Grand News Asia Close

គ្រាប់​មិន​ទាន់​ផ្ទុះ​បន្សល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ បន្ថែម​​ការគំរាមកំហែងយ៉ាង​ធំធេង

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1014
គ្រាប់​មិន​ទាន់​ផ្ទុះ​បន្សល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ បន្ថែម​​ការគំរាមកំហែងយ៉ាង​ធំធេង A CMAC deminer cordons off a damaged home which may contain UXOs left over from the recent Thailand-Cambodia conflict. CMAC

#ព័ត៌មានជាតិ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា ការ​គំរាម​កំហែង​ពី​មីន​និង​សំណល់​ជាតិ​ផ្ទុះ​នៅ​មាន​ភាព​ធំធេង​ ដែល​បន្ថែម​ដោយ​ការ​រំលោភបំពាន​ដោយ​យោធា​ថៃ​លើ​​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដូច​ជា​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម និង​គ្រាប់​ផ្លោង​ជា​ដើម ដែល​បាន​បំផ្លាញ​លំនៅឋាន និង​ទ្រព្យ​សម្បត្តិ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល។

នៅ​ក្នុង​លិខិត​របស់​លោក​សម្រាប់​ទិវាយល់​អំពី​មីនលើក​ទី​២៧ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៤ កុម្ភៈ​នេះ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ កម្ពុជា​បាន​បោស​សម្អាត​ផ្ទៃ​មាន​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល និង​ផ្លូវ​ថ្នល់​ជា​ដើម។ ក្នុង​រយៈ​ពេល ៣៣ឆ្នាំ​នេះ កម្ពុជា​រក​ឃើញ​មីនប្រឆាំងមនុស្សចំនួន ១ ២០៧ ១៣៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ៧០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២៤៤ ១៧៨គ្រាប់។ គ្រឿង​ផ្ទុះ​ទាំង​នេះ​ត្រូវ​បាន​បំផ្លាញចោល។

លទ្ធផល​នេះ ធ្វើ​ឲ្យ​ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣៩នាក់ ក្នុងឆ្នាំ២០២៥។ លោក​ថា​ ផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅ​មាន​ ច្រើនគីឡូម៉ែត្រការ៉េទៀតដែល មិនទាន់បានបោសសម្អាតរួច ហើយ​ក៏​នៅ​មាន​​​ផ្ទៃដីដែលសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផង​ដែរ។

បន្ថែម​លើ​កិច្ច​ប្រឹង​ប្រែង​ក្នុង​ស្រុក កម្ពុជា​ក៏​បាន​ចូល​រួម​ការ​រក្សា​សន្តិភាព​នៅ​ប្រទេស​ជា​ច្រើន ដែល​គិត​ពី​ឆ្នាំ​២០០៦ ​មក​ទល់​ពេល​នេះ កម្ពុជា​បាន​បញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ១០ ៤៤៧នាក់ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ រួមទាំងការងារបោសសម្អាតមីននៅ​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក។

លោក​ថ្លែង​ថា៖ «ជាអកុសល ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយ យោធាថៃបានរំលោភបំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា និងបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង គ្រាប់ទម្លាក់ និងគ្រាប់ផ្សេងទៀត ដែលបានបំផ្លិចបំផ្លាញលំនៅឋាន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវជម្លៀស ទៅកាន់ទីតាំងសុវត្ថិភាព»។

លោក​បន្ត​ថា៖ «គ្រាប់ទាំងនោះ មានមួយចំនួននៅមិនទាន់ផ្ទុះ និងស្ថិតនៅរាយប៉ាយជាច្រើនទីតាំង ដែលអាចបណ្តាលឱ្យផ្ទុះនិងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ ជាក់ស្តែង កន្លងមកនេះ មានករណីប្រជាពលរដ្ឋស៊ីវិល បានទទួលរងគ្រោះស្លាប់ និងរបួស ដោយសារគ្រាប់បែកចង្កោមដែលនៅសេសសល់ទាំងនោះ»។

លោក​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​បន្សល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យការគំរាមកំហែងនៅមានទំហំធំធេង ដែលទាមទារឱ្យ រាជរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅ «ឆ្ពោះទៅរកកម្ពុជា មួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

សម្រាប់​ការ​ងារ​បន្ត​ទៅ​មុខ លោក ហ៊ុន ម៉ាណែត ប្រាប់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរដែនដី និង​ភាគី​ពាក់​ព័ន្ធ​បន្ត​ការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជា​គ្រាប់​បែក​ចង្កោមជាដើម។ លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កា​រប្រុង​ប្រយ័ត្ន​ និង​រាយការណ៍​ចំពោះ​គ្រាប់​មិន​ទាន់​ផ្ទុះ។

លោក​ក៏​ស្នើ​ដល់​ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជន សហការជាមួយអាជ្ញាធរមីន និងបន្តគាំទ្រដល់សកម្មភាពខាងលើ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងកសាងអនាគតរុងរឿងរបស់ប្រជាពលរដ្ឋ៕

-Phnom Penh Post-
———————
អ្នក​ដោះមីន​ពី​អង្គភាព​ស៊ីម៉ាក់ កំពុង​ស្រាវជ្រាវ​និង​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​បន្សល់​ពី​ជម្លោះ​កម្ពុជា​-ថៃ។ CMAC

អត្ថបទទាក់ទង