Grand News Asia Close

ទាក់ទងនឹងភស្តុតាងដែលបង្ហាញពីទីតាំងពិតប្រាកដ របស់ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1012

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងភស្តុតាងដែលបង្ហាញពីទីតាំងពិតប្រាកដ របស់ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦



សំណួរទី១៖ តើការរកឃើញថា ផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជា មានសារៈសំខាន់យ៉ាងដូចម្តេច?

ចម្លើយ៖ ការរកឃើញថា ផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជា គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបញ្ជាក់ថា មិនត្រឹមតែឯកសារ និងភស្តុតាងដែលកម្ពុជាលើកយកមកអះអាងប៉ុណ្ណោះទេ សូម្បីតែផែនទីដែលភាគីថៃគូសដោយខ្លួនឯង ក៏បង្ហាញលទ្ធផលដូចគ្នាដែរ។ ជាក់ស្តែង ផែនទីមាត្រដ្ឋាន ១:៥០,០០០ ពាក់ព័ន្ធនឹងប្រាសាទខ្នារ និងផែនទី L7017 ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ សុទ្ធតែបង្ហាញថា ប្រាសាទទាំងពីរស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបញ្ជាក់ថា ជំហររបស់កម្ពុជា មានមូលដ្ឋានផ្លូវច្បាប់ និងបច្ចេកទេសរឹងមាំ អាចផ្ទៀងផ្ទាត់បាន និងមិនមែនជាការអះអាងដោយគ្មានមូលដ្ឋាន ឬជាការបកស្រាយតែម្ខាងនោះឡើយ។

សំណួរទី២៖ ហេតុអ្វីបានជាភស្តុតាង និងឯកសារផ្លូវច្បាប់ មានសារៈសំខាន់ជាងការកាន់កាប់ជាក់ស្តែង ក្នុងការកំណត់អធិបតេយ្យភាពលើប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ?

ចម្លើយ៖ តាមគោលការណ៍នៃច្បាប់អន្តរជាតិ អធិបតេយ្យភាពលើទឹកដីត្រូវកំណត់ដោយមូលដ្ឋានផ្លូវច្បាប់ និងឯកសារដែលអាចផ្ទៀងផ្ទាត់បាន ដូចជា សន្ធិសញ្ញា អនុសញ្ញា ផែនទី និងកំណត់ហេតុខណ្ឌសីមាព្រំដែន មិនមែនដោយការកាន់កាប់ដោយប្រើកម្លាំងនោះទេ។ ដូច្នេះ ភស្តុតាងដែលកម្ពុជាបានលើកបង្ហាញ មានសារៈសំខាន់ក្នុងការបញ្ជាក់ពីទីតាំង និងអធិបតេយ្យភាពស្របច្បាប់លើប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ហើយមិនអាចត្រូវបានបដិសេធដោយសកម្មភាពកាន់កាប់ជាក់ស្តែងណាមួយឡើយ៕

អត្ថបទទាក់ទង