Grand News Asia Close

មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1017
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន

 

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ រវាងប្រទេសទាំងពីរ នាពេលកន្លងមក។ ជាមួយគ្នានោះ, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានសម្តែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អរវាងប្រទេសទាំងពីរ​ និងប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ រីកចម្រើន និងយូរអង្វែងបន្តទៀត។

ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាជាបន្តបន្ទាប់​មក​ទល់​បច្ចុប្បន្ន​។ សម្ដេចធិបតីគូសបញ្ជាក់អំពី​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ។

មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ តាមរយៈ​ការបន្តផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាង​នាយ​ទាហាន​នៃ​ប្រទេស​ទាំងពីរ​ និងការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង និងជំនាញ ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ជាឧត្តមប្រយោជន៍​ នៃប្រទេសទាំងពីរ៕

អត្ថបទទាក់ទង