Grand News Asia Close

កម្ពុជា​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា ខណៈអ្នកវិភាគ​ជំរុញ​ឲ្យ​​មាន​តម្លាភាព​និង​ស្មើភាពគ្នាសម្រាប់​ពលរដ្ឋគ្រប់អាយុ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1018
កម្ពុជា​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា ខណៈអ្នកវិភាគ​ជំរុញ​ឲ្យ​​មាន​តម្លាភាព​និង​ស្មើភាពគ្នាសម្រាប់​ពលរដ្ឋគ្រប់អាយុ សមយុទ្ធនាគមាសឆ្នាំ២០២៥។ FN Cambodian cadets attend last year’s Golden Dragon China-Cambodia joint military exercises. FN
ពលរដ្ឋកម្ពុជា​​ដែល​មានអាយុ​ ១៨ ឆ្នាំ​ហើយ​មាន​បំណង​ចូល​បំពេញ​កាតព្វកិច្ច​យោធា អាច​ទៅ​ទទួលពាក្យសុំ​ចូល​បំពេញ​កាតព្វកិច្ច​ចាប់​ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ហើយ​ដាក់​ពាក្យ​ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅតាម​មូលដ្ឋាន​កងរាជអាវុធ​ហត្ថ​ក្រុង​ ស្រុក ខណ្ឌ ក្នុង​មូលដ្ឋាន​របស់​ខ្លួន។
អ្នក​ដាក់ពាក្យ​ត្រូវ​ភ្ជាប់មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀភៅ​គ្រួសារ ឬ សៀវភៅស្នាក់​នៅ និង សំបុត្រ​បញ្ជាក់កំណើត។
យោង​តាម​ក្រសួង​ការពារជាតិ បច្ចុប្បន្ន​នេះ យុវជន​ដែលមាន​អាយុ ១៨​ឆ្នាំ មាន​ប្រមាណ ៥​លាន​នាក់ ប៉ុន្តែ មិន​មែន​គ្រប់គ្នា​សុទ្ធ​តែ​​ត្រូវ​បំពេញ​កាតព្វកិច្ច​នោះ​ទេ គឺ​សម្រាប់​អ្នក​ដែល​ទទួល​បាន​ការ​កោះ​ហៅ​ប៉ុណ្ណោះ ហើយ​​ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រចិត្ត​ និង ការ​ចាប់​ឆ្នោត។
កម្ពុជា​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​ស្ដី​ពី​កាតព្វកិច្ច​យោធា នៅថ្ងៃទី២៤ ឧសភា ឆ្នាំ​២០២៦​នេះ ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​​ចូល​បំពេញ​កាតព្វកិច្ច​យោធា ប៉ុន្តែ​​ចំនួន​ជាក់ស្ដែង​​គឺអាស្រ័យ​​ទៅ​តាម​តម្រូវ​ការ​ជាក់ស្ដែង​ដែល​ក្រសួង​ការពារជាតិ​ជា​អ្នកកំណត់។
យោង​តាម​អនុក្រឹត្យ​ស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ពលរដ្ឋខ្មែរ​អាយុចាប់ពី ១៧ ឆ្នាំ ដល់ ២៥ឆ្នាំ (គិត​ត្រឹម​ដំណាច់ខែធ្នូ​រៀង​រាល់​ឆ្នាំ) ត្រូវ​ឆ្លង​កាត់​ការធ្វើជំរឿន​​ដើម្បី​ឲ្យដឹង​ពី​ទិន្នន័យ​ពិត​ប្រាកដ​នៃ​ក្រុម​មនុស្ស​នៅ​ក្នុង​ក្រុម​អាយុ​នេះ។ បន្ទាប់​មក​ពួក​គេ​នឹង​ទទួល​បាន​លិខិត​កោះ​ហៅ​ថា​តើ​ពួកគេ ត្រូ​វជាប់​កាតព្វកិច្ចយោធារយៈពេល ២៤ ខែ ឬយ៉ាង​ណា។
ក្នុង​ករណី​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលបំពេញ​កាតព្វកិច្ច​ច្រើន​លើស​ពី​តម្រូវ​ការ ការ​ជ្រើស​រើស​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​ចាប់​ឆ្នោត។ ប្រជាពលរដ្ឋដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវបង្ហាញខ្លួនក្នុងរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង។
ក្នុង​អំឡុង​ពេល​បំពេញ​កាតព្វកិច្ច ពួក​គេ​ទទួល​បាន​ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០ម៉ឺន​រៀល និង​មាន​គោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន។
លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែង​ថា ការ​ចូល​បំពេញ​កាតព្វកិច្ច​យោធា​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​តម្លាភាព និង​មាន​យុត្តិធម៌ ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​​ទិដ្ឋភាព​ពីរ គឺ​ការ​ជ្រើស​រើស​ចូល​ និង​ ការគេច​វេះ​​មិន​ចង់​ចូល​បំពេញ​កាតព្វកិច្ច។
លោក​ថ្លែង​ថា៖ «ដើម្បី​ធានាបាន​នូវ​ភាព​យុត្តិធម៌​ និង​ការ​អនុវត្ត​ច្បាប់​ឥត​មាន​លម្អៀង ប្រកប​ដោយ​ប្រសិទ្ធភាព នោះ​គឺ​ការ​ត្រួត​ពិនិត្យ​ទិន្នន័យ​ឲ្យ​បាន​ច្បាស់​លាស់។ ដំបូង​ឡើងយ​ត្រូវ​ធ្វើ​ជំរឿន​យុវជន​ដែល​គ្រប់​អាយុ ហើយ​ការ​ជ្រើសរើស​យុវជន​ឲ្យ​ចូល​រួម​ត្រូវ​មាន​ភាព​ច្បាស់​លាស់ ចៀសវាង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពី​ការ​ជ្រើសរើសចូល និង​ការ​រៀបចំ​ឯកសារ​ដែល​នាំ​ឲ្យ​មានការ​គេច​វេះ​ពិ​កាតព្វកិច្ច​នេះ»។
បើ​តាម​លោក​ គិន ភា ករណី​លើក​លែង​មួយចំនួន​ដែល​អាច​គេច​ផុត​ពី​ការ​បំពេញ​កាតព្វកិច្ច​យោធា អាច​ជា​ច្រក​សម្រាប់​ឲ្យ​ការ​បក​ស្រាយដើម្បី​ឲ្យ​អ្នកដែល​ចង់​​គេច​ផុស​ពី​កាតព្វកិច្ចនេះ​អាច​ប្រើ​ប្រាស់​បាន។
បន្ថែម​ពី​លើ​នេះ លោក​ជំរុញ​ឲ្យ​មាន​នីតិវិធី​​តឹងរឹង​ដើម្បី​ប្រាកដ​ថា ​អ្នក​ដែល​កាន់​តួនាទី​ជ្រើស​រើស​ដែល​មិន​ស្មោះត្រង់ មិន​អាច​​​កេង​ចំណេញពី​អ្នក​ចង់ចូល​បំពេញកាតព្វកិច្ច និង​អ្នក​ដែល​ចង់​គេច​វេះ៕
-post khmer-

អត្ថបទទាក់ទង