Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, អញ្ជើញចូលរួមពិធីបិទកញ្ចក់កា​មេរ៉ាថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 180

CNV:

(១) តួសម្ដែងច្រើនជំនាន់ខុសគ្នា សម្ដែងក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី

ថ្ងៃនេះ ជាការបង្ហាញមុខដំបូង បន្ទាប់ពីថ្ងៃទី ២២ ខែសីហា កន្លងទៅ ដែលពេលនោះ​ ខ្ញុំធ្វើសន្និសីទសារព័ត៌​មាន​មួយ បន្ទាប់ពីការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់ឲ្យអ្នកជំនាន់ក្រោយបន្តវេន គ្រប់គ្រងដឹកនាំនីតិប្រតិបត្តិ។ ខ្ញុំសូមអរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបិទកញ្ចក់កាម៉េរ៉ាថតខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»។ អម្បាញ់មិញ ឯកឧត្តម ហ៊ុយ វាសនា បានធ្វើរបាយការណ៍ទាក់ទង នឹងដំណើរការថតរឿងនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអ្នកដឹកនាំរឿង ក៏ដូចជាកោតសរសើរចំពោះអ្នកបច្ចេកទេស កោតសរសើរចំពោះតួសម្ដែងទាំងអស់។ យើងមានតួសម្ដែងច្រើន ដែលខ្ញុំសូមបញ្ជាក់ថាគ្របដណ្ដប់ត្រឹមតែប្រមាណជាមិនដល់ ៣០% នោះទេ។

បើយោងទៅលើកត្តាប្រវត្តិសាស្ត្រពិត រឿងនេះមានតួអង្គច្រើនទៀតដែលយើងមិនបានរំលឹក ហើយប្រសិនបើត្រូវថតឱ្យអស់សាច់រឿង រឿងនេះអាចឈានដល់ ៣០០ ភាគ ក៏ថាបាន។ ប៉ុន្តែយើងមិនមានលទ្ធភាពធ្វើបែបនោះទេ។ យើងបានប្រមូលតួសម្ដែងតាំងពីសម័យសង្គមរាស្ត្រនិយម​ និងបន្តបន្ទាប់ទៀតច្រើនជំនាន់ខុសគ្នា ដើម្បីសម្ដែងរឿងនេះ។ ខ្ញុំយល់ពីការលំបាកនៃការថតរឿងនេះ។ ដែលលំបាកជាងគេ ដូចដែលខ្ញុំនិយាយពេលដែលយើងចាប់ផ្ដើមក្រុងពាលីដើម្បីរៀបចំថតខ្សែភាពយន្តនេះគឺតួសម្ដែងរបស់យើង មិនដូចតួអង្គជាក់ស្តែងកាលពីសម័យនោះទេ។ ខ្ញុំបាននិយាយថា ត្រូវយកតួសម្ដែងទៅលុតដំ ៦ខែសិន ទើបអាចមានរាងរៅដូចមនុស្សកាលពីជំនាន់នោះ។ តួសម្ដែងមួយចំនួនត្រូវធ្វើឱ្យមុខអាក្រក់ … ធ្វើឱ្យតួសម្ដែងស្គមស្គាំង ព្រោះតួសម្ដែងធាត់ជាងតួជាក់ស្តែងកាលពីសម័យកាលនោះ។

(២) ការសន្ទនា ការច្នៃប្រឌិត ការនិទាន ជួយសំរួលដល់ការខ្វះភូមិសាស្ត្រនិងតួជាក់ស្តែង

មួយផ្នែកទៀត ភូមិសាស្ត្រនៃការថតគឺមានការលំបាក។ ប្រទេសមានការអភិវឌ្ឍខុសពីពេលមុន។ ដូចនេះយើងត្រូវស្វះស្វែងរកទីតាំង(នៅតាមគោលដៅជាច្រើនដើម្បី)ថតខ្សែភាពយន្តមួយនេះ។ បើខ្ញុំមិនច្រឡំទេ ការថតភាពយន្តនេះ ធ្វើទាំងនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ចាម ត្បូងឃ្មុំ រហូតទៅដល់កំពង់ធំ​និង មិនដឹងថាទីតាំងកន្លែងណាផ្សេងទៀត។ យើងពិបាករកទីតាំងថតដើម្បីឱ្យ(មានទិដ្ឋភាព)ដូចកាលពីសម័យកាលនោះ។ អ្នកដឹកនាំរឿងរបស់យើងក៏បានច្នៃប្រឌិតដើម្បីនឹងឱ្យការថតនេះសម្រេចចេញជារូបរាង។ ឯវិធីសម្ដែងទៀតសោត ដោយសារព្រឹត្តការណ៍នេះបានតភ្ជាប់ជាមួយប្រទេសជិតខាង និយាយឱ្យចំគឺប្រទេសវៀតណាម យើងគ្មានលទ្ធភាពសុំតួវៀតណាមមកចូលរួមសម្ដែងទេ។ ដូច្នេះ មានតែវិធីសាស្ត្រនិយាយ(ក្នុងការសន្ទនាដើម្បីគួបផ្សំឱ្យយល់តែប៉ុណ្ណោះ។ មានចលនាតស៊ូផ្សេងទៀត ដូចជាចលនាប៉ះបោរនៅបូព៌ាទិស ចលនា​នៅភូមិភាគឦសាន ចលនានៅកោះកុង ចលនាអ្នកប្រមូលផ្ដុំក្រោយសន្និសីទហ្សឺណែវ ដែលយើងមិនអាចទៅរកតួអង្គទាំងនោះមកថតបានទេ។ ដូច្នេះ យើងមានតែប្រើប្រាស់វិធីនិទាន ដើម្បីឱ្យយល់នូវព្រឹត្តិការណ៍ទាំងនោះ។ រឿងរ៉ាវមួយចំនួនត្រូវបានរំលេចឡើងតាមរយៈការសន្ទនា។ ការសន្ទនានោះហើយដែលអាចធ្វើឱ្យដឹងពីប្រវត្តិនៃការឆ្លងកាត់ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ។

(៣) ចំណាយច្រើនបំផុតក្នុងប្រវត្តិភាពយន្តខ្មែរ តួអង្គក្នុងសាច់រឿង ៤ នាក់មិនបានទស្សនាភាពយន្តថតចប់

ខ្ញុំសូមយកឱកាសនេះថ្លៃអំណរគុណចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងអង្គភាពអង្គរក្សដែលបានជួយរៀបចំប្រតិបត្តិការថតរឿងដ៏សំខាន់នេះ។ សូមអរគុណចំពោះអង្គរក្សដែលប្រឹងប្រែងកាត់បន្ថយប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌសម្រាប់ការប្រយុទ្ធដោយគ្រាប់ពិត។ តាមពិត ការប្រយុទ្ធនីមួយៗ មិនមានរយៈពេលខ្លីដូចនៅក្នុងរឿងទេ។ ជួនកាលវាយគ្នា២០ថ្ងៃ។ ប៉ុន្តែនៅក្នុងរឿង ជួនកាលត្រូវរបួសឆាប់ពេក ព្រោះគ្រាន់តែជាបង្ហាញឈុតឆាកខ្លះៗ តែប៉ុណ្ណោះ មិនមែនវាយគ្នា ១ម៉ោង ឬ១៥នាទី ដកថយទេ។ វាយគ្នាមួយយប់ទល់ភ្លឺ។ ជួន​កាលវាយជាប់ដៃគ្នាដល់ទៅកន្លះខែ ឬ២០ថ្ងៃ ក៏មាន។ ការតស៊ូទៀតសោតគឺត្រូវឆ្លងកាត់នូវដំណាក់កាលដ៏លំបាកៗ …។

មានរឿងមួយដែលគួរនិយាយ។ ខ្ញុំឃើញចំណុចដែលទាក់ទិននឹង(សម្ដេច) ម៉ែន សំអន ព្យាបាល ប៉េង ប៉ាត់ ខ្ញុំក៏មិនថាអីទេ ព្រោះនេះជាសាច់រឿង។ ដល់ពេលដែលសួរ សំអន គាត់ធ្លាប់ព្យាបាល ប៉េង ប៉ាត់ មែន។ បានក្រោយមក ប៉េង ប៉ាត់ និងសំអន បាន(ទទួលគ្នាជាប្តីប្រពន្ធ)ទៅ។ រឿងវាចាប់ផ្ដើមពីបែបនេះ។ (ឈុត)នោះដោយសារតែអ្នកនិពន្ធរបស់យើងបានទៅសម្ភាសន៍ ម៉ែន សំអន ដោយផ្ទាល់។ ខ្ញុំសូមអរគុណចំពោះសប្បុរសជននានាដែលបានចូលរួមជួយនៅក្នុងការផ្គត់ផ្គង់ថវិកាថតរឿងនេះ ដែលជាការចំណាយច្រើនបំផុតនៅក្នុងប្រវត្តិនៃខ្សែភាពយន្តរបស់កម្ពុជា។

ខ្ញុំមានការសោកស្ដាយដែលតួអង្គ ៤នាក់ បានមរណកាល នៅក្នុងរយៈពេលនៃការថតរឿងនេះ។ ទី១ មេបញ្ជាការ សុខ សារឿន កាលដែលយើងចាប់ផ្ដើមថតគាត់នៅរស់។ ទី២ បងប្រុសរបស់ខ្ញុំ ហ៊ុន ណេង ពេលដែលយើងចាប់ផ្ដើមថតគាត់នៅរស់។ ទី៣ អ្នកគ្រូពេទ្យ តាំងលី ពេលដែលយើងចាប់ផ្ដើមថតគាត់រស់។ និងទី៤ ប្អូនថ្លៃពៅរបស់ខ្ញុំ កាលដែលថតគាត់នៅរស់។ ឥឡូវភាពយន្តបានថតចប់សព្វគ្រប់ ប៉ុន្តែពួកគាត់មិនបានមើលរឿង ដែលត្រូវបានសម្ដែង ដោយមានខ្លះជាតួអង្គរបស់គាត់នោះទេ

(៤) សូមកុំឱ្យប្រវត្តិសាស្ត្រមានបញ្ចូលគំនិតអ្នកនិពន្ធ ធ្វើអោយរឿងខុសពីការពិត

ខ្ញុំមានការរីករាយជាមួយនឹងអ្វីដែលសម្រេចបាន ទោះបីថាឆ្លុះបញ្ចាំងមិនអស់នូវអ្វីដែលវាបានកើត ក៏ប៉ុន្តែខ្ញុំក៏មានសំណូមពរថាសូមកុំឱ្យមានរឿងប្រវត្តិ ហ៊ុន សែន ដល់ទៅ២ …​ សូមប្រើប្រាស់នូវអ្វីដែលមាននៅក្នុងខ្សែ​ភាពយន្តនេះជាមូលដ្ឋាន សម្រាប់ការឆ្លុះបញ្ជាំងអំពីដំណើរជីវិតរបស់ខ្ញុំ។ អ្វីដែលខ្ញុំខ្លាចបំផុតគឺរឿងប្រវត្តិសាស្ត្របានបញ្ចូលនូវគំនិតរបស់អ្នកនិពន្ធ ហើយធ្វើឱ្យរឿងនោះគឺក្លាយទៅជារឿងខុសការពិត។ ឧទាហរណ៍ ខ្ញុំបានសំណូមពរឱ្យផ្អាកការបញ្ជាំងនៅតាមទូរទស្សន៍នានា ហើយរៀបចំការចាក់ផ្សាយឡើងវិញនោះគឺចម្រៀងបទ «អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម» ដែលនៅក្នុងរូបភាពនៃការចាក់ផ្សាយនោះ បានឃើញពេទ្យឆ្មបបោះកូនទៅក្រៅផ្ទះ។ នេះវាខុសពីការពិត។ ឥឡូវមានរូបភាពនៅក្នុងខ្សែភាពយន្តនេះហើយ។ ប្រសិនបើយើងចង់ដាក់ចូលគឺយើងត្រូវដាក់សាច់រឿងពិតដែលវាបានកើតឡើង ដូចដែលខ្សែភាពយន្តនេះបានបង្ហាញ។

(៥) ឆ្លុះបញ្ចាំងការពិតជាប្រវត្តិផ្ទាល់ខ្លួន ការតស៊ូរបស់ប្រជាជននិងអ្នកស្នេហាជាតិ រួមគ្នារំដោះប្រទេស

អញ្ចឹងសុំបញ្ជាក់ថា ខ្សែភាពយន្តទាំង ៩៦ភាគនេះ ត្រូវឆ្លងកាត់គ្រប់ពេលនូវការពិនិត្យរបស់ខ្ញុំ។ ពេលខ្លះខ្ញុំឱ្យថតឡើងវិញ។ សូម្បីតែស្លៀកពាក់មិនត្រូវ ទីកន្លែងនិងរបៀបសន្ទនាមិនត្រូវក៏ត្រូវឱ្យកែ។​ មានឈុត(ដែលត្រូវបានអោយ)ថតឡើងដូចជា ៤ ឬ៥កន្លែងដែរ ប៉ុន្តែភាគច្រើនជាងគេគឺការស្លៀកពាក់ខុស។ អញ្ចឹងទេនៅពេលដែលឆ្លងមកខ្ញុំនោះ ខ្ញុំក៏បានផ្តល់មតិឱ្យមានការកែតម្រូវឡើងវិញ បើមិនដូច្នេះទេស្ថានភាពគឺខុសជាមួយនឹងការពិត ដែលហៅថា រូបភាពក្បត់និងខ្លឹមសារ។ ឆ្លងកាត់នូវការធ្វើរឿងនេះ ខ្ញុំយល់បានអំពីការលំបាករបស់អ្នកធ្វើខ្សែភាពយន្ត ទាំងអ្នកនិពន្ធ អ្នកដឹកនាំរឿង ទាំងតួសម្តែង មិនមែនជាការងាយស្រួលទេ។

អ្វីដែលជារឿងគ្រោះថ្នាក់នោះនៅត្រង់ថា ត្រង់វគ្គដែលខ្ញុំយល់សប្តិធ្លាក់ទៅក្នុងទឹកទន្លេ ហើយទឹកទន្លេគួចចេញទៅខាងក្រៅ។ ពិតជាមានរឿងអព្ភូតហេតុបែបនេះមុនពេលខ្ញុំចាកចេញ ២ថ្ងៃ។ ខ្ញុំឈរនៅមាត់ទន្លេនៅស្រុកកំ​ណើតរបស់ខ្ញុំ។ ទឹកទន្លេបានគួច ច្រាំងទន្លេបានបាក់ ហើយទឹកទន្លេបានកួចខ្ញុំចេញពីច្រាំងទន្លេទៅដល់ពាក់កណ្តាលទន្លេ ហើយបានទឹកកួចខ្ញុំចូលមកដល់ច្រាំងវិញ។ អ្នកនិពន្ធ អ្នកដឹកនាំរឿង បានយករឿងនេះមកថត។ តួឯក ប៉ាន ខែមម៉ានូ ស្ទើរតែបាក់ឆ្អឹងខ្នងដោយសារតែទម្លាក់ខ្លួនរាងជ្រុល។ ជាសំណាងហើយដែលគាត់នៅសម្តែងបាន។ ប្រសិនបើមិនអញ្ចឹងទេ រឿងនេះមិនអាចចប់ទេ។

ខ្ញុំក៏សុំអរគុណចំពោះ ឯកឧត្តម ហ្វៃ សំអាង ក៏ដូចជា ឧកញ៉ា ហេង ឡុង ដែលបានសម្តែងទាក់ទងជាមួយនឹងការថតមួយផ្នែកទៀត ទុក្ខស្រី ប្តីព្រាត់​ និង ជីវិតក្មេងវត្ត។ ថ្ងៃនេះ មានការចូលរួមចំនួន ៥០នាក់ ដែលមកទទួលមេដាយផងដែរ ព្រមទាំងអ្នកចម្រៀងទាក់ទិននឹងការបញ្ចូលសម្លេងក្នុងខ្សែភាពយន្តនេះ មានលោក ជិន វឌ្ឍនា អ្នកស្រី ហ៊ឹម ស៊ីវន និងដូចជា អ្នកដែលច្រៀងបទដែលមានបញ្ចូលទៅក្នុងខ្សែភាពយន្តនេះ​ ត្រង់អានសំបុត្រស្ទើរបែកដើមទ្រូង។ ការថតនេះក៏បានក្លាយទៅជាព្រឹត្តិការណ៍មួយ។ អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺកុំឱ្យមានប្រវត្តិដល់ទៅពីរ។ តើប្រវត្តិមួយណាពិត ប្រវត្តិមួយណាមិនពិត?

កាលពីជំនាន់មុនគឺ ហង្សមាស បានថតគឺដឹកនាំដោយលោក ហ្វៃ សំអាង គឺថត ទុក្ខស្រីប្តីព្រាត់ អញ្ចឹងទុក្ខស្រីប្តីព្រាត់។ កាលពីពេលនោះ ឈុំ អាឈុន ឆ្លងទឹក រួចហើយលួចកាច់ពោតស៊ី ចេញមកធ្វើរដ្ឋមន្ត្រីការបរទេស។ វា​មិនមែនដូច្នោះទេ។ ប្រវត្តិរឿងរ៉ាវវាមានច្រើន។ រឿងនេះបានឆ្លុះបញ្ចាំងការពិតនៅក្នុងប្រវត្តិនៃខ្លួនខ្ញុំផង ហើយវាទាក់ទងនឹងប្រវត្តិនៃការតស៊ូរបស់ប្រជាជនកម្ពុជា ដែលមានក្រុមអ្នកស្នេហាជាតិដទៃទៀត រួមគ្នាដើម្បីរំដោះប្រទេសរបស់យើង។

(៦) ចេញពីអំណាច ដោយសារគិតគូរពីកត្តាសន្តិភាពនិងស្ថេរភាពសម្រាប់ប្រទេស

រឿងវាដូចជាគាប់ជួនណាស់។​ ថ្ងៃទី២៥ ខែកក្កដា ខ្ញុំបានចូលគាល់ព្រះមហាក្សត្រ រួចហើយចេញត្រឡប់មកវិញ ខ្ញុំបានប្រកាសថា ខ្ញុំមិនបន្តតំណែងជានាយករដ្ឋមន្រ្តីនៅក្នុងអាណត្តិថ្មីនេះទេ គឺត្រូវប្រគល់ទៅឲ្យអ្នកបន្តវេនជំនាន់ក្រោយ។ គាប់ជួននៅថ្ងៃនោះ គឺទាក់ទិនជាមួយនឹងយកកំណើតរបស់ ហ៊ុន ម៉ាណែត តែម្ដង។ នេះគឺជាការគាប់ជួន។ អ្នកទាំងអស់គ្នាអាចចោទសួរថា (សម្ដេចនៅ)មានកម្លាំង ហេតុអ្វីមិនបន្តធ្វើនាយករដ្ឋមន្រ្តីតទៅទៀត ចាំបាច់បន្តវេនអី? វាមិនមែនជាបញ្ហាផ្ទាល់របស់ខ្ញុំ ហើយវាមិនមែនជាបញ្ហារបស់ ហ៊ុន ម៉ាណែត ម្នាក់ឯងទេ ក៏ប៉ុន្តែនេះវាជាបញ្ហារួមរបស់ជាតិយើង។ សូមប្រយ័ត្នប្រយែងកុំឲ្យហួសពេល។

តើ​មានមនុស្សប៉ុន្មាននាក់នៅលើពិភពលោកនេះ ដែលសុខចិត្តលះបង់អំណាចនៅពេលដែលខ្លួនប្រជាប្រិយភាពកំពុងឡើងខ្ពស់? អ្នកដទៃគិតផ្សឹង។ មនុស្សមួយចំនួនចុះចេញពីអំណាចនៅពេលដែលធ្លាក់ឆ្នោត មនុស្សមួយចំនួនចុះចេញពីអំណាចដោយសារតែបញ្ហានេះ/នោះ តែសម្រាប់ខ្ញុំ ការចុះចេញពីអំណាចដោយសារការគិតគូរសម្លឹងទៅឲ្យឆ្ងាយពីកត្តាសន្តិភាពសម្រាប់ប្រទេសរបស់យើង។ ជាងមួយខែនៃការរៀបចំរាជរដ្ឋាភិបាល​ថ្មី តើប្រជាជនកម្ពុជាមានការភ័យខ្លាចដោយសារការផ្លាស់ប្ដូរមេដឹកនាំទេ? តើប្រជាជនបានទៅដកប្រាក់ ត្រៀម​អង្ករដើម្បីត្រៀមរត់នោះទេ? អត់ទេ។ ​ប្រសិនបើទុកយឺតបន្តិចរហូតដល់សុខភាពខ្ញុំមានបញ្ហា ឬរហូតខ្ញុំស្លាប់ រឿងវានឹងច្របូកច្របល់សម្រាប់ប្រទេសជាតិ។ ដូច្នេះ ខ្ញុំអាចនិយាយបានថា ការលះបង់របស់ខ្ញុំគឺជាការលះបង់ដើម្បីប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

វាមិនមែនបញ្ហា ហ៊ុន ម៉ាណែត តែម្នាក់ទេ។ ឥឡូវរដ្ឋមន្រ្តីក្មេងៗ គេកំពុងកាន់ការយ៉ាងខ្ជាប់ខ្ជួន។ ខ្ញុំក៏បញ្ជូនសារទៅឲ្យក្រុមប្រឆាំងទាំងឡាយបានភ្លឺភ្នែក។ អ្នកទាំងនោះ បានវាយតម្លៃថា ហ៊ុន សែន មិនហ៊ានចុះចេញពីអំណាចទេ។ ​​អ្នកស្គាល់ ហ៊ុន សែន តិចពេកហើយ។ អ្នកត្រូវរៀនសូត្រពី ហ៊ុន សែន បន្ថែមទៀត។ ហ៊ុន សែន ហោចណាស់ក៏រស់បាន ៣០ឆ្នាំទៀតដែរ។ អ្នកឯងចាំមើលទៅ។ ហើយ ហ៊ុន សែន ក៏នៅតែមានឥទ្ធិពលនយោ​បាយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំរីករាយដែលបានរៀបចំអោយស្ថិរភាពបន្តកើតមាននៅក្នុ​ងប្រទេស។

(៧) បើរដ្ឋាភិបាលអ៊ីស្រាអែលមិនតម្រូវអោយចាកចេញ យើងកុំរត់ចោលប្រជាជនអ៊ីស្រាអែល

ក្នុងប៉ុន្មានថ្ងៃនេះ មានរឿងរ៉ាវកើតនៅអ៊ីស្រាអែល។ នាយករដ្ឋមន្រ្តី បណ្ដារដ្ឋមន្រ្តីដែលមានការពាក់ព័ន្ធ កំពុងតាមដានដោយដិតដល់នូវព្រឹត្តិការណ៍។ មានអ្នកលើកឡើងដូចកាលពីឆ្នាំ២០១៣/២០១៤ ទៀតហើយ។ អ្នកទាំងអស់គ្នាអាចចាំបានថា កូរ៉េខាងជើងបានគំរាមកំហែងវាយប្រហារទៅលើកូរ៉េខាងត្បូង។ ប្រទេសមួយចំនួននៅក្នុងតំបន់បានប្រកាសថាត្រៀមយន្តហោះទៅដឹកជម្លៀសប្រជាជនរបស់គេចេញពីកូរ៉េខាងត្បូង។ ក្នុងពេលដដែល ក្រុមប្រឆាំងបានចោទមកលើខ្ញុំថា គ្មានគិតគូរអ្វីទៅលើពលករដែលរស់នៅកូរ៉េខាងត្បូង។ ពេលនោះ ខ្ញុំបានឆ្លើយតប អំពាវនាវចំពោះពលករយើងដែលនៅកូរ៉េខាងត្បូងកុំរត់ចោលប្រជាជនកូរ៉េខាងត្បូង។ ត្រូវរស់នៅជាមួយប្រជាជនកូរ៉េខាងត្បូង។

ឥឡូវករណីដូចគ្នា។ ប្រទេសមួយចំនួនត្រៀមយន្តហោះទៅដឹកនិស្សិតនិងពលកររបស់គេពីអ៊ីស្រាអែល។ អម្បាញ់មិញ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រាប់ខ្ញុំថា យើងមិនមានលទ្ធភាពធ្វើបែបនេះទេ។ ប្រជាជនអ៊ីស្រាអែលរស់នៅរបៀបណា គឺយើងរស់នៅរបៀបហ្នឹង។​ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីកសិកម្មដែលមាននិស្សិតច្រើនជាងគេ បានធ្វើការស្ទើពេញមួយយប់។ រដ្ឋមន្រ្តីអប់រំបានធ្វើកិច្ចការនេះ។ ជាអកុសលនិស្សិតយើងម្នាក់បានស្លាប់។ ឥឡូវយើងកំពុងតាមមើលអំពីសុវត្ថិភាពនៃពលរដ្ឋរបស់យើងនៅអ៊ីស្រាអែល។ ប្រសិនបើរដ្ឋាភិបាលអ៊ីស្រាអែល មិនតម្រូវឲ្យយើងចាកចេញទេ យើងកុំរត់ចោលប្រជាជនអ៊ីស្រាអែល

ករណីដូចគ្នានៅកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៣-២០១៤ ឥឡូវនេះបានកើតឡើងនៅឯអ៊ីស្រាអែល។ ប្រ​សិនបើរត់ចោលប្រជាជនអ៊ីស្រាអែល ក្នុងពេលដែលប្រជាជនអ៊ីស្រាអែលជួបការលំបាក ថ្ងៃក្រោយកុំចាំបាច់សុំទៅរៀន ឬសុំទៅធ្វើការនៅប្រទេសអ៊ីស្រាអែលតទៅទៀត។ ដូចគ្នាកាលពីជំនាន់កូវីដ-១៩ នៅដើមឆ្នាំ ២០២០ ប្រ​ទេសមួយចំនួនយកយន្តហោះទៅដឹកប្រជាពលរដ្ឋរបស់គេចេញពីប្រទេសចិន ក៏ប៉ុន្តែខ្ញុំធ្វើដំណើរទៅប្រទេសចិនដើម្បីជូនសារអំពីការសាមគ្គីភាពជាមួយនឹងប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ មួយផ្នែក មួយផ្នែកទៀតជូនសារទៅនិស្សិតកម្ពុជាសូមឲ្យបន្តរស់នៅជាមួយប្រជាជនចិនក្នុងកាលៈទេសៈលំបាក។

(៨) អំពាវនាវរកការសន្ទនា រកការស្រុះស្រួល តែមានយថាហេតុថា សង្គ្រាមអាចនឹងរីករាលដាល

ខ្ញុំសូមផ្តល់ជាយោបល់ដល់រាជរដ្ឋាភិបាល ដល់នាយករដ្ឋមន្រ្តី ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែលថាចាំ​បាច់​ត្រូវតែជម្លៀសប្រជាពលរដ្ឋនិស្សិតកម្ពុជាចេញ យើងកុំខ្លាចនឹងចំណាយប្រាក់កាសជួលយន្តហោះពិសេសទៅដឹកនិស្សិតរបស់យើងជាង ៤០០ នាក់ ចាកចេញពីអ៊ីស្រាអែល។ ប៉ុន្តែខ្ញុំមិនជឿថាអ៊ីស្រាអែលនឹងមានសំ​ណូមពរបែបនេះចំពោះយើងនោះទេ។ កងទ័ពយើងកំពង់ឈរជើងនៅលីបង់។ ខ្ញុំកំពុងតែគិតថា ការវាយបករបស់អ៊ីស្រាអែលទៅលើក្រុម Hamas លើកនេះ មិនមែនគ្រាន់តែតំបន់ Gaza ទេ …។

យើងមិនបញ្ចេញមតិណាមួយទាក់ទិននឹងកិច្ចការបរទេសនេះទេ។ អ្វីដែលយើងចង់បាន សូមឲ្យភាគីទាំងអស់អត់ធ្មត់ ស្វែងរកផ្លូវដោះស្រាយតាមរយៈនៃការសន្ទនា។ ខ្ញុំសូមអំពាវនាវចំពោះក្រុម Hamas ឲ្យដោះលែងចំណាប់ខ្មាំង ក្នុងហ្នឹងក៏មានពលរដ្ឋថៃចំនួនជាង ១០ នាក់ផងដែរ។ ខ្ញុំអំពាវនាវចំពោះក្រុម Hamas ថា ប្រ​សិនបើអ្នកចាប់ចំរិត ចាប់ជាចំណាត់ខ្មាំងយកទៅសម្លាប់ ឬធ្វើបាប គ្មានប្រយោជន៍ទេ។ ខ្ញុំអំពាវនាវ ឲ្យមានការសន្ទនា រកការស្រុះស្រួល ក៏ប៉ុន្តែខ្ញុំក៏កំពុងសម្លឹងឃើញថាសង្គ្រាមនេះនឹងរីករាលដាលទំហំ ដែលអ៊ីស្រាអែលអាចនឹងទៅត្រួតត្រាតំបន់ Gaza ឡើងវិញ បន្ទាប់ពីការដកចេញនាឆ្នាំ ២០០៥-២០០៦ ហើយអាចនឹងឈានទៅដល់ការវាយនៅលើទឹកដីលីបង់ដើម្បីបំផ្លាញចោលនូវមូលដ្ឋានរបស់ Hezbollah ដែលគាំទ្រក្រុម Hamas។ សង្ឃឹមថាកងទ័ពរបស់យើងដែលកំពុងស្ថិតនៅលីបង់រក្សាឲ្យបានខ្ជាប់ខ្ជួនស្តាប់បទបញ្ជានៃអង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

(៩) ប្រធានគណបក្សកាន់អំណាច មានសិទ្ធិបញ្ចេញយោបល់លើនយោបាយក្នុងនិងក្រៅប្រទេស

ខ្ញុំនិយាយពាក់ព័ន្ធនឹងនយោបាយបន្តិចទៅចុះ។ ហេតុអីបានជាលោក ហ៊ុន សែន ឯងនិយាយពីនយោបាយ។ ច្បាស់ជាវាយកទៅធ្វើអត្ថាធិប្បាយហើយ។ សុំផ្តាំទៅ មេបក្សកាន់អំណាច វានៅតែមានអំណាចអញ្ចឹង។ បើថាល្ងង់ណាស់ បង្រៀនបន្តិចទៅចុះ ក្រែងលោវានៅតែមិនចេះ។ ខ្ញុំបំពាក់មេដាយជូនអស់លោក អ្នកទាំងអស់គ្នាល្ងាចនេះក្នុងឋានៈខ្ញុំជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ប៉ុន្តែក្នុងតួនាទីជាប្រធានគណបក្សកាន់អំ​ណាច ខ្ញុំនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ខ្ញុំមិនបញ្ជាកម្លាំង​ជំនួសនាយករដ្ឋមន្រ្តីទេ។ ម៉ោងនេះ ពេលនេះមានតែនាយករដ្ឋមន្រ្តីទេដែលមានសិទ្ធិបញ្ជាកម្លាំង។ ឯខ្ញុំគ្មានសិទ្ធិបញ្ជាកម្លាំងទេ ក៏ប៉ុន្តែខ្ញុំមានសិទ្ធខាងនយោបាយ ត្រួតត្រាលើកិច្ចការនយោបាយ តែខ្ញុំមិនចុះហត្ថលេខា ឬបញ្ជាកម្លាំងនីតិប្រតិបត្តិទេ។

(១០) ពីក្មេងវត្តមកជានាយករដ្ឋមន្ត្រី និងពីកូនក្បត់អង្គការមកជានាយករដ្ឋមន្ត្រី

ឥឡូវនេះអាចនិយាយបានថា ពីក្មេងវត្តម្នាក់ក្លាយទៅជានាយករដ្ឋមន្រ្តីដែលត្រួតត្រាដឹកនាំប្រទេសរយៈពេល ៣៨ ឆ្នាំ ហើយបើគិតទាំងពីរទាំងឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីជាង ៤៤ ឆ្នាំ។ ពីកូនក្បត់អង្គការដែលត្រូវគេប្រមាថ ក៏ក្លាយទៅជានាយករដ្ឋមន្រ្តីទៀត។ អ្នកឯងត្រូវចាំ។ បើមិនជឿ កុំប្រមាថ។ ទំនាយអ្នកឯងមិនដល់ ព្រហ្មលិខិតចារ​មកមិនដល់ អ្នកគ្មានសំណាងនឹងធ្វើជានាយករដ្ឋមន្រ្តីទេ។ ខ្ញុំមិនដែលនឹកឃើញថា ខ្ញុំបានធ្វើជានាយករដ្ឋមន្រ្តីទេ។ កាលពីដើម ជីវិតរបស់ខ្ញុំវាផុយស្រួយណាស់ មិនរត់គេចពីការបាញ់ប្រហារទេ ក៏ប៉ុន្តែដើរចូលឱ្យគេបាញ់តែម្ដង។ អញ្ចឹងឥឡូវ វាបានតភ្ជាប់មកបែបនេះ។

(១១) នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រុមបន្តវេន គ្រប់គ្រងប្រទេសបាន

រឿងបន្តវេន បន្តពូជយ៉ាងណានោះ ស្ដាប់លោក Jame Sok ហៅលោក សុខ សុគន្ធ បកស្រាយទៅ។ វាពិតជា​តពូជពិតប្រាកដមែន។ ពូជទី១ គឺប្រទេសមួយត្រូវតែមានរដ្ឋាភិបាលបន្ត។ អញ្ចឹងចប់អាណត្តិទី៦ ចូលអា​ណត្តិទី៧។ អាហ្នឹងវាតពូជហើយ កុំឆ្ងល់ពេក។ ពូជទី២ ហ៊ុន ម៉ាណែត គឺជាសមាជិកគណបក្សប្រជាជន។ អញ្ចឹងជាការតពូជរបស់គណបក្សប្រជាជន ដែលជាគណបក្សឈ្នះឆ្នោត។ ឯពូជទី ៣ ខ្ញុំទទួលស្គាល់ថា (ហ៊ុន ម៉ាណែត) ជាកូនប្រុសរបស់ខ្ញុំ​ធ្វើជានាយករដ្ឋមន្រ្តី។ អញ្ចឹងតើវាខុសទេក្នុងការបន្តពូជ។ អ្នកឯងនិយាយពី “ឡើងតាមជើងខោ​ តពូជ”។​ តពូជ គេតហើយ។ ខ្ញុំសូមជម្រាបឱ្យអ្នកឯងបានភ្លឺភ្នែ  ឥឡូវនាយករដ្ឋមន្រ្តីបន្តវេន រដ្ឋមន្រ្តីក្រុមបន្តវេន វាយ៉ាងម៉េច? គេគ្រប់គ្រងប្រទេសបាន

(១២) ជាងមួយខែទៅនេះ សង្កថារបស់ សម្តេចធិបតី មានលក្ខណៈបង្គាប់បញ្ជា

ប៉ុន្តែពួកនេះ ភ្លើណាស់។ ទុកឱ្យភ្លើអញ្ចឹងកាន់តែល្អសម្រាប់យើង។ ប្រហែលជាអាខ្មៅលួចមើលរឿងហ្នឹង។ បើសិនអាខ្មៅមើលរឿងហ្នឹង គឺអាខ្មៅថោកណាស់ ព្រោះអាខ្មៅជំទាស់នឹងការថតខ្សែភាពយន្តនេះ។ អាហ្នឹងចង់សឹកយកប្រពន្ធ។ សឹកទៅអាខ្មៅអើយ។ ផ្ដាំពីនេះទៅ សំដី ហ៊ុន សែន អត់ដូរទេ ដូរតែតួនាទីទេ។ សូមផ្ដាំទៅអ្នកសរសេរអត្ថបទមួយ ដែលខ្ញុំនិយាយនៅថ្ងៃទី ២២ ខែសីហា (ឆ្នាំ ២០២៣)។ អត្ថបទនោះ វាមិនអាក្រក់ទេ ក៏ប៉ុន្តែគេបាននិយាយថា “សង្កថារបស់ ហ៊ុន សែន មានលក្ខណៈបង្គាប់បញ្ជា។ សង្កថា ហ៊ុន ម៉ាណែត គ្មាន​លក្ខណៈបង្គាប់បញ្ជាទេ”។ ខ្ញុំសូមផ្ដាំទៅអ្នកឯង ឥឡូវនេះសង្កថារបស់ ហ៊ុន សែន អត់មានលក្ខណៈបង្គាប់បញ្ជាទេ ប៉ុន្តែជាងមួយខែទៅនេះ សង្កថារបស់ ហ៊ុន ម៉ាណែត មានលក្ខណៈបង្គាប់បញ្ជា។ បញ្ហាស្ថិតនៅត្រង់ថា តំណែងនាយករដ្ឋមន្រ្តី បើមិនបង្គាប់បញ្ជាទេ មិនមែននាយករដ្ឋមន្រ្តីទេ

(១៣) អ្នកបានកើតនៅប្រទេសអ្នកមាន តែមិនប្រាកដថាខួរក្បាលអ្នកពូកែជាងគេទេ

ខ្ញុំសូមផ្ដាំទៅពួកអ្នកឯង ដែលធ្លាប់សរសេរអាក្រក់ពីប្រទេសរបស់ខ្ញុំ ធ្លាប់វាយប្រហារប្រទេសខ្ញុំ ជាពិសេសក្នុងដំណាក់កាលកូវីដ១៩។ អ្នកឯងវាយតម្លៃទាបបំផុតពីលើសមត្ថភាពគ្រប់គ្រងសភាពការណ៍របស់កម្ពុជា មីយ៉ាន់ម៉ា ឡាវ បង់ក្លាដេស ប៉ុន្តែទីចុងបំផុត ប្រទេសរបស់ពួកអ្នកឯងដែលជាប្រទេសអ្នកមាន មានមនុស្សស្លាប់ច្រើនជាងគេបង្អស់។ ប្រទេសកម្ពុជាមានមនុស្សឆ្លងតិចនិងស្លាប់តិច។ អ្នកឯងអត់ដែលបានសុំទោសពីកំ​ហុសនៃការវាយតម្លៃមិនត្រូវទេ។ ខ្ញុំធ្លាប់និយាយដោយត្រង់ៗ ហើយក៏សូមផ្ញើសារទៅម្ដងទៀតថា “ពួកអ្នកឯងមានសំណាងត្រឹមតែកើតនៅក្នុងប្រទេសអ្នកមានទេ ប៉ុន្តែត្រង់ខួរក្បាលអ្នកឯងមិនប្រាកដថា ពូកែជាងខ្ញុំនោះទេ។ សមត្ថភាពទន់ខ្សោយរបស់អ្នកឯង បានបង្ហាញតាមរបៀបដែលអ្នកឯងវាយតម្លៃសភាពការណ៍អត់ត្រូវ។ ថាពួកប្រឆាំងចុះ វាទន់ខ្សោយ វាល្ងង់ ប៉ុន្តែពួកអ្នកធ្វើអត្ថាធិប្បាយនៃប្រទេសអ្នកមានមួយចំនួន មិនប្រាកដថា ពួកនេះពូកែទេ។ សំណាងនៅត្រង់ពួកគេកើតនៅក្នុងប្រទេសអ្នកមាន គេបង្អាប់យើង។ ប៉ុន្តែការពិត ខួរក្បាលរបស់ពួកគេ មិនប្រាកដថាពូកែជាងពួកយើងទេ។ អញ្ចឹងយើងត្រូវមានមោទនភាពឡើង។

(១៤) តាំងពីឆ្នាំ ១៩៧០ កិច្ចការនៅពីមុខ … ឥឡូវមិនចាំបាច់ប្រញាប់ប្រញាល់ទៀតទេ

ថ្ងៃនេះ មានការជួបជុំ។ សូមអធ្យាស្រ័យពីបងប្អូនផងដែរ ដោយសារតែយើងមានការបំពាក់មេដាយរហូតទៅដល់ ៤១៩ នាក់ ជាចំនួនមួយច្រើន។ យើងបំពាក់ឱ្យទាំងអស់នូវអ្នកចូលរួម។ ក្នុងហ្នឹងមានតួសំដែង។ ក្នុង ៤១៩នាក់នេះ សរុបទាំង ៣ក្រុម៖ ក្រុមថតខ្សែភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” មាន ៣៦២នាក់ ក្នុងនោះមាន កុមារានិងកុមារី ១០នាក់, ក្រុមការងារថតចម្រៀងទុក្ខស្រីប្ដីព្រាត់ និងជីវិតក្មេងវត្ត របស់ឯកឧត្តម ហ្វៃ សំអាង ៥០នាក់, ក្រុមអ្នកនិពន្ធអ្នកចម្រៀង ៧នាក់ សរុបទាំងអស់ ៤១៩នាក់។ សូមជូនម្នាក់ៗ ចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងការបំពាក់មេដាយជូនតាមកម្រិតដែលបានស្នើសុំពីព្រះមហាក្សត្រ។ ខ្ញុំនិងភរិយា បំពាក់វគ្គទី១ បន្ទាប់ទៅ នាយករដ្ឋមន្រ្តីនឹងបំពាក់ដំណាក់កាលទី២។ សម្រាប់កុមា​រា កុមារី ១០នាក់ ដែលមិនទាន់មានសិទ្ធិទទួលការបំពាក់មេដាយ ជាជំនួសមកវិញ ខ្ញុំនិងភរិយា បានរៀបចំជាខ្សែកអនុស្សាវរីយម្នាក់ ៥ជី មានតម្លៃ ១,០៨១ ដុល្លារ ក្នុងមួយខ្សែ ដែលមានខ្សែ ៤ ជី និងបន្តោង ១ ជី ទុកជាវត្ថុអនុស្សាវរីយ៍នៃការថតនេះផងដែរ។

ថ្ងៃនេះមានការផ្សាយបន្តផ្ទាល់។ ខ្ញុំបង្ហោះ tiktok ខ្ញុំបង្ហោះសារ តាមតេឡេក្រាម គឺប្រជាពលរដ្ឋបានសំណូមពរ ចង់ស្តាប់សម្លេងខ្ញុំឡើងវិញ។ ឥឡូវបានស្តាប់នៅថ្ងៃនេះថា សម្លេងហ៊ុនសែន នៅតែហ៊ុនសែន អត់ទៅណាទេ។ កែវាមិនឡើងទេ។ វាមានរឿងមួយក៏គួរតែនិយាយបន្តិចដែរ។ ខ្ញុំមិនដឹងថាដកបានឬមិនបាននៅក្នុងចំរៀងជីវិតក្មេងវត្ត ត្រង់កន្លែងមានអ្នកយកស្រាទៅចាក់លើក្បាលខ្ញុំជាក្មេងវត្ត។ កាលហ្នឹងខ្ញុំពិនិត្យដែរ តែដូចជាភ្លាត់យ៉ាងម៉េច។ មនុស្សដូចជា ហ៊ុន សែន (មិនអាច)ឲ្យគេយកស្រាចាក់លើក្បាលទេ។ ហ្នឹងបង្ហាញពីវប្បធម៌ដែលមិនគោរពផង។ ខ្ញុំសុំនិទានអំពីរឿងហ្នឹងបន្តិចចុះ វគ្គត្រង់ហ្នឹងកែបន្តិចបានទេ។ កន្លែងហ្នឹង ខ្ញុំដូចជាធ្លោយ … មនុស្ស ហ៊ុន សែន តាំងពីកុមារ រហូតដល់ពេលនេះ មិនអាចមានអ្នកណាមកវាយក្បាលបានទេ។

សូមបញ្ជាក់ជូនដែរថា ៥៣ ឆ្នាំកន្លងទៅ ពេលនេះខ្ញុំកំពុងតែសុខសប្បាយណាស់។ អ្វីដែលជាការព្រួយបារម្ភគឺឡើងគីឡូ ព្រោះយើងមិនសូវបានហាត់ប្រាណ។ ប៉ុន្តែកាលដែលខ្ញុំចាប់ផ្តើមធ្វើទាហាននៅឆ្នាំ ១៩៧០ កិច្ចការនៅពីមុខរហូត។ ភ្ញាក់ឡើងប្រញិបប្រញាប់រហូតពេលធ្វើនាយករដ្ឋមន្ត្រី។ ឥឡូវពេលដែលខ្ញុំភ្ញាក់ឡើងគឺខ្ញុំមិនចាំបាច់ប្រញាប់ប្រញាល់ទេ។ មើលនេះមើលនោះ។ ពីដើមត្រូវប្រញាប់ប្រញាល់ ឯកសារគលើតុ។ ឥឡូវនា​យករដ្ឋមន្ត្រីដឹងខ្លួនហើយថា ខ្លួនធ្វើការយ៉ាងម៉េចខ្លះ? ឥឡូវចេះនិយាយថាម៉ោង១ ម៉ោង២ ម៉ោង១២ មិនទាន់បានដេក។ ធ្វើទៅ។ ប្អូនពៅប្រាប់តាមគ្រុបថា បងនីៗ ថតមុខបងណែត ទុក ហើយកត់ថ្ងៃខែឲ្យច្បាស់ ចាំឆ្នាំក្រោយផ្ទៀងឡើងវិញ ថាមុខជ្រួញប៉ុន្មាន។ ប៉ុន្តែហ៊ុនសែន មុខអត់ជ្រួញទេណា។ តួ ហ៊ុន សែន ទេ ដែលមុខជ្រួញ។

បន្តិចទៀត តួឯក តួសំដែង មកជួបជាមួយនឹងតួពិត។ យើងពិបាករកតួណាស់ ទម្រាំរើសបានមនុស្សមក។ ឥឡូវតួមនុស្សដើរតួតាំងពីខ្ញុំអាយុ ១៧ ឬ១៨ ឆ្នាំ រហូតដល់អាយុ ២៧ ឬ២៨ ឆ្នាំ។ អញ្ចឹងនៅតែតួហ្នឹង។ ហេង ច័ន្ទមុនីរ័ត្ន ដើរតួ ម៉ារ៉ានី តាំងពីម៉ារ៉ានីអាយុ ១៦ រហូតដល់ម៉ារ៉ានីអាយុ ២៦ ឆ្នាំ។ អញ្ចឹងយើងអត់មានតួណាផ្សេង។ យើងមិនអាចដូរតួបាន ប៉ុន្តែយើងមានដូរតួក្មេងៗ។ ដូរតួបាន ខ្ញុំនិយាយទៅណាទៀតហើយ។ឥឡូវល្មមដល់ម៉ោងដែលត្រូវចាប់ផ្តើមបំពាក់មេដាយ។ ចុងបញ្ចប់ ជាមួយនឹងការប្រកាសបិទបញ្ចប់បិទកាម៉េរ៉ាថតរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ខ្ញុំសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អស់លោក អ្នកនាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភា​នៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ!

*********

Selected Comments Samdech Techo Hun Sen, at the closing ceremony of the film “The son under the full moon”

[Unofficial and translation]

——————–

CNV:

(1) Different generations of actors acted in the “son under the full moon”

Today is my first appearance after August 22, when I held a press conference after leaving the post of Prime Minister of the Kingdom of Cambodia and giving the next generation a turn to run the executive office […] according to historical facts, this story has many more characters […] if we had to make a movie of the whole story, we could have up to 300 episodes. We cannot afford to do that. We have collected actors from the Sangkum Reastr Niyum era and subsequent generations for different performances. I understand the difficulty of filming this. The hardest part, as I said, when we started the preparation for this film was that our actors were not as shabby as the actual characters of that era […]

(2) Dialogue, creativity, storytelling facilitates lack of geography and actual actors

On the other hand, the geographical location of the shooting is difficult. The country is developed differently now. We have to find a location (in many areas to) make this film. If I am not mistaken, this film was shot in Phnom Penh, Kandal, Kampong Speu, Takeo, Kampong Cham, Tbong Khmum and Kampong Thom, and many more […] the director had also been innovative to make this shoot a reality. As for the way of acting, because this event is connected with neighboring countries, in other words, Vietnam, we could not afford to ask Vietnamese actors to participate in the performance. We opted for the method of making dialogue so that the audience would understand. There are other resistance movements, such as the uprising in the East, the movement in the Northeast, the movement in Koh Kong, the gathering of some dignitaries after the Geneva conference, where we could not find characters to substitute so we only use the narrative method […] the conversation help reveal the history of the transition from one stage to another […]

(3) Do not let history incorporate the author’s ideas to distort the facts

Although it does not completely reflect what happened, I would suggest that there should be no two stories about Hun Sen’s history […] please use what is in this film as a basis for reflection about my life journey. What I fear most is that history incorporates the writer’s ideas and turns them into false facts. For example, the song titled “a pathetic son, story of a suffering mother” in the broadcast, I saw they make a scene of the midwife throwing the baby out of the house. This is different from the truth. Now that we have pictures in this movie, you can take it from there. we have to put the real story where and how it happened […] let me confirm that these 96 episodes have had to go through my review. Sometimes I have asked them to remake it […] because this story reflects the truth in my own history, and it has to do with the history of the struggle of the Cambodian people and with other patriotic groups together to liberate our country […]

(4) Stepping down from power to keep long-lasting peace for the country

On July 25, I met with HM the King and upon returning I announced that I would not continue as Prime Minister in the new term, but would hand over to the next generation […] Everyone can ask that (since Samdech) is still strong, why not continue to be the Prime Minister, why give it to the next generation? It is not my personal problem and it is not the problem of Manet alone, but this is the common problem of our nation […]

[…] How many people in the world are willing to relinquish power when their popularity is soaring? […] Some people step down when they lose the election […] or because of this/hat reason, but for me, I am stepping down from power because I had to think and look far ahead about the peace factor for the country. More than a month after the formation of the new government, are Cambodians afraid of a change of leadership? Did people withdraw money or to stock rice or get ready to run? None at all. If I were to leave thing the way they were until my health was in trouble or until I die, it would be a mess for the nation. I can say that my sacrifice is for the Cambodian people to live in continuous peace and development […]

(5) If the Israeli government does not require us to leave, do not flee from the Israeli people

These days, things are happening in Israel. The Prime Minister and relevant ministers are closely following the events. There are people who mentioned the same thing as in 2013 or 2014. Everyone can remember that North Korea threatened to attack South Korea. Some countries in the region have announced that they were preparing planes to evacuate their people from South Korea. At the same time, the opposition accused me of neglecting our workers in South Korea. At that time, my response was to the call for our workers in South Korea not to flee the South Korean people. We have to live with the people of South Korea […]

Prime Minister Hun Manet told me that we could not afford to do like other countries at this moment. We must continue to live the way the Israeli people do […] We are now monitoring the safety of our citizens in Israel. If the Israeli government does not require us to leave, we should not flee the people of Israel […] however, I wish to share my opinion with the Royal Government that should the Israeli government require our students leaving, we should be ready to hire the flight charter to transport more than 400 of our students out of Israel. But I do not believe that Israel will have such a request […]

(It is my appeal that) all parties patiently find a solution through dialogue. I call on Hamas to release the hostages […] if the hostages are killed or tortured, there would be anything thing useful to them. As I call for a reconciliation dialogue, I am also looking forward to the possible war […] that will be spreading to Lebanon to destroy the Hamas-backed Hezbollah base. Hopefully our troops in Lebanon remain steadfast in obeying UN orders as the UN peacekeepers […]

(6) The president of the ruling party has the right to express opinion on domestic and foreign politics

Why is Mr. Hun Sen talking about politics? They will definitely make comments on that. Let me tell them that the leader of the ruling party still possesses power […] I will present medals to everyone here tonight in my capacity as the President of the Supreme Council of HM the King, but as the President of the Ruling Party, I still have the right to express opinions on political issues both at home and abroad. I do not command forces in place of the Prime Minister. At this time, only the Prime Minister has the authority to command the force. I do not have the right to command the force, but I do have the political right to control the political affairs […]

(7) From the pagoda boy to be the Prime Minister, and from the Angkar’s traitor to the Prime Minister

It can now be said that from a pagoda boy to become the prime minister and rule the country for 38 years, and if considering both as the Deputy Prime Minister and the Prime Minister, for more than 44 years. From the sone of the Angkar’s traitor, whom they insulted, to become now the Prime Minister […] it is really hereditary. The first is that a country must have a continuous government. So, at the end of the 6th legislative term of the National Assembly, we now continue into the 7th term […] secondly, Hun Manet, a member of the CPP, thus, the descendants of the CPP, the party that won the election. Thirdly, I recognize that (Hun Manet) is my son and he is the Prime Minister. Is it wrong to have a hereditary? […]

I’m fine now. The thing to worry about is gaining weight because I do not exercise much. Since when I started in the military in 1970, the task was always waiting for me. I always wake up in a hurry to it. When I became the Prime Minister too. Now, when I wake up, I do not have to rush. I can read this and that […]./.

អត្ថបទទាក់ទង