លោក ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្ដល់ដី និងផ្ទះជូនគ្រួសារភៀសសឹកនៅឧត្តរមានជ័យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពគម្រោងនានាសម្រាប់ជនភៀសខ្លួន ក៏ដូចជាគម្រោងផ្តល់ដីធ្លី និងលំនៅឋានសម្រាប់គ្រួសារជនភៀសសឹក និងគ្រួសារក្រីក្រក្រោមគម្រោង LASED III ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ PMO
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៥ ខែតុលា បានចុះពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាពលរដ្ឋភៀសសឹក និងគម្រោងផ្ដល់ដីនិងផ្ទះជូនគ្រួសារក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានគ្រួសារទទួលផលសរុបចំនួន១.០៧៧គ្រួសារ។
ក្នុងចំណោមគ្រួសារសរុបចំនួន១,០៧៧គ្រួសារ ដែលបានទទួលផលពីគំនិតផ្ដួចផ្ដើមទាំងនេះ រួមមានគ្រួសារភៀសសឹកចំនួន៨៨២គ្រួសារ និងគ្រួសារក្រីក្រក្រោមគម្រោង LASED III ចំនួន១៩៥គ្រួសារ។ ដោយឡែកក៏មានគ្រួសារអតីតយោធិនចំនួន១៦៣គ្រួសារផងដែរ។
កំលុងពេលចុះពិនិត្យនោះ លោក ហ៊ុន ម៉ាណែត បានពិនិត្យមើលស្ថានភាពរៀបចំលំនៅឋាន និងការផ្ដល់ជំនួយដល់ប្រជាពលរដ្ឋដែលទទួលផលពីគម្រោងទាំងនេះ ព្រមទាំងបានសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំងនោះ។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីនេះ បានទទួលផ្ទះ សេវាទឹកស្អាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែសម្រាប់គ្រួសារ និងសមាជិកគ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រៅពីការផ្ដល់លំនៅឋាននិងសេវាមូលដ្ឋាន រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋតាមរយៈការគាំទ្រកសិកម្ម ការរៀបចំរោងដាំបន្លែ ការចិញ្ចឹមមាន់ និងការដាំដំណាំហូបផ្លែ ដើម្បីជួយគ្រួសារទទួលផលមានប្រភពអាហារ និងអាចបង្កើតប្រភពចំណូលសម្រាប់គ្រួសារ។
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋភៀសសឹកអត់ធ្មត់និងស្នាក់នៅក្នុងលំនៅឋានបណ្ដោះអាសន្នមួយរយៈទៀត ខណៈរាជរដ្ឋាភិបាលកំពុងបន្តការចរចា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន និងទាមទារទឹកដីកម្ពុជាត្រឡប់មកវិញ ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់។
លោកបានសង្កត់ធ្ងន់ថា អាទិភាពសំខាន់បំផុត គឺការការពារអាយុជីវិតប្រជាពលរដ្ឋ និងបញ្ចៀសការប្រយុទ្ធគ្នាដោយកម្លាំងយោធា ខណៈរាជរដ្ឋាភិបាលកំពុងស្វែងរកដំណោះស្រាយតាមរយៈការចរចាដោយសន្តិវិធី។
លោកបានថ្លែងប្រាប់ប្រជាពលរដ្ឋភៀសសឹកថា៖ «ទីមួយកុំឱ្យវាយគ្នាទៀត ទីពីរពលរដ្ឋបានសេចក្តីសុខ។ សូមស្នាក់នៅមួយរយៈសិន រដ្ឋាភិបាលកំពុងចរចាយកទឹកដីត្រឡប់មកវិញ។ យូរបន្តិច ប៉ុន្តែនៅទីនេះមានសុវត្ថិភាព» ។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលមិនត្រឹមតែផ្ដល់ដីនិងផ្ទះដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបន្តជួយគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់ក្នុងការថែរក្សាលំនៅឋាន និងអភិវឌ្ឍជីវភាពគ្រួសារកាន់តែប្រសើរ។
ជាមួយគ្នានេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ប្រជាពលរដ្ឋភៀសសឹកនិងគ្រួសារក្រីក្រដែលទទួលផលពីគម្រោងសម្បទានដីសង្គមកិច្ច (LASED III) នៅស្រុកចុងកាល់ បានសម្ដែងក្ដីរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ដែលបានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពអភិវឌ្ឍគម្រោងផ្ដល់ដី និងផ្ទះសម្បែងដោយផ្ទាល់។
លោកបានចាត់ទុកថា វត្តមាននិងការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ព្រមទាំងបានផ្ដល់ភាពកក់ក្ដៅ និងក្ដីសង្ឃឹមដល់ពួកគេសម្រាប់អនាគត។
យោងតាមបច្ចុប្បន្នភាពទិន្នន័យបឋមរបស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋប្រមាណ៦៤៩,០០០នាក់បានភៀសសឹកដោយសារជម្លោះព្រំដែន ខណៈប្រមាណ៦២៥,០០០នាក់បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋប្រមាណ២០,០០០នាក់នៅបន្តស្នាក់នៅទីតាំងបណ្ដោះអាសន្ន ជំរំសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរ និងភូមិរង់ចាំ។
ក្រសួងមហាផ្ទៃបានចោទប្រកាន់ថា ការបន្តវត្តមានរបស់យោធាថៃនៅតំបន់មួយចំនួន និងការដាក់ពង្រាយទូកុងតឺន័រ ព្រមទាំងបន្លាលួស បានរារាំងពលរដ្ឋមួយចំនួនវិលត្រឡប់ទៅផ្ទះវិញ ទោះបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។
ការផ្ដល់លំនៅឋាននិងការគាំទ្រជីវភាពដល់ប្រជាពលរដ្ឋភៀសសឹក គឺជាវិធានការជួយពួកគេបន្តរស់នៅក្នុងស្ថានភាពបណ្ដោះអាសន្ន។ ទន្ទឹមនឹងនេះ ការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្កលក្ខខណ្ឌសុវត្ថិភាពសម្រាប់ការវិលត្រឡប់ទៅលំនៅឋានដើមវិញនៅតែជាបញ្ហាសំខាន់សម្រាប់គ្រួសារដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន៕
-Khmer Times-





