Cambodia PR Team ទាក់ទងសកម្មភាពការទូតរបស់រាជរដ្ឋាភិបាលនិងវិធានការគាំទ្រ ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងសកម្មភាពការទូតរបស់រាជរដ្ឋាភិបាលនិងវិធានការគាំទ្រ ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងសកម្មភាពការទូតរបស់រាជរដ្ឋាភិបាលនិងវិធានការគាំទ្រ ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ
ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
សំណួរទី ១៖ តើរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តសកម្មភាពការទូតដូចម្តេចខ្លះ ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយុទ្ធសាស្ត្រការទូតយ៉ាងសកម្ម និងជាបន្តបន្ទាប់ ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ហើយយុទ្ធសាស្ត្រការទូតនេះនឹងនៅតែបន្តធ្វើរហូតទាល់តែបញ្ហាព្រំដែនត្រូវបានដោះស្រាយដោយសន្តិវិធី និងជាស្ថាពរតាមយន្តការទ្វេភាគីដែលមានស្រាប់ ដោយគោរពតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ការលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅលើវេទិកាអន្តរជាតិ និងក្នុងជំនួបជាមួយដៃគូបរទេសគឺជាការចាំបាច់ដើម្បីជំរុញឱ្យមានដំណោះស្រាយតាមមធ្យោបាយសន្តិភាពដូចបានលើកឡើងខាងដើម ខណៈដែលភាគីថៃហាក់ព្រងើយកន្តើយចំពោះសំណើរបស់ភាគីកម្ពុជា និងនៅតែបន្តសកម្មភាពឯកតោភាគី ឬការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli)នៅលើទីតាំងដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់។ កម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ថាមិនទទួលស្គាល់សកម្មភាពកាន់កាប់ជាឯកតោភាគីឡើយ និងទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ និងបន្ថយភាពតានតឹង ហើយងាកទៅរកការដោះស្រាយវិវាទតាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែន។
សំណួរទី ២៖ ទន្ទឹមនឹងការអនុវត្តសកម្មភាពការទូត តើរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តវិធានការអ្វីខ្លះ ដើម្បីគាំទ្រពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ?
ចម្លើយ៖ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំយន្តការគាំទ្រពលករខ្មែរដែលវិលមកពីប្រទេសថៃ ជា៤ដំណាក់កាលសំខាន់ៗដូចខាងក្រោម៖
– ដំណាក់កាលទីមួយ៖ ក្រសួងការងារបានអនុវត្តការចុះឈ្មោះស្វែងរកការងារជូនពលករ និងផ្តល់ការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ដូចជាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈតាមវិស័យកសិកម្ម ការជួសជុល និងជំនាញកាត់ដេរមានការរៀបចំមណ្ឌលសំចត និងកន្លែងទទួលពលករតាមច្រកព្រំដែនដើម្បីធានាឱ្យពលករទទួលបានសេវាអាហារទឹកស្អាតនិងឧបករណ៍សង្គ្រោះបឋម ព្រមទាំងផ្តល់ព័ត៌មានអំពីឱកាសការងារ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ។
– ដំណាក់កាលទីពីរ៖ ក្រសួងបានរៀបចំវេទិកាការងារចល័ត និងស្តង់តំបន់សេដ្ឋកិច្ចពិសេស ដើម្បីឱ្យពលករអាចស្វែងរកការងារទៅតាមទីក្រុង ឬតំបន់ជិតផ្ទះបានងាយស្រួល។ ការចុះជ្រើសរើសបុគ្គលិក ត្រូវបានអនុវត្តនៅតាមឃុំ និងមណ្ឌលភៀសសឹក ដើម្បីផ្ដល់វេទិកាការងារដល់ពលករ និងជួយពង្រឹងការសម្របសម្រួលការងារក្នុងតំបន់សេដ្ឋកិច្ចពិសេស។
– ដំណាក់កាលទីបី៖ ក្រសួងបានបង្កើនសកម្មភាពជំនួយ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដោយផ្តល់ប្រព័ន្ធតាមដានតាមអនឡាញ និងតេឡេក្រាមស្វែងរកការងារ ដើម្បីឱ្យពលករអាចស្វែងរកឱកាសការងារបានយ៉ាងឆាប់រហ័សព្រមទាំងផ្សព្វផ្សាយព័ត៌មានអំពីការងារតាមវីដេអូ បណ្ដាញសង្គម និងប៉ាណូផ្សព្វផ្សាយដល់ពលករនៅទូទាំងប្រទេស។
– ដំណាក់កាលទីបួន៖ ក្រសួងផ្តល់អត្ថប្រយោជន៍សន្តិសុខសង្គម ដូចជាប្រាក់រង្វាន់ការងារ ប្រាក់សោធន និងសេវាថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់ក្រុមគ្រួសារ។ ការបណ្ដុះបណ្ដាលតាមរោងចក្រសហគ្រាស និងថវិកាឧបត្ថម្ភបន្ថែម បានធានាឱ្យពលករទទួលបានជំនាញថ្មីៗ និងជីវភាពប្រសើរឡើង ព្រមទាំងមានប្រព័ន្ធតាមដាន និងប្រព័ន្ធស្វែងរកការងារឌីជីថល ដែលជួយពលករស្វែងរកការងារបានយ៉ាងងាយស្រួល និងទាន់ពេល។
សំណួរទី ៣៖ តើការគាំទ្រទាំងនេះរបស់រាជរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់ពលករខ្មែរ?
ចម្លើយ៖ ការគាំទ្រទាំងនេះជួយឱ្យពលករទទួលបានអត្ថប្រយោជន៍ច្រើនដូចជាពលករមានឱកាសរកការងារផ្សេងៗទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធប្រមាណ ១.៣ លាននាក់។ ពួកគេក៏ទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ ទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គម និងសេវាថែទាំសុខភាព។ លើសពីនេះក្រសួងបានផ្តល់ការបណ្ដុះបណ្ដាលតាមរោងចក្រសហគ្រាស ការផ្ដល់ថវិកាឧបត្ថម្ភបន្ថែម និងឱកាសចូលរួមក្នុងវេទិកាការងារ និងការផ្សព្វផ្សាយឱកាសការងារនៅក្នុងប្រទេស។ ជារួម វិធានការទាំងនេះជួយលើកកម្ពស់ជីវភាព កាត់បន្ថយការចំណាយ និងការពារសិទ្ធិគ្រួសាររបស់ពលករ ឱ្យមានសុវត្ថិភាព និងអាចរស់នៅក្នុងសង្គមបានដោយសុខុដុមរមនា៕





