Grand News Asia Close

(វីដេអូ) សុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ា សម្រាប់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រវីដេអូ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 183

CMF:

  • ឯកឧត្តមលោកជំទាវអ្នកឧកញ៉ាឧកញ៉ាលោកលោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំពិតជាមានក្តីសោមនស្ស ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើក សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និង ឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ា សម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និងបរិយាប័ន្ន»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលបានសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិនានាជាច្រើន រៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសន្និសីទនាពេលនេះ។

ខ្ញុំកត់សម្គាល់ឃើញថា ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ​ វិទ្យាស្ថាន CDRI បានរៀបចំសន្និសីទប្រចាំឆ្នាំនេះចំនួន ១៤ លើករួចមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០២២ ដោយតែងតែទទួល​បានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទថ្ងៃនេះគឺជាសន្និសីទប្រចាំឆ្នាំលើកទី១៥ ហើយក៏ជាការចូលរួមលើកទី១ របស់ខ្ញុំ ក្នុងតួនាទីជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ដូចគ្នា​នឹងរាជរដ្ឋាភិបាលអាណត្តិមុនៗដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្តល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស «ស្ថាប័ន​ស្រាវជ្រាវ» បាន​ពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និង​ភាព​បត់បែន​ទៅ​តាមការផ្លាស់ប្តូរនៃ​បរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកប​ដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។ ដោយសារ​ប្រធាន​បទឆ្នាំនេះ ផ្ដោតលើការគិត​គូរ​អំពីដំណើរ​កម្ពុជាក្នុងការឆ្ពោះ​ទៅឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ វត្តមានរបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក និងលោកស្រី ព្រមទាំងការចូលរួមពិភាក្សាចែករំលែកនូវមតិយោបល់ក្នុងថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងស្មារតីរួមចំណែក និងសហការគ្នា គូសវាស តម្រង់ទិស និងកំណត់ជោគវាសនាកម្ពុជា។

  • ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!

ប្រាកដណាស់ថា ការគិតគូរ​ទៅ​អនាគត ចាំបាច់ត្រូវ​ឈរលើសមិទ្ធផល​ដែល​សម្រេច​បាន​កន្លងមក ពោល​គឺការគិតពីអនាគត​កាន់តែឆ្ងាយ​ទៅ​មុខ ចាំបាច់​ត្រូវ​ពិនិត្យ​មើល​អតីតកាល​ ដើម្បីឱ្យ​មានមូលដ្ឋាន​គ្រប់គ្រាន់។ ក្នុងន័យនេះ ខ្ញុំសូមអនុញ្ញាតរំលឹកឡើងវិញថា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ផ្ដើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ចរឹងមាំសម្រាប់កិច្ចអភិវឌ្ឍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈ ១). ការបើកចំហការធ្វើពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍ពហុភាគីនិយម ២). ការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បី​ជា​មូលដ្ឋាន​កសាងចន្ទល់ថ្មីៗ សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច ៣). ការពង្រឹង និងការស្ដារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា ផ្លូវ ថ្នល់ ទឹក​ និងភ្លើង ដើម្បីលើកកម្ពស់ការតភ្ជាប់ សម្រួល​ការ​ចល័ត​ធនធាន និង​កម្លាំង​ពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិត​កម្ម ៤). ការបន្តអភិវឌ្ឍ និងការលើកកម្ពស់មូលធនមនុស្ស ដើម្បី​ចូលរួមក្នុង​សកម្មភាព​សេដ្ឋកិច្ច​ និងបង្កើន​ផលិត​ភាព និង ៥). ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ ដើម្បី​ធានាប្រសិទ្ធភាពនៃការ​គ្រប់គ្រងប្រព័ន្ធនយោបាយ និង​សេដ្ឋកិច្ច​ រួមទាំង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង​ប្រព័ន្ធ​ធនាគារ ឱ្យ​មាន​ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ព្រមទាំង​បែងចែក​ផ្លែផ្កាកំណើន​ឱ្យ​មាន​សមធម៌ និងបរិយាប័ន្ន។

ជា​លទ្ធផល កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលជាង ២ ទស្សវត្សរ៍កន្លងមក ដែលនាំឱ្យកម្ពុជាសម្រេច​បានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ដោយទំហំផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) កើនឡើងប្រមាណ ១០ ដង ពីប្រមាណ ៣,១១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩,៦០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២២។ ជាមួយគ្នានេះ ផ.ស.ស. សម្រាប់មនុស្សម្នាក់ បានកើនឡើងរហូតដល់ ៧ ដង គឺពីប្រមាណ ២៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ ដល់ប្រមាណ ១ ៧៨៤ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ អត្រាភាពក្រីក្រធ្លាក់ចុះនៅក្រោម ១០% នៅមុនវិបត្តិជំងឺកូវីដ-១៩ និងគម្លាតវិសមភាពសង្គមកាន់តែរួមតូច រចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចពឹងលើឧស្សាហកម្ម និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។ ទន្ទឹមទៅនឹងការផ្សារភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល កម្ពុជាក៏សម្រេចបាននូវវឌ្ឍនភាពនៃការធ្វើពិពិធកម្មទំនិញ និងទីផ្សារនាំចេញ ដោយប្រមាណជា ១/៣ នៃរចនាសម្ព័ន្ធទំនិញនាំចេញបានផ្លាស់ប្តូរពីការពឹងផ្អែកខ្លាំងលើការនាំចេញផលិតផលកាត់ដេរ ដែលមានចំណែកប្រមាណជា ៩១% នៃការនាំចេញសរុបនាឆ្នំា២០០០ មកត្រឹម ៦២% នាឆ្នាំ២០២២ ខណៈដែលផលិតផលឧស្សហកម្មមិនមែនកាត់ដេរបានបង្កើនការរួមចំណែករបស់ខ្លួនក្នុងការនាំចេញសរុបពី ៩% មក ៣៨%។ ជាមួយគ្នានេះ កម្ពុជា​ក៏បានពង្រីកទីផ្សារនាំចេញរបស់ខ្លួនបន្ថែមទៅកាន់ប្រទេស​ផ្សេងៗក្នុងតំបន់អាស៊ានបូក ៣ ដោយកាត់បន្ថយជាបណ្តើរៗនូវការពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។

ជាមួយនឹងកំណើនខ្ពស់ និងពិពិធកម្មសេដ្ឋកិច្ច កម្ពុជាបានដាក់ចេញនូវមហិច្ឆតារបស់ខ្លួន នៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០​​ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។​ ​ទោះជាយ៉ាងនេះក្តី វិបត្តិជំងឺកូវីដ-១៩ បាន​ក្លាយជា​វិញ្ញាសាជាក់ស្ដែងមួយ សម្រាប់សាកល្បងភាពធន់នៃ​សង្គម-សេដ្ឋកិច្ច​កម្ពុជា សមត្ថភាព​នៃប្រព័ន្ធ​សុខាភិបាល​ និងសមត្ថភាពធនធានរបស់កម្ពុជា ក្នុង​ការឆ្លើយ​តបនឹងវិបត្តិដែលមិន​ធ្លាប់មានពីមុនមក ទាំង​​ទំហំ និងទាំង​ជម្រៅនៃការ​ប៉ះពាល់លើសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុង​ស្ថានភាពនោះ កម្ពុជាត្រូវ​ប្រយុទ្ធមិន​គ្រាន់​តែលើសមរភូមិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រយុទ្ធ​ក្នុងសមរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ច ដោយរួមបញ្ចូលទាំងការរក្សាលំនឹងអាជីវកម្ម លំនឹងជីវភាពប្រជាពលរដ្ឋ និងលំនឹងសតិអារម្មណ៍របស់ប្រជាជនជារួម។ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្តី ក្រោម​ការ​ដឹកនាំដ៏​ប៉ិន​ប្រសព្វ និង​ឈ្លាសវៃរបស់ សម្តេចតេជោ កម្ពុជាបាន​យកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ រក្សាបានលំនឹងសង្គម-សេដ្ឋកិច្ច និងឈានទៅបើកប្រទេសទាំងស្រុង​ឡើងវិញ។

  • ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!

ទោះបីជាកម្ពុជាបន្តទទួលរងនូវផលប៉ះទង្គិចពីវិបត្តិជំងឺកូវីដ-១៩ ហើយវិបត្តិផ្សេងៗទៀតក៏កំពុងបន្តកើតឡើង រាជរដ្ឋាភិបាលមិនបានបោះបង់ ឬផ្លាស់ប្តូរនូវទិសដៅអនុវត្តរយៈពេលវែងនោះទេ។ រាជរដ្ឋាភិបាលនៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងន័យនេះ ដោយឈរលើស្មារតី «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល និងអនុវត្តតាម​​បរិការណ៍ក្នុងប្រទេស (Think Globally and Act Locally)» រាជរដ្ឋាភិបាល​ នីតិកាលទី៧ បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវឤទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវ​បាន​ឆ្លុះបញ្ចាំងជា​ចម្បងតាមរយៈ ​បញ្ចកោណយុទ្ធសាស្ត្រទាំង ៥ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្រ្តទាំងមូល។ យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយ ដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជា​ប្រវត្តិសាស្ត្រចម្បងពីរ៖ (ទី១). ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និង(ទី២). កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

រាជរដ្ឋាភិបាលមិនឈប់ត្រឹមការដាក់ចេញនូវ​យុទ្ធសាស្ត្រ​ប៉ុណ្ណោះទេ ប៉ុន្តែ​បាន​ដាក់​ចេញ​នូវ​កម្មវិធី យន្ដការកែទម្រង់ និងវិធានការជាក់ស្ដែង ​ជា​បន្ដបន្ទាប់។ ក្នុងរយៈពេលជាង ២ ខែកន្លងទៅ រាជរដ្ឋាភិបាលបានដាក់​ចេញ​ជា​បន្ដបន្ទាប់​នូវ​ «កម្មវិធីគោលនយោបាយអាទិភាព ៦» ក្នុង​នោះ​កម្មវិធីចំនួន ៥ ត្រូវបានប្រកាស និងដាក់ឱ្យចាប់ផ្តើមអនុវត្តរួចហើយ រួមមាន៖ (ទី១). «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» (ទី២). «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ» និង(ទី៣). «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​​ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស» ជាមួយ​​នឹង​ «ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត» (ទី៤). «កម្ម​វិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតផលកសិកម្មរកទីផ្សារ និងរក្សា​លំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ» និង(ទី៥). «ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្ម​ភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មបែបថ្មី»។

ក្នុង​អំឡុង​ពេល​នេះដែរ ក្នុង​ចំណោម «វិធានការគន្លឹះ ៥» ដែលមាន​ចរិតជា​ការកែទម្រង់ស្ថាប័ន រាជរដ្ឋាភិបាល​បាន​សម្រេច​រៀបចំ​នូវគណៈកម្មាធិការ​ជាតិ ៣ រួមមាន (១). គណៈកម្មាធិការ​ជាតិជំរុញការអនុវត្តវិធានការគន្លឹះ​ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (២). គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ​ក្នុង​​វិស័យ​អប់រំ (៣). គណៈកម្មាធិការជាតិជំរុញការអនុវត្ត​វិធាន​ការគន្លឹះ​ក្នុងវិស័យសុខាភិបាល។ បន្ថែម​លើនេះ រាជរដ្ឋាភិបាល​ក៏បានដាក់ចេញនូវការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

កាល​ពី​សប្ដាហ៍កន្លងទៅ​ នៅ​ក្នុង​ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន​លើកទី១៩ ខ្ញុំបានសម្រេចដាក់ចេញនូវវិធានការមុតស្រួច ដែលមានចរិតជាការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ក៏ដូចជា​ឆ្លើយតបនឹងកង្វល់របស់ផ្នែកឯកជន ដែលមានជិត ២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ច និងការសម្រាលបន្ទុករបស់ប្រជាជនទូទៅ លុបបំបាត់ និងកាត់បន្ថយនីតិវិធីរដ្ឋបាលមិនចាំបាច់នានា ជួយសម្រួលដល់ធុរជន និងប្រជាពលរដ្ឋក្នុងការបំពេញកាតព្វកិច្ចតម្រូវរបស់ច្បាប់ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង​វិធានការ​ជា​ច្រើន​ផ្សេងទៀត។

ជាមួយនឹងការ​អនុវត្ត​​កម្មវិធីគោលនយោបាយ វិធានការគន្លឹះ និងវិធានការ​កែទម្រង់មុត​ស្រួចនានា ដែល​ត្រូវបាន​ដាក់​ចេញកន្លងមក និងវិធានការបុរសកម្ម​ផ្សេង​ៗ ក្នុង​ពេល​ខាង​មុខ កម្ពុជារំពឹងថានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣ និង​បន្ដងើបកាន់តែលឿន ក្នុងអត្រា ៦,៦% នៅ​ឆ្នាំ២០២៤។ ប្រាកដណាស់​ថា ទស្សនវិស័យ​​កំណើន​​នេះក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ក្នុង​ពេល​ដែលស្ថានភាពបច្ចុប្បន្ននៅមាន​ភាពមិន​ប្រាកដប្រជាខ្ពស់នៅ​ឡើយ។ ក្នុង​ន័យ​នេះ កម្ពុជាចាំបាច់ត្រូវ​ប្រកាន់​យក​ស្មារតី​នៃ​ «ការ​កែទម្រង់ជា​ប្រចាំ និងបុរេសកម្មជានិច្ច» ដោយព្យាយាមកសាងឱ្យបាននូវភាពធន់ផង និង​ជំរុញពិពិធកម្មសេដ្ឋកិច្ចផង។

  • ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!

សម្រាប់​សន្និសីទយើងនៅពេលនេះ ខ្ញុំមានចំណាប់អារម្មណ៍ជា​ខ្លាំងលើ​កិច្ច​ពិភាក្សា​ទាំងបីវគ្គនៅ​ថ្ងៃនេះ ដែលសុទ្ធតែជា​ប្រធានបទមាន​សារៈសំខាន់ ជា​ពិសេស​ផ្នែកគោល​នយោបាយ សម្រាប់​កម្ពុជាអាច​​ត្រៀម​ខ្លួន​ឱ្យបាន​ល្អ​ និងគ្រប់គ្រាន់ ដើម្បីសម្រេចបង្គោលចរ​ឆ្នាំ២០៣០ និងឆ្នាំ​បន្តបន្ទាប់ខាងមុខទៀត។ ដូចបានបញ្ជាក់ខាងលើ សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋកិច្ចបើកចំហ​ ដូច្នេះការផ្លាស់ប្តូរជាវិជ្ជមាន និងអវិជ្ជមានពីកត្តាខាងក្រៅនឹងជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើសក្តានុពលកំណើនកម្ពុជារយៈពេល​មធ្យម និងរយៈពេលវែង។ ដើម្បីជា​ការ​ចូល​រួម​បំផុស​គំនិតសម្រាប់ការពិភាក្សា ខ្ញុំ​សូម​លើកនូវ​ការ​សង្កេតមួយ​ចំនួន​ពាក់ព័ន្ធនឹង​ការ​វិវត្តនៃបរិការណ៍សកល ដូចខាងក្រោម៖

ទី១). ការ​ប្រែប្រួល​ដ៏​ជ្រាលជ្រៅ​មួយ នៃការផ្លាស់​ប្ដូរពី​និម្មាបនកម្មសេដ្ឋកិច្ច​ និង​អភិបាលកិច្ចអន្ដរជាតិលក្ខណៈ​ឯកប៉ូល ទៅ​រកប្រព័ន្ធ​ពហុប៉ូល ដែ​​លកំពុងលេច​ចេញ​ជា​រូបរាង​បណ្ដើរៗ

ទី២). ការ​ចាប់​ផ្ដើ​មពឹង​ផ្អែក​កាន់តែខ្លាំង​ឡើងលើ​សេដ្ឋកិច្ច​ក្នុង​តំបន់ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ច នៅ​ពេល​ដែលប្រទេស​ក្នុង​តំបន់​កាន់តែ​រីក​ចម្រើនឡើង​ និង​សមាហរណកម្ម​កាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ច​ធំៗសម្រេចបានកំណើន​ទាប

ទី៣). ការ​រីក​ចម្រើន​ផ្នែក​ជីឌីថលបន្ដមាន​សម្ទុះ​ខ្ពស់ ជា​ពិសេស​បញ្ញាសិប្បនិម្មិត ដែល​បើក​លទ្ធភាពក្នុង​ការ​ជំរុញ​ផលិត​ភាព​ឱ្យមាន​សម្ទុះ​ខ្ពស់​ឡើង និង​អាច​កាត់បន្ថយ​រយៈពេល​នៃ​ការ​រៀន​សូត្រ ព្រម​ទាំងអាច​ពង្រាយ​បាន​ទូលាយក្នុង​រយៈពេល​ខ្លី និង

ទី៤).​ ប្រភពហិរញ្ញប្បទាន​សម្រាប់​ទ្រទ្រង់កា​រអភិវឌ្ឍ ​ក្នុង​បរិការណ៍​នៃ​ការ​រឹតបន្តឹង​គោលនយោបាយរូបិយវត្ថុ ជា​ពិសេស​សម្រាប់​ប្រទេស​មាន​ចំណូលមធ្យម មាន​ទំហំ​មិនគ្រប់គ្រាន់ និងមិន​មាន​ការ​សម្របសម្រួល​ល្អរវាងតួអង្គពាក់ព័ន្ធ ទាំង​ពហុភាគី ទ្វេភាគី និងវិស័យ​ឯកជន។

ក្នុង​ន័យនេះ ខ្ញុំចង់ឃើញសន្និសីទរបស់យើងនាថ្ងៃនេះ គឺដើរតួជាវេទិកានៃការផ្តោះប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្ត និងទទួលខុសត្រូវ​រួមគ្នាលើជោគវាសនារបស់កម្ពុជា។ទន្ទឹមនឹងនេះ ខ្ញុំក៏ចង់ឃើញផងដែរថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នាពេលបន្ដបន្ទាប់​ នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងប៉ុណ្ណោះទេ​ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធ​សាស្រ្តអភិវឌ្ឍន៍នានា ក៏ដូចជាវិធានការគោលនយោ​បាយដើម្បីដំណោះស្រាយបញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមាន និងនាពេលបន្តបន្ទាប់ រួមទាំងបញ្ហាប្រឈមនៅពេល​ដែលកម្ពុជារំពឹងថានឹងឆ្លងផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នាឆ្នាំ២០២៧ ខាងមុខ ការពង្រឹង​ និងការពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ ការចូលរួមរបស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី​ នៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ដែលបង្ហាញពីការលះបង់កម្លាំងកាយចិត្ត ដើម្បីអនាគតរបស់កម្ពុជា។

ខ្ញុំសង្ឃឹមជឿជាក់ថា សន្និសីទនាថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា។ ខ្ញុំ​សូម​លើកទឹកចិត្ត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់​ ​​ចូល​រួម​ឱ្យបាន​សកម្ម និងផុសផុល ​ក្នុង​ការ​ពិភាក្សា​ ដើម្បីឱ្យសន្និសីទនាថ្ងៃនេះបញ្ចប់ទៅប្រកបដោយផ្លែផ្កា ​និងទទួលបានធាតុចូលសំខាន់ៗ សម្រាប់ជាជំនួយដល់ការវិភាគ និងការសន្និដ្ឋានរបស់វិទ្យាស្ថាន CDRI លើប្រធានបទដ៏មាន​សារៈសំខាន់ថ្ងៃនេះ។

ជាចុងបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងជួបប្រទះនឹងពរ និងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសបើក សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ចាប់ពីពេលនេះតទៅ៕

សូមអរគុណ!

អត្ថបទទាក់ទង