អ្នកវិភាគ៖ កម្ពុជាកំពុងស្ថិតនៅក្នុង «វិបត្តិនៃទំនុកចិត្ត» ធ្ងន់ធ្ងរបំផុត
អ្នកតាមដានសង្គមយល់ថាសង្គមកម្ពុជាកំពុងស្ថិតក្នុង «វិបត្តិនៃទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរបំផុត ដោយផ្អែក លើករណីនៃការលួចនាំចូលទុរេនពីប្រទេសថៃ ដោយឈ្មួញអះអាងថាជា «ទុរេនខ្មែរ» រាស្ត្រថា «ទុរេនថៃ» រីឯមន្ត្រីថា «ទុរេនទិញមកពីផ្សារនាគមាស និងកំពង់ចាម»។
នាពេលថ្មីៗមានករណីមួយដែលនាំឱ្យប្រជាជននាំគ្នាប្រតិកម្មយ៉ាងខ្លាំងទាក់ទងនឹងការលួចនាំចូលទុរេន ពីប្រទេសថៃយកមកលក់នៅក្នុងទឹកដីកម្ពុជា ស្របពេលដែលប្រជាជនខ្មែរនាំគ្នាពហិការមិនប្រើប្រាស់ ឬគាំទ្រផលិតផលថៃ ដែលកើតចេញពីសកម្មភាពឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។
ទាក់ទងនឹងបញ្ហានាំលួចចូលទុរេននេះនាំមានការអះអាងរៀងៗខ្លួនដែលចំណុចនេះបានធ្វើឱ្យ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានសង្គមយល់ថា
នេះគឺជា «វិបត្តិនៃទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរបំផុត» ត្បិតមនុស្សក្នុងសង្គមនេះលែងជឿជាក់លើគ្នាទៅវិញទៅមកហើយ ព្រោះនៅពេលមានព័ត៌មានពីការលួចនាំចូលទុរេនថៃ ក្រុមមន្ត្រីក៏ចុះទៅពិនិត្យទាំងយប់ តែមិនមិនបានធ្វើការទាំងយប់នោះទេ លុះព្រឹកឡើងការពិនិត្យបានចាប់ផ្ដើម ឈ្មួញអះអាងថា «ទុរេនខ្មែរ» តែរាស្ត្រថា «ទុរេនថៃ» រីឯមន្ត្រីថា «ទុរេនទិញមកពីផ្សារនាគមាសនិងកំពង់ចាម»។ រហូតមានមានបងប្អូនខ្លះលើកឡើងដោយក្តីមន្ទិលសង្ស័យយ៉ាងខ្លាំងថា បើពិតជាធុរេនខ្មែរមែន ពួកគាត់ហ៊ានកាត់ដៃគាត់ចោលមួយចំហៀងទៀតផង។
លោកគិន ភា ពន្យល់ថា «វិបត្តិនៃទំនុកចិត្ត នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺវាបានប្រសូតចេញការភូតភរ ការបោកប្រាស់ និងការក្បត់សីលធម៌ ហើយវិវឌ្ឍន៍ខ្លួនក្លាយជាវប្បធម៌ទូទៅក្នុងសង្គមទៅហើយ ព្រោះឱ្យតែបានផលប្រយោជន៍ផ្ទាល់ខ្លួន ជនទុច្ចរិតហ៊ានធ្វើគ្រប់បែបយ៉ាងដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ។
លោកបន្តថា នៅពេលដែលរាស្ត្រនៅតែសង្ស័យថា ឈ្មួញប្រើល្បិចបោកប្រាស់ មន្ត្រីភូតកុហកថ្ពិនភ្នែកនិងឃុបឃិតជាមួយឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអ្នកនយោបាយមានចរិតក្រឡេចក្រឡុចនិយាយឱ្យតែពិរោះស្ដាប់ នោះវានឹងធ្វើឱ្យរាស្ត្រលែងទុកចិត្តមន្ត្រី មន្ត្រីលែងខ្វល់ពីគុណធម៌ ហើយឈ្មួញលែងស្គាល់បុណ្យបាប រីឯអ្នកនយោបាយខ្វល់តែសន្លឹកឆ្លោតនិងលាភសក្ការៈ។
សកម្មភាពទាំងអស់នេះ គឺជាលទ្ធផល ទោះបីជាអ្នកនយោបាយ មន្ត្រី ឬឈ្មួញ និយាយការពិត ក៏គ្មាននរណាជឿដែរ។ ក្នុងសង្គមដែលសីលធម៌ គុណធម៌ និងសច្ចធម៌ ត្រូវបានគេបោះបង់ចោល មនុស្សនឹងរស់នៅដោយមន្ទិលសង្ស័យលើគ្នាជានិច្ច។ រាល់សកម្មភាពដែលមន្ត្រីឬអ្នកនយោបាយបង្ហាញដល់រាស្ត្រ នឹងត្រូវគេចាត់ទុកថាជាការសម្ដែងទាំងអស់ គ្មានឡើយនូវភាពបរិសុទ្ធដែលចេញពីបេះដូងពិតប្រាកដ។
បើតាមលោកគិន ភា គ្រាន់តែរឿង «ទុរេន» ប៉ុណ្ណឹង យើងមិនអាចស្វែងរកសច្ចភាពដើម្បីកសាងទំនុកចិត្តគ្នាបានផង តើយើងអាចរំពឹងឱ្យសង្គមនេះវេញត្របាញ់ចូលគ្នាជាធ្លុងមួយ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានដោយរបៀបណាទៅ?
អ្នកតាមដានសង្គមរូបភាពសង្កត់ធ្ងន់ថា៖ «ក្នុងនាមយើងជាខ្មែរទាំងអស់គ្នា ទាំងរាស្ត្រ ទាំងឈ្មួញ ទាំងមន្ត្រី និងទាំងអ្នកនយោបាយ សូមឈប់កុហក ឈប់ភូតភរ និងឈប់បោកប្រាស់ខ្មែរគ្នាឯងទៀតទៅ ឈប់សម្ដែងទៀតទៅ ហើយចាប់ផ្ដើមរួមគ្នាកសាងទំនុកចិត្តគ្នាឡើងវិញ ដើម្បីភាពរឹងមាំនិងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិយើង៕
ដោយ៖បណ្ឌិត គិន ភា





