Grand News Asia Close

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei សូមថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែតក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 756
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei សូមថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែតក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei សូមថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែតក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd

នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​​ លោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ។
លោក​ លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលអនុញ្ញាតឱ្យ​រូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំង​​បាន​អបអរសាទរចំពោះ​ សម្ដេចធិបតី ដែល​ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​ ព្រមទាំង​​បាន​ថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ។ លោក​ ​លាំង ហ័រ ក៏​បាន​គោរពរាយការណ៍ជូន សម្ដេចធិបតី ផងដែរ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ​កន្លងមកនេះ ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ​។​
ជាការ​ឆ្លើយតប សម្ដេចអធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូ​ក្រុមហ៊ុន និង​បានថ្លែងអំណរគុណចំពោះ​ក្រុមហ៊ុន Huawei Technology Co., Ltd ដែល​សហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ​ងបាន​ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង​រយៈពេល​ជា​ង២ទសវត្សរ៍មក​ហើយ សម្ដេចអធិបតី​ សង្ឃឹមថាក្រុមហ៊ុន Huawei Technology Co., Ltd នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់​កម្ពុជា និងបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការល្អ​ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និង​លើកទឹកចិត្តឱ្យ​មានការវិនិយោគកាន់តែច្រើនមកកម្ពុជា ។ សម្ដេចអធិបតី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃ​សុខសន្ដិភាព និង​ស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ​នៃ​ការ​បង្កើន​ទំនុកចិត្តដល់វិនិយោគិន​នៅកម្ពុជា។
សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមផងដែរ ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ គឺមានសារៈសំខាន់ណាស់ ដែល​ទាម​ទារ​ឱ្យ​រាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការ​រួម​គ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យ​កាន់តែរីកចម្រើនថែមទៀត ហើយ​ក៏បាន​​ស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះ​ការវិនិយោគលើ​បច្ចេកវិទ្យាថ្មីៗ និង​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ បន្ថែមលើនេះ សម្ដេចអធិបតី ក៏បានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត​ ដូចជា​ការវិនិយោគ​ការផលិត​សម្ភារ​គ្រឿងបង្គុំអេឡិក​ត្រូនិកជាដើម ។
សម្ដេចធិបតី និង ​​លោក​ លាំង ហ័រ ក៏​បានពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍លើ​ការ​បណ្ដុះបណ្ដាល​ជំនាញនេះ ដោយចាប់ផ្តើម​ពីកម្រិតបឋមសិក្សា​​ រហូត​ដល់កម្រិត​សាកល​វិទ្យាល័យ ​​។ ​កន្លង​មកនេះ ​ក្រុមហ៊ុន​ Huawei Technology Co., Ltd ក៏​បាន​សហការ​ជាមួយ​ដៃគូ នៅតាមសាកលវិទ្យាល័យ​មួយចំនួននៅកម្ពុជា​ ​លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើ​វិស័យ​ឌីជីថលផងដែរ​ ។
មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់សារ​ជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាកិច្ចបញ្ចប់ លោក លាំង ហ័រ បានគោរពជូនពរ សម្តេចធិបតី ទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

អត្ថបទទាក់ទង