Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1004
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីបានសម្តែងការសោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់កម្ពុជា កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ការសោកស្តាយបែបនេះត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រីគូសបញ្ជាក់ក្នុងសារលិខិត ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នាឱកាស «ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សម្តេចធិបតីបន្តថា បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈក្របខ័ណ្ឌច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ក៏ការប្រឈមផ្នែកប្រដាប់អាវុធបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។ ជាក់ស្តែង ប្រាសាទព្រះវិហារបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំនួន៥៦២កន្លែង។ សម្រាប់សម្តេចធិបតី នេះជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែ សម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល និងក៏ការបំផ្លាញកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅ។

ចំពោះមុខការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនដោយពង្រឹងការងារយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិនិងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងចាត់វិធានការអភិរក្សតាមរយៈការស្នើសុំឱ្យចាត់បញ្ជូនអ្នកជំនាញការអន្តរជាតិចុះពិនិត្យវាយតម្លៃការខូចខាត។ ទន្ទឹមនឹងនោះ ក្រុមអ្នកជំនាញបាននិងកំពុងបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រ សង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ប្រមូលនិងអភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។ រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្សនិងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ដើម្បីប្រែក្លាយការឈឺចាប់ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។

សម្តេចធិបតីបានរម្លឹកថា កិច្ចការថែរក្សានិងការពារប្រាសាទព្រះវិហារ ត្រូវបានអនុវត្តដោយបុព្វបុរសខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ក្នុងនោះរាប់បញ្ចូលទាំងការតស៊ូដ៏ស្វិតស្វាញនិងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់បុព្វបុរស អតីតថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារីខ្មែរ។ អ្វីដែលយើងទាំងអស់គ្នាចងចាំមិនភ្លេច នោះគឺព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុងការទាមទារប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

បន្ទាប់មកគឺកិច្ចខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដោយមានសម្តេចវិបុលបញ្ញា សុខ អាន និងក្រុមការងារជាសេនាធិការ ដែលបានដឹកនាំការងារបច្ចេកទេស និងការទូតរហូតសម្រេចបាននូវការចុះប្រាសាទដ៏ពិសិដ្ឋនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទោះបីជាត្រូវឆ្លងកាត់ឧបសគ្គ និងស្ថានភាពដ៏តានតឹងនាពេលនោះក៏ដោយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបាននិងកំពុងបន្តថែរក្សាសមិទ្ធផលទាំងនេះជាមួយនឹងការជំរុញវិធានការថ្មីៗ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅអភិរក្ស និងថែរក្សាមរតកដ៏ថ្លៃថ្លានេះឱ្យបានគង់វង្ស។

ការសម្រេចបាននូវការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក បានបន្ថែមការទទួលស្គាល់នូវតម្លៃលេចធ្លោជាសកលរបស់វប្បធម៌ និងស្ថាបត្យកម្មខ្មែរ ជាពិសេសបន្ថែមសន្ទុះនៃកិច្ចការអភិរក្សនិងអភិវឌ្ឍ រីឯប្រាង្គប្រាសាទក៏ទទួលបាននូវការបន្តការពារ ថែរក្សា អភិរក្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ តាមរយៈយន្តការរឹងមាំបន្ថែម ជាពិសេសយន្តការនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ដោយក្នុងនោះ បណ្តាប្រទេសជាមិត្តទាំងអស់បានចូលរួមយ៉ាងសកម្មនិងផ្តល់នូវកិច្ចសហការទាំងបច្ចេកទេស សម្ភារៈ និងថវិកា ក្នុងដំណើរការស្តារ និងលើកតម្លៃប្រាសាទព្រះវិហាររបស់យើង។

សម្តេចធិបតីគូសបញ្ជាក់ថា ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ និងសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពីកត្តាសុវត្ថិភាពយ៉ាងណាក្តី។

សម្តេចធិបតីក៏បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទផ្សេងទៀតនៅតាមបណ្តោយព្រំដែនឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងសូមឱ្យស្មារតីនៃប្រាសាទព្រះវិហារបន្តឋិតថេរក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះទៅជាការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួនដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនសាធារណជនជ្រាបថា យោងតាមអ្នកជំនាញកិច្ចការព្រំដែន ប្រាសាទតាមាន់ធំគឺស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជាទាំងស្រុងបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងសូម្បីតែតាមផែនទីឯកតោភាគីរបស់ថៃ L7017 ដែលគ្មានការទទួលស្គាល់ក៏បង្ហាញថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាដែរ។ នេះសបញ្ជាក់ថា ថៃកំពុងឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដោយមិនអាចប្រកែកបានឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង