Grand News Asia Close

តើអ្នកណាជាអ្នករំលោភកិច្ចព្រមព្រៀងទីក្រុងគួឡាឡាំពួ ដោយមិនព្រមបញ្ជូនយោធិនកម្ពុជា១៨រូបត្រឡប់មកវិញ

ដោយ៖ សុវណ្ណា ពិទូ ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1011
តើអ្នកណាជាអ្នករំលោភកិច្ចព្រមព្រៀងទីក្រុងគួឡាឡាំពួ ដោយមិនព្រមបញ្ជូនយោធិនកម្ពុជា១៨រូបត្រឡប់មកវិញ តើអ្នកណាជាអ្នករំលោភកិច្ចព្រមព្រៀងទីក្រុងគួឡាឡាំពួ ដោយមិនព្រមបញ្ជូនយោធិនកម្ពុជា១៨រូបត្រឡប់មកវិញ

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា អស់រយៈពេលជាងបួនខែមកហើយ ខណៈដែលគ្រួសាររបស់យោធិនកម្ពុជា ១៨ រូបទន្ទឹងរង់ចាំយ៉ាងអន្ទះសារ អំពីមាតុភូមិនិវត្តន៍របស់សាច់ញាតិគ្រួសារកូនៗ និងប្តីរបស់ពួកគេ ក្នុងស្ថានភាពទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃហាក់ស្ថិតនៅក្នុងសភាពស្រពិចស្រពិលតានតឹងនៅឡើយ។ សំណួរមួយដែលកាន់តែធ្វើឱ្យសង្គមចាប់អារម្មណ៍ និងមានចម្ងល់នោះគឺ៖ តើហេតុអ្វីបានជាយោធិនទាំង១៨ រូបនៅតែជាប់ឃុំខ្លួន និងតើនរណាជាភាគីដែលកំពុងរំលោភកិច្ចព្រមព្រៀងសន្តិភាព?
ក្នុងពេលសភាពការណ៏ស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់និងមិនច្បាស់លាស់នេះ មិនមានអ្វីសំខាន់ជាងការយល់ឃើញពីបរិបទនយោបាយអន្តរជាតិ ការអះអាងសិទ្ធិអធិបតេយ្យ និងចក្ខុវិស័យសន្តិភាព ដែលកម្ពុជាបន្តប្រឹងប្រែងលើកតម្កើងនោះទេ។

ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកមកពិនិត្យ និងវិភាគពីស្ថានភាពដែលយោធិនកម្ពុជា ១៨ រូបនៅតែត្រូវបានថៃបន្តឃុំខ្លួនដោយ ”ខុសច្បាប់” អស់រយៈពេលជាង១០០ថ្ងៃមកហើយ បើទោះបីជាមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលស្នើឲ្យមានការដោះលែង “ដោយគ្មានលក្ខខណ្ឌនិងជាបន្ទាន់” ក៏ដោយ។

ការពន្យារពេលនៃការដោះលែងនេះ បង្កើតសំណួរលើកឡើងចំពោះការគោរពតាមកិច្ចព្រមព្រៀង តួនាទីនិងកាតព្វកិច្ចរបស់ថៃ ក្នុងនាមជាភាគីហត្ថលេខីក្នុងកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះដែរ ក៏ឃើញមានសកម្មភាពការទូតដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជានិងភាគីពាក់ព័ន្ធជាច្រើនទៀតបានបន្តប្រឹងប្រែងទាមទារឱ្យភាគីថៃគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងសិទ្ធិរបស់យោធិនកម្ពុជា។

បើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការចាប់ខ្លួនយោធិនកម្ពុជា ១៨ រូប កាលពីថ្ងៃទី២៩ កក្កដា ២០២៥ គឺជាអំពើ “ខុសច្បាប់” ការឃុំខ្លួនមានរយៈពេលយូរនេះ មិនត្រឹមតែមិនបានឆ្លើយតបទៅនឹងបទដ្ឋានមនុស្សធម៌អន្តរជាតិទេ ប៉ុន្តែថែមទាំងបង្ហាញថាថៃមិនមានឆន្ទៈក្នុងការអនុវត្តតាមកិច្ចព្រមព្រៀង ឬចង់បានសន្តិភាពដូចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងដែលបានធ្វើឡើងក្រោមក្រសែភ្នែកនិងការតាមដានរបស់សហគមន៏ជាតិនិងអន្តរជាតិនោះទេ។

ស្ថានភាពនេះបានធ្វើឱ្យមហាជនមានការចោទសួរជាសំនួរ ថាតើមានកត្តានយោបាយផ្ទៃអ្វីរារាំងនៅក្នុងប្រទេសថៃ ដែលធ្វើឱ្យការដោះលែងនេះត្រូវពន្យារពេល? ហើយថាតើថៃកំពុងប្រើយោធិនទាំង ១៨ រូប ក្នុងនាមជាឧបករណ៍ចរចា ឬដាក់សម្ពាធយុទ្ធសាស្ត្រនយោបាយអ្វីមកលើកម្ពុជា? ទាំងនេះជាសំនួរ ដែលមហាជន ជាពិសេសប្រជាជនកម្ពុជា ចង់ដឹងបំផុត។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC មានតួនាទីសំខាន់ក្នុងការទំនាក់ទំនងជាមួយជនដែលបានជាប់ឃុំ សុវត្ថិភាព និងត្រូវផ្តល់ព័ត៌មានឱ្យក្រុមគ្រួសារបានដឹងជាទៀងទាត់។ ទោះបីជាការចូលរួមក្នុងសកម្មភាពនេះដើម្បីអាចធានាបានសិទ្ធិជាមូលដ្ឋានយ៉ាងណាក៏ដោយក៏ ICRC មិនអាចមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តលើការដោះលែងយោធិនទាំង១៨រូបនោះបានទេ។មានន័យថាការគោរពច្បាប់ឬការសម្រេចចិត្តណាមួយគឺត្រូវការសម្រេចចិត្តចេញតែពីភាគីថៃតែមួយប៉ុណ្ណោះ។

កម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្រការទូតយ៉ាងទន់ភ្លន់និងសកម្មបំផុតលើកិច្ចការងារនេះហើយការអំពាវនាវរបស់កម្ពុជាត្រូវបានគាំទ្រដោយអង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល និងបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។
ការលើកឡើងដែលថា ត្រូវតែដោះលែងយោធិនកម្ពុជាទាំង១៨រូប ធ្វើឡើងភ្លាមៗ ជាបន្ទាន់ និង«ដោយគ្មានបង្អែរបង្អង់យូរ » ដូចខ្លឹមសារបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡាំពួ គឺជាការផ្តល់សារៈសំខាន់ថា ភាគីទាំងពីរ ត្រូវគោរពកិច្ចព្រមព្រៀង ដោយមិនអាចយកយោធិនមកធ្វើជាល្បែងការទូតឬជាកលល្បិចនយោបាយបានឡើយ។

តើនរណាជាអ្នករំលោភកិច្ចព្រមព្រៀង?
បើពិនិត្យតាមពាក្យ និងការយល់ព្រមដែលបានចុះហត្ថលេខា ការមិនដោះលែងយោធិនទាំង ១៨ រូប ដោយគ្មានលក្ខខណ្ឌ តាមសេចក្តីថ្លែងការណ៍ថ្នាក់អន្តរជាតិ គឺបង្ហាញថា ថៃអាចជាភាគីដែលមិនបានអនុវត្តតាមកិច្ចព្រមព្រៀង យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបានឡើយ ។

យ៉ាងណាក៏ដោយ ក្នុងនយោបាយលើឆាកអន្តរជាតិ ភាគីណាក៏ដោយមិនអាចបញ្ចេញពាក្យថា “រំលោភ” ដោយផ្ទាល់មាត់ទេ កម្ពុជាតែងតែផ្អែកលើភស្ដុតាង និងសេចក្តីថ្លែងការណ៍តែប៉ុណ្ណោះ ដើម្បីបង្ហាញនូវការតវ៉ា ទាមទារក្នុងលក្ខណៈប្រកបដោយភាពទន់ភ្លន់ដើម្បីទប់ស្កាត់និងបង្កភាពតានតឹងជាថ្មីម្តងទៀត និងគោរពទំនាក់ទំនងក្នុងនាមជាប្រទេសជិតខាង។

ស្ថានភាពយោធិនកម្ពុជា ១៨ រូប គឺមិនមែនជាករណីធម្មតាឡើយ។ វាជាករណីដែលសាកល្បងលើភាពស្មោះត្រង់នយោបាយ កិច្ចព្រមព្រៀងសន្តិភាព និងគោលការណ៍មនុស្សធម៌អន្តរជាតិរបស់ប្រទេសថៃ និងសម្រាប់តំបន់ទាំងមូល។
កម្ពុជាបានបង្ហាញស្មារតីការទូតសន្តិភាព មិនប្រើអំពើហិង្សា មិនបង្ហាញការបំពានប្រទេសជិតខាង ប៉ុន្តែបន្តប្រឹងប្រែងតាមបណ្តាញសន្តិភាពអន្តរជាតិ ដើម្បីដោះលែងជនរងគ្រោះរបស់ខ្លួន ។ ទាំងនេះសរបញ្ជាក់ឲ្យឃើញនូវភាពចាស់ទុំនយោបាយការទូតរបស់កម្ពុជា។

ប៉ុន្តែ វាជាអកុសល ការពន្យារពេលដោះលែងជាបន្តបន្តាប់របស់ថៃបានបង្កើតនូវភាពមិនច្បាស់លាស់ ការសង្ស័យ និងអាចបន្ថយនូវជំនឿជឿជាក់លើកិច្ចព្រមព្រៀងទីក្រុងគួឡាឡាំពួក៏ថាបាន ដែលបញ្ហានេះ វាគួរតែមានឥទ្ធិពលពីសាក្សី និងសហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យប្រទេសថៃគោរពកិច្ចព្រមព្រៀងសន្តិភាព្យបានពេញលេញ។

នៅចុងក្រោយខ្ញុំសុំសួរជាសំនួរមួយទៅភាគីថៃថា តើភាពស្ងៀមស្ងាត់របស់ភាគីថៃទាក់ទងនិងការមិនព្រមដោះលែងយោធិនកម្ពុជា១៨ រូប នឹងក្លាយជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួដែរឬទេ? សូមកុំប្រើលេសក្រោមការបង្កើតបញ្ហាប្រឌិតរឿងក្លែងក្លាយ ដូចជាករណីថៃដើរជាន់មីនជាដើម។ល។ និងការបំពុលព័ត៌មានមិនពិតវាយប្រហារមកលើកម្ពុជា ដើម្បីបន្តពន្យាពេលក្នុងការដោះលែងយោធិនកម្ពុជាទាំង១៨រូប ដែលទង្វើបែបនោះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ថា ល្បិចកលថៃ គឺជាល្បែងក្មេងបៀមដៃដ៏រាក់កំផែល ដែលមិនអាចភូតកុហកសហគមន៍អន្តរជាតិឱ្យជឿតាមបាននោះឡើយ៕

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង