ក្រោយថៃលុប MoU 2001 ជាឯកតោភាគី៖ វេទិកាច្បាប់និងកំរិតអន្តរជាតិជាសមរភូមិដ៏មោះមុតរបស់កម្ពុជា
#OpEd
នៅលើផ្ទៃសមុទ្រដែលស្ងប់ស្ងាត់ ពេលនេះនឹងចាប់ផ្តើមមានជម្លោះមួយកំពុងកើតឡើងយ៉ាងស្ងៀមស្ងាត់ ជម្លោះដែលមិនឮសូរសំឡេងកាំភ្លើង ប៉ុន្តែមានអត្ថន័យធំធេងសម្រាប់អនាគតជាតិ។ ពេលនេះមិនមែនគ្រាន់តែជាបញ្ហាព្រំដែនទៀតទេ ប៉ុន្តែជាបញ្ហាអធិបតេយ្យភាព កិត្តិយសជាតិ និងអនាគតសេដ្ឋកិច្ចរបស់កម្ពុជា។
យោងតាម Facebook ផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ជនរួមជាតិថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រើប្រាស់យន្តការនៃ “ការផ្សះផ្សាដោយចាប់បង្ខំ” (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ United Nations Convention on the Law of the Sea (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ។ ជំហាននេះកើតឡើងបន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ ដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នា កម្ពុជា–ថៃ ឆ្នាំ 2001 (MOU 2001 ឬដែលភាគីថៃហៅថា MOU44)។
អស់រយៈពេលជាងពីរទស្សវត្សរ៍ កម្ពុជា បានអត់ធ្មត់ដោយជ្រើសរើសយកផ្លូវចរចាទ្វេភាគី ជាមួយនឹងស្មារតីសន្តិភាព និងការយោគយល់គ្នា។ MOU 2001 មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងទេ ប៉ុន្តែជាសញ្ញាបង្ហាញនៃការទុកចិត្ត និងជាវេទិកាសំខាន់សម្រាប់គ្រប់គ្រងជម្លោះដែនសមុទ្រដែលមានភាពរសើបខ្លាំង។ ប៉ុន្តែពេលដែលក្របខណ្ឌនោះត្រូវបានបញ្ចប់ដោយឯកតោភាគី សំណួរធំមួយត្រូវបានលើកឡើងថា៖ តើយើងគួរបន្តរង់ចាំ ឬគួរតែដើរទៅមុខដោយខ្លួនឯង?ចម្លើយរបស់កម្ពុជា គឺច្បាស់ហើយថា យើងមិនរង់ចាំទៀតទេ។
មិនមែនជាការចៃដន្យទេ ពិតណាស់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដោយការគិតគូយ៉ាងហ្មត់ចត់រួចហើយ ក្នុងការងាកទៅរកយន្តការអន្តរជាតិ ហើយវាក៏មិនមែនជាការចាកចេញពីសន្តិភាពទេ ប៉ុន្តែជាការពង្រឹងសន្តិភាពដោយផ្អែកលើច្បាប់។ ការប្រើប្រាស់ Compulsory Conciliation បង្ហាញថា កម្ពុជា ជឿលើច្បាប់ មិនមែនលើសំពាធ។ វាជាការបង្ហាញថា ប្រទេសមួយអាចការពារសិទ្ធិស្របច្បាប់របស់ខ្លួនបាន ដោយប្រើប្រាស់ប្រព័ន្ធអន្តរជាតិ ដោយមិនចាំបាច់ពឹងផ្អែកលើអំណាចរឹង(យោធា)។
យន្តការ «ផ្សះផ្សា» “Conciliation” មិនមែនជាការប្រយុទ្ធដោយអាវុធទេ ប៉ុន្តែជាការប្រយុទ្ធដោយហេតុផលនៅក្នុងប្រព័ន្ធច្បាប់។ វាមិនបង្ខំឲ្យមានអ្នកឈ្នះភ្លាមៗទេ ប៉ុន្តែបង្ខំឲ្យមានការពិចារណារកហេតុផល និងផ្អែកលើការពិត។ វាមិនបង្កជម្លោះថ្មីទេ ប៉ុន្តែបង្កសម្ពាធឲ្យមានដំណោះស្រាយ។ ហើយសម្រាប់កម្ពុជា វាជាវិធីសាស្ត្រដែលបង្ហាញពីភាពឆ្លាតវៃក្នុងការរក្សាទាំងអធិបតេយ្យភាព និងសន្តិភាព។
ជំហាននេះក៏ជាសារដ៏ច្បាស់លាស់ទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ ទី១៖ ទៅកាន់ថៃដោយចង់បញ្ជាក់ថា កម្ពុជា មិនបិទទ្វារចរចាទេ ប៉ុន្តែការចរចាត្រូវមានមូលដ្ឋានច្បាប់ មិនមែនអាស្រ័យលើស្ថានការណ៍នយោបាយទេ។ ទី២៖ ទៅកាន់សហគមន៍អន្តរជាតិដោយបង្ហាញសញ្ញាថា កម្ពុជាគោរពច្បាប់ និងត្រៀមខ្លួនប្រើប្រព័ន្ធអន្តរជាតិ ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។
ជាក់ស្តែងណាស់ Conciliation មិនមែនជាផ្លូវងាយស្រួលដើរទេ អាចប្រើពេលវេលាយូរ និងមិនអាចទទួលបានលទ្ធផលភ្លាមៗ ហើយអាស្រ័យលើសុច្ឆន្ទៈនយោបាយ។ ប៉ុន្តែវាជាផ្លូវដែលមានសេចក្តីថ្លៃថ្នូរ ផ្លូវដែលជៀសវាងការប្រឈមមុខដាក់គ្នា និងការបាត់បង់ដែលអាចកើតឡើងពីជម្លោះរវាងគ្នានិងគ្នា។
នៅចុងក្រោយនេះ សំណួរមិនមែនថា តើអ្នកណាឈ្នះ ឬចាញ់ទេ។ សំណួរពិតប្រាកដគឺ តើយើងអាចរក្សាបានទាំងអធិបតេយ្យភាព និងសន្តិភាពដែរឬទេ?
ដោយជ្រើសយកច្បាប់អន្តរជាតិ ជំនួសឲ្យសម្ពាធនយោបាយ កម្ពុជា កំពុងបង្ហាញថា កម្លាំងពិតប្រាកដមិនមែនស្ថិតនៅលើអំណាចយោធា ប៉ុន្តែវាស្ថិតនៅលើភាពត្រឹមត្រូវ និងភាពអាចទុកចិត្តបាន។
ពេលនេះមិនមែនជាការតស៊ូរបស់រដ្ឋាភិបាលតែប៉ុណ្ណោះទេ វាជាការតស៊ូរបស់ជាតិមួយ សម្រាប់អនាគតរបស់ខ្លួន ហើយប្រសិនបើមានជ័យជម្នះណាមួយកើតឡើងនៅថ្ងៃណាមួយ វានឹងមិនត្រឹមតែជាជ័យជម្នះរបស់កម្ពុជាទេ ប៉ុន្តែជាជ័យជម្នះរបស់ច្បាប់ សេចក្តីត្រឹមត្រូវ និងសន្តិភាពសម្រាប់តំបន់ទាំងមូល។
នៅក្នុងបរិបទដែលជម្លោះដែនសមុទ្រអាចបំផ្លាញទាំងសន្តិភាព និងស្ថិរភាពតំបន់ ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំក្រោម UNCLOS គឺជាជំហានយុទ្ធសាស្ត្រដែលបង្ហាញពីភាពច្បាស់លាស់ និងភាពទទួលខុសត្រូវ។ វាមិនមែនជាការបោះបង់ការចរចាទេ ប៉ុន្តែជាការលើកកម្ពស់ការចរចាឲ្យស្ថិតលើមូលដ្ឋានច្បាប់ និងស្តង់ដារអន្តរជាតិ។
ជំហាននេះបង្ហាញថា កម្ពុជា មិនជ្រើសរើសផ្លូវប្រឈមមុខ ឬសំពាធអំណាចទេ ប៉ុន្តែជ្រើសរើសផ្លូវដែលមានសេចក្តីថ្លៃថ្នូរ ផ្លូវច្បាប់ សន្តិភាព និងហេតុផល។ ទោះបីលទ្ធផលមិនអាចកំណត់បានភ្លាមៗក៏ដោយ ក៏វាបង្កើតមូលដ្ឋានរឹងមាំសម្រាប់ដំណោះស្រាយយូរអង្វែង និងការរក្សាទំនាក់ទំនងក្នុងនាមជាប្រទេសជិតខាងឲ្យមានស្ថិរភាពបានដែរ។
ជ័យជម្នះពិតប្រាកដមិនមែនស្ថិតនៅលើការឈ្នះជម្លោះនោះទេ ប៉ុន្តែវាស្ថិតនៅលើសមត្ថភាពក្នុងការការពារអធិបតេយ្យភាព និងនៅតែរក្សាបាននូវសន្តិភាព ដោយជ្រើសយកច្បាប់អន្តរជាតិជាមធ្យោបាយដោះស្រាយ ។ កម្ពុជា កំពុងបញ្ជាក់ថា អនាគតរបស់ខ្លួន មិនអាស្រ័យលើអំណាច ប៉ុន្តែអាស្រ័យលើភាពត្រឹមត្រូវ និងសុចរិតភាពលើឆាកអន្តរជាតិ។
“កម្ពុជា ជ្រើសយកយន្តការ Compulsory Conciliation ក្រោម UNCLOS ជាគន្លងច្បាប់ ដើម្បីការពារអធិបតេយ្យភាព និងធានាសន្តិភាពយូរអង្វែង”៕
ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ





