Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីស្រាអែល មិនទាន់វាយលុកចូលហ្កាហ្សា តាមជើងគោក?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 168
វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីស្រាអែល មិនទាន់វាយលុកចូលហ្កាហ្សា តាមជើងគោក? វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីស្រាអែល មិនទាន់វាយលុកចូលហ្កាហ្សា តាមជើងគោក?

(វ៉ាស៊ីនតោន)៖ ការបើកធ្វើសង្រ្គាមជើងគោករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងពេលឆាប់ៗនោះ មិនទាន់កើតឡើង នៅឡើយទេ ២សប្ដាហ៍ បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី៧ ខែតុលា ដែលក្រុមមន្ត្រីអ៉ីស្រាអែលអះអាងថាមានមនុស្ស ជាង ១,៤០០នាក់ ត្រូវបានសម្លាប់ ខណៈក្រុមហាម៉ាសបានឱ្យដឹងថាមនុស្សជាង ៥,០០០នាក់ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែកសងសឹករបស់ អ៉ីស្រាអែលលើតំបន់ហ្កាហ្សា។

សង្រ្គាមជើងគោក ត្រូវបានគេរំពឹងថានឹងកើតឡើងភ្លាមៗ ក្រោយកងកម្លាំងពារជាតិអ៉ីស្រាអែល (IDF) កែនកងទ័ពបម្រុងជាង ៣០០,០០០នាក់ និងបញ្ជូន កងទ័ព ១០០,០០០នាក់ ទៅកាន់តំបន់ព្រំដែនជាមួយហ្កាហ្សា អំឡុងសប្ដាហ៍ទីមួយនៃសង្រ្គាម។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលបានសន្យាកម្ទេចក្រុមហាម៉ាស ក៏ត្រូវបានគេរាយការណ៍ដែរថាបានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនថាអ៉ីស្រាអែលដាច់ខាតត្រូវតែវាយលុក ចូលហ្កាហ្សា។ ប៉ុន្តែ ក្នុងសប្ដាហ៍នេះ អ្នកនាំពាក្យ IDF លោក Jonathan Conricus បានលើកឡើងពីវិធីសាស្ត្រផ្សេងទៅវិញ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «គោលដៅ នោះគឺកម្ទេចសមត្ថភាព យោធារបស់ក្រុមហាម៉ាសទាំងស្រុង…ប្រសិនបើវាអាចធ្វើទៅបានតាមផ្លូវអាកាស… ជាមួយការកាត់បន្ថយគ្រោះថ្នាក់ដល់កងទ័ពរបស់យើង និងការខូចខាត នៅលើដី វាគឺជារឿងល្អ»។ លោក Conricus ក៏បានលើកឡើងទៀតផងថាសង្រ្គាមជើងគោកមិនមែនជាការអនុវត្តយោធាមួយដ៏ត្រឹមត្រូវនោះទេ ដោយមិន បានបញ្ជាក់អ្វីលម្អិតនោះទេ។ ប៉ុន្តែ វាមានហេតុផលមួយចំនួនថាតើថាហេតុអ្វីបានជាកងទ័ពថ្មើរជើងអ៉ីស្រាអែល មិនទាន់វាយលុកលុយចូលតំបន់ហ្កាហ្សា។

* ចំណាប់ខ្មាំង
ក្រុមហាម៉ាស បានចាប់មនុស្សជាង ២០០នាក់ជាចំណាប់ខ្មាំង អំឡុងបើកការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ហើយគិតត្រឹមព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា មានចំណាប់ខ្មាំង ៤នាក់ត្រូវបានដោះលែង។ ប៉ុន្មានថ្ងៃ ក្រោយការវាយប្រហារបស់ក្រុមហាម៉ាស ក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីស្រាអែល បាននិយាយថាការចរចាជាមួយក្រុមហាម៉ាសមិនមែនជាជម្រើសមួយឡើយ ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៉ីស្រាអែល លោក Bezalel Smotrich បានទាមទារឱ្យ IDF ចូលកម្ទេចក្រុមហាម៉ាស ដោយមិនត្រូវខ្វល់ពីអ្វីទាំងអស់។ ការអត្ថាធិប្បាយបែបនេះបង្កជាការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងចំណោមគ្រួសារសាច់ញាតិ របស់ចំណាប់ខ្មាំង។ ប៉ុន្តែ ក្នុងសប្ដាហ៍នេះមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិកបានផ្ដល់យោបល់ឱ្យអ៉ីស្រាអែលពន្យារពេលបើកធ្វើសង្រ្គាមជើងគោក ដើម្បីផ្ដល់ពេលវេលាបន្ថែមដល់កិច្ចចរចាដោះលែងចំណាប់ខ្មាំង។

ខណៈអ៉ីស្រាអែលមានការស្ទាក់ស្ទើរ ប្រទេសកាតាឯណោះវិញបាន និងកំពុងដើរតួនាទីជាអ្នកសម្របសម្រួល និងបានចូលរួមជាមួយអេហ្ស៉ីប ក្នុងការចូលរួម ចំណែកនាំឱ្យមានការដោះលែងចំណាប់ខ្មាំង ៤នាក់ខាងលើ។

* ខ្លាចសង្គ្រាមរាលដាលកាន់តែធំ?
បណ្ដាប្រទេសលោកខាងលិចធំៗ បានចេញមុខថ្កោលទោសក្រុមហាម៉ាស និងបានប្រកាសគាំទ្រអ៉ីស្រាអែលពេញទំហឹងនូវអ្វីដែលពួកគេហៅថាជា សិទ្ធិការពារខ្លួន និងសងសឹក តាមរយៈការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សជាង ៥,០០០នាក់ហើយ ភាគច្រើនជាជនស៊ីវិល ក្នុងពេលជាង ២សប្ដាហ៍មកនេះ។ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មេដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៉ីតាលី បានអះអាងឡើងវិញពីការគំាទ្ររបស់ពួកគេចំពោះអ៉ីស្រាអែល ប៉ុន្តែបានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តធ្វើការតាមផ្លូវការទូត ដើម្បីទប់ស្កាត់កុំសង្រ្គាមរាលដាល កាន់តែធំ ឬផ្ទុះទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ស្របពេលអ៉ីរ៉ង់ត្រូវបានចោទប្រកាន់ថាជាអ្នកជួយរៀបចំផែនការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៉ីស្រាអែល ជាការចោទប្រកាន់មួយត្រូវបានទីក្រុង តេហេរ៉ង់បដិសេធ។

អ៉ីរ៉ង់ត្រូវបានគេដឹងថាជាអ្នកគាំទ្រក្រុមហាម៉ាស និងក្រុមចលនាស៊ីអ៉ីតជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា ដូចជាក្រុមហេសប៊ូលឡានៅលីបង់ និងក្រុមហ៊ូទី នៅយេម៉ែន រួមទាំងចលនាប្រដាប់អាវុធស៊ីអ៉ីតនៅស៊ីរី និងអ៉ីរ៉ាក់ជាដើម។ មេដឹកនាំក្រុមហេសប៊ូលឡា កាលពីពេលថ្មីៗនេះក៏បានព្រមានដែរថាខ្លួននឹងបង្កើន ការវាយប្រហារចេញពីភាគខាងជើងនៃប្រទេសលីបង់ ប្រសិនបើអ៉ីស្រាអែលបើកធ្វើសង្រ្គាមជើងគោកវាយលុកចូលតំបន់ហ្កាហ្សា ក្នុងបរិបទដែលយោធា អ៉ីស្រាអែល និងក្រុមហេសប៊ូលឡា បានបាញ់ផ្លាញកាំភ្លើងធំដាក់គ្នារួចទៅហើយ ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។

អ៉ីស្រាអែលវិញ ក៏បានព្រលយដែរថាខ្លួននឹងធ្វើការសងសឹកយ៉ាងចាស់ដៃ និងបានព្រមានលីបង់កុំបណ្ដោយឱ្យខ្លួនឯងធ្លាក់ចូលក្នុងសង្រ្គាមជាថ្មី ដោយចង់ សំដៅលើផលវិបាកដែលធ្លាប់បានភ្លក់ ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងលីបង់ កាលពីឆ្នាំ២០០៦។ រហូតដល់ថ្ងៃអង្គារ ទី២៤ ខែតុលានេះ កាសែតអង់គ្លេស Telegraph បានរាយការណ៍ថា លោក Netanyahu ពន្យារពេលវាយលុកចូលតំបន់ហ្កាហ្សា នោះគឺដោយសារតែបារម្ភពីបញ្ហាសន្តិសុខនៅតាមបណ្ដោយ ព្រំដែនជាប់លីបង់ និងមានការខ្វែងគំនិតគ្នាជាមួយក្រុមមេបញ្ជាការ IDF ដែលចង់វាយលុកចូលតំបន់ហ្កាហ្សាឆាប់ៗ។ និយាយពីការបារម្ភនេះដែរ សហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង ២គ្រឿង នាវាពិឃាដប្រដាប់ដោយមីស៊ីលជាច្រើនគ្រឿង ប្រព័ន្ធការពារមីស៊ីល និងមានផែនការ ដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលក្រុមមន្ត្រីអាមេរិកបញ្ជាក់ថាមានគោលដៅទប់ស្កាត់កុំឱ្យសង្រ្គាមរាលដាលកាន់តែធំ ខណៈកងទ័ព អាមេរិក នៅអ៉ីរ៉ាក់កំពុងក្លាយជាគោលដៅនៃការវាយប្រហារដោយយន្ដហោះដ្រូន និងគ្រាប់រ៉ុក្កែត ដែលវ៉ាស៊ីនតោនជឿថាជាស្នាដៃក្រុមប្រដាប់អាវុធគាំទ្រ ដោយអ៉ីរ៉ង់។

* សង្គ្រាមមិនអាចទៅរួច?
ប៉ុន្មានថ្ងៃក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានព្រមានកម្ទេចក្រុមហាម៉ាស តាមរយៈ ការវាយលុកចូលតំបន់ហ្កាហ្សាក្នុងពេលឆាប់ៗ។ ពិតណាស់ បើនិយាយពីកម្លាំងទ័ព និងការគាំទ្រយ៉ាងសម្បើមពីសហរដ្ឋអាមេរិក អ៉ីស្រាអែលមានកម្លាំង គ្រប់គ្រាន់ដើម្បីកម្ទេចក្រុមហាម៉ាស។ ប៉ុន្តែ វាក៏មិនមែនជារឿងងាយស្រួលទេ ហើយលោក Netanyahu ក៏បានទទួលស្គាល់ដែរថាវាអាចជាសង្រ្គាមដ៏លំបាក និងមានរយៈពេលវែង។

ក្រុមអ្នកវិភាគមួយចំនួនជឿជាក់ថាហាម៉ាស ហ៊ានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល ពួកគេក៏ប្រាកដជាបានត្រៀមលក្ខណៈទុកជាមុន រួចទៅហើយដែរ ដើម្បីប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាដែលមានរូងក្រោមដីជាច្រើន។ លោក Ghaith al-Omari ជាអ្នកជំនាញម្នាក់ មកពីវិទ្យាស្ថាន Washington Institute បាននិយាយថាទោះជាអ៉ីស្រាអែលអាចកម្ទេចក្រុមហាម៉ាសបានក៏ដោយ តែវាពិបាកណាស់ក្នុងការកម្ទេច «គំនិត» របស់ក្រុមហាម៉ាស ហើយក៏មិនអាចធានាបានថាចលនានេះនឹងមិនអាចកើតឡើងជាថ្មីនោះដែរ។ ម្យ៉ាងវិញទៀត រឿងដែលកាន់តែស្មុគស្មាញ នោះគឺតើនៅពេល ហាម៉ាសត្រូវបានកម្ទេច តើតំបន់ហ្កាហ្សា នឹងទៅជាយ៉ាងណា? ក្រុមអ្នកវិភាគជឿថាអ៉ីស្រាអែលអាចមានជម្រើសមួយចំនួន, ទី១៖ អីស្រាអែលអាចនឹងប្រគល់ ការគ្រប់គ្រងតំបន់ Gaza ទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន (PA) ដែលកំពុងគ្រប់គ្រងតំបន់ West Bank។ ប៉ុន្តែ ការគាំទ្រសម្រាប់ PA កំពុងធ្លាក់ចុះទាំងនៅក្នុងតំបន់ West Bank ហើយប្រជាជនក្នុងតំបន់ Gaza ក៏មិនប្រាកដថាយល់ព្រមស្ថិតនៅក្រោមការគ្រប់គ្រងរបស់ PA នោះដែរ។

ជម្រើសទី២៖ អ៉ីស្រាអែលអាចនឹងព្យាយាមបង្កើតទម្រង់រដ្ឋបាលគ្រប់គ្រងថ្មីដោយមាន «អន្តរការីប៉ាឡេស្ទីន» ផ្សេងមួយទៀត។ ជម្រើសទី៣៖ គឺអ៉ីស្រាអែលអាច នឹងគ្រប់គ្រងតំបន់ Gaza ដោយផ្ទាល់តែម្ដង ដោយប្រគល់ការគ្រប់គ្រងទៅឱ្យទីភ្នាក់ងារ Coordinator of Government Activities in the Territories ឬហៅកាត់ថា COGAT នៅក្រោមចំណុះក្រសួងការពារជាតិអ៉ីស្រាអែល។ ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលអ៉ីស្រាអែលដែលគាំទ្ររដ្ឋាភិបាលរបស់លោក Netanyahu បានជំរុញជាយូរមកហើយឱ្យអ៉ីស្រាអែលគ្រប់គ្រងតំបន់ Gaza ឡើងវិញ ចាប់តាំងពីអ៉ីស្រាអែលដកប្រជាជន និងកងកម្លាំងរបស់ខ្លួនចេញពីតំបន់ នេះកាលពីឆ្នាំ២០០៥។ ក៏ប៉ុន្តែ ការធ្វើបែបនេះនឹងបង្កទៅជាកំហឹងតវ៉ាពីសំណាក់ប្រជាជន Gaza អាចផ្ទុះទៅជាអំពើហិង្សាគ្រប់ពេលវេលា និងតម្រូវឱ្យ អ៉ីស្រាអែល ត្រូវដាក់ពង្រាយកងកម្លាំងសន្តិសុខរយៈពេលយូរដែលនេះអាចនឹងប្រថុយបាតបង់ការគាំទ្រពីបណ្ដាប្រទេសលោកខាងលិច និងអារ៉ាប់មួយចំនួន ចំពោះ អ៉ីស្រាអែល ជាពិសេសគឺការគ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញរបស់អ៉ីស្រាអែល អាចនឹងបំផ្លាញដល់ការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអារ៉ាប៊ីសាអូឌីត។

តាមកាសែតអាមេរិក New York Times រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បារម្ភថាអ៉ីស្រាអែលមិនមានគោលដៅជាក់លាក់នោះទេសម្រាប់តំបន់ហ្កាហ្សា រីឯ IDF ក៏មិនទាន់បានបង្ហាញពីផែនការយោធាជាក់លាក់នោះដែរ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។

គួរបញ្ជាក់ថា អំឡុងធ្វើទស្សនកិច្ចនៅអ៉ីស្រាអែល កាលពីសប្ដាហ៍មុន ដើម្បីជួបលោក Netanyahu និងបង្ហាញការគាំទ្រចំពោះអ៉ីស្រាអែល លោក បៃដិន ក៏បាន រំលឹកអ៉ីស្រាអែលដែរឱ្យទប់កំហឹង អនុវត្តតាមច្បាប់សង្រ្គាម និងព្រមានថាការគ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញរបស់អ៉ីស្រាអែល នឹងក្លាយជាកំហុសដ៏ធំមួយ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង