Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 313
សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 

 

នៅព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ជាថ្មីម្ដងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈជំនួបជាមួយកម្មករនិយោជិត គឺសម្ដេចបានទទួលរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត និងបានយកបញ្ហានោះមកធ្វើការដោះស្រាយជាបន្តបន្ទាប់ ដូចជាករណីកាលពីមុនមានកម្មការិនីនៅតាមរោងចក្រមួយចំនួនបានដួលសន្លប់ គឺត្រូវបានធ្វើការដោះស្រាយ។ សម្តេចបន្តទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងបញ្ហាធំ និងបញ្ហាតូចរបស់កម្មករនិយោជិត។

សម្តេចតេជោបានមានប្រសាសន៍បន្ថែមទៀតថា ជាមួយគ្នានេះ គោលនយោបាយប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិត ក៏ជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនកម្មករនិយោជិតនៅពេលមានវ័យចំណាស់ទៅ គឺមិនចាំបាច់ពឹងផ្អែកតែនៅលើកូនចៅនោះទេ។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺបានកើតឡើងពីការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល និងរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាយើង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់របស់របស់គណបក្សនយោបាយមួយចំនួន ប៉ុន្ដែគណបក្សប្រជាជនកម្ពុជាមិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ តែគណបក្សប្រជាជនកម្ពុជាធ្វើដើម្បីប្រយោជន៍ប្រជាជនតែម្ដង។ គណបក្សប្រជាជនកម្ពុជាតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ដូចជាករណីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាដើមរាជរដ្ឋាភិបាលរកវិធីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យរួចផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា សម្ដេចនៅតែបន្តតាមដានលើស្ថានការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅឡើយពីព្រោះបញ្ហាកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។សម្ដេចតេជោជំរុញឱ្យ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករ កម្មការិនី ត្រូវបន្ត ការយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបន្ថែមទៀត ពីព្រោះបច្ចុប្បន្ន ពិភពលោកក៏មិនអាចដឹងថា នាពេលខាងមុខជំងឺនេះ នឹងមានការវិវត្តទៅជាប្រភេទថ្មីអ្វីទៀតនោះទេ។

សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍រម្លឹកពីការឈឺចាប់ និងក្ដីសោកសង្រែងរបស់សម្ដេចក្នុងពេលតស៊ូ ដើម្បីធ្វើដំណើរទៅរំដោះជាតិមាតុភូមិ ទៅកាន់ប្រទេសវៀតណាម ដើម្បីកៀងគរកម្លាំងមកសង្គ្រោះប្រជាជនកម្ពុជា ដែលពេលនោះសម្ដេច បានទៅដល់ប្រទេសវៀតណាមបានទទួលទានបាយដោយស្រក់ទឹកភ្នែក ដោយសារប្រពន្ធកូនកំពុងរងទុក្ខ ព្រោះតែសង្គ្រាមបានបង្កវិនាសកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលនោះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការស្វែងរកសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ។ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិតត្រូវរួមគ្នាធ្វើយ៉ាងណា ធ្វើឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន គឺកម្មករនិយោជិត និងម្ចាស់រោងចក្រត្រូវរួមគ្នាកុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត នឹងថៅកែរោងចក្រ នៅក្នុងរោងចក្ររបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានភាពនៃការវិនិយោគលើវិស័យរោងចក្រនៅក្នុងប្រទេសកម្ពុជាឱ្យរឹតតែមានការរីកចម្រើន។ សម្ដេចតេជោ បន្តថា ទោះពីជាពិភពលោកកំពុងមានបញ្ហាអតិផរណាលើផ្នែកសេដ្ឋកិច្ចមិនច្បាស់លាស់ ប៉ុន្ដែប្រទេសកម្ពុជា បានខិតខំធ្វើបែបណាឱ្យមានលំនឹងក្នុងការវិនិយោគ និងការនាំចេញ នាំចូលទំនិញ រួមនឹងការផ្ដល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេស។ ពាក់ព័ន្ធទៅនឹងរឿងនយោបាយនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការពង្រាងស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតត្រង់មាត្រា ១៤២ ថ្មី ដែលក្នុងនោះឈានទៅធ្វើការផាកពិន័យ ចំពោះបុគ្គលណាដែលធ្វើឱ្យមានភាពវឹកវរដល់ការបោះឆ្នោត និងធ្វើសកម្មភាពរារាំង ញុះញង់ដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតជាដើម។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះចំនួន ៥៨៣នាក់ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕

អត្ថបទទាក់ទង