សន្នីសីទអន្តរជាតិស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបង្ហាញយ៉ាងច្បាស់ថា លក្ខណៈនៃការឆបោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងច្រើនរូបភាពស្មុគស្មាញ
សន្នីសីទអន្តរជាតិស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបង្ហាញយ៉ាងច្បាស់ថា លក្ខណៈនៃការឆបោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងច្រើនរូបភាពស្មុគស្មាញ
ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦– សន្និសីទអន្តរជាតិស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបង្ហាញយ៉ាងច្បាស់ថា លក្ខណៈនៃការឆបោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងច្រើនរូបភាព។ នេះបើតាមឯកឧត្តមបណ្ឌិត ផាត កុសល សមាជិកនៃគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពិធីសន្នីសីទអន្តរជាតិស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថា ការឆបោកបានវិវត្តទៅជាប្រតិបត្តិការឧក្រិដ្ឋកម្មដែលមានភាពស្មុគស្មាញ និងរៀបចំជាប្រព័ន្ធ។ បណ្តាញឧក្រិដ្ឋជនធ្វើប្រតិបត្តិការឆ្លងដែនកាន់តែច្រើន និងកេងចំណេញពីភាពចន្លោះប្រហោងនៅក្នុងច្បាប់ជាតិ និងវេទិកាឌីជីថល។
ឯកឧត្តមបានគូសបញ្ជាក់ថា សារសំខាន់ដែលយើងទទួលបានពីការពិភាក្សារយៈពេលពីរថ្ងៃកន្លងមកនេះ គឺមានភាពច្បាស់លាស់។ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ទាំងក្នុងនាមជាឧក្រិដ្ឋកម្មឆ្លងដែន និងជាបញ្ហាប្រឈមផ្នែកអភិបាលកិច្ច។ គ្មានប្រទេស ស្ថាប័ន ឬវិស័យណាមួយអាចដោះស្រាយបញ្ហាឆ្លងដែននេះតែឯកឯងបានឡើយ។ ដូច្នេះ ការឆ្លើយតបឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងជាសកម្មភាពរួម តម្រូវឱ្យមានទាំងការពង្រឹងសមត្ថភាពជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក។
ឯកឧត្តមក៏បានលើកឡើងថា បច្ចេកវិទ្យាបានធ្វើឱ្យប្រតិបត្តិការទាំងនេះកាន់តែលឿន អាចពង្រីកវិសាលភាពបានកាន់តែធំ និងកាន់តែពិបាកក្នុងការតាមដាន។ ភាពរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ការក្លែងសំឡេង ប្រព័ន្ធផ្ញើសារដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាឌីជីថលផ្សេងៗទៀត ធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ។
ឯកឧត្តមបានបន្ថែមថា ជាមួយគ្នានេះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មរៀបចំជាប្រព័ន្ធ ក្នុងទម្រង់ផ្សេងទៀត រួមមាន ការជួញដូរមនុស្ស ការសម្អាតប្រាក់ និងលំហូរហិរញ្ញវត្ថុខុសច្បាប់។ដូច្នេះហើយ យើងមិនគួរចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ថាគ្រាន់តែជាបញ្ហាសាយប័រដាច់ដោយឡែកពីបញ្ហាឧក្រិដ្ឋកម្មផ្សេងៗទៀតឡើយ។
ឯកឧត្តមបណ្ឌិត ផាត កុសល បានលើកឡើងថា សេចក្តីសន្និដ្ឋានដ៏សំខាន់មួយពីសន្និសីទនេះ គឺថាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាការទទួលខុសត្រូវរួម និងទាមទារឱ្យមានសកម្មភាពរួមពីរដ្ឋាភិបាល និងសង្គមទាំងមូល ដើម្បីដោះស្រាយការគម្រាមកំហែងផ្នែកឧក្រិដ្ឋកម្មនេះ។ រដ្ឋាភិបាលត្រូវបន្តពង្រឹងស្ថាប័ន ក្របខ័ណ្ឌច្បាប់ សមត្ថភាពអនុវត្តច្បាប់ យន្តការសម្របសម្រួល និងការយល់ដឹងរបស់សាធារណជន។
ស្ថាប័នអនុវត្តច្បាប់ ត្រូវពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ឱ្យបានទាន់ពេលវេលា និងមានការសម្របសម្រួល ការស៊ើបអង្កេត កោសល្យវិច្ច័យឌីជីថល និងកិច្ចសហប្រតិបត្តិការឆ្លងដែន។ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាទូទាត់ប្រាក់ ត្រូវពង្រឹងការតាមដានប្រតិបត្តិការហិរញ្ញវត្ថុ និងចូលរួមកំណត់អត្តសញ្ញាណ បង្កក តាមដាន និងស្តារមូលនិធិដែលបានមកពីសកម្មភាពខុសច្បាប់។ក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍ ត្រូវដើរតួនាទីកាន់តែសំខាន់ក្នុងការតាមដាន និងទប់ស្កាត់គណនី សារ គេហទំព័រ ការហៅទូរស័ព្ទក្លែងបន្លំ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងទម្រង់បំពានផ្សេងៗទៀត។ អង្គការអន្តរជាតិត្រូវជួយសម្របសម្រួលការងារ កសាងសមត្ថភាព និងជំរុញការចែករំលែកព័ត៌មាន។ ជាមួយគ្នានេះ សហគមន៍ និងប្រជាពលរដ្ឋ ក៏ជាខ្សែការពារដ៏សំខាន់មួយផងដែរ ពីព្រោះការឆបោកជាច្រើនអាចទទួលបានជោគជ័យ ដោយសារការឆ្លៀតប្រើប្រាស់ការជឿទុកចិត្ត ការភ័យខ្លាច ភាពប្រញាប់ប្រញាល់ និងភាពងាយរងគ្រោះរបស់មនុស្ស៕ -AKP-
ដោយ៖ ប៊ុនរិទ្ធ





