ខ្លឹមសារ Press Briefing របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់រសៀលថ្ងៃទី២៨ ខែ១២ ឆ្នាំ២០២៥
ខ្លឹមសារ Press Briefing របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់រសៀលថ្ងៃទី២៨ ខែ១២ ឆ្នាំ២០២៥
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនសាធារណជនជ្រាបនូវចំណុចមួយចំនួនដូចតទៅ៖
ទី១៖ ចាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក ស្ថានភាពនៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់ដែលបញ្ជាក់ថា បទឈប់បាញ់រយៈពេលជិត ៣០ ម៉ោងមកនេះត្រូវបានគោរព។ សូមបញ្ជាក់ជូនថា សម្រាប់កម្ពុជា មិនថាកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះទេ កម្ពុជាតែងតែគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនៅគ្រប់ចំណុចដែលមានចែងកិច្ចព្រមព្រៀង។
ទី២៖ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត សម្រាប់ការដឹកនាំប្រទេស រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិទាំងអស់ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការគោរពយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ទី៣៖ កិច្ចប្រជុំពិសេស GBC លើកទី៣នេះបានគូសបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួន។
ទី៤៖ កិច្ចប្រជុំនេះក៏បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តពេញលេញនិងមានប្រសិទ្ធភាពនៃការរៀបចំបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ដែលសម្រេចបានក្រោយបទឈប់បាញ់នេះនិងកិច្ចព្រមព្រៀងផ្សេងៗដែលសម្រេចបាននៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ និងនៅក្នុងកិច្ចប្រជុំគណៈកម្មការចំរុះព្រំដែនក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់រវាងកម្ពុជានិងថៃ៕





