ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦
ជាបឋម អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិជ្រាបអំពីកម្ពុជាបន្តជំរុញភាគីថៃឱ្យអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖
នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចថា៖ ចាប់តាំងពីបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជា និងភាគីថៃ បានប្រកាន់ជំហរគោរពខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា៖ “ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារចំរុះចុះវាស់វែងនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ”។
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចំរុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័ស តាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣) ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធី ដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងអោយប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃទាំងពីរប្រទេសអាចរស់នៅដោយសេចក្តីសុខ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនដែរថា យោងចំណុច៣នៃសេចក្តីប្រកាសរួមនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាតំណាងឱ្យគណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសារជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។ ក្នុងសំណើរដែលមាន៦ចំណុច ភាគីកម្ពុជាក៏បានស្នើឱ្យបន្តអនុវត្តការងារនៅលើដីជាក់ស្តែងដូចដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
សូមរម្លឹកជូនដែរថា សំណើរកោះប្រជុំគណៈកម្មការ JBC និងចាត់បញ្ជូនក្រុមការងារចំរុះចុះវាស់វែងលើដីជាក់ស្តែង បានធ្វើឡើង៦លើកហើយ ចាប់តាំងពីបទឈប់បាញ់លើកទី២ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក។ នេះបង្ហាញពីភាពសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចង់បានដំណោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់រហ័ស និងជាដំណោះស្រាយពិតប្រាកដដើម្បីស្ថិរភាពនិងសន្តិភាពយូរអង្វែងនៅតាមព្រំដែន។
ដោយឡែក ក្នុងជំនួបជាមួយអគ្គនាយកអង្គការយូណេស្កូនៅរដ្ឋធានីប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុខ រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខូចខាតប្រាសាទព្រះវិហារដែលបណ្តាលមកពីការទម្លាក់គ្រាប់បែកនិងការបាញ់អាវុធធុនធ្ងន់មកលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញ ដែលបង្ខំឱ្យសហគមន៍មូលដ្ឋាននៅជុំវិញប្រាសាទត្រូវភៀសសឹក និងរងទុក្ខវេទនាដោយការបាត់បង់ទ្រព្យសម្បត្តិ។
ប្រមុខការទូតកម្ពុជាក៏បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងបានអំពាវនាវឱ្យអង្គការយូណេស្កូបញ្ចេញសំឡេងកាន់តែខ្លាំងជាងមុនក្នុងការទប់ស្កាត់ការវាយប្រហារបន្ថែមទៀតទៅលើតំបន់បេតិកភណ្ឌពិភពលោក។ ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណអង្គការយូណេស្កូដែលបានបញ្ជូនអ្នកជំនាញប្រឹក្សាយោបល់អន្តរជាតិទាន់ពេលវេលាដើម្បីវាយតម្លៃការខូចខាត និងការត្រៀមខ្លួនក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធានាអះអាងចំពោះឯកឧត្តមអគ្គនាយកអង្គការយូណេស្កូថា កម្ពុជាពុំបានប្រើប្រាស់ប្រាសាទព្រះវិហារក្នុងគោលបំណងយោធាទេ ប៉ុន្តែ ពិតជាមានមន្រ្តីសន្តិសុខខ្លះៗ សម្រាប់ការពារប្រាសាទនេះ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវរបស់កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមអគ្គនាយកបានអះអាងថា បន្ថែមពីការបញ្ជូនអ្នកជំនាញ អង្គការយូណេស្តូនឹងផ្តល់ថវិកាបន្ទាន់មួយចំនួនដើម្បីគាំទ្រដល់ការអភិរក្សសម្បត្តិបេតិកភណ្ឌ ហើយក៏កំពុងសហការជាមួយសម្ព័ន្ធអន្តរជាតិសម្រាប់ការការពារបេតិកភ័ណ្ឌ (ALIPH) លើបញ្ហានេះ។ អគ្គនាយកអង្គការយូណេស្កូបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់យូណេស្កូក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌និងគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈជំនាញបច្ចេកទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបានសង្កត់ធ្ងន់លើតួនាទីរបស់អង្គការយូណេស្កូដែលជាវេទិកាសម្រាប់ការសន្ទនានិងបង្ហាញពីក្តីសង្ឃឹមសម្រាប់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់៕
សូមអរគុណ!




