Grand News Asia Close

បទឈប់បាញ់ មិនមែនជាប័ណ្ណកម្មសិទ្ធិ៖ ថៃមិនអាចយកកាំភ្លើងមកសរសេរ​​ ផែនទីថ្មីលើទឹកដី​កម្ពុជាបានទេ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1018
បទឈប់បាញ់ មិនមែនជាប័ណ្ណកម្មសិទ្ធិ៖ ថៃមិនអាចយកកាំភ្លើងមកសរសេរ​​ ផែនទីថ្មីលើទឹកដី​កម្ពុជាបានទេ បទឈប់បាញ់ មិនមែនជាប័ណ្ណកម្មសិទ្ធិ៖ ថៃមិនអាចយកកាំភ្លើងមកសរសេរ​​ ផែនទីថ្មីលើទឹកដី​កម្ពុជាបានទេ

ក្នុងវិវាទព្រំដែន គេអាចជជែកគ្នាអំពីសំណួរថា អ្នកណាបាញ់មុន អ្នកណារងគ្រោះ ឬអ្នកណាជាអ្នកធ្វើ​ឱ្យបញ្ហានេះក្លាយជាបញ្ហាអន្តរជាតិ។ ប៉ុន្តែសំណួរទាំងនេះមិនគួរត្រូវបានយកមកជំនួស​សំណួរសំខាន់​ជាងនេះឡើយ៖ តើអ្នកណាកំពុងព្យាយាមផ្លាស់ប្តូរស្ថានភាពនៅលើដី ហើយការផ្លាស់ប្តូរនោះឈរលើមូល​ដ្ឋានច្បាប់អ្វី?

ការកំណត់ថា «អ្នកណាបាញ់មុន» អាចមានសារៈសំខាន់សម្រាប់ការស៊ើបអង្កេតអំពីហេតុការណ៍ ប៉ុន្តែ​មិន​អាចយកមកធ្វើជាមូលដ្ឋានសម្រាប់វែកញែកបញ្ហាព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យភាព និង​ព្រំ​ដែន ត្រូវពិនិត្យលើមូលដ្ឋានឯកសារច្បាប់ កិច្ចព្រមព្រៀង ភស្តុតាងប្រវត្តិសាស្ត្រ និងយន្តការដែល​ភាគី​ទាំង​ពីរបានព្រមព្រៀងគ្នា។

ប្រសិនបើថៃអះអាងថា ខ្លួនប្រើ «សិទ្ធិស្វ័យការពារ» សំណួរដែលត្រូវឆ្លើយមិនអាចបញ្ចប់ត្រឹម​ពាក្យ​មួយ​នេះបានទេ ត្រូវពិនិត្យមើលថា មុនពេលមានការបាញ់ប្រហារ មានអ្វីកើតឡើងនៅលើដី? កងកម្លាំង​របស់​ភាគីទាំងពីរស្ថិតនៅទីណា? តើមានការចល័តកម្លាំង ការចូលកាន់កាប់ ឬការបង្កើតវត្តមានថ្មីនៅតំបន់​ដែល​មានវិវាទឬទេ? ហើយការប្រើកម្លាំងនោះមានភាពចាំបាច់ និងស្របតាមច្បាប់អន្តរជាតិដែរឬទេ?

ពាក្យ «ស្វ័យការពារ» មិនមែនជាសិទ្ធិគ្មានដែនកំណត់ក្នុងការប្រើកម្លាំងឡើយ។ ការអះអាងរបស់ភាគី​ណា​មួយត្រូវឈរលើអង្គហេតុ និងភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន។ មិនអាចយកការអះអាងរបស់ខ្លួន​មក​ធ្វើ​ជា​សេចក្តី​សម្រេចចុងក្រោយលើសកម្មភាពរបស់ខ្លួនឯងបានទេ។

ចំណុចដែលត្រូវយកចិត្តទុកដាក់ខ្លាំងជាងគេនោះ គឺ បទឈប់បាញ់មិនមែនជាប័ណ្ណកម្ម​សិទ្ធិលើទឹកដី​កម្ពុជាឡើយ។ បទឈប់បាញ់គ្រាន់មានគោលបំណងបញ្ឈប់​ការប្រយុទ្ធគ្នា កាត់បន្ថយការបាត់បង់ជីវិត និងបើក​ផ្លូវឱ្យភាគីទាំងពីរវិលទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធី មិនមានន័យថាទុកឱ្យ​ភាគីណា​មួយ​​អាចយកទីតាំងដែលខ្លួនកាន់កាប់ក្នុងអំឡុងពេលមានបទឈប់បាញ់ មកបកស្រាយថា ទីតាំងនោះ​បាន​​ក្លាយជាទឹកដីរបស់ខ្លួននោះឡើយ។

ត្រង់ចំណុចដែលមិនត្រូវមើលរំលងនោះ ប្រសិនបើការចូលកាន់កាប់ទីតាំងមួយត្រូវបានយកមកធ្វើជា​អំណះអំណាងលើអធិបតេយ្យភាព នោះនឹងបង្កើតគោលការណ៍ដ៏គ្រោះថ្នាក់មួយ គឺអ្នកណាមានកម្លាំង​យោធា​ខ្លាំងជាង អ្នកនោះអាចបង្កើតស្ថានភាពថ្មី ហើយបន្ទាប់មកទាមទារឱ្យអ្នកដទៃទទួលស្គាល់​ស្ថានភាពនោះ​ជាការពិត។ នេះមិនមែនជាគោលការណ៍ដែលអាចយកមកដោះស្រាយព្រំដែនបានទេ។

ការកាន់កាប់ទីតាំងមួយ និងអធិបតេយ្យភាពលើទឹកដី គឺជារឿងពីរផ្សេងគ្នា។ វត្តមានយោធាអាចបង្កើត​ការ​ពិតមួយនៅលើដី ប៉ុន្តែមិនអាចបង្កើតសិទ្ធិលើទឹកដីបានឡើយ។ បើអនុញ្ញាតឱ្យការ​ប្រើ​កម្លាំងកំណត់​ព្រំដែន នោះច្បាប់នឹងត្រូវចុះចាញ់នឹងកម្លាំង ហើយគោលការណ៍សន្តិភាពនឹងបាត់​បង់​ន័យហើយ។

ហេតុនេះហើយ ទើបការព្យាយាមបង្កើត «ស្ថានភាពថ្មី» នៅលើដី រួចយកស្ថានភាពនោះមកធ្វើជា​មូល​ដ្ឋានសម្រាប់ការទាមទារផ្នែកនយោបាយ គួរត្រូវបានពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ មិនថាវាកើតឡើងភ្លាមៗ ឬបន្តិចម្តងៗក៏ដោយ ការពិតដែលបង្កើតឡើងដោយកម្លាំង មិនត្រូវបានបម្លែងទៅជាសិទ្ធិស្របច្បាប់​ដោយ​​ស្វ័យ​ប្រវត្តិឡើយ។

យ៉ាងណាមិញ ចំពោះការលើកឡើងអំពីការប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោក និងឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជាមិនបានការពារឧក្រិដ្ឋកម្មឡើយ។ បញ្ហានេះគួរតែត្រូវបានដោះស្រាយតាមច្បាប់ និងតាមរយៈ​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ មិនត្រូវបានយកមកធ្វើជាហេតុផលសម្រាប់ការប្រើ​កម្លាំងឆ្លងកាត់​ព្រំដែន ឬបង្កើតស្ថានភាពថ្មីនៅតំបន់ដែលមានវិវាទឡើយ។

ដូចគ្នានេះដែរ ពាក្យថា «គោលដៅយោធា» មិនអាចបញ្ចប់ការពិភាក្សាអំពីការវាយប្រហារលើទីតាំងស៊ីវិល​បានទេ។ ប្រសិនបើមានការអះអាងថាទីតាំងណាមួយជាគោលដៅយោធា នោះត្រូវមានភស្តុតាងអំពី​ការ​ប្រើ​ប្រាស់ទីតាំងនោះសម្រាប់គោលបំណងយោធា ហើយត្រូវពិនិត្យថា សកម្មភាពយោធានោះបានគោរព​គោលការណ៍ការពារជនស៊ីវិល និងការបែងចែករវាងគោលដៅស៊ីវិល និងយោធាដែរឬទេ។

ការប្រកាសរបស់ភាគីពាក់ព័ន្ធគឺគ្រាន់តែជាការអះអាង អ្វីដែលធ្វើឱ្យការអះអាងមួយក្លាយជាការពិត គឺភស្តុតាង និងការផ្ទៀងផ្ទាត់ដែលអាចពិនិត្យបាន។

ដូច្នេះ ការអំពាវនាវឱ្យ «កុំធ្វើឱ្យបញ្ហានេះក្លាយជាអន្តរជាតូបនីយកម្ម» ក៏មិនត្រូវបានយកមកធ្វើជាខែល​សម្រាប់រារាំងការពិនិត្យដោយភាគីអព្យាក្រឹត ឬយន្តការអន្តរជាតិឡើយ។ ប្រសិនបើភាគីទាំងពីរមានការ​បក​ស្រាយខុសគ្នាអំពីអង្គហេតុ វិធីដែលមានហេតុផលបំផុតគឺត្រូវយកភស្តុតាង ច្បាប់ និងយន្តការដែល​អាច​​ទទួល​យកបានដោយភាគីទាំងពីរមកធ្វើជាមូលដ្ឋាន។

លើសពីនេះទៅទៀត បទឈប់បាញ់គួរតែត្រូវបានគោរពតាមខ្លឹមសាររបស់វា មិនត្រូវបានប្រើជាឧបករណ៏​សម្រាប់ការបង្កើតការពិតថ្មីនៅលើដីកម្ពុជាទេ។ ប្រសិនបើភាគីទាំងពីរបានព្រមព្រៀងគ្នាថា ការរៀបចំ​ក្រោម​បទឈប់បាញ់មិនប៉ះពាល់ដល់ការកំណត់ព្រំដែន និងខ្សែព្រំដែនអន្តរជាតិ នោះគោលការណ៍​នេះ​ត្រូវតែត្រូវបានគោរពនិងអនុវត្តតាម។

បញ្ហាព្រំដែនគួរត្រឡប់ទៅរកយន្តការដែលបានព្រមព្រៀងគ្នា ការងារវាស់វែង និងខ័ណ្ឌសីមាត្រូវបន្តតាម​កិច្ច​ព្រមព្រៀង និងឯកសារដែលមានស្រាប់ ដោយផ្តល់ការយកចិត្តទុកដាក់ជាពិសេសដល់តំបន់ដែល​ប្រជាជនស៊ីវិលកំពុងរងផលប៉ះពាល់។

នេះទើបជាវិធីដែលអាចបំបែក «ការប្រយុទ្ធ» ចេញពី «ការដោះស្រាយព្រំដែន» បាន។ ការប្រយុទ្ធគ្នាអាច​បញ្ឈប់​ដោយបទឈប់បាញ់ ប៉ុន្តែបញ្ហាព្រំដែនមិនអាចកំណត់ដោយការដាក់កងទ័ព​ឱ្យឈរជើងនៅទី​តាំង​ណាមួយឡើយ។ ការកំណត់ព្រំដែនត្រូវផ្អែកលើឯកសារច្បាប់ ភស្តុតាង និងការចរចាតាមយន្តការដែល​ភាគី​ទាំង​ពីរបានព្រមព្រៀងគ្នា។

កម្ពុជាមិនទទួលយកគំនិតដែលថា សន្តិភាពមានន័យថា ភាគីខ្លាំងជាងអាចបង្ខំឱ្យភាគីខ្សោយជាង​ទទួល​យកស្ថានភាពដែលខ្លួនបានបង្កើតនោះដែរ។ សន្តិភាពដែលមាននិរន្តរភាព មិនអាចបង្កើតឡើងលើការ​បង្ខំ​បានទេ គឺត្រូវការការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់។

កាំភ្លើងមិនអាចសរសេរផែនទីថ្មីបានទេ។ ការកាន់កាប់មិនអាចបង្កើតអធិបតេយ្យភាពបានឡើយ ហើយបទឈប់បាញ់ក៏មិនមែនជាប័ណ្ណកម្មសិទ្ធិលើទឹកដីកម្ពុជាដែរ។

ប្រសិនបើថៃពិតជាចង់បានសន្តិភាពយូរអង្វែង នោះផ្លូវដែលគួរដើរមិនមែនជាការបង្កើត «ការពិតថ្មី» នៅលើដីទេ ប៉ុន្តែគឺការបញ្ឈប់សកម្មភាពដែលអាចបង្កើតការយល់ច្រឡំអំពីស្ថានភាពព្រំដែន ហើយត្រឡប់មករកតុចរចា ដោយយកច្បាប់ កិច្ចព្រមព្រៀង និងភស្តុតាងជាមូលដ្ឋាន។ ព្រោះនៅក្នុង ជម្លោះ​ព្រំដែន អ្នកដែលកាន់កាប់ទីតាំងមួយ មិនមែនមានន័យថា អ្នកនោះបានក្លាយជាម្ចាស់ទឹកដីរបស់​ប្រទេសដទៃបាននោះឡើយ៕

ដោយ៖ ពិន វិជ័យ

អត្ថបទទាក់ទង