Grand News Asia Close

កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1024
កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម ត្រិន កឹមទូ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកជួបពិភាក្សាការងារជាមួយឯកឧត្តម ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ និងឯកឧត្តម ឡេ មីញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីថ្មីវៀតណាម​ជូន​ចំពោះសម្តេចធីបតី ព្រមទាំងបានអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើនដែលកម្ពុជាសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមមានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងនូវ​ការពេញចិត្ត​ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលកំពុងឈានចូលដល់ដំណាក់កាលថ្មី។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម និងគណៈប្រតិភូ និងបានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនីស្ដវៀតណាម ព្រមទាំងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ​ វៀតណាម​ នាពេលថ្មីៗនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច និងសមិទ្ធផលធំៗដែលបក្ស និងរដ្ឋវៀតណាមសម្រេចបាន។ ក្នុងឱកាសនោះ, សម្ដេចធិបតីក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះឯកឧត្តមអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាមផងដែរ។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះភាព​រីកចម្រើន​នៃទំនាក់​ទំនង​ និងកិច្ច​សហប្រតិបត្តិការ​ដ៍ល្អ​រវាង​ប្រទេសទាំងពីរ​ និងបាន​បញ្ជាក់ជាថ្មីនូវការបន្តពង្រឹង និងពង្រីកទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងឯកឧត្តម ត្រិន កឹមទូ ក៏បានពិភាក្សា​ និងផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, សន្ដិសុខ និងការពារជាតិ, អប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ៕

អត្ថបទទាក់ទង