Grand News Asia Close

Fresh Exclusive: តើល្បែងនយោបាយ «ប្រកួតមុជទឹក» របស់ថាក់ស៊ីន ក្លាយជាយ៉ាងណាទៅហើយ? ៖ ការព្យាករណ៍របស់សម្តេចតេជោ ហ៊ុន សែន ទីបំផុត បានក្លាយជាការពិត!

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ទស្សនៈ-Opinion 1078
Fresh Exclusive: តើល្បែងនយោបាយ «ប្រកួតមុជទឹក» របស់ថាក់ស៊ីន ក្លាយជាយ៉ាងណាទៅហើយ? ៖ ការព្យាករណ៍របស់សម្តេចតេជោ ហ៊ុន សែន ទីបំផុត បានក្លាយជាការពិត! Fresh Exclusive: តើល្បែងនយោបាយ «ប្រកួតមុជទឹក» របស់ថាក់ស៊ីន ក្លាយជាយ៉ាងណាទៅហើយ? ៖ ការព្យាករណ៍របស់សម្តេចតេជោ ហ៊ុន សែន ទីបំផុត បានក្លាយជាការពិត!

(ភ្នំពេញ)៖ លោក ថាក់ស៊ីន បានបង្កើតល្បែងនយោបាយ «ប្រកួតមុជទឹក» ដើម្បីដាក់សម្ពាធលើសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍ទុកជាមុនថា អ្នករៀបចំល្បែងប្រកួតមុជទឹកនេះ នឹងងាចដួលរលំ នៅមុនពេលដែលល្បែងនយោបាយនេះបញ្ចប់។ ពេលនេះការព្យាករណ៍របស់សម្តេច បានក្លាយជាការពិតជាក់ស្តែងហើយ!
Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយជុំវិញប្រធានបទនេះ៖

នៅក្នុងបរិបទនយោបាយក្នុងសកលលោក ជាពិសេសទ្វីបអាស៊ី និងក្នុងតំបន់អាស៊ាន ដែលពោរពេញដោយការប្រកួតប្រជែងយុទ្ធសាស្ត្រ និងការសាកល្បងកម្លាំងប្រាជ្ញា បុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសមត្ថភាពជាអ្នកដឹកនាំដ៏កំពូលម្នាក់ ដែលគេមិនអាចមើលរំលងបានឡើយ។ ប្រសាសន៍ព្យាករណ៍របស់សម្តេចតេជោ អំពី «ល្បែងនយោបាយប្រកួតមុជទឹក» របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានក្លាយជាការពិត ក្រោយពីថាក់ស៊ីន ត្រូវបានដួលរលំក្នុងល្បែងដែលអ្នកនយោបាយថៃរូបនេះ បានរៀបចំដោយផ្ទាល់ដៃនោះមក។

នៅក្នុងខែកក្កដា ឆ្នាំ២០២៥ លោក ថាក់ស៊ីន បានប្រកាសអួតអាងនូវការប្រើយុទ្ធសាស្ត្រ «ល្បែងមុជទឹកអត់ដង្ហើម» ដោយការបិទច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីបង្កើតសម្ពាធសេដ្ឋកិច្ចលើកម្ពុជា។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍ក្នុងពេលនោះថា «អ្នកដែលបបួលលេងល្បែងនេះ ប្រហែលអាចដួលរលំមុនពេលដែលល្បែងបញ្ចប់»។

* «ល្បែងនយោបាយប្រកួតមុជក្នុងទឹក» ថាក់ស៊ីនដួល មុនពេលល្បែងបញ្ចប់
ល្បែងដែលថាក់ស៊ីន បានបង្កើតគឺការបិទច្រកព្រំដែន ដើម្បីការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា។ ល្បែងនយោបាយរបស់ ថាក់ស៊ីន នោះគឺក្នុងការរង់ចាំមើលថា តើអ្នកណាអាចទ្រាំយូរជាងគេ ក្រោមទស្សនៈមួយដែល ថាក់ស៊ីន តែងតែគិតថា សេដ្ឋកិច្ចជាតិរបស់កម្ពុជា នឹងត្រូវដួលរលំ ប្រសិនណាបើថៃបិទខ្ទប់ច្រកព្រំដែនរវាងប្រទេសទាំង២នោះ។ ល្បែងប្រកួតមុជទឹក របស់ថាក់ស៊ីន ត្រូវបានបុរសខ្លាំងនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅវិញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គម ដោយឆ្លើយតបលោក ថាក់ស៊ីន ជាមួយខ្លឹមសារថា៖ «ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ស៊ីន និយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។ តាមការយល់របស់ខ្ញុំ ថាក់ស៊ីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេខ្លោង នៅពីក្រោយការបិទព្រំដែន គឺលោក ថាក់ស៊ីន នេះឯង។ កម្ពុជាកំដរលែងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះ ដួលរលំមុនពេលល្បែងលែងចប់»។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលព្យាករណ៍ការដួលរលំរបស់លោក ថាក់ស៊ីន នេះគឺមានហេតុការណ៍កើតឡើងពិតប្រាកដមែន។ លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលរបស់ថៃ បានសម្រេចកាលពីថ្ងៃទី៩ ខែកញ្ញា បង្គាប់ឱ្យបញ្ជួនខ្លួនវិល «ត្រលប់ចូលក្នុងពន្ធនាគាររយៈពេល១ឆ្នាំ» វិញ ពីព្រោះការស្នាក់របស់ថាក់ស៊ីន នៅមន្ទីរពេទ្យមុននេះ មិនត្រូវរាប់ជាពេលកំពុងជាប់ទោសតាមច្បាប់ឡើយ។ ការបង្គាប់នាំខ្លួនដាក់ក្នុងគុកនេះ បាននាំឱ្យថាក់ស៊ីន ដែលជាអ្នកបបួលលេងល្បែងមុជទឹកអត់ដង្ហើម ដួលរលំនៅមុនពេលល្បែងនយោបាយនេះត្រូវបានបញ្ចប់ ហើយដូចជាអ្វីដែលសម្តេចតេជោសែន បានព្យាករណ៍ទុកទាំងអស់។

នៅមានចំណុចព្យាករណ៍២ផ្សេងទៀត ដែលសម្តេចតេជោ បានព្យាករណ៍អំពីវាសនាអនាគតរបស់ ថាក់ស៊ីន ក្នុងនោះរួមមាន ចំណុចទី១ គឺសម្តីព្រមានប្រាប់ ថាក់ស៊ីន ថាការប្រើល្បិចនយោបាយរបស់គាត់ ក្នុងការដករួបលោក អនុទិន ចាន់វីរៈគល់ នៃគណបក្សសម្ព័ន្ធភាពនយោបាយ ចេញពីតំណែងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះនឹងជះផលវិបាកដ៏ធ្ងន់ធ្ងរមកលើខ្លួន ថាក់ស៊ីន វិញជាមិនខានឡើយ។

* តេជោសែនព្រមាន «ដកគេ ប្រយ័ត្នគេដកខ្លួនវិញ» បាបកម្មនៃល្បិចទ្រុស្តមិត្ត
ល្បិចកលទ្រុស្តមិត្តរបស់ ថាក់ស៊ីន មិនត្រឹមតែអនុវត្តចំពោះមិត្តដែលធ្លាប់បានជួយយកអាសារ និងសង្គ្រោះជីវិតនយោបាយរបស់ខ្លួនប៉ុណ្ណោះទេ សូម្បីតែមិត្តភក្តិនយោបាយថៃជាដៃគូនៅក្នុងសម្ព័ន្ធនយោបាយរាជរដ្ឋាភិបាលកាន់អំណាចជាមួយគ្នាក៏ ថាក់ស៊ីន មិនលើកលែងដែរ។ ថាក់ស៊ីន ធ្លាប់បានបង្ហើបរឿងល្បិចកលដកលោក អនុទិន ចាន់វីៈគល់ នេះ ប្រាប់សម្តេចតេជោ កាលពីមុនហើយក៏ធ្លាប់ត្រូវបានសម្តេចប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានព្រមានពីផលវិបាក ដែលនឹងអាចជះត្រឡប់មកលើខ្លួនឯងវិញ។

សម្តេចតេជោ បានប្រាប់ ថាក់ស៊ីន តាមអ្នកបកប្រែភាសាលោក «ឃ្លាំងហួត» ថា «ដកគេ ប្រយ័ត្នគេដកខ្លួនវិញ»។ ក្នុងចំណុចព្យាករណ៍នេះ សម្តេចតេជោ ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនយោបាយ ហាក់ដូចជាបានមើលឃើញ នូវដំណើរអនាគតនយោបាយរបស់ ថាក់ស៊ីន ដែលចូលចិត្តប្រើល្បិច ទ្រុស្តមិត្ត ដើម្បីតែមហិច្ឆតានយោបាយរបស់ខ្លួន។

ពេលនេះស្ថានការណ៍នយោបាយរបស់ថៃ កំពុងតែបង្ហាញថា លោក អនុទិន ចាន់វីរៈគល់ ដែលលោក ថាក់ស៊ីន បានប្រើល្បិចកលដកចេញពីតំណែងនោះ ត្រូវបានក្លាយជានាយករដ្ឋមន្ត្រីថៃទី៣២, រីឯថាក់ស៊ីន ដែលប្រើល្បិចកលទ្រុស្តមិត្ត បានរងនឹងបាបកម្មដាក់មកលើខ្លួនវិញ។ ការទទួលទោសក្នុងគុកមួយឆ្នាំមិនអាចមានសេរីភាពបាន គឺជាភស្តុតាងបង្ហាញថា ការព្យាករណ៍របស់សម្តេចតេជោ កំពុងក្លាយជាការពិត។ ក្នុងចំណុចព្យាករណ៍មួយទៀត គឺសម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍កាលពីខែមិថុនា ទៀតថា នឹងអាចមានការផ្លាស់ប្តូររដ្ឋាភិបាលលោកស្រី ផែថងថាន ក្នុងរយៈពេលបីខែទៅមុខទៀត។ឮ

* តេជោសែន ព្យាករណ៍ជោគវាសនា «ការដួលរលំរដ្ឋាភិបាល ផែថងថាន»
នៅក្នុងខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ បានព្យាករណ៍ថា នៅក្នុងរយៈពេលបីខែខាងមុខនេះ នឹងមានការផ្លាស់ប្តូររាជរដ្ឋាភិបាលថៃ។ ការព្យាករទុកជាមុននេះ ត្រូវគេឃើញថាបានកើត ឡើងដោយពិតប្រាកដមែនក្នុងរង្វង់ស្ថានការណ៍ប្រែប្រួលក្នុងនយោបាយរបស់ថៃ។ រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ត្រូវបានដួលរលំនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីតុលាការធម្មនុញ្ញថៃសម្រេចឃើញបទបំពានក្រមសីលធម៌។ នេះបញ្ជាក់ឱ្យឃើញថា សម្តេចតេជោ មិនត្រឹមតែវាយតម្លៃស្ថានភាពបច្ចុប្បន្នបានត្រឹមត្រូវទេ ប៉ុន្តែអាចទស្សន៍ទាយអនាគតនយោបាយថៃ បានយ៉ាងច្បាស់លាស់។

ក្នុងសេចក្ដីសន្និដ្ឋាន៖ ការដួលរលំរបស់ ថាក់ស៊ីនក្នុង «ល្បែងមុជទឹកអត់ដង្ហើម» បង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាអ្នកដឹកនាំដែលមានបទពិសោធន៍ជ្រៅជ្រះក្នុងការគ្រប់គ្រងនយោបាយ និងការទូតប៉ុណ្ណោះទេ ប៉ុន្តែលោកគឺជាវិទូយុទ្ធសាស្ត្រ និងចេះព្យាករណ៍ស្ថានការណ៍ប្រកបដោយការយល់ដឹងយ៉ាងជ្រាលជ្រៅ។

ជីវិតនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន គឺជាខ្សែជីវិតនៃការតស៊ូឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ ដើម្បីបំពេញបេសកកម្ម រំដោះជាតិ និងស្ថាបនាសន្តិភាព។ ក្រោយពេលជួបប្រទះសង្រ្គាមស៊ីវិលយូរឆ្នាំ សម្តេចតេជោបានដាក់ចេញយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមក្នុងប្រទេស កសាងសន្តិភាពពេញលេញ និងផ្តល់ឱ្យប្រជាជាតិខ្មែរនូវឯកភាពជាតិក្នុងពេលជាង ៥០០ឆ្នាំចុងក្រោយ។ នេះជាសមិទ្ធិផលប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដែលកម្ពុជាមិនធ្លាប់មានពីមុនមកឡើយ។

ការព្យាករណ៍របស់សម្តេចតេជោ មិនមែនជាការប៉ាន់ស្មានទេ ប៉ុន្តែជាការវាយតម្លៃយ៉ាងត្រឹមត្រូវ ដែលផ្អែកលើបទពិសោធន៍ជាក់ស្តែង និងការយល់ដឹងជ្រៅជ្រះអំពីស្ថានភាពនយោបាយក្នុងតំបន់។ ក្នុងពេលដែល ថាក់ស៊ីន បានបង្កើតល្បែងនយោបាយ ដោយសង្ឃឹមបង្ខំឱ្យកម្ពុជាចុះញ៉មក្នុងសង្គ្រាមសេដ្ឋកិច្ច ការពិតបានបង្ហាញទៅវិញថា ជីវិតនយោបាយរបស់ថាក់ស៊ីន ត្រូវបានបញ្ចប់នៅពេលការប្រកួតមិនទាន់បញ្ចប់។

ពេលនេះការព្យាករណ៍របស់សម្តេចតេជោ ក្លាយជាការពិតទាំងស្រុង និងបានផ្លាស់ប្តូរទៅជាមេរៀនដ៏មានតម្លៃសម្រាប់យុវជនខ្មែរជំនាន់ក្រោយ និងសម្រាប់ឮពិភពលោកទាំងមូល។ វាជាភស្តុតាងថា អ្នកដឹកនាំដែលមានទស្សនវិស័យ និងបទពិសោធន៍ជាក់ស្តែងអាចគ្រប់គ្រងបញ្ហានយោបាយស្មុគស្មាញ និងការប្រកួតប្រជែងអន្តរជាតិបានយ៉ាងជោគជ័យ៕

អត្ថបទទាក់ទង