Grand News Asia Close

ឯកឧត្តម ហ៊ុន ម៉ានី៖ សង្គ្រាមបានធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចពាក្យចាស់តែងពោលថា «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ទំព័រវីដេអូ ព័ត៌មានជាតិ 598
ឯកឧត្តម ហ៊ុន ម៉ានី៖ សង្គ្រាមបានធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចពាក្យចាស់តែងពោលថា «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ» ឯកឧត្តម ហ៊ុន ម៉ានី៖ សង្គ្រាមបានធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចពាក្យចាស់តែងពោលថា «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារទាំងស្រុងថា៖

លទ្ធផលនៃសង្រ្គាមឈ្លានពានដែលកម្ពុជាបានរងគ្រោះតាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន ដែលធ្វើឱ្យភូមិស្ថានដែលធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំដូចភូមិដែលគេទុកចោល ដូចឃ្លាមួយដែលចាស់ៗតែងពោលថា «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា ការប៉ះទង្គិចនេះ មិនត្រឹមតែប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋទេ ក៏ប៉ុន្តែបានជះឥទ្ធិពលដល់វិស័យអប់រំរបស់កម្ពុជាដូចគ្នា ដោយសាលារៀនមួយចំនួននៅតាមឃុំស្រុក នៅតំបន់ដែលទទួលរងនូវការវាយប្រហារត្រូវបានផ្អាកបណ្ដោះអាសន្ន ដែលធ្វើឱ្យរំខានយ៉ាងខ្លាំងដល់សិស្សានុសិស្សទាំងអស់បើទោះបីជាការប៉ះទង្គិចគ្នាមានរយៈពេលត្រឹមតែ ៥ ថ្ងៃក៏ដោយ។

ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទីជម្រកសុវត្ថិភាព ស្បៀងអាហារ ដើម្បីការពារ និងគេចចេញពីការវាយប្រហារ ជូនដល់បងប្អូនប្រជាជនភៀសសឹក ចាកចេញពីភូមិដ្ឋានដ៏កក់ក្ដៅរបស់ខ្លួន ដែលបណ្ដាលមកពីសង្គ្រាមឈ្លានពាន។ ក្រោយពីទទួលអនុវត្តនូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌរវាងប្រទេសទាំងពីរ ពេលនេះបងប្អូនជនភៀសសឹកមួយចំនួនក៏បាននិងកំពុងធ្វើដំណើរវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន ដោយក្ដីសង្ឃឹម បន្ទាប់ពីមន្ត្រីសន្តិសុខបានវាយតម្លៃថាស្ថានការណ៍ព្រំដែនមានសុវត្ថិភាពឡើងវិញក្រោយការឯកភាពលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នេះគឺជាលទ្ធផលមួយដ៏ល្អសម្រាប់ប្រជាជន។ កម្ពុជាចង់បានតែសន្តិភាព ហើយយើងតែងតែប្រកាន់ខ្ជាប់នូវជំហរដោះស្រាយបញ្ហាដោយសន្តិវិធី៕

 

អត្ថបទទាក់ទង