Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1024
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីថា តើរាជរដ្ឋាភិបាលជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋដូចម្តេចខ្លះក្នុងពេលបុណ្យចូលឆ្នាំថ្មី និងក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងឆ្លងកាត់?

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតស៊ូយ៉ាងខ្លាំងក្លានៅលើសមរភូមិការទូតដើម្បីការពារបូរណភាពទឹកដីដែលយោធាថៃ កំពុងកាន់កាប់ដោយខុសច្បាប់នៅតាមបណ្តោយព្រំដែន។ ស្របពេលជាមួយគ្នានេះ វិបត្តិថាមពលកំពុងកើតឡើងដោយសារតម្លៃប្រេងឥន្ធនៈឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ ក្នុងគ្រាដ៏លំបាកនេះ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា បានចាត់វិធានការអន្តរាគមន៍ជាច្រើន ដោយបានចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ។ វិធានការអន្តរាគមន៍ទាំងនោះមានដូចជា៖

ទី១៖ ការបញ្ចុះតម្លៃប្រេងឥន្ធនៈដែលជាបន្ទុករបស់រដ្ឋ និងបញ្ចុះពន្ធអាករផ្សេងៗទៀតលើប្រេងឥន្ធនៈដើម្បីទប់តម្លៃប្រេងលើទីផ្សារ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្តបញ្ចុះ ៦,៥ សេនដុល្លារ/លីត្រដោយរដ្ឋជាអ្នកទទួលបន្ទុកជំនួស។ បន្តបញ្ចុះ ១ សេនដុល្លារ/លីត្របន្ថែមទៀត ពេលថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស១០០ដុល្លារ/បារ៉ែល។ បញ្ចុះពន្ធគយដល់ ០ (សូន្យ) ដុល្លារតែម្តង។

បន្ថែមពីលើនេះ ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងក៏កើនឡើងខ្ពស់ដោយសារហានិភ័យនៃការដឹកជញ្ជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកដល់ ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី១០% មក៤% និងប្រេងម៉ាស៊ូតពី១០% មក០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង១០% សម្រាប់ប្រេងម៉ាស៊ូត។

តាមរយៈការបញ្ចុះពន្ធនិងអាករលើប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាលបានបាត់បង់ចំណូលប្រមាណជា៥០ លានដុល្លារក្នុងមួយខែ ប៉ុន្តែទោះជារដ្ឋបាត់ចំណូលយ៉ាងច្រើនសន្ធឹកបែបនេះក្តី ក៏សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលពេញចិត្តនឹងធ្វើបែបនេះ និងត្រៀមចាត់វិធានការអន្តរាគមន៍បន្ថែមទៀតក្នុងករណីចាំបាច់ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ អគ្គិសនីកម្ពុជាក៏បានចេញខាតប្រមាណជា ៣៦ លានដុល្លារ ដើម្បីទប់តម្លៃអគ្គិសនីមិនឱ្យឡើងថ្លៃដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនី។ កាលពីដើមខែមេសានេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីក៏បានសម្រេចបញ្ចុះពន្ធអាករនាំចូលរថយន្តអគ្គិសនី និងគ្រឿងសម្ភារៈប្រើអគ្គិសនីជាច្រើនប្រភេទដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងខណៈដែលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈបាននិងបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ។

ទី២៖ រាជរដ្ឋាភិបាលជួយចេញសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋពេលបុណ្យចូលឆ្នាំថ្មី៖ រថយន្តក្រុងសាធារណៈ ៦០០ គ្រឿងត្រូវបានបញ្ចេញដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនៅទូទាំងប្រទេស ទាំងទៅទាំងមក ក្នុងរយៈពេល៦ថ្ងៃ ដោយឥតគិតថ្លៃ ក៏ដូចជាសម្រាប់ដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញ និងឥតគិតថ្លៃដូចគ្នាដែរ។ នេះគឺជាការចំណាយដ៏ធំមួយទៀតដែលរាជរដ្ឋាភិបាលជាអ្នកធានារ៉ាប់រង ពោលគឺរាជរដ្ឋាភិបាលជាអ្នកចេញសោហ៊ុយធ្វើដំណើរជំនួសប្រជាពលរដ្ឋដែលអនុញ្ញាតឱ្យពួកគេអាចប្រើប្រាស់ថវិកាដែលគ្រោងសម្រាប់ធ្វើដំណើរទៅចាយវាយក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី និងការជួបជុំគ្រួសារដោយសប្បាយរីករាយជាជំនួសវិញ។

និយាយជារួម ទាំងប្រជាពលរដ្ឋអ្នកធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនដោយប្រើម៉ូតូ រថយន្តចាក់ប្រេងសាំង ឬម៉ាស៊ូត ឬរថយន្តអគ្គិសនី និងទាំងអ្នកប្រើរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ សុទ្ធសឹងតែទទួលបានផលពីការជួយសម្រាលបន្ទុកចំណាយពីរាជរដ្ឋាភិបាលគ្រប់ៗគ្នា តាមរយៈវិធានការអន្តរាគមន៍បញ្ចុះពន្ធអាករលើប្រេងឥន្ធនៈ និងរថយន្តអគ្គិសនី និងការផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃដូចបានជំរាបជូនខាងលើ។ ចំណែកមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក៏បានទទួលប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី និងទទួលបានប្រាក់បៀវត្សមុនចូលឆ្នាំដើម្បីសម្រួលដល់ការចាយវាយរបស់ពួកគេផងដែរ ពោលគឺ រាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី និងក្នុងកាលៈទេសៈដ៏លំបាកដែលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈកំពុងឡើងថ្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ។

សូមកត់សម្គាល់ថា វិធានការអន្តរាគមន៍លឿនរហ័ស និងទាន់ពេលវេលា របស់រាជរដ្ឋាភិបាល ដោយរដ្ឋហ៊ានចេញខាតយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោកកំពុងរងការបោកបក់ដោយព្យុះព្យោមារនៃវិបត្តិថាមពលសាកលយ៉ាងធ្ងន់ធ្ងរបែបនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាកើតចេញពីឆន្ទៈបម្រើប្រជាពលរដ្ឋយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃយើងដែលតែងតែរួមសុខទុក្ខ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាចម្បង។ រាជរដ្ឋាភិបាលអាចធ្វើបានបែបនេះបានក៏បញ្ជាក់ច្បាស់ពីភាពរឹងមាំប្រកបដោយភាពធន់នៃសេដ្ឋកិច្ចកម្ពុជាក្រោមម្លប់សុខសន្តិភាពរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និងដោយមានការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ…។

ជាចុងក្រោយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ខ្ញុំព្រះករុណា ខ្ញុំបាទសូមបួងសួងឱ្យសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ជួបតែសេចក្តីសុខ ចម្រុងចម្រើន និងជួបប្រទះតែព្រះពុទ្ធពរទាំង ៤ ប្រកាគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរព្រះគុណ និងអរគុណ!

អត្ថបទទាក់ទង