Grand News Asia Close

វិភាគអន្តរជាតិ៖ លោក Srettha Thavisin៖ ពីមហាសេដ្ឋីអចលនទ្រព្យ ក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 164
វិភាគអន្តរជាតិ៖ លោក Srettha Thavisin៖ ពីមហាសេដ្ឋីអចលនទ្រព្យ ក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ វិភាគអន្តរជាតិ៖ លោក Srettha Thavisin៖ ពីមហាសេដ្ឋីអចលនទ្រព្យ ក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ

 

FN- (បាងកក)៖ នៅទីបំផុតទៅ សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃហើយ នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ដែលនេះនឹងនាំទៅរក ការបិទបញ្ចប់ភាពជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោតសកលកាលពីខែឧសភាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សភាថៃបានកោះប្រជុំសាជាថ្មី ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ថៃ នៅរសៀលថ្ងៃអង្គារនេះ ចំពេលនៃការវិលត្រឡប់ចូលស្រុកថៃវិញរបស់លោក ថាក់ស៊ីន ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ និងក្រោយរស់នៅនិរទេសខ្លួនអស់ជាង ១៥ឆ្នាំ។ លទ្ធផលបោះឆ្នោតបង្ហាញថាសមាជិកព្រឹទ្ធសភា និងរដ្ឋសភា លើស ៣៧៥រូប បានបោះឆ្នោតគាំទ្រលោក Srettha។

ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តីបាន លោក Srettha ត្រូវការសំឡេងគាំទ្រ​ចំនួនយ៉ាងហោច ៣៧៥សំឡេង ដែលស្មើនឹងសំឡេងលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ សរុបបញ្ចូលគ្នា។ រដ្ឋសភាថៃមានអាសនៈសរុបចំនួន៥០០ ខណៈព្រឹទ្ធសភាមាន ២៤៩អាសនៈ។

* តើលោក Srettha Thavisin ជានរណា?

លោក Srettha Thavisin មានអាយុ ៦០ឆ្នាំ និងមានកម្ពស់ ១.៩១ម៉ែត្រ គឺជាម្នាក់ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីថៃទាំង៣រូបរបស់គណបក្សភឿថៃ។ ជាមនុស្សម្នាក់មិនមាន បទពិសោធន៍នយោបាយ លោក Srettha គឺជាអតីតប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយក្នុងប្រទេសថៃ គឺក្រុមហ៊ុន Sansiri Plc។ ប៉ុន្តែ ទោះជាទើបឈានចូលនយោបាយក៏ដោយ ក៏លោក Srettha ត្រូវបានគេស្គាល់រួចទៅហើយ តាមរយៈការបញ្ចេញទស្សនៈផ្ទាល់ខ្លួនចំពោះនយោបាយ សកលលោក បញ្ហាសង្គម និងនយោបាយ។

កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦៣ លោក Srettha ទទួលបានបរិញ្ញាប័ត្រផ្នែកវិស្វករស៊ីវិលមកពីសាកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកក និងសញ្ញាប័ត្រអនុបណ្ឌិត ផ្នែករដ្ឋបាលធុរកិច្ច ឬ MBA ពីសាកលវិទ្យាល័យ Claremont Graduate University មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក។ លោកបានចាប់ផ្ដើមអាជីពជាជំនួយការអ្នកគ្រប់គ្រង ការផលិត នៅឯក្រុមហ៊ុន P&G Thailand មុននឹងប្ដូរអាជីពមកវិស័យអចលនទ្រព្យវិញ។

លោក Srettha បានរៀបការវេជ្ជបណ្ឌិត លោកស្រី Pakpilai Thavisin និងមានកូន ៣នាក់។ លោក Srettha បានរួមរស់ជាមួយក្រុមហ៊ុន Sansiri ចាប់តាំងពី ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយកាន់តំណែងជានាយគ្រប់គ្រងក្រុមហ៊ុនជាសាខាជាច្រើនរបស់ក្រុមអចលនទ្រព្យមួយនេះ។ ក្រុមហ៊ុន Sansiri លេចមុខជាសាធារណៈក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៥ និងត្រូវបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនថៃ (Stock Exchange of Thailand) នៅខែកក្កដា ឆ្នាំ១៩៩៦។

បច្ចុប្បន្ន ក្រុមហ៊ុន Sansiri គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេក្នុងប្រទេសថៃ ដោយមានទ្រព្យសរុប ២៩.៧ពាន់លានបាត ឬស្មើនឹងជាង ៨៨០លានដុល្លារ លើផ្សារភាគហ៊ុនថៃ និងរកចំណេញបាន ២ពាន់លានបាតកាលពីឆ្នាំ២០២២។ ក្រុមហ៊ុននេះបានអភិវឌ្ឍគម្រោងជាង ៤០០ គម្រោង ក្នុងខេត្តចំនួន ២០ នៅទូទាំងប្រទេស។

* គ្មានបទពិសោធន៍នយោបាយ តែចង់ធ្វើនយោបាយ

លោក Srettha Thavisin បានក្លាយជាប្រធានទីប្រឹក្សានៃគណបក្សភឿថៃ កាលពីខែមីនា ឆ្នាំ២០២៣ និងមួយខែក្រោយមក លោកបានលាលែងតំណែងទាំងអស់ ចេញពីក្រុមហ៊ុន Sansiri ដើម្បីចូលរួមក្នុងគណបក្សភឿថៃជាផ្លូវការ។ លោក Srettha បានដើរតួនាទីយ៉ាងសំខាន់អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពី ខែឧសភាកន្លងទៅ។ ប៉ុន្តែ គណបក្សភឿមិនបានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដីតាមការរំពឹងទុកនោះទេ។

អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Srettha និងមេដឹកនាំគណបក្សភឿថៃដទៃ ធ្លាប់បានបង្ហាញពីគោលជំហរមិនច្បាស់លាស់ក្នុងការបង្កើតរដ្ឋាភិបាល តែ លោកបានសន្យានឹងជំរុញកំណើនសេដ្ឋកិច្ច យុត្តិធម៌សង្គម និងអភិបាលកិច្ចល្អ។ ថ្លែងប្រាប់ទូរទស្សន៍ Bloomberg ខែមេសាកន្លងទៅថាការងារ ១០០ថ្ងៃដំបូង របស់លោក នោះគឺផ្ដោតលើការដោះស្រាយទំនិញឡើងថ្លៃ បិទបញ្ចប់កាតព្វកិច្ចយោធា ធានាសមភាពនៃអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា តែនឹងមិនប៉ះពាល់ ច្បាប់ស្ដីពីការប្រមាថព្រះចេស្ដាឡើយ៕

អត្ថបទទាក់ទង