Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលស្វាគមន៍ និងពិភាក្សាការងារ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 237
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលស្វាគមន៍ និងពិភាក្សាការងារ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលស្វាគមន៍ និងពិភាក្សាការងារ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា

នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០ នាទីរសៀល, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ជាការ ឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម និង គណៈប្រតិភូ និងបានអរគុណ ចំពោះការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដែលឯកឧត្តម និងគណៈប្រតិភូជួបសម្ដែងការគួរសមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូប រួមទាំង សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ ។

ជាកិច្ចបន្ទាប់, សម្ដេចធិបតី និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាទៅលើ កិច្ចសហប្រតិបត្តិការវាងកម្ពុជា-ជប៉ុន ជាពិសេស ក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។ ជាក់ស្តែង, សម្ដេចធិបតី បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើនដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ, ជាពិសេស, ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែលបានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗ សម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព។ ជាមួយនឹងការកំណត់ក្របខ័ណ្ឌគតិយុត្ត និងយន្តការជាក់លាក់, ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ទន្ទឹមនេះ, ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបជូន សម្ដេចធិបតី អំពីចំណាប់អារម្មណ៍របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗ ២ គឺ៖ (១.) ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគក្នុងវិស័យ ដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យទាំងនេះក៏មានសង្គតិភាពទៅនឹងក្របខ័ណ្ឌគោលនយោបាយ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតី ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងទាំងនេះ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចធិបតី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោល នយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់។

មុននឹងបញ្ចប់ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបបន្ថែមអំពីគោលបំណង នៃការដឹកនាំគណៈប្រតិភូធុរកិច្ចជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត នៅខែវិច្ឆិកាខាងមុខ និងបានគោរពស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ដើម្បីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ។ សម្ដេចធិបតី បានស្វាគមន៍ដោយវិជ្ជមាន ចំពោះគោលបំណងនេះ ហើយ សម្ដេច ធិបតី នឹងទទួលជួបក្នុងករណីមិនមានបេសកកម្មក្រៅប្រទេស ហើយពេលវេលាសមស្រប។

ជាចុងបញ្ចប់ សម្ដេចធិបតី បានជូនពរឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិ និវត្តន៍ ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕

 

 

 

 

 

 

 

 

អត្ថបទទាក់ទង