Grand News Asia Close

វិភាគអន្តរជាតិ៖ ដើមហេតុនៃជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនី?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 164
វិភាគអន្តរជាតិ៖ ដើមហេតុនៃជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនី? វិភាគអន្តរជាតិ៖ ដើមហេតុនៃជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនី?

(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាស៊ែបៃហ្សង់ កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា បាននិយាយថាខ្លួនបានចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាមួយប្រឆាំងនឹងកងកម្លាំង អាមេនីនៅក្នុងទឹកដីរបស់ខ្លួន ដែលនេះបង្កឱ្យមានការភ័យខ្លាចនៃការកើនឡើងភាពតានតឹងនៅក្នុងជម្លោះមួយដែលធ្លាប់បានផ្ទុះទៅជាសង្រ្គាម ២លើក រួចមកហើយ ចាប់តាំងពីការរលំរលាយសហភាពសូវៀតក្នុងឆ្នាំ១៩៩១មក។

អំពើហិង្សា និងជម្លោះភូមិសាស្ត្រនយោបាយអស់រយៈពេលរាប់ទសវត្សរ៍មកនេះ បានចាក់ឬសនៅក្នុងជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនី ដែលសុទ្ធសឹងតែធ្លាប់ជា អតីតសាធារណរដ្ឋក្នុងសហភាពសូវៀត ជុំវិញជម្លោះទឹកដីក្នុងតំបន់ Nagorno-Karabakh។ ភាពតានតឹងបានឡើងកម្ដៅខ្លាំង នារយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រោយ អាស៊ែបៃហ្សង់រឹតបន្តឹងការគ្រប់គ្រងលើច្រករបៀងឈ្មោះ Lachin ជាផ្លូវតំបន់ភ្នំមួយភ្ជាប់តំបន់ Nagorno-Karabakh ទៅកាន់អាមេនី។

កងកម្លាំងរក្សាសន្តិភាពរុស្ស៉ីនៅទីនោះ មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរក្សាស្ថិរភាពបានឡើយ ដ្បិតមូស្គូកំពុងជាប់ដៃឈ្លានពានអ៊ុយក្រែន។ សកម្មភាពយោធារបស់ អាស៊ែបៃហ្សង់នៅពេលនេះត្រូវបានក្រុមអ្នកជំនាញដូចជា លោក Alexander Iskandaryan ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់មានមូលដ្ឋានក្នុងរដ្ឋធានីយ៉េរ៉េវ៉ាន់ (Yerevan) យល់ថាមានលក្ខណៈទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីផ្ទុះសង្រ្គាម២លើករួចមក។ បើតាមអ្នកជំនាញរូបនេះ «បញ្ហាសំខាន់ គឺនៅត្រង់ថាតើអាស៊ែបៃហ្សង់ ចង់កាន់កាប់តំបន់ Karabakh ទាំងមូល ឬក៏ចង់បណ្ដេញជនជាតិអាមេនីទាំងអស់ចេញពីទីនោះ»។ ក្រុមមន្ត្រីនៅក្នុងតំបន់ Nagorno-Karabakh បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថាមនុស្សយ៉ាងហោច ២៥នាក់ ក្នុងនោះមានជនស៊ីវិល ២នាក់ និងអ្នកនៅសល់ជាយោធាបានស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នា។ រហូតដល់ថ្ងៃពុធ ទី២០ ខែកញ្ញា អាស៊ែបៃហ្សង់ និងកងកម្លាំងផ្ដាច់ខ្លួនអាមេនី Nagorno-Karabakh បានឈានដល់បទឈប់បាញ់មួយ ក្រោមការសម្របសម្រួលពីកងកម្លាំងរក្សាសន្តិភាពរុស្ស៉ី។ បទឈប់បាញ់ក៏ធ្លាប់បានធ្វើឡើង ជាច្រើនលើកកន្លងមកដែរ តែមិនធ្លាប់អាចបិទបញ្ចប់ជម្លោះបានឡើយ។ ដូច្នេះខាងក្រោមគឺជាចំណុចសំខាន់ៗគួរដឹងពីជម្លោះរុំារ៉ៃរវាង អាស៊ែបៃហ្សង់ និងអាមេនី៖

* មូលហេតុនៅពីក្រោយជម្លោះ
នៅពេលសហភាពសូវៀតរលំរលាយ តំបន់ Nagorno-Karabakh បានប្រកាសឯករាជ្យភាពរបស់ខ្លួន ភ្ជាប់ជាមួយបំណងចង់រួបរួមជាមួយអាមេនី។ ការប្រកាសឯករាជ្យ នេះឯងគឺជាដើមហេតុធំមួយនៃការផ្ទុះសង្រ្គាមនៅពេលក្រោយមកទៀតអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងរាប់សែននាក់ រត់ភៀសខ្លួនគេចចេញពីជម្លោះ។ បទឈប់បាញ់មួយក្នុងឆ្នាំ១៩៩៤ បានរក្សាទុកឱ្យអាមេនីគ្រប់គ្រងទឹកដីមួយចំណែកធំ និងស្រុកជុំវិញចំនួន៧ នៃតំបន់ជម្លោះ។

សង្រ្គាមលើកទី២ បានផ្ទុះឡើងក្នុងឆ្នាំ២០២០ ដោយសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់ម៉ឺននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន។ ក្នុងសង្រ្គាមនេះ អាស៊ែបៃហ្សង់ បានដណ្ដើមកាន់កាប់ទឹកដីមួយផ្នែកធំនៃតំបន់ Nagorno-Karabakh ពីកងកម្លាំងអាមេនី ដោយប្រើយន្ដហោះដ្រូនទិញពីតួកគី និងអ៉ីស្រាអែល។ រុស្ស៉ី ដែលប្រៀបដូចជា អាណាព្យាបាលរបស់អាមេនី បានសម្របសម្រួលឱ្យមានបទឈប់បាញ់ និងបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព ២,០០០នាក់ក្នុងតំបន់។ អាស៊ែបៃហ្សង់ដែលមានសេដ្ឋកិច្ច កាន់តែរីកចម្រើនតាមរយៈការនាំចេញប្រេង និងឧស្ម័នធម្មជាតិ បាន និងកំពុងព្យាយាមពង្រឹងជ័យជម្នះរបស់ខ្លួន ក្រោយសង្រ្គាមចាយពេលជាង៤៤ថ្ងៃ កាលពីឆ្នាំ២០២០ ទាំងតាមរយៈកិច្ចចរចាលើកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ និងទាំងការបិទខ្ទប់ច្រករបៀងដែលតភ្ជាប់រវាងអាមេនី និងតំបន់ Nagorno-Karabakh។

តំបន់ Nagorno-Karabakh ត្រូវបានអន្តរជាតិទទួលស្គាល់ថាជាទឹកដីស្របច្បាប់របស់អាស៊ែបៃហ្សង់ តែប្រជាជនភាគតិចអាមេនី ១២០,០០០នាក់ កំពុងរស់នៅក្នុងតំបន់នេះ និងមានរដ្ឋាភិបាលផ្ទាល់ខ្លួនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេនី។ ប៉ុន្តែ មិនត្រូវបានទទួលស្គាល់ជាសាធារណៈដោយអាមេនីខ្លួនឯង ឬក៏ប្រទេសដទៃណាមួយឡើយ។

* តើប្រតិបត្តិការយោធាចុងក្រោយបំផុតរបស់អាស៊ែបៃហ្សង់ មានទំហំប៉ុនណា?
ក្រសួងការពារជាតិអាស៊ែបៃហ្សង់ បានហៅសកម្មភាពយោធារបស់ខ្លួនកាលពីថ្ងៃអង្គារថាជា «ប្រតិបត្តិការយោធាប្រឆាំងភេរវករក្នុងតំបន់» ជាមួយការគូសបញ្ជាក់ថាយោធា អាស៊ែបៃហ្សង់ កំពុងប្រើប្រាស់អាវុធកំណត់គោលដៅជាក់លាក់ដើម្បីវាយប្រហារលើគោលដៅ ដែលត្រូវបានចាត់ទុកថាជាទីតាំងយោធារបស់អាមេនី។ ក្រុមមន្ត្រីគាំទ្ររដ្ឋាភិបាល អាមេនីក្នុងតំបន់បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថារដ្ឋធានី ទីក្រុង និងភូមិជាច្រើនរបស់ខ្លួន បានរងការទម្លាក់គ្រាប់បែកដែលទំនងជាការចាប់ផ្ដើមនៃការធ្វើប្រតិបត្តិការ យោធាវាយលុយទ្រង់ទ្រាយធំ។ លោក Farhad Mammedov ជានាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវ Center of South Caucasus មានមូលដ្ឋានក្នុងរដ្ឋធានីបាគូ (Baku) ប្រទេសអាស៊ែបៃហ្សង់ បាននិយាយថាដោយសារតែមានប្រៀបខាងយោធា អាស៊ែបៃហ្សង់មានសេរីភាពចង់ធ្វើនូវអ្វីដែលខ្លួនចង់។ លោក Mammedov បន្ថែមថា «ទឹកដីនេះកំពុង ត្រូវបានឡោមព័ទ្ធទាំងស្រុងដោយកងកម្លាំងប្រដាប់អាវុធអាស៊ែបៃហ្សង់ ហើយការប៉ុនប៉ងវាយបក នឹងមិនទទួលជោគជ័យឡើយ»។ ប៉ុន្តែ ខណៈកងកម្លាំងអាស៊ែបៃហ្សង់ មានសមត្ថភាពខ្លាំងជាងកងកម្លាំងគាំទ្រអាមេនីក្នុងតំបន់ Nagorno-Karabakh ក៏ពិតមែន ក៏ពួកគេនឹងត្រូវប្រឈមមុខការប្រឆាំងជំទាស់យ៉ាងខ្លាំងពីប្រជាជនអាមេនីក្នុងតំបន់។

* អ្វីទៅជាការទាមទាររបស់អាស៊ែបៃហ្សង់?
ចាប់តាំងពីមានបទឈប់បាញ់ក្នុងឆ្នាំ២០២០មក អាស៊ែបៃហ្សង់បានទទូចថាខ្លួនត្រូវតែគ្រប់គ្រងលើតំបន់ Nagorno-Karabakh ទាំងមូលនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយ។ រដ្ឋាភិបាលទីក្រុងបាគូ ក៏បានទាមទារផងដែរឱ្យប្រជាជនភាគតិចអាមេនី ត្រូវយល់ព្រមស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាស៊ែបៃហ្សង់ ឬក៏ត្រូវចាកចេញពីតំបន់នេះ។ ខាងអាមេនី ឯណោះវិញ បានថ្កោលទោសការទាមទាររបស់អាស៊ៃបៃហ្សង់ ដោយចាត់ទុកថានេះជាទម្រង់មួយនៃការលុបបំបាត់ពូជសាសន៍ ស្របពេលរុស្ស៉ីត្រូវបានគេមើលឃើញថា ហាក់មិនមានអំណាចគ្រប់គ្រាន់ដើម្បីបន្ធូរបន្ថយភាពតានតឹង។

កាលពីថ្ងៃអង្គារ ក្នុងពេលដែលក្រសួងការពារជាតិអាស៊ែបៃហ្សង់ ប្រកាសពីការធ្វើប្រតិបត្តិការយោធា ក្រសួងការបរទេសនៃប្រទេសមួយនេះបានចេញផ្សាយនូវអ្វីដែលមើលទៅ ដូចជាឱសានវាទមួយ ដោយនិយាយថា «ទាល់តែមានការរំលាយចោលទាំងស្រុងនូវកងកម្លាំងគាំទ្ររដ្ឋាភិបាលអាមេនីក្នុងតំបន់ ទើបសន្តិភាព និងស្ថិរភាពអាចកើតមានឡើង»។ ប៉ុន្មានម៉ោងក្រោយមក ការិយាល័យប្រធានាធិបតីអាស៊ែបៃហ្សង់បានគូសបញ្ជាក់បន្ថែមថា «រដ្ឋាភិបាលផ្ដាច់ខ្លួនត្រូវតែទម្លាក់អាវុធ និងរំលាយខ្លួនឯងចោល បើពុំដូច្នោះទេ «វិធានការ ប្រឆាំងភេរវករ» នឹងនៅតែត្រូវបន្តធ្វើឡើងរហូតដល់ទីបំផុត។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានអះអាងថា «អាមេនីមិនបានចូលរួមក្នុង ប្រតិបត្តិការយោធាឡើយ។ ខ្ញុំសូមកត់សម្គាល់ឡើងវិញថាសាធារណរដ្ឋអាមេនី មិនមានកងទ័ព នៅក្នុងតំបន់ Nagorno-Karabakh នោះទេ ហើយក្នុងពេលបច្ចុប្បន្ន យើងក៏នឹងមិន ចាត់វិធានការបន្ទាន់ណាមួយដែរ»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass។

គួរបញ្ជាក់ថា កន្លងមក រុស្ស៉ីបានដើរតួនាទីយ៉ាងខ្លាំងនៅក្នុងជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនី។ ប៉ុន្តែ សង្រ្គាមនៅអ៊ុយក្រែន បានរារាំងសមត្ថភាពរបស់រុស្ស៉ី ក្នុងការបាចសាច អំណាចយោធាក្នុងតំបន់ ដែលនេះបាន និងកំពុងអនុញ្ញាតឱ្យអាស៊ែបៃហ្សង់ធ្វើតេស្ដថាតើរុស្សី នៅតែអាចបង្ខំឱ្យប្រទេសក្បែរខាងរបស់ខ្លួនធ្វើតាមអ្វីដែលខ្លួនចង់បានដែរឬ ក៏យ៉ាងណា? ជាក់ស្ដែង កងទ័ពរុស្ស៉ីមិនបានធ្វើអន្តរាគមន៍ទេ នៅពេលជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនី ផ្ទុះឡើងមួយប្រាវកាលពីខែមករា ដើមឆ្នាំកន្លងទៅនេះ។

ក្រៅតែពីរុស្ស៉ី តួកគី ក៏ជាតួអង្គសំខាន់មួយដែរនៅក្នុងជម្លោះ ដោយទីក្រុងអង់ការ៉ាឈរនៅខាងអាស៊ែបៃហ្សង់។ នៅពេលភាពតានតឹងកើតឡើងកាលពីដើមឆ្នាំ២០២៣ តួកគី បាននិយាយថាខ្លួននឹងឈរនៅខាងអាស៊ែបៃហ្សង់។ សហរដ្ឋអាមេរិកវិញ ក៏តែងតែជាព្យាយាមជាយូរមកហើយក្នុងការបញ្ជ្រាបឥទ្ធិពល ក្នុងតំបន់កូកាសខាងត្បូង (South Caucasus) និងបណ្ដារដ្ឋដទៃទៀតដែលធ្លាប់ស្ថិតក្នុងប្លុកសូវៀត។ ចំណែក សហភាពអឺរ៉ុប ក្នុងពេលជំរុញឱ្យមានកិច្ចចរចា ប្លុកអឺរ៉ុបមួយនេះក៏បានបោះដៃទៅរកអាស៊ែបៃហ្សង់ដែរ ក្នុងនាមជាដៃគូថាមពល ហើយក៏បានបញ្ជូនក្រុមអ្នកអង្កេតការណ៍ទៅត្រួតពិនិត្យ នៅតាមតំបន់ព្រំដែនអាមេនីជាមួយអាស៊ែបៃហ្សង់ផងដែរ៕

អត្ថបទទាក់ទង