Grand News Asia Close

មានផ្ទះថ្មី តែខ្វះការងារ៖ គម្រោងកសិដ្ឋានជិត១០០ហិកតាត្រៀមជួយពលរដ្ឋនៅតាកឹងបៃតង

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 13:54 pm ព័ត៌មានជាតិ 1058
មានផ្ទះថ្មី តែខ្វះការងារ៖ គម្រោងកសិដ្ឋានជិត១០០ហិកតាត្រៀមជួយពលរដ្ឋនៅតាកឹងបៃតង - ទិដ្ឋភាពផ្លូវមួយនៃភូមិតាកឹងបៃតង ជាភូមិឋានរង់ចាំរបស់ជនភៀសសឹក ៦៤៥ផ្ទះសម្រាប់ពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ពួកគេវិញបាន។ រូបថត ហុង រស្មី

ព្រះវិហារៈ រដ្ឋបាលខេត្តព្រះវិហារ ក្រសួងកសិកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កំពុងពិភាក្សាគម្រោងបង្កើតកសិដ្ឋានចម្រុះលើផ្ទៃដីជិត១០០ហិកតា ដើម្បីបង្កើតការងារ និងស្ដារជីវភាពជូនពលរដ្ឋជិត៥០០គ្រួសារនៅភូមិតាកឹងបៃតង ដែលត្រូវបានផ្លាស់ទីដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

គម្រោងនេះត្រូវបានរៀបចំឡើង ខណៈពលរដ្ឋប្រមាណពាក់កណ្ដាលនៅភូមិថ្មីមួយនេះ ដែលមាន​ប្រជាជន​ ៦៤៥​គ្រួសារ​ ត្រូវចាកចេញទៅរកការងារនៅខេត្តផ្សេងៗ ព្រោះនៅមូលដ្ឋានមិនទាន់មានឱកាសការងារ និងប្រភពចំណូលគ្រប់គ្រាន់សម្រាប់ទ្រទ្រង់គ្រួសារ។

លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងក្នុងកម្មវិធីពិភាក្សាតុមូលស្ដីពីស្ថានភាពគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារនៅថ្ងៃទី​៩ ខែកញ្ញា​ថា ការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានបានដោះស្រាយតម្រូវការបន្ទាន់ផ្នែកលំនៅឋាន ប៉ុន្តែការបង្កើតការងារនៅតែជាបញ្ហាសំខាន់សម្រាប់ការស្ដារជីវភាពរយៈពេលវែង។

លោកបានឱ្យដឹងថា៖ «ខ្លះគាត់ទៅបេះដំឡូងឱ្យគេ ខ្លះគាត់ទៅស៊ីឈ្នួលគេ ខ្លះគាត់ទៅធ្វើកម្មករដើម្បីរកចំណូល ដោយសារនៅភូមិហ្នឹងវាមិនមានកន្លែងធ្វើការ»។

លោកបន្ថែមថា ពលរដ្ឋមួយចំនួនក៏ចូលព្រៃរកអនុផលព្រៃឈើ និងវល្លិដើម្បីលក់ និងរកចំណូលបន្ថែម។

ការលើកឡើងនេះបង្ហាញថា ទោះបីពលរដ្ឋទទួលបានផ្ទះថ្មី និងសេវាមូលដ្ឋានក៏ដោយ ក៏ការស្ដារជីវភាពរបស់ពួកគេមិនទាន់បញ្ចប់ទេ។ កង្វះការងារនៅក្បែរផ្ទះធ្វើឱ្យសមាជិកគ្រួសារមួយចំនួនត្រូវធ្វើដំណើរទៅឆ្ងាយ និងបន្តពឹងផ្អែកលើការងារតាមរដូវកាល។

លោក គឹម រិទ្ធី បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលខេត្តសហការជាមួយក្រសួងកសិកម្ម និងធនាគារ ARDB ដើម្បីរៀបចំគម្រោងបង្កើតប្រភពការងារនៅក្នុងតំបន់។

– លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ (រូបទីពីររាប់ពីឆ្វេង) បានថ្លែងក្នុងកម្មវិធីពិភាក្សាតុមូលស្ដីពីស្ថានភាពគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារនៅថ្ងៃទី​៩ ខែកញ្ញា​។ រូបថត ហុង រស្មី

តាមគម្រោងបឋម ARDB បានលើកសំណើបង្កើតកសិដ្ឋានចម្រុះខ្នាតធំមួយលើផ្ទៃដីជិត១០០ហិកតា សម្រាប់ចិញ្ចឹមគោ ជ្រូក មាន់ ទា និងត្រី ព្រមទាំងដាំបន្លែ។

គម្រោងនេះរំពឹងថានឹងបង្កើតការងារដោយផ្ទាល់ជូនពលរដ្ឋជិត៥០០គ្រួសារ ដើម្បីឱ្យពួកគេអាចរកចំណូលនៅក្នុងមូលដ្ឋានដោយមិនចាំបាច់ចាកចេញទៅរកការងារនៅតំបន់ផ្សេង។

ក្រៅពីផ្ដល់ការងារនៅក្នុងកសិដ្ឋាន គម្រោងនេះក៏គ្រោងបណ្ដុះបណ្ដាលពលរដ្ឋឱ្យចេះចិញ្ចឹមសត្វ និងធ្វើកសិកម្មដោយខ្លួនឯងនៅតាមផ្ទះ និងដីរបស់ពួកគេ។

នៅពេលទទួលបានផល ពលរដ្ឋអាចលក់សត្វ បន្លែ និងផលិតផលកសិកម្មត្រឡប់ទៅឱ្យក្រុមការងារ ឬផ្សារប្រមូលទិញដែលគ្រោងបង្កើតនៅក្នុងតំបន់។

លោកអភិបាលបានពន្យល់ថា គម្រោងនេះមិនផ្ដោតតែលើការបង្កើតកសិដ្ឋានទេ ប៉ុន្តែត្រូវរៀបចំប្រព័ន្ធទីផ្សារ ដើម្បីធានាថាផលិតផលរបស់ពលរដ្ឋមានអ្នកទិញ និងអាចបង្កើតចំណូលបានជាប្រចាំ។

លោកថា៖ «ទី១ គឺការវិនិយោគទៅលើកសិដ្ឋានផង និងទៅលើការបង្កើតផ្សារប្រមូលទិញផង។ នេះគឺជាគម្រោងដែលយើងបានធ្វើការជជែកពិភាក្សាជាមួយគ្នា ក្នុងគោលបំណងស្ដារឡើងវិញនូវជីវភាពរបស់បងប្អូននៅក្នុងតំបន់តាកឹងផ្ទាល់ ក៏ដូចជាតំបន់ជុំវិញនោះផងដែរ»។

ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំថវិកា កាលបរិច្ឆេទចាប់ផ្ដើម រយៈពេលអនុវត្ត និងពេលដែលពលរដ្ឋអាចទទួលបានការងារពីគម្រោងនេះនៅឡើយទេ។

ភូមិតាកឹងបៃតងត្រូវបានរៀបចំសម្រាប់ពលរដ្ឋដែលមិនអាចវិលត្រឡប់ទៅលំនៅឋានដើម ដោយសារភូមិរបស់ពួកគេស្ថិតក្នុងតំបន់ដែលអាជ្ញាធរកំណត់ថាជាតំបន់ក្រហម និងតំបន់លឿង។

លោក គឹម រិទ្ធី បានពន្យល់ថា តំបន់ក្រហមជាតំបន់ដែលរដ្ឋបាលខេត្តអះអាងថាត្រូវបានភាគីថៃចូលកាន់កាប់ដោយខុសច្បាប់ ខណៈតំបន់លឿងជាតំបន់ដែលនៅមានហានិភ័យសន្តិសុខខ្ពស់។

លោកបានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ៩៧ភាគរយនៅក្នុងខេត្តបានវិលត្រឡប់ទៅលំនៅឋានដើមវិញ ប៉ុន្តែប្រមាណ៣ភាគរយនៅមិនទាន់អាចត្រឡប់បាន។

សម្រាប់ការដោះស្រាយលំនៅឋាន រដ្ឋាភិបាលបានរៀបចំផ្ទះចំនួន៦៤៥ខ្នងនៅភូមិតាកឹងបៃតង។ ផ្ទះនីមួយៗមានបន្ទប់ទឹក ផ្ទះបាយ ទឹកស្អាត និងការតភ្ជាប់អគ្គិសនី។

ភូមិនេះក៏ត្រូវបានរៀបចំឱ្យមានផ្លូវ មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល ប៉ុស្តិ៍កងរាជអាវុធហត្ថ ទីស្នាក់ការរដ្ឋបាល និងសាលារៀនចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់អនុវិទ្យាល័យ។

លោកអភិបាលបានបញ្ជាក់ថា តំបន់តាកឹងដើមឡើយជាតំបន់អភិរក្សដែលមានព្រៃឈើច្រើន។ ដូច្នេះ ការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធត្រូវអនុវត្តដោយព្យាយាមកាត់បន្ថយការកាប់ដើមឈើ។

ទោះបីជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានត្រូវបានរៀបចំក៏ដោយ ការអនុវត្តជាក់ស្ដែងនៃគម្រោងកសិដ្ឋាន ការធានាទីផ្សារ និងកម្រិតចំណូលដែលពលរដ្ឋអាចទទួលបាន នឹងក្លាយជាកត្តាសំខាន់សម្រាប់វាស់វែងថា ភូមិថ្មីនេះអាចផ្ដល់ជីវភាពមាននិរន្តរភាពដល់គ្រួសារដែលផ្លាស់ទីបានឬយ៉ាងណា៕

Post Khmer

អត្ថបទទាក់ទង