Grand News Asia Close

វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ផ្អៀងតុល្យភាពអំណាចទៅខាងចិន និងរុស្ស៉ី ដោយរបៀបណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 212
វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ផ្អៀងតុល្យភាពអំណាចទៅខាងចិន និងរុស្ស៉ី ដោយរបៀបណា? វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ផ្អៀងតុល្យភាពអំណាចទៅខាងចិន និងរុស្ស៉ី ដោយរបៀបណា?

(ឌូបៃ)៖ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា មិនមែនត្រឹមតែបង្កហានិភ័យផ្ទុះទៅជាសង្រ្គាមតំបន់មជ្ឈិមបូព៌ាទាំងមូលនោះទេ ប៉ុន្តែ វាក៏បង្កផលប៉ះពាល់ផងដែរដល់តុល្យភាពអំណាចសកល ខណៈជួយបន្ធូរបន្ថយសម្ពាធលើរុស្ស៉ី និងផ្ដល់ «កាលានុវត្តភាពថ្មីៗ» សម្រាប់ចិន។ ផលប៉ះពាល់ រយៈពេលវែង កើតចេញពីអំពើហិង្សាក្នុងតំបន់មជ្ឈិមបូព៌ា គឺពិតជាពិបាកព្យាករណាស់។ ពីព្រោះរឿងដំបូងគេដែលត្រូវរង់ចាំអ៊ុតមើល នោះគឺថាតើអ៉ីស្រាអែល អាចសម្រេចបានជោគជ័យរបស់ខ្លួនដល់កម្រិតណា ក្នុងការប្រកាសឱ្យគេឯងបានដឹងពីគោលដៅកម្ទេចក្រុមហាម៉ាដែលជាកម្លាំងយោធា និងនយោបាយដ៏សំខាន់ក្នុង តំបន់ហ្កាហ្សា?

បញ្ហាចោទមួយទៀត នោះគឺថាតើទំនាក់ទំនងការទូតរបស់អ៉ីស្រាអែល ក្នុងតំបន់មជ្ឈិមបូព៌ា និងនៅលើឆាកអន្តរជាតិដោយមានការគាំទ្រពីលោកខាងលិច អាចនឹងឆ្លង ផុតពីការរិះគន់ ឬការថ្កោលទោសជុំវិញការកើនឡើងចំនួនជនស៊ីវិលស្លាប់ និងរងរបួសក្នុងតំបន់ហ្កាហ្សា និងនៅចំពោះមុខការត្រៀមលក្ខណៈធ្វើសង្រ្គាមជើងគោកដែល នឹងនាំទៅរកបង្ហូរឈាមយ៉ាងសាហាវ ក្នុងតំបន់ហ្កាហ្សាដែលមានដង់ស៊ីតេប្រជាជនរស់នៅប្រមូលផ្ដុំគ្នាច្រើនបានដែរ ឬក៏យ៉ាងណា?

ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ផ្ដើមចេញពីការវាយប្រហារបស់ក្រុមសកម្មប្រយុទ្ធមួយនេះកាលពីថ្ងៃទី៧ ខែតុលា និងដែលបានផ្ដាច់ជីវិត ជាង ៤,២០០នាក់ទាំងសងខាង បាននិងកំពុងផ្ដល់កាលៈទេសៈអំណោយផលដល់គូប្រជែងភូមិសាស្ត្រនយោបាយធំៗរបស់សហរដ្ឋអាមេរិក។ ចិន រុស្ស៉ី និងអ៉ីរ៉ង់ បានព្យាយាមជាយូរណាស់មកហើយ ដើម្បីផ្លាស់ប្ដូរប្រព័ន្ធអន្តរជាតិគាំទ្រដោយសហរដ្ឋអាមេរិក និងកំពុងទាញយកប្រយោជន៍ពីការវិលក្បុលរបស់សហរដ្ឋអាមេរិក។ «អ្វីដែលយើងកំពុងមើលឃើញ វាជាផ្នែកមួយនៃការកែប្រែសណ្ដាប់ធ្នាប់ពិភពលោក ដោយនៅពេលសហរដ្ឋអាមេរិកចាកចេញពីកន្លែងណាមួយឱ្យនៅទំនេរ អ្នកផ្សេង នឹងមកបំពេញកន្លែងទំនេរទាំងនោះ»។ នេះការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Alexander Stubb។

ជាការពិតណាស់ សហរដ្ឋអាមេរិកបានវិលត្រឡប់ទៅកាន់តំបន់មជ្ឈិមបូព៌ាវិញរួចទៅហើយ និងកំពុងបង្ហាញថាខ្លួនជាដៃគូមិនអាចខ្វះបានសម្រាប់អ៉ីស្រាអែល និងសម្ព័ន្ធ មិត្តអារ៉ាប់សំខាន់ៗ ជាមួយការបង្កើនឥទ្ធិពលការទូត និងដាក់ពង្រាយយោធាបន្ថែម។ ក៏ប៉ុន្តែ ខណៈចំណាប់អារម្មណ៍របស់ទីក្រុងវ៉ាស៊ីនតោន កំពុងផ្តោតលើតំបន់ មជ្ឈិមបូព៌ា តិចឬច្រើន រុស្ស៉ីអាចនឹងទាញយកប្រយោជន៍ ជាពិសេសបើជម្លោះរាលដាល ឬសហរដ្ឋអាមេរិកលូកដៃកាន់តែជ្រៅចូលក្នុងជម្លោះ។ តួយ៉ាង ដោយលើកឡើង ពីការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង ២,៨០០នាក់ ភាគច្រើនជាជនស៊ីវិល ក្រោមការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា មូស្គូកំពុងប្រាប់ពិភពលោក ពីអ្វីដែលខ្លួនហៅថាជា «ពុតត្បុត» របស់បណ្ដាប្រទេសលោកខាងលិចដែលនាំគ្នាថ្កោលទោសរុស្ស៉ីសម្រាប់ការស្លាប់ជនស៊ីវិលក្នុងសង្រ្គាមនៅអ៊ុយក្រែន តែបែរជាមិន ថ្កោលទោសការស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីននៅក្រោមដៃអ៉ីស្រាអែលទៅវិញ។

លោក ពូទីន ដែលយោធារបស់លោកត្រូវបានអាជ្ញាធរអ៊ុយក្រែនចោទថាបានសម្លាប់ជនស៊ីវិលជាច្រើនពាន់នាក់ នៅពេលឡោមព័ទ្ធទីក្រុង Mariupol អស់រយៈពេល ជាច្រើនខែកាលពីឆ្នាំ២០២២ បានប្រៀបប្រដូចការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ទៅនឹងការបិទខ្ទប់ទីក្រុង Leningrad សព្វថ្ងៃហៅ St. Petersburg ជាទីក្រុងកំណើតរបស់លោក ដោយកងទ័ពណាហ្ស៉ីអាល្លឺម៉ង់អំឡុងសង្គ្រាមលោកលើកទី២។ ការប្រៀបធៀបបែបនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ខាងការទូតរបស់រុស្ស៉ី ក្នុងការលើកមុខមាត់ខ្លួនឯងក្នុងនាមជាមេដឹកនាំចលនាសកលប្រឆាំងនឹង «អាណានិគមនិយមលោកខាងលិច» បើទោះជារុស្ស៉ីកំពុងវាយទន្ទ្រាញ កាន់កាប់ទឹកដីអ៊ុយក្រែនក៏ដោយ។

រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានកត់សម្គាល់ថា «រាល់ជម្លោះណាមួយអាចទាញចំណាប់អារម្មណ៍អាមេរិក ចេញពីសង្រ្គាមអ៊ុយក្រែន នោះវាជាប្រយោជន៍របស់រុស្ស៉ី។ រុស្ស៉ីមិនមែនជាអ្នកចាប់ផ្ដើមសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសនោះទេ ប៉ុន្តែពួកគេមានប្រយោជន៍យ៉ាងធំធេង បើសង្រ្គាមនេះ អូសបន្លាយពេលកាន់តែយូរ។ វានឹងក្លាយជាជ័យជម្នះមួយសម្រាប់រុស្ស៉ី ទាំងខាងផែនការ និងយុទ្ធសាស្ត្រនៅអ៊ុយក្រែន ព្រមទាំងការពង្រឹងវោហាសាស្ត្រប្រឆាំង លោកខាងលិច»។

ចំណែក ចិនវិញក៏មិនខុសគ្នាដែរ។ ចិនបានចេញមុខគាំទ្រប៉ាឡេស្ទីន ជាសាធារណៈតាមរបៀបមួយដែលគេមិនធ្លាប់បានឃើញពីមុនមក ស្របពេលទំនាក់ទំនងស្និទ្ធស្នាល ជាមួយអ៉ីស្រាអែលជាសម្ព័ន្ធមិត្តដ៏សំខាន់លើលោករបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ។ «ដើមហេតុសំខាន់នៃបញ្ហា នោះគឺភាពយុត្តិធម៌មិនមានឡើយសម្រាប់ប្រជាជន ប៉ាឡេស្ទីន»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅក្នុងការអត្ថាធិប្បាយជាសាធារណៈចាប់តាំងពី ការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល។

សម្រាប់ក្រុមអ្នកវិភាគពីចិន ដូចជាលោក Antoine Bondaz មកពី Foundation for Strategic Research មានមូលដ្ឋានក្នុងទីក្រុងប៉ារីស ក្នុងពេលដែលទីក្រុងប៉េកាំង កំពុងត្រៀមលក្ខណៈចំពោះលទ្ធភាពនៃការផ្ទុះសង្រ្គាមជាមួយសហរដ្ឋអាមេរិក ជុំវិញអនាគតកោះតៃវ៉ាន់ ចិនទទួលបានផលចំណេញពីការបង្វែរការផ្ដោតរបស់អាមេរិក សាជាថ្មី ដោយជម្លោះ ឬភាពចលាចលក្នុងតំបន់មជ្ឈិមបូព៌ា។ អ្នកវិភាគរូបនេះបានសង្កត់ធ្ងន់ថា «អ្វីដែលមានសារៈសំខាន់ចំពោះចិន នោះគឺផលប្រយោជន៍របស់ចិន ហើយអ្វី ដែលសំខាន់ជាងនេះទៅទៀតសម្រាប់ទីក្រុងប៉េកាំង នោះគឺទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក រួមទាំងមធ្យោបាយដែលអាចជួយចិនធ្វើឱ្យសហរដ្ឋអាមេរិក ​និងកេរ្តិ៍ឈ្មោះ អាមេរិកនៅលើឆាកអន្តរជាតិចុះខ្សោយ។ ពួកគេ (ចិន) នឹងព្យាយាមបង្ហាញប្រាប់ឱ្យពិភពលោកយល់ថាសហរដ្ឋអាមេរិកជាមេបង្កអស្ថិរភាព រីឯចិនគឺជាអ្នកការពារ សន្តិភាព។ គោលដៅរបស់ចិននោះគឺបង្ហាញឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍមើលឃើញថាខ្លួនមហាអំណាចមួយដែលពួកគេអាចជឿទុកចិត្ត និងពឹងផ្អែកបាន»។

ក្រៅតែពីរុស្ស៉ី និងចិន សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ក៏បង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ឥណ្ឌា ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំរបស់ចិនក្នុងតំបន់ អាស៊ី ផងដែរ។ កាលពីខែកញ្ញាកន្លងទៅនេះ ឥណ្ឌា និងសហរដ្ឋអាមេរិក បានប្រកាសពីផែនការបង្កើត «ច្រករបៀងឆ្លងកាត់មួយ» តភ្ជាប់ឥណ្ឌា មជ្ឈិមបូព៌ា និងអ៉ីរ៉ុប ដែល នឹងរត់កាត់តាមអេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងអ៉ីស្រាអែល ហើយត្រូវបានគេរំពឹងថាអាចនឹងក្លាយជាគូប្រជែងមួយជាមួយគម្រោង «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន។ ប៉ុន្តែកិច្ចចរចាផ្សះផ្សាទំនាក់ទំនងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីតដែលជាគន្លឹះមួយដ៏សំខាន់នៃផែនការនេះបានជាប់គាំងដោយសារសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស និងកំពុងស្ថិតនៅក្នុងអនាគតមិនច្បាស់លាស់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសថាជំនួយយោធាសម្រាប់អ៉ីស្រាអែល គឺនឹងត្រូវធ្វើឡើងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ក្នុងរយៈពេលខ្លី សង្រ្គាមអ៉ីស្រាអែល និងហាម៉ាស ត្រូវបានក្រុមអ្នកវិភាគលោកខាងលិចជឿថានឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែនប្រយុទ្ធតតំាងជាមួយរុស្ស៉ីនោះទេ។ ពីព្រោះ អ្វីដែលអ៉ីស្រាអែលត្រូវការបំផុត នោះគឺមីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល Iron Dome ដែលមិនមានប្រើនៅអ៊ុយក្រែឡើយ ខណៈអ្វីដែលអ៊ុយក្រែនត្រូវការជាចាំបាច់ នោះគឺ គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ។ លើសពីនេះទៅទៀត អ៉ីស្រាអែលពឹងផ្អែកយ៉ាងខ្លាំងលើកងទ័ពអាកាស រីឯកងទ័ពអាកាសនៅតែបន្តធ្វើសកម្មភាពតិចតួចនៅឡើយក្នុង សង្រ្គាមអ៊ុយក្រែន។ តែទោះជាបែបនេះក្ដី បើអ៉ីស្រាអែលបើកធ្វើសង្រ្គាមជើងគោកលើតំបន់ហ្កាហ្សា ឬសង្រ្គាមអូសបន្លាយរយៈពេលយូរ នោះសម្ពាធលើការផ្គត់ផ្គង់អាច នឹងកើនឡើង ហើយទោះជាបីជាសហរដ្ឋអាមេរិក មិនបញ្ឈប់ការផ្ដល់អាវុធ ឱ្យអ៊ុយក្រែនក៏ដោយ ក៏ការផ្ដល់អាវុធនឹងមានភាពយឺតយ៉ាវដែរ ដែលនេះនឹងបង្ខំឱ្យអ៊ុយក្រែន ត្រូវប្រើអាវុធកំណត់ត្រឹមគោលដៅណាជាអាទិភាពខ្ពស់តែប៉ុណ្ណោះ។

លោក ពូទីន បាននិយាយកាលពីថ្ងៃទី៥ ខែតុលា ថា «ការដែលអ៊ុយក្រែនមានសមត្ថភាពប្រយុទ្ធសព្វថ្ងៃ គឺដោយសារតែការបរិច្ចាគទំហំរាប់ពាន់លានដុល្លារ ដែលខ្លួនទទួល បានជារៀងរាល់ខែ។ តែប្រសិនបើការផ្តល់ជំនួយហ៊ានតែឈប់ នោះអ៊ុយក្រែនមុខជានឹងដួលរលំក្នុងពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ»៕
ប្រភព៖ Fresh News

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង