Grand News Asia Close

វិភាគអន្តរជាតិ៖ តើការវាយប្រហាររបស់អាមេរិកលើអ៉ីរ៉ង់ ស្របច្បាប់ដែរឬទេ?

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1016
វិភាគអន្តរជាតិ៖ តើការវាយប្រហាររបស់អាមេរិកលើអ៉ីរ៉ង់ ស្របច្បាប់ដែរឬទេ? វិភាគអន្តរជាតិ៖ តើការវាយប្រហាររបស់អាមេរិកលើអ៉ីរ៉ង់ ស្របច្បាប់ដែរឬទេ?

(វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិកបានចូលរួមជាមួយអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់ និងបានសម្លាប់មន្ត្រីកំពូលៗរបស់អ៉ីរ៉ង់ជាច្រើននាក់ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី៤ ខែមីនា នាវាមុជទឹកអាមេរិកមួយគ្រឿងថែមទាំងបានបាញ់ពន្លិចនាវាចម្បាំងអ៉ីរ៉ង់មួយគ្រឿងនៅក្បែរប្រទេសស្រីលង្កា ទៀតផង។ ក៏ប៉ុន្តែខណៈសង្រ្គាមកំពុងបន្តធ្វើឡើង ថាតើការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ស្របច្បាប់ដែរឬទេ ស្របពេលក្រុមអ្នករិះគន់បានចោទប្រកាន់ថាលោកប្រធានាធិបតី ដូណាល ត្រាំ បានប្រើសិទ្ធិអំណាចលើសព្រំដែន និងមិនបានអនុវត្តស្របតាមច្បាប់អន្តរជាតិនោះទេ។

* តើលោក ត្រាំ បាននិយាយអ្វីខ្លះ?
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ដល់ហេតុផល និងបញ្ជាក់ពីភាពត្រឹមត្រូវជាច្រើនផ្សេងៗគ្នា។ លោកបាននិយាយថាលោកទទួលអារម្មណ៍ថាអ៉ីរ៉ង់កំពុងត្រៀមបើកការវាយប្រហារមុន ហើយថាការវាយប្រហារលើអ៉ីរ៉ង់មានគោលដៅកម្ចាត់ការគំរាមកំហែងបន្ទាន់ចំពោះសហរដ្ឋអាមេរិក មូលដ្ឋានទ័ពអាមេរិកនៅក្រៅប្រទេស រួមទាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ តែលោក ត្រាំ មិនផ្ដល់សេចក្ដីបញ្ជាក់លម្អិតអ្វីទេ ខណៈការអះអាងមួយចំនួនរបស់លោកមិនត្រូវបានគាំទ្រដោយរបាយការណ៍របស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកនោះដែរ។ លោក ត្រាំក៏បាននិយាយដែរថា អ៉ីរ៉ង់អាចនឹងមានអាវុធនុយក្លេអ៊ែរក្នុងពេលត្រឹមតែ១ខែ ដោយមិនបានបង្ហាញភស្តុតាងអ្វីទេដែលនេះផ្ទុយពីការអះអាងរបស់លោកកាលពីខែមិថុនា ឆ្នាំ២០២៥ ដែលថាយោធាអាមេរិកបានកម្ទេច កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។

* អំណាចប្រធានាធិបតីអាមេរិកដើម្បីប្រើកម្លាំងយោធា
តាមក្រុមអ្នកជំនាញផ្នែកច្បាប់ ការវាយប្រហារលើអ៉ីរ៉ង់បានធ្វើឡើងហួសពីដែនអំណាចរបស់លោក ត្រាំក្នុងនាមជាប្រធានាធិបតីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។ នៅក្រោមរដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតីមានសិទ្ធិអំណាចបញ្ជាលើកងកម្លាំងប្រដាប់អាវុធ និងចាត់ចែងទំនាក់ទំនងការបរទេស ប៉ុន្តែមានតែសភាប៉ុណ្ណោះដែលមានអំណាចប្រកាសសង្រ្គាម។ កន្លងមក ប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យបានដឹកនាំការវាយប្រហារយោធាដោយមិនស្នើសុំការអនុញ្ញាតជាមុនពីសភា នៅពេលដែលវាស្របទៅតាមផលប្រយោជន៍អាមេរិក។ ប៉ុន្តែការវាយប្រហារទាំងនោះទៀតសោត មានរយៈពេល និងវិសាលភាពដែលមិនត្រូវបានចាត់ទុកថាជាសង្រ្គាមឡើយ។ លោក ត្រាំ និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth សុទ្ធតែបានហៅសកម្មភាពប្រឆាំងអ៉ីរ៉ង់ថាជាសង្រ្គាម។ លោក ត្រាំបាននិយាយថាសង្រ្គាមអាចនឹងមានរយៈពេល៥សប្ដាហ៍ ឬយូរជាងនេះ ហើយបានព្រមានពីការស្លាប់ និងរបួសនៅក្នុងចំណោម កងទ័ពអាមេរិក។ សភាអាមេរិកបានផ្ដល់ការអនុញ្ញាតសម្រាប់ការធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំកម្រិតសង្រ្គាម ដូចជាសង្រ្គាមរបស់រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក George W. Bush នៅអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០០១ និងនៅអ៉ីរ៉ាក់ក្នុងឆ្នាំ២០០៣។

* ដំណោះស្រាយអំណាចសង្រ្គាម War Powers Resolution
ច្បាប់ War Powers Resolution ឬហៅកាត់ថា WPR ឆ្នាំ១៩៧៣ គឺជាវិធានការមួយដើម្បីត្រួតពិនិត្យលើអំណាចរបស់ប្រធានាធិបតី។ នៅក្រោមច្បាប់ WPR ប្រធានាធិបតី អាចបញ្ជាឱ្យយោធាអាមេរិកចូលរួមក្នុងជម្លោះប្រដាប់អាវុធមួយ នៅពេលដែលសភាបានប្រកាសសង្រ្គាម ឬផ្ដល់សិទ្ធិអំណាចពិសេស ឬជាការឆ្លើយតបទៅនឹងការវាយប្រហារមួយលើទឹកដីអាមេរិក ឬយោធារបស់ខ្លួនតែប៉ុណ្ណោះ។ ច្បាប់នេះតម្រូវឱ្យប្រធានាធិបតីរាយការណ៍ជាប្រចាំទៅកាន់សភា ហើយរដ្ឋបាលលោក ត្រាំបានចាប់ផ្ដើមរាយការណ៍កាលពីថ្ងៃទី២ ខែមីនា។ WPR ក៏តម្រូវផងដែរឱ្យ សកម្មភាពយោធាដែលធ្វើឡើងដោយគ្មានការអនុញ្ញាតពីសភាត្រូវបិទបញ្ចប់ក្នុងពេល ៦០ថ្ងៃ លុះត្រាតែកាលបរិច្ឆេទនេះត្រូវបានបន្ត។ WPR ក៏ផ្ដល់ឱ្យសភានូវនីតិវិធីមួយដើម្បីដកយោធាចេញពីជម្លោះ តាមរយៈការបោះឆ្នោតនៅក្នុងសភាទាំង២របស់អាមេរិក គឺព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ។ ប៉ុន្តែក្នុងការបោះឆ្នោតកាលពីប៉ុន្មានថ្ងៃមុននេះ សភាទាំង២របស់អាមេរិកបានបង្ហាញការគាំទ្រដល់ សកម្មភាពយោធារបស់លោក ត្រាំ ប្រឆាំងនឹងអ៉ីរ៉ង់។

* តើច្បាប់អន្តរជាតិនិយាយអ្វីខ្លះ?
ក្រុមអ្នកជំនាញផ្នែកច្បាប់បាននិយាយថាបណ្ដាប្រទេសជាច្រើននឹងចាត់ទុកការវាយប្រហារលើអ៉ីរ៉ង់ជារឿងមិនសមហេតុផល នៅក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលបានចែងថារដ្ឋជាសមាជិក ត្រូវតែចៀសវាងការប្រើប្រាស់កម្លាំងបាយ ឬការសម្លុតគំរាមប្រើកម្លាំងបាយប្រឆាំងនឹងរដ្ឋដទៃ។ លើកលែងតែការប្រើប្រាស់កម្លាំងបាយនោះត្រូវបានអនុញ្ញាត ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬក៏ការប្រើប្រាស់កម្លាំងធ្វើឡើងដើម្បីស្វ័យការពារឆ្លើយតបទៅនឹងការវាយប្រហារប្រដាប់អាវុធណាមួយ។ ការវាយប្រហាររបស់អាមេរិក ធ្វើឡើងមិនស្របតាមករណីពិសេសទាំង២នេះនោះទេ។

ប៉ុន្តែវាក៏មានផងដែរគោលគំនិតនៃស្វ័យការពារខ្លួននៃការវាយប្រហារបង្ការទុកមុនដែលសហរដ្ឋអាមេរិកយកមកធ្វើជាសំអាង ដើម្បីវាយប្រហារលើអ៉ីរ៉ង់ ក្នុងករណីមានភស្តុតាងពីការគំរាមកំហែងបន្ទាន់ ឬការវាយប្រហារទ្រង់ទ្រាយធំណាមួយ។ សហរដ្ឋអាមេរិកមានអំណាចវេតូនៅអង្គការសហប្រជាជាតិដែលជាខែលការពារ ទីក្រុងវ៉ាស៊ីនតោន។ ក្រុមអ្នកជំនាញច្បាប់បាននិយាយថាការរំលោភបំពានច្បាប់អន្តរជាតិតែងតែបង្កឱ្យមានផលវិបាកនយោបាយ និងខាងការទូត។ តួយ៉ាង អេស្ប៉ាញ និងចក្រភពអង់គ្លេស បានដាក់កំហិតលើការប្រើប្រាស់មូលដ្ឋានទ័ពរបស់ពួកគេក្នុងការវាយប្រហារលើអ៉ីរ៉ង់ ដែលនេះអាចបញ្ជាក់បានពីការខ្វះខាតហេតុផលត្រឹមត្រូវសម្រាប់ជម្លោះ។

* ចុះការបាញ់ពន្លិចនាវាចម្បាំងអ៉ីរ៉ង់នៅក្បែរស្រីលង្កាស្របច្បាប់ដែរទេ?
ការវាយប្រហាររបស់នាវាមុជទឹកអាមេរិកដោយបាញ់ពន្លិចនាវាចម្បាំងអ៉ីរ៉ង់មួយគ្រឿងនៅក្បែរស្រីលង្កា កាលពីថ្ងៃទី៤ ខែមីនា ទំនងជាស្របតាមច្បាប់សង្រ្គាម។ នេះបើតាមក្រុមអ្នកជំនាញច្បាប់។ ការវាយប្រហាររបស់នាវាមុជទឹកអាមេរិកធ្វើឡើងក្នុងដែនទឹកអន្តរជាតិ ហើយគោលដៅវាយប្រហារគឺជានាវាយោធាដែលនៅអាចធ្វើប្រតិបត្តិការបាននៅឡើយ។ តែទោះជាបែបនេះក្ដី វាជារឿងប្រទាំងប្រទិសមួយ ប្រសិនបើសហរដ្ឋអាមេរិកអះអាងថាការវាយប្រហារលើអ៉ីរ៉ង់ដើម្បីលុបបំបាត់ការគំរាមកំហែងបន្ទាន់ ពីព្រោះនាវាចម្បាំងនោះស្ថិតនៅឆ្ងាយពីអ៉ីរ៉ង់ ដែលមិនមែជាគោលដៅស្របច្បាប់ទេ លុះត្រាតែវាមានជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងបន្ទាន់។

* តើការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Khamenei ស្របច្បាប់ឬ?
ក្រុមអ្នកជំនាញច្បាប់បាននិយាយថានៅត្រង់ចំណុចនេះមិនមានភាពច្បាស់លាស់ទាំងស្រុងនោះទេ។ អ៉ីស្រាអែលត្រូវបានរាយការណ៍ថាជាអ្នកដឹកនាំការវាយប្រហារតាមផ្លូវអាកាសដែលបានសម្លាប់លោក Khamenei ខណៈសហរដ្ឋអាមេរិកជាអ្នកផ្ដល់ព័ត៌មានចារកម្ម និងការគាំទ្រដល់ការធ្វើប្រតិបត្តិការ។ អតីតប្រធានាធិបតីអាមេរិកមកពីខាងគណបក្សសាធារណរដ្ឋ លោក Ronald Reagan ក្នុងឆ្នាំ១៩៨១ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយលេខ ១២៣៣៣ ដែលបានហាមឃាត់អ្នកដែលបម្រើការ ឬធ្វើសកម្មភាពតំណាងឱ្យរដ្ឋាភិបាលអាមេរិកពីការចូលរួមក្នុងអំពើធ្វើឃាត។ បទបញ្ជានេះក៏បានហាមប្រាមផងដែរការចូលរួមក្នុងអំពើធ្វើឃាតដោយសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក។

បើតាមក្រុមអ្នកជំនាញច្បាប់ ការសម្លាប់មេដឹកនាំម្នាក់អំឡុងពេលសន្តិភាពគឺជាការធ្វើឃាត ឬជាការសម្លាប់មេដឹកនាំនយោបាយម្នាក់ដោយខុសច្បាប់។ តែប្រសិនបើការសម្លាប់នោះ កើតឡើងអំឡុង ជម្លោះប្រដាប់អាវុធ ឬសង្រ្គាម វាអាចនឹងត្រូវបានចាត់ទុកថាជាសកម្មភាពស្របច្បាប់នៃសង្រ្គាម។ នៅក្នុងករណីរបស់លោក Khamenei ភាពស្របច្បាប់ គឺវាអាស្រ័យលើថាតើសហរដ្ឋអាមេរិក ស្ថិតក្នុងស្ថានការណ៍សង្រ្គាមនៅពេលលោក Khamenei ត្រូវបានសម្លាប់ និងថាតើអតីតមេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះត្រូវបានចាត់ទុកជាមេដឹកនាំយោធាម្នាក់ដែរឬក៏យ៉ាងណា៕

-Fresh News-

អត្ថបទទាក់ទង