វិភាគអន្តរជាតិ៖ បញ្ជូនដ្រូនចូលដែនអាកាស NATO តើអ្វីទៅជាសាររបស់លោក ពូទីន ទៅកាន់អ៊ុយក្រែន អឺរ៉ុប និងលោក ត្រាំ?
វិភាគអន្តរជាតិ៖ បញ្ជូនដ្រូនចូលដែនអាកាស NATO តើអ្វីទៅជាសាររបស់លោក ពូទីន ទៅកាន់អ៊ុយក្រែន អឺរ៉ុប និងលោក ត្រាំ?
(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី៧ ខែកញ្ញា រុស្ស៉ីបានបើកការវាយប្រហារដោយប្រើមីស៊ីល និងដ្រូនទ្រង់ទ្រាយធំលើអ៊ុយក្រែន។ ក្រោយមកទៀត នៅថ្ងៃទី១០ ខែកញ្ញា ភាពតានតឹងជាមួយលោកខាងលិច បានឡើងកម្ដៅជាថ្មីដោយមានសេចក្ដីរាយការណ៍ថាដ្រូនរុស្ស៉ីជាច្រើនគ្រឿងបានហោះទន្ទ្រាញចូលក្នុងដែនអាកាសប៉ូឡូញដែលជាសមាជិកមួយរបស់ NATO។ ការទន្ទ្រាញតាមផ្លូវអាកាសនេះត្រូវបាន បណ្ដាប្រទេសលោកខាងលិចសន្មត់ថាជាការឈ្លានពានកម្រិតថ្មីមួយរបស់រុស្ស៉ី ក្នុងបរិបទនៃសង្រ្គាមឈ្លានពានអ៊ុយក្រែនជាង៣ឆ្នាំមកនេះ។ ប៉ុន្តែសម្រាប់អ្នកដែលបានតាមដានស្ដាប់ការអត្ថាធិប្បាយរបស់ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុន ការបញ្ជូនដ្រូនទន្ទ្រានចូលដែនអាកាសប៉ូឡូញគឺជាយុទ្ធនាការមួយនៃការបញ្ជូនសាររបស់លោក ពូទីន។
នៅបន្ទាប់ពីស្ងៀមស្ងាត់លើសង្រ្គាមអ៊ុយក្រែនអស់រយៈពេលជាច្រើនសប្ដាហ៍ ក្រោយកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១៥ ខែសីហា ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លោក ពូទីន បានត្រឡប់ មករកប្រធានបទសង្រ្គាមអ៊ុយក្រែនវិញ ក្នុងគ្រាដែលរូបលោកចំណាយពេលរាប់ម៉ោងនៅមុខកាមេរ៉ា អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង និងតំបន់ចុងបូព៌ាបំផុតនៃប្រទេសរុស្ស៉ី នៅក្នុងខែកញ្ញានេះ។ ការអត្ថាធិប្បាយអំឡុងទស្សនកិច្ចទាំងនេះធ្វើឡើងព្រមគ្នានឹងការបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីលើអ៊ុយក្រែនដែលមើលទៅដូចជាការប៉ុនប៉ងបង្ហាញថារុស្ស៉ីប្ដេជ្ញាធ្វើ ជាអ្នកកំណត់លក្ខខណ្ឌដើម្បីបិទបញ្ចប់សង្រ្គាម។ សម្រាប់អ៊ុយក្រែន សាររបស់លោក ពូទីន គឺមេដឹកនាំរុស្ស៉ីមានជំនឿថាលោកកំពុងមានប្រៀបខាងយោធា។ រីឯសម្រាប់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក្នុងតំបន់អឺរ៉ុប សារព្រមានរបស់លោក ពូទីន គឺថាពួកគេនឹងត្រូវប្រឈមគ្រោះថ្នាក់ ប្រសិនបើពួកគេនៅតែចចេសធ្វើតាមគម្រោងដាក់ពង្រាយកងទ័ពលោកខាងលិចឱ្យឈរជើងលើទឹកដីអ៊ុយក្រែន។
សម្រាប់លោក ត្រាំវិញ លោក ពូទីនចង់បញ្ជូនសារថារូបលោកនឹងមិនសម្រុះសម្រួល ឬធ្វើសម្បទានណាមួយពាក់ព័ន្ធនឹងសំណើស្នូលរបស់លោកដើម្បីបញ្ចប់សង្រ្គាមនោះទេ បើទោះជាលោកអះអាងថា រុស្ស៉ីត្រៀមខ្លួនជាស្រេចដើម្បីចុះកិច្ចព្រមព្រៀងក៏ដោយ។ «ខ្ញុំគិតថាពិតជាមានពន្លឺនៃការបិទបញ្ចប់សង្រ្គាម តែប្រសិនបើមិនមានទេ យើងនឹងដោះស្រាយកិច្ចការទាំងអស់ដោយមធ្យោបាយយោធារបស់ យើង»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន នៅឯសន្នីសិទសារព័ត៌មានក្នុងទីក្រុងប៉េកាំង។ ខាងក្រោមនេះគឺជាការវិភាគលើការអត្ថាធិប្បាយថ្មីៗនេះរបស់លោក ពូទីន ក្នុងកាលៈទេសៈដែលរុស្ស៉ី បង្កើនជម្លោះប្រឆាំងអ៊ុយក្រែន និងសកម្មភាពសម្លុតគំរាមលោកខាងលិច៖
* ចំពោះអ៊ុយក្រែន៖ ស្ថានការណ៍នឹងកាន់តែអាក្រក់
ទាំងជាសាធារណៈ និងឯកជន លោក ពូទីនបានបង្ហាញពីជំនឿជឿជាក់ថាការមានប្រៀបនៅលើសមរភូមិរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែននឹងបន្តកើនឡើងជាលំដាប់។ តាមក្រុមអ្នកវិភាគ និងក្រុមមនុស្សស្និទ្ធ នឹងវិមានក្រឹមឡាំង គោលដៅរបស់លោក ពូទីន នោះគឺបញ្ចុះបញ្ចូលឱ្យអ៊ុយក្រែនភ្ញាក់ដឹងខ្លួនថាការតស៊ូប្រយុទ្ធប្រឆាំងនឹងរុស្ស៉ីគឺជារឿងគ្មានប្រយោជន៍។ នៅពេលត្រូវបានសាកសួរអំពីស្ថានការណ៍នៃ សង្រ្គាមអ៊ុយក្រែនអំឡុងធ្វើទស្សនកិច្ចនៅប៉េកាំង លោក ពូទីន បាននិយាយថាទាហានបម្រុងរបស់អ៊ុយក្រែនកំពុងថយចុះ ហើយលោកថែមទាំងអះអាងទៀតផងថាទាហានត្រៀមលក្ខខណៈប្រយុទ្ធរួចរាល់ របស់អ៊ុយក្រែនក្នុងពេលបច្ចុប្បន្ននៅសល់ចំនួនប្រហែលជា៤៧ ទៅ៤៨ភាគរយ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ពូទីនបានឆ្លុះបញ្ចាំងពីទស្សនយល់ឃើញជាលក្ខណៈឯកជនរបស់លោកដែលថា យោធាអ៊ុយក្រែនកំពុងបាត់បង់ចំនួនកងទ័ពដែលនេះអាចនឹងធ្វើឱ្យសមត្ថភាពការពារប្រទេសដួលរលំ។ ក្នុងន័យនេះលោក ពូទីនចង់ឱ្យអ៊ុយក្រែនប្រញាប់ទទួលយកលក្ខខណ្ឌបញ្ចប់សង្រ្គាមដែលរុស្ស៉ីផ្ដល់ ឱ្យក្នុងពេលឥលូវនេះ ពីព្រោះថាកិច្ចព្រមព្រៀងណាមួយនៅពេលអនាគតអាចនឹងធ្វើឱ្យអ៊ុយក្រែនមិនទទួលបានអ្វីសោះ។ ប៉ុន្តែក្រុមអ្នកគាំទ្រអ៊ុយក្រែនបាននិយាយថាលោក ពូទីន កំពុងព្យាយាម សម្លុតគំរាមធ្វើបាបឱ្យអ៊ុយក្រែនចុះញ៉ម ខណៈធ្វើជាមិនអើពើចំពោះការបាត់បង់កងទ័ពក្នុងចំនួនដ៏ច្រើន ការសម្រេចបានភាពរីកចម្រើនតិចតួចនៅលើសមរភូមិ និងបញ្ហាសេដ្ឋកិច្ចរបស់រុស្ស៉ី។
* ចំពោះអឺរ៉ុប៖ ប្រឡែងលេងជាមួយភ្លើង
លោក ពូទីន កំពុងបង្ហាញការខកចិត្តចំពោះបណ្ដាប្រទេសអឺរ៉ុបដែលកំពុងព្យាយាមបង្កើត «ក្រុមចម្រុះមួយ» ដើម្បីការពារអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៉ីនៅពេលអនាគត ក្រោយសង្រ្គាមសព្វថ្ងៃ បិទបញ្ចប់។ នៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា លោក ពូទីន បាននិយាយចំៗថាបណ្ដាប្រទេសអឺរ៉ុបដែលគាំទ្រអ៊ុយក្រែនគឺជាភាគីនៃសង្រ្គាមដែលចង់ប្រយុទ្ធជាមួយរុស្ស៉ី រហូតដល់សល់ជនជាតិអ៊ុយក្រែនតែម្នាក់ចុងក្រោយ។ ២ថ្ងៃក្រោយមកទៀត នៅឯទីក្រុង Vladivostok លោកបានព្រមានថាប្រសិនបើកងទ័ពលោកខាងលិចណាមួយមានវត្តមាននៅលើទឹកដីអ៊ុយក្រែន ជាពិសេសអំឡុងសង្រ្គាមកំពុងផ្ទុះឡើងសព្វថ្ងៃ នោះរុស្ស៉ីនឹងកំណត់កងទ័ពទាំងនោះជាគោលដៅវាយប្រហារកម្ទេចដោយស្របច្បាប់។ លោកបន្ថែមថាលទ្ធភាពដែលកងទ័ព NATO ឈរជើងនៅអ៊ុយក្រែន នេះហើយ ជាដើមហេតុជំរុញឱ្យរុស្ស៉ីធ្វើសង្រ្គាមនៅអ៊ុយក្រែន ហើយថាទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ក៏វត្តមានកងទ័ព NATO នៅលើទឹកដីអ៊ុយក្រែននឹងគ្មានន័យអ្វីទាំងអស់។
ក្នុងបរិបទនេះ ការទន្ទ្រាននៃដ្រូនរុស្ស៉ីចូលក្នុងដែនអាកាសប៉ូឡូញកាលពីថ្ងៃទី១០ ខែកញ្ញា អាចជាសារមួយដែលលោក ពូទីន ចង់រំឮកថារុស្ស៉ីបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខជាមួយ NATO។
* ចំពោះលោក ត្រាំ៖ នៅតែត្រៀមលក្ខណៈដើម្បីចរចា
លោក ពូទីន មិនបានឈប់កោតសរសើរលោក ត្រាំឡើយ ជាមនុស្សម្នាក់ដែលលោកសម្លឹងឃើញថាជាកូនសោរគន្លឹះសម្រាប់រូបលោកដើម្បីសម្រេចកិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌរបស់រុស្ស៉ី។ ប៉ុន្តែ សកម្មភាពយោធារបស់រុស្ស៉ីត្រូវបានក្រុមអ្នកវិភាគមើលឃើញថាជាការធ្វើតេស្តលើការអត់ធ្មត់របស់លោក ត្រាំ ដើម្បីចង់ដឹងថាប្រធានាធិបតីអាមេរិករូបនេះនឹងធ្វើតាមពាក្យគំរាមរបស់លោកក្នុងការដាក់ ទណ្ឌកម្ម ឬធ្វើសកម្មភាពប្រឆាំងរុស្ស៉ីឬក៏អត់? ឬធ្វើដល់កម្រិតណា? លោក ពូទីនបាននិយាយក្នុងទីក្រុងប៉េកាំងថារដ្ឋបាលលោក ត្រាំ កំពុងព្យាយាមស្វែងរកដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាម ដោយមធ្យោបាយសន្តិភាព ហើយថាមេដឹកនាំពិភពលោកដែលបានចូលរួមព្យុហយាត្រាយោធារបស់ចិនបានបង្ហាញក្ដីសង្ឃឹមថាលោក ត្រាំ នឹងជួយបិទបញ្ចប់សង្គ្រាម។ នៅឯទីក្រុង Vladivostok វិញ លោក ពូទីនបានលើកឡើងថារុស្ស៉ីបច្ចុប្បន្នកំពុងរង់ចាំមើលជំហានដើរបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន។ លោក ពូទីនបានបញ្ជាក់ឡើងវិញថារុស្ស៉ីចង់បានការធានាសន្តិសុខតាមលក្ខខណ្ឌរបស់ ខ្លួនដែលជាការទាមទារមួយត្រូវបានគេមើលឃើញថានឹងដាក់កំហិតលើអធិបតេយ្យរបស់អ៊ុយក្រែន៕
-Fresh News-






