(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី១៖ ក្នុងពេលដែលជនភៀសសឹកប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន តើរាជរដ្ឋាភិបាលបានដាក់ចេញវិធានការអ្វីខ្លះ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគាត់?
ចម្លើយ៖ ទោះបីបទឈប់បាញ់លើកទី២ បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ។ នៅក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការគាំពារពលរដ្ឋភៀសសឹកជាបន្ទាន់ ដោយមិនទុកឱ្យពួកគាត់ប្រឈមមុខនឹងការលំបាកដោយឯកឯងឡើយ។
ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូននូវជម្រក ដើម្បីស្នាក់នៅបណ្ដោះអាសន្ននៅក្នុង «ភូមិរង់ចាំ» ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលអនាគត។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានគិតគូរដល់តម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពលរដ្ឋភៀសសឹក តាមរយៈការផ្តល់អគ្គិសនី ទឹកស្អាត ស្បៀងអាហារ ការសិក្សារបស់កុមារ សេវាសុខាភិបាល សន្តិសុខ និងសុវត្ថិភាពរបស់ពួកគាត់ផងដែរ។ វិធានការទាំងនេះបង្ហាញពីការបន្តទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយធានាថាពួកគាត់អាចរស់នៅបានសមរម្យក្នុងអំឡុងពេលរង់ចាំវិលត្រឡប់ទៅលំនៅឋានវិញ។
សំណួរទី២៖ តើការដោះស្រាយបញ្ហាជនភៀសសឹក និងការដោះស្រាយបញ្ហាព្រំដែនតាមផ្លូវការទូត មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល?
ចម្លើយ៖ ទោះបីជាការផ្តល់ជំនួយ និងការគាំពារពលរដ្ឋភៀសសឹកជាកិច្ចការចាំបាច់ដែលត្រូវធ្វើជាប្រចាំក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនបានផ្អាក ឬបោះបង់ការដោះស្រាយបញ្ហាព្រំដែនតាមផ្លូវការទូតនោះឡើយ។ ផ្ទុយទៅវិញ ការងារទាំងពីរនេះកំពុងត្រូវបានអនុវត្តស្របគ្នា និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
ជាក់ស្តែង រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់យន្តការការទូត និងយន្តការទ្វេភាគីដែលមានស្រាប់ នៅគ្រប់កម្រិត ដូចជា RBC, GBC, និង JBC ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។
គោលដៅរបស់កម្ពុជាគឺ ការទទួលបានដំណោះស្រាយបញ្ហាព្រំដែនដែលមានភាពច្បាស់លាស់ និងយូរអង្វែង ដើម្បីបង្កលក្ខខណ្ឌឱ្យពលរដ្ឋភៀសសឹក អាចត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរក្រោមអភិក្រម «កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»៕





