(Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៦
(Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៦
សំណួរទី ១៖ តើក្នុងអំឡុងពេលដែលអនុព័ន្ធយោធាបរទេស (MACPP) ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ទាហានថៃបានធ្វើសកម្មភាពដែលបង្ហាញពីការរំលោភបំពាន និងការឈ្លានពានមកលើកម្ពុជាដូចម្តេចខ្លះ?
ចម្លើយ៖ ក្នុងអំឡុងពេលដែលក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ទោះបីកម្ពុជាបានជូនដំណឹងជាផ្លូវការជាមុនទៅភាគីថៃតាមរយៈគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រួចរាល់ហើយក៏ដោយ ក៏កម្លាំងយោធាថៃនៅតែបានបង្កហេតុផ្ទុះអាវុធចំនួន៥លើក ចន្លោះម៉ោង១០:៣៥នាទីព្រឹក ដល់១១:០៩នាទី ដោយប្រើកាំភ្លើងប្រភេទ M79 និង M16 សរុប៩គ្រាប់។
សកម្មភាពនេះជាការបំពានយ៉ាងច្បាស់លើស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ លើសពីនេះ វាក៏ជាការបង្ហាញពីកង្វះការគោរពចំពោះវត្តមានរបស់អនុព័ន្ធយោធាបរទេសដែលកំពុងបំពេញបេសកកម្ម សង្កេតការណ៍ដោយតម្លាភាព និងអព្យាក្រឹត។
សំណួរទី ២៖ តើអ្វីដែលកម្ពុជាទទួលបានក្រោយពេលដែលអនុព័ន្ធយោធាបរទេស (MACPP) ចុះទៅពិនិត្យនៅតំបន់ព្រំដែនហើយប្រទះឃើញនូវការផ្ទុះអាវុធពីសំណាក់ភាគីថៃ?
ចម្លើយ៖ ក្រោយពេលអនុព័ន្ធយោធាបរទេស (MACPP) ចុះទៅពិនិត្យនៅតំបន់ព្រំដែន និងបានឃើញស្ថានភាពផ្ទុះអាវុធពីសំណាក់ភាគីថៃជាក់ស្តែង កម្ពុជាទទួលបានផលប្រយោជន៍សំខាន់ក្នុងវិស័យការទូត និងការយល់ឃើញរបស់អន្តរជាតិ។ ជាក់ស្តែង វត្តមានអនុព័ន្ធយោធាបរទេស (MACPP) ជួយធ្វើឱ្យសហគមន៍ពិភពលោកមើលឃើញស្ថានការណ៍ពិតនៅលើដីជាក់ស្តែង ដែលជាផ្នែកមួយក្នុងការជួយបង្កើនតម្លាភាព និងកាត់បន្ថយព័ត៌មានបំភ្លៃ ឬការបកស្រាយខុសពីការពិតរបស់ភាគីម្ខាងទៀត។
ជាលទ្ធផល អន្តរជាតិនឹងមានមូលដ្ឋានច្បាស់ជាងមុនក្នុងការវាយតម្លៃស្ថានការណ៍ ដោយផ្អែកលើភស្តុតាងជាក់ស្តែង។ បន្ថែមពីនេះ សកម្មភាពនេះនឹងជួយពង្រឹងជំហរកម្ពុជាលើឆាកអន្តរជាតិ បង្កើនភាពជឿទុកចិត្ត និងជួយឱ្យការទូតរបស់កម្ពុជាមានទម្ងន់ជាងមុន។ មិនតែប៉ុណ្ណោះ វាក៏ជួយជំរុញឱ្យមានសម្ពាធការទូតក្នុងការអនុវត្តបទឈប់បាញ់ និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហាដោយសន្តិវិធី។ ដូច្នេះ អ្វីដែលកម្ពុជាទទួលបានសំខាន់គឺ ការពង្រឹងភាពជឿជាក់របស់អន្តរជាតិ តម្លាភាពព័ត៌មាន និងការគាំទ្រកាន់តែខ្លាំងចំពោះជំហរកម្ពុជា។
សំណួរទី ៣៖ តើការលើកឡើងរបស់ក្រុមប្រឆាំងដែលថា យោធាថៃបន្តឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែរាជរដ្ឋាភិបាលបានត្រឹមតែនាំអនុព័ន្ធយោធាបរទេស (MACPP) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យមើល តែមិនទទួលបានលទ្ធផលអ្វីទាល់តែសោះ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការនាំអនុព័ន្ធយោធាបរទេស (MACPP) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទៅពិនិត្យនៅតំបន់ព្រំដែន មិនមែនគ្មានលទ្ធផលនោះឡើយ។ ផ្ទុយទៅវិញ វាមានតួនាទីសំខាន់ក្នុងការបង្ហាញស្ថានភាពជាក់ស្តែងទៅកាន់សហគមន៍អន្តរជាតិ បង្កើនតម្លាភាព និងកាត់បន្ថយការបំភ្លៃព័ត៌មាន។
លទ្ធផលដែលទទួលបានរួមមាន ការពង្រឹងការយល់ដឹងរបស់ភាគីអន្តរជាតិអំពីស្ថានភាពព្រំដែន ការជួយគាំទ្រការតាមដានការអនុវត្តបទឈប់បាញ់ និងការជំរុញឱ្យភាគីពាក់ព័ន្ធគោរពកិច្ចព្រមព្រៀងបានល្អប្រសើរជាងមុន។ ទោះលទ្ធផលមិនអាចវាស់វែងភ្លាមៗក៏ដោយ វាជាជំហានសំខាន់ក្នុងការបង្កើនសម្ពាធការទូត និងបរិយាកាសអំណោយផលសម្រាប់ដំណោះស្រាយដោយសន្តិវិធី។
សំណួរទី ៤៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថាថ្នាក់ដឹកមិនមានសមត្ថភាពក្នុងការទប់ទល់ជាមួយថៃ ទើបយកលេសបញ្ជូនក្មេងទំនើងទៅជួរមុខឱ្យប្រយុទ្ធជាមួយថៃ ដើម្បីផ្គាប់ចិត្តមហាជន ជាការពិតដែរឬទេ?
ចម្លើយ៖ ការចោទប្រកាន់បែបនេះ គឺជាការបកស្រាយខុសពីការពិតទាំងស្រុង។ អ្វីដែល សម្តេចធិបតី បានលើកឡើង គឺមិនមែនជាការបញ្ជូនក្មេងទំនើងទៅកាន់សមរភូមិប្រយុទ្ធ ឬឱ្យកាន់អាវុធប្រឈមមុខជាមួយកងទ័ពថៃនោះឡើយ។ គោលបំណងសំខាន់ គឺជាការប្រើវិធានការអប់រំ កែប្រែ និងដាក់វិន័យតាមរយៈការចូលរួមក្នុងការងារគាំទ្រពីក្រោយ ដូចជាការងារភស្តុភារ ការដឹកជញ្ជូនសម្ភារៈ ការជួយសាងសង់ ឬរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រកងទ័ព។
វិធានការបែបនេះ ជាការបង្រៀនឱ្យពួកគេយល់ពីតម្លៃនៃការលះបង់ ការទទួលខុសត្រូវ និងស្មារតីស្នេហាជាតិ ដោយឱ្យពួកគេឃើញជាក់ស្តែងថា មានយុវជនដូចគ្នាជាច្រើនកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាពជាតិ ហើយពួកគេមិនគួរប្រើសេរីភាពរបស់ខ្លួនក្នុងការបំផ្លាញសង្គមនោះទេ។ នេះជាយន្តការកែប្រែឥរិយាបថ និងបំប្លែងបញ្ហាសង្គមឱ្យក្លាយជាកម្លាំងដែលមានប្រយោជន៍សម្រាប់ជាតិ។លើសពីនេះ ការបញ្ជូនមនុស្សទៅជួរមុខ គឺជាកិច្ចការដែលត្រូវការការបណ្តុះបណ្តាលវិជ្ជាជីវៈយោធា វិន័យ និងសមត្ថភាពជាក់លាក់ ដែលមិនអាចធ្វើឡើងដោយការសម្រេចភ្លាមៗ ឬដើម្បីផ្គាប់ចិត្តមហាជន ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះឡើយ។ ដូច្នេះ ការលើកឡើងរបស់ក្រុមប្រឆាំង គឺគ្រាន់តែជាការបំភាន់សាធារណមតិ និងព្យាយាមយកបញ្ហាសង្គមធ្វើជាផលចំណេញនយោបាយផ្ទាល់ខ្លួនប៉ុណ្ណោះ៕





