្មែរទេ ហើយបារាំងក៏គ្មានផលប្រយោជន៍អីដើម្បីចេញគោលនយោបាយបំផ្លាញខ្មែរនោះដែរ។ គ្មានអីក្រៅពីជជែកគ្នាអំពីការទាញយកផលប្រយោជន៍រួមរបស់ប្រទេសយើងទាំង២ … ក្នុងទំនាក់ទំនងជាមួយបារាំង និងបណ្ដាប្រទេសផ្សេងៗនៅក្នុងអឺរ៉ុប គឺយើងនៅប្រកាន់ជំហរដូចគ្នា។ គឺប្រកាន់ជំហរនៅក្នុងការគោរពអធិបតេយ្យភាព ឯករាជ្យភាពទៅវិញទៅមក និងជជែកគ្នាដើម្បីពង្រឹងផលប្រយោជន៍ជាតិរួមរបស់យើង។ នេះគឺជាគោលដៅការទូតរបស់យើងនៅក្រៅប្រទេស។ ទាក់ទងទៅនឹងកិច្ចការងារនៅក្រៅប្រទេស ខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះ។

(១៨) ប្រជាពលរដ្ឋខ្មែរជឿថាការបោះឆ្នោតជាការរើសមេដឹកនាំ ដោយមិនមានអស្ថិរភាពសង្គម

ឥឡូវខ្ញុំសូមជម្រាបជូនអ៊ំ ពូមីង បងប្អូនទាំងអស់ ពាក់ព័ន្ធទៅនឹងគោលនយោបាយរបស់យើងក្នុងប្រទេស។ រឿងច្រើនណាស់ដែលយើងត្រូវធ្វើ ហើយរឿងមិនអស់ទេ។ ពាក្យថារឿងនេះ មិនមែនជាបញ្ហាទាំងអស់ទេ។ វាជា issues ជាប្រធានបទដែលយើងត្រូវធ្វើ។ នៅស្រុកបារាំងក៏ដូចជាគ្នាដែរ។ ប្រធានបទនីមួយៗ ធ្វើល្អហើយមិនទាន់ស្កប់ទេ ត្រូវតែកែសម្រួលឱ្យកាន់តែល្អ។ កន្លែងណាដែលមានបញ្ហាយើងត្រូវតែខិតខំតទៅទៀត។ ខ្ញុំសូមបញ្ជាក់បន្តិចពីដំណើរស្ថានភាពនៅកម្ពុជារបស់យើង។ អ៊ំ ពូ មីង បងប្អូន បានតាមដានហើយស្ថានភាពនេះ។ យើងចាប់ផ្ដើមពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ជាមូលដ្ឋានដែលយើងមាននៅថ្ងៃនេះ និងមូលដ្ឋានសម្រាប់ធ្វើអីទៅថ្ងៃមុខ។ បងប្អូនបានដឹងហើយនៅកម្ពុជារបស់យើង គឺយើងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នា២០២៣។ ការបោះឆ្នោតដែលមានការចូលរួមពីប្រជាជនច្រើនលើសលប់ ក្នុងនោះមាន ៨លាន ២សែននាក់នៃប្រជាពលរដ្ឋបានទៅបោះឆ្នោត (ស្មើនឹង) ៨៤,៥៩% គឺជាអត្រាមួយដែលខ្ពស់ណាស់ បញ្ជាក់ថាប្រជាពលរដ្ឋខ្មែរជឿទៅលើការបោះឆ្នោតជ្រើសតាំងមេដឹកនាំជាជម្រើសតែមួយគត់ ដែលធានានូវស្ថានភាពយុត្តិធម៌ ស្ថិរភាព និងប្រសិទ្ធភាពក្នុងការរើសមេដឹកនាំរបស់ខ្លួន ដើម្បីបន្តដឹកនាំបម្រើយើងដោយប្រសិទ្ធភាពខ្ពស់ ដោយមិនមានអស្ថិរភាពក្នុងសង្គម …។

បើប្រជាជនមិនជឿទៅលើការបោះឆ្នោត គាត់មិនទៅ(បោះ)ទេ ហើយក៏គ្មានអ្នកណាទៅភ្ជង់គាត់ឱ្យទៅបោះឆ្នោតដែរ។ បោះឆ្នោតនៅក្នុងស្មារតីមិនមានការភ័យខ្លាច។ គ្រាន់តែបោះចប់ គឺ(ផ្លូវ)ទៅកំពង់សោមចង្អៀត។ រាល់ដង បោះឆ្នោតពេលខ្លះ ប្រជាពលរដ្ឋនៅក្នុងផ្ទះ ព្រោះព្រួយបារម្ភ ចាំមើល(ក្រែងលោមាន)ស្អីទៀត(កើតឡើង)។ ពីមុនធ្លាប់តែបោះហើយគាំងមួយឆ្នាំអីអញ្ចឹងទៅ។ បោះ(ឆ្នោត)ហើយ បាតុកម្មពេញក្រុងអីអញ្ចឹងទៅ។ បោះ(ឆ្នោត)ឆ្នាំ២០២៣ នេះហើយ គាត់នាំគ្នាទៅដើរលេងកំពង់សោម ចាក់សោរផ្ទះចោល​។ បញ្ជាក់ពីអី? បញ្ជាក់អំពីភាពជឿជាក់ទៅលើស្ថិរភាព ទៅលើអនាគតរបស់គាត់ ជឿទៅលើការវិវត្តនៃកម្រិតនៃប្រព័ន្ធប្រជាធិបតេយ្យនៅប្រទេសរបស់យើង។ ប្រទេសខ្លះនៅអាស៊ី មានការវាយគ្នាស្លាប់ជាដើម … កម្ពុជាយើងបានឈានទៅ(ហួសពីស្ថានភាពហ្នឹងហើយ) …  ពីមុនយើងមានបញ្ហាច្រើន មានបញ្ហាហិង្សា បញ្ហាអី។ ឥឡូវគឺថារាល់ការបោះឆ្នោតនីមួយៗមានស្ថិរភាព។

(១៩) បងប្អូននៅក្រៅប្រទេសបានទៅបោះឆ្នោត ចេញសារលើកទឹកចិត្ត និងមិនគាំទ្រការញុះញង់ហិង្សាពេលបោះឆ្នោត

ទី២ ៨២,៣០% (ស្មើនឹង)  ៦លាន ៤សែននាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំតទៅទៀត។ សូមឆ្លៀតឱកាសនេះអរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយជាពិសេសប្រជាពលរដ្ឋយើងនៅក្រៅប្រទេស និយាយដោយឡែកនៅអឺរ៉ុបនេះ ដែលភាគច្រើនបានគាំទ្រ និងតាមរយៈ អ៊ំ ពូមីងមួយចំនួនបានទៅបោះឆ្នោតផ្ទាល់នៅស្រុកខ្មែរ ដោយសារយើងបានចុះឈ្មោះ។ ថ្ងៃហែបក្ស ឬមួយទៅចំថ្ងៃចុះឈ្មោះបោះឆ្នោត ឃើញអ្នកទៅពីប៊ែលហ្សិក និងពីទីនានាទៅមួយចំនួន។ ទី២ បងប្អូនខ្លះគាត់បានចេញសារលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរបស់យើងទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋនៅក្នុងប្រទេសប្រជាធិបតេយ្យ។ ទី៣ បងប្អូនរបស់យើងជាច្រើនប្រកាន់នូវជំហរមិនគាំទ្រទៅដល់ការញុះញង់ឬការធ្វើអំពើហិង្សាណាមួយ ដែលធ្វើឱ្យបាត់សណ្ដាប់ធ្នាប់នៅពេលបោះឆ្នោត … ៨២,៣០% (បោះឆ្នោត)ជូនគណបក្សប្រជាជនកម្ពុជា បញ្ជាក់ឱ្យឃើញពីការពេញចិត្តរបស់ប្រជាពលរដ្ឋ និងភាពជឿជាក់ និងភាពកក់ក្ដៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ទៅលើការដឹកនាំរបស់គណបក្សប្រជាជន ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីតែម្តង នៅក្នុងការបម្រើប្រជាពលរដ្ឋ ពិសេសការជួយប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក ដូចជាថ្មីៗ នេះ គ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ដែលជាកាលៈទេសៈខ្មៅងងឹត។ សម្តេចតេជោចេញមកអនុវត្តគោលនយោបាយដឹកនាំសម្រេច ដើម្បីជួយប្រជាជនដោយប្រសិទ្ធភាព។ អញ្ចឹងមិនមែនជាការលួចសន្លឹកឆ្នោត ឬមួយបង្ខិតបង្ខំទេ តែជាការខិតខំប្រឹងប្រែង លះបង់ និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានដឹកនាំធ្វើការ មិនទុកប្រជាពលរដ្ឋចោល ថែមទាំងតស៊ូលះបង់សម្រេចកិច្ចការដោយប្រសិទ្ធភាពជួយប្រជាពលរដ្ឋ …។

(២០) ប្រជាពលរដ្ឋទុកចិត្តលើផែនការបន្តវេនដឹកនាំរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា

ពេលជាមួយគ្នា យើងក៏ឃើញថា ស្ថានភាពនេះបានបញ្ជូនសារធំទៅដល់រាជរដ្ឋាភិបាល ទៅដល់ការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការផ្ទេរការដឹកនាំពីជំនាន់ទី១ មកជំនាន់ទី២ នៅដើមអាណត្តិ។ ដោយ​សារលទ្ធផលការបោះឆ្នោតនេះហើយ បានជាខ្ញុំមានវត្តមាននៅទីនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល។ ការវាយតម្លៃក្រោយបោះឆ្នោតមាន Scenario ២។ Scenario ទី១ បើសិនជាសំឡេងឆ្នោតចេញមកសម្រាប់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា(នៅឆ្នាំ២០២៣) តិចជាងសំឡេងឆ្នោតដែលបោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០២២ បានន័យថាប្រជាពលរដ្ឋមិនទាន់មានភាពកក់ក្តៅជាមួយនឹង Team ថ្មីនេះទេ។ កុំភ្លេចថាមិនមែនលួចលាក់ទេ។ គណបក្សប្រជាជន តាមរយៈសម្តេចតេជោបានបញ្ចេញសារថា គណបក្សប្រជាជនបានត្រៀម(បេក្ខជន)នៅក្នុងឆ្នាំ២០២២ នេះ ២នាក់។ កាលពីបោះឆ្នោតមុនៗ គឺថាជូនសម្តេចតេជោ ជាបេក្ខជននាយករដ្ឋមន្ត្រី។ សម្រាប់ឆ្នាំ២០២៣ គឺជូនសម្តេចតេជោ ជាបេក្ខជននាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន ហើយមានការបញ្ជូនសារច្រើនណាស់។ អញ្ចឹង បើសិនជាប្រជាពលរដ្ឋមិនមានភាពកក់ក្តៅនោះទេ លទ្ធផលប្រហែលជាមិនបានខ្ពស់​ទេ។ ការសម្រេចចិត្តគឺអាចថាពន្យារពេល ឬមួយក៏នៅកម្រិតណាមួយ។ អញ្ចឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការផ្ទេរគឺឆ្លុះបញ្ចាំងអំពីការចង់បានរបស់ប្រជាពលរដ្ឋ និងសាររបស់ប្រជាពលរដ្ឋយ៉ាងច្បាស់ ថាទន្ទឹមដែលប្រជាពលរដ្ឋបានជឿទុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជា ជឿទៅលើការដឹកនាំរបស់សម្តេចតេជោ ប្រជាពលរដ្ឋក៏មានការទុកចិត្តនៅលើផែនការនៅក្នុងការបន្តវេនរបស់រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែរ។ ហេតុ​នេះហើយបានជាដើមអាណត្តិត្រូវបានផ្ទេរតែម្តង។

(២១) ផ្ទេរទៅអ្នកដឹកនាំជំនាន់ទី ២ ដើម្បីធានានិរន្តរភាព ស្ថិរភាព ការអភិវឌ្ឍបន្តទៅមុខរបស់ប្រជាជាតិ

និយាយរួមរឿងនេះខ្ញុំក៏ចង់ភ្ញាក់ដែរ។ ផែនការច្រើនណាស់ត្រូវបានលុប។ នៅពេលដែលគណបក្សចេញផែនការមក ខ្ញុំឧស្សាហ៍និយាយថាផែនការសប្បាយរបស់ខ្ញុំលុបអស់ហើយ។ ១ឆ្នាំ ២ឆ្នាំមុន មានកិច្ចការជាច្រើនដែលយើងគិតរំពឹង។ ការគិតគូររបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនក​ម្ពុជា ដើម្បីអី? ការលះបង់របស់ថ្នាក់ដឹកនាំសម្តេចតេជោ លោកតែងតែមានប្រសាសន៍ វាជាការលះបង់មួយធំ។ ជាទូទៅមេដឹកនាំនយោបាយមួយលះបង់ នៅពេលដែលខ្លួនធ្លាក់ឆ្នោត ឬមួយក៏ប្រជាប្រិយភាពទាបបំផុត ដើម្បី refresh។ តែលើកនេះ គណបក្សប្រជាកម្ពុជាបានខ្ពស់បំផុត។ ហេតុអីបានជាមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាត្រូវផ្ទេរទៅជំនាន់ ២ ដើម្បីដឹកនាំ ជាជាងនៅបន្តដឹកនាំផ្ទាល់? ដើម្បីធានានូវនិរន្តរភាព ធានានូវលំនឹងស្ថិរភាព ដើម្បីប្រទេសជាតិមានការវិវត្តទៅមុខ និយាយឱ្យរួមគឺដើម្បីការអភិវឌ្ឍបន្តទៅមុខរបស់ប្រជាជាតិតែម្តង …។

(២២) ថ្នាក់ដឹកនាំគណបក្សប្រជាជន ចង់ឱ្យអ្នកបន្តវេនធានាបានប្រយោជន៍ជាតិនិងប្រជាជន

ការសម្រេច ការផ្ទេរ និងការផ្តល់ឱកាសដើម្បីបន្តអនុវត្តគោលនយោបាយមិនស្រួលទេ។ ៤០ឆ្នាំ កសាងប្រទេសតាំងពីបាតដៃទទេមកដល់ប៉ុណ្ណេះ ថ្នាក់ដឹកនាំយើងសម្រេចចិត្តដើម្បីកុំឱ្យអ្វីដែលជាសមិទ្ធផលដែលគាត់បានកសាងមកត្រូវបំផ្លាញចោល។ បើមិនទុកចិត្ត គាត់មិនផ្តល់ឱ្យទេ។ បើប្រជាជនមិនទុកចិត្ត ក៏គាត់មិនផ្តល់ឱ្យដែរ … អញ្ចឹងហើយបានជាមានសំណួរច្រើនពីការសម្រេចចិត្តផ្ទេររាជរដ្ឋាភិបាល។ ហេតុអីបានជាផ្ទេរពេលនេះ ហេតុអីក៏មិនចាំ ២០២៨ … សម្តេចតេជោ គាត់ធ្លាប់បង្ហាញហើយៗ ខ្ញុំគ្រាន់តែបញ្ជាក់ទេ គឺដោយសារគោលដៅធំរបស់គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំដែលបានកសាងប្រទេសពីបាតដៃទទេ នៅតែចង់បាន ចង់ឃើញ និងចង់ធា​នា​ថា ក​ម្ពុជាក្រោយពីផ្តល់ឱកាសទៅ(អ្នកបន្តវេន) ត្រូវធានានូវផលប្រយោជន៍ឱ្យប្រទេសជាតិ និងប្រជាជនឱ្យបាន។ នេះគឺជាគោលដៅធំរបស់គាត់ មិនមែនរឿងគោលដៅអីផ្សេងទេ។ នេះគឺជាការផ្ទេរតំណែង និងការរៀបចំរាជរដ្ឋាភិបាលថ្មី។

ក្រោយពីយើងរៀបចំខែ​សីហា តើមានអីកើតឡើង? … ខ្ញុំជឿថាបងប្អូននៅក្រៅប្រទេស ក៏នៅអ៊ុតមើលដែរ។ ធ្លាប់តែដឹកនាំដោយអេគីបសម្តេចតេជោ ដឹកនាំមកធានានិរន្តរភាព សន្តិភាព ស្ថិរភាព អ្នកវិនិយោគជាច្រើនក៏នៅបន្តរង់ចាំមើលថាតើអេគីបថ្មីនេះ ចេញទៅយ៉ាងណា? តើគោលនយោបាយយ៉ាងណា? សមត្ថភាពគ្រប់គ្រងស្ថានភាព ស្ថិរភាពយ៉ាងណា? តើ ៣-៤-៥ខែ ពីខែ៨ រហូតដល់ ខែ១២នេះ ប្រទេសយើងទៅជារញ៉ីរញ៉ៃយ៉ាងម៉េចឬទេ? យើងអាចនិយាយបានដោយមោទនភាពថា នៅក្នុងជិត ៥ខែនេះ ប្រទេសយើងមិនមានអីប្រែប្រួលក្រៅពីការវិវត្ត ធានានូវសន្តិភាព ស្ថិរភាព លំនឹង និងគោលនយោបាយនៃការអភិវឌ្ឍជាបន្តបន្ទាប់។ មិនមែននិយាយអង្គុយលើចង្អេរលើកខ្លួនឯងនោះទេ … លើកមិនរួចទេ ហើយក៏មិនចាំបាច់លើកនោះដែរ។ អ្វីដែលយើងត្រូវធ្វើគឺបង្ហាញនូវលទ្ធផលលើដី មិនមែនអ្វីដែលខ្ញុំនិយាយនៅលើមីក្រូនោះទេ។

(២៣) ក្នុង ៥ ខែមកនេះ រាជរដ្ឋាភិបាលផ្តល់ត្រី និងផ្តល់សន្ទូច ដល់ប្រជាពលរដ្ឋ

កិច្ចការងារដែលរាជរដ្ឋាភិបាលបានធ្វើជាក់ស្តែងក្នុង ៥ខែ កន្លងទៅនេះសម្រាប់ប្រទេសជាតិ មាន ២ ធំ … ទី១ គឺជួយផ្តល់ត្រី និងទី២ គឺជួយផ្តល់សន្ទូចឱ្យស្ទូចត្រី។ ការជួយផ្តល់ត្រីនោះអី? ការជួយផ្តល់ត្រីគឺយើងជួយជាប្រជាពលរដ្ឋជាក់ស្តែងតែម្តងនៅក្នុងកាលៈទេសៈលំបាក។ ការជួយផ្តល់សន្ទូចដើម្បីឱ្យស្ទូចត្រីគឺការជួយកសាងសមត្ថភាពដើម្បីឱ្យគាត់មានឱកាសរស់ខ្លួនឯង។ កាលៈទេសៈខ្លះយើងត្រូវតែជួយផ្តល់ត្រី។ នៅក្នុងអំឡុងពេលកូវីដ-១៩ ទោះបីជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចត្រូវការបិទខ្ទប់ដោយសារកូវីដ-១៩ ទាំងសុខភាព ទាំងប្រព័ន្ធមួយចំនួនត្រូវប៉ះពាល់។ អញ្ចឹងយើងត្រូវតែចេញគោលនយោបាយជួយ។ គោលនយោបាយនេះបានអនុវត្តពីអាណត្តិទី៦មក ក្រោមការដឹកនាំពីសម្តេចតេជោ។ ក្រៅពីយើងទប់រកវិធីយ៉ាងម៉េចកុំឱ្យប្រជាជនយើងស្លាប់ច្រើន ជាអកុសលយើងស្លាប់ ៣ពាន់នាក់ជាង ដោយសារកូវីដ-១៩។ ពិតណាស់ … ម្នាក់ក៏ច្រើនដែរសម្រាប់យើង។ ម្នាក់គឺតំណាងប្រជាជនយើង ម្នាក់ជាឪពុកមួយ ជាម្តាយមួយ ជាកូនមួយ។

ខ្ញុំធ្លាប់ធ្វើការងារនេះនៅពេទ្យ ពេលដែលមនុស្សចូល ៥នាក់ ចេញទៅវិញតែ ៤នាក់ ជាការខ្លោចផ្សារណាស់ … បើសិនជាយើងមិនអាចអារកាត់បាននៅពេលនោះទាន់ពេលវេលាទេ ច្រើនណាស់ដែលត្រូវស្លាប់។ នេះហើយដែលយើងគិតថាជាភាពវ័យឆ្លាត និងការដឹកនាំដោយប្រសិទ្ធភាពរបស់សម្តេចតេជោ ហើយដែលប្រជាជនឱ្យពិន្ទុតាមរយៈការបោះឆ្នោតឆ្នាំ២០២២-២០២៣ នេះ។ ប៉ុន្តែកូវីដ-១៩ វាមិនផ្តល់បញ្ហាតែរឿងសុខភាពទេ។ បញ្ហាមួយទៀតគឺក្រពះ។ ស្លាប់ដោយសារកូវីដ-១៩ ស៊ីសួត ឬស្លាប់ដោយសារដាច់ក្រពះ? សូម្បីតែអាចារ្យហ្នឹងក៏ចង់ដាច់ពោះម្តងៗដែរ។ ឥឡូវអាចារ្យខែការរកស៊ីបាន។ ជំនាន់កូវីដ-១៩ អត់មានអ្នកណាការទេ។ សូម្បីតែភ្នួង សូម្បីតែយក្សល្ខោនហ្នឹងក៏ចង់ដាច់ពោះដែរ … បិទទាំងអស់ កម្មវិធីសម្ពោធវត្ត អត់មានអ្នកណាធ្វើទេ សូម្បីតែព្រះសង្ឃនៅតាមវត្ត។

(២៤) ពីឆ្នាំ ២០២០ មក រដ្ឋាភិបាលចំណាយថវិកាជិត ១៣០០លានដុល្លារអាមេរិក ជួយជាង ៧០ម៉ឺនគ្រួសារ

ពេលខ្លះយើងត្រូវលើកចូលឆ្នាំ ពេលភ្ជុំបិណ្ឌខ្លះអត់ទៅវត្តបានដោយសារឆ្លង​។ អញ្ចឹងត្រូវរកវិធីផ្សេង ពុទ្ធបរិស័ទមិនអាចទៅប្រគេនបាន មិនអាចទៅដាក់បិណ្ឌបាន។ អញ្ចឹងរដ្ឋាភិបាលត្រូវចេញគោលការណ៍ជួយទៅដល់ប្រជាពលរដ្ឋ។ នៅក្នុងនេះ យើងឃើញថា ក្នុងរយៈពេល ៤២ខែ ដែលយើងអនុវត្តពីឆ្នាំ២០២០ មកដល់ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំ​ឡុងពេលកូវីដ-១៩ ហើយក្រោយមកក៏បានពង្រីកទៅក្មេងៗពីកើតរហូតដល់អាយុ ៥ឆ្នាំ ហើយផ្សេងៗទៀត អ្នកមានផ្ទុកមេរោគអេដស៍អីផ្សេងៗ។ ៤២ខែ នេះរដ្ឋាភិបាលចំណាយថវិកាអស់ជិត ១ ៣០០ លានដុល្លារអាមេរិក ដើម្បីជួយ ក្នុងនោះ ៧០ម៉ឺនគ្រួសារជាង បានទទួលផល គិតជាប្រជាជន ២លាន ៧សែននាក់ ពីការជួយឧបត្ថម្ភ Direct ដោយថវិកាជាតិ។ ការផ្តល់ត្រី Direct ជូនទៅគាត់តែម្តង ថវិកាសាច់ប្រាក់ជូនទៅគាត់ ដើម្បីគាត់ដោះស្រាយជីវភាព។ នេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ ហើយក្រោយពីកូវីដ-១៩ ឥឡូវយើងមានបញ្ហា។

(២៥) ពិភពលោកជួបគ្រោះផ្ទួនៗ ជាជំងឺរាតត្បាត ជាសង្គ្រាម ធ្វើអោយមានវិបត្តិឋាមពល

ពិភពលោកមិនងាយឃើញបញ្ហាផ្ទួនៗអញ្ចឹងទេ។ កន្លងទៅធ្លាប់មានបញ្ហាដោយជំងឺរាតត្បាត ចប់ពីជំងឺរាតត្បាតចប់ សេដ្ឋកិច្ចចាប់ផ្តើមងើបឡើង ពេលខ្លះគឺមានវិបត្តិសេដ្ឋកិច្ច អត់មានជំងឺរាតត្បាតទេ។ មានបញ្ហាហើយ ចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។ លើកនេះពិភពលោកមានវិបត្តិ ២ផ្ទួនគ្នា។ ដំបូងឡើយចាប់ផ្តើមពីជំងឺរាតត្បាតកូវីដ-១៩ ហ្នឹង។ សូម្បីតែនៅប៉ារីសនៅអី ខ្ញុំចាំ នៅ Champ Elysees ហ្នឹងបាត់មនុស្សឈឹង។ អត់មានអ្នកណាដើរ។ ស្ងាត់ជ្រាប … (កាលកូវីដរាតត្បាត) ខ្ញុំបានមើលតាមទូរទស្សន៍ គេបិទទាំងអស់។ សេដ្ឋកិច្ចផ្អាក មនុស្សច្រើនណាស់បាត់បង់ការងារ។ ចប់ពីហ្នឹងហើយ ចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន និងរុស្សី ធ្វើឱ្យមានវិបត្តិថាមពលនៅអឺរ៉ុប។ ឥឡូវនៅមជ្ឈឹមបូព៌ា និងនៅកន្លែងផ្សេងទៀត។ ពិតណាស់ (សេដ្ឋកិច្ច)យើងកើនឡើងវិញមួយចំនួន តែវាប៉ះពាល់មួយចំនួន​ ដោយវិបត្តិថាមពលផ្សេងៗ។

(២៦) រដ្ឋាភិបាលកំពុងរិះគិតវិធានការណ៍ប៉ះពាល់ពីបាតុភូត អែល នីណូ

ឆ្នាំនេះ គ្រប់ប្រទេសទាំងអស់កំពុងព្យាករណ៍រឿង El Niño ស្រូវឡើងថ្លៃ។ ប្រជាកសិករសប្បាយចិត្តរឿងស្រូវឡើងថ្លៃ ប៉ុន្តែអ្នកប្រើប្រាស់ព្រួយបារម្ភរឿងអង្ករឡើងថ្លៃ។ អញ្ចឹងរដ្ឋាភិបាលត្រូវមានវិធានការដើម្បីដោះស្រាយកម្រិតណាមួយ។ នៅកម្ពុជា កន្លែងខ្លះយើងកំពុងតែព្យាករណ៍មើល ការប្រើប្រាស់ទឹក រវាងការធ្វើស្រែជាមួយនឹងទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សត្វប្រើប្រាស់។ រដ្ឋបាលខេត្តបានចេញគោលការណ៍ណែនាំសុំឱ្យផ្អាកស្រែប្រាំងលើកទី២ … នេះមិនមែនតែនៅកម្ពុជាទេ នៅប្រទេសបារាំង នៅប្រទេសអូស្រ្តាលី កន្លែងខ្លះពេលដែលខែស្ងួតខ្លាំងមែន អត់ទឹកក៏មានការណែនាំការប្រើប្រាស់ដោយសន្សំសំចៃ។ ប៉ុន្តែទោះជាយ៉ាងណាយើងនៅមិនទាន់ឈានទៅដល់ហ្នឹង តែយើងជាការព្យាករណ៍ទុក។ ឆ្នាំនេះកសិកររបស់យើងបានផលច្រើន តម្លៃស្រូវក៏ល្អ ហើយយើងដោះស្រាយបញ្ហាមួយចំនួនទៀត។

(២៧) គោលការណ៍ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា និងមូលនិធិសុខាភិបាល

ទោះជាយ៉ាងណាសម្ពាធអតិផរណាបានប៉ះពាល់ទៅដល់សេដ្ឋកិច្ចនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ អញ្ចឹងហើយយើងក៏មានគោលការណ៍ឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀតសម្រាប់គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលយើងអនុវត្តពីចុងឆ្នាំ២០២២ មកដល់ម៉ោងនេះ អ្នកដែលបានផលប្រយោជន៍ពីការជួយនេះមាន ៤៩ម៉ឺនគ្រួសារជាង គិតជាប្រជាពលរដ្ឋ ១លាន៨សែននាក់ ដែលយើងជួយបន្ថែមទៅទៀត ដល់បងប្អូនយើងដែលមានការលំបាក … រដ្ឋយើងអត់មានលុយច្រើនទេ ប៉ុន្តែមិនមែនអត់មានទឹកចិត្តដែរ។ តិចឬច្រើនយើងត្រូវជួយប្រជាពលរដ្ឋរបស់យើង។ ក្រៅពីនោះ សុខភាពគឺជារឿងសំខាន់ … តម្លៃព្យាបាលសុខភាពក៏សំខាន់ដែរ ហើយថ្លៃទៀត។ នៅបារាំងគ្រាន់បើជាងនៅប្រទេសមួយចំនួន។ បើខ្ញុំនៅអាមេរិកវិញគឺថ្លៃណាស់។ នៅនេះរដ្ឋជួយច្រើន ទាំងសិស្សទាំងអី ប៉ុន្តែក៏មានការបន្ទុកទៅលើរដ្ឋជួយច្រើនដែរ។ ប្រទេសផ្សេងៗមានគោលនយោ​បាយ តែនៅអឺរ៉ុបគោលនយោបាយសុខភាពគឺបានល្អច្រើន។ នៅកម្ពុជាយើងក៏គិតគូរពីរឿងនេះ។ កន្លងទៅយើងបានចេញមូលនិធិសមធម៌ យើងហៅថាមូលនិធិសុខាភិបាល ដោយប្រជាពលរដ្ឋក្រីក្រទៅព្យាបាលនៅពេទ្យរដ្ឋគឺរដ្ឋចេញលុយឱ្យ ចេញថវិកាជួយគាត់ដើម្បីកាត់បន្ថយ(ចំណាយ)។ យើងបានជួយនៅក្នុងប៉ុន្មានឆ្នាំនេះ ជាមូលនិធិសមធម៌ជូន ៧០ម៉ឺនគ្រួសារ ហើយ ២លាន ៨សែននាក់។ ក្រៅពីនោះមានកម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់មួយចំនួន ដែលអាចប៉ះពាល់ធ្ងន់ រងហានិភ័យខ្ពស់ ជាង ១០ម៉ឺននាក់ទៀត ដែលរដ្ឋបានផ្តល់ការជួយទៅដល់សុខភាពឱ្យគាត់ ដែលគាត់ទៅព្យាបាល រដ្ឋចេញលុយជំនួសជូនគាត់ …។

(២៨) ជីវភាព/សុខភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាពមុនគេបំផុត

យើងគិតពីសុខភាពមនុស្ស។ មិនមែនសុខភាពតែមនុស្សធំទេ រដ្ឋគិតពីប្រជាពលរដ្ឋតាំងពីមិនទាន់កើត។ តិចឬ​ច្រើន រដ្ឋបានគិតគូរកម្មវិធី(គាំពារសង្គម)។ ពេលដែលយើង(មាន)ថវិកាចំណូលកាន់តែខ្ពស់ឡើងទៀត យើងនឹងបង្កើនបរិមាណជូន។ នៅពេលដែលរដ្ឋមានការលំបាក ជំនាន់កូវីដ-១៩ ក៏ដោយ ក៏យើងមិនបានផ្តាច់ដែរ ព្រោះជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពទី១។ ជីវភាពនិងសុខភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាពដែលត្រូវយកចិត្តទុកដាក់ ក្នុងនោះជីវិតមុនគេបំផុត។ ពេលកូវីដ-១៩ ពេលខ្លះយើងត្រូវបិទសាលា សិស្សអត់បានរៀនផ្ទាល់មួយឆ្នាំ តែគាត់នៅមានជីវិតមករៀនតទៀត។ យើងបង្វិលទៅរៀនតាមអនឡាញ។ ក្រោយមកយើងបើកឡើងវិញ។ យើងសុខចិត្តបិទក្រុង លើកពេលឈប់សម្រាកចូលឆ្នាំ ព្រោះលើកចូលឆ្នាំអត់បានទេ។ ទេវតាចុះថ្ងៃណាថ្ងៃហ្នឹងហើយ។ ទេវតាត្រូវចុះថ្ងៃទី១៣ ១៤ ១៥ ខែមេសា។ យើងទទួលទេវតានៅផ្ទះ … យើងត្រូវយកជីវិត(ជាធំ)។

(២៩) ការឧបត្ថម្ភសាច់ប្រាក់និងអត្ថប្រយោជន៍ជូនស្ដ្រីមានផ្ទៃពោះនិងកុមារ

បន្ទាប់មក … គោលនយោបាយរដ្ឋាភិបាលអាណត្តិទី៧ នេះ គឺផ្តោតទៅលើការកសាងសមត្ថភាព ឬបង្ហាត់ស្ទូចត្រី។ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំនេះ តាំងពីគោលនយោបាយយើងដាក់ចេញពីខែមិថុនា ឆ្នាំ២០១៦ មកដល់ម៉ោងនេះជាង ៣៣ ម៉ឺននាក់ ជិត ៣៤ ម៉ឺននាក់ បានទទួលផលពីការជួយនេះ។ យើងជួយហើយមានប្រាក់ឧបត្ថម្ភផ្សេងៗទៀត។ បើជាកម្មករ/ការិនី គាត់មាន ប.ស.ស គាត់ទទួលបានការឧបត្ថម្ភបន្ថែមទៅលើកិច្ចការនេះ … នេះខ្ញុំនិយាយពីការផ្តល់ត្រី(អោយទទួលទាន) បានន័យថា អ្វីដែលរដ្ឋខិតខំប្រមូលថវិកា ធនធានដែលយើងមានកំណត់ មិនឲ្យប្រ​ជាពលរដ្ឋយើងពេលលំបាក។ អ្នកដែលចាំបាច់ (មាន)ការលំបាក ដែលគ្រោះថ្នាក់ធំបំផុត យើងមិនឲ្យអត់មានការជួយពីរដ្ឋនោះទេ។ រដ្ឋត្រូវយកចិត្តទុកដាក់គ្រប់ពេលវេលា។ រដ្ឋបានចំណាយទុនច្រើនណាស់ ដើម្បីជួយ(ប្រជាពលរដ្ឋ)។ ទុនយើងតិច យើងមិនមានលុយច្រើន ប៉ុន្តែគិតពីអ្វីដែលយើងបានចេញនេះគឺច្រើនណាស់ហើយ។ ការចំណាយទុន គឺជាការចាំបាច់។ បើសិនជាវាជួយជីវិតប្រជាពលរដ្ឋ ជួយសុខភាពប្រជាពលរដ្ឋ ជួយនូវអនាគតប្រជាពលរដ្ឋ ការចំណាយប៉ុន្មានក៏យើងត្រូវតែធ្វើដែរ។ ទិន្នន័យនេះ គឺយើងបានធ្វើជាក់ស្តែង។ ខ្ញុំមិនមែនចេះតែថាទេ។ យើងបានធ្វើហើយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ …។

(៣០) នីតិកាលទី៧ អនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ៥ សំរាប់ពេល ២៥ ឆ្នាំទៅមុខ

ចំពោះនីតិកាលទី៧ នេះ ជាសង្ខេប យើងបន្តគោលនយោបាយដែលយើងមានតាំងពីអាណត្តិទី៦។ នៅអាណត្តិទី៧នេះ យើងចេញគោលការណ៍ស្អីទៀតដើម្បីប្រទេសជាតិ ប្រជាជន។ តើយើងមានគោលនយោបាយអី? ឬមួយក៏យើងទៅកញ្ឆក់កណ្តៀត ឡើងនិយាយលើមីក្រូ ហើយគ្មានអ្វីច្បាស់លាស់? ឬមួយ ក៏ពេលបោះឆ្នោត យើងចេះតែសន្យាទៅ ហើយចប់យើងអត់ធ្វើអ្វីផ្សេង? គោលនយោបាយរបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាល មានផែនការច្បាស់លាស់។ នៅនីតិកាលទី៧នេះ យើងចេញនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ៥ ជ្រុង។ សួរថាយុទ្ធសាស្ត្រនេះកើតមកពីអ្វី? តើយុទ្ធសាស្ត្រនេះគ្រាន់តែនឹកឃើញ អង្គុយគិតឬអ្វី? ព្រឹកឡើងឲ្យគេសរសេរ? យើងបន្តពីគោលនយោបាយដែលយើងបានអនុវត្ត សំរាប់រយៈពេល ២៥ ឆ្នាំទៅទៀត ចាប់ផ្តើមពីយុទ្ធសាស្ត្រត្រីកោណនៅឆ្នាំ ១៩៩៨ បន្ទាប់មកយុទ្ធសាស្រ្តចតុកោណ ៤ អាណត្តិ ដែលយើងបានអនុវត្ត ២០ ឆ្នាំ ក្នុងការកសាងមូលដ្ឋានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ភ្លើង ទឹក …។

(៣១) ហេដ្ឋារចនាសម្ព័ន្ធកំពុងអភិវឌ្ឍលឿន និងកំពុងអិវឌ្ឍថាមពលអគ្គិសនីពីប្រភពកកើតថ្មី

អ៊ំ ពូ មីង បងប្អូនបានទៅឃើញស្ពានអ្នកលឿង ស្ពាននៅភ្នំពេញ … ឥឡូវស្ពានយើងច្រើនខ្សែណាស់។ ថ្ងៃមុនកំពុងតែសិក្សាលទ្ធភាពធ្វើក្រោមទឹកទៅទៀត។ យើងមានផ្លូវល្បឿនលឿន។ ផ្លូវកន្លែងខ្លះជិះវង្វេង … នៅភ្នំពេញក៏ដូចគ្នាដែរ កន្លែងខ្លះខ្ញុំអត់ស្គាល់ផង។ ខ្ញុំនៅភ្នំពេញ តែមិត្តភក្តិខ្ញុំបរទេស គាត់ទៅស្គាល់កន្លែងផ្ទះសំណាក់ ផ្ទះអីណា កន្លែងផ្លូវក្រោយ។ គាត់មើល Trip Advisor គាត់មើលតាម Travelocity។ កន្លែងដែលចូលមិនចុះព្រោះកាលមុនសុទ្ធតែព្រៃ មិនមានផ្លូវ ស្រាប់តែ ៥-៦ ឆ្នាំ … សុទ្ធតែផ្លូវបេតុង ហើយផ្ទះនៅក្រោយហ្នឹង។ ភ្នំពេញយើង បើសិនជាយើងខានទៅ ៥ ឆ្នាំ យើងអាចវង្វេងផ្លូវ … អញ្ចឹងការវិវត្តយើងច្រើន។ ការវិវត្តនេះហើយដែលយើងដាក់ចេញជាគោលនយោបាយ។ (ការផ្គត់ផ្គង់)ភ្លើងរបស់យើងបានដល់ ៩០% នៃភូមិហើយ។ យើងអភិវឌ្ឍវារីអគ្គិសនី យើងអភិវឌ្ឍប្រព័ន្ធសូឡា។ ឥឡូវកំពុងសិក្សាកន្លែងខ្លះគេសិក្សាប្រព័ន្ធ Wind Power … យើងជំរុញខាងផលិតថាមពលកកើតថ្មី ដែលថាមពលស្អាត។ សួរថាអាហ្នឹងកើត​​​ដោយសារអ្វី? ដោយសារយើងដាក់គោលនយោ​បាយអោយអាទិភាពផ្គត់ផ្គង់ភ្លើងជូនប្រជាពលរដ្ឋ។

(៣២) ឆ្នាំ២០២៤ វាយតម្លៃលើកទី២ ដើម្បីចាកចេញពីប្រទេសក្រីក្រ រស់រឹងមាំខ្លួនឯង មិនពឹងលើការយោគយល់/សម្បទាន និងមានសមត្ថភាពប្រកួតប្រជែង

គោលនយោបាយបញ្ចកោណនេះ ផ្អែកទៅលើគោលនយោបាយ(ពីមុន ទាំងត្រីកោណ ទាំងចតុកោណ) ដែលមានមូលដ្ឋានធ្វើឲ្យប្រទេសក្លាយពីក្រីក្រ ទៅជាមានជីវភាពមធ្យមកម្រិតទាប។ ឆ្នាំ ២០២៤ នេះ យើងនឹងត្រូវវាយតម្លៃលើកទី២ ដើម្បីចាកចេញពីប្រទេសក្រីក្រ។ បានន័យថា ជាប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានអភិវឌ្ឍន៍ចំណូលមធ្យមកម្រិតទាប … ប៉ុន្តែវាទៅជាមួយនឹងការផ្លាស់ប្តូរមួយចំនួន។ កាលយើងនៅក្រ គេឲ្យយើងខ្ចីលុយ(ដោយមានការប្រាក់)ទាប។ ដល់​ពេលយើងមានលទ្ធភាព ការខ្ចីលុយពីធនាគារឬក៏ប្រភពផ្សេងៗ គេឲ្យកម្រិតតាមអ្នកមានលទ្ធភាព។ សំណួរសួរថា តើយើងគួរតែនៅក្រីក្ររហូតដើម្បីខ្ចីលុយបាន(ការប្រាក់ទាប)ឬយ៉ាងណា? … មិនត្រឹមតែធ្វើឲ្យប្រទេសយើងមានចំណូលមធ្យមទេ តែថែមទាំងដាក់ទិសដៅធ្វើឲ្យប្រ​ទេសក្លាយទៅជាប្រទេសអ្នកមានតទៀត។ អត់ត្រូវខ្លាចទេ។ យើងត្រូវចេះរស់ខ្លួនឯង។ គោលនយោបាយរបស់យើងធ្វើឲ្យកម្ពុជារស់ខ្លួនឯង រឹងមាំខ្លួនឯង ជាប្រទេសដែលមិនចាំបាច់ពឹងទៅលើការយោគយល់ សម្បទានអី្វមួយទេ តែមានសមត្ថភាពប្រកួតប្រជែងដោយផ្ទាល់។ នេះគឺជាគោលដៅដែលយើងបានធ្វើក្នុងរយៈពេលក្រោយពីបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៩៨ …។

(៣៣) រដ្ឋាភិបាលអាណត្តិទី៧ មានគោលដៅទម្លាក់អត្រាភាពក្រីក្រមកក្រោម ១០% នៅឆ្នាំ ២០៥០ ធ្វើឱ្យចំណូលប្រជាជនខ្ពស់ដល់កម្រិតប្រទេសអ្នកមាន

អត្រានៃភាពក្រីក្ររបស់ប្រជាជននៅឆ្នាំ១៩៩៧ ដោយសង្គ្រាម យើងមាន ៥១% បានន័យថា ក្នុង ១០០ នាក់ ប្រជាពលរដ្ឋយើង មានជាង ៥០ នាក់ ស្ថិតនៅក្រោមបន្ទាត់ក្រីក្រ។ នៅឆ្នាំ២០១៩ មុនកូវីដ -១៩ អត្រាភាពក្រីក្របានចុះទៅដល់ដូចជា ១២% ទៅ ១៣%។ ប៉ុន្តែ ដោយសារកូវីដ-១៩ អត្រាភាពក្រីក្របានឡើងដល់ ១៧% វិញ។ គោលដៅរដ្ឋាភិបាលថ្មីនេះ គឺសម្រេចឱ្យបានអត្រាភាពក្រីក្រធ្លាក់ចុះក្រោម ១០% … ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ នេះជាគោលដៅបន្ទាត់នយោបាយរបស់យើង។ អញ្ចឹងគោលនយោបាយដែលយើងដាក់ចេញនេះធ្វើអ្វី? បញ្ចកោណ ៥ មុំ យើងផ្តោតទៅលើកំណើន ធ្វើម៉េចឲ្យសេដ្ឋកិច្ចមានកំណើនជាមធ្យម ៧% ក្នុងរយៈពេលមួយអាណត្តិ គឺដំណាក់កាល ៥ ឆ្នាំ ដើម្បីយើងឈានទៅក្លាយជាប្រទេសមាននៅឆ្នាំ២០៥០។ ទិសដៅគឺ ២០៣០ យើងទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ២០៥០ ជាប្រទេសអ្នកមាន។ ប្រទេសអ្នកមានបានន័យថាម៉េច? មិនមែនរដ្ឋមានទេ។ ប្រទេសអ្នកមានបានន័យថា បៀវត្សរ៍ជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗឡើងដល់កម្រិតណាមួយ។ អញ្ចឹងជាការវាស់ស្ទង់នូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។ មហិច្ឆតាយើងក្លាយជាប្រទេសអ្នកមាន បានន័យថា យើងធ្វើឲ្យជីវភាពរស់នៅ ចំណូលប្រជាជនម្នាក់ៗ ឡើងខ្ពស់ដល់កម្រិតអ្នកមាននោះឯង … មិនមែនវាស់លុយក្នុងរដ្ឋមានប៉ុន្មានទេ។ គេវាស់ចំណូលប្រជាជនមានប៉ុន្មាន …។

(៣៤) បង្កើតការងារ បង្កើតបរិស្ថានសមប្រកប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

មួយទៀត(ទី២) គឺការបង្កើតការងារ។ ដើម្បីសេដ្ឋកិច្ចកើន (ផ្អែកលើ)ជ្រុងមួយ(សំខាន់) គឺការបង្កើនការងារ ដែលជាអាទិភាពធំ។ ដោយហេតុហ្នឹងហើយបានជាខ្ញុំដើរចរចា។ អ្នកខ្លះថា ហ៊ុន ម៉ាណែត ចេញទៅក្រៅដើរតែស្មុំគេ។ ដើរតែទាក់ម៉ូយក្លែងក្លាយ បញ្ជូនពលករខ្មែរទៅក្រៅធ្វើខ្ញុំគេ … ប្រទេសណាដែលអត់មានប្រជាពលរដ្ឋចំណាក​ស្រុក? ប្រជាពលរដ្ឋបារាំងទៅធ្វើការនៅអាមេរិកច្រើន ហើយប្រជាពលរដ្ឋផ្សេងមកធ្វើការនៅបារាំង។ អង់​គ្លេសក៏ដូចគ្នាដែរ។ ប្រជាពលរដ្ឋអង់គ្លេសទៅធ្វើការនៅអាមេរិកច្រើន អ្នកមកពីឥណ្ឌា មកពីអី មកធ្វើការនៅ(អង់គ្លេសវិញក៏ច្រើន)។ វាជា(ដំណើរ)សេដ្ឋកិច្ច។ ដែលគេចរចាពាណិជ្ជកម្មសេរីហ្នឹងគឺដើម្បីអ្វី? ដើម្បីឲ្យចល័តមនុស្ស។ ប្រជាពលរដ្ឋនៅស្រុកមួយ​ៗអាចធ្វើដំណើរទៅធ្វើការ … ជួយប៉ូវគ្នាទៅវិញទៅមក។ អញ្ចឹងយើងត្រូវបង្កើតការងារធំបំផុតនៅក្នុងប្រទេស។ ហ្នឹងហើយបានជាខ្ញុំដើរទាក់ម៉ូយ ដើរគោះទ្វារគេនោះឯង។

យើងបង្កើតបរិស្ថាន(សមប្រកប)​នៅស្រុកខ្មែរ ដើម្បីឲ្យវិស័យឯកជននៅកម្ពុជាបានរីកលូតលាស់។ ខ្ញុំបានដាក់គោលនយោបាយតាំងពីថ្ងៃ១១​ អនុវត្តដើមឆ្នាំនេះ ជាគោលនយោបាយលើកទឹកចិត្តវិស័យទេសចរណ៍ ពិសេសវិនិយោ​គិនខ្មែរក្នុងប្រទេស ជំរុញទេសចរណ៍នៅសៀមរាប ដើម្បីជួយដល់បងប្អូនដែលប្រកបរបរពាក់ព័ន្ធ និងធុរកិច្ចទេសចរណ៍ឲ្យកាន់តែធូរ។ ពួកគាត់ប៉ះពាល់ច្រើនជាងគេ។ (ត្រូវធ្វើ)ឲ្យលូតលាស់ ដោយបង្កើតការងារបន្ថែម។ បើកាលណាក្រុមហ៊ុន tour ដើរ ទេសចរមកច្រើន restaurant ក៏ដើរ អូតែលក៏ដើរ tour guide ក៏ដើរ អ្នករត់កង់បីក៏ដើរ … យើងបង្កើតព្រលានយន្តហោះថ្មី យើងដើរទាក់ម៉ូយ ដើម្បីឲ្យគេទៅវិនិយោគ បង្កើតកំ​ណើនសេដ្ឋកិច្ច​ ហើយបង្កើតការងារឲ្យយើងនៅក្នុងប្រទេស។

(៣៥) បង្កើតការងារនិងបរិស្ថានសមប្រកប មិនតែនៅភ្នំពេញទេ រុញទៅគ្រប់ខេត្ត

មិនមែនបង្កើត(ការងារនិងបរិស្ថានសមប្រកប)តែនៅក្នុងភ្នំពេញទេ។ យើងរុញទៅគ្រប់កន្លែងទាំងអស់។ ឥឡូវគ្រប់ខេត្តទាំងអស់ យើងតភ្ជាប់ផ្លូវ តភ្ជាប់ភ្លើង តភ្ជាប់ទឹក ដើម្បីរុញការវិនិយោគនោះទៅ។ សំរាប់អ្នកកំពង់ចាម ទៅមើលនៅជើងព្រៃ ទៅមើលនៅព្រៃឈរ … មានរោងចក្រ(និងកម្មករកម្មការិនី)រាប់ម៉ឺននាក់នៅហ្នឹង។ ទៅមើលនៅបាវិត និងនៅគ្រប់ខេត្ត។ យើងបង្កើត(ការងារ)។ មិនមែនតែមានរោងចក្រផលិតខោអាវនោះទេ ឥឡូវមានរោងចក្រផលិតគ្រឿងអលង្ការ ក្រុមហ៊ុន Tiffany & Co. ដែលល្បីជាងគេ ទៅធ្វើគ្រឿងអលង្ការនៅស្រុកខ្មែរ។ រោងចក្រ TOYOTA ទៅដំឡើងរថយន្តនៅហ្នឹង រោងចក្រ Ford របស់អាមេរិកទៅដំឡើងរថយន្តនៅនោះ ..  កាលមុនយើងទិញកង់ឡានពីគេ។ ឥឡូវយើងផលិតកង់ឡានមួយឆ្នាំៗ ១០ទៅ២០ លានគ្រាប់ នាំចេញពីស្រុកខ្មែរទៅក្រៅប្រទេស មកប្រើនៅស្រុកបារាំងទៀត។ រោងចក្រយើងផលិតគ្រឿងបង្គុំអគ្គិសនី ភ្លើង LED នេះ យើងនាំមកអឺរ៉ុប នាំមកអាមេរិក មកកាណាដាច្រើនណាស់ …។

(៣៦) ទាញការងារមានកម្រិតជំនាញខ្ពស់សម្រាប់កូនចៅប្រជាពលរដ្ឋ និងបើកសិទ្ធិឱ្យទៅធ្វើការក្រៅប្រទេស

យើងបង្កើត មិនត្រឹមតែការងារមូលដ្ឋានទេ។ មិនត្រឹមតែយកការងារដែលមានជំនាញទាបទេ។ យើងខិតខំទាញការងារ(មានជំនាញ)កាន់តែខ្ពស់ ឲ្យកូនចៅប្រជាពលរដ្ឋយើង ព្រមជាមួយការបណ្តុះបណ្តាល។ រោងចក្រផលិតឡាន ត្រូវបណ្តុះបណ្តាលយុវជនយើង ប្រជាពលរដ្ឋយើងចេះប្រើ robot … កូនខ្មែរយើងផលិតបង្គុំអគ្គិសនី ដូចគ្នា … ក្នុងប្រទេសយើងខិតខំជំរុញ បង្កើតឲ្យបានច្រើន តែយើងក៏មិនបិទសិទ្ធប្រជាពលរដ្ឋយើងទៅ(រកការងារធ្វើនៅ)ក្រៅប្រទេសទេ។ នៅកូរ៉េ នៅជប៉ុន ឥឡូវនៅអូស្ត្រាលី កំពុងចរចា នៅកាណាដា នៅបណ្ដា(ប្រ​ទេសដទៃ)ទៀត មិនមែនថាដើម្បីជំរុញដេញប្រជាពលរដ្ឋយើងឲ្យទៅ តែបើកជម្រើសឲ្យបងប្អូនទៅ។ រួមគ្នា ដើម្បីយើងបង្កើតការងារ។

(៣៧) ចែកផលលាភដោយសមធម៌ដល់ប្រជាពលរដ្ឋ

ទី៣ គឺសមធម៌។ ពាក្យថា សមធម៌ គឺផលប្រយោជន៍ដែលយើងរកបាន ត្រូវចែកដល់ប្រជាពលរដ្ឋ … មិនមែនយកមកប្រមូលផ្តុំនៅតែរដ្ឋាភិបាល ឬមួយនៅតែក្រុមអ្នកណាមួយនោះទេ។ សមធម៌គឺយកផលមកចែក។ ការងារដែលយើងប្រមូលទៅ មិនមែនបានផលប្រយោជន៍មកជាក្រុមហ៊ុនរបស់រដ្ឋ ដែលកម្មករ/ការិនីធ្វើការហើយរាល់ប្រាក់ចំណេញ រដ្ឋយកមកដាក់របស់រដ្ឋទេ។ គឺទុកឲ្យក្រុមហ៊ុន ហើយបើកប្រាក់ខែឲ្យបងប្អូនយើង។ ក្រុមហ៊ុនបង់ពន្ធតែផលចំណេញទេ គឺវិស័យឯកជនចែកជាមួយកម្មករកម្មការិនី តាមរូបភាពណា? ម្ចាស់ហាង restaurant ច្រើនណាស់ដែលយើងមាននៅនោះ សហគ្រាសធុនតូច ធុនមធ្យម ក្រៅប្រព័ន្ធ គាត់ធ្វើការងារដើម្បីបានផល។ គោលនយោបាយ ជួយខាងសុខភាព ខាងអី ដែលរដ្ឋជួយនេះ គឺសមធម៌។ រដ្ឋបានផលចំណេញ សេដ្ឋកិច្ចកើន បានលុយតាមពន្ធដារតាមអី យកមកដំឡើងប្រាក់ខែមន្រ្តីរាជការ យកមកចេញជាគោលនយោ​បាយ Santé​ ឲ្យគាត់ គោលនយោបាយគាំពារសុខភាពប្រជាពលរដ្ឋ។ ទៅព្យាបាល រដ្ឋចេញលុយ លុយបានពីណា? លុយបានពីកំណើនសេដ្ឋកិច្ចដែលយើងរកបាន។ ហ្នឹងហើយផលលាភដែលបាន ត្រូវចែកទៅឲ្យគាត់។

គោលនយោបាយនៅក្នុងការបង្កើនសមធម៌ ប្រជាពលរដ្ឋដែលខ្ញុំនិយាយថាពីមុន ៥០% ក្រីក្រ ឥឡូវនៅសល់ ១៧% តើ ៣០% បាត់ទៅណា? តែយើងដេញគាត់ចេញពីប្រទេសទេ? អត់ទេ! គឺគាត់បានផលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ក្រោយពីសង្រ្គាម អាចមានលទ្ធភាពចេញពីក្រីក្រ ឡើងទៅជីវភាពមធ្យម។ ប្រជាពលរដ្ឋយើង(មាន)ជីវភាពមធ្យមច្រើន ក៏ដូចនៅគ្រប់ប្រទេសទាំងអស់ មានអ្នកមានកម្រិតខ្ពស់មួយចំនួនតូច អ្នកក្រីក្រមួយចំនួនតូចដែលរដ្ឋជួយ ហើយអ្នកមានកម្រិតជីវភាពមធ្យមនៅកណ្តាលជាភាគច្រើន។ នៅបារាំងដូចគ្នា។ យើងធ្វើឲ្យអ្នកមានជីវភាពមធ្យមនេះកើន។ នៅភ្នំពេញ ឡានម៉ូតូ ប្រជាពលរដ្ឋទាំងអស់ភាគច្រើន មិនមែនជាអ្នកមានធំទេ ប៉ុន្តែគាត់ក៏មិនមែនក្រពេកដែរ។ គាត់មានលទ្ធភាពទិញឡានប្រើប្រាស់ ទិញម៉ូតូប្រើប្រាស់។ គាត់មានលទ្ធភាពទិញផ្ទះល្វែងនៅ។ ទៅមើលនៅបុរី ប្រជាពលរដ្ឋភាគច្រើនមិនមែនជាអ្នកមានធំៗទេ គឺប្រជាពលរដ្ឋជីវភាពមធ្យម មន្រ្តីរាជការ ប្រជាពលរដ្ឋមានធ្វើការអីផ្សេងៗ។ ហ្នឹងហើយកំណើនជីវភាពមធ្យមដែលយើងចង់បាន។ យើងធ្វើទៅមុខទៀតឲ្យអ្នកជីវភាពមធ្យ​មឡើងទៅជីវភាពមាន អ្នកជីវភាពក្រមកជីវភាពមធ្យម។ នេះជាគោលដៅធំរបស់យើង ជាគោលដៅពង្រាយសេដ្ឋកិច្ច ដែលដាក់ចេញសម្រាប់អាណត្តិទី ៧ ដើម្បីប្រជាពលរដ្ឋយើងកាន់តែមានបាន ផលលាភត្រូវចែកទៅដល់គាត់ …។

(៣៨) ទោះជាមានវិបត្តិសេដ្ឋកិច្ចសកល រដ្ឋមិនតម្លើងថ្លៃប្រើប្រាស់អគ្គិសនីទេ

​អត់ច្របាច់កប្រជាពលរដ្ឋទេ។ ថ្ងៃមុន រឿងពន្ធដារ។ មិនទាន់ទាំងឃើញការពិតផង ថាយើងច្របាច់កប្រជាពលរដ្ឋ។ យើងអត់មានពន្ធថ្មីទេ ហើយពន្ធក៏អត់មានឡើងដែរ។ ប្រទេសច្រើនណាស់នៅអាស៊ានរបស់យើង … គ្រាន់តែតម្លៃភ្លើងហ្នឹងឡើង ដោយសារសេដ្ឋកិច្ច។ កម្ពុជាអត់ឡើងទេ។ រដ្ឋសុខចិត្តខាត ដើម្បីទប់ថ្លៃភ្លើងឲ្យប្រជាពលរដ្ឋ។ EDC ឆ្នាំទៅខាតអស់ប៉ុន្មានរយលានដុល្លារ ដើម្បីយើងរក្សាថ្លៃភ្លើងអោយមានលំនឹងដដែល។ ប្រទេសជិតខាងដំឡើង នៅអឺរ៉ុប នៅអង់គ្លេសក៏ឡើងថ្លៃភ្លើង។ ដោយសាររឿងវិបត្តិ(សេដ្ឋកិច្ច)។ នៅបារាំងដំឡើងទេប៉ុន្មានឆ្នាំនេះ? តាំងវិបត្តិមក (ដំឡើង)ថ្លៃភ្លើង? នៅកម្ពុជា យើងរក្សាលំនឹង … មួយផ្នែកធំដោយសារមានអំណោយផលពីថាមពលកកើតថ្មី ពីវារីអគ្គិសនី​ ពីអីដែលមានភ្លៀងមានទឹក ៦២% មិនផ្អែកទៅលើថ្លៃប្រេង។ វាយគ្នានៅ(អឺរ៉ុប)នេះ (ធ្វើអោយ)ថ្លៃប្រេងឡើង។ តែដោយសារថាមពលយើងមួយចំនួនបានពីកម្លាំងទឹក យើងអាចទប់បាន តែយើងនៅខាតអស់រាប់រយលាន​ដើម្បីជួយប្រជាពលរដ្ឋ។ ជួយនេះដើម្បីអី្វ? ដើម្បីជួយជីវភាពរបស់ប្រជាពលរដ្ឋ អ្នកដែលមានជីវភាពលំបាកបំផុត។ នេះហើយជាគោលការណ៍ដែលថាសមធម៌នោះ។

(៣៩) ជូនសន្ទូចទៅកូនចៅប្រជាពលរដ្ឋក្រីក្រ កម្មករនិយោជិក ១លាន​ ៥សែននាក់

ឥឡូវ ក្រៅពីពង្រីកវិសាលភាពសុខាភិបាល យើងបានដាក់ចេញគោលនយោបាយបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការអប់រំ។ ជាគោលនយោបាយអាណត្តិទី៧ យើងផ្តល់អាទិភាពបណ្តុះបណ្តាល ១ លាន ៥ សែននាក់ ជាកូនចៅប្រជាពលរដ្ឋក្រីក្រ មានជីវភាពលំបាក កូនចៅបងប្អូនកម្មករនិយោជិត ដោយរដ្ឋាភិបាលចេញលុយថ្លៃបណ្តុះបណ្តាលផង ផ្តល់ជូនជាប្រាក់ខែមួយខែ ២៨ ម៉ឺនទៀតផង ដើម្បីជួយឲ្យគាត់មករៀនសូត្រ កុំឲ្យគាត់​លំបាក។ គាត់មានជីវភាពលំបាក តែគាត់ចង់ទៅរៀនដើម្បីចាប់យកចំណេះដឹង/ចំណេះធ្វើ តែប្រឈមនឹងមិនមានលុយបង់សាលា។ ​​ឥឡូវរដ្ឋរៀបចំកម្មវិធីបណ្តុះបណ្តាលឲ្យ។ រដ្ឋឲ្យទាំងថ្លៃជួយជីវភាពសម្រាប់មករៀនទៀត … ពេលដែលគាត់រៀនហើយ គាត់ចេញរកការងារធ្វើ ដើម្បីបង្កើនសមត្ថភាព។ ហ្នឹងហើយការជួយបង្រៀននិងឲ្យសន្ទូចទៅស្ទូចត្រីរបស់យើង​។ គោលនយោបាយអាណត្តិទី៧ គឺយើងសុខចិត្តចំណាយថវិកាដើម្បីជួយបណ្តុះបណ្តាលប្រជាពលរដ្ឋយើង ១ លាន ៥ សែននាក់ …។

(៤០) ពង្រីកបន្ថែមកម្មវិធីគាំពារសង្គមផ្នែកសុខាភិបាល តាមរយៈការបង់ភាគទាន ដើម្បីឲ្យអ្នកក្នុងបន្ទុកទទួលបានផល

ឯគោលនយោបាយពង្រីកសមធម៌ យើងពង្រីកបន្ថែមទៀតកម្មវិធីគាំពារសង្គម សុខាភិបាល តាមរយៈការដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋជាច្រើនអាចមាន Insurance … ប.ស.ស ប្រៀបដូចជា insurance សុខភាពរបស់យើងអញ្ចឹង សម្រាប់អ្នកធ្វើការមន្រ្តីរាជការ។ អញ្ចឹងគាត់ធ្វើការបាន ប៉ុន្តែកូនចៅរបស់គាត់អត់បានទេ ប្តីគាត់អត់បានទេ … ប្តីអត់បាន ប្រពន្ធអត់បាន កូនអត់បាន បានតែសាមីខ្លួន។ អញ្ចឹងបើសិនជាកូនរបស់គាត់ទៅ គាត់ត្រូវបង់ថ្លៃធម្មតា។ ដើម្បីជួយគាត់ រដ្ឋាភិបាលចេញនូវគោលនយោបាយមួយរៀបចំនូវកម្មវិធីដែលក្នុងមួយខែ គាត់បង់តែ ១៥ ៦០០ រៀល ឬប្រហែលជាខ្ទង់ ៤ អឺរ៉ូ។ ៤ អឺរ៉ូនេះ គាត់បាន insurance ពេញ។ អញ្ចឹងគាត់ឈឺថ្កាត់យ៉ាងម៉េច គាត់ទៅព្យាបាលពេទ្យរដ្ឋ ឬពេទ្យឯកជន ដែលមានសហការជាមួយ ប.ស.ស គាត់នឹងទទួលបាន(សេវា) free ដោយមិនចាំបាច់បង់(ប្រាក់)តទៅទៀត។ Insurance ៤ ដុល្លារក្នុងមួយខែ …(នៅនេះ)អត់មានទេ តែនៅកម្ពុជាមាន។ សម្រាប់ប្រជាពលរដ្ឋដែលលំបាក ពេលខ្លះពេលដែលទៅពេទ្យម្តងៗ ត្រូវចំណាយអស់ច្រើន។ អញ្ចឹងបើគាត់ទៅច្រើនដង អស់កាន់តែច្រើន។ ពេលខ្លះគាត់អត់ទៅទេ។ ឈឺ ៣ ដង គាត់ទៅម្តង ទុក(២ដង)។ ឥឡូវបើបាន insurance នេះ គាត់ទៅលែងបារម្ភហើយ។ តែធ្វើអញ្ចឹងមិនមែនចង់ឲ្យប្រជាពលរដ្ឋយើងឈឺច្រើនទៅពេទ្យទេ។ បានន័យថា សុខភាពរបស់គាត់ត្រូវតាមដានជាប់ជាប្រចាំ ហើយនេះជាមូលដ្ឋាននៅក្នុងការថែរក្សាសុខភាពប្រជាពលរដ្ឋយើង …។

(៤១) ចេញគោលនយោបាយជួយដល់អ្នកក្រៅប្រព័ន្ធ ឬស្វ័យនិយោជន៍

មួយទៀត(ទី៣) យើងចេញគោលនយោបាយជួយប្រជាពលរដ្ឋក្រៅប្រព័ន្ធ។ អីទៅក្រៅប្រព័ន្ធ? ឧទាហរណ៍ អ្នកលក់ចេកអាំង នៅក្រៅប្រព័ន្ធ ព្រោះគាត់អត់ទៅធ្វើការនៅក្រុមហ៊ុនដែលមានលទ្ធភាពទិញ ប.ស.ស ឲ្យគាត់ ទិញ(បណ្ណធានា)សុខភាពឲ្យគាត់ទេ។ រត់កង់ ៣ ម្នាក់ឯង ជាស្វ័យនិយោជន៍ … អញ្ចឹងគោលនយោបាយដែលរៀបចំថ្មីនេះ គឺដើម្បីផ្តល់ការបណ្ដុះបណ្តាល ក៏ដូចជាអត្ថប្រយោជន៍សុខភាពអីជូនដល់គាត់បន្ថែមទៀត ព្រោះគាត់ក៏ជាប្រជាពលរដ្ឋយើងដែរ។ នេះគឺយើងត្រូវពង្រីកនូវគោលដៅនៃអ្នកដែលទទួលផល។ អញ្ចឹងក្រៅពីមន្រ្តីរាជការ កម្មករ កម្មការិនី បុគ្គលិកនៅក្រុមហ៊ុនដែលមានលទ្ធភាពរៀបចំ insurance អ្នកនៅក្រៅប្រព័ន្ធនេះ ក៏ជាគោលដៅដែលយើងត្រូវជួយបងប្អូនឲ្យច្រើន … ទាំងសុខភាព ទាំងកម្មវិធីបណ្តុះបណ្ដាល ដែលយើងដាក់ឲ្យ ដើម្បីផលប្រយោជន៍(ប្រជាពលរដ្ឋ)។

(៤២) គោលនយោបាយរាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជាកាន់តែខ្លាំង សមត្ថភាពកាន់តែរឹងមាំ ម្ចាស់ការខ្លួនឯង

សួរថាធ្វើទាំងអស់ហ្នឹងដើម្បីអី្វ? ដើម្បីឲ្យខ្មែរកាន់តែខ្លាំង។ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរកាន់តែខ្លាំង មូលដ្ឋានធំជាងគេគឺសុខភាពនិងចំណេះដឹង ព្រមទាំងឱកាសដែលយើងភ្ជាប់ជាមួយគាត់ តាមរយៈការបង្កើតការងារផ្សេងៗ ដើម្បីឲ្យកូនខ្មែរកាន់តែខ្លាំង ខ្មែរយើងកាន់តែឯករាជ្យម្ចាស់ការ។ គេថា កម្ពុជាស្ថិតនៅក្រោមរណបអ្នកនេះ រណបអ្នកនោះ។ សុំមើលឲ្យច្បាស់។ គោលនយោបាយកម្ពុជាក្រោមរាជរដ្ឋាភិបាលច្រើនអាណត្តិមកនេះ និងអាណត្តិទី៧ គឺធ្វើឲ្យកម្ពុជាកាន់តែខ្លាំង ជីវភាពរស់នៅរបស់ប្រជាជនកាន់តែរីកចម្រើន សមត្ថភាពកាន់តែរឹងមាំ សុខភាពកាន់តែល្អ ដើម្បីឲ្យកម្ពុជាកាន់តែរឹងមាំ ម្ចាស់ការខ្លួនឯង អត់មានរណបអ្នកណាទេ។

(៤៣) ជាប្រទេសតូច តែកម្ពុជាមានអធិបតេយ្យភាព មានសមត្ថភាព ស្មើមុខស្មើសិទ្ធ

កម្ពុជាប្រទេសតូច។ ខ្ញុំឡើងដឹកនាំប្រទេស(ចុង)ខែសីហា (ដល់)ខែកញ្ញា បានមួយអាទិត្យ ខ្ញុំចេញទៅប្រជុំនៅហ្សាកាតា … មិត្តភក្ដិខ្លះគេសួរថា បងឯងទៅដូចអត់ខ្លាចគេអញ្ចឹង? ខ្ញុំថាខ្លាចអី។ កម្ពុជាក៏ជាប្រទេសមួយដូចតែគេតើ។ បើយើងដាក់ខ្លួនឯងថាប្រទេសតូច ហើយខ្សោយជាងគេបានយើងញ័រ។ តែយើងជាមេដឹកនាំប្រទេសមួយ ប្រទេសរបស់យើងឯករាជ្យ អធិបតេយ្យ។ កម្ពុជាចេះរស់ខ្លួនឯង កម្ពុជាមានប្រជាជនខ្លាំង ហ្នឹងហើយជាមូលដ្ឋានដែលយើងប្រកាន់សម្រាប់ជំហររបស់យើងនៅអន្តរជាតិ។ កម្ពុជាជាប្រទេសតូច មិនមែនធំ ប៉ុន្តែកម្ពុជាជាប្រទេសអធិបតេយ្យភាព មានសមត្ថភាព ស្មើមុខស្មើសិទ្ធ។ នេះគឺជាកិច្ចការសំខាន់ ហើយកម្ពុជាត្រូវតែពង្រឹងសមត្ថភាពដើម្បីរស់ខ្លួនឯង តាមរយៈការពង្រឹងប្រជាពលរដ្ឋយើង (ទាំង)ប្រជាពលរដ្ឋខ្មែរយើងនៅក្រៅប្រទេស (និង)ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងប្រទេស ការប្រទាក់ក្រឡាគ្នា ជួយគ្នាទៅវិញទៅមក ហយនិស្សិតយើងរៀនក្នុងប្រទេសក្រៅប្រទេស (បង្កើន)សមត្ថភាពដើម្បីបង្កើតឱកាសជូនបងប្អូន …។

(៤៤) ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅមូលដ្ឋាន

ក្រៅពី ៣ជម្រើស(ខាងលើ) យើងក៏មានគោលនយោបាយសម្រាប់ជួយដល់ប្រជាពលរដ្ឋ នៅក្នុងវិស័យកសិកម្ម កសិករ។ យើងមានរៀបចំជាផែនការហិរញ្ញវត្ថុដើម្បីជួយថែរក្សាលំនឹង។ ពិតណាស់យើងមិនអាចធានានូវតម្លៃទីផ្សារសេរីបានទេ។ ទីផ្សារវាឡើងចុះ ប៉ុន្តែយើងមានកម្មវិធីសម្រាប់ជួយនៅក្នុងកម្រិតណាមួយ ផ្ដល់ឥណទានសំរាប់កសិករកម្រិតណាមួយ។ យើងរៀបចំពង្រាយមន្រ្តីកសិកម្មបច្ចេកទេសដើម្បីទៅជួយកសិករនៅមូលដ្ឋាន។ យើងទើបតែប្រឡងថ្ងៃមុនរើសបាន ២៥០ នាក់ (ក្នុងពេលដែលមានអ្នក)ដាក់ពាក្យមួយម៉ឺននាក់។ ចម្រាញ់​ត្រូវជំនាញតាមលក្ខខណ្ឌចុះឡើងនៅសល់ ៣ ០០០ នាក់។ ប្រឡងយក ២៥០ នាក់។ តែយើងប្រកាន់យកជំហរនៃការប្រកួតប្រជែងដោយស្មើភាព តម្លាភាព អ្នកចេះជាប់។

តាំងពីប្រឡងមកដល់នេះ បងប្អូនគឺទទួល(បានថា) អ្នកចេះដោយមោទនៈ អ្នកធ្លាក់គឺដោយអស់ចិត្ត។ នេះជាគោលការណ៍របស់យើង។ យើងត្រូវការអ្នកដែលមានសមត្ថភាព​ ឆន្ទៈពិតប្រាកដទៅជួយប្រជាពលរដ្ឋ។ ខ្ញុំបានប្រាប់ថា (ប្រឡង)យកក្របខណ្ឌរួចហើយ មិនមែនគ្រាន់តែដើម្បីយកក្របខណ្ឌហើយ​ផ្ទេរចេញទេ។ ប្រឡងជាប់ទៅធ្វើការ។ ​ឃុំហ្នឹងត្រូវការអ្នកកសិកម្មដើម្បីទៅនៅជាមួយគាត់ដើម្បីជួយគាត់។ មិនមែនប្រឡងជាប់ហើយ ទៅបានមួយឆ្នាំបង្វិលចេញទៅបាត់ កសិករនៅអត់ដដែលទេ។ ត្រូវនៅជាប់តែម្ដង។ ប៉ុន្តែអ្នកដាក់ពាក្យគឺប្ដេជ្ញាចិត្ត … មួយចំនួនសុទ្ធតែអ្នកដែលគាត់ធ្លាប់ស្ម័គ្រចិត្តនៅទីនោះរួចទៅហើយ។ យើងឲ្យអាទិភាពដើម្បីជួយ ជួយកសិករ ជួយបង្កើនកសិឧស្សាហកម្ម ការនាំចេញ និងការវិនិយោគផ្សេងៗ …។

(៤៥) ជនបរទេសជាសេដ្ឋវិទូ៖ “ផែនការសេដ្ឋកិច្ចកម្ពុជាមានភាពលម្អិតគ្រប់ជ្រុងជ្រោយ”

គោលនយោបាយអាទិភាពសំខាន់ៗ មានច្រើន … ខ្ញុំសូមមិនបកស្រាយពីយុទ្ធសាស្ត្របញ្ចកោណទាំងមូលទេ។ បើខ្ញុំបកស្រាយ បងប្អូនប្រហែលជាអត់បានទៅផ្ទះទេ ព្រោះគោលនយាបាយវាហ្មត់ចត់ វាលម្អិត។ ថ្ងៃមុនខ្ញុំជួបនឹងអ្នកសេដ្ឋកិច្ចមកពីអាមេរិក មកពីប្រទេសផ្សេងៗ គាត់ប្រាប់ថា គាត់អង្គុយមើលផែនការសេដ្ឋកិច្ចរបស់កម្ពុជា គឺមានភាពល្អិតគ្រប់ជ្រុងជ្រោយ ហើយផ្អែកទៅលើតថភាពជាក់ស្តែង។ ខ្ញុំថា មិនតថភាពជាក់ស្តែងម៉េច បើគោលនយោបាយនេះផ្អែកទៅលើបទពិសោធន៍ ២០ឆ្នាំ ដែលយើងបានធ្វើតាំងពីត្រីកោណ មកចតុកោណ និងមកបញ្ចកោណ ដើម្បីមាននិរន្តរភាពនិងដើរទៅមុខ។ ប៉ុន្តែខ្ញុំប្រាប់ថា វាអត់សំខាន់អីស្អីល្អនៅលើក្រដាសទេ អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺធ្វើនៅលើដីជូនប្រជាពលរដ្ឋ។ អានៅលើក្រដាសវាល្អម៉េចក៏ដោយ តែបើសិនជាវានៅត្រឹមតែលើក្រដាស ហើយយកទៅចាក់សោរចោល ទុកឲ្យដីកប់វាអត់ប្រយោជន៍ទេ សំខាន់អនុវត្តបានអត់។

ដោយហេតុនេះហើយ ក្នុង ៤ ខែកន្លះទៅនេះ នៅក្នុងប្រទេសខ្ញុំដើរប្រកាសគោលនយោបាយអនុវត្តជាប្រចាំ … ឧទាហរណ៍ រឿងបណ្តុះបណ្តាល ១ លាន ៥ សែននាក់ហ្នឹង យើងប្រកាសខែវិច្ឆិកា ឥឡូវមកដល់ម៉ោងនេះជិត ៣ ម៉ឺននាក់នៃប្រជាពលរដ្ឋយើង យុវជនយើង បានដាក់ពាក្យចូលរៀនសូត្រទៅហើយ។ នេះគឺជាការពិតដែលយើងចង់បាន។ កុំឲ្យ ១ លាន ៥ សែននាក់ ៣ ខែមុន ឥឡូវនៅតែ ១ លាន ៥ សែននាក់នៅលើក្រដាស មិនទាន់រៀបចំកម្មវិធី មិនទាន់រៀបចំអីផង។ យើងបានរៀបចំកម្មវិធី រៀបចំសាលាបណ្តុះបណ្តាល និងគ្រូ ហើយប្រជាពលរដ្ឋយើងបានចុះឈ្មោះរៀនសូត្ររួចទៅហើយ​។

គោលនយោបាយគាំពារសង្គមយើងក៏មិនមែនទើបតែដាក់ដែរ។ យើងចំណាយប្រាក់រួចទៅហើយ ជួយប្រជាពលរដ្ឋយើង។ ហ្នឹងហើយគឺអ្វីដែលជាការពិតជាក់ស្តែង ដែលរដ្ឋាភិបាលតាំងពីអាណត្តិមុន និងអាណត្តិនេះ នឹងបន្តតទៅទៀត នឹងបន្តឲ្យអាទិភាពគឺផលប្រយោជន៍ជាក់ស្ដែងនៅលើដីជូនប្រជាពលរដ្ឋ … ព្រោះមានតែអាហ្នឹងទេ ទើបឲ្យប្រជាពលរដ្ឋមានភាពជាក់ស្តែង។ ខ្ញុំនិយាយដោយមោទនៈ ព្រោះបើខ្ញុំនិយាយហើយ ក្រោយមកអត់ចេញដដែល ខ្ញុំក៏វាអៀនខ្លួនដែរ។ តែនៅពេលដែលយើងនិយាយ យើងមានលទ្ធផលនៅលើដី ហ្នឹងហើយគឺជាអ្វីដែល(យើងបាន)ធ្វើ។ ធ្វើតិចធ្វើច្រើនយើងត្រូវតែធ្វើ។

(៤៦) គ្រោងជួបធុរកិច្ចបារាំង ៩០ ក្រុមហ៊ុន ក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង

លើកនេះ ខ្ញុំចេញមកក្រៅប្រទេស ៦ថ្ងៃ។ យើងជួបផ្ទាល់បាន ៤១ ជាងកម្មវិធី។ ស្អែកនេះ វេទិកាធុរកិច្ចជួបប្រ​ហែលជាខ្ទង់ ៩០ ក្រុមហ៊ុនរបស់បារាំងដែលចូលរួម។ មានក្រុមហ៊ុនបារាំងរាប់ពាន់ ប៉ុន្តែយ៉ាងហោចណាស់ក៏យើងបានជួបប៉ុណ្ណេះមួយតង់ … សំខាន់គឺយើងធ្វើ។ យើងបានដើរទៅមុខ។ យើងបោះជំហានដោយមានទិសដៅច្បាស់លាស់។ សំខាន់យើងដឹងថាពេលវេលាយើងចំណាយដើម្បីអី្វ? យើងមានផែនការតែមួយគត់គឺធ្វើយ៉ាងណាក្នុងមួយអាណត្តិនេះ ឲ្យបានលទ្ធផលជាអតិបរមាជូនប្រជាពលរដ្ឋតាមគោលនយោបាយរបស់យើង … ក្នុងមួយអាណត្តិមានតែ ៥ ឆ្នាំ។ ១ ឆ្នាំ មាន ៣៦៥ ថ្ងៃ ឆ្នាំនេះមាន ៣៦៦ ថ្ងៃ។ ឆ្នាំនេះ អាចណាត់គេថ្ងៃទី២៩ កុម្ភៈ បាន ឆ្នាំហ្នឹង leap year កុម្ភៈ មាន ២៩ ថ្ងៃ ឆ្នាំក្រោយណាត់គេថ្ងៃ ២៩ គេថាភរហើយ។ អញ្ចឹង ៥ ឆ្នាំនេះ យើងគុណទៅ មានតែប៉ុន្មានថ្ងៃទេ ហើយមានតែប៉ុន្មានម៉ោងគត់។ អញ្ចឹងគ្រប់គ្នាត្រូវដុតដៃដុតជើង មិនអាចធ្វើ(នៅស្ងៀម)បានទេ។ មិនអាចអង្គុយអេះពោះទេ។ កិច្ចការនេះជាការប្តេជ្ញាចិត្តខ្ពស់របស់យើង។

(៤៧) ក្នុងគោលនយោបាយ ៦ ដាក់ចេញវិធានការ ៥

នៅក្នុងគោលនយោបាយ ៦ នេះ យើងក៏ដាក់ចេញនូវវិធានការ ៥ ដើម្បីបង្កើនសមិទ្ធកម្មនិងបង្កើននូវលទ្ធភាព។ វិធានការ ៥ នោះគឺ ទី១ កំណែទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព កំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអនុវត្តគោលនយោបាយឲ្យកាន់តែល្អ។ នេះគឺគោលដៅអាទិភាពទីមួយ។ ក្នុងនោះ យើងធ្វើការងារ ៣ គឺ (ក) ការប្រឡងរើសមន្រ្តី រើសថ្មី ដាច់ខាតត្រូវតែមានសុក្រឹត្យភាព ឲ្យអ្នកចេះទើបជាប់។ ចាប់ផ្ដើមពីការប្រឡងថ្ងៃមុន ហើយនិងប្រឡងតទៅទៀត ធ្វើយ៉ាងណាធានាឲ្យយុវជនយើងដែលដាក់ពាក្យច្បាស់ក្នុងចិត្តថាខ្លូនមិនចាំបាច់រត់ទៅរកអ្នកណាជួយទេ ពឹងតែខ្លួនឯងទៅគឺប្រឡងជាប់ហើយ … (ខ) គឺការកំណែទម្រង់ពង្រឹងស្ថាប័នផ្ទៃក្នុង ពិនិត្យមើលនិងវាយតម្លៃឡើងវិញពី function របស់ស្ថាប័ន ការប្រើប្រាស់មន្រ្តីនៅក្នុងស្ថាប័ន មានប៉ុន្មានគឺប្រើប្រាស់ឲ្យអស់ប្រសិទ្ធភាព។ កន្លែងណាលើស កន្លែងណាខ្វះ ចែកយ៉ាងម៉េច ដើម្បីឲ្យយើងបណ្ដុះបណ្ដាល។ សមត្ថភាពនៅកន្លែងណាមានកម្រិត ត្រូវយកមកបណ្ដុះបណ្ដាលឡើងវិញឲ្យចំជាជាងរើសមន្រ្តីថ្មី។ ខ្ញុំផ្អាករើសមន្រ្តីថ្មីឆ្នាំនេះ … ជាជាងរើសថ្មីដែលមិនចាំបាច់ យើងត្រូវ​ខិតខំសន្សំថវិកាមកបំ​ប៉នមន្រ្តីរបស់យើងដែលខំធ្វើការវិញ … (គ) គឺការផ្ដល់នូវការលើកទឹកចិត្ត​ទៅតាមសមិទ្ធកម្មការងារ ដែលយើងចង់បាន។ នេះគឺជាវិធានការទីមួយ។

វិធានការទី២ គឺពង្រឹងមូលដ្ឋានអប់រំ និងសុខាភិបាល។ យើងមានគោលនយោបាយអប់រំ និងសុខាភិបាលរបស់ក្រសួងហើយ ប៉ុន្តែនៅក្នុងសសរស្ដម្ភនេះ ខ្ញុំដាក់ទិសដៅអាណត្តិនេះគឺទិសដៅពង្រឹងជាជាងពង្រីក ហើយពង្រឹងនៅកន្លែងណាផ្អែកទៅលើមូលដ្ឋាន។ អញ្ចឹង (ទី១) ការអប់រំយើងត្រូវពង្រឹងថ្នាក់មត្តេយ្យហូតដល់ថ្នាក់ទី១២។ ខ្ញុំថា បើពង្រឹងគុណភាពបាន១២ឆ្នាំនេះ ពេលដែលគាត់ទៅមហាវិទ្យាល័យគឺរឹងហើយ។ ពង្រឹងទាំងសមិទ្ធកម្ម ទាំងសមត្ថភាពចំណេះដឹងនិងសីលធម៌ ឥរិយាបថរបស់គាត់។ មានសមត្ថភាព តែខ្វះសីលធម៌ ឥរិយាបថល្អ ក៏លំបាក។ មានឥរិយាបថ តែខ្វះសមត្ថភាព ក៏លំបាក។ យើងដាក់ទិសដៅពង្រឹងថ្នាក់១២ឆ្នាំខាងក្រោម ឲ្យគាត់មាំខាងក្រោម ខាងលើគាត់នឹងលែងព្រួយហើយ។ ទី២ សុខភាព ដាក់ទិសដៅពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក ធ្វើយ៉ាងណាជួយឲ្យមណ្ឌលសុខភាពដែលនៅតាមឃុំឲ្យរឹងមាំ មានពេទ្យគ្រប់ មានថ្នាំល្អ មានសម្ភារល្អ ធ្វើការ២៤ម៉ោង បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នៅភ្នំពេញមានពេទ្យជាតិ ពេទ្យឯកជនច្រើនហើយ តែយើងដាក់ទិសដៅក្នុងការពង្រឹងនៅទីនោះ(មូលដ្ឋាន) …។

វិធានការទី៤ គឺផ្ដោតលើការពង្រឹងសន្តិសុខ សុវត្ថិភាព ជាពិសេសគឺគ្រឿងញៀន។ ក្នុងប៉ុន្មានខែនេះ ឃើញ ការបង្កើតយន្តការថ្នាក់ជាតិដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ៤នាក់ (រួមមាន) ឧបនាយករដ្ឋមន្រ្តីឯកឧត្ដម នេត សាវឿន ប្រធាន ហើយមានឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងយុត្តិធម៌។ នេះគឺយន្តការមួយធំ។ ក្រៅពីយន្តការដែលដឹកនាំដោយនាយករដ្ឋមន្រ្តី មានតែយន្តការនេះទេដែលមានឧបនាយករដ្ឋមន្រ្តី ៤នាក់រួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងបញ្ហាសន្តិសុខនេះ។ ក្នុង ៤-៥ខែនេះ បើមើលតាមហ្វេសប៊ុក បងប្អូនបានឃើញហើយ ការបំបែក cases មួយចំនួន ការចាប់រហូតទៅដល់ផ្កាយ២ ផ្កាយ១ ស័ក្ដិ៥ ប៉ុន្មាននាក់ អ្នកខ្លះត្រូវបានដក អ្នកខ្លះត្រូវជាប់គុក។ បញ្ហាមិនមែនស្រួលទេ។ នៅច្រើនប្រទេសណាស់ នៅស្រុកបារាំងក៏មាន … វាដូចឆ្មានិងកណ្ដុរ។ តែយើងត្រូវខិតខំប្រឹងប្រែងអនុវត្ត។ នេះជាបញ្ហាធំនៅលើពិភពលោក។ នៅអាស៊ាន គ្រប់ប្រទេសទាំងអស់ បញ្ហាធំមួយគឺរឿងសន្តិសុខ និងបណ្ដាញ។ ឥឡូវគ្រាន់តែវាយគ្នានៅភូមាហ្នឹង មានការនាំចេញថ្នាំ(ញៀន)ដើម្បីយកលុយទៅច្បាំង។ ពេលជួបខ្ញុំ ថៃគ្រវីក្បាល ប្រាប់ថាប្រទេសគាត់ធ្ងន់ជាងដែលនៅជាប់នោះ​… យើងនឹងបន្តអនុវត្តដូចភ្លៀងរលឹម។ នៅក្នុងក្លិបអីនានាដែលមានការចែកចាយ យើងនឹងបិទចោល។

ក្នុងកងទ័ពនិងប៉ូលីស ខ្ញុំបានប្រកាសហើយ។ មន្រ្តីនគរបាល មន្រ្តីកងទ័ព មិនថា ស័ក្ដិណា ផ្កាយប៉ុន្មានទេ ឲ្យតែឃើញគឺត្រូវបណ្ដេញចេញពីក្របខណ្ឌទាំងអស់ជាស្វ័យប្រវត្តិ។ កាលខ្ញុំនៅជើងគោកប៉ុន្មានឆ្នាំនេះជាមួយឯកឧត្ដមអគ្គបញ្ជាការ យើងបានបញ្ចេញជាង ៨០នាក់ពីក្នុងកងទ័ព ឲ្យតែរកឃើញគឺចេញ … អ្នកដែលត្រូវបណ្ដេញចេញ ខ្ញុំឲ្យសិទ្ធិគាត់រើស។ ទុកក្របខណ្ឌហ្នឹងឱ្យ ហើយរើសទ័ពថ្មីយកមកដាក់។ អ្នកដែលគាត់ប្រព្រឹត្តហ្នឹង គាត់ចេញទៅចុះ តែទុកឲ្យអ្នកដែលគេល្អ ចូលមកដើម្បី(បន្តការងារ)។ យើងមិនឲ្យស័ក្ដិគាត់ទេ ឧទាហរណ៍ថាផ្កាយពីរត្រូវដេញចេញពីជួរ មិនរើសថ្មីឲ្យចូលពាក់ផ្កាយពីរដែរទេ … តែយើងរក្សាក្របខណ្ឌឲ្យដើម្បីលើកទឹកចិត្តបងប្អូនក្នុងការធ្វើ …។

(វិធានការ)ទីប្រាំ គឺការកែទម្រង់ប្រព័ន្ធច្បាប់/ប្រព័ន្ធយុត្តិធម៌។ កិច្ចការនេះយើងបានអនុវត្តតាមការបង្កើតនូវយន្ត​ការដោះស្រាយក្រៅប្រព័ន្ធតុលាការ។ កន្លងទៅ រាជរដ្ឋាភិបាលមានមេធាវីជួយប្រជាពលរដ្ឋក្រីក្រ … សម្ដេចតេជោមានមេធាវីស្ម័គ្រចិត្តជួយដល់ប្រជាពលរដ្ឋក្រីក្រ។ ប៉ុន្តែ យើងបង្កើតយន្តការនេះមួយទៀត ដើម្បីជួយដោះស្រាយបញ្ហា។ រាល់កិច្ចការផ្សេងៗ ឥឡូវដូចជារឿងបុកគ្នា ប៉ះគ្នាអី មិនបាច់សួរទេ ប៉ូលីសចាប់ទៅ។ ថ្ងៃមុន នៅកំពង់ចាមរាយការណ៍មកខ្ញុំ … យើងមើលដែរ ការប៉ះគ្នាស្លាប់នៅលើដងផ្លូវ។ ឥឡូវនេះជាការសម្លាប់មនុស្សច្រើនជាងគេនៅកម្ពុជាយើង។ យើងលែងស្លាប់ដោយសារមីនច្រើនហើយ លែងស្លាប់ដោយសារបាញ់គ្នានៅលើសមរភូមិហើយ តែស្លាប់នៅលើដងផ្លូវ ដោយសារការបើកបរធ្វេសប្រហែស តែពេលខ្លះក៏វាពិបាក។ យើងខិតខំអប់រំការអនុវត្តច្បាប់ចរាចរណ៍ យើងខិតខំរកវិធីដោះស្រាយការងារនេះ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងមានការទទួលខុសត្រូវទាំងអ្នកបើកបររថយន្ត ទាំងអ្នកបើកបរម៉ូតូ ទាំងអ្នក(ថ្មើរជើង)។

ជួនកាលករណីខ្លះ ​មិនមែនអ្នកបើករថយន្តទេដែលខុសនោះគឺម៉ូតូ។ ថ្ងៃមុន នៅកំពង់ចាមមួយ។ មន្រ្តីម្នាក់របស់ទីស្ដីការគណៈរដ្ឋមន្រ្តីគាត់បើក តែនេះដោយសារមាន CCTV ថត។ ក្មេងទំនើងគាត់គប់គ្នា។ រដ្ឋលេខាធិការទីស្ដីការគាត់បើកឡានទៅធ្វើការប្រជុំនៅខេត្តកំពង់ចាម។ កំពុងបើកតាមផ្លូវ មិនដឹងក្មេងៗវាឈ្លោះគ្នាមកពីណា មួយឈប់នៅហ្នឹង ម៉ូតូមួយទៀតមកយកដុំថ្មគប់។ ដល់មួយគប់ មួយគេចដុំថ្ម ទៅបុកឡានគាត់នៅទទឹងទិសអញ្ចឹង​ទៅ។ ជាអកុសលមានការស្លាប់។ ល្ងាចមិញដូចជាចាប់ឃាត់បាន ៤-៥នាក់ហើយ អ្នកដែលគប់គេនាំដល់ស្លាប់។ ជាការអកុសលណាស់ តែយើងខិតខំអនុវត្តឲ្យបានត្រឹមត្រូវ រកហេតុផល ហើយធ្វើយ៉ាងណា ពង្រឹងនូវច្បាប់ចរាចរណ៍នេះ។

ទោះជាយ៉ាងណា នៅមានទំនាស់ជាច្រើនទៀតដែលត្រូវដោះស្រាយតាមប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលា​ការ ដែលអាចធ្វើទៅបាន។ យើងធ្វើយ៉ាងណាដើម្បីជួយប្រជាពលរដ្ឋរបស់យើង ជួយផ្ដល់ការប្រឹក្សាប្រជាពលរដ្ឋក្រីក្រ ជួយផ្ដល់សេវាមេធាវីដោយមិនគិតប្រាក់កន្លងទៅ … ធ្វើយ៉ាងណាឲ្យប្រព័ន្ធយុត្តិធម៌របស់យើង ការអនុវត្តរបស់យើងឲ្យកាន់តែមានប្រសិទ្ធភាព … យើងធ្វើកំណែទម្រង់ច្រើននិងរាប់ឆ្នាំមកហើយ។ សូម្បីតែបារាំងក៏បានជួយយើងក្នុងការសរសេរ codes ផ្អែកទៅលើច្បាប់របស់បារាំងច្រើនដែរ ព្រោះយើងមានប្រវត្តិពីដើមមក ទំនាក់ទំនងគ្នា(ជាមួយបារាំង) ..។

(៤៨) កម្ពុជា/មន្រ្តីរាជរដ្ឋាភិបាល មិនល្អឥតខ្ចោះនោះទេ ដោយហេតុនេះបន្តអនុវត្តអភិក្រម ៥

វិធានការ ៥ ដែលយើងដាក់នៅថ្ងៃនេះ ជាមួយនឹងគោលនយោបាយដែលដាក់ចេញទាំងប៉ុន្មាន ខ្ញុំសូមបញ្ជាក់ជាមួយអ៊ំ ពូមីង បងប្អូនថា ជាអ្វីដែលយើងបានធ្វើពិតប្រាកដ ហើយធ្វើតាមទិសដៅនេះដើម្បីបម្រើប្រជាពលរដ្ឋនៅតាមវិស័យដែលយើងបានចង្អុលបង្ហាញនេះ។ នេះគឺជាអ្វីដែលអ៊ំ ពូមីង បងប្អូន ចង់បាន ចង់ឃើញ ចង់ស្ដាប់ផ្ទាល់តែម្ដង។ យើងមិនអាចថានៅស្រុកខ្មែរគ្មានបញ្ហានោះទេ។ យើងទទួលស្គាល់នៅទីណាក៏មានដែរ។ សំខាន់គោលនយោបាយ និងឆន្ទៈនៅក្នុងការដោះស្រាយ និងប្រឈមនឹងការដោះស្រាយបញ្ហា។ ខ្ញុំមិនថា កម្ពុជាល្អឥតខ្ចោះ រាជរដ្ឋាភិបាលកម្ពុជាល្អឥតខ្ចោះនោះទេ ហើយខ្ញុំមិនថាមន្រ្តីរាជរដ្ឋាភិបាលល្អឥតខ្ចោះនោះទេ … អញ្ចឹងហើយបាន រាជរដ្ឋាភិបាលដាក់អភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល ហើយព្យាបាលខ្លួនឯងមិនកើត គឺវះកាត់”។ មុននឹងមកនេះ ខ្ញុំបានចុះហត្ថលេខាដកអភិបាលក្រុងកែបមួយ ដោយសារប្រព្រឹត្តអំពើមិនគប្បីប្រើប្រាស់អំណាច។ ខ្ញុំដកចេញតែម្ដង។ យើងមិនចង់ឈានទៅដល់ហ្នឹងទេ យើងទុកឱកាសកែខ្លួន ពិនិត្យមើល តែចាំបាច់បើសិនជាប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ យើងត្រូវអនុវត្តអភិក្រមនេះ …។

មិនថាយើងល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងមានគោលដៅធ្វើឲ្យខ្លូនយើងល្អឥតខ្ចោះ … ដោយសារយើងមានទស្សនៈវិស័យចង់ឲ្យខ្លួនយើងល្អឥតខ្ចោះហ្នឹងហើយ បានជាយើងត្រូវឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ជាប់ជាប្រចាំ។ បើសិនជាយើងគ្មានឆន្ទៈធ្វើឲ្យខ្លួនយើងល្អឥតខ្ចោះ និងថាស្រុកណាក៏មានបញ្ហាដែរ អញ្ចឹងមិនបាច់ខំប្រឹងធ្វើទេ ដដែលជាដដែល … ទន្ទឹមនឹងដាក់ទិសដៅជំរុញប្រទេសឲ្យទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ មានអ្នកច្រើនណាស់ សូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិ ពេលជួបខ្ញុំដំបូងថា កម្ពុជាដាក់គោលដៅខ្ពស់។ ខ្ញុំប្រាប់គាត់ “បើយើងមិនជំរុញខ្លួនឯងឲ្យខ្លាំងទេ យើងនឹងខាតឱកាស”។ ទាល់តែដាក់ទិសដៅខ្ពស់ ទើបយើងមានឆន្ទៈ និងដាក់ផែនការដើម្បីរត់ឲ្យលឿន ដើម្បីបម្រើប្រជាពលរដ្ឋ គឺយើងបង្ខំខ្លួនឯងតែម្ដង មិនមានពេលដេកអេះពោះទេ។ បើយើងដាក់គោលដៅ(បែបនេះ) យើងនឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង។

(៤៩) រក្សាសន្តិភាព កុំឲ្យសង្រ្គាមត្រឡប់មកវិញ ដើម្បីការពារសមិទ្ធផលជាតិ

ថ្ងៃនេះ អ៊ំ ពូមីង បងប្អូនដែលធ្វើដំណើរពីឆ្ងាយមក បានស្ដាប់ហើយ … ខ្ញុំមិនមានអីទេ។ យូរៗយើងជួបគ្នាម្ដង។ អរគុណសាជាថ្មី។ ខ្ញុំគិតថា បើសិនជាមក មិនជម្រាបជូនអ៊ំ ពូមីង បងប្អូន ថាតើក្នុងនាមជារាជរដ្ឋាភិបាលយើងមានកាតព្វកិច្ចអីនិងផែនការអី សម្រាប់ជួយស្រុករបស់យើង ប្រហែលជាមិនយុត្តិធម៌ទេ។ អ៊ំ ពូមីង បងប្អូនបើកបរ ១០​ម៉ោង មក ចង់ស្ដាប់រឿងហ្នឹង ចង់ស្ដាប់ថាតើស្រុកខ្ញុំ អ្នកឯងរដ្ឋាភិបាលថ្មីហ្នឹងដឹកនាំយ៉ាងម៉េច? តើប្រជាពលរដ្ឋខ្ញុំដែលនៅទីនោះ តើរដ្ឋាភិបាលដែលគាត់ឲ្យសន្លឹកឆ្នោតហ្នឹង ធ្វើអីខ្លះសម្រាប់គាត់? ឥឡូវ អ៊ំ ពូមីង បងប្អូនបានស្ដាប់ហើយ។ នេះជាការសង្ខេបនូវគោលដៅអាទិភាពដែលរាជរដ្ឋាភិបាលបានធ្វើ គ្រប់ចំណុចទាំងអស់ ទាំងទស្សនកិច្ចខ្ញុំមកទីនេះ ទាំងកិច្ចការក្រៅនិងក្នុងប្រទេស គឺធ្វើដើម្បីបង្កើននូវភាពជោគជ័យ និងរឹងមាំរបស់ប្រជាពលរដ្ឋយើងតែមួយគត់។ សូមអ៊ំ ពូមីង បងប្អូនជឿទុកចិត្តចុះ យើងនឹងបន្តអនុវត្តតាមគោលនយោបាយនេះ។ អញ្ចឹងអាចមានភាពកក់ក្ដៅបាន។ សូមអ៊ំ ពូមីង បងប្អូនក៏នឹងបន្តតាមដានចុះ។ សូចនាករជាក់ស្ដែងដែលត្រូវធ្វើ ហើយសំខាន់បំផុត គឺសូមរួមគ្នាការពារនូវសមិទ្ធផលជាតិយើង ដែលមិនអាចបាត់បាន គឺសុខសន្តិភាព កុំឲ្យសង្រ្គាមត្រឡប់មកវិញ​។

(៥០) ទិវាសន្តិភាព ២៩ ធ្នូ សម្រាប់បុគ្គលទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្រ្គាម

នៅដើមខែមករានេះ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃ២៩ ខែធ្នូ គឺជាទិវាសន្តិភាព ជាថ្ងៃឈប់សម្រាក។ មានអ្នកខ្លះថា ថ្ងៃ​២៩ ទិវាសន្តិភាព គឺជាទិវាសម្រាប់ត្រកូល ហ៊ុន។ ខ្ញុំប្រាប់អញ្ចេះ ទិវាសន្តិភាពសម្រាប់កម្ពុជាគឺជាទិវាសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងឡាយណាដែលស្រឡាញ់សន្តិភាព និងស្អប់ខ្ពើមសង្រ្គាម។ ត្រកូល ហ៊ុន គឺជាត្រ​កូលមួយក្នុងចំណោមប្រជាពលរដ្ឋរាប់លាននាក់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្រ្គាម។ អញ្ចឹងថ្ងៃនោះក៏ជាថ្ងៃរបស់ត្រកូល ហ៊ុន ដែរ។ តែខ្ញុំជឿថា មិនមែនសម្រាប់តែត្រកូល ហ៊ុន ខ្ញុំទេ។ អ៊ំ ពូមីង បងប្អូនទាំងអស់នៅទីនេះប្រាកដជាអ្នកដែលស្រឡាញ់សន្តិភាព និងស្អប់សង្រ្គាមហើយមែនទេ? អញ្ចឹងថ្ងៃ២៩ ធ្នូ នេះ គឺជាថ្ងៃសម្រាប់យើងទាំងអស់គ្នា។ ប្រទេសយើងត្រូវការអី​? ឯករាជ្យភាព អធិបតេយ្យ ប្រទេសយើងត្រូវការរស់រានមានជីវិត សិទ្ធិសេរីភាព ត្រូវការសន្តិភាព។ ថ្ងៃឯករាជ្យយើងមានហើយ ៩ វិច្ឆិកា ឆ្នាំ១៩៥៣ យើងបានឯករាជ្យ ម្ចាស់ការ អធិបតេយ្យ។ ថ្ងៃ​រស់រានមានជីវិតយើងមានហើយ ៧ មករា ១៩៧៩។ តើវាខុសអីដែលយើងដាក់ថ្ងៃសន្តិភាពមួយទៀត សម្រាប់ប្រជាជាតិជាការរំលឹករាប់រយរាប់ពាន់ឆ្នាំតទៅទៀតពីតម្លៃសន្តិភាពសម្រាប់កូនចៅយើង? អត់ខុសទេមែនទេ? អញ្ចឹងយើងទាំងអស់គ្នាអបអរសាទរនូវសន្តិភាព ហើយរួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ អញ្ចឹងខ្ញុំសូមបញ្ចប់ហើយ។ ២ម៉ោងហើយ … យើងនៅមានថតរូបបន្ថែមទៀត។ អញ្ចឹងខ្ញុំសូមអរគុណនិងអរព្រះគុណ ព្រះតេជព្រះគុណគ្រប់ព្រះអង្គដែលបាននិមន្តចូលរួមថ្ងៃនេះ អរគុណដល់អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសអឺរ៉ុប ដែលបានអញ្ជើញមកទីនេះ ហើយអរគុណក្រុមការងារទាំងអស់ដែលបានរៀបចំនូវកម្មវិធីនេះឡើង ប្រព្រឹត្តទៅដោយរលូន ហើយក៏បញ្ជាក់នូវស្មារតីសាមគ្គីគ្នា។ សូមថ្វាយប្រគេនពរ និងជូនពរ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ៊ំ ពូមីង បងប្អូន​ ឲ្យជួបប្រទះនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ​​កុំបីឃ្លៀងឃ្លាតឡើយ៕


 

អត្ថបទទាក់ទង