ចំពោះការចោទប្រកាន់ពីភាគីថៃ និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រជាពលរដ្ឋ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
ចំពោះការចោទប្រកាន់ពីភាគីថៃ និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រជាពលរដ្ឋ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ចំពោះការចោទប្រកាន់ពីភាគីថៃ និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រជាពលរដ្ឋ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
សំណួរទី ១៖តើការចោទប្រកាន់ពីភាគីថៃថា កម្ពុជាកំពុងត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺជាការពិតដែរឬទេ?
ចម្លើយ៖ ការចោទប្រកាន់របស់ភាគីថៃ គឺគ្មានមូលដ្ឋាន និងមិនត្រឹមត្រូវនោះទេ។ កងយោធពលខេមរភូមិន្ទបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគ្មានគោលបំណងបង្កជម្លោះឡើយ ផ្ទុយទៅវិញ កម្ពុជាបាននិងកំពុងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមដែលបានឯកភាពជាមួយភាគីថៃ។
ជាក់ស្តែង កងកម្លាំងកម្ពុជាកំពុងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែន ដោយជៀសវាងការប្រឈមមុខដាក់គ្នា និងការកើនឡើងនៃភាពតានតឹង។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហរដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ ដូច្នេះ ការផ្សព្វផ្សាយព័ត៌មានបែបនេះ អាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់បរិយាកាសសន្តិភាពនៅក្នុងតំបន់។ កម្ពុជានៅតែបន្តជំហរម៉ឺងម៉ាត់ក្នុងការរក្សាសន្តិភាព ស្ថិរភាពជាតិ និងលើកកម្ពស់កិច្ចសហការ និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដោយសន្តិវិធី។
សំណួរទី ២៖ តើរាជរដ្ឋាភិបាលកម្ពុជាមានជំហរដូចម្តេចចំពោះស្ថានភាពតានតឹងនៅតាមព្រំដែន និងព័ត៌មានចោទប្រកាន់ពីភាគីថៃ?
ចម្លើយ៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាគឺច្បាស់លាស់ និងម៉ឺងម៉ាត់នោះគឺ «រក្សាសន្តិភាព តែមិនបោះបង់អធិបតេយ្យភាព»។ កម្ពុជាមិនជ្រើសរើសការប្រឈមមុខ ឬបង្កជម្លោះឡើយ ប៉ុន្តែ ផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។
ក្នុងពេលដំណាលគ្នា កម្ពុជាក៏បានប្រើប្រាស់វិធានការទូត និងច្បាប់ ដើម្បីការពារសិទ្ធិ និងអធិបតេយ្យភាពជាតិ និងបន្តរក្សាបរិយាកាសសន្តិភាពសម្រាប់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។ ជំហរទាំងនេះបង្ហាញថា រាជរដ្ឋាភិបាលមានទាំងការអត់ធ្មត់ ការទទួលខុសត្រូវ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការរក្សាស្ថិរភាពជាតិ និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
សំណួរទី ៣៖ ក្នុងស្ថានភាពដែលយោធាថៃនៅតែបន្តរំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជា ដែលធ្វើឱ្យប្រជាជនកម្ពុជាមិនអាចវិលត្រលប់ទៅផ្ទះបាន តើរាជរដ្ឋាភិបាលបានរៀបចំចាត់ចែងអ្វីខ្លះដើម្បីសម្រួលដល់ការរស់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ?
ចម្លើយ៖ ខណៈពេលប្រជាពលរដ្ឋជួបការលំបាក រាជរដ្ឋាភិបាលមិនបានឱបដៃឈរមើលនោះទេ ប៉ុន្តែ បានចូលរួមដោះស្រាយយ៉ាងសកម្ម និងមានទិសដៅច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ចំពោះបងប្អូនដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាលបានរៀបចំដីធ្លីថ្មីទំហំប្រមាណ ៤០០ ហិកតា ស្ថិតនៅស្រុកស្វាយចេក ដើម្បីសាងសង់លំនៅដ្ឋានបណ្តោះអាសន្នជូនពួកគាត់។ មិនត្រឹមតែផ្ទះសម្បែងប៉ុណ្ណោះទេ ការរៀបចំនេះក៏រួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផងដែរ ដើម្បីធានាថាប្រជាពលរដ្ឋអាចរស់នៅបានដោយសុវត្ថិភាព និងមានស្ថិរភាពជីវភាព។ ក្រុមការងារកំពុងសាងសង់ និងបែងចែកលំនៅដ្ឋានជាបន្តបន្ទាប់ តាមរយៈវិធានការត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំនេះគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ គឺមិនមែនជាការដោះដូរ ឬការបោះបង់សិទ្ធិក្នុងការទាមទារអធិបតេយ្យភាពឡើយ។ គោលដៅចម្បងរបស់រាជរដ្ឋាភិបាលគឺធានាឱ្យបងប្អូនមានទីជម្រកជ្រកកោនក្នុងអំឡុងពេលកំពុងដោះស្រាយបញ្ហាតាមមធ្យោបាយការទូត និងច្បាប់អន្តរជាតិជាមួយភាគីពាក់ព័ន្ធ។ នៅពេលដែលបញ្ហាត្រូវបានដោះស្រាយរួចរាល់ បងប្អូនប្រជាពលរដ្ឋនឹងអាចវិលត្រឡប់ទៅរស់នៅលើដីធ្លីដើមរបស់ខ្លួនវិញ ដោយមានការគាំទ្រពេញលេញពីរាជរដ្ឋាភិបាល។ នេះបង្ហាញថារាជរដ្ឋាភិបាលមិនត្រឹមតែការពារអធិបតេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងយកចិត្តទុកដាក់លើជីវភាព សុខុមាលភាព និងអនាគតរបស់ប្រជាពលរដ្ឋទៀតផង៕





