វិភាគអន្តរជាតិ៖ តើអារ៉ាប់ចង់ឱ្យសហរដ្ឋអាមេរិកវាយអ៉ីរ៉ង់ឬ?
(វ៉ាស៊ីនតោន)៖ បណ្ដាប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន និងកំពុងភ័យបារម្ភពីផលវិបាកដែលអាចកើតចេញពីការវាយប្រហារណាមួយរបស់ យោធាអាមេរិកលើអ៉ីរ៉ង់ ហើយមួយចំនួនក្នុងចំណោមពួកគេបានបញ្ចុះបញ្ចូលជាលក្ខណៈឯកជន និងសាធារណៈឱ្យរដ្ឋបាលលោក ត្រាំ ដោះស្រាយជាមួយអ៉ីរ៉ង់តាមផ្លូវការទូត។ ខណៈបាតុកម្មតវ៉ា នៅតែបន្តធ្វើឡើង ហើយកងកម្លាំងសន្តិសុខអ៉ីរ៉ង់នៅតែបន្តការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ លោក ត្រាំ កំពុងពិចារណាថាតើគួរ ឬមិនគួរបើកការវាយប្រហារលើអ៉ីរ៉ង់ នៅក្នុងអ្វីដែល លោកចាត់ទុកថាជាកិច្ចប្រឹងប្រែងមួយសំដៅកំញើញទប់ស្កាត់កុំឱ្យមេដឹកនាំអ៉ីរ៉ង់បន្តកាប់សម្លាប់រង្គាលប្រជាជនរបស់ខ្លួនឯង។
លោក ត្រាំ ក៏កំពុងពិចារណាលើជម្រើសការទូតផងដែរ។ កាលពីថ្ងៃពុធ ទី១៤ ខែមករា លោកបាននិយាយថារូបលោកផ្ទាល់ត្រូវបានជូនដំណឹងថាការកាប់សម្លាប់នៅអ៉ីរ៉ង់បានបញ្ឈប់ហើយ។ តាមក្រុមអ្នកវិភាគដែលសិក្សាពីតំបន់មជ្ឈិមបូព៌ា សូម្បីតែរដ្ឋាភិបាលអារ៉ាប់ដែលមានជម្លោះដោយប្រយោលជាមួយអ៉ីរ៉ង់ តួយ៉ាងដូចជាអារ៉ាប៊ីសាអូឌីតដែលជាគូសត្រូវរបស់អ៉ីរ៉ង់ ក៏មិនគាំទ្រឱ្យ សហរដ្ឋអាមេរិកធ្វើអន្តរាគមន៍យោធានៅអ៉ីរ៉ង់នោះដែរ។ តើមកពីហេតុអ្វី? ក្រុមអ្នកវិភាគយល់ថាមានមូលហេតុមួយផ្នែក នោះគឺដោយសារបណ្ដាប្រទេសអារ៉ាប់បារម្ភពីផលវិបាកដែលកើតចេញពី ការកើនឡើងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ឬក៏លទ្ធភាពនៃការដួលរលំរបបដឹកនាំនៅអ៉ីរ៉ង់ នាំទៅរកបំផ្លាញដល់ផលប្រយោជន៍សន្តិសុខ និងកេរ្តិ៍ឈ្មោះរបស់ពួកគេក្នុងនាមជាឋានសួគ៌ា នៃសុវត្ថិភាពសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍។
ប៉ុន្តែ វាក៏អាចដោយសារតែផងដែរ ប្រទេសអារ៉ាប់មួយចំនួនបានសម្លឹងឃើញអ៉ីស្រាអែល ជាសត្រូវសួរពូជរបស់អ៉ីរ៉ង់កំពុងអុងអត់ និងចង់គ្រប់គ្រងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ពួកគេជឿថាអ៉ីស្រាអែល សព្វថ្ងៃ អាចបង្កការគំរាមកំហែងធំជាងអ៉ីរ៉ង់ដែលកំពុងចុះខ្សោយទៅទៀត។ លោក Bader al-Saif ជាសាស្ត្រាចារ្យរងម្នាក់ផ្នែកប្រវត្តិសាស្ត្រមកពីសាកលវិទ្យាល័យគុយវ៉ែត បាននិយាយថា «ការទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់នឹងដើរផ្ទុយពីការគិតឃើញ និងផលប្រយោជន៍របស់បណ្ដាប្រទេសអារ៉ាប់។ ចំណែកឯការកម្ទេចរបបដឹកនាំអ៉ីរ៉ង់ មិនថាតាមរយៈការផ្លាស់ប្ដូររបប ឬរចនាសម្ព័ន្ធមេដឹកនាំ វាអាចនឹងត្រូវបានបកស្រាយថានឹងក្លាយជាការជួយឱ្យបង្កើនអនុត្តរភាពរបស់អ៉ីស្រាអែលដែលនេះនឹងមិនបម្រើផលប្រយោជន៍ឱ្យអារ៉ាប់នោះទេ»។
មន្ត្រីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់កាសែតអាមេរិក New York Times ថាអូម៉ង់ដែលបានដើរតួនាទីជាអ្នកសម្របសម្រួលរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ដល់យោបល់កុំឱ្យ សហរដ្ឋអាមេរិកវាយប្រហារលើអ៉ីរ៉ង់។ កាតាវិញតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោក Majed al-Ansari បានប្រាប់ក្រុមអ្នកសារព័ត៌មានថាកាតាក៏ស្ថិតនៅក្នុងចំណោមប្រទេសដែល កំពុងជួយសម្របសម្រួលស្ថានការណ៍ដែរ។ តាមលោក Ansari បញ្ហាប្រឈមធំបំផុតនៅក្នុងតំបន់ មិនថានិយាយពីបញ្ហាប្រឈមផ្ទៃក្នុង ឬក៏ពីខាងក្រៅទេ វាគួរតែត្រូវបានដោះស្រាយនៅតុចរចា។
បើគេនៅចាំមិនភ្លេចទេ ការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតា ដោយអ៉ីរ៉ង់ជាការសងសឹកទៅនឹងសហរដ្ឋអាមេរិកដែលបានទម្លាក់គ្រាប់បែកលើរោចងក្រនុយក្លេអ៊ែររបស់អ៉ីរ៉ង់ កាលពីឆ្នាំមុន គឺជាឧទាហរណ៍ថ្មីចុងក្រោយបំផុតដែលអាចបញ្ជាក់ពីការព្រួយបារម្ភរបស់អារ៉ាប់។ ក្រុមមន្ត្រីយោធាអាមេរិក២រូប កាលពីថ្ងៃពុធបានឱ្យដឹងថាជាការបង្ការទុកជាមុន យោធាអាមេរិក បានបញ្ជាឱ្យបុគ្គលិកមិនមានភារកិច្ចចាំបាច់មួយចំនួនជម្លៀសខ្លួនចេញពីមូលដ្ឋានទ័ពក្នុងប្រទេសកាតា។ ប្រទេសអារ៉ាប់ជាច្រើនធ្លាប់បានបង្ហាញក្ដីកង្វល់ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើ រោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំមុន តែមិនមានអ្នកថ្កោលទោសអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ពួកគេឡើយ។ លោកស្រី Yasmine Farouk ជានាយកគម្រោងតំបន់ឈូងសមុទ្រពែក្ស និងឧបទ្វីបអារ៉ាប់មកពីស្ថាប័ន International Crisis Group យល់ថាបណ្ដាប្រទេសអារ៉ាប់កំពុងព្រួយបារម្ភពីភាពចលាចលដែលអាចកើតចេញពីការប្ដូរររបបដឹកនាំនៅអ៉ីរ៉ង់ និងថាតើអ៉ីស្រាអែល អាចទាញយកប្រយោជន៍ពីស្ថានការណ៍បែបនេះយ៉ាងដូចម្ដេច?
អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេសកាតា កាលពីឆ្នាំ២០២៥ តែបរាជ័យមិនអាចសម្លាប់មន្ត្រីជាន់ខ្ពស់ហាម៉ាសបាននោះទេ។ ការវាយប្រហារនេះបានធ្វើឱ្យបណ្ដារដ្ឋាភិបាលអារ៉ាប់ ព្រួយបារម្ភ និងសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារពួកគេ។ ប៉ុន្មានសប្ដាហ៍ក្រោយការវាយប្រហាររបស់អ៉ីស្រាអែល ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ានបានចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយប៉ាគីស្ថានដែលជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។ ប្រទេសចំនួន៦ជាសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស រួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា គុយវ៉ែត អូម៉ង់ និងបារ៉ែន មានវិធីសាស្ត្រផ្សេងៗគ្នាដើម្បីដោះស្រាយជាមួយអ៉ីរ៉ង់ ដែលជាប្រទេសជិតខាងរបស់ពួកគេនៅទូទាំងតំបន់ឈូងសមុទ្រពែក្ស។
ក្នុងនោះគុយវ៉ែត អូម៉ង់ និងកាតាបានរក្សាទំនាក់ទំនងមិត្តភាពជាមួយអ៉ីរ៉ង់ បើទោះជាអ៉ីរ៉ង់បានការវាយប្រហារលើទឹកដីកាតាកាលពីឆ្នាំមុនក៏ដោយ។ រីឯអារ៉ាប៊ីសាអូឌីត និងបារ៉ែនមានជំហរតឹងរ៉ឹងចំពោះអ៉ីរ៉ង់។ កន្លងមក ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ធ្លាប់វាយប្រហារលើអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ានក៏ធ្លាប់បានប្រៀបធៀបមេដឹកនាំកំពូលអ៉ីរ៉ង់ទៅនឹងហ៊ីត្លែរដែរ ហើយ ថែមទាំងសន្យាទៀតផងថាប្រសិនបើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ អារ៉ាប៊ីសាអូឌីតក៏ត្រូវមានអាវុធនុយក្លេអ៊ែរដែរ។ តែប៉ុន្មានឆ្នាំថ្មីៗនេះ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ានបានបន្ទន់ជំហរដោយងាកទៅរក ការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ជាមួយការផ្តោតលើរបៀបវារៈនៅក្នុងស្រុករបស់ព្រះអង្គ។ រហូតដល់ឆ្នាំ២០២៣ ទើបព្រះអង្គបានស្ដារទំនាក់ទំនងការទូតឡើងវិញជាមួយអ៉ីរ៉ង់ ក្រោយកាត់ផ្ដាច់ទំនាក់ទំនង នឹងគ្នាអស់ជាង៧ឆ្នាំ។
ចំណែក អេមីរ៉ាតអារ៉ាប់រួមវិញមានជំហរស្មុគស្មាញចំពោះអ៉ីរ៉ង់ ដោយមេដឹកនាំនៃប្រទេសនេះបារម្ភពីការគំរាមកំហែងសន្តិសុខពីសំណាក់តេហេរ៉ង់ ហើយប៉ុន្មានឆ្នាំថ្មីៗនេះបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ អ៉ីស្រាអែល ជាសកម្មភាពមួយដែលបានកែប្រែកង់សង់ស៊ីសនៅក្នុងចំណោមប្រទេសអារ៉ាប់។ តែទោះជាបែបនេះក្ដី អេមីរ៉ាតអារ៉ាប់រួមក៏អាចនឹងប្រឈមនឹងការខាតបង់ពីការកើនឡើងជម្លោះជាមួយអ៉ីរ៉ង់ ដូចគ្នាដែរ។ ទីក្រុងឌូបៃ គឺជាទីក្រុងធំបំផុតរបស់អេមីរ៉ាតអារ៉ាប់រួមដែលត្រូវបានប្រើជាកំពង់ផែដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។
បន្ទាប់ពីលោក ត្រាំ ប្រកាសយកពន្ធគយ ២៥ភាគរយពីប្រទេសណាដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ រដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួមបាននិយាយថាប្រទេសរបស់លោកកំពុងវាយតម្លៃលើផលប៉ះពាល់។ រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា «យើងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២ជាមួយអ៉ីរ៉ង់ ហើយអ៉ីរ៉ង់ក៏ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នូវទំនិញជាច្រើនសម្រាប់ពួកយើង ជាពិសេសផលិតផលចំណីអាហារ»៕
-Fresh News-






