Grand News Asia Close

វិភាគអន្តរជាតិ៖ តើជំនួបត្រីភាគីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង មានន័យយ៉ាងណាចំពោះចិន រុស្ស៉ី និងកូរ៉េខាងជើង?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 1262
វិភាគអន្តរជាតិ៖ តើជំនួបត្រីភាគីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង មានន័យយ៉ាងណាចំពោះចិន រុស្ស៉ី និងកូរ៉េខាងជើង? វិភាគអន្តរជាតិ៖ តើជំនួបត្រីភាគីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង មានន័យយ៉ាងណាចំពោះចិន រុស្ស៉ី និងកូរ៉េខាងជើង?

FN- (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅឯបន្ទាយយោធា Camp David សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីមួយនៅថ្ងៃទី១៨ ខែសីហានេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ មេដឹកនាំនៃប្រទេសទាំង៣ ធ្លាប់បានជួបគ្នានាឱកាសចូលរួមកិច្ចប្រជុំអន្តរជាតិធំៗជាច្រើននាពេលកន្លងមក ក្នុងនោះរួមមានទាំងកិច្ចប្រជុំកំពូល NATO កាលពីឆ្នាំ២០២២។ ប៉ុន្តែ ជំនួបនៅឯបន្ទាយយោធា Camp David គឺជាជំនួបត្រីភាគីកម្រិតកំពូលលើកដំបូងបំផុតរវាងសហរដ្ឋអាមេរិក ជាមួយជប៉ុន និងកូរ៉េខាងត្បូងដែលបានទុកជម្លោះប្រវតិ្តសាស្ត្រមួយឡែកសិន ដើម្បីរួមគ្នាប្រឈមមុខនឹងការជឿនលឿនទៅមុខនៃយោធាកូរ៉េខាងជើង។

ក្នុងកិច្ចពិភាក្សាមុនៗ កូរ៉េខាងជើងតែងតែស្ថិតនៅក្នុងរបៀបវារៈសំខាន់ ហើយកិច្ចប្រជុំនៅឯ Camp David លើកនេះ សំណុំរឿងកូរ៉េខាងជើងត្រូវបាន គេមើលឃើញថានឹងនៅតែជារបៀបវារៈសំខាន់សម្រាប់មេដឹកនាំទាំង៣។ តែជាសញ្ញាមួយនៃកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅ មេដឹកនាំ នៃប្រទេសទាំង៣ ក៏នឹងពិភាក្សាផងដែរលើបញ្ហាធំៗជាច្រើនផ្សេងទៀតពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តួយ៉ាងដូចជាឥទ្ធិពលរបស់ចិនក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការការពារសណ្ដាប់ធ្នាប់អន្តរជាតិដឹកនាំដោយលោកខាងលិចនៅចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។

* តើអាចរំពឹងអ្វីពីកិច្ចប្រជុំត្រីភាគីនៅឯបន្ទាយយោធា Camp David?
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ត្រូវបានរំពឹងថានឹងពិភាក្សា ក៏ដូចជាប្រកាសពីផែនការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីលើកិច្ចព្រមព្រៀងសន្តិសុខ រួមមានការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសប្រឆាំងនឹងមីស៊ីលបាលិស្ទីគ ការធ្វើសមយុទ្ធយោធារួមគ្នា និងសន្តិសុខព័ត៌មានវិទ្យាទប់ទល់ជាមួយកូរ៉េខាងជើង ចិន និងរុស្ស៉ី។ ដោយមានទាំងកិច្ចប្រជុំទ្វេភាគី និងត្រីភាគី ក្នុងកិច្ចប្រជុំនៅឯបន្ទាយយោធា Camp David សហរដ្ឋអាមេរិកនឹងព្យាយាមធ្វើយ៉ាងណាឱ្យ ភាពជឿនលឿននៃកិច្ចព្រមព្រៀងសន្តិសុខ ដែលព្រមព្រៀងឡើងដោយប្រទេសទាំង៣ កាលពីឆ្នាំ២០២២ ក្លាយជាប្រព័ន្ធមួយជាផ្លូវការ។ ចាប់តាំងពី បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីឧសភា ឆ្នាំ២០២២មក លោក យូន ស៊ុកយុល បានផ្ដោតជាសំខាន់លើការស្ដារទំនាក់ទំនង ជាមួយជប៉ុន និងពង្រឹងសមត្ថភាពកំញើញទប់ស្កាត់សង្រ្គាម ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។

រដ្ឋបាលលោក ចូ បៃដិន បានជួយគំាទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង ដោយសម្លឹងឃើញពីប្រយោជន៍យ៉ាងធំធេង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី។ ដូច្នេះ ក្នុងជំនួបនៅ Camp David សហរដ្ឋអាមេរិកនឹងស្វែងរកការបង្កើតកិច្ចប្រជុំកំពូលត្រីភាគីមួយ ជាប្រចាំឆ្នាំ ព្រមទាំងស្វែងរកកិច្ចព្រមព្រៀងមួយដែលអាចឱ្យប្រទេសទាំង៣ ចួលរួមក្នុងកិច្ចពិគ្រោះយោបល់គ្នាទៅវិញទៅមក នៅក្នុងករណី មានការវាយប្រហារ ឬវិបត្តិណាមួយ។ ទីក្រុងវ៉ាស៊ីនតោន ក៏នឹងជំរុញផងដែរលើកិច្ចខិតខំប្រឹងប្រែងចែករំលែកព័ត៌មានស្ដីពីការព្រមានជាមុនពី ការគំរាមកំហែងណាមួយនៃការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើង និងដឹកនាំសមយុទ្ធយោធារួមគ្នាប្រឆាំងនឹងនាវាមុជទឹក។

តាមរយៈកិច្ចព្រមព្រៀងទាំងនេះ វានឹងជំរុញឱ្យប្រទេសទាំង៣ ជាពិសេស ជប៉ុន និងកូរ៉េខាងត្បូងកាន់តែមានភាពជិតស្និទ្ធនឹងគ្នាលើការធ្វើសមាហរណកម្ម បណ្ដាញសន្តិសុខដែលទីក្រុងវ៉ាស៊ីនតោន ជឿថាជារឿងចាំបាច់ដើម្បីការពារផលប្រយោជន៍រួមនៃប្រទេសទាំង៣ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មិនតែប៉ុណ្ណោះ ដោយរៀបចំកិច្ចប្រជុំត្រីភាគីនៅឯកន្លែងដ៏សំខាន់ដូចជា Camp David សហរដ្ឋអាមេរិកក៏ចង់បង្ហាញផងដែរថាខ្លួនគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន ដែលទំនាក់ទំនងនៃប្រទេសទាំង២ គួរតែផ្តោតឆ្ពោះទៅរកអនាគត ជាជាងបន្តត្រាំត្រែងនៅក្នុងជម្លោះប្រវត្តិសាស្ត្រ។ កន្លងមក បន្ទាយយោធា Camp David ត្រូវបានជ្រើសរើសជាកន្លែងរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងចំណោមមេដឹកនាំពិភពលោក តួយ៉ាងដូចជា អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក មេណាឈិម បេហ្គីន (Menachem Begin)និងអតីតប្រធានាធិបតីអេហ្ស៉ីប លោក អាន់វ៉ា អាល់សាដាត (Anwar al-Sadat) ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល និងអេហ្ស៉ីបក្នុងឆ្នាំ១៩៧៨។

* តើកិច្ចប្រជុំត្រីភាគីនេះមានន័យយ៉ាងណាចំពោះចិន រុស្ស៉ី និងកូរ៉េខាងជើង?
ច្បាស់ណាស់ ចិន រុស្ស៉ី និងកូរ៉េខាងជើងប្រាកដជានឹងមិនសប្បាយចិត្តឡើយ ចំពោះកិច្ចប្រជុំត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ក្រោមហេតុផល រៀងៗខ្លួន។ សម្រាប់កូរ៉េខាងជើង កិច្ចប្រជុំកំពូលនេះនឹងកាន់តែពង្រឹងការយល់ឃើញរបស់ទីក្រុងព្យុងយ៉ាងដែលតែងតែចោទប្រកាន់ថាសហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើត «សម្ព័ន្ធភាពយោធា NATO អាស៊ី» នៅក្នុងតំបន់ ដែលកូរ៉េខាងជើងចាត់ទុកជាការគំរាមកំហែងមួយដល់សន្តិសុខ និងផលប្រយោជន៍ របស់ខ្លួន។

វាអាចទៅរួចថាកិច្ចប្រជុំកំពូលនេះនឹងជំរុញឱ្យកូរ៉េខាងជើងបង្កើនការធ្វើសកម្មភាពយោធា ដូចជាការធ្វើតេស្ដបាញ់មីស៊ីល ឬក៏មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ព្រមទាំងប្រឹងប្រែងបង្ហាញពីសាមគ្គីភាពរវាងកូរ៉េខាងជើង ចិន និងរុស្ស៉ី ដូចដែលគេបានឃើញកាលពីខែកក្កដាកន្លងទៅនេះនៅពេលរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) និងសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនិស្ដចិន លោក លី ហុងចុង (Li Hongzhong) បានចូលរួម ដោយផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ដើម្បីទស្សនាការធ្វើព្យុហយាត្រាយោធាមួយក្នុងទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី៧០ នៃការបិទបញ្ចប់ សង្រ្គាមកូរ៉េ ក្រោមបទឈប់បាញ់។

ចំណែក ចិនវិញ ចិនយល់ឃើញថាការពង្រឹងសម្ព័ន្ធភាពត្រីភាគីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គឺមានគោលដៅប្រឆាំងនឹងចិន។ ចិនចង់ឱ្យជប៉ុន និងកូរ៉េខាងត្បូង ប្រកាន់យក «យុទ្ធសាស្ត្រស្វ័យភាព» ដោយបង្កើតគោលនយោបាយដោយខ្លួនឯង ជាជាងនូវអ្វីដែលចិនមើលឃើញថាប្រទេសទាំង២នេះ ចាំតែធ្វើ ឬដើរតាមសហរដ្ឋអាមេរិក។ កិច្ចប្រជុំនៅ Camp David ត្រូវបានរំពឹងថាសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងអាចនឹងពង្រឹងគោលជំហរបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿងតៃវ៉ាន់ ក្នុងការគាំទ្រដល់ការរក្សាស្ថានភាពដើម និងសន្តិភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដោយផ្អែកលើគោលជំហរដែលត្រូវបាន ប្រកាសក្នុងសេចក្ដីថ្លែងការណ៍មួយក្រោយជំនួបរវាងមេដឹកនាំទាំង៣ ក្នុងទីក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០២២ ដែលចិនចាត់ទុកថាជាការលូកលាន់កិច្ចការ ផ្ទៃក្នុងរបស់ខ្លួន។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅ Camp David ក៏នឹងមានផងដែរកិច្ចពិភាក្សាពីសង្រ្គាមនៅអ៊ុយក្រែន។ ប្រទេសទាំង៣ទំនងជានឹងពិភាក្សាពីអនាគតនៃការផ្ដល់ ការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែន និងការថ្កោលទោសការឈ្លានពានរបស់រុស្ស៉ី។ សហរដ្ឋអាមេរិកធ្លាប់បានស្នើឱ្យកូរ៉េខាងត្បូងពិចារណាលើការផ្ដល់អាវុធ ឱ្យអ៊ុយក្រែន តែមកទល់នឹងពេលនេះទីក្រុងសេអ៊ូលនៅតែបដិសេធ ដោយសារតែរុស្ស៉ីមានឥទ្ធិពលលើកូរ៉េខាងជើង៕

អត្ថបទទាក់ទង